ទីផ្សារជួលអគារទូទៅអាចនឹងវិលរកស្ថានភាពល្អប្រសើរជាបណ្ដើរៗវិញនៅ ពាក់កណ្តាលឆ្នាំ២០២១

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងការមើលឃើញពីការងើបឡើងវិញ នូវតម្រូវការទីផ្សារអចលនទ្រព្យគ្រប់ប្រភេទនាដើមឆ្នាំ២០២១ សម្រាប់តែទីផ្សារជួលអគារទូទៅ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះលើកឡើងថា អាចនឹងចំណាយពេលដល់អំឡុងពាក់កណ្តាលឆ្នាំ ឬក្នុងឆមាសទី២នៃឆ្នាំនេះទើបអាចមានសកម្មភាពឡើងវិញ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី១១ មករានេះថា មិនចំពោះតែទីផ្សារជួលអគារការិយាល័យ ឬទីផ្សារជួលទីតាំងសម្រាប់លក់រាយនោះទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺនៅតែមានការធ្លាក់ចុះ ហើយការធ្លាក់ចុះអាចនឹងបន្តរហូត ដល់ពាក់កណ្តាលឆ្នាំ២០២១។

លោកស្រីបានបន្តថា“ទាំងទីផ្សារការិយាល័យ ទាំងទីផ្សារជួលទីតាំងលក់រា​យ​នៅតាមបណ្តាផ្សារទំនើប ឬផ្សារសហគមន៍ គឺនៅបន្តជួបបញ្ហាឱនភាពដូចគ្នា”។ លោកស្រីបញ្ជាក់ថា “សម្រាប់តែទីផ្សារជួលការិយាល័យគ្រប់កម្រិត គឺនៅស្ថិតក្នុងសញ្ញាអវិជ្ជមានទាំងកម្រិតA កម្រិតB និងកម្រិតC ព្រោះតម្រូវការអគារការិយាល័យភាគច្រើនជាក្រុមហ៊ុនមកពីក្រៅស្រុក ហើយគម្រោងដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺគម្រោងដែលទើបបញ្ចប់ និងដាក់បញ្ចូលទៅក្នុងទីផ្សារនៅក្នុងអំឡុងឆ្នាំ២០២០”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រីអាន សុធីតា បានបញ្ជាក់ថា ទម្រាំទីផ្សារជួលអគារ អាចវិលត្រឡប់ទៅរកភាពល្អប្រសើរវិញ យ៉ាងហោចណាស់ត្រូចំណាយពេលរហូតដល់ឆមាសទី២ ឬឈានចូលដល់ចុងឆ្នាំ២០២១ខាងមុខនេះ។

 

ដោយឡែក លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ TOWN CITY បានមានប្រសាសន៍ថា ទីផ្សារនៃការជួលអគារមិមែន ប៉ះពាល់ធ្ងន់ធ្ងរទាំងអស់នោះទេ នៅក្នុងនោះក៏មានទីផ្សារជួលអគារខ្លះ នៅតែមានតម្រូវការទីផ្សារ បើទោះជាស្ថិតនៅក្នុងកំឡុងពេលប្រឈមវិបត្តិក្នុងឆ្នាំ២០២០ក៏ដោយ។

លោកបន្តថា “ខ្ញុំទទួលស្គាល់ថា ទីផ្សារជួលអគារពិតមានទទួលនូវផលប៉ះពាល់ ប៉ុន្តែមិនធ្ងន់ធ្ងរទាំងអស់នោះទេ ក្នុងនោះដូចជាសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន ពីការជួលក្នុងរយៈពេលខ្លី ទៅជាការជួលរយៈពេលវែង និងជួលជាកញ្ចប់តែម្ដង”។ លោកបន្តថា “ក្រៅពីនេះ ដូចជាទីផ្សារជួលអគារអាផាតម៉ិន ក៏នៅតែមានតម្រូវការ គ្រាន់តែម្ចាស់អគារអាចបាត់បង់ចំណូលបន្តិចបន្តួច តាមរយៈការបញ្ចុះតម្លៃជូនអតិថិជនរបស់ខ្លួន ដែលរងគ្រោះដោយសារវិបត្តិសាកលចាប់ពី២០-៣០ភាគរយ”។

លោកវ៉ន ចាន់ថនបានបញ្ជាក់ថា “ទីផ្សារជួលអគារដែលរងគ្រោះធ្ងន់ធ្ងរ គឺផ្នែកជួលទីតាំងលក់រាយ ដូចជាតំបន់ក្បែរមាត់ទន្លេរ ដែលជាបណ្តុំអាហារដ្ឋាន កន្លែងស្នាក់នៅរយៈពេលខ្លីដែលផ្តោតសំខាន់លើជនបរទេស។ តំបន់ទាំងនេះ ទោះជានៅដើមឆ្នាំ២០២១ កម្ពុជាមានភាពធូរស្រាលពីកត្តាប្រឈមក្ដី ប៉ុន្តែនៅមិនទាន់អាចដំណើរការល្អនៅឡើយនោះទេ ពោលគឺយ៉ាងហោចចាប់ពីពាក់កណ្តាលឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខណៈដែលប្រសិទ្ធិភាព នៃការប្រើប្រាស់វ៉ាក់សាំងទទួលបានលទ្ធផលល្អ គ្រប់គ្រាន់ ហើយនៅតាមបណ្តាប្រទេសនានា នៅលើសាកលចាប់ផ្តើមបើក ឱ្យមានការធ្វើដំណើរឆ្លងកាត់យ៉ាងទូលាយវិញ”៕

Temple Paintផលិតផលថ្មី ប៉ុន្តែត្រូវបានធានាគុណភាពយ៉ាងច្បាស់លាស់ ដល់អតិថិជន

ដោយៈប៊ី

ភ្នំពេញៈ ផលិតផលថ្នាំលាបថេមភល ផេន (Temple Paint) របស់ក្រុមហ៊ុន IMCT Co., Ltd ដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា កំពុងទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងអតិថិជនជាច្រើន ដោយសារគុណភាពរបស់ផលិតផលថ្នាំលាបនេះ និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។

លោកធួន ស៊ីណាន ប្រធានក្រុមហ៊ុន IMCT Co., Ltd បានថ្លែងប្រាប់ថា បានថ្លែងថា សម្រាប់ថ្នាំលាប Temple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើយអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុខភាពទៀតផង និងធ្វើឱ្យគេហដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

លោកបន្តថា “ទោះវាជាផលិតផលថ្មី ប៉ុន្តែក្រុមហ៊ុនរបស់យើងសូមធានាគុណភាពយ៉ាងច្បាស់លាស់ និងពិតប្រាកដអាស្រ័យលើផលិតផលណាមួយ ដែលក្រុមហ៊ុនមានបញ្ជាក់នៅតាមប្រភេទថ្នាំនិមួយៗ”។លោកបន្តថា “យើងមានផលិតផលថ្នាំបីប្រភេទ គឺកោះកេរ្ត៍ បន្ទាយស្រី និងនគរវត្ត” ដែលផលិតផលនិមួយៗសុទ្ឋតែមានស្តង់ដាលំដាប់អន្តរជាតិ និងមានរយៈពេលប្រើប្រាស់ខុសៗគ្នា”។

លោកធួន ស៊ីណានបានថ្លែងទៀតថា យើងមានរោងចក្រនៅទីនេះ ដែលមានទីតាំងនៅផ្លូវ២០០៤ ហើយផលិតផលរបស់យើង ដាក់ឱ្យចរាចរណ៍នៅលើទីផ្សាររយៈពេ​លពីបីរខែចុងក្រោយនេះ។ ផលិតផលរបស់យើងចរាចរនៅលើទីផ្សារយៈពេលខ្លីក្តី ប៉ុន្តែយើងទទួលបានការគ្រាំទ្រច្រើនពីអតិថិជន។

លោកបានបន្តថា “ក្រុមហ៊ុនយើងខ្ញុំបាន ទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រា បច្ចេកទេស និងនវានុវត្តន៍ មានអនុញ្ញាតដំណើរការផលិតផល ថ្នាំលាបស្ពេត្រូជាចំបង”។

ផលិតផលថ្នាំលាបថេមភល ផេន (Temple Paint) ដែលជាផលិតផលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធរបស់ក្រុមហ៊ុន IMCT Co., Ltd បាននិងកំពុងផ្តល់ជម្រើសដល់អតិថិជន នូវផលិតផលចំនួន៣ប្រភេទ ដែលអាចបត់បែនបាន និងស្របតាមតម្រូវការរបស់អតិថិជន។

ទី១ Temple Paint ឈ្មោះ “កោះកេរ្ត៍” ជាថ្នាំដែលមានតម្លៃប្រកួតប្រជែងជាមួយថ្នាំលាបក្នុងស្រុកដទៃទៀត និងមានគុណភាពស្តង់ដាអន្តរជាតិ ទី២ Temple Paint “ម៉ាកបន្ទាយស្រី” ជាផលិតផលមានកម្រិតមធ្យម ប៉ុន្តែស្តង់ដាលំដាប់អន្តរជាតិ និងអាចធានារយៈពេលប្រើប្រាស់បានយូរ និងទី៣ Temple Paintម៉ាក “អង្គរវត្ត” ជាប្រភេទថ្នាំប្រណីត និងអាចប្រើប្រាស់បានរយៈពេលវែង មិនចាញ់ផលិតផលនាំចូលមកពីក្រៅប្រទេសនោះទេ ជាពិសេសធានាគុណភាពប្រើប្រាស់រយៈពេលវែង និងមានការធានាជូនពីរោងចក្រយ៉ាងត្រឹមត្រូវ៕

រដ្ឋាភិបាលជ្រើសរើសទំនិញអាទិភាព៥០មុខដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនតាមកិច្ចព្រមព្រៀងFTA

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ និងជ្រើសរើសនូវប្រភេទទំនិញអាទិភាព៥០មុខ ដាក់ក្នុងបញ្ជីនៃការជំរុញនាំចេញ ទៅកាន់ទីផ្សារប្រទេសមហាយក្សចិនឱ្យបានជាអតិបរមាបំផុត។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី៦ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)កាលពី​ចុងសប្តាហ៍មុនថា ទំនិញដែលមានអាទិភាព សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខនេះគឺត្រូវបានកំណត់ចំនួន៥០មុខ។

លោកបានបញ្ជាក់ថា ផ្អែកតាមអនុសាសន៍របស់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រ​សួ​ងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន៥០មុខ ក្នុងនោះមានទំនិញជាផលិតផលថ្មីចំនួន២០មុខទំនិញ ផលិត​ផលកំពុងលូតលាស់ចំនួន២០មុខទំនិញ និងផលិតផលចាស់ទុំចំនួន១០មុខទំនិញ ដោ​យត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានាដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។

លោកបន្តថា “ជាកិច្ចការបន្ទាប់ក្រុមការងារលេខាធិដ្ឋាន ត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ឬ៨ខ្ទង់ និងវាយតម្លៃលើទំនិញណាមួយឱ្យបានច្បាស់លាស់ ដែលអាចផលិតបាននិងមានតម្រូវការទីផ្សារ”។ លោកបន្តថា “ក្រុមលេខាធិការដ្ឋានFTA ត្រូវសហការជាមួយនាយកដ្ឋានគោលនយោបាយ និងអភិវឌ្ឍទីផ្សារក្នុងការជ្រើសរើសមុខទំនិញសម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពល សម្រាប់ជម្រុញការនាំចេញដើម្បីឱ្យស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល”។

ចំពោះមុខទំនិញអាទិភាព ដែលបានកំណត់ក្នុងជំហានដំបូង សម្រាប់នាំចេញទៅកាន់ទៅផ្សារប្រទេសចិន រួមមាន ដូចជាផលិតផលក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង វិស័យតម្លើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យកសិកម្មដូចជាអង្ករ ដំឡូងមី និងកៅស៊ូធម្មជាតិជាដើម៕

ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤កំពុងសាងសង់នឹងពង្រីកសក្តានុពលខេត្តកោះកុង

        ដោយគង់ៈសូរិយា

        កោះកុងៈ ហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិ និងអន្តរជាតិចំនួន៤បាននិងកំពុងសាងសង់ និងពង្រីកសក្តានុពលខេត្តកោះកុង ដែលជាខេត្តមួយប្របតំបន់ឆ្នេរដ៏ស្រស់បំព្រង និងកំពុងលេចឡើង។

គំរោងហេដ្ឋារចនាសម្ព័ន្ឋទាំងនោះរួមមាន ទី១ គំរោងពង្រីកផ្លូវជាតិលេខ៤៨ ជាបួនគន្លងសំរាប់រថយន្ត ដែលមានសួនច្បារកណ្តាល។ ក្រសួងសាធារណៈការបានសម្រេ​ចជ្រើសរើសបានក្រុមមហ៊ុនស្ថាបនា និងកែលំអរផ្លូវនេះរួចហើយ ទី២ ការសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តមួយសំរាប់កម្ពុជា ដោយសារផ្លូវនេះតភ្ជាប់ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ មុនភ្ជាប់ជាមួយនឹងខេត្តកោះកុង។

នេះជាផ្លូវថ្មី ដែលតភ្ជាប់ពីភូមិភាគពាយ័ព្យប្រទេស មកកាន់តំបន់ឆ្នេរនាភាគនិរតីតំបូងគេ ដែលនឹងប្រើប្រាស់សំរាប់ការធ្វើដំណើរ ពិសេសការដឹកជញ្ជូនកសិផលដ៏ច្រើនពីតំបន់ភូមិភាគពាយ័ព្យទៅកាន់កំពង់ផែ ក្នុងខេត្តកោះកុង ទី៣ ការសាងសង់កំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាពឲ្យកប៉ាល់ធំៗអាចចូលចតបាន និងអាចនាំាំចេញទំនិញ កសិផលពីកម្ពុជាទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង និងទី៤ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ដែលនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ ដែលព្រលានលំដាប់អន្តរជាតិនេះ អាចមានសមត្ថភាពឲ្យយន្តហោះឆ្លងទ្វីបចុះចតបាន។

គំរោងវិនិយោគព្រលានយន្តហោះ របស់អតីតៈក្រុមហ៊ុនTienjing Union Development Group។ គំរោងនេះនឹងជួយប្រែក្លាយតំបន់នេះ ជាតំបន់វិស្សមកាលកម្រិ​តខ្ពស់ និងធំបំផុតនៅក្នុងតំបន់អាស៊ីតាមគោលដៅរបស់ក្រុមហ៊ុន និងផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលកម្ពុជា។

ងាកមកតំបន់ត្រពាំងរូង ខេត្តកោះកុង ក៏បាននិងកំពុងទាក់ទាញគំរោងវិនិយោគបណ្តើរៗហើយ ខណៈតំបន់នេះបានបន្សល់ស្លាកស្នាមអនុស្សាវរីយ៍ ក្នុងបទចំរៀងដ៏លន្លង់លន្លោ​ចគឺ “ដៃសមុទ្រត្រពាំងរូង”។

ជាមួយនឹងសក្តានុពលផ្នែកភូមិសាស្រ្ត ធម្មជាតិដ៏ស្រស់បំព្រង ពិសេសជាតំបន់តែមួយគត់ ដែលមានទឹកសាប៦ខែ និងទឹកប្រៃ៦ខែ តំបន់្រពាំងរូងស័ក្តិសមជាទីតាំង សំរាប់ការវិនិយោគលើគំរោងអេកូទេសចរណ៍ និងការសម្រាកកំសាន្តលំហែរដ៏ស្ងៀមស្ងាត់ជាមួយនឹងការរំសាយអស់ទុក្ខកង្វល់។

គំរោងឋានសួគ៌ត្រពាំងរូង កំពុងចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់នេះ ជាមួយនឹងគំរោងសាងសង់ផ្ទះលំហែរកាយបណ្តែតទឹក និងសួនធម្មជាតិ និងការដាំផ្កាដ៏ស្រស់បំព្រង សំរាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង និងរីករាយជាមួយធម្មជាតិ។

ទាក់ទងនឹងផែនការកសាងផ្លូវជាតិលេខ១០ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ស៊ីម សូរិយាបានមានប្រសាសន៍ថា ការស្ថាបនាផ្លូវជាតិលេខ១០របស់រដ្ឋាភិបាល មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ តែរដ្ឋាភិបាលកំពុងរុញកម្ពុជាឲ្យមានឯករាជ្យភាពខាងសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ពិសេសអាចនាំទំនិញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតបានដោយខ្លួនឯង។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ជាគោលដៅអាទិភាពរបស់រដ្ឋាភិបាល ព្រោះហេដ្ឋារចនាសម្ព័ន្ឋប្រៀបដូចជាសសៃឈាមសេដ្ឋកិច្ច ហេតុនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបន្ថែមទៀត”៕

 

 

ក្រុមហ៊ុនP78ឆ្ពោះទៅមុខជាមួយសុទិដ្ឋនិនិយមជាមួយនឹងការចាប់យកឳកាសពីការរីកចម្រើននៃទីផ្សារខុនដូនៅកម្ពុជា

ដោយៈរ៉ាណេត

ភ្នំពេញៈ បង្កើតឡើងដោយសហស្ថាបនិកចំនូន៦រូប ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យP78 បាននិងកំពុងឆ្ពោះទៅមុខដោយសុទិដ្ឋិនិយម ជាមួយនឹងការសម្លឹងនិងចាប់យកចំណែកទីផ្សារខុនដូ ដែលចាប់ផ្តើមមានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក។

បង្កើតឡើងនៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុននេះមានសមាជិកសហស្ថាបនិក សុទ្ឋតែជាអ្នកមានជំនាញ ចំណេះដឹងពាក់ព័ន្ធទៅនឹងទីផ្សារអចនទ្រព្យយ៉ាងទូលំទូលាយ ជាមួយ​មូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈ ។

លោកកៅ គយឈឿង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចាប់តាំងពីបើកដំណើរការរហូតមកដល់ពេលនេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 បានពង្រីកឥទ្ធិពល និងបង្កើនភ្នាក់ងារ បានជាង១០០នាក់នៅលើទីផ្សារមួយនេះ ហើយនៅតែបន្តបង្កើនចំនួនភ្នាក់ងារបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបំពេញតាមតម្រូវការរបស់អតិថិជន ក៏ដូចជាការចង់បានរបស់ម្ចាស់អភិវឌ្ឍន៍គម្រោងផងដែរ។

លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនមានគោលដៅបង្កើនចំនួនភ្នាក់ងារឱ្យបានច្រើននៅទូទាំងប្រទេស និងផ្តល់ជូនការបណ្តុះបណ្តាលជំនាញបន្ថែមដល់ពួកគាត់ រួមជាមួយនឹងការផ្តល់នូវបទពិសោធន៍ ជាក់ស្ដែងនៅក្នុងវិស័យមួយនេះ ដើម្បីធ្វើយ៉ាងណាអាចជំរុញឱ្យភ្នាក់ងាររបស់យើងទាំងអស់ ប្រកបដោយគុណភាព មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបម្រើសេវាកម្ម ដល់អតិថិជនប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

លោកបន្តថា គោលដៅ និងចក្ខុវិស័យរបស់ក្រុមហ៊ុន គឺផ្តោតសំខាន់ទៅលើការលក់គម្រោងខុនដូធំៗ ដោយសារតែយើងបានសម្លឹងឃើញយ៉ាងច្បាស់ ពីទីផ្សារខុនដូនៅកម្ពុជានាពេលបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ជាពិសេសទាក់ទងទៅនឹងកត្តាតម្លៃដែលត្រូវបានដាក់លក់នៅលើទីផ្សារ គឺមានភាពសមរម្យដែលស្របទៅនឹងលទ្ធភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងផ្តោតអារម្មណ៍យ៉ាងសំខាន់ នៅលើទីផ្សារមួយនេះ”។

លោកបានបន្តដោយលើកជាលក្ខខ័ណ្ឌប្រែប្រួលនៃសេដ្ឋកិច្ច សង្គមជាក់ស្តែងមកបញ្ជាក់ថា “ប្រសិនបើពួកគាត់ទិញផ្ទះ ស្ថិតនៅតំបន់ជាយក្រុង នឹងត្រូវចំណាយពេលវេលា ចំណាយធនធានជាច្រើន ក្នុងការធ្វើដំណើរចូលទីក្រុង ដែលជាទីកន្លែងគោលដៅនៃការប្រកបអាជីវកម្ម និងកន្លែងបម្រើការងាររបស់ពួកគាត់”។លោកបន្ថែមថា“មានពេលខ្លះអាចប៉ះពាល់ទៅដល់សតិអារម្មណ៍ នៅពេលមានការកកស្ទះចរាចរណ៍។ ដូច្នេះក្នុងនាមយើងខ្ញុំជាអ្នកជំនាញនៅក្នុងវិស័យនេះ សូមលើកទឹកចិត្តឱ្យពួកគាត់ជ្រើសរើសយកការរស់នៅក្នុងខុនដូ ដែលក្រៅពីជាការផ្លាស់ប្ដូររបៀបរបប នៃការរស់នៅតាមបែបសម័យថ្មី ថែមទាំងជួយសម្រាលភាពលំបាកប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ”។

ទីផ្សារខុនដូនៅពេលនេះ បានផ្តល់ជម្រើសជាច្រើនដល់អតិថិជន ខណៈដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបង្ហាញខ្លួននៅក្នុងទីផ្សាររួម​ ជាពិសេសនៅក្នុងដំណាក់កាលនេះ ម្ចាស់គម្រោងសុទ្ធតែបានផ្តល់នូវលក្ខខណ្ឌងាយស្រួល ដល់អតិថនរបស់ខ្លួនទាំងបញ្ហានៃតម្លៃ រយៈពេលនៃការបង់រំលោះ ក៏ដូចជាការបន្ថែមជូននូវសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រទីផ្សារជំរុញការលក់ ដែលទាំងអស់នេះសុទ្ធតែជាការផ្តល់ឱកាសចំណេញដល់អតិថិជន។

ជាមួយគ្នានេះលោក ឈុត ឆន សហស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ P78 (Property 78)បានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យខុនដូនឹងនៅតែបន្តរីកចម្រើនទៀត ដោយសារតែគម្រោងអភិវឌ្ឍន៍ របស់អ្នកវិនិយោគពីក្រៅស្រុកបន្តចូលមក ហើយតម្រូវការរបស់ប្រជាជនក្នុងក្រុងក៏ចេះតែកើនឡើង។ បច្ចុប្បន្នសម្រាប់រាជធានីភ្នំពេញកាន់តែរីកចម្រើនជាលំដាប់ ដែលជំរុញតម្លៃអចលនវត្ថុកាន់តែឡើងថ្លៃ។

លោកបន្តថា ប្រសិនបើអតិថិជនគាត់មានលុយត្រឹម១០ម៉ឺនដុល្លារ គាត់អាចទិញបានផ្ទះល្វែងជាន់ផ្ទាល់ដីស្ថិតនៅជាយក្រុង ដែលស្ថិតនៅឆ្ងាយពីកន្លែងធ្វើការរបស់គាត់ ប៉ុន្តែបើគាត់យកលុយ១០ម៉ឺនដុល្លារទិញខុនដូ គាត់អាចរស់នៅបានក្នុងកណ្តាលក្រុង ដែលនៅជិតកន្លែងធ្វើការផង នៅជិតសាលារបស់កូនរៀនផង ហើយក៏នៅជិតមណ្ឌលពាណិជ្ជកម្មចំរុះ ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ដូច្នេះការទិញខុនដូសម្រាប់ស្នាក់របស់ពួកគាត់គឺជាជម្រើសដ៏ល្អបំផុត។

រីឯលោកស្រី ម៉ៅ ច័ន្ទចរិយា សហស្ថាបនិកP78 បានមានប្រសាសន៍ថា នៅថ្ងៃខាងមុខនេះនិន្នាការទីផ្សារដីឡូតិ៍ នឹងជំនួសដោយទីផ្សារខុនដូវិញម្ដង ក្រោមហេតុផលថា ដីឡូត៍ភាគច្រើនច្រើន គឺស្ថិតនៅឆ្ងាយពីក្រុង ដោយឡែកខុនដូស្ថិតនៅក្នុងក្រុង ហើយអ្វីដែលសំខាន់គឺពេលនេះមនុស្សជាច្រើន ជាពិសេសយុវជនជំនាន់ថ្មី គឺពេញនិយមទៅនឹងការរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ខណៈដែលខុនដូមានអ្វីៗគ្រប់យ៉ាងស្របទៅនឹងការចង់បានរបស់ពួកគាត់។

លោកស្រីបន្តថា “សម្រាប់ទីផ្សាររួមនៃអចលនទ្រព្យកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ នៅក្នុងរយៈពេលត្រឹម៣ឆ្នាំខាងមុខទៀត ខុនដូ នឹងក្លាយជាផ្នែកមួយឈានមុខគេលើតម្រូវការស្នាក់នៅ ដោយសារតែទីផ្សារលំនៅដ្ឋានក្នុងបុរី ដែលស្ថិតនៅក្រុង ក៏ដូចជាទីផ្សារលំនៅដ្ឋានជាន់ផ្ទាល់ដី នៅតាមតំបន់ជាយក្រុងនឹងបន្តឡើងថ្លៃខ្ពស់ ដូច្នេះទីផ្សារខុនដូនឹងមានប្រជាប្រិយភាពខ្ពស់ជាក់ជាមិនខាន”៕

 

 

ទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូលក្នុងការជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អ្នកជំនាញអន្តរជាតិបានអះអាងថា ទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូល ក្នុងការជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា អំឡុងពេលដែលម្ពុជាប្រឈមវិបត្តិកូវីដ១៩។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍កាលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យ បានជួបការលំបាកក្នុងឆ្នាំ២០២០ ប៉ុន្តែទីផ្សារស្រុកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពទិញ-លក់អចលនទ្រព្យនៅកម្ពុជា។

លោកបានថ្លែងថា “តម្រូវការអចលនទ្រព្យគ្រប់ប្រភេទត្រូវបានធ្លាក់ចុះ ហើយមានវិស័យជាច្រើនទៀតបានរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ១៩ ក៏ពិតមែន តែទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូលនៃវិស័យលំនៅដ្ឋាន ពិសេសដោយសារតែផ្សារបូរី បានចាក់គ្រឹះយ៉ាងរឹងមុំា ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ”។

ទោះយ៉ាងណា គ្រប់វិស័យទាំងអស់ បានទទួលយកគំនិតថ្មីៗ និងសម្របខ្លួនទៅនឹង “ការរស់នៅតាមគន្លងថ្មី” ជាពិសេសយើងបានឃើញថា កញ្ចប់លើកទឹកចិត្តថ្មីៗជាច្រើន ត្រូវបានបង្កើតឡើង ដូចការទទួលយកដំណោះស្រាយបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ការប្រើប្រាស់ទីភ្នាក់ងារជំនាញវិជ្ជាជីវៈកាន់តែទូលំទូលាយ គំនិតទីផ្សារច្នៃប្រឌិត ការបង្កើនភាពបត់បែននៅក្នុងលក្ខខណ្ឌនៃការទូទាត់ ការផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទាន និងការបញ្ចុះតម្លៃកាន់តែច្រើន ក្នុងកំឡុងពេលចរចាជាដើម។

លោក James Hodge បានថ្លែងថា “ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានសញ្ញាកើនឡើង សម្រាប់វិស័យមួយចំនួន ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យបែបពាណិជ្ជកម្ម និងការវិនិយោគ យើងសង្កេតឃើញមានការកើនឡើងនូវសកម្មភាពពីអ្នកជួល និងអ្នកវិនិយោគ បើទោះអ្នកមកពីបរទេស ដែលមានគម្រោងធ្វើដំណើរមកប្រទេសកម្ពុជា បានពន្យាពេលធ្វើដំណើររបស់គេក្នុងរយៈពេល១២ខែ ចុងក្រោយនេះ”។

វិស័យ ដែលពឹងផ្អែកយ៉ាងខ្លាំងលើជនបរទេស ឬភ្ញៀវទេសចរ នៅតែរងផលប៉ះពាល់ខ្លាំងបំផុត ហើយបញ្ហានេះហាក់ដូចជាមិនមានភាពធូរស្បើយទេ រហូតដល់ការធ្វើដំណើរត្រឡប់មកភាពប្រក្រតីឡើងវិញ។

លោកបានបន្តថា “រហូតដល់ពេលនេះ យើងមិនអាចកំណត់បានថា តើពេលណាវិស័យអចលនទ្រព្យទាំងមូល នឹងវិលត្រឡប់ទៅភាពដើម ដូចមុនវិបត្តិកូវីដ១៩នោះទេ ដោយយើងគ្រាន់តែអាច មើលឃើញថា ផ្នែកមួយចំនួននៅក្នុងវិស័យនេះ នឹងកើនឡើងលឿនគេ”៕

លោកឃាង ពុទ្ធីៈវិស័យអចលនទ្រព្យកម្ពុជាអាចរីកចម្រើន និងអភិវឌ្ឍន៍បានគឺអាស្រ័យទៅលើកត្តាសំខាន់ចំនួន២

ដោយៈ រ៉ាណេត

ភ្នំពេញៈ គ្រាន់តែចាប់ផ្តើមចូលដល់ដើមឆ្នាំ២០២១ភ្លាម បណ្តាអ្នកជំនួញ ក៏ដូចជាអ្នកអភិវឌ្ឍន៍ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជាភាគច្រើន សុទ្ធតែបានបង្ហាញពីភាពសុទិ​ដ្ឋិនិយម ជាមួយនឹងការជឿជាក់ថាទីផ្សារអចលនទ្រព្យ នឹងអាចងាកទៅរកស្ថានភាពល្អប្រសើរវិញជាបណ្ដើរៗ ខណៈដែលភាពប្រឈមនឹងវិបត្តិសាកល ត្រូវបានធូរស្រាលបន្តិចម្ដងៗ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ជាទូទៅទីផ្សារអចលនទ្រព្យអាចមានស្ថានភាពល្អប្រសើរ និងមានភាពរីកចម្រើនបានគឺអាស្រ័យទៅលើកត្តាសំខាន់ៗចំនួន៥ដែលកើតឡើងព្រមគ្នា។

លោកបានបញ្ជាក់ថា “ជាទូទៅវិស័យអចលនទ្រព្យអាចមានការរីកចម្រើន និងអភិ​វឌ្ឍបានគឺត្រូវពឹងផ្អែកលើកត្តាចំនួន៥ព្រមគ្នា ដែលក្នុងនោះរួមមានដូចជា ផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ សង្វាក់ផលិតកម្ម ដង់ស៊ីតេប្រជាជន រួមជាមួយនឹងកត្តាសន្ដិសុខសង្គម និងស្ថិរភាពនយោបាយ”។

លោកបន្តថា ដោយឡែកសម្រាប់តែប្រទេសកម្ពុជា កត្តាដែលចម្បងនៅក្នុងការជំរុញឱ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើនខ្លាំង និងការអភិវឌ្ឍគឺមានចំនួន២ រួមមានទី១ កត្តាសន្ដិភាព សន្ដិសុខសង្គម និងស្ថិរភាពនយោបាយ ទី២ ហេដ្ឋារចនាសម្ព័ន្ធ។

លោកឃាង ពុទ្ឋីបានបន្តថា “បើគ្មានសន្តិភាពទេ គឺគ្មានការវិនិយោគ គ្មានការអភិវឌ្ឍន៍ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនោះទេ ហើយនៅពេលដែលគ្មានការអភិវឌ្ឍតម្លៃដីក៏មិនអាចឡើងបានដូចពេលបច្ចុប្បន្ននោះដែរ”។

កត្តាទី២ ដែលមានលក្ខណៈខុសពីបណ្តាប្រទេសមួយចំនួន នៅលើសាកលលោកនោះគឺកត្តាហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងសកម្ម ដែលក្នុងនោះរួមមានដូចជាផ្លូវគោក ផ្លូវដែក ផ្លូវអាកាស រួមជាមួយនឹងការសម្រួលដល់ការដឹកជញ្ជូនតាមរយៈផ្លូវទឹក ការតភ្ជាប់បណ្តាញអគ្គិសនី រួមជាមួយនឹងបណ្តាញទឹកស្អាតផងដែរ ហើយនៅពេលដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធ មានភាពល្អប្រសើរ វានឹងជំរុញឱ្យការអភិវឌ្ឍន៍ផ្សេងទៀតកើតមានជាបន្តបន្ទាប់។

លោកឃាង ពុទ្ធី បានបន្តទៀតថា “នៅក្នុងឆ្នាំ២០២១នេះ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា យើអាចនិយាយបានថា វាកំពុងតែងាកទៅរកស្ថានភាពល្អប្រសើរវិញជាបណ្តើរៗ ដោយផ្តើមចេញពីអ្នកអភិវឌ្ឍន៍ក្នុងស្រុក រួមជាមួយនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជនខ្មែរផងដែរទៅលើផ្នែកលំនៅដ្ឋាន ប៉ុន្តែសម្រាប់វត្តមាននៃវិនិយោគិនអន្តរជាតិហា​ក់នៅមិនទាន់មានសន្ទុះខ្លាំងឡើងវិញនោះទេ ដែលវាតម្រូវការពេលវេលាយូរទៀត”៕

Le Condé BKK1 សម្រេចការលក់បាន ២២,៤៥០,០០០ ដុល្លារ ក្នុងឆ្នាំ២០២០

បរិមាណនៃការលក់គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីភាពជោគជ័យ និងភាពល្បីល្បាញអំពីគម្រោងអចលនទ្រព្យ។ ក្នុងឆ្នាំ​២០២០ មានគម្រោងជាច្រើនត្រូវបានជៈឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីកូវីដ១៩ ប៉ុន្តែគម្រោង Le Condé BKK1 ដែលជាគម្រោងលំនៅឋានបែបប្រណិតមួយក្នុងទីក្រុងភ្នំពេញបានធ្វើរឿងដ៏អស្ចារ្យមួយ ជាមួយនឹងការបំបែកកំណត់ត្រាលក់ដល់ទៅ ២២,៤៥០,០០០ដុល្លា ក្នុងរយៈពេល៥ខែ។

លទ្ធិផលនេះប្រហែលជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សទូទៅ ប៉ុន្តែតាមយោបល់របស់អ្នកជំនាញអចលនទ្រព្យ ជាក់ស្តែងវាស្ថិតក្នុងការរំពឹងទុករបស់យើង។ ស្ថិតនៅទីតាំងដ៏ល្អបំផុត បូករួមជាមួយបរិក្ខាដ៏ទំនើបជាច្រើន ជាមួយនឹងការរចនាដ៏ស្រស់ស្អាតផ្នែកខាងក្នុង គម្រោង Le Condé BKK1 ពិតជាសាកសមសម្រាប់ភាពជោគជ័យនេះ។

 

Le Condé BKK1 ប្រហែលជាគម្រោងដែលបានអនុវត្តបានយ៉ាងល្អបំផុត ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រអាជីវកម្ម សម្រាប់ប្រជាជនក្នុងតំបន់។ ៨៤% នៃអតិថិជនគឺជាប្រជាជនខ្មែរ។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា ពីការមើលឃើញរបស់អ្នកអភិវឌ្ឍគម្រោង ទៅលើតម្រូវការរបស់អតិថិជនក្នុងស្រុក។ នៅពេលដែលទីផ្សារខុនដូភាគច្រើនមានលក្ខណៈដូចៗគ្នា Le Condé BKK1 បានសម្រេចចិត្តផ្តល់នូវអ្វីដែលខុសប្លែកអ្វីដែលធ្លាប់មានតាំងពីដើមមក។ ឧទាហរណ៍ជាក់ស្តែង សួនច្បារអាកាស ដែលមានតម្រូវការជាច្រើន ប្រាថ្នាចង់បានសួនច្បារផ្តល់ម្លប់ដែលមិនធ្លាប់មាន នេះហើយជំរុញឲ្យ Le Condé BKK1 បង្កើតឲ្យមានសួនច្បារអាកាសក្នុងអគារដែលមានទំហំធំទូលាយដល់ទៅ ១០០០ ម៉ែតការ៉េ ធំដំបូងគេនៅរាជធានីភ្នំពេញ។ នេះសបញ្ជាក់យ៉ាងច្បាស់ពីទស្សនៈនៃការអភិវឌ្ឍគម្រោងរបស់ Le Condé BKK1 ដើម្បីអភិវឌ្ឍសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។

សម្រាប់ Le Condé BKK1 រង្វាន់ដ៏ល្អប្រសើរ ពីការតាំងចិត្តក្នុងការបង្កើតគម្រោងដ៌អស្ចារ្យចំកណ្តាលក្រុងភ្នំពេញនោះគឺ អតិថិជនជាច្រើនចូលទស្សនាការិយាល័យលក់ឥតឈប់ឈរ។ តាំងពីការបើកគម្រោងដំបូងមក អតិថិជនជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ និងស្រលាញ់គម្រោងយើង។ មកដល់ពេលនេះ ការិយាល័យលក់ Le Condé BKK1 នៅតែជាកន្លែងសំខាន់មួយ​ សម្រាប់អ្នកដែលចង់ទិញផ្ទះប្រភេពទំនើប។

ដើមឆ្នាំនៃឆ្នាំថ្មីនេះ, Le Condé BKK1 បានដាក់ចេញនូវគោលការណ៍បញ្ចុះតម្លៃពិសេស ដើម្បីបង្ហាញពីការដឹងគុណទៅកាន់សហគមយើង និងអតិថិជនផងដែរ។ សម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានបែបទំនើប ស៊ីវីល័យស្ថិតនៅកណ្តាលក្រុងរាជធានីភ្នំពេញ នេះប្រហែលជាឱកាសល្អបំផុតសម្រាប់អ្នកហើយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនឹងចូលជាធរមាននៅខែក្រោយ

ដោយ៖ ប៊ី

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងវិនិយោគគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មហុងកុងចេញផ្សាយកាលពីថ្មីៗនេះ។

អ្នកនាំពាក្យមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជានឹងក្លាយជាប្រទេសចុងក្រោយ នៅពេលដែលកិច្ចព្រមព្រៀងទាំងពីរចូលជាធរមាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានចូលរួមនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ និងព្រុយណេនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

លោកបាននិយាយថា “សហគ្រាស និងអ្នកផ្តល់សេវាកម្មហុងកុងនឹងអាចទទួលបានអត្ថប្រយោជន៍ពេញលេញដូចដែលបានប្តេជ្ញាចិត្តដោយរដ្ឋជាសមាជិកអាស៊ានទាំង១០ ក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ។ ឱកាសអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារអាស៊ាននឹងមានកាន់ច្រើន”។

លោកបានបន្តថា ហុងកុងបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងជាមួយអាស៊ានក្នុងឆ្នាំ២០១៧ ហើយកិច្ចព្រមព្រៀងបានចូលជាធរមានជាបណ្តើរៗ ចាប់តាំងពីខែមិថុនាឆ្នាំ២០១៩។

កិច្ចព្រមព្រៀងមានលក្ខណៈទូលំទូលាយក្នុងវិសាលភាព រួមទាំងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសយន្តការដោះស្រាយវិវាទ និងវិស័យពាក់ព័ន្ធដទៃទៀត៕

តើ​ក្រុងព្រះសីហនុ​កំពុង​វិវត្តន៍​ខ្លួន​ដូច​ក្តាម​កំពុង ”សក” ឬ​យ៉ាងណា?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ រយៈពេល​ត្រឹម៣ឆ្នាំ ក្រុងព្រះសីហនុ​បាន​ផ្លាស់ប្តូរ​មុខមាត់ ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំណង់​អាគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន ខុន​ដូ លូត​ទៅលើ​អាកាស​ដូច​គេ​ជប់ ប៉ុន្តែ​ភាព​អ៊ូអរ​បាន​ប្រែជា​ស្ងប់ស្ងាត់​យ៉ាង​ស្រងេះស្រងោច។

ទីក្រុង​នេះ ត្រូវបាន​រដ្ឋាភិបាល​ដាក់បញ្ចូល ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដើម្បី​ប្រែក្លាយ​ទឹកដី​តំបន់ឆ្នេរ ដែលមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវគោក​នេះ​ទៅជា​តំបន់ឧស្សាហកម្ម​ពេញលេញ ប្រៀប​ដ​ដូចជា​កូនក្រមុំ​ទើប​ពេញវ័យ១៨ឆ្នាំ​ចឹ​ង។

យ៉ាងណាក្តី ទីក្រុង​ដែល​ពោរពេញ​ដោយ​កាស៊ីណូ​យ៉ាង​ព្រោងព្រាត និង​ការបិទ​ឧស្សាហកម្ម​ល្បែង​នេះ​យ៉ាង​តក់ក្រហល់ ពិសេស​ការមកដល់រ​បស់ Covid-19 បានធ្វើ​ឲ្យ​ទីក្រុង​នេះ​ប្រែ​ព៌​ណ​យ៉ាង​លឿន។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឳ​កាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ទាំង ៣៤ខ្សែ នៅ​ក្រុងព្រះសីហនុ កាលពីដើម​សប្តាហ៍​មុន​បាន​មានប្រសាសន៍ថា សម្តេច​នឹង​ប្រែក្លាយ​ទីក្រុង​នេះ ជាទី​ក្រុង​ពហុ​បំណង ដោយ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ដាក់ចេញ​នូវ​គោលនយោបាយ​នានា ដើម្បី​ធ្វើយ៉ាងណា​ប្រែក្លាយ​ទីក្រុង​នេះ​ជាទី​ក្រុង​ប្រកបដោយ​ថាមពល​សំរាប់​សេដ្ឋកិច្ច និង​ពោរពេញ​ដោយ​ភាព​ស៊ី​វិ​ល័យ។

ជាមួយគ្នានេះ សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​មិត្ត​ជប៉ុន ជួយ​ព​ន្លឿ​ន​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ ដែលមាន​តែមួយគត់​សំរាប់​ប្រទេស​នេះ​ឲ្យ​បាន​ឆាប់រហ័ស។

លើសពីនេះ ព្រលានយន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​នឹង​ពង្រីក​ផ្លូវ​រត់​ប្រវែង​រហូតដល់ ៣៨០០ម៉ែត្រ ដែល​យន្តហោះធំៗឆ្លង​ទ្វីប​អាច​ចុះចត​បាន។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​ក៏​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ហើយ​វា​ជា​ផ្លូវ១ដែល​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ចិន ក្នុង​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ប្រទេស​ពីរ​រួម​វាសនា​តែ១ ។

ជាមួយនឹង​កំសួល​ដូច​ពពុះ​សាប៊ូ នៃ​កំនើន​ការវិនិយោគ​ក្នុងស្រុក និង​លំហូរ​ទុនវិនិយោគ​ពី​បរទេស បានធ្វើ​ឲ្យ​ក្រុងព្រះសីហនុ​សព្វថ្ងៃ មាន​វត្តមាន​អាគារខ្ពស់ៗកប់​ពពក​រាប់រយ ស្របពេល​លំហូរ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​មាន​ទំហំ​ទុន​ជាង១០០០លាន​ដុល្លារ​ចាប់ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០១៩កន្លងមកនេះ។

ត្រលប់មក​មើល​ស្ថានភាព​អចលនទ្រព្យ ពិសេស​តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ នាពេល​បច្ចុប្បន្ន លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា តម្លៃ​អចលន​​ទ្រព្យ​ពិសេស​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​ឈាន​មកដល់​ដំណាក់កាល​មួយ​ថ្មី ដោយ​តម្លៃ​អចលនទ្រព្យ​មាន​ភាពសមស្រប​នឹង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ឬ​របស់​ប្រទេស​ឡើងវិញ វា​មិន​ឡើង​ខ្ពស់​ដូច​ពីមុន​ពេក​នោះទេ។

លោក​បន្តថា “ការឈាន​មកដល់​ដំណាក់កាល​បែបនេះ​ជា​រឿង​ប្រសើរ ព្រោះ​តម្លៃ​អាច​ចុះ និង​មាន​ភាពសមស្រប​នឹង​បរិបទ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា” ។

អ្នកតាមដាន​ព៌​ត​មាន និង​ដំណើរ​វិវត្តន៍​នៃ​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់​សហ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​គេហទំព័រ Propertyarea.asia បាន​មានប្រសាសន៍ថា តម្លៃ​និង​ស្ថានភាព​ទូទៅ​នៅ​ក្រុងព្រះសីហនុ មាន​សភាព​ដូច​ក្តាម​សក​អញ្ចឹង​នាពេលនេះ ដែល​ធម្មតា​នៅពេល​វា​ឡើង​ធំ​ដល់​កម្រិត វា​នឹង​សក​ស្នូក​ចាស់​ចេញ ដើម្បី​ផ្លាស់ប្តូរ​ស្នូក​ថ្មី ដែល​ផ្តល់​ឲ្យ​ក្តាម​នូវ​ទំហំ​ខ្លួន​ធំ​ជាង​មុន។លោក​បន្តថា នៅពេល​រង់ចាំ​ស្នូក​រ៉ឹង​ឡើងវិញ វា​ត្រូវការ​ពេលវេលា​មួយរយៈ ដើម្បី​ឲ្យ​ក្តាម​មានខ្លួន​រ៉ឹង និង​មាន​ថាមពល​អាច “វា” ឡើងវិញ​បាន​លឿន។

លោក​បន្តថា “ដូចគ្នានេះដែរ ក្រុងព្រះសីហនុ នឹង​ត្រូវការ​ពេលវេលា​ដើម្បី​បន្ត​នូវ​ថាមពល​ឡើងវិញ ខណៈ​រដ្ឋាភិបាល​ត្រៀម​បញ្ចប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំង៣៤ខ្សែ និង​ដាក់ចេញ​គោលនយោបាយ​ថ្មី ដើម្បី​លើកទឹកចិត្ត និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត” ។លោក​បន្ថែមថា “ពេលវេលា​នឹង​នាំមក​នូវ​ថាមពល​ថ្មី ជាមួយនឹង​វត្ត​មាននៃ​ធុរជន​ចិន ព្រោះ​ពួកគេ​នឹងមិន​រត់ចោល​កម្ពុជារ​ហូត​នោះទេ។

លោក​យិន លាង​គង់​បាន​បន្ថែមថា “ក្រោយពេល​ភ្លៀង​មេឃ​នឹង​ស្រឡះ ហើយ​ក្រោយពេល​ក្តាម​មាន​ស្នូក​រ៉ឹង​ឡើងវិញ វា​នឹងមាន​ទំហំ​ទំ និង​រត់លឿន​ជាង​មុន” ៕