អចលនទ្រព្យនៅខេត្តកោះកុងកើនតម្លៃ ស្របពេលគម្រោងផ្លូវជាតិលេខ១០ កំពុងស្ថាបនាយ៉ាងសកម្ម

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ ខេត្តកោះកុងដែលជាខេត្តជាប់មាត់សមុទ្រមួយក្នុងចំណោម៤ ថ្មីៗនេះហាក់រីកមុខរីកមាត់ចំពោះគម្រោងវិនិយោគខ្នាតធំៗជាច្រើន ដែលជាហេតុបណ្តាលឱ្យតម្លៃអចលនទ្រព្យក្នុងខេត្តចាប់ផ្តើមកើនតម្លៃ ស្របពេលផ្លូវជាតិលេខ១០ស្ថិតក្នុងតំណាក់កាលសាងសង់។

មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកោះកុង លោក ហ៊ាង ប៊ុណ្ណា បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការអភិវឌ្ឍលើវិស័យដីធ្លី បច្ចុប្បន្ន កំពុងពង្រីកវិសាលភាពខ្លាំងក្លាគួរឲ្យព្រួយបារម្ភ ខណៈម្ចាស់អាជីកម្មមួយចំនួននៅពុំទាន់រត់ការច្បាប់មកដល់ដៃមន្ទីរនៅឡើយ។

លោកបន្តថា និយាយឱ្យចំគម្រោងធ្វើឡើង និងទទួលស្គាល់ត្រឹមភូមិ ឃុំ-សង្កាត់ និងក្រុងតែប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា ការលក់-ទិញ នៅតែមានដំណើរការបានដោយរលូន ពុំមានបញ្ហាទំនាស់អ្វីធំដុំកើតឡើងនោះឡើយ។ អ្នកវិនិយោគមានក្តីរំពឹងថា តម្លៃដីនឹងមានការហក់ឡើងទ្វេដង នៅពេលរាជរដ្ឋាភិបាលសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង មកខេត្តកោះកុង។

ចលនានៃការទិញលក់ដីធ្លីនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ នាទិសនិរតីនៃប្រទេសកម្ពុជានេះកំពុងមានភាពផុសផុលគួរឲ្យកត់សម្គាល់។ កត្តាដែលធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកដុះដាលខ្លាំងឡើងៗនាពេលនេះ អាស្រ័យដោយកំណើនប្រជាជន ហើយភាគច្រើនមានការងារធ្វើ និងមានមុខរបរ ជាពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាគម្រោងវិនិយោគធំៗពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងបរទេស មកកាន់ទឹកដីតំបន់ឆ្នេរមួយនេះកាន់តែច្រើន។

ការរីកចម្រើនយ៉ាងឆាប់រហ័សនេះហើយ បានធ្វើឲ្យខេត្តកោះកុង កំពុងមានកង្វះខាត ផ្ទះជួល សម្រាប់ឲ្យកម្មករ និយោជិតជួលស្នាក់នៅ ខណៈចំនួនអ្នកមានការងារធ្វើកាន់តែមានចំនួនច្រើនឡើង ហើយពួកគេទាំងនោះភាគច្រើនពុំមានលទ្ធភាពទិញផ្ទះ និងដីជាទ្រង់ទ្រាយធំបានឡើយ។ ចំណែកសេវាកម្មសម្រាប់ទទួលភ្ញៀវទេសចរនៅមានកម្រិត ហើយផ្ទះសំណាក់ និងសណ្ឋាគារនៅមិនទាន់អាចបម្រើតាមសេចក្តីត្រូវការបានគ្រប់គ្រាន់ដល់ភ្ញៀវទេសចរនៅឡើយនៅក្នុងរដូវសំបូរភ្ញៀវ។

ខេត្តដែលនៅជាប់តំបន់ឆ្នេរសមុទ្រចំនួន៤រួមមាន ខេត្តព្រះសីហនុ កំពត កោះកុង និងកែប ដែលត្រូវបានគេទទួលស្គាល់ថា តម្លៃដីធ្លីនៅទីនោះពិតជាមានតម្លៃថ្លៃ និងហក់ឡើងជាបន្តបន្ទាប់។ ចំណែកខេត្តកោះកុងវិញក៏រំពឹងថាតម្លៃដីធ្លីក៏នឹងហក់ឡើងខ្លាំងនាពេលខាងមុខនេះ៕

ប្រា​សាក់ ថ្លែងអំណរគុណ​អតិថិជន​ខណៈ​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ ២ ប៊ី​លាន​ដុល្លារ

ដោយ ស្រី​ណា​ង

ភ្នំពេញ ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​គ្រឹះស្ថាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផងដែរ​នោះ បានសម្រេច លទ្ធផល​ថ្មី​មួយទៀត គឺ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន 2 ប៊ី​លាន​ដុល្លារ និង​មាន​គណនី​អតិថិជន​ចំនួន 800,000 គណនី។

នេះ​គឺជា​សមិទ្ធផល​ថ្មី​បន្ថែម​ពីលើ​លទ្ធផល​ដ៏​ល្អប្រសើរ​របស់​ប្រា​សាក់​រួមមាន ទ្រព្យសកម្ម​សរុប 3.39 ប៊ី​លាន​ដុល្លារ សម្ពៀត​ឥណទាន​ច្រើនជាង 2.96 ប៊ី​លាន​ដុល្លារ អតិថិជន​ឥណទាន 440,000 នាក់ និង​មាន​បុគ្គលិក​ច្រើនជាង 9,000 កំពុង​បម្រើ​ការងារ នេះ​បើ​យោងតាម​ស្ថិតិ​គិត​ត្រឹម​ខែតុលា ឆ្នាំ 2020 ។

អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ខាងលើនេះ អនុញ្ញាតឱ្យ ប្រា​សាក់​ផ្តល់​សេវា​ប្រាក់​បញ្ញើ​សន្សំ​ជូន​អតិថិជន និង​សាធារណជន​ចាប់តាំងពី​ឆ្នាំ 2011 ។ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​បាន​កើនឡើង​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារតែ​ទំនុកចិត្ត​របស់​អតិថិជន និង​ការប្ដេជ្ញាចិត្ត​របស់​ប្រា​សាក់​ក្នុងការ​ផ្ដល់ជូន​សេវា​បម្រើ​ដ៏​ល្អ​ជូន​អតិថិជន។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «ប្រាក់​បញ្ញើ​សន្សំ​ដែល​កៀរគរ​បាន​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​បាន​ដើរតួនាទី​យ៉ាងសំខាន់ មិន​ត្រឹមតែ​ជា​ប្រភព​ទុន​ដល់​គ្រឹះស្ថាន​ក្នុងការ​ផ្ដល់​ជា​ប្រាក់កម្ចី​ដល់​អតិថិជន​នៅតាម​ទីជនបទ​និង​ទីប្រជុំជន​នោះទេ ថែមទាំង​ជា​ឧបករណ៍​សម្រាប់​ជំរុញ​ទម្លាប់​នៃ​ការ​សន្សំ និង​ការប្រើប្រាស់​សេវា​ធនាគារ​សម្រាប់​ប្រជាពលរដ្ឋ​ផងដែរ។ ប្រាក់​បញ្ញើ​សន្សំ ក៏បាន​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​យើង​មាន​ភាពរឹងមាំ និង​ស្ថិរភាព​ផងដែរ» ។

លោក សូ​នី បន្តទៀតថា «លទ្ធផល​ដ៏​អស្ចារ្យ​នេះ​កើតឡើង​ពី​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​របស់​អតិថិជន​ទាំងអស់ ការផ្ដល់ជូន​ផលចំណេញ​ខ្ពស់​ជូន​អតិថិជន ការបម្រើ​សេវា​ដ៏​ល្អប្រសើរ និង​ការផ្ដល់​មធ្យោបាយ​ដ៏​ងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​ធនាគារផ្សេងៗតាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏​ទំនើប សេវា​ម៉ាស៊ីន​ដក​ប្រាក់ (អេ​ធី​អឹម) ម៉ាស៊ីន​ដាក់​ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីន​ឆូត​កាត ទូទាត់​តាម QR កូដ នៅតាម​បណ្ដា​ហាង​ទំនិញ​នានា ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង និង​សេវា​ផ្ទេរប្រាក់​ឆ្លង​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា» ។

លោក សូ​នី បន្ថែមទៀតថា «តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន និយ័ត​ករ ចំពោះ​ឱវាទ និង​អនុសាសន៍ ចាប់តាំងពី​ប្រា​សាក់​ចាប់កំណើត​ដំបូង រហូតដល់​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ និង​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ដូច​សព្វថ្ងៃនេះ។ នេះ​គឺជា​ការលើកទឹកចិត្ត​បន្ថែម​សម្រាប់​យើងខ្ញុំ​ក្នុងការ​បន្ត​ការប្ដេជ្ញាចិត្ត​ផ្ដល់ជូន​សេវា​បម្រើ​អតិថិជន​ដ៏​ល្អ​ឯក និង​ផ្តល់ជូន​នូវ​បទពិសោធន៍​ក្នុង​ការប្រើ​សេវា​ធនាគារ​តាម​គ្រឹះស្ថាន​ស្របច្បាប់» ។

ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន ប្រា​សាក់ ផ្ដល់ជូន​សេវា​ប្រាក់​បញ្ញើ​និង​សន្សំ​គ្រប់​ប្រភេទ ច្រើន​ជម្រើស​និង​រយៈពេល ដូចជា គណនី​សន្សំ គណនី​ចម្រើន​គ្មាន​កាលកំណត់ គណនី​សន្សំ​តាម​ផែនការ គណនី​ចម្រើន​តាម​លំដាប់ គណនី​បញ្ញើ​មាន​កាលកំណត់ គណនី​កូន​ចម្រើន និង​គណនី​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ សូម​ចូលទៅ​កាន់ https://bit.ly/3laigo6 ឬ អញ្ជើញ​មក​សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុតficesិងរយ្យបត្រណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​បើក​គណនី ដោយ​ទទួលបាន​អត្ថប្រយោជន៍​លើសពី​អត្រា​ការប្រាក់​ខ្ពស់៕

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចី៧០លានដុល្លារ ដើម្បីពង្រឹងសុវត្ថិភាពផលិតផលកសិកម្មនៅកម្ពុជា

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើការផ្តល់ប្រាក់កម្ចីចំនួន៧០លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព កសិពាណិជ្ជកម្មក្នុងខេត្តចំនួន៦នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗឱ្យមានសុវត្ថិភាព ដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ ។

គម្រោងពង្រឹងការប្រកួតប្រជែងខ្សែសង្វាក់តម្លៃ និងសមត្ថភាពក្នុងវិស័យកសិកម្ម មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហករណ៍កសិកម្មចំនួន២៣០ និង សហគ្រាសកសិកម្មចំនួន៥០ក្នុងខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តត្បូងឃ្មុំ។

សេដ្ឋវិទូជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្ម លោក តាកេស៊ី យូអេដា ( Takeshi Ueda) បានមានប្រសាសន៍ថា “កសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ប្រសិនបើសហគ្រាសកសិកម្មធុនតូច និងមធ្យម អាចបង្កើនសមត្ថភាពរបស់ពួកគេក្នុងការកែច្នៃផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុង និងក្រៅប្រទេស។

ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជាបញ្ចេញសក្តានុពលរបស់ខ្លួន បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីជនបទ។
ពលរដ្ឋកម្ពុជាដែលរស់នៅតាមតំបន់ជនបទមានប្រមាណ៧៦% ដោយក្នុងនោះរួមចំណែកនៅក្នុងវិស័យកសិកម្មប្រមាណ ២០,៧% ស្មើនឹងប្រមាណ៣១,២%នៃផលិតផលក្នុងស្រុកសរុប(GDP)ក្នុងឆ្នាំ២០១៩។ ឧស្សាហកម្មនេះបានកើនឡើងជាមធ្យម១,៧% ជារៀងរាល់ឆ្នាំពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ។ ផលិតផលកសិកម្មកែច្នៃ បច្ចុប្បន្នមានចំនួនត្រឹមតែ៤.០% នៃ GDP ដោយសារតែកង្វះផលិតផលចម្រុះដែលផ្តល់តម្លៃបន្ថែម។

គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ពូជ និងពូជបក្សីចញ្ចឹមដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជផ្តល់ទិន្នផលខ្ពស់ធន់នឹងគ្រោះរាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារៈដាំដុះផ្សេងទៀត។ លើសពីនេះទៀត គម្រោងនេះនឹងជួយកែលម្អផ្លូវជនបទប្រវែង១១០គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង ដែលនឹងសាកល្បងនូវយន្តការហិរញ្ញប្បទានបៃតង ដែលគាំទ្រដោយប្រាក់កម្ចីចំនួន៥លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund)។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងគ្រប់គ្រងប្រាក់កម្ចី២៥លានដុល្លារពីទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (Agence Française de Développement) និងជំនួយ៣លានដុល្លារពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) រួមជាមួយនឹងការប្តេជ្ញាថានឹងសម្រេចបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាពក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕

ផ្សារឃ្លាំងរំសេវថ្មីសែនសុខតម្លៃជាង ៣លានដុល្លារ បានចាប់ផ្តើមសម្ពោធបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ

ដោយ ហ្សូលី

ភ្នំពេញ៖ ផ្សារឃ្លាំងរំសែវថ្មីសែនសុខ តម្លៃជាង ៣លានដុល្លារ ចំណាយរយៈពេលសាងសង់ប្រមាណ ៩ខែ បានចាប់ផ្តើមបើកសម្ពោធដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន សេងនី ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងឱកាសពិធីសម្ពោធផ្សារឃ្លាំងរំសេវថ្មី សែនសុខនេះ អភិបាលរងរាជធានីភ្នំពេញ លោកជំទាវ កែវ សុខពិសី បានមានប្រសាសន៍ថា ការសម្ពោធបើកដំណើរការជាផ្លូវការផ្សារឃ្លាំងរំសេវថ្មីសែនសុខនេះ នឹងនាំមកនូវជោគជ័យថ្មីបន្ថែមទៀតសម្រាប់វិស័យឯកជនក្នុងរាជធានីភ្នំពេញ។ ការបង្កើតផ្សារឃ្លាំងរំសេវនេះគឺជាចលករជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែស៊ីវីល័យបន្ថែមទៀត។

លោកជំទាវបន្តថា បើទោះបីជាក្នុងឆ្នាំ ២០២០នេះ កម្ពុជាជួបប្រទះនូវវិបត្តិសកលកូវីដ១៩ក្តី តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជាអាចទប់ស្កាត់បាន ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយនិងកក់ក្តៅក្រៃលែង។

អគ្គនាយកផ្សារឃ្លាំងរំសេវថ្មីសែនសុខ ឧកញ៉ា ផេត ពិសិដ្ឋ ថ្លែងថា នៅចុងឆ្នាំ ២០១៩ ក្នងនោះមានបុត្រសម្ព័ន្ធចំនួន ២ គឺ The Green Community Mall សាងសង់លើផ្ទៃដីជាង ៤ ហិកតា និងផ្សារឃ្លាំងរំសេវថ្មីចំនួន ២,៧ហិកតា សរុបផ្ទៃដីផ្សារទាំងពីរគឺ ៧ ហិកតា។

ឧកញ៉ាបានបញ្ជាក់ថា ហេតុផលដែលលោកសម្រេចបណ្តាក់ទុនសាងសង់ The green Community Mall និងផ្សារឃ្លាំងរំសេវថ្មីសែនសុខ ដោយសារកត្តាសុខសន្តិភាព សេដ្ឋកិច្ចរីកចម្រើន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្សារឃ្លាំងរំសែវថ្មីសែនសុខ មានទីតាំងនៅចំកណ្តាលតំបន់ពាណិជ្ជកម្មទំនើប ងាយស្រួលចតរថយន្ត និងម៉ូតូមានតូបលក់ផលិតផលរហូតដល់ ១០០០តូប អមជាមួយ Shophouse និងផ្សារបន្លែត្រីសាច់ធម្មជាតិ និងមានបន្ទប់ទឹកស្អាត មានអនាម័យ។ ផ្សានេះមានលក់ទំនិញជាច្រើនប្រភេទដូចជា ទូរស័ព្ទដៃ សំភារៈទូរស័ព្ទ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ម្ហូបអាហារ គ្រឿងសម្អាង សាឡន និងថែសម្ផស្ស ព្រមទាំងហាងកាហ្វេប្រេនផ្សេងៗដែលមានគុណភាពខ្ពស់តម្លៃសមរម្យ។

បុរី ប៉េង ហួត បើកលក់វីឡាកូនកាត់ ម៉ូដថ្មី LV ទីតាំងថ្មីបន្ថែម បំពេញតម្រូវការអតិថិជន

បន្ទាប់ពីបានធ្វើការបើកលក់វីឡាកូនកាត់ ម៉ូដថ្មី LV ក្នុងគម្រោងហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី ២ អេកូ ខូឡិកសិន (បឹងស្នោ) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០  កន្លងទៅថ្មីៗនេះ ត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះ វីឡាកូនកាត់ LV ម៉ូតថ្មី លក់អស់រហូតដល់ ១០០% ។  ប៉ុន្តែនៅតែមានសំណូមពរបន្ថែមពីអតិថិជន ស​ម្រាប់វីឡាកូនកាត់ ប្រភេទនេះ បុរី​ ប៉េង ហួត សម្រេចបើកលក់ទីតាំងថ្មី ជាមួយការបញ្ចុះតម្លៃរហូតដល់ ១៥% ហើយចំនួនមានកំណត់ ដែលមានសុពលភាព ត្រឹមតែដំណាច’ខែវិច្ឆិកានេះតែប៉ុណ្ណោះ ។ ​

កាន់តែពិសេសជាងនេះទៅទៀត អតិថិជនមានជម្រើសក្នុងការបង់ប្រាក់ជាច្រើនប្រភេទ ជាមួយបុរីផ្ទាល់ និងធនាគារដៃគូសហការ ដែលនឹងទទួលបានអត្រាការប្រាក់សមរម្យ ចាប់ពី 4.99% ឡើងទៅ ថែមទៀតផង។

វីឡាកូនកាត់ LV ម៉ូដថ្មី គឺជាប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មី មានរចនាបថបែបសហសម័យ ជាមួយនឹងមុខងារពិសេសៗរបស់បន្ទប់នីមួយៗដែលស័ក្ដិសមឥតខ្ចោះ សម្រាប់គ្រួសារសម័យថ្មី។ វីឡាកូនកាត់ LV នេះមានទំហំធំទូលាយប្រវែង 4.2m x 10m កម្ពស់៣ជាន់ មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។

 

នៅជាន់ផ្ទាល់ដីទាំងមូលមើលទៅឃើញ បរិវេណធំទូលាយដែលមានរចនាម៉ូតអមជាមួយដណ្តើរដ៏ទាក់ទាញ ខុសពីប្រភេទវីឡាកូនកាត់ផ្សេងៗទៀត រួមមានបរិវេណទទួលភ្ញៀវយ៉ាងស៊ីវិល័យ បរិវេណចម្អិនអាហារ និងបរិវេណទទួលទានអាហារ អាចឱ្យខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់តាំងពីខាងមុខរហូតដល់ខាងក្រោយ រួមនឹងកន្លែងចតឡាននៅខាងមុខផ្ទះធំទូលាយថែមទៀតផង។ ចំណែកនៅជាន់ទី១ មានបន្ទប់មេគ្រួសារ ១ ដ៏សាកសម សំរាប់គ្រួសារថ្មីថ្មោង និង បន្ទប់កូនស្រី ១ ។ ឯជាន់ទី២  មានបន្ទប់គេង២ធំទូលាយ និងបន្ទប់ទឹក២ ផ្តល់ផាសុកភាព និងភាពសុខដុមរមនាដល់ការរស់នៅរបស់លោកអ្នក។

រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 098/ 016 / 017 596 789 ឬ រង់ចាំតាមដានគេហទំព័រ Facebook បុរី ប៉េង ហួត ឬ អាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់។

សូមបញ្ជាក់ផងដែរថា វីឡាកូនកាត់ ប្រភេទថ្មីនេះ ស្ថិតក្នុងគម្រោងដ៏ធំមួយ ដែលមានឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី2 “អេកូ ខលឡិកសិន” គឺជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗ ដែលនឹងផ្តល់ជូននូវ បទពិសោធន៍ថ្មីប្លែក និង ភាពសម្បូរបែបនៃការរស់នៅបែបថ្មី។

សម្ដេចតេជោ ហ៊ុន សែន ៖ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល មានភាពចាំបាច់បំផុតសម្រាប់ជំរុញសេដ្ឋកិច្ច

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅក្នុងបរិការថ្មីនៃការរស់នៅ និងការអនុវត្តការងារដោយបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់ និងសាកល ជាពិសេស ការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ថា ស្ថិតនៅក្នុងកំឡុងពេលដែលកំពុងជួបវិបត្តិនៅពេលនេះ បានជំរុញឱ្យឃើញកាន់តែច្បាស់នៃភាពចាំបាត់លើការជំរូញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឌីជីថល។

សម្ដេចបានមានប្រសាសន៍បន្តទៀតថា “ប្រាកដណាស់ថា ការអភិវឌ្ឍ ការតភ្ជាប់ឌីជីថលតំបន់ និងការប្រែក្លាយសង្គមសេដ្ឋកិច្ច ឱ្យទៅជាសង្គមសេដ្ឋកិច្ចឌីជីថល និងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ Covid-19 និងការអភិវឌ្ឍប្រកបដោយចិរភាព និងភាពធន់នាពេលអនាគត”។

ប្រទេសចិន គឺជាប្រទេសមួយដែលដឹកមុខក្នុងការអភិវឌ្ឍវិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសាកលលោក។ ក្នុងន័យនេះ ការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នឹងក្លាយទៅជាប្រធានបទដ៏សំខានន់នាពេលអនាគត់។

រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងលើកកម្ពស់ការធ្វើឌីជីថលលូបនីយកម្មទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល កម្ពុជានឹងដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលឆាប់ៗខាងមុខនេះ។ ដោយឡែក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ រួមមាន ៖

ទី១ការដាក់ឱ្យអនុវត្តនូវថ្នាល់ចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ៨ថ្ងៃប៉ុណ្ណោះក្នុងការបើកក្រុមហ៊ុនអាជីវកម្ម។
ទី២បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
ទី៣ ការរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ជាងនេះទៅទៀត កម្ពុជា នឹងដាកចេញនូវច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញតាមរយៈការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគលើវិស័យឧស្សាហកម្ម អេឡិចត្រូនិក បង្គុំ កសិឧស្សាហកម្ម គ្រឿងបន្លាស់ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ល។ ៕

វា​គ្មឹ​នសំខាន់ៗចំនួន៤រូប​នឹង​បង្ហាញ​ពី​បច្ចុប្បន្នភាព​វិស័យ​អចលនទ្រព្យ​កម្ពុជានៅក្នុង​សិក្ខាសាលា​ពិសេស​មួយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ទាប់ពី​បាន​ពន្យារពេល​អស់​រយៈ​ពេល២សប្ដាហ៍​កន្លងទៅ ក្រោម​ការ​អនុវត្តតាម​ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម   ន្ត្រី​នៃ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​ព្រឹត្តិការណ៍៣វិច្ឆិកា​កន្លងទៅនេះ នៅត្រឹម​រសៀល​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមាគម​អចលនទ្រព្យ​សកល (GRA) នឹង​រៀបចំ​កម្មវិធី​សិក្ខាសាលា​សាជាថ្មី​ស្ដីពី បច្ចុប្បន្នភាព​វិស័យ​អចលនទ្រព្យ ក្រោម​ការចូលរួម​ពី​សំណាក់​វាគ្មិន​ជំនាញ​ចំនួន៤រូប។

សិក្ខាសាលា​នេះ  ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន ការយល់ដឹង​ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ពិតប្រាកដ ជាពិសេស​ផ្តោតទៅលើ​ទីផ្សារ​លំនៅដ្ឋាន ទីផ្សារ​ខុន​ដូ និង​ទីផ្សារ​ដី​ឡូ​តិ៍ ក្រោម​ប្រធានបទ “បច្ចុប្បន្នភាព​អចលនទ្រព្យ​នៅ​កម្ពុជា” នៅ​សាលសន្និសីទ Factory Phnom Penh (Urban Village) នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដោយ​កំណត់​វត្តមាន​អ្នកចូលរួម​ត្រឹម២០០នាក់​តែប៉ុណ្ណោះ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោ សំ សុខ​នឿន ដែលជា​អ្នក​ផ្តួចផ្តើម​បង្កើត​សិក្ខាសាលា​នេះ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ថា តាមរយៈ​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ នឹងធ្វើ​ឱ្យ​អ្នកចូលរួម​មានការ​យ​ល់​ដឹង​កាន់តែច្បាស់ អំពី​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ជៀសវាង​ការទទួលបាន​ព័ត៌មាន​បំផុស​ពី​ភ្នាក់ងារ​មួយចំនួន​ដែល​គ្មាន​ការពិត។

លោក​បន្តថា “យើង​ចង់ឱ្យ​អ្នកចូលរួម បាន​យល់ដឹង​កាន់តែច្បាស់​ពី​ទីផ្សារ​អចលនទ្រព្យ ដោយ​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​បុរី​លំនៅដ្ឋាន ទីផ្សារ​ខុន​ដូ ទីផ្សារ​ដី​ឡូ​តិ៍ នាពេល​បច្ចុប្បន្ន រួម​ជាមួយនឹង​ការផ្តល់ជូន​នូវ​គន្លឹះខ្លះៗ ដែល​អាច​ជំរុញ​ដល់​ការ​អចលនទ្រព្យ​ផងដែរ” ។

លោក​បញ្ជាក់ថា ភ្នាក់ងារ​អចលនទ្រព្យ​ខ្លះ ដើម្បី​អាច​ទទួល​ប្រយោជន៍​ពី​ការលក់ បាន​បំផុស​ព័ត៌មាន​មិន​ពិត ទៅដល់​អតិថិជន​គោលដៅ​របស់ខ្លួន ហើយ​អ្នកខ្លះ​ដែល​ចង់​ចូលរួម​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ដោយ​ការទិញ​អចលនវត្ថុ​ទុក​លក់​បន្ត​យកចំណេញ ចេះតែធ្វើ​ឡើង​តាម​គេ ដោយ​គ្មាន​ការយល់ដឹង​ច្បាស់​វិស័យនេះ ដែល​វា​ជាការ​ប្រឈម​ខ្ពស់​ទៅនឹង​ហានិភ័យ។ ដូច្នេះអ្វីៗដែលជា​ចំណេះដឹង​ទាំងអស់នេះ នឹងមាន​បង្ហាញ​នៅក្នុង​សិក្ខាសាលា​ដែល​នឹងធ្វើ​នៅត្រឹម​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

អង្គសិក្ខាសាលា​មួយ​នេះ រៀបចំឡើង​ក្រោម​កិច្ចសហការ រវាង​សមាគម​អចលនទ្រព្យ​សកល ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Kw Sam Sn Realty Co,.Ltd និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ខុន​ដូរ​ប្រណីត​Urban Village ក្រោម​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​អ្នកជំនាញ​ចំនួន ៤រូប រួមមាន​លោក សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​អគ្គនាយក​ក្រុមហ៊ុន Kw Sam Sn Realty Co,.Ltd លោក​យិន លាង​គង់ អគ្គនាយក​គេហទំព័រ Propertyrea.asia លោក ឡោ វិចិត្រ អនុប្រធាន​សមាគម​អចលនទ្រព្យ​សកល​រាជធានី​ភ្នំពេញ និង​លោក​វ៉េង វណ្ណ​នី ប្រធាន​ក្រុម​ឯកទេស​លក់​ខុន​ដូ។

ដោយឡែក​លក្ខខណ្ឌ​នៃ​ការចូលរួម សម្រាប់​សិក្ខាកាម​ចុះឈ្មោះ​ចំនួន៥០នាក់​ដំបូង​ឥតគិតថ្លៃ។ ៥០នាក់​បន្ទាប់​នឹងត្រូវ​ចំណាយ១៥ដុល្លារ​ក្នុង​ម្នាក់ ហើយ១០០នាក់​បន្ទាប់​ត្រូវ​ចំណាយ២០ដុល្លារ​ក្នុង​ម្នាក់ ហើយ​ថវិកា​ដែល​ប្រមូលបាន​ទាំងអស់ នឹង​យកទៅ​បរិច្ចាក​ជូន​កម្មវិធី​មនុស្សធម៌។

ព័ត៌មាន​លម្អិត​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ៖ ០៩៣ ៣១០ ៧៣៧ / ០៧៧ ៣៩១ ០០០ ៕

ទីក្រុង Quito នៃ​ប្រទេស​អេ​ក្វា​ឌ័​រ​នឹងមាន​អគារ​លំនៅឋាន​ខ្ពស់​ជា​លើកដំបូង

ដោយ ​វុត្ថា

ពិភពលោកៈ ទីក្រុង Quito នៃ ប្រទេស​អេ​ក្វា​ឌ័​រ  នឹង​សាងសង់​អគារ​លំនៅឋាន​ប្រើប្រាស់​ចម្រុះ​ជា​លើកដំបូង​រស់​ខ្លួន ដែល​រចនា​ប្លង់​ដោយ​ស្ថាបត្យករ លោក Carlos Zapata ដែល​គ្រោង​សាងសង់​នៅ​ទីតាំង ស្ថិតនៅ​ផ្នែក​ខាងជើង​នៃ​ឧទ្យាន La Carolina។

លោក Carlos Zapata បាន​រចនា​អគារ​នេះ បាន​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​មួយ​ក្នុងចំណោម​ទីក្រុង​នានា​របស់​ប្រទេស​អេ​ក្វា​ឌ័​រ ។ អគារ​នេះ​មាន២៤ជាន់ មាន​ទាំង​អាង​ហែល​ទឹក​រួម និង​កន្លែង​លំហែកាយ​ក៏ដូចជា​សួន​ដ​ឆើតឆាយ។ អគារ​ថ្មី​ត្រូវ​នេះ បាន​បង្កើតឡើង ដើម្បី​បើកចំហ​ជើងមេឃ​របស់​ទីក្រុង Quito និង គយគន់​ទេសភាព​ពីលើ​ភ្នំ Andes ។

អគារ​នេះ មាន​លក្ខណៈ​ប្លែក​ខុសពី​គេ ហើយ​មាន​អា​ផាត​ម៉ិ​ន​ចំនួន៩៩យូ​នី​ត ដែលមាន​ជញ្ជាំង​បំពាក់​កញ្ចក់ និង​អាលុយមីញ៉ូម​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ពន្លឺ និង​ភាព​ឯកជន​នៅក្នុង​អា​ផាត​មិន។

លោក Carlos Zapata បានឱ្យដឹងថា “ ក្នុងនាម​ជា​អគារ​លំនៅដ្ឋាន​ដំបូងបង្អស់​នៅ​ប្រទេស​អេ​ក្វា​ឌ័​រ នឹងត្រូវ​សាងសង់​ន​ក្នុង​ទីក្រុង Quito ក្បែរ​ជ្រលង​ភ្នំ​ព័ទ្ធជុំវិញ និង​ជា​កន្លែង​ដែល​មមាញឹក​នៃ​ការធ្វើដំណើរ ព្រម​ជាមួយនឹង​តំបន់​បៃតង” ។ លោក​បន្តថា “អគារ​នេះ​នឹង​ក្លាយជា​តំណាង​របស់​ទីក្រុង  និង​ក្រសោប​យក​តំបន់​ជុំវិញ និង​សហគមន៍​ប្រកបដោយ​ថាមពល” ។

អគារ​នេះ​រចនា​ប្លង់​ឡើង មាន​លក្ខណៈពិសេសប្លែកៗជាច្រើន រួមទាំង​អាង​ហែល​ទឹក​នៅ​ខាងក្រោម និង​អាង​ហែល​ទឹក​នៅលើ​ដំបូល បន្ទប់​ហាត់ប្រាណ ដែលមាន​ស្ទូ​ឌី​យោ​វិល ស្ប៉ា សូ​ណា បន្ទប់​ចំហុយ និង​បន្ទប់​ម៉ាស្សា។ ក្រៅពីនេះ​ក៏​កន្លែង​កំសាន្ត និង​កន្លែង​សាច់​អាំង​សាច់ កន្លែង​លេង​ហ្គេម និង​កន្លែង​សម្រាប់​កុមារ​លេង កន្លែង​មើល​កុន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក៏ដូចជា​កន្លែង​ទទួលភ្ញៀវ៕

សំណង់​ប្រកប​អាជីវកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​កែប​មិនមាន​ច្បាប់​អាច​ប្រឈមនឹង​ការផ្អាក​អាជីវកម្ម

ដោយ ហ្សូ​លី

កែបៈ មន្ទីរ​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់​ខេត្ត​កែប នឹង​ចាប់ផ្តើម​ចាត់វិធានការ​តឹងរឹង​ទៅលើ សំណង់​សម្រាប់​អាជីវកម្ម​ទេសចរណ៍ ដែល​សាងសង់​គ្មាន​ច្បាប់​ត្រូវគោរព​ច្បាប់​ឲ្យ​បាន​គ្រប់គ្នា។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ គណៈកម្មការ​រដ្ឋបាល​ពិនិត្យ ពិភាក្សា​លើ​លទ្ធផល​នៃ​ការវាស់វែង​ដីធ្លី​ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ នៅ​ភូមិ​កោះ​សោម ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​រសៀល​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក ដោយបាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ជាពិសេស​អាជ្ញាធរ​ក្រុង-ស្រុក ត្រូវ​ចុះ​ត្រួតពិនិត្យ​ឡើងវិញ​នៅផ្ទះ​សំណាក់ សណ្ឋាគារ បឹង​កា​ឡូ មិនមាន​ច្បាប់​នានា ដែល​កំពុង​ធ្វើ​អាជីវកម្ម ដោយ​ត្រូវ​ជូនដំណឹង​ឲ្យ​ម្ចាស់​សំណង់​បានដឹងថា បើ​នៅ​រឹងទទឹង​មិន​គោរព​តាមច្បាប់ នឹងត្រូវ​ផ្អាក​អាជីវកម្ម​តែម្តង។

លោក​បញ្ជាក់ថា “បច្ចុប្បន្ននេះ​ផ្ទះសំណាក់ សណ្ឋាគារ​មាន​រាប់រយ​កន្លែង យើង​មិនអាច​ចាំបាន​អស់នោះ​ទេ ដូចនេះ​ការជំរុញ​ឲ្យ​ពួកគាត់ គោរព​តាមច្បាប់​ទម្លាប់​នានា គឺ​ផ្តល់​ភាពងាយស្រួល​សម្រាប់​អាជ្ញាធរ​ក្នុងការ​គ្រប់គ្រង” ។

អភិបាលខេត្ត​រូបនេះ​បន្តថា លោក​មិន​តឹងតែង​ទេ ចំពោះ​អ្នក​ដែល​ចង់​មក​អភិវឌ្ឍន៍ តែ​ត្រូវមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ និង​ធ្វើ​ដោយ​ប្រាកដប្រជា។ លោក​ថា លោក​ក៏​មិន​ចង់ទុក​ឲ្យ​ទីតាំង​មួយ​នៅ​ទំនេរ ដោយ​មិន​ផ្តល់​ផល​អី​សោះ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​នោះទេ។ ដូចនេះ​ត្រូវ​ចាត់ចែង​អភិវឌ្ឍន៍ ដោយ​ប្រៀបធៀប​សេដ្ឋកិច្ច ជីវភាព​ប្រជាជន ចំពោះ​ទីតាំង​ដែល​ត្រូវ​អភិវឌ្ឍន៍ តើ​ផ្តល់​ផល​អ្វីខ្លះ​ឲ្យ​ពលរដ្ឋ បើ​យើង​ទុក​កន្លែង​នោះ​ឲ្យ​នៅ​ទំនេរ។

លោក​បាន​លើក​ឧទាហរណ៍ ករណី​រំលោភ​យក​ដី​គម្រប​ព្រៃឈើ សហគមន៍​អ្នកតា​ឈរ នៅ​តំបន់ភ្នំ​វ​ល្លិ៍ ហើយ​សង់​បឹង​កា​ឡូ​នៅលើ​នោះ ដោយ​លោក​អភិបាលខេត្ត បានដាក់​ជា​សំណួរ​ថា ពេលនេះ​អង្ករ​ក្លាយទៅជា​បាយ​ទៅហើយ តើ​ត្រូវ​វាយកម្ទេច​ចោល ឬ​យ៉ាងណា?

លោក​អភិបាលខេត្ត​កែប ចោទ​សួរថា “តើ​យើង​ចង់បាន​ការអភិវឌ្ឍរ​ក្សា អភិរក្ស​ឬក៏​អភិរក្ស​គាំទ្រ​នូវ​ការអភិវឌ្ឍ?” ៕

ក្រសួងទេសចរណ៍៖ ប៉ូល​ទេសចរណ៍ធំ៦ត្រូវបាន​កំណត់​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី

ដោយ​វុត្ថា

ភ្នំពេញៈ ផែនការ​អភិវឌ្ឍ​ប៉ូល​ទេសចរណ៍ធំៗចំនួន៦ ត្រូវបាន​គណៈកម្មការ​អន្តរក្រសួង​ជ្រើសរើស​កំណត់ និង​ដាក់បញ្ចូល​ក្នុង​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ឆ្នាំ២០២០-២០៣៥ ខណៈ​តំបន់​ប៉ូល​ទេសចរណ៍​ទាំងនេះ មាន​ទីតាំង​ភូមិសាស្ត្រ និង​សក្ដានុពលសំខាន់ផ្សេងៗគ្នា។

លោ​ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​លើក​ទី៣ នៃ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទី​ស្ដី​ក្រសួងទេសចរណ៍។

លោក​បន្តថា ក្នុង​កិច្ចប្រជុំ​ខាងលើនេះ​អង្គប្រជុំ​បាន​ពិគ្រោះ និង​លើកឡើង​យោបល់​ជាច្រើន ដើម្បី​ជា​ធាតុ​ចូល​បន្ថែម​ពាក់ព័ន្ធ នឹង​វិស័យ​ទឹកស្អាត អគ្គស​នី កសិកម្ម រ៉ែ និង​ថាមពល អគ្គិសនី ដែនដី អាកាសយានដ្ឋាន សហគ្រាស​ធន​តូច និង​មធ្យម ហេ​ដ្ឋា​រចនា​សម្ពន្ធ ការរៀបចំ​នូវ​នវានុវត្តន៍ អាកាសធាតុ សោភ័ណភាព​វាលស្មៅ និង​ព្រៃព្រឹក្សា ទីក្រុង​វៃឆ្លាត​ជាដើម ដើម្បីឱ្យ​គោលដៅ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក្លាយទៅជា​គោលដៅ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ដើម្បី​ឱ្យមាន​លក្ខ​ណៈស​ង្គ​ត​ភាព។

លោ​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការបំពេញ​នូវ​ធាតុ​ចូល​ទាំងនេះ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ខេត្តមណ្ឌលគិរី ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ នឹង​កើនឡើង​ប្រមាណ៩០ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ​ជាង២លាន​នាក់​ផងដែរ​នៅ​ឆ្នាំ២០៣៥ ជាមួយនឹង​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ថ្មីៗស្របតាម​ស្មារតី​នៃ​ផែនការ​មេនេះ។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា “នៅក្នុង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ បាន​បែងចែក​ប៉ូល​ទេសចរណ៍ធំៗចំនួន៥ ទៅតាម​ទីតាំង​ភូមិសាស្ត្រ និង​សក្ដានុពល​ផ្សេងគ្នា” ។

ទីតាំង​ទាំងនោះ​រូ​ម​មានដូចជា

*តំបន់​អេកូ​ទេសចរណ៍​ក្នុង​ដែនជម្រកសត្វព្រៃៈ ដោយសារ​នៅក្នុង​ខេត្តមណ្ឌលគិរី​មាន​ដែនជម្រកសត្វព្រៃ​ចំនួន៥ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន និង​ពោរពេញ​ដោយ​សក្ដានុពល​ក្នុង​វិស័យ​អេកូ​ទេសចរណ៍។

*តំបន់​របៀង​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​ជនជាតិដើម​ភាគ​តិ​ចៈ ដែល​ប៉ូល​ទេសចរណ៍​ទី​ពីរ​នេះ នឹងត្រូវ​ភ្ជាប់​ពី​តំបន់​ប៊ូ​ស្រា​ទៅកាន់​តំបន់​ដាក់​ដាំ។

* តំបន់​ក្រុង​សែន​មនោរ​ម្យៈ នឹង​អភិវឌ្ឍ​ក្រុង​នេះ​ទៅជា​តំបន់ អភិវឌ្ឍន៍​ពហុ​បំណង ដែលមាន​សកម្មភាព​ក​ម្សា​ន្តផ្សេងៗមាន​លក្ខណៈ​សម្បូរបែប។

*តំបន់​ប្រជុំជន​ស្រុក​កោះ​ញែកៈ មាន​សក្ដានុពល​ជា​តំបន់​ក​សិ​ទេសចរណ៍ ពិសេស​អាច​រៀបចំ​ជា​ចំណត​យន្តហោះ​លើទឹក (Water Plan) នៅ​ទន្លេស្រែពក​នៃ​ស្រុក​កោះ​ញែក។ ថ្វី​ដ្បិត​ទន្លេស្រែពក មិន​អំណោយផល​ដល់​ការធ្វើ​នាវាចរ​ទេសចរណ៍ ឬ​ដឹកជញ្ជូន​មិនបាន​ក៏ពិតមែន (ដោយសារ​សម្បូរ​ថ្ម​ប៉ប្រះ​ទឹក) តែ​គេ​អាច​រៀបចំ​ជា​ចំណត​យន្ត​លើទឹក​ដូច​បណ្ដា​ប្រទេស​មួយចំនួន ដែល​ឱ្យ​យន្តហោះ​ហោះហើរ​មកកាន់​តំបន់​បឹង​ទន្លេសាប ឬ​ទៅកាន់​កោះរ៉ុង​បាន​ទៀតផង។

* តំបន់​អាកាសយានដ្ឋាន​មណ្ឌលគិរី នៅ​ស្រុក​អូររាំង៖ ដែល​នឹងត្រូវ​អភិវឌ្ឍ​ជាទី​ក្រុង​រណប​នៃ​ក្រុង​សែន​មនោ​រម្យ។

* តំបន់ស​មា​ហណកម្ម​ច្រកទ្វារព្រំដែនៈ នៅ​ខេត្តមណ្ឌលគិរី​មាន​ច្រកទ្វារព្រំដែន​ទ្វេភាគី​ជាមួយ​វៀតណាម​ចំនួន៤កន្លែង ដែល​អាច​ជំរុញឱ្យមាន​សកម្មភាព​អភិវឌ្ឍន៍ និង​ទេសចរណ៍​នៅតាម​ច្រកព្រំដែន​នេះ។

លោក​ថោង ខុន បាន​បន្តថា ក្រោយ​ទទួលបាន​ការផ្ដល់​យោបល់​ខាងលើ​នេះហើយ ក្រុមការងារ​ជំនាញ នឹង​សរសេរ​បន្ថែម​នូវ​ធាតុ​ចូលសំខាន់ៗមួយចំនួនទៀត ពី​អន្តរក្រសួង-ស្ថាប័ន ដើម្បី​រៀបចំ​ជា​សេចក្ដីព្រាង​ចុងក្រោយ នឹង​បន្ត​ដាក់ជូន​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ថ្នាក់ជាតិ​នៅ​ចុងខែ​ធ្នូ ឆ្នាំ២០២០ ។ បន្ទាប់ពី​បាន​ឯកភាព​ពី​គណៈកម្មការ​នេះហើយ នឹង​បន្ត​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នៅ​ដើមឆ្នាំ២០២១ខាងមុខ​តែម្ដង៕