ដោយៈ រ៉ាណេត
ភ្នំពេញៈ វិស័យសំណង់ និងគម្រោងសាងសង់អគារពាណិជ្ជកម្មធំៗ ដែលកំពុងទទួលរងនូវផលប៉ះពាល់ ដោយសារតែវិបត្តិជំងឺកូវីដនាពេលបច្ចុប្បន្ន អាចត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញបាន គឺអាស្រ័យទៅលើកត្តាសេដ្ឋកិច្ចនៅកម្ពុជាទាំងស្រុង ថាតើអាចស្រោចស្រង់សេដ្ឋកិច្ច ឱ្យមានភាពល្អប្រសើរឡើងវិញបាននៅពេលណា។

-->
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា នៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេបែងចែកប្រភេទ និងផ្នែកផ្សេងៗពីគ្នា ហើយផ្នែកនីមួយៗ ក៏ទទួលរងនូវផលប៉ះពាល់មិនដូចគ្នានោះដែរ។
លោកបន្តថា “វាមានផ្នែកផ្សេងៗពីគ្នា ហើយការទទួលរងនូវផលប៉ះពាល់ក៏មានកម្រិតខុសគ្នាដែរ។ មានផ្នែកខ្លះប៉ះពាល់ខ្លាំង ដែលត្រូវចំណាយពេលយូរ ទម្រាំអាចមានភាពល្អប្រសើរឡើងវិញបាន ហើយផ្នែកដទៃទៀតប៉ះពាល់តិចតួច និងអាចមានលទ្ធភាពវិលទៅរកភាពល្អប្រសើរឡើងវិញក្នុងរយៈពេលខ្លី” ។
លោកឡុង គឹមសួគ៌ បានបន្តថា ទីផ្សារដីធ្លីក្នុងទ្រង់ទ្រាយតូច ឬសម្រាប់សាងសង់លំនៅដ្ឋាន និងសម្រាប់ការអភិវឌ្ឍន៍ក្នុងរូបភាពអាជីវកម្មតូចៗ វាស្រដៀងគ្នាទៅនឹងទីផ្សារលំនៅដ្ឋានផ្ទាល់ដី ដែលមានតម្លៃសមរម្យដែរ ដែលមិនសូវប៉ះពាល់ធ្ងន់ធ្ងរនោះទេ ។ព្រោះវាមានតម្រូវការជាក់ស្ដែងច្រើនពីអ្នកក្នុងស្រុក ដូច្នេះទោះជាគ្មានអ្នកវិនិយោគដែលជាជនជាតិបរទេសចូលមកកម្ពុជា ក៏ទីផ្សារទាំង២ផ្នែកនេះ អាចបន្តដំណើរការបានរលូន សំខាន់ឱ្យតែសភាពការណ៍នាពេលបច្ចុប្បន្ន ត្រូវបានទប់ស្កាត់ និងមានភាពធូរស្រាល មនុស្សអាចចេញដើរច្រើនវិញ នោះទីផ្សារទិញលក់ក៏ដើរវិញដែរ។
ដោយឡែកពាក់ព័ន្ធការវិនិយោគ និងអភិវឌ្ឍន៍ទៅលើគម្រោងធំៗ ដែលមានទុនរាប់លានដុល្លារ អាចដំណើរការល្អ្រសើរឡើងវិញ បាននៅពេលណានោះ ត្រូវបានអ្នកជំនាញរូបនេះបញ្ជាក់ថា នៅមិនទាន់អាចសន្មត់ច្បាស់បាននោះទេថា វានឹងល្អប្រសើរនៅពេលណាឱ្យប្រាកដ បើទោះជាកម្ពុជានាំយកវ៉ាក់សាំង មកចាក់ជូនប្រជាជនកម្ពុជាឥតគិតថ្លៃក្នុងដំណាក់កាលដំបូងនាពេលនេះក៏ដោយ ព្រោះគម្រោងវិនិយោគធំៗ ដែលមានតម្លៃរាប់សិបលានដុល្លារ ច្រើនតែជាការវិនិយោគរបស់ក្រុមហ៊ុនបរទេស ដូច្នេះខណៈពេលនៅតាមប្រទេសមួយចំនួនធំ ហាក់មិនទាន់មានភាពធូរស្រាលនៅឡើយនោះទេ។
លោក ឡុង គឹមសួគ៌ បានបញ្ជាក់ថា “ទោះជានៅក្នុងប្រទេសយើង អាចបញ្ចប់ការឆ្លងរាលដាល ហើយនៅតាមបណ្តាប្រទេសនានា ចាប់ផ្ដើមប្រើប្រាស់វ៉ាក់សាំងនៅឆ្នាំ២០២១ក៏ដោយ ក៏មិនអាចជំរុញឱ្យអ្នកវិនិយោគអន្តរជាតិ នៅតាមប្រទេសទាំងនោះចូលមកវិនិយោគនៅកម្ពុជាភ្លាមៗនោះដែរ” ។
លោកបន្តថា ពួកគេក៏ត្រូវការពេលវេលាមួយ សម្រាប់ស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ បន្ទាប់ពីជួបវិបត្តិអស់រយៈពេលជាង១ឆ្នាំកន្លងទៅនេះ។ ឥឡូវយើងមើលត្រឹមតែនៅក្នុងប្រទេសកម្ពុជា មានអ្នករកស៊ី និងអ្នកវិនិយោគច្រើនណាស់ដែលជួបបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយសារតែការយាយីពីវិបត្តិជាសាកលនេះ។ ដូច្នេះអ្នកវិនិយោគទាំងនោះក៏ដូចគ្នា ធំខាតបង់ធំ តូចខាតបង់តិច ចឹងពួកគេក៏ត្រូវការពេលវេលាដែរ។
លោកបន្តថា “ខ្ញុំគិតថាគម្រោងវិនិយោគលើសំណង់អគារធំៗ ដែលមានតម្លៃរាបលានដុល្លារនៅកម្ពុជា អាចមានសន្ទុះឡើងវិញ យ៉ាងហោចណាស់២-៣ឆ្នាំទៀត ខណៈដែលសេដ្ឋកិច្ចសាកលចាប់ផ្តើមមានភាពរឹងមាំឡើងវិញ” ។
ជាមួយគ្នានេះ អ្នកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងដស្រដៀងគ្នាថា បណ្តាអ្នកវិនិយោគធំៗ ពួកគេមិនទាន់បានរៀបចំខ្លួនរួចរាល់សម្រាប់ចេញវិនិយោគនៅបរទេស ក៏ដូចជានៅប្រទេសកម្ពុជាផងដែរ ដោយសារស្ថានភាពជំងឺកូវីដ១៩ មិនទាន់មានភាពប្រាកដប្រជា ពិសេសប្រសិទ្ឋភាពនៃវ៉ាក់សាំងកូវីដ។
អ្នកស្រីបន្តថា “បញ្ហាសុវត្ថិភាពរបស់ពួកគេជារឿងចម្បង ដែលអ្នកវិនិយោគធំៗតែងគិតគូរជាចម្បង ហេតុនេះការមកដល់របស់អ្នកវិនិយោគបរទេសធំៗ ត្រូវការពេលវេលាច្រើនបន្ថែមទៀត” ៕