ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនថាការទោះជាប្រកបមុខជំនួញប្រភេទណានោះទេ មុនពេលចាប់ផ្តើមដំណើរអាជីវកម្ម ក្រៅពីមានដើមទុនបម្រុង ដែលជាចំណុចមួយក្នុងចំណោមទាំង៤ រួចរាល់ហើយនោះ អ្នកចាំបាច់ត្រូវតែមានចំណុចសំខាន់ៗទាំង៣បន្ថែមទៀត ហើយត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវ ទើបអាជីវកម្មរបស់អ្នកមិនជួបហានីភ័យ។
ផ្អែកតាមការបង្ហាញនៅក្នុងកំណត់ត្រា ពីវិធីអាជីវកម្មឈានមុខ ដែលលើកឡើងពីបទពិសោធន៍របស់សហគ្រិន បង្កើតអាជីវកម្មខ្នាតតូច និងមធ្យម និងទទួលបានជោគជ័យ បានបញ្ជាក់ពីចំណុចសំខាន់ៗ ដែលជាគោលការណ៍ក្នុងការដំណើរការអាជីវកម្ម ដើម្បីបញ្ចៀសនូវរាល់ហានិភ័យផ្សេងៗ ក្រោមការប្រកួតប្រជែងពីសំណាក់ដៃគូ នៅលើទីផ្សារ។
តើអ្វីជាចំណុចសំខាន់ៗ ដែលធ្វើជាសរសរស្តម្ភទាំង៤?
១.ដើមទុន
តាមធម្មតាការធ្វើអាជីវកម្ម អាចទទួលបានជោគជ័យ ឬជួបនឹងហានិភ័យគឺដើរទន្ទឹមគ្នា។ ដូច្នេះដើម្បីឱ្យប្រាកដថា អាជីវកម្ម អាចដំណើរការទៅមុខបានដោយរលូន លុះត្រាតែអ្នកជំនួញមានថវិកាគ្រប់គ្រាន់ សម្រាប់រៀបចំដំណើរការក្រុមហ៊ុន និងមានថវិកាបម្រុងមួយចំនួន នៅពេលដែលក្រុមហ៊ុនមានតម្រូវការចាំបាច់ ឬបន្ទាន់ណាមួយ។
២.ពេលវេលា
អ្នកជំនួញត្រូវចេះមើលឱកាស និងពេលវេលាស័ក្ដិសម សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។ ថ្វីត្បិតថាអាជីវកម្មប្រភេទខ្លះ មានច្រើននៅលើទីផ្សារួចហើយ ប៉ុន្តែយើងនៅតែអាចមើលឃើញឱកាស ដើម្បីបញ្ជ្រៀតផលិតផលរបស់ខ្លួន ចូលក្នុងទីផ្សារបាន។ ការប្រកួតប្រជែងត្រូវបានធ្វើឡើងទាំងតម្លៃ និងគុណភាព ធ្វើយ៉ាងណាទទួលបានការគាំទ្រពីអតិថិជន។
អ្នកជំនួញវ័យឆ្លាត មិនមែនគិតតែពីការយកពេលវេលា និងចំណាយដើមទុនទៅប្រជែងជាមួយគេនោះទេ តែត្រូវទុកឱកាសស្វែងរកយុទ្ឋសាស្ត្រល្អៗ ដើម្បីពង្រឹងគុណភាពផលិតផលដើម្បីអាជីវកម្មរបស់ខ្លួន។
៣.ជំនាញ
ចង់ធ្វើអាជីវកម្មអ្វីមួយត្រូវប្រាកដថា ខ្លួនឯងមានជំនាញច្បាស់លាស់ ទើបអាជីវកម្មដំណើរទៅមុខដោយរលូន បើគ្មានជំនាញរវល់តែរឿងស្វែងរកឱ្យគេជួយ វាអាចនឹងមិនមានលទ្ធផល ឬអាចអូសទាញអាជីវកម្មបស់អ្នក ឱ្យធ្លាក់ដាំក្បាលចុះក៏អាចថាបាន។ ដូច្នេះអ្នកត្រូវតែមានជំនាញ ដែលពាក់ព័ន្ធធ្វើជាបង្អែក មិនថាជំនាញអ្នកគ្រប់គ្រង ឬជំនាញដែលប្រភេទអាជីវកម្មនោះទេ។
ប៉ុន្តែ ទោះជាអ្នកមានជំនាញផ្ទាល់ខ្លួន អ្នកក៏ត្រូវរកអ្នកជំនាញមកធ្វើការជាមួយនោះដែរ ដើម្បីជាជំនួយការដល់ការងាររបស់ខ្លួន។ បន្ថែមពីនេះ អ្នកក៏ត្រូវដាក់មនុស្សឱ្យធ្វើការទៅតាមជំនាញ និងសមត្ថភាពរបស់ពួកគេផងដែរ ទើបសង្វាក់ផលិតកម្មក្រុមហ៊ុនដំណើរការទៅមុខបានលឿន។
៤.ការសម្រេចចិត្ត
មុននឹងសម្រេចចិត្តបើកអាជីវកម្ម ត្រូវតែប្រាកដក្នុងចិត្តឱ្យច្បាស់លាស់ ពិសេសស្វែងរកមិត្តភក្ត្រ ឬអ្នកជំនាញ ធ្វើការប្រឹក្សាយោបល់លើមុខជំនូញ ដើម្បីប្រាកដថាអាជីវកម្មដែលចង់រកស៊ី អាចដំណើរការទៅបានដោយរលូន។ នៅពេលដែលមានការប្រឹក្សាយោបល់ច្បាស់លាស់ហើយ យើងត្រូវពិនិត្យពេលវេលាបន្ថែមទៀត បើគិតថាពេលវេលាមកដល់ហើយ ឱកាសបានហុចមកឱ្យហើយ គួរចាប់ឱ្យជាប់ ដើម្បីយកឱកាសទាំងនោះមកធ្វើជាប្រយោជន៍ ធ្វើជាមាសពេជ្រសម្រាប់ក្រុមហ៊ុនឱ្យបាន៕