ដោយៈ គង់ សូរិយា
ភ្នំពេញៈសមាគមសណ្ឋាគារកម្ពុជា (CHA) សាខាខេត្ដសៀមរាប បង្កើតយុទ្ធនាការ «អង្គរមួយ ជីវិតមួយដង» ឬក៏ #AngkorLikeNeverBefore និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា មកកម្សាន្ដក្នុងខេត្ដសៀមរាប។
លោកដេវីដ ចាយ៉ាពីយ៉តធ៍ ប្រធាន (CHA) សាខាខេត្ដសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា នេះជាយុទ្ធនាការដែលត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីឱកាសដំណើរកម្សាន្ដបែបធម្មជាតិអំឡុងពេលជួបវិបត្ដិកូវីដ។ វីដេអូឃ្លីបរយៈពេល៣០វិនាទី បង្ហាញពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅខេត្តសៀមរាប ដោយចាប់ផ្ដើមពីនារីម្នាក់លម្ហែ ក្នុងបរិវេណប្រាសាទយ៉ាងស្ងប់សុខ បន្ដទៅទិដ្ឋភាពលើខ្នងភ្នំគូលែន របាំប្រពៃណី ការសម្ដែងសៀក ស្នាដៃសិប្បកម្ម ភូមិឋាន វាលស្រែ បឹងទន្លេសាប មុនពេលបញ្ចប់ត្រឹមស្នាមញញឹមរបស់ពលរដ្ឋខ្មែរ។
វីដេអូត្រូវបានផលិតបំណងផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមអំពីបទពិសោធដ៏វិសេសក្នុងកាលវេលាដែលអង្គរវត្ដគ្មានភាពអ៊ូអរ។
លោកដេវីដ ជាអ្នកគ្រប់គ្រងសម្ព័ន្ធសណ្ឋាគារភូមិអង្គរ និងសហស្ថាបនិក Kulen Elephant Forest បានបន្តថា សៀមរាបសម្បូរសកម្មភាពកម្សាន្ដជាច្រើន និងតែងតែទទួលភ្ញៀវទេសចរយ៉ាងច្រើន។ វាធ្វើឱ្យពួកគេទទួលបានភាពរីករាយ។
លោកដេវីដ ជាកូនកាត់ខ្មែរ- បារាំង ដែលក្រុមគ្រួសារបានធ្វើការវិនិយោគ លើវិស័យបដិសណ្ឋារកិច្ចតាំងពីឆ្នាំ១៩៩៣ ដែលជាផលិតករសណ្ឋាគារដំបូងបំផុតមួយ នៅសៀមរាប។
យុវជនដែលក្លាយជាប្រធានសមាគមសាខាសៀមរាប ក្នុងឆ្នាំ២០២០នេះបានឱ្យដឹងថា “សៀមរាប និងវិស័យទេសចរណ៍ក្លាយជាជីវិតរបស់យើង និងជាអ្វីដែលខ្ញុំយកចិត្ដទុកដាក់បំផុត។ បច្ចុប្បន្ននេះជាឱកាសដ៏មានកំណត់ក្នុងការរីករាយនូវសកម្មភាពដ៏ស្ងប់សុខ”។
ជាផ្នែកសំខាន់មួយនៃបណ្ដាញសង្គម និងអនុញ្ញាតឱ្យមនុស្សជុំវិញពិភពលោកមើលឃើញ និងទាក់ទងគ្នាតាមរយៈប្រធានបទនានា។
លោក ដេវីដ ដែលអាចនិយាយភាសាខ្មែរបានយ៉ាងល្អ បានពន្យល់ប្រាប់អំពីឥទ្ធិពលនៃសញ្ញាហាសថេក #OpenInSiemReap ដែលជូនដំណឹងថា សៀមរាបនៅតែបើកដំណើរការជំនួញក្រោយពីធ្លាក់ចុះចំនួនភ្ញៀវយ៉ាងច្រើន។
លោកនិយាយថា យុទ្ធនាការ «អង្គរមួយ ជីវិតមួយដង» ឬ #AngkorLikeNeverBefore បានផ្ដល់ឱកាសដ៏វិសេសសម្រាប់ទេសចរក្នុងស្រុក”។
សហស្ថាបនិកជំរំដំរីអាយុ២៤ឆ្នាំរូបនេះ បាននិយាយទៀតថា “នេះជាឱកាសតែម្ដងគត់ក្នុងមួយជីវិតរបស់អ្នក ដែលអាចមកទស្សនាប្រាសាទទាំងអស់ ក្នុងភាពស្ងប់ស្ងាត់ បើគ្មានមនុស្សទេនោះ ប្រាសាទនឹងទទួលបានមន្ដអាគមម្យ៉ាង ដែលគេមិនអាចពន្យល់បាន”។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កាលកុមារភាព ការទស្សនាប្រាង្គប្រាសាទអង្គរវត្ដ មានលក្ខណៈខុសប្លែក ពីអំឡុងពេលសម្បូរភ្ញៀវមុនវិបត្ដិកូវីដ។ ប្រាសាទមិនសូវមានមនុស្សអ៊ូអរ ហើយអ្នកអាចស្ដាប់ឮសំឡេងធម្មជាតិ។
លោកនិយាយថា ភ្ញៀវអាចទទួលបាននូវបទពិសោធន៍ ស្រស់ស្រាយពីធម្មជាតិ។ ដោយធ្លាប់តែមានវត្ដមានភ្ញៀវច្រើនសន្ធឹក ដែលបានកែប្រែទីឋានធម្មជាតិ វាជាឱកាសដ៏វិសេសដែលភ្ញៀវទេសចរ បានរីករាយជាមួយនឹងសម្រស់ប្រាសាទ បែបធម្មជាតិពិតៗនាពេលនេះ។
សមាគមសណ្ឋាគារកម្ពុជា CHA បានបង្កើតយុទ្ធនាការនេះឡើង និងបានសហការជាមួយនឹងសៀករបស់អង្គការហ្វា និងក្រុមហ៊ុន Grasshopper Adventures ដើម្បីធ្វើការផ្សព្វផ្សាយវីដេអូរយៈពេល៣០វិនាទីនោះនៅជុំវិញពិភពលោក។
លោកដេវីដ បានបន្ដថា “យើងអាចសង្ឃឹមថា គំនិតផ្ដួចផ្ដើមនេះនឹងទាក់ទាញអ្នកដែលចាប់អារម្មណ៍ នឹងគោលដៅទេសចរណ៍លំដាប់ពិភពលោក ក្នុងសភាពស្ងប់ស្ងាត់”។ លោកបន្តថា “ក្នុងនាមជាអ្នកប្រកបអាជីវកម្មសណ្ឋាគារ យើងមិនខ្វះសកម្មភាពកម្សាន្ដ និងរង់ចាំស្វាគមន៍វត្ដមានភ្ញៀវជានិច្ច”។
ក្នុងអំឡុងពេលពិភពលោក កំពុងតែប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ លោក ដេវីដ ដែលបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកបង្កើតគម្រោងជំរំដំរី ក្នុងឆ្នាំ ២០១៧ បាននិយាយថា ទេសចរណ៍នៅសៀមរាប មិនខុសអំពីគោលដៅទេសចរណ៍លំដាប់ពិភពលោកដទៃទៀត នឹងចាប់ផ្ដើមងើបឡើងវិញព្រមៗគ្នា។
លោកនិយាយថា “យើងមិនដឹងពីពេលវេលាច្បាស់ទេ តែយើងអាចសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងទូទាំងពិភពលោក និងការគ្រប់គ្រងជំងឺឆ្លងរបស់កម្ពុជាបានយ៉ាងល្អនេះ នឹងជួយឱ្យយើងមើលឃើញនូវលទ្ធផលក្នុងពេលឆាប់ៗខាងមុខ”។
សមាគមសណ្ឋាគារកម្ពុជា បង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលមានតួនាទីផ្សព្វផ្សាយគោលដៅទេសចរណ៍ព្រះរាជាណាចក្រកម្ពុជាលំដាប់ពិភពលោក។ បច្ចុប្បន្នសមាគមមានសមាជិក១១៥ ដែល៣៧សមាជិក ស្ថិតក្នុងខេត្ដសៀមរាប៕