តម្លៃដីនៅតំបន់ឆ្នេរខេត្តកោះកុង កំពុងបន្តកើនឡើង

ដោយ ៖ រ៉ាណេត

កោះកុង ៖ ខុសប្លែកពីទីផ្សារដីធ្លីនៅតាមបណ្តាខេត្តមួយចំនួនកំពុងស្ថិតនៅក្នុងសភាពទ្រឹងនោះ សម្រាប់តែខេត្តកោះកុង ជាពិសេសតំបន់ឆ្នេរត្រូវបានប្រតិបត្តិករនៅក្នុងវិស័យនេះអះអាងថា កំពុងតែបន្តឡើងថ្លៃជាបន្តបន្ទាប់ ដែលយ៉ាងហោចណាស់ក្នុងមួយឡូតិ៍មានតម្លៃចាប់ពី១ម៉ឺនដុល្លារឡើងទៅ។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Vibol Realty លោក សេង វិបុល ដែលកំពុងកាន់គម្រោងដីឡូតិ៍ជាច្រើនទីតាំងនៅក្នុងខេត្តកោះកុង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា ការពុះដីឡូតិ៍នៅក្នុងខេត្តកោះកុងទើបតែចាប់ផ្តើមមានសកម្មភាពក្នុងរយៈពេលប្រមាណ ២-៣ ចុងក្រោយនេះតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “ដីឡូតិ៍នៅក្នុងខេត្តកោះកុងត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគនានាធ្វើការពុះឡូតិ៍លក់ក្នុងទ្រង់ទ្រាយផ្សេងៗពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ និងទីតាំង ដូចជាដីស្ថិតនៅតំបន់ឆ្នេរ ដីនៅតំបន់ជិតជើងភ្នំ ដីស្ថិតជិតមាត់ព្រែក និងដីដែលស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅស្រាប់”។

លោក សេង វិបុល បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនដីឡូតិ៍ដែលស្ថិតនៅតាមតំបន់ជិតជើងភ្នំ ឬជិតព្រែ្ ត្រូវបានអ្នកអភិវឌ្ឍន៍ពុះឡូតិ៍ដែលមានទំហំធំ ១០x២៥ម៉ែត្រ សម្រាប់សាងសង់ជាផ្ទះលំហែរកាយ និងត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណជាង១ម៉ឺនដុល្លារឡើងទៅ។ ដោយឡែកដីដែលស្ថិតនៅក្នែរតំបន់ឆ្នេរ ត្រូវបានអ្នកអភិវឌ្ឍន៍ពុះលក់ក្នុងទំហំ៥x២០ម៉ែត្រ លក់ក្នុងតម្លៃជាង១ម៉ឺនដុល្លារដូចគ្នា ហើយដីសម្រាប់សាងសង់លំនៅដ្ឋានស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅស្រាប់ក៏ត្រូវបានគេលក់តម្លៃចាប់ពីជាង១ម៉ឺនដុល្លារដូចគ្នា”។
ជាមួយនឹងការលើកឡើងពីតម្លៃដីខាងលើនេះ លោក សេង វិបុល បានបង្ហាញពីភាពជឿជាក់ថា នៅឆ្នាំបន្ទាប់តម្លៃដីនឹងបន្តឡើងខ្ពស់ជាងនេះ ជាពិសេសដីដែលស្ថិតនៅតំបន់ឆ្នេរ ខណៈពេលដែលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តកំពុងតែបន្តសកម្មភាពយ៉ាងមមាញឹក។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង លោក ហ៊ាង ប៊ុណ្ណា បានមានប្រសាសន៍ថា ទទួលស្គាល់ថាសកម្មភាពទិញ-លក់ដីនៅក្នុងខេត្តពិតជាមានភាពមមាញឹក ប៉ុន្តែភាគច្រើនជាប្រភេទដីតូចៗសម្រាប់សាងសង់លំនៅដ្ឋានតែប៉ុណ្ណោះ ដោយឡែកសម្រាប់ដីធំៗដែលទំហំគិតជាហិកតាឡើងទៅ ក្នុងរយៈពេលនេះហាក់មានភាពស្ងប់ស្ងាត់បន្តិច។

លោកបានបន្តឱ្យដឹងថា ភាគច្រើនពួកគាត់ដែលទិញដីទំហំតូចៗ គឺមានឯកសារទទួលស្គាល់ត្រឹមភូមិ ឃុំតែប៉ុណ្ណោះ ហើយសម្រាប់ម្ចាស់ដីដែលពុះជាឡូតិ៍មួយចំនួនក៏មិនទាន់រត់ការឯកសារច្បាប់មកកាន់មន្ទីរនោះដែរ។ សម្រាប់អ្នកដែលធ្វើអាជីវកម្មដីឡូតិ៍ក្នុងទ្រង់ទ្រាយធំ ត្រូវតែមានការរៀបចំឯកសារពាក់ព័ន្ធឱ្យត្រឹមត្រូវ ជៀសវាងកើតមានបញ្ហាទំនាស់ណាមួយកើតឡើងពាក់ព័ន្ធទៅនឹងការបញ្ជាក់ពីកម្មសិទ្ធិ៕

ក្រសួង​រៀបចំ​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ​នៅ​ចុងខែ​ធ្នូ​ខាងមុខនេះ ប្រសិន​បញ្ហា​កូ​វីដ​បញ្ចប់

ដោយ:គង់ ម៉ា​លីន​ណា

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៤ ដល់២៧ ខែធ្នូ​ខាងមុខនេះ​ក្រសួង​នឹង​បន្ត​រៀបចំ​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី៥ ដែល​នឹង​រៀបចំឡើង​នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម បាន​នៅ​រសៀល​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០កន្លងមក​បានឱ្យដឹង​ថា ការរៀបចំ​ព្រឹ​ត្ត​ការណ៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច គ្រប់​ប្រព័ន្ធ​រវាង​រាជធានី-ខេត្ត​ទូទាំងប្រទេស និង​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឡើងវិញ។

ក្រសួង​នឹង​ប្រមូល​កៀរគរ​ផលិតផល​ខ្មែរ ដែលមាន​គុណភាព​ខ្ពស់ សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ និង​មានការ​វេច​ខ្ចប់​បានល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម​ពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​មក​ដាក់តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​ទៅ​លក់​បន្ត។

សេចក្តីជូនដំណឹង​ដដែល​បាន​បន្តថា ក្នុងអំឡុងពេល​ពិធី​នោះដែរ ក្រសួង​នឹង​សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដោយ​អនុលោម​តាម​ស្តង់ដារ​សុខាភិបាល​ជាតិ៕

ចំណេះដឹង! អ្វី​ជា​សន្និធិ​គយ​បណ្តោះអាសន្ន និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់?

ដោយៈ​វុត្ថា

ភ្នំពេញៈ សន្និធិ​គយ​បណ្តោះអាសន្ន គឺ​សំដៅលើ​សន្និធិ​ទំនិញ ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​គយ នៅ​កន្លែង​ដែល​ទទួល​ការអនុញ្ញាត ដើម្បី​រង់ចាំ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ។

អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិ​ករ ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន ត្រូវ​សម្រេច​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ គឺជា​ទីកន្លែង​ដែល​ទំនិញ ត្រូវ​បានដាក់​សម្រាប់រ​យៈ​ពេល​ជាក់លាក់​មួយ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​គយ ដោយមាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់។ ការដាក់​ទំនិញ​ក្នុង​ភ​ណ្ឌា គារ​គយ​មាន​ដែន​កំណត់ ត្រូវបាន​ព្យួរ​ការបង់ពន្ធ អាករ និង​ការដាក់​កម្រិត​កំណត់​ដែល​ទំនិញ​ទាំងនោះ ត្រូវ​ជាប់។ ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​មាន​បី​ប្រភេទ៖

ក. ភណ្ឌាគារ​សាធារណៈ ដែល​ទទួល​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាចធ្វើ ប្រតិបត្តិការ ដោយ​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល ឬ ដោយ​បុគ្គល​ណាមួយ​បាន។ ភណ្ឌាគារ​នេះ​ត្រូវបាន ប្រើប្រាស់​សម្រាប់​ផ្តល់​សេវា ដល់​បុគ្គល​ទាំងឡាយ​ដែលមាន​សិទ្ធិ​ធ្វើ​សន្និធិ​ទំនិញ។

ខ. ភណ្ឌាគារ​ឯកជន ត្រូវ​បានផ្តល់​ការអនុញ្ញាត ដោយ​នាយក​ទីចាត់ការគយ និង​រដ្ឋាករ​ត្រូវបាន​ប្រើប្រាស់ ដោយឡែក ដោយ​បុគ្គល​ណា​ម្នាក់​សម្រាប់ធ្វើ​សន្និធិ​ទំនិញ ដើម្បី​ការប្រើប្រាស់​ដោយឡែក រាប់បញ្ចូល ទាំង​ប្រតិបត្តិ​ករ​អគារ​លក់ទំនិញ​រួច​ពន្ធ។

គ. ភណ្ឌាគារ​ពិសេស គឺជា​ភណ្ឌាគារ​ដែល​ទទួលបាន​សិទ្ធិ ពី​នាយក​ទីចាត់ការគយ​និង​រដ្ឋាករ សម្រាប់​ថែរក្សា​ប្រភេទ​ទំនិញ​គ្រោះថ្នាក់ ប៉ះពាល់​ដល់​គុណភាព​ទំនិញ​ដទៃទៀត ឬ​អាច​ត្រូវការ​ទីកន្លែង ពិសេស​សម្រាប់​រក្សា​ទំនិញ​ទាំងនោះ។

អាជ្ញាប័ណ្ណ សម្រាប់​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ត្រូវ​កំណត់​នូវ​ល័ក្ខខ័ណ្ឌ​សម្រាប់​ម្ចាស់​កម្មសិទ្ធិ និង​ប្រតិបត្តិ​ករ​រាប់បញ្ចូល​ទាំង​ទីតាំង សំណង់ គម្រោង​អគារ នីតិវិធី​សម្រាប់​ចាត់ចែង និង​គ្រប់គ្រង ។

ទំនិញ​អាច​រក្សាទុក​ក្នុង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ រហូតដល់​រយៈពេល​ពី​រ (២) ឆ្នាំ​គិតពី​ថ្ងៃ​ចុះ ។

ស្ថិតក្នុង​កាលៈទេសៈ​ជាក់ស្តែង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​អនុញ្ញាត​ឲ្យ​បង្កើត​ភណ្ឌាគារ ផលិតកម្ម​មាន​ដែន​កំណត់ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គយ​ក្នុង​គោលបំណង​កែច្នៃ និង​ផលិត​ទំនិញ។ ផលិតផល​ដែល​ដាក់​ចូលក្នុង​ភណ្ឌាគារ​ផលិតកម្ម​មាន​ដែន​កំណត់​ត្រូវ​ព្យួរ​ពន្ធ និង​អាករ​នាំចូល ។

ប្រតិបត្តិ​ការកែច្នៃ ឬ​ចំរាញ់​តេ​ល​សិលា​ឆៅ​ឬ​បី​ទី​ម​ខនិជ ដើម្បី​ទទួលបាន​ផលិតផល​តេ​ល​សិលា ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​របប​ភណ្ឌាគារ ផលិតកម្ម​មាន​ដែន​កំណត់​បាន៕

កោះរ៉ុង​សន្លឹម​នឹងមាន​អគ្គិសនី​ប្រើប្រាស់​ដើរ​ដោយ​ថាមពល​នាពេលខាងមុខឆាប់ៗ

ដោយៈ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​ចែកចាយ​ថាមពល​ពន្លឺព្រះអាទិត្យរ​បស់​បារាំង (DG) សហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Canopy Power Pte Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី សំរេច​បង្កើត​បណ្តាញ​អគ្គិសនី​ថាមពល​ពន្លឺព្រះអាទិត្យ និង​ស្តុក​ថាមពល​នៅ​កម្ពុជា។

យោងតាម​ការចុះផ្សាយ​បស់​គេហទំព័រ renewablesnow.com កាលពី​ថ្ងៃ​ចន្ទ​កន្លងមកនេះ​ឱ្យដឹងថា ក្រុមហ៊ុន (EPC) ជា​អ្នកម៉ៅការ​ផ្នែក​វិស្វកម្ម និង​សាងសង់ និង​ក្រុមហ៊ុន Canopy Power នឹង​ទទួលបន្ទុក​រចនា​ប្លង់ និង​សាងសង់​ឧទ្យាន​ពន្លឺព្រះអាទិត្យ (PV) ដែល​បំពាក់​ដោយ​ថាមពល១,២៥មេ​ហ្គា​វ៉ា​ត់ និង​ថាមពល​ថ្ម២មេ​ហ្គា​វ៉ា​ត់ រួមបញ្ចូល​ជាមួយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​ឧបករណ៍​បញ្ជា​ឆ្លាត។

ចំណែក​ក្រុមហ៊ុន Total Solar DG ជា​អ្នកគាំទ្រ​ហិរញ្ញប្បទាន របស់​គម្រោង​នឹង​គ្រប់គ្រង និង​ដំណើរការ​បណ្តាញ​អគ្គិសនី​បន្ទាប់ពី​ប្រគល់ជូន។

បណ្តាញ​អគ្គិសនី​ខ្នាតតូច ដែល​ត្រូវបាន​បង្កើតឡើង នឹងត្រូវ​សាងសង់​នៅលើ​កោះ​កម្ពុជា​នៃ​កោះរ៉ុង​សន្លឹម ស្ថិតនៅ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ។

យោងតាម​ក្រុមហ៊ុន​ថាមពល ពន្លឺព្រះអាទិត្យ​បារាំង​បានអោយដឹងថា សហគ្រាស​ទេសចរណ៍​នៅ​កោះ​នេះ ពឹង​ផ្អែកលើ​ម៉ាស៊ីនភ្លើង​ម៉ា​ស៊ូ​តរបស់​ពួកគេ ដោយបាន​នាំចូល​ប្រេង។

ក្រុមហ៊ុន Total Solar DG បាន​និយាយថា បណ្តាញ​អគ្គិសនី​ថ្មី​អាច​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងម៉ាស៊ូត​របស់​កោះ​នេះ បាន​ច្រើនជាង ៦០ម៉ឺន​លីត្រ​ក្នុង​មួយឆ្នាំ។

បើតាម​ក្រុមហ៊ុន​បារាំង ការសាងសង់​គម្រោង​បានចាប់ផ្តើម​រួចហើយ ក្រុមហ៊ុន​រំពឹងថា​វា​នឹង​បញ្ចប់​នៅ​ខែមេសា​ឆ្នាំ២០២១ ៕

ការសិក្សា​ថ្មី​បង្ហាញថា​គម្រោង​វិនិយោគធំៗរបស់​ចិន​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​វិនិយោគ​របស​ក្រុមហ៊ុន​ចិនធំៗនៅ​កម្ពុជា ហើយ​បាន​រកឃើញថា គម្រោង​ទាំងនេះ​បាននិងកំពុង​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ និង​សង្គម​នៅ​កម្ពុជា។

យោងតាម​លោក​បណ្ឌិត កែវ ពិសិដ្ឋ ប្រធាន​មជ្ឈមណ្ឌល​ការសិក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ក្នុង​កិច្ចសម្ភាសន៍​តាម​វីដេអូ ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្មីៗនេះ​បានឱ្យដឹងថា វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជាធំៗនៅ​កម្ពុជា មានដូចជា ក្រុមហ៊ុន​សាងសង់​ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុន​ទំនិញ​រួច​ពន្ធ វា​រី​អគ្គិសនី ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន ដែល​នាំមុខ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​ដែល​ចំណងជើង​ថា “អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា” បាន​បង្ហាញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ជីវភាព ការលើកស្ទួយ​សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារ​សង្គម និង​កិច្ចការ​មនុស្សធម៌​ដែល​បាន​ជួយ​កម្ពុជា​កន្លងមកនេះ។

លោក​បណ្ឌិត​កែវ ពិសិដ្ឋ បាន​បន្តថា បានការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានចាប់ផ្ដើម​ពីសី​ហា ដល់​ខែតុលា បាន​សិក្សា​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជា​ចំនួន៦ រួមមាន​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារ​ចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះ​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ មាន China Huaneng Groupជា​ម្ចាស់​ភាគហ៊ុន​ធំ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ។

លោក​បណ្ឌិត​បានឱ្យដឹង​ទៀតថា ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា បើ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៩ តួលេខ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន ចិន​មាន​ប្រមាណ១ភាគ៥ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា។ បន្ទាប់ពី​ប្រទេស​ចិន គី​ក្រុមហ៊ុន​វិនិយោគ ដែល​មកពី​សាធារណៈរ​ដ្ឋ​កូរ៉េ អង់គ្លេស ម៉ា​ឡេ ជប៉ុន និង​វៀតណាម៕

អភិបាល​ខេត្តកំពត៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ២៤,៨លាន​ដុល្លារ​នឹងចូលរួមលើកស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​នៅក្នុង​ខេត្ត

ដោយ ​វុត្ថា

កំ​ពតៈ អភិបាលខេត្ត​កំពត​បា​ន​អះអាងថា គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ​កម្រិត​ផ្កាយ៤ អាគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូរ និង​សេវា​ទេសចរណ៍​តម្លៃ២៤,៨លាន​ដុល្លារ​អាមេរិក នឹងចូលរួម​លើកស្ទួយ​ចំណូល​សេដ្ឋកិច្ច របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ឱ្យ​កាន់តែ​មានការ​រីកចំរើន​បន្ថែមទៀត។

លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​ឱ្យដឹង​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា​ម្សិលមិញ​នេះ​ថា គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កំពុងតែ​ដំណើរ​ទៅមុខ ប៉ុន្តែ​កិច្ចការ​នេះ​ត្រូវធ្វើ​ទៅតាម​ដំណាក់កាលនីមួយ។

លោកន្ត​ថា “ការវិនិយោគ​ឱ្យមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដ៏​ធំ​បំផុត​នៅក្នុង​ខេត្ត​នេះ នឹង​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ចំណូល​កាន់តែច្រើន និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​អ្វីដែល​រាជរដ្ឋាភិបាល​ប្រ​ថ្នា​ចង់បាន ជាពិសេស​ខេត្តកំពត” ។

លោក​ជាវ តា​យ កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០កន្លងមកនេះ បាន​បើក​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​លើក​ទី២ ពិនិត្យ​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD ហើយ​បានស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ ជាមួយ​អង្គភាព​ជំនាញ ធ្វើការ​លើ​ការងារ​បច្ចេកទេស ផ្លូវច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​គម្រោង​វិនិយោគ​នេះ។

គម្រោង​ស្នើសុំ​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ​កម្រិត​ផ្កាយ៤ អាគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូរ និង​សេវា​ទេសចរណ៍ ដោយ​គ្រោង​បោះទុន​វិនិយោគ​ប្រហែល ២៤,៨លាន​ដុល្លា​អាមេរិក​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់​សំណើសុំ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ ៤២ហិកតា ជា​តំបន់​ជាប់មាត់​សមុទ្រ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ខេត្តកំពត​ជា​ខេត្ត​មួយ ដែលមាន​កំពុងមាន​ស​ក្តា​នុព​ល​ខ្ពស់ លើ​ការវិនិយោគ និង​ទាក់ទាញ​ភ្ញៀវទេសចរ មកពី​គ្រប់ទិសទី​ទាំង​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​មួយ​នេះ ដោយសារតែ​ខេត្ត​មួយ​នេះ មាន​អំណោយផល​ផ្នែក​ធម្មជាតិ សមុទ្រ ព្រែក ភ្នំ និង​សក្តានុពល​ផ្សេងទៀត ហើយ​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ធ្វើដំណើរ​ប្រមាណ​តែ២ ទៅ៣ម៉ោង​ពី​ភ្នំពេញ។

ខេត្តកំពត បើទោះបី​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​សកល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩យ៉ាងណាក្តី កន្លងមកនេះ បាន​ទត​ទទួល​នៅ​គម្រោង​វិនិយោគ​ជាច្រើន តាមរយៈ​ការបោះ​ទុន​ពី​អ្នកវិនិយោគ​ក្នុងស្រុក លើ​រមណីយដ្ឋាន តំបន់​ទេសចរណ៍ វិស័យ​បដិសណ្ឋារកិច្ច និង អគារ​ពាណិជ្ជកម្ម​ជាច្រើន​ផ្សេងទៀត៕

រដ្ឋបាលខេត្តកោះកុងស្នើក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ពន្លឿនការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់រោងចក្រអគ្គិសនី ៧០០មេហ្គាវាត់

ដោយ ៖ រ៉ាណេត

កោះកុង ៖ រដ្ឋបាលខេត្តកោះកុងបានស្នើដល់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង (Royal Group Co,.Ltd) ដែលទទួលបានសិទ្ធិវិនិយោគ និងអភិវឌ្ឍន៍គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីកម្លាំង៧០០មេហ្គាវាត់ ដើរដោយធ្យូងថ្ម និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅឃុំថ្ម ស្រុកបូទុមសាគរ ជួយសម្រួល និងពន្លឿនការដោះស្រាយលើផលប៉ះពាល់ដែលនៅសេសសល់។

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា បានលើកឡើងនៅក្នុងកិច្ចប្រជុំ និងពិនិត្យផ្តល់យោបល់លើរបាយការណ៍នៅដើមសប្ដាហ៍នេះថា រដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធបានសិក្សា និងធ្វើការវាយតម្លៃទៅលើផលប៉ះពាល់សង្គម និងបរិស្ថាន ទៅលើគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អនុភាព៧០០មេហ្គាវាត់របស់ក្រុមហ៊ុន Royal Group រួចរាល់ហើយ ខណៈដែលក្រុមហ៊ុនក៏បានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋបានមួយចំនួនធំ និងនៅសល់តែបន្តិចបន្តួចតែប៉ុណ្ណោះ។

លោកបានបន្តថា រហូតមកដល់ពេលនេះ ផលប៉ះពាល់ដែលនៅមិនទាន់ដោះស្រាយនៅតិចតួចប៉ុណ្ណោះ ប៉ុន្តែដើម្បីជំរុញកិច្ចដំណើរការនៃគម្រោងប្រព្រឹត្តដោយរលូន រដ្ឋបាលខេត្តបានស្នើដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍មួយនេះ ជួយសម្រួល និងពន្លឿនដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលនៅសេសសល់។ រដ្ឋបាលខេត្តក៏បានស្នើក្រុមហ៊ុនឱ្យមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងការរក្សាសន្តិសុខសុវត្ថិភាព និងហ្វឹកហាត់ជាប្រចាំ ដើម្បីទប់ស្កាត់ និងពន្លត់អគ្គីភ័យ។ បន្ថែមពីនេះ ក៏មានការស្នើឱ្យមានការបញ្ជូនរបាយការណ៍ស្ដីពីការគ្រប់គ្រងសំណល់ ការតាមដានគុណភាពខ្យល់ សំឡេង និងរំញ័រ ការតាមដានគុណភាពទឹកក្រោមដី និងសមុទ្រមករដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋាននៃការមានវិធានការ និងរបាយការណ៍ជូនរដ្ឋបាលថ្នាក់ជាតិ ជាពិសេសក្រសួងបរិស្ថាន។

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក បានទទួលបានសម្បទានអនុវត្តគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល មានអនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង ៥០គីឡូម៉ែត្រ។ រោងចក្រនេះ មានអនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោង ៨០%ក្នុង១ឆ្នាំ។ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ។

គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានអនុភាព៧០០មេហ្គាវាត់មួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចគាំទ្រទាំងស្រុង និងត្រូវបានកំណត់តំបន់គ្រប់គ្រងលើផ្ទៃដីទំហំ ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិ បុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុម សាគរ ខេត្តកោះកុង ទៅជាតំបន់ ប្រើប្រាស់ដោយ ចីរភាព ដូចមានផែនទីនិង និយាមកាភ្ជាប់ជាឧប សម្ព័ន្ធ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដើម្បីបន្តរៀបចំបំពេញបែបបទ នីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បើកជើងហោះហើរឡើងវិញ ក្រោយពីខាតបង់ជាង ៣០០ពាន់លានបាត

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways នឹងចាប់ផ្ដើមប្រតិបត្តិការឡើងវិញ ដោយធ្វើការហោះហើរនៅក្នុងស្រុក និងទៅក្រៅប្រទេស ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុន បានផ្អាកប្រតិបត្តិការជិត៩ខែ ដោយសារតែវិបត្តិកូវីដ១៩ រាតត្បាតប្រទេសថៃ។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះគ្រោងចាប់ផ្ដើមហោះហើរទៅកាន់គោលដៅមួយចំនួននៅក្រៅប្រទេស ដូចជា អាល្លឺម៉ង់ អង់គ្លេស ហុល្លង់ អូស្ត្រាលី កូរ៉េខាងត្បូង ហ្វីលីពីន ចិន និង ជប៉ុន ផងដែរ និងងចាប់ផ្ដើមប្រតិបត្តិការជើងហោះហើរក្នុងស្រុករវាងក្រុងបាងកក-ខេត្តឈៀងម៉ៃ និង បាងកក-ភូកេត ឡើងវិញ។

ជើងហោះហើរពីទីក្រុងបាងកកទៅកាន់ខេត្តទេសចរណ៍សំខាន់ចំនួន ២ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី ១ ខែមេសា។ រីឯថ្ងៃទី ២៥ ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងដំណើរការជើងហោះហើរចំនួន ៣ ក្នុងមួយសប្តាហ៍។ ប្រភពមួយបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កាលវិភាគថ្មីនឹងដំណើរការរហូតដល់យ៉ាងហោចណាស់ថ្ងៃទី ២៨ ខែកុម្ភៈ។

ក្រុមហ៊ុនអាកាសចរណ៍ថៃកំពុងចាប់ដំណើរការជើងហោះហើរអន្តរជាតិមួយចំនួនឡើងវិញចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ២៧ ខែមីនារួមមានជើងហោះហើរប្រចាំសប្តាហ៍ទៅកាន់ ទីក្រុងឡុងដុន ស៊ីដនី សេអ៊ូល ម៉ានីល តៃប៉ិ និងអូសាកា។ ជើងហោះហើរពីទីក្រុងបាងកកទៅតូក្យូនឹងមាន ៣ ដងក្នុងមួយសប្តាហ៍ ហើយជើងហោះហើរពីទីក្រុងបាងកកទៅហុងកុង នឹងមានជារៀងរាល់ថ្ងៃ។

ក្រុមហ៊ុនអាកាសចរណ៍របស់ថៃ បានខាតបង់ទឹកប្រាក់ជាង ៣០០ពាន់លានបាត និងដាក់សំណើសុំជំនួយដើម្បីស្ដារក្រុមហ៊ុនឡើងវិញ ទៅកាន់តុលាការក្ស័យធនកណ្ដាលរបស់ថៃ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានប្រកាសលក់យន្តហោះចំនួន ៣៤គ្រឿង និងបានបញ្ចប់កិច្ចសន្យាបុគ្គលិករបស់ខ្លួនប្រហែល ៥០០០នាក់ផងដែរ៕

ចិនវិនិយោគរោងចក្រផលិតដែកថែបតម្លៃជាង ១៦ លានដុល្លារ នឹងបើកដំណើរការនៅស្រុកឧដុង្គ

ដោយ ហ្សូលី

ភ្នំពេញ៖ ចិនបានវិនិយោគលើគម្រោងរោងចក្រផលិតដែកថែបតម្លៃប្រមាណ ១៦,៧លានដុល្លារ របស់ ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.កនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នឹងប្រតិបត្តិការនៅក្នុងដើមខែធ្នូ ឆ្នាំ ២០២០នេះ។

រោងចក្រផលិតដែកថែបនេះអាចផលិតបាន ៥០០,០០០តោន នៅក្នុងដំណាក់កាលដំបូង បន្ទាប់ពីការសាងសង់រយៈពេល ១ ឆ្នាំ និងឈានចូលដល់ការធ្វើតេស្តនូវគុណភាពផលិត។

លោក កែវ តរនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា លោកនឹងគាំទ្រដល់តម្រូវការថាមពលប្រើប្រាស់ក្នុងរោងចក្រនេះ ដោយសង្ឃឹមមុតមាំថា កម្ពុជានឹងអាចមានវិនិយោគិនចិនកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា និងសាងអនាគតសម្រាប់ប្រទេសកម្ពុជា និងប្រទេសចិន។

លោកបន្តថា គម្រោងវិនិយោគនេះនឹងជួយលើកស្ទួយប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា។

ក្រុមហ៊ុនចិន ហុងឌីសេង ខេមបូឌា នេះភាគច្រើនផលិតដូចជា ខ្សែលួស ដែកថ្នាំងអំពៅ និងដែកសរសៃ ដើម្បីបម្រើដល់ទីផ្សារសំណង់កម្ពុជា។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា កម្ពុជាបាននាំចូលសម្ភារសំណង់តម្លៃ ៥៦៥,៩១ លានដុល្លារ នៅឆមាសទី ១ ឆ្នាំនេះ ខណៈការនាំចូលមានតម្លៃជាង ១,៥១ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។
ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៩ កម្ពុជាបាននាំចូលដែកថែប ៧២២,៦២១ តោន តម្លៃ ៤៧៧,១៩ លានដុល្លារ ស៊ីម៉ងត៍ ១,៩៧ លានតោន តម្លៃ ១២៨,៨៥ លានដុល្លារ និងសម្ភារ សំណង់ ១,៧ លានតោនមានតម្លៃ ៩០០,៥១ លានដុល្លារ ៕

ទឹកប្រាក់ចំនួន ៤១៥លានដុល្លារ ចូលទៅក្នុងទីផ្សារនាំចេញអង្ករទៅកាន់អន្តរជាតិ

ដោយ ហ្សូលី

ភ្នំពេញ៖ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន ៤១៥ លានដុល្លារ សម្រាប់រយៈពេល១១ខែ នៃឆ្នាំ២០២០នេះ ។ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត ១៧% ដែលគិតជាបរិមាណសរុប មានចំនួន ៦០១,០៤៥ តោន ។

បើតាមរបាយការណ៍ របស់សហព័ន្ធស្រូងអង្ករកម្ពុជា ទឹកប្រាក់ចំនួន ៤១៥លានដុល្លារសហរដ្ឋអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន ៤៣លានដុល្លារសហរដ្ឋអាមេរិក ឬជិត ១២% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលបាននាំចេញគិតជាទឹកប្រាក់ត្រឹម ៣៧២លានតែប៉ុណ្ណោះ។

របាយការណ៍បន្តថា ក្នុងរយៈពេល១១ខែនេះដែរ កម្ពុជាបាននាំចេញ អង្ករក្រអូប ចំនួន៤៨១២០០តោន ឬស្មើនឹង៨០%នៃបរិមាណនាំចេញសរុប ដែលក្នុងនោះ អង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥% អង្ករសែនក្រអូបចំនួន ២៥%។

ដោយឡែកសម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤,៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង ១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ ១៣.២៦% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។

នៅក្នុងខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២% ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក។

បើតាមលោករដ្ឋមន្ត្រី វេង សាខុន បានឱ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែមានកំណើននៅ គ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១ សហភាពអ៊ឺរ៉ុប បណ្តាប្រទេស សមាជិកអាស៊ាន និងគោលដៅដទៃទៀត ចំនួន២៩ ប្រទេស៕