តើគួរចាប់ផ្ដើមពីចំណុចណាមុនដើម្បីក្លាយជាអ្នកវិនិយោគអចលនទ្រព្យមានជំនាញច្បាស់លាស់?

0

ដោយៈ លក្ខិណា

ភ្នំពេញៈ នាពេលបច្ចុប្បន្ន ការវិនិយោគអចលនទ្រព្យមានច្រើនបែប និងច្រើនសណ្ឋាន អ្នកខ្លះមានទុនច្រើនក៏ចាប់ផ្ដើមវិនិយោគធំ ហើយអ្នកខ្លះទៀត ដែលមានទ្រព្យធនតិចតួច ក៏មិនដឹងថា វិនិយោគអ្វីឱ្យទទួលបានផលចំណេញនៅពេលអនាគត។

ដូច្នេះដើម្បីឱ្យក្លាយជាអ្នកវិនិយោគអចលនទ្រព្យដែលអាចរកប្រាក់ចំណាញ និងក្លាយជាអ្នកវិនិយោគ ដែលមានជំនាញច្បាស់លាស់ តើគួរចាប់ផ្ដើមពីចំណុចណាមុន?

លោកង៉ែត ជូសេដ្ឋវិទូមួយរូបនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា សម្រាប់អ្នកដែលមានទុនតិចតួច ហើយគ្រាន់តែចង់បានផ្ទះនៅនិងមិនចង់បានបិទពិសោធន៍ប ឬការវិនិយោគច្បាស់លាស់នៅពេលអនាគតទេ គឺអាចទិញផ្ទះនៅតែម្ដងទៅ ប៉ុន្តែសម្រាប់ដែលមានបំណងចង់អភិវឌ្ឍខ្លួន និងយកការវិនិយោគអចលនទ្រព្យជាវិជ្ជាជីវៈ មុខរបរនៅពេលអនាគត គួរតែវិនិយោគទៅលើដី។

លោកបានថ្លែងថា ការវិនិយោគដីធ្លីនេះ វាមិនខុសពីការវិនិយោគទៅលើវិស័យផ្សេងៗនោះទេ គឺត្រូវវិនិយោគលើខ្លួនឯងជាមុនសិន ដែលសំដៅទៅលើការវិនិយោគលើចំណេះដឹង។

លោកបន្តថា ការវិនិយោគដីធ្លី គឺត្រូវមើលទៅលើទីតាំង ទើបអាចទទួលបានផលចំណេញ។ ជាក់ស្ដែងបើសិនជាគម្រោងវិនិយោគដីធ្លីរបស់យើង មានបំណងផ្ដោតទៅលើអ្នកដែលមានជីវភាពមធ្យមឬក្រោមមធ្យម គួរមើលទៅលើតំបន់ទើបកកើតថ្មីៗ ព្រោះតំបន់នោះ តម្លៃដីនៅមានតម្លៃទាប និងអាចលក់ចេញវិញនៅពេលអនាកត ក្នុងតម្លៃមួយខ្ពស់ជាង ជាពិសេសទៅលើតំបន់ណាដែលនៅជិតរោងចក្រកកើតថ្មីឬរោងចក្រដែលនឹងកកើតនៅពេលអនាគត។

លោកបន្ថែមថា ការវិនិយោគដីធ្លីក៏មើលទៅលើពីតម្រូវការជាក់ស្ដែងដែរ ហើយលោកបានផ្ដល់ជាមតិថា ដីនៅតាមបណ្ដាខេត្ត បើនិយាយពីតម្រូវការគឺនៅមានតិចតួចជាងតម្រូវការនៅក្នុងភ្នំពេញ ដូចជាតម្រូវការសាងសង់លំនៅឋានតម្រូវការសាងសង់រោងចក្រជាដើម ។ ដូច្នេះអ្នកវិនិយោគដីធ្លីដែលមានទុនតិចតួនហ្នឹងគួរតែងាកមកភ្នំពេញ ដើម្បីសម្លឹងមើលការវិនិយោគរបស់ខ្លួន ។

លោកបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានលើកឡើងថា ការអភិវឌ្ឍដ៏ធ្លី នៅក្នុងប្រទេសកម្ពុជាបើប្រៀបធៀបនឹងប្រទេសមួយចំនួន ឃើញថា កម្ពុជាដើរក្រោយគេ១០ឆ្នាំ ២០ឆ្នាំ និងខ្លះមានដល់ទៅ៣០ឆ្នាំផងដែរ ដូច្នេះសក្ដានុពលក្នុងការវិនិយោគដីធ្លីនៅតែមានឱកាសខ្ពស់និងអាចរកប្រាក់ចំណេញបាននៅពេលអនាគត គ្រាន់តែទីតាំងដីដែលត្រូវវិនិយោគវានឹងកាន់តែឆ្ងាយពីរាជធានីភ្នំពេញ ឬឆ្ងាយពីទីប្រជុំជនបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here