ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលគ្មានអជ្ញារប័ណ្ណ និងគ្មានការទទួលស្គាល់ពីច្បាប់ នឹងត្រួវប្រឈមជាមួយបញ្ហាជាច្រើន ដែលអាចនឹងខាតបង់ផលប្រយោជន៍ ឬឈានដល់ការផាកពិន័យយ៉ាងធ្ងន់ធ្ង ពីសំណាក់ក្រសួង ដែលពាក់ព័ន្ធនៃកម្ពុជា ក្រោយពេលដែលច្បាប់ នៅក្នុងវិស័យនេះត្រូវបានរឹតបណ្តឹង។

-->
ជាមួយនឹងបរិបទ ដែលវិស័យអចលនទ្រព្យ កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅកម្ពុជា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនត្រូវបានបង្កើតជាបន្តបន្ទាប់ ដែលក្នុងមានទាំងក្រុមហ៊ុនស្របច្បាប់ និងក្រុមហ៊ុនមិនស្របច្បាប់ និងកំពុងតែមានសកម្មភាពនៅលើទីផ្សារមួយនេះ ដើម្បីស្វែងរកផលប្រយោជន៍។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា វាមិនលំបាកនោះទេ ក្នុងបំពេញបែបបទ ដើម្បីទទួលបានអជ្ញារប័ណ្ណ និងសិទ្ធិប្រកបអាជីវកម្ម ក្នុងនាមជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ។
លោកបន្តទៀតថា “នៅពេលដែលពួកគាត់ បានក្លាយជាក្រុមហ៊ុនស្របច្បាប់ ពួកគាត់ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន និងមានសិទ្ធិគ្រប់គ្រាន់ ក្នុងទទួលបានប្រកួតប្រជែងនៅលើទីផ្សារ ដែលកំពុងតែមានសកម្មភាពយ៉ាងផុលផុសមួយនេះ” ។ លោកបានបន្តទៀតថា “នៅពេលពួកគាត់ មានអជ្ញារប័ណ្ណត្រឹមត្រូវ ពួកគាត់មានឱកាសច្រើនក្នុងស្វែងរកដៃគូសហការ ដើម្បីទទួលបានផលប្រយោជន៍ ជាពិសេសទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន” ។
បន្ថែមពីនេះ គាត់ក៏ទទួលបានឱកាសចូលជាសមាជិក របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីទទួលបានការពិភាក្សា និងផ្តល់យោបល់ជាច្រើនពីសំណាក់អ្នកជំនាញ មានបទពិសោធន៍ខ្ពស់ដែលមានភាពជោគជ័យក្នុងវិស័យនេះ។
លោកច្រឹក សុខនីម បានបន្តទៀតថា ប៉ុន្តែនៅពេលពួកគាត់មិនមានអជ្ញាប័ណ្ណត្រឹមត្រូវដែលចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ពាក់ព័ន្ធ ពួកគាត់នឹងប្រឈមជាមួយបញ្ហាជាច្រើន។ លោកបានបន្តទៀតថា ពួកគេនឹងមិនមានឱកាសក្នុងការប្រកួតប្រជែងនៅលើទីផ្សាររួម គ្មានឱកាសបង្កើតកិច្ចសហការជាដៃគូ ជាមួយបណ្តាក្រុមហ៊ុនដែលទទួលស្គាល់ដោយច្បាប់ ហើយក៏គ្មានឱកាសទទួលបានទំនុកចិត្ត ពីសំណាក់អតថិជន ក៏ដូចជាក្រុមហ៊ុនធំៗនោះដែរ។
លោកបន្តទៀតថា “អ្វីដែលសំខាន់នោះ ពួកគាត់នឹងប្រឈមចំពោះមុខច្បាប់ ដែលត្រូវទទួលរងនូវការផាកពិន័យ នៅពេលដែលច្បាប់ ក្នុងវិស័យនេះត្រូវបានរឹតបណ្តឹង” ។

ជាមួយនឹងការលើកឡើងខាងលើនេះ ជាការចូលរួមលើកកម្ពស់ និងជម្រុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា កាន់តែមានភាពរីកចម្រើន ប្រកបដោយភាពរលូន លោក ច្រឹក សុខនីម ក៏បានទទូច និងលើកទឹកចិត្តដល់បណ្តា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលកំពុងប្រតិបត្តិការ ដោយមិនទាន់មានអជ្ញារប័ណ្ណត្រឹមត្រូវនោះ គួរតែរួសរាន់ទៅបំពេញឯកសារ និងសំណុំបែបបទនានា ស្នើសុំអជ្ញារប័ណ្ណស្របច្បាប់ពីក្រសួងពាក់ព័ន្ធ ក្នុងវិស័យនេះទាំងអស់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលយូរទាំងអស់គ្នា៕