ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំរបស់ចិនបានប្រកាសពង្រីកទីតាំងផលិតកម្មបន្ថែមនៅកម្ពុជា

ដោយ៖ ប៊ី

ភ្នំពេញ: ក្រុមហ៊ុន MARVEL GARMENT ដែលក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំបំផុតមួយរបស់ចិន ប្រកាសពង្រីកទីតាំងផលិតកម្មបន្ថែមនៅកម្ពុជា ខណៈក្រុមហ៊ុនត្រូវការជ្រើសរើសកម្មកររាប់ពាន់នាក់ ដើម្បីឆ្លើយតបនឹងការពង្រីកទីតាំងផលិតកម្មរបស់របសខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ចេញផ្សាយនៅចុងសប្តាហ៍កន្លងមកនេះ បានឱ្យដឹងថា លោកប្រធាន Tan Kak Khun តំណាងក្រុមហ៊ុន PPSP និងលោក Yan Delinប្រធានចាត់ការទូទៅ នៃក្រុមហ៊ុន MARVEL GARMENT បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីបន្ថែម។

ក្រុមហ៊ុន MARVEL GARMENT គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំជាងគេបំផុតនៅប្រទេសចិន ដែលបាននឹងកំពុងសាងសង់កន្លែងផលិតកម្មថ្មី ចាប់តាំងពីខែមីនាឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ខណៈខ្សែចង្វាក់ផលិតកម្មកំពុងត្រូវបានបញ្ចប់ម្តងមួយៗ ក្រុមហ៊ុនបានជ្រើសរើសកម្មករជាង៣.០០០នាក់ ចាប់តាំងពីដើមខែតុលាឆ្នាំ ២០២០ ហើយមានតម្រូវការបន្ទាន់ក្នុងការជ្រើសរើសកម្មកររហូតដល់ទៅ៦០០០នាក់នៅចុងខែកុម្ភៈឆ្នាំ២០២១។

ដោយមើលឃើញពីចំនួនកម្មករកើនឡើង ក្រុមហ៊ុនកំពុងបង្កើនល្បឿន ដើម្បីរៀបចំកន្លែងស្នាក់នៅរបស់កម្មករ និងកន្លែងនៅជុំវិញ។ គោលដៅគឺតម្រូវឱ្យមានកន្លែងស្នាក់នៅសម្រាប់កម្មករជាង១ម៉ឺននាក់ នៅឆ្នាំ២០២១។

កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងជួលដីទំហំ៣.៧ហិកតាបន្ថែម ដែលជាកិច្ចសហការមួយរវាងក្រុមហ៊ុនទាំងពីរ ដើម្បីបង្កើតការងារ និងលើកកម្ពស់វិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា៕

គម្រោងសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន៩០ភាគរយ និងគ្រោងបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ចាប់ពីរង្វង់មូលចោមចៅរហូតដល់ខេត្តកំពត ប្រវែង១៣៤គីឡូម៉ែត្រ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលប្រមាណ៩០ភាគរយ នឹងអាចបញ្ចប់ទាំងស្រុងនៅត្រឹមខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ មុនកាលកំណត់១ឆ្នាំ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ការរួចរាល់មុនគម្រោងនេះ គឺបានឆ្លងកាត់ការត្រួតពិនិត្យរបស់មន្ត្រីជំនាញគ្រប់ដំណាក់កាលសាងសង់ទាំងអស់ និងបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា “ដើម្បីបញ្ជៀសឱ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការបើកបរបត់ត្រឡប់ក្រោយនៅលើផ្លូវជាតិលេខ៣នេះ នឹងក្រោយពីការស្នើរបស់ក្រសួងក្រុមហ៊ុនសាងសង់ក៏បានសម្រេចជួយសាងសង់ផ្លូវត្រឡប់ក្រោយចំនួន៥កន្លែង នៅលើផ្លូវជាតិលខ៣នេះផងដែរ”។

ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។

គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ៕

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ រដ្ឋាភិបាលយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋដោយនឹងសាងសង់ស្ពានថ្មើរជើងកាត់ផ្លូវជាតិកាន់តែច្រើន

ដោយ ៖ រ៉ាណេត

តាកែវ ៖ នៅពេលដ៏ខ្លីខាងមុខនេះ វត្តមាននៃស្ពានអាកាសថ្មើរជើងឆ្លងកាត់បណ្តាផ្លូវជាតិនានានឹងមានការសាងសង់កាន់តែច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹងជញ្ជូន បានអះអាង និងបញ្ជាក់ពីគម្រោងនៃការសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៣ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការសាងសង់ត្រង់ចំណុចផ្សារត្រាំខ្នារ ខេត្តតាកែវព្រំប្រទល់ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់គ្រោះថ្នាក់ជាយថាហេតុនៅពេលឆ្លងផ្លូវ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា ក្រោមការយល់ស្រប និងអនុញ្ញាតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ទៅលើការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកដំណើរ ជាពិសេសសិស្សសាលាដែលតែងឆ្លងកាត់ផ្លូវថ្នល់ដែលមានទំហំរហូតដល់៤គន្លងនៅចំណុចទីប្រជុំជនផ្សារត្រាំខ្នារព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ស្ពានអាកាសថ្មើរជើងនៅតំបន់នេះនឹងត្រូវសាងសង់ជាចាំបាច់។

លោកទេសរដ្ឋមន្ត្រីបានបន្ដថា “មានអ្នកខ្លះបានផ្តល់យោបល់ថា ការសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្សារត្រាំខ្នារនឹងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពផ្សារ ប៉ុន្តែអ្វីដែលសំខាន់គឺយើងគិតពីសុវត្ថិភាពរបស់អ្នកដំណើរ ជាពិសេសសិស្សសាលាដែលតែងឆ្លងផ្លូវនៅតំបន់នេះ។ ផ្លូវធំដែលមានរហូតដល់៤គន្លង នៅពេលឆ្លងផ្លូវតើអាចនឹងមានគ្រោះថ្នាក់អ្វីកើតឡើង យើងមិនអាចសន្មត់បាននោះទេ ប៉ុន្តែដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុនៅពេលឆ្លងថ្នល់ គឺត្រូវតែមានស្ពានអាកាសថ្មើរជើងដែលអាចធានាបាននូវសុវត្ថិភាព”។

គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៣ ដែលមានទំហំធំ រហូតដល់ដល់៤គន្លង ស្ថិតនៅចំណុចផ្សារត្រាំខ្នារថ្មី ស្រុកត្រាំខ្នារ ខេត្តតាកែវ ជាព្រំប្រទល់ជាមួយនឹងស្រុកគង់ពិសី ខេត្តកំពង់ស្ពឺដែលកំពុងមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនទីតាំងក្រោមការវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “គម្រោងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានសិក្សាលម្អិតជាមួយក្រុមមន្ត្រីជំនាញបច្ចេកទេសរួចរាល់ហើយ ហើយពាក់ព័ន្ធទៅនឹងពេលវេលាបើកការដ្ឋានសាងសង់ គឺអាស្រ័យលើមន្ត្រីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនម៉ៅការសាងសង់”។

លោកបានបញ្ជាក់ទៀតថា “គ្រប់គម្រោងសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល គឺសុទ្ធតែក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងអ្នកធ្វើដំណើរទាំងអស់ ហើយការអភិវឌ្ឍនេះនឹងនៅតែបន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ”៕

ឧកញ៉ា​គីម ហ៊ាង បង្ហាញ​ពី​ចំណាត់ថ្នាក់​អ្នកមាន​ធនធាន​នៅ​ស្រុក​ខ្មែរ

ដោយ​ម៉ា​លីន​ណា

ភ្នំពេញៈ ការចាត់​ចំណាត់ថ្នាក់​អ្នកមាន​ឬ​អ្នកក្រ​នៅ​កម្ពុជា មិនមាន​ស្ថាប័ន​ឯករាជ្យ​ណាមួយ វាយតម្លៃ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ ប៉ុន្តែ​ស្រាប់តែស្ងាត់ៗលោក​ឧកញ៉ា​គីម ហ៊ាង​បានបង្ហាញ​ពី​ចំណាត់ថ្នាក់​អ្នកក្រ អ្នកមាន​ជីវភាព​មធ្យម​គួរ​ឲ្យ​ចាប់អារម្មណ៍។

លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​កាលពី​ថ្ងៃទី៣ មករា ឆ្នាំ២០២១នេះ ដោយ​ចាត់​ចំណាត់ថ្នាក់​អ្នកមាន​លុយ​ក្នុងសង្គម ដែលមាន​លក្ខណៈ​សម​ហេតុផល ដោយ​បែងចែក​អ្នកមាន​ធនធាន​ចំនួន៧ចំណាត់ថ្នាក់​ដូចជា ទី១ អ្នកមាន​ទ្រព្យសម្បត្តិ​ក្រោម ១០ម៉ឺន​ដុល្លារ = អ្នកក្រ ទី២ មានទ្រព្យ​សម្បត្តិ​ពី ១០មុ​ឺ​ន​ដុល្លារ ដល់ ៥០ម៉ឺន​ដុល្លារ = អ្នកមធ្យម លំដាប់​ទាប។ ទី៣ មានទ្រព្យ​សម្បត្តិ​ពី ៥០ម៉ឺន​ដុល្លារ ដល់ ២លាន​ដុល្លារ = អ្នកមធ្យម!

ទី៤  មានទ្រព្យ​សម្បត្តិ​ពី ២លាន​ដុល្លារ ដល់ ៥លាន​ដុល្លារ = អ្នក​លើ​ធ​ម្យ​ម! ទី៥ មានទ្រព្យ​សម្បត្តិ​ពី ៥ដល់ ១០លាន​ដុល្លារ = អ្នកមាន ទី៦ មានទ្រព្យ​សម្បត្តិ​ចាប់ពី១០លាន ដល់៥០លាន​ដុល្លារ = អ្នកមាន​លើ​មធ្យម និង​ទី៧ មានទ្រព្យ​សម្បត្តិ​ពី៥០លាន ដល់ ១០០លាន​ដុល្លារ = អ្នកមាន​ពិត ហើយ​ជា​ម្ចាស់​លុយ ព្រោះ​បើ​លើ​សព ១០០លាន​ដុល្លារ នោះ​លុយ​អាចជា​ម្ចាស់​អ្នក​វិញ៕

តើ​ទីផ្សារ​ខុន​ដូ​នឹងមាន​ការវិវត្ត​ដូចម្តេច​នៅ​ត្រីមាស​ទី១នៃ​ឆ្នាំ២០២១នេះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ឈាន​ចូលដល់​សករាជ​ថ្មី​នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ បើទោះជា​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត ត្រូវបាន​រាជរដ្ឋាភិបាល​ទប់ស្កាត់​បាន​លទ្ធផល​ល្អប្រសើរ​ក្ដី ប៉ុន្តែ​សម្រាប់​តម្រូវការ​ទីផ្សារ​ខុន​ដូ នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ដដែល​មិនទាន់​អាច​ងើប​ឡើងវិញ​បានល្អ​នោះទេ។ នេះ​បើតាម​អ្នកជំនាញ​ក្នុង​វិស័យនេះ​អះអាង។

នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១កន្លងមក​ថា ទីផ្សារ​ខុន​ដូ​នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ នឹង​នៅតែ​បន្ត​ការធ្លាក់ចុះ​ដដែល។

លោកស្រី​បាន​បញ្ជាក់ថា “ទីផ្សារ​ខុន​ដូ​ចាប់ផ្តើម​ធ្លាក់​ខ្លាំង គឺ​ទើបតែ​នៅក្នុង​ត្រីមាស​ទី៤ ចុងឆ្នាំ២០២០កន្លងទៅនេះ​តែប៉ុណ្ណោះ ខណៈដែល​កាលពី​អំឡុង​ត្រីមាស​ទី២ និង​ទី៣ សកម្មភាព​ទិញ​លក់​នៅតែមាន​ជាធម្មតា” ។ លោកស្រី​បន្តថា “មួយរយៈ​ចុងក្រោយ​នេះ ប្រជាជន​ខ្មែរ​មួយចំនួន បានចាប់ផ្តើម​មានការ​ស្វែងយល់​ពី​ខុន​ដូ ហើយ​ពួកគាត់​មួយចំនួន​តូច ក៏បាន​ចាប់ផ្តើម​ចំណាយលុយ​ទិញ​ខុន​ដូ ទៅតាម​លទ្ធភាព​របស់​ខ្លួន​ក្នុង​គោលបំណង​ផ្សេងគ្នា ដោយ​ខ្លះ​ទិញ​សម្រាប់​រស់នៅ ហើយ​អ្នក​ខ្លះទៀត​ទិញ​សម្រាប់​ទុនវិនិយោគ ឬ​ជួល​យក​ចំណូល​ប្រចាំខែ ប្រចាំឆ្នាំ​ជាដើម” ។

លោកស្រី​អាន សុធី​តា បាន​បន្តថា អ្វីដែល​សំខាន់​នៅក្នុង​ដំណាក់កាល​នេះ ទាំង​តម្រូវ​ការទិញ​លក់ ទាំង​តម្រូវ​ការជួល​ខុន​ដូ គឺមាន​ការធ្លាក់ចុះ​ខ្លាំង ដោយសារតែ​កម្ពុជា​នៅតែ​បន្ត​ជាមួយ​ស្ថានភាព​ប្រឈម​នៅឡើយ។ វា​អាច​នឹង​ស្ថានភាព​បែបនេះ ទោះជា​អតិថិជន​ក្នុងស្រុក អាច​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញខ្លះៗ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ជនបរទេស​មួយចំនួន ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា និង​ស្នាក់​នៅក្នុង​ខុន​ដូ​បានសម្រេច​ចិត្ត​ចេញទៅ​ជួល​ផ្ទះ​នៅ​ជាយក្រុង​នៅឡើយ។

ទោះជា​យ៉ាងណាក៏ដោយ លោកស្រី​បាន​បញ្ជាក់ថា សម្រាប់​ការទិញ​លក់​ខុន​ដូ​មានការ​ធ្លាក់ចុះ តែ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​ការបាត់បង់​តម្រូវ​ការជួល​នោះទេ ពោលគឺ​ធ្លាក់ចុះ​ប្រមាណ៣០-៥០ភាគរយ ខណៈដែល​តម្រូវ​ការជួល មានការ​ធ្លាក់ចុះ​រហូត​ដល់​ប្រមាណ៨០ភាគរយ ប៉ុន្តែ​សង្ឃឹមថា​ទីផ្សារ​ជួល ដែល​ទទួលរង​នូវ​ភាព​ធ្ងន់ធ្ងរ​មួយ​នេះ អាច​នឹង​ងើប​ឡើងវិញ​ជា​បណ្ដើ រៗខណៈដែល​ព្រឹត្តិការណ៍២៨វិច្ឆិកា ត្រូវបាន​ប្រកាស​បញ្ចប់​ជា​ស្ថាពរ​កាលពីពេល​កន្លងទៅថ្មីៗនេះ៕

ក្រសួងទេសចរណ៍​បានប្រគល់​ឡា​ប៊ែ​ល​សុវត្ថិភាព​ទេសចរណ៍​សម្រេចបាន ៤០ភាគរយ

ដោយៈ វុត្ថា 

ភ្នំពេញៈ គិត​ត្រឹម​ដើមឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍​បានប្រគល់​ឡា​ប៊ែ​ល​សុវត្ថិភាព​ទេសចរណ៍ សម្រេចបាន​ប្រមាណ៤០ភាគរយ នៃ​មូលដ្ឋាន​អាជីវកម្ម​ទេសចរ​ណ៍ស​រុ​ប​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់​សុវត្ថិភាព និង​បង្កើន​ទំនុកចិត្ត​ដល់​ភ្ញៀវទេសច​ជាតិ និង​អន្តរជាតិ។

លោក​តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា គិត​រហូតមក​ដល់ពេលនេះ ក្រសួង​បានផ្តល់​ឡា​ប៊ែ​ល​សុវត្ថិភាព​ទេសចរណ៍​សម្រេចបាន​ប្រមាណ៤០ភាគរយ នៃ​មូលដ្ឋាន​អាជីវកម្ម​សរុប​នៅ​ទូទាំងប្រទេស ដែល​អនុវត្តន៍​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍។

លោក​បន្តថា “ដើម្បី​សម្រេចបាន​ឱ្យបាន១០០ភាគរយ នាពេល​ខាងមុខនេះ  ក្រសួង បានសម្រេច​បង្កើត​អនុ​ក្រុមការងារ​ថ្មី​មាន​ចំនួន១២ក្រុម ដើម្បី​ចុះទៅពិនិត្យ​តាមដាន​នូវ​វិធានការ​សុវត្ថិភាព​ទេសចរណ៍ នៅតាម​គោលដៅ​ទេសចរណ៍ នៃ​ខេត្តនីមួយៗនៅ​ទូទាំងប្រទេស ក្នុងការ​រួមចំណែក​ទ​ប់​ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ១៩” ។

លោក​បន្តថា កន្លងមកនេះ​ក្រសួង​មានតែ៤ក្រុម​ប៉ុណ្ណោះ មិនអាច​ធ្វើ​គ្រប់​ឬ​ចុះទៅពិនិត្យ តាមដាន​នូវ​វិធានការ​សុវត្ថិភាព​ទេសចរណ៍ នៅតាម​គោលដៅ​ទេសចរណ៍​នៃ​ខេត្តនីមួយៗ នៅ​ទូទាំងប្រទេស ក្នុងការ​រួមចំណែក​ទ​ប់​ស្កាត់​ការរីក​រាលដាល នូវ​ជំងឺ​កូ​វីដ១៩ ។លោក​បញ្ជាក់ថា យើង​ចុះ​ណែនាំ​ទៅដល់​មន្ទីរ​ទេសច​រណ៍ និង​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត  យើង​បញ្ជ្រាប​ដល់​ប្រតិបត្តិ​ករ​អាជីវករ​ត្រូវធ្វើ​យ៉ាង​មិច ដើម្បី​ទទួលបាន​នូវ​ឡា​ប៊ែ​ល​សុវត្ថិភាព​ទេសចរណ៍​ហ្នឹង។

លោក​បា​នប​ន្យ​ល់​ថា “មូលដ្ឋាន​អាជីវក​ម្មណា ដែល​ទទួលបាន​នូវ​ឡា​ប៊ែ​ល​សុវត្ថិភាព​ទេសចរណ៍​នេះ គឺជា​កន្លែង​ដែលមាន​សុវត្ថិភាព ដែល​បាន​អនុវត្តតាម​គោលការណ៍​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​បាន​ត្រឹមត្រូវ។ លោក​បន្តថា “នៅពេលដែល​មូលដ្ឋាន​អាជីវ​កម្មបាន​អនុវត្តបាន​ត្រឹមត្រូវ និង​ទទួលបាន​ទំនុកចិត្ត​ពី​ភ្ញៀវទេសចរ តែ​យ៉ាងណាក៏ដោយ លោក​មិន​បានដឹង​ពី​ចំនួន​មូលដ្ឋាន​ទេសចរណ៍​ពិត​ប្រក​ដ​នោះទេ​ដោយ​មិនមាន​ឯកសារ​នៅក្នុង​ដៃ” ។

ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី​បាន​មានប្រសាសន៍ថា “ជាទ   ស្សនៈ​របស់​ថ្នាក់ដឹកនាំ​យើង​ឃើញ​ហើយ​ថា ប្រសិនបើ​ក្រុមការងារ​ណាមួយ​អសកម្ម ឬ​លទ្ធផល​នៃ​ការងារ មិន​ទទួលបាន​នូវ​ភាពរលូន គឺ​តែងតែមាន​ការផ្លាស់ប្ដូរ​ជាធម្មតា។ លោក​បន្តថា “ប្រសិនបើ​យើង​ដាក់​មនុស្ស​ឱ្យ​ត្រូវ​នឹង​តួនាទី ប្រគល់​ការងារ​ឱ្យ​ត្រូវ​នឹង​ជំនាញ និង​មានការ​ទទួលខុសត្រូវ វា​អាចឱ្យ​ការងារ​ទាំងអស់​ដើរ​រលូន​ទៅមុខ ហើយ​អាចជួយ​ជំរុញ​ឱ្យទទួល​បាន​លទ្ធ​ផល​កាន់តែ​ល្អ” ។

លោក​បន្តថា ពាក់ព័ន្ធ​ទៅនឹង​ការបង្កើន​ក្រុម​ពី៤ឡើងទៅ​ដល់១២ គឺ​សុទ្ធតែ​ស្ថិតនៅក្នុង​គោលដៅ​រួម​ចម្បង​តែមួយ នៅពេល​ដែលមាន​មនុស្ស​ធ្វើការ​កាន់តែច្រើន នោះ​លទ្ធផល នៃ​ការងារ​ក្នុង​អត្រា​ល្អ​អាចនឹងទទួល​បាន​ច្រើន និង​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​លោក គិតថា ការទទួលបាន​លទ្ធផល​ជាក់ស្ដែង អាច​ប្រព្រឹត្ត​បាន​យ៉ាងណា​នោះ នៅ​មិនទាន់​អាច​សន្ម​ត់បា​ន​នោះទេ ពោលគឺ​យើង​នៅ​រង់ចាំ​ពិនិត្យ​បន្តិចទៀត​ទាំងអស់គ្នា តែ​យ៉ាងណា​យើង​សង្ឃឹមថា​វា​នឹង​ល្អ​ទៅ​ចុះ៕

ចំណេះដឹង​ច្បាប់! តើ​ស្ថាប័ន​ណា​ជា​អ្នក​ផ្សះផ្សា និង​ដោះស្រាយ​វិវាទ​ក្នុង​វិស័យអ​ល​ចនទ្រ​ព្យ?

ដោយៈ​វុត្ថា

ភ្នំពេញៈ វិវាទ​រវាង​អ្នក​អភិវឌ្ឍ​អចលនវត្ថុ និង​អ្នកទិញ​ពាក់ព័ន្ធ​កិច្ចសន្យាលក់ ទិញ​អចលនវត្ថុ អាចជា​កម្មវត្ថុ​នៃ​ការសម្រុះសម្រួល និង​ផ្សះផ្សា​ដោយ​ក្រសួង​ឬ​មន្ទីរ។ ក្រសួង ឬ​មន្ទីរ​សម្រុះសម្រួល​និង​ផ្សះផ្សា​វិវាទ តាម​ការស្នើសុំ​របស់​ភា​គី​វិវាទ​ក្នុង​រយៈពេល២ (ពីរ) ខែ​យ៉ាងយូរ។

ការផ្សះផ្សា​វិវាទ អាចឈាន​ទៅដល់​ការចុះ​កិច្ចព្រមព្រៀង​ផ្សះផ្សា ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​គូភាគី​វិវាទ និង​មាន​ការទទួល​ដឹងឮ​ដោយ​នាយកដ្ឋាន​ឬ​មន្ទីរ។ កិច្ចព្រមព្រៀង​ផ្សះផ្សា មាន​អានុភាព​អនុវត្តភ្លាមៗចំពោះ​គូភាគី។

គូភាគី​វិវាទ ដែល​មិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច ឬ​វិធានការផ្សេងៗរបស់​ក្រសួង​ឬ​មន្ទីរ មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹងតវ៉ា​មក​ក្រុមប្រឹក្សា​នីតិកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុននឹង​អនុវត្ត​ដី​តិ​វិធី​បណ្តឹង​ទៅ​តុលាការ លើកលែងតែ​រឿង​ព្រហ្មទណ្ឌ។

ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ដោះស្រាយ​បណ្ដឹង​ក្នុងរយៈពេល៩០ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ក្រោយពី​ទទួលបាន​ពាក្យ​បណ្តឹងតវ៉ា ឬ​ក្នុង​រយៈពេល​មួយ​សមស្រប។ក្នុងការ​ដោះស្រាយ​វិវាទ ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាច​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​វិវាទ ដើម្បី​សាកសួរ ឬ​ផ្តល់​ភស្តុតាង​តាម​ការចាំបាច់។

សេចក្តីសម្រេច​ស្តីពី​ការដោះស្រាយ​វិវាទ ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ ដោយមាន​បញ្ជាក់​អំពី​អង្គហេតុ សំអាង​ហេតុ និង​ការសន្និដ្ឋាន។ ក្នុងករណី​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​នីតិកម្ម ភាគី​វិវាទ​អាចដាក់​ពាក្យ​បណ្តឹងតវ៉ា ទៅ​តុលាការ​មាន​សមត្ថកិច្ច ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន៕

តើ Mr Bean មក​ទស្សនា​ប្រាសាទអង្គរវត្ត​ពី​អង្កាល់??

ដោយ​គង់ សូរិយា

ភ្នំពេញៈ តារា​កំប្លែង​ក្រ​ម៉ាច់​ក្រមើម ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក គឺ Mr Bean បានមក​ទស្សនា​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ក៏ដូចជា​បេ​តិក​ភ័​ណ្ឌ​ដ៏​មហស្ចារ្យ​របស់​ពិភពលោក។

យោងតាម​ការ​ផុស​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើឡើង​ដោយ​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ជាម​គ្គុ​ទេស​ក៏​ទេសចរណ៍​កម្ពុជា ឈ្មោះ Pun Leu បាន​សរស​រថា ជួយ​សែរ​មួយ​ផង ដើម្បី​ឲ្យ​ពិភពលោក​កាន់តែ​ដឹងថា ភាពល្បីល្បាញ​របស់​ខ្មែរ​យើង​ខ្លាំង​ប៉ុណ្ណា។

លោក Pun Leu បាន​សរសេរ​បន្តថា “ស្ងាត់ៗគាត់​បាន​មកលេង​ទឹកដី​អង្គរ​ដ៏​បវរ​នៃ​យើង” ។ ទោះជា​យ៉ាងណា លោក Pun Leu មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ថា Mr Bean មក​ទស្សនា​ប្រាសាទអង្គរវត្ត​ពី​ពេលណា​មក​នោះទេ។

នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន ដែលមាន​អ្នក​ចុច Like ជាង ៨៦លាន​នាក់ នៅ​ទូទាំង​ពិភពលោក Mr Bean ក៏​មិនបាន​បង្ហាញថា លោក​មក​ទស្សនា​ប្រទេស​កម្ពុជា ពិសេស​ប្រាសាទ​អង្គរ​នៅពេលណា​នោះទេ៕

ការវិនិយោគ៖ រៀបចំ​តែ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រុមហ៊ុន OCIC ចំណាយ​ទុន​រហូតដល់ ២០០០លាន​ដុល្លារ

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន OCIC បាន​អះអាងថា ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​កោះនរា​ទាំងមូល នឹងត្រូវ​ចំណាយ​ប្រាក់​រហូតដល់ ២០០០លាន​ដុល្លារ​អាមេរិក ខណៈ​ការរៀប​ចំនេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ខាងមុខ។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មូៗនេះ​ថា ការស្ថាបនា​ទីក្រុង​ថ្មី​កោះនរា​រហូតមកទល់​ពេលនេះ បាននិងកំពុង​ដំណើរកា​រ​យ៉ាងសកម្ម លើ​ផែនការ​រយៈពេល​បី​ឆ្នាំ ដើម្បី​រៀបចំ​បញ្ចប់​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​នេះ​ទាំងមូល ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ២ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​បន្តថា “ការសាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ទីក្រុង​កោះ​ពេជ្រ និង​ទីក្រុង​កោះនរា​បាននិងកំពុង​ដំណើរកា​រ​យ៉ាងសកម្ម” ។ លោក​បន្តថា “វា​ជា​ស្ពាន​យោង​ដោយ​ខ្សែកាប ដែលមាន​រចនាបទ​ខ្មែរ ហើយ​ទំហំ​ស្ពាន​ធំ​ជាង​ស្ពាន ដែល​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ៥ ទៅកាន់​ទីក្រុង​រណប​ជ្រោយចង្វារ” ។

ការស្ថាបនា​ស្ពាន​ត​ភ្ជាប់​រវាង​ទ​ទីក្រុង​រណប​ទាំងពីរ​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​ជាង៣៨លាន​ដុល្លារ​អាមេរិក ហើយ​ស្ពាន​នេះ​នឹង​រួមចំណែក​សម្រួល ការធ្វើ​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ១ ដើម្បី​ត​ភ្ជាប់​មកកាន់​រាជធានី​ភ្នំពេញ។

លោក​ទូច សំណាង​បាន​បន្តថា  ទស្សនទាន​នៃ​ការ​អភិ​វ​ឌ្ឈ ទីក្រុង​រណប​ក​កោះនរា ដែលមាន​ផ្ទៃដី​ទំហំ​ជាង១០០ហិកតា និង​ស្ថិតនៅក្នុង​ផែនការមេ​អភិវឌ្ឍន៍ ដែលមាន​ភាពស្រដៀងគ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ៕

 

ទស្សនទាន​វិជ្ជមាន៖ ឧកញ៉ា​នួន អក បង្ហាញ​ពី​សក្តានុពល​នៃ​ទឹកដី​ខេត្តកំពត

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ បច្ចុប្បន្ន​កំណើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា កំពុងមាន​ភាព​រីកចម្រើន​យ៉ាងខ្លាំង​ក្លា ក្នុងនោះ​និន្នាការ​នៃ​វិស័យ​លំនៅដ្ឋាន បាន​កំពុង​ផ្លាស់ប្តូរ​គួរអោយកត់សម្គាល់​ពោល​ទាំង​តម្រូវការ និង​ស្តង់ដារ​នៃ​ការរស់នៅ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង។

លោក​ឧកញ៉ា​នួន អក​អ្នកវិនិយោគ​ផ្នែក​ដីធ្លី និង​រមណីយដ្ឋាន​ទ​ទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា វិស័យ​ទេសចរណ៍​កម្ពុជា គឺជា​ទីផ្សារ​ដ៏​ធំ​មួយ ដែល​បាន​ជួយ​ជម្រុញ​ដល់​កំណើន​វិស័យ​អចលនទ្រព្យ។

នៅពេលដែល​ចំនួន​អ្នក​ទេសចរណ៍​កើនឡើង ធ្វ្វើ​ឲ្យ​ការវិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច មានការ​កើនឡើង​ផងដែរ។ បច្ចុប្បន្ន​អ្នក​អភិវឌ្ឍន៍​កំពុង​សំឡឹងមើល​ពី​តំបន់ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ជុំវិញ​វិស័យ​លំនៅដ្ឋាន​លំហែកាយ និង​រមណីយដ្ឋាន​បែប​ធម្មជាតិ។

លោក​បន្តថា បច្ចុប្បន្ន​ខេត្តកំពត ហាក់​បាន​ក្លាយជា​ខេត្ត ដែលមាន​ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​ធម្មជាតិ​ឈានមុខ​គេ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន គឺ​មកពី​ខេត្តកំពត ដែល​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ទាក់ទាញ​បំផុត។ ក្រៅពីនេះ​លំនៅដ្ឋាន​លំហែកាយ​បែប​ធម្មជាតិ ក៏​ឃើញថា​មាន​កំណើន​ឡើង នៅក្នុង​ខេត្ត​មួយចំនួនទៀត​ដូចជា៖ ខេត្ត​ព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌល​គី​រី និង​កំពង់ស្ពឺ​ជាដើម។

កម្ពុ​ជាមាន​អំណោយផល​ស្រាប់ សម្រាប់​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​លំនៅដ្ឋាន​លំហែកាយ​បែប​ធម្មជាតិ។

លោក​ឧកញ៉ា​នួន អក​បាន​អះអាងថា វិនិយោគិន​គ្រាន់តែ​ត្រូវ​ស្វែងរក​ទីតាំង​ដែល​សមស្រប បន្ទាប់មក​អភិវឌ្ឍ​ឲ្យ​ត្រូវ​នឹង​គោ​បំណង ដើម្បី​បង្កើតជា​តំបន់​លំហែកាយ​ប្រកបដោយ​និរន្តរភាព។លោក​ឧកញ៉ា​បន្តថា បើ​ធៀប​កម្ពុជា​ទៅនឹង​សឹង្ហ​បុរី លោក​ថា​នៅ​សិង្ហ​បុរី អ្នក​អភិវឌ្ឍន៍​ត្រូវ​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ ដើម្បី​បង្កើតជា​តំបន់​ធម្មជាតិ​ដូចជា​ដាំ​ដើមឈើ ជីក​បឹង ចិញ្ចឹម​ត្រី​ជាដើម​មុននឹង​កែច្នៃ តំបន់​ណាមួយ​ធ្វើជា​តំបន់​លំហែកាយ​លក្ខ​ណៈធ​ម្ម​ជាតិ។

លោក​ឧកញ៉ា​នួន អក ខេត្ដ​កំពត​បានឱ្យដឹងថា ខេត្តកំពត​កំពុង​មើលឃើញថា​មាន​កំណើន​លឿន​សម្រាប់​រមណីយដ្ឋាន​បែប​ធម្មជាតិ ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ។

តំបន់​នៅតាម​បណ្តោយ​ដងព្រែក​កំពត មាន​សក្តានុពល​ច្រើន​សម្រាប់​ការ វិនិយោគ​រមណីយដ្ឋាន​បែប​ធម្មជាតិ។ ទោះបីជា​យ៉ាងណាក៏ដោយ ដី​នៅ​ជុំវិញ​ក្រុង​កំពត​ក្នុង​រង្វង់៣០គីឡូម៉ែត្រ​ត្រូវបាន​គេ​មើលឃើញថា មាន​សក្តានុពលប្លែកៗគ្នា​ទៅតាម​លក្ខណៈ​ធម្មជាតិរ​បស់ទីតាំង នីមួយៗ កំពត​មាន​ភ្នំ ទឹកស្ទឹង ដងព្រែក និង​សមុទ្រ​ជាពិសេស​កំពត​ឋាន​សួគ៌ា​មាន​ចំការ​ផ្កា​ជាច្រើន​ហិតា ហើយ​លោក​ថា​ខេត្តកំពត មាន​សក្តានុពល​ជាច្រើន​ដែល​មិនទាន់មាន​ការអភិវឌ្ឍ​នៅឡើយ។

លោក​ថា “កំពត​មាន​តំបន់​លាក់ខ្លួន និង​តំបន់ថ្មីៗជាច្រើន ដែល​មិនទាន់មាន​គេ​ស្គាល់​នៅឡើយ​មានដូចជា​កំពត​ឋានសួគ៌​ជាដើម” ។

ទូទៅ​រមណីយដ្ឋាន នៅ​កំពត​កំពុង​ដាក់​ជួល​ក្នុងតម្លៃ​ចន្លោះ​ពី២៥ដុល្លារ ទៅ៣៥ដុល្លារ​ក្នុង​មួយ​យប់។លោក​ក៏បាន​លើកឡើង​ដែរ​ថា រមណីយដ្ឋាន​បែប​ធម្មជាតិ​លក្ខណៈ​ប្រណិត នៅក្នុង​ប្រទេស​អាចមាន​តម្លៃ​រហូតដល់៣,០០០ដុល្លារ​ក្នុង​មួយ​យប់។ គឺ​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ប្រើប្រាស់​ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​នាំយក​គំនិត​ថ្មី​និង​ប្លែក​ពី​គេ ដើម្បី​ទទួលបាន​ភាពជោគជ័យ គិត​ចាប់ពី​ការ​រចនា និង​ការសាងសង់​រហូតដល់​ម្ហូបអាហារ ភេសជ្ជៈ និង​សុវត្ថិភាព​សម្រាប់​អ្នក​មក​ស្នាក់នៅ៕