ផ្លូវប្រវែងសរុបជាង៣៧៣គីឡូម៉ែត្រនៅទីជនបទខេត្តសៀមរាបនឹងត្រូវស្ថាបនា នៅឆ្នាំ២០២១នេះ

ដោយៈ រ៉ាណេត

សៀមរាបៈ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ គម្រោងស្ថាបនាផ្លូវនៅតាមទីជនបទនានា ទូទាំងខេត្តសរុបប្រវែងជាង៣៧៣គីឡូ​ម៉ែត្រនឹងត្រូវអនុវត្ត និងធ្វើឱ្យប្រសើរឡើ ងដើម្បីសម្រួលដល់ការធ្វើសំណើរ ការដឹកជញ្ជូន និងការលើកកម្ពស់សោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។

លោកសោ ប៊ុនធី ប្រធានការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានប្រាប់នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបមានគោលការណ៍ចំនួន៣ ដែលនឹងត្រូវអនុវត្ត រួមមាន ទី១ គម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាត ទី២ គម្រោងកែលម្អពីផ្លូវគ្រួសក្រហមមកជាផ្លូវកៅស៊ូ គម្រោងថែទាំខួប និងទី៣ គម្រោងថែទាំជាប្រចាំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់អង្គភាពខ្លួន។

នៅក្នុងឆ្នាំ២០២០កន្លងទៅ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើការជួសជុលផ្លូវថ្នល់ ទាំងគម្រោងកែលម្អ គម្រោងជួសជុលបន្ទាន់ គម្រោងថែទាំខួបនិងគម្រោងថែទាំជាប្រចាំបានចំនួនប្រមាណ១៩៣គីឡូម៉ែត្រ។ ដោយឡែកនៅក្នុងឆ្នាំ២០២១នេះវិញ មន្ទីរមានផែនការសម្រាប់គម្រោងជួសជុល ស្តារឡើងវិញ ថែរទាំខួប និងថែទាំជាប្រចាំផ្លូវថ្នល់ជនបទសរុបចំនួនប្រមាណ៣៧៣គីឡូម៉ែត្របន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។

លោកសោ ប៊ុនធីបានបន្តថា “ទន្ទឹមនឹងគម្រោងជួសជុល ស្តារឡើងវិញ ក៏ដូចជាផ្លូវដែលបានធ្វើរួចរាល់ហើយនោះ តាមរយៈការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅ មេត្តាចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីឱ្យផ្លូវថ្នល់អាចប្រើប្រាស់បានយូរអង្វែង”។

សម្រាប់គម្រោងថែទាំផ្លូវថ្នល់ និងគម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក គឺទទួលបានថវិកាពីរាជរដ្ឋាភិបាល និងមួយចំណែកទៀត ទទួលបានពីគម្រោងជំនួយរបស់រដ្ឋាភិបាលអាឡឺម៉ង់(KFW)។

ដោយឡែកសម្រាប់គម្រោងជួសជុល កែលម្អផ្លូវថ្នល់ផ្សេងៗទៀត ក៏ទទួលបានពីអង្គការដៃគូមួយចំនួន ដូចជាធនាគារអភិវឌ្ឍអាស៊ី(ADB) ធនាគារពិភពលោក(World Bank) និងគម្រោងជាច្រើនទៀតដែលកំពុងអនុវត្តទៅតាមជំហានៗ៕

សកម្មភាពអភិវឌ្ឍន៍នៅលើកោះពស់ក្រុងព្រះសីហនុបានចាប់ផ្តើមសកម្មភាព ឡើងវិញហើយ

        ដោយគង់ សូរិយា

        ភ្នំពេញៈ សកម្មភាពនៃការអភិវឌ្ឍន៍៍លើកោះតេជោមរតក(កោះពស់) នៅក្នុងក្រុងព្រះសីហនុ បានចាប់ផ្តើមសកម្មភាពឡើងវិញហើយ ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៣កំពុងដំណើរការអភិវឌ្ឍន៍។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី៤ មករានេះថា បច្ចុប្បន្នក្រុមហ៊ុនKoh Pous Investment Groupដែលជាក្រុមហ៊ុនរបស់រុស្ស៊ី បានចែកកោះនេះទៅក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ដើម្បីអភិវឌ្ឍន៍កោះនេះ ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងបី កំពុងសាងសង់វីឡា រមណីយដ្ឋាន និងរៀបចំឆ្នេរខ្សាច់នៅលើកោះនេះឲ្យកាន់តែមានភាពស្រស់ស្អាត។

លោកបន្តថា “កោះនេះមានទំហំ១១៦ហិកតា មានសកម្មភាពអភិវឌ្ឈន៍វិញហើយ ប៉ុន្តែស្ពានតភ្ជាប់ពីដីគោក ទៅកាន់កោះនេះមិនទាន់ឲ្យមានអ្នកឆ្លងទេ លើកលែងតែពេលមានពិធីបុណ្យទានម្តងៗ ក្រុមហ៊ុនអនុញ្ញាត្តឲ្យមានអ្នកទៅទស្សនា”។ លោកបន្តថា “យ៉ាងណាក៏ដោយ ការចូលទៅទស្សនាកំសាន្តនៅលើកោះ មិនទាន់មានការអនុញ្ញាត្តទេ ដោយ​សារក្រុមហ៊ុនកំពុងសាងសង់ និងមានគ្រឿងចក្រច្រើន”។

លោកឃាង ភារម្យបានបន្តថា ការអភិវឌ្ឍកោះពស់ នឹងរួមចំណែកទាក់ទាញទេចរណ៍ជាតិ អន្តរជាតិជាច្រើនទៀតនាពេលអនាគត ខណៈពេលនៅក្នុងឱកាសថ្ងៃឈប់សម្រាក៣ថ្ងៃ(៣១ធ្នូ ឆ្នាំ២០២០, ថ្ងៃទី១ និងថ្ងៃទី២ ខែមករា ឆ្នាំ២០២១)នៃពិធីឆ្លងឆ្នាំសាកលកន្លងមកនេះ ខេត្តទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកនៅមូលដ្ឋានមកទស្សនាកំសាន្តសរុបប្រមាណ១០ម៉ឺននាក់។

ទាក់ទងនឹងសកម្មភាពវិស័យអាកាសចរណ៍ ដែលភ្ជាប់មកខេត្តលោកបានបង្ហើប ឲ្យដឹងផងដែរថា បច្ចុប្បន្នដោយសារជំងឺCovid19 បានរីករាលដាលទូទាំងសាកលលោក និងប៉ះពាល់ដល់កម្ពុជាផងដែរ បានធ្វើឲ្យប៉ះពាល់វិស័យជាច្រើន នៅក្នុងខេត្តទាំងការវិនិយោគថ្មីៗ និងភ្ញៀវទេសចរណ៍ ប៉ុន្តែនៅពេលជំងឺនេះគ្រប់គ្រងបាន និងវ៉ាក់សាំងមានប្រសិទ្ឋភាព១០០ភាគរយ នឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ មានការរីកចម្រើនលឿ​នថែមទៀត។

លោកបន្តថា បច្ចុប្បន្នមានជើងហោះហើរចន្លោះពី៣ ទៅ៤លើកប៉ុណ្ណោះ បានចុះចតនៅព្រលានយន្តហោះខេត្តព្រះសីហនុ និងមានជើងហោះហើរតិចតួចផងដែរ មកពីប្រទេសនានា៕

បច្ចុប្បន្នភាពៈព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគិរីនឹងចាប់ផ្តើម សាងសង់ចុងឆ្នាំនេះ

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានថ្លែងថា ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងអាចចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ប្រសិនជាការចចាររវាងក្រុមហ៊ុន និងរដ្ឋាភិបាលបានបញ្ចប់តាមផែនការ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំាំពាក្យស្ថាប័នខាងលើ លោកស៊ិន ចាន់សិរីវត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី ៤ មករានេះថា ក្រុមហ៊ុនPowerchina International Group នឹងចាប់ផ្តើមសិក្សាលំអិតលើផែនការ សាងសង់ព្រលានយន្តហោះនេះ មុនដាក់ជូនរដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាលើការបែងចែកភាគលាភលើការវិនិ​យោគគំរោងមួយនេះ។

លោកបន្តថា “ប្រសិនជាមានការចចាបញ្ចប់តាមផែនការ ព្រលានយន្តហោះនេះនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ដែលព្រលាននេះមានសមត្ថភាពទទួលការចុះវចតយន្តហោះកម្រិតតំបន់អាស៊ាន”។លោកបន្តថា “ព្រលានយន្តហោះនេះ នឹងអាចទទួលការចុះចតប្រភេទយន្តហោះBoing 737, 320, 321 ដែលអាចផ្ទុកអ្នកដំណើរចន្លោះពី១៦០ទៅ១៨០នាក់”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា អ្វីសំខាន់ថាតើមានអ្នកធ្វើដំណើរច្រើនឬអត់ ហើយយើងមានអ្វីសំរាប់ទទួលអ្នកដំណើរ អ្នកទេសចរណ៍និងវិនិយោគិនអន្តរជាតិឬ​នៅ? ហេតុនេះទាមទារឲ្យមានការវិនិយោគច្រើនថែមទៀ តនៅខេត្តមណ្ឌលគិរី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទេស​ចរណ៍កម្ពុជាបានមានប្រសាសន៍ថា មណ្ឌលគិរីជាខេត្តមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេអភិវឌ្ឍន៍របស់អន្តរក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តនេះ ជាតំបន់សេដ្ឋកិច្ចពហុបំណង លើវិស័យ​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម។

លោកស្រីបន្តថា “ការសាងសង់ព្រលានយន្តហោះនេះជាកាតល្អ ព្រោះពេលភ្ញៀវទេសចរណ៍ទៅដល់ទីណាច្រើន នឹងមានវិនិយោគិនទៅដល់ទីនោះហើយ ប៉ុន្តែខេត្តនេះត្រូវពង្រឹងសេវាកម្មបដិសណ្ឋារកិច្ចបន្ថែមទៀត ខណៈបច្ចុប្បន្ននៅមានកម្រិតនៅឡើយ”។​លោកស្រីបន្តថា “បើអនុវត្តន៍បានតាមផែនការមេអន្តរក្រសួង ខេត្តមណ្ឌលគិរីនឹងមានសេវាកម្មសម្បូរបែប និងមានការរីកចម្រើនលឿន និងកាន់តែមានភាពទាក់ទាញថែមទៀត”៕

រដ្ឋាភិបាលគ្រោងដាក់ឱ្យអនុវត្តន៍ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ពេញ លេញនៅចុងត្រីមាសទី១

ដោយ:គង់ សូរិយា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា នឹងដាក់ឱ្យអនុវត្តពេញលេញនៅខែមីនាខាងមុខ ខណៈដែលបច្ចុប្បន្ន ច្បាប់នេះស្ថិតក្នុងការរៀបចំបន្ថែមពីអន្តរក្រសួង។

លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យ​ដឹងនាថ្ងៃទី៤ មករានេះថា“ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះ ពួកយើងរងចាំប្រកាសពិន័យអន្តរកាល ដែលក្រសួងពាក់ព័ន្ធបានប្រជុំជជែកគ្នាហើយ ប្រហែលអាចចប់នៅដើមខែមករានេះ។

លោកបន្តថា “យើងនៅមានប្រកាស២ទៀត ដែលគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នឹងសម្រេចនៅថ្ងៃទី១៣ ខែមករា ហើយនឹងមានប្រកាសផ្សេងៗទៀត ដូច្នេះការអនុវត្តន៍ពេញលេញយើងនឹងចាប់ផ្តើមនៅខែមីនា ដោយស្ថិតក្នុងកសាងឯកសារគតិយុត្តនៅក្រោមច្បាប់បណ្តើរៗ ផែនការសកម្មភាព ឯកសារគតិយុត្តក្រោម គឺរយះពេលក្នុងឆ្នាំ២០២១នឹងត្រូវមានទាំងអស់”។

ទាក់ទងនឹងពាក្យបណ្តឹងនានាពីសាធារណៈជននាពេលកន្លងមក លោកផាន អូនបានឱ្យដឹងថា មិនទាន់មានតួលេខទេ គ្រាន់តែដឹងថាមានពាក្យបណ្តឹងទាំងតូច និងធំ ដែលភាគច្រើនទាក់ទងម្សៅទឹកដោះគោ និងបណ្តឹងតូចៗផ្សេងទៀតទាក់ទងខូស្មិចទិច និងបណ្តឹងស្ថានីយប្រេងឥន្ធនៈមួយចំនួន។ ក្រៅពីនេះ អគ្គនាយកដ្ឋានមានចាត់វិធានការដាក់បណ្តឹងខ្លួនឯង ចំពោះអ្នកធ្វើធុរកិច្ចណាដែលមិនសុច្ចរិត និងការអនុវត្តន៍ធុរកិច្ចមិនសុច្ចរិតតែម្តងផងដែរ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានលើកឡើងកាលពីពេលកន្លងមកថា ដោយសារប្រព័ន្ធ និងគោលនយោបាយ ក្នុងកិច្ចការពារអ្នកប្រើប្រាស់របស់កម្ពុជាមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ដូច្នេះហើយទើបតម្រូវឱ្យមានការងារចំពោះមុខជាច្រើនត្រូវធ្វើ បូករួមទាំងការបំពេញនូវសេចក្តីត្រូវផ្សេងៗទៀត។

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឲ្យប្រើប្រាស់ដាក់ឱ្យអនុវត្តន នាខែវិចិ្ឆកា ឆ្នាំ២០១៩កន្លងទៅ ក្នុងនោះមាត្រា៥ បានចែងអំពីការបង្កើតនូវគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នេះឡើង។ តាមរយៈអាណត្តិ ដែលត្រូវបានផ្តល់ឱ្យដោយច្បាប់ អនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក៏ត្រូវទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលផងដែរ ហើយសមាសភាពនៃគណៈកម្មាធិការជាតិ តំណាងមកពីក្រសួង ស្ថាប័នចំនួន១២រូប៕

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតសម្រេចបាន៤៥ភាគរយ

ដោយៈ រ៉ាណេត

កំពតៈ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ប្រចាំនៅក្នុងខេត្តកំពតរហូតមកដល់ដើមឆ្នាំ២០២១នេះ សម្រេចបានប្រមាណ៤៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុង នៅត្រឹមខែមិថុនា ឆ្នាំ២០២១ខាងនេះ ដើម្បីដាក់ដណើរការនិងទទួលស្វាគមន៍ទេសចរជាតិ អន្តរជាតិនានា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការចុះត្រួតពិនិត្យវឌ្ឍនភាព និងគុណភាពផ្លូវជាតិលេខ៣ បានបន្តចុះទស្សនកិច្ច គម្រោងអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពត ដែលជាលទ្ធផលសម្រេចបានប្រមាណ៤៥ភាគរយ នៃគម្រោងសរុប។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ លើកដំបូងប្រចាំនៅក្នុងខេត្តកំពតនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានតម្លៃជិត១០លានដុល្លារអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ នឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំរុះជាតិសាសន៍ ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកកាន់កម្ពុជា។

នៅក្នុងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០១៩-២០២៣ ខេត្តកំពតគ្រោងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងតិច២,៥លាននាក់ គិតត្រឹមឆ្នាំ២០២៣។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតធ្លាប់បានប្រាប់ថា នៅពេលដែលទីតាំងកំពង់ផែបានបញ្ចប់ និងដាក់ឱ្យដំណើរការសេវាកម្ម វានឹងចូលរួមចំណែ​កលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសតាមរយៈកញ្ចប់ទេសចរណ៍ ដែលភ្ជាប់ខេត្តកំពត ជាមួយគោលដៅនៅប្រទេសវៀតណាម និងថៃ ដោយរំពឹងថានឹងផ្តល់សេវាទេសចរណ៍អន្តរជាតិ និងក្នុងស្រុកចំនួន៣,៦០0,០០០នាក់ក្នុងមួយឆ្នាំ។

កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ មានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវា ដឹកអ្នកដំណើរបានពី៣០០-៤០០នាក់។ កំពង់ផែនេះក៏ផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ហើយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕

គេហទំព័របររទេសមួយបានធៀបសក្តានុពលអចលនទ្រព្យនៅភ្នំពេញ ដូចទី ក្រុងបាងកកកាលពី៣០ឆ្នាំមុន

ដោយវឌ្ឈនៈ

ភ្នំពេញៈ គេហទំព័របរទេសមួយបានប្រៀបធៀបទីក្រុងភ្នំពេញ ដូចទីក្រុងបាងកកកាលពី៣០ឆ្នាំមុន មានន័យថាកម្ពុជាដើរក្រោយគេ ប៉ុន្តែប្រទេសនេះបានរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

គេហទំព័រ investasian.com បានផ្សព្វផ្សាយកាលពីម្សិលមិញនេះថា  ទីក្រុងភ្នំពេ​ញបាននិងកំពុងរីកចំរើនយ៉ាងខ្លាំង ដែលធ្វើឱ្យមានការទាក់ទាញវិនិយោគិនអន្តរជាតិ មកបណ្តាក់ទុនវិនិយោគ ខណៈមនុស្សមួយចំនួនប្រៀបធៀបថា ទីក្រុងមួយនេះដូចទៅនឹងទីក្រុងបាងកកកាលពី៣០ឆ្នាំមុន ដែលជាទីក្រុងនេះ បានទាក់ទាញវិនិយោគិនបរទេសជាច្រើន។

ទីក្រុងភ្នំពេញនេះក៏បានទាក់ទាញភ្ញៀវបរទេស ជាមួយនឹងទីផ្សារតាមដងផ្លូវដ៏រស់រវើក មានស្ថាបត្យកម្មបារាំងដ៏អស្ចារ្យ និងមានអគារប្រវត្តិសាស្រ្តជាច្រើនផងដែរ។ ដោយ​សារកត្តាទាំងអស់នេះហើយ បានធ្វើឱ្យទាក់ទាញវិនិយោគិន ឱ្យមកទទួលយកនូវបទពិសោធន៍ថ្មីៗ និងបានចាប់ផ្តើមសម្រុកមកវិនិយោគ នៅក្នុងទីក្រុងភ្នំពេញដើម្បីទទួលបានផលចំណេញខ្ពស់។

គេហទំព័រដដែលនេះបានបន្តថា ជនបរទេសភាគច្រើន បានសម្រុកទិញខុនដូ និងលំនៅឋានអាជីវកម្មច្រើននៅក្នុងទីក្រុងភ្នំពេញ សម្រាប់រស់នៅនិងធ្វើអាជីវកម្ម ខណៈកម្ពុជាគឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន មានការទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

គេហទំព័រនេះបានបញ្ជាក់ថា  ជនបរទេសភាគច្រើន បានទិញអចលនទ្រព្យចំនួន២ប្រភេទ គឺអាផាតម៉ិនបែបលំនៅឋានអាជីវកម្ម និងខុនដូ។ ការទិញអាផាតម៉ិនបែបលំនៅឋានអាជីវកម្មជាទូទៅ គឺអាចជួសជុលជួល ធ្វើអាជីវកម្ម និងលក់បន្ត ដើម្បីទទួលបានផលចំណេញ។

ម៉្យាងវិញទៀត ការទិញខុនដូ គឺមិនមានផលចំណេញច្រើនទេ ប៉ុន្តែងាយស្រួលក្នុងការកាន់កាប់ និងថែរក្សា។

តែយ៉ាងណាក៏ដោយជនបរទេស ដែលមានបំណងទិញអចលនទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ តែងតែមានជម្រើសលើការទិញខុនដូ និងអាផាតមិនបែបអាជីវកម្ម។សម្រា​ប់ការទិញខុនដូនៅក្នុងទីក្រុងភ្នំពេញ អាចមានតម្លៃថ្លៃបន្តិច ហើយនៅតំបន់ខ្លះក៏មានការរិតត្បិតផងដែរ។ មិនតែប៉ុណ្ណោះ ការទិញខុនដូ មិនទទួលបានផលចំណេញច្រើននោះទេ បើធៀបទៅនឹងការទិញអាផាតម៉ិនបែបអាជីវកម្ម។

ទោះយ៉ាងណា យោងតាច្បាប់សហកម្មសិទ្ធិ ជនបរទេសរស់នៅប្រទេសកម្ពុជា ការទិញអាផាតម៉ិនបែបអាជីវកម្ម គឺមានការលំបាកជាងបើប្រៀបធៀប ទៅនឹងការទិញខុនដូ។ ជនបរទេសអាចកាន់កាប់ខុនដូទាំងស្រុង ប៉ុន្តែដើម្បីកាន់កាប់អចលនទ្រព្យផ្សេងទៀតបាន ពួកគេត្រូវតែមានក្រុមហ៊ុនកាន់កាប់ដីធ្លី។

ជារួមការទិញលំនៅឋានបែបអាជីវកម្ម នៅក្នុងទីក្រុងភ្នំពេញ របស់ជនបរទេសទាមទាពេលវេលាយូ ព្យាយាមអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការទិញ និងជួសជុល។ សម្រាប់ការទិញខុនដូវិញ អាចផ្តល់ប្រាក់ចំណេញទាបជាង ប៉ុន្តែវាងាយស្រួលក្នុងការទិញ និងកាន់កាប់ក្នុងនាមជាជនបរទេស៕

 

កម្ពុជាទទួលបានកំនើនទុនវិនិយោគពីក្នុងស្រុកនិងក្រៅប្រទេសបានជាង៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០

ដោយៈ រ៉ាណេត

ភ្នំពេញៈ កម្ពុជាទទួលបានកំណើនទុនវិនិយោគ សរុបជាង៤ពាន់លានដុល្លារទៅលើគម្រោងចំនួន១៧៨ នៅទូទាំងប្រទេស ខណៈដែលទំហំនៃការនាំចេញមានការកើនឡើងរហូតដល់ប្រមាណ១៦ពាន់លានដុល្លារ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា ការកើនឡើងនៃចំនួនទុនវិនិយោគនៅក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះ គឺបណ្តាលមកពីចលករសំខាន់ៗចំនួន២ គឺទី១កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ទី២ ការដាក់ចេញឱ្យអនុវត្តន៍៍ នូវគោលនយោបាយសេដ្ឋកិច្ចបើកទូលាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាបន្តថា “គោលដៅនៃការវិនិយោគពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិគឺវានៅតែបន្តកើនឡើងជាបន្តបន្ទាប់ ដែលក្នុងនោះមួយភាគធំទទួលបានផលប្រ​យោ​ជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយមហាអំណាចសេដ្ឋកិច្ចចិន ការទទួលបាន GSP ពីចក្រភពអង់គ្លេស ដែលអាចនាំទំនិញចូលទីផ្សារអឺរ៉ុបដោយការរួចពន្ធ ការអនុវត្តនៃកិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងពិភពលោក រួមជាមួយនឹងការរៀបចំកំណែទម្រង់ច្បាប់វិនិយោគថ្មី”។

លោកឧកញ៉ាលឹម ហេងបានបន្តថា បន្ថែមពីនេះ ហេតុផលសំខាន់ដែលធ្វើឱ្យប្រទេសមួយ អាចទទួលបានកំណើនទុនវិនិយោគបន្ថែម គឺមានកត្តាសំខាន់ៗចំនួនយ៉ាង ទី១ សន្ដិភាព ស្ថិរភាពនយោបាយ ទី២ ការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដ៏ល្អត្រឹមត្រូវដែលធុរជន នៅតាមបណ្តាប្រទេសនានា អាចមានជំនឿចិត្តយ៉ាងមុតមាំក្នុងការចូលមកបណ្តាក់ទុនវិនិយោគ ដែលអាចទទួលបានចំណេញ។ ដូច្នេះកត្តានៃគោលនយោ​បាយទាំង២នេះគឺមានសារសំខាន់បំផុត។

លោកឧកញ៉ាបានលើកឧទារហណ៍ថា “យើងធ្លាប់បានឃើញរួចមកហើយថា នៅតាមបណ្តាប្រទេសមួយចំនួន មានសន្ដិភាពពេញលេញ ប៉ុន្តែកត្តានៃគោលនយោបាយសេដ្ឋកិច្ចមិនល្អ មិនអំណោយផលដល់វិនិយោគិន”។លោកបន្តថា “ដូច្នេះសេដ្ឋកិច្ចនៃប្រទេសនោះមិនអាចរីកចម្រើនបាននោះទេ។ ផ្ទុយទៅវិញគោលនយោបាយទាំង២ ដូច​ដែលបានលើកឡើងខាងលើនេះ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រទេសជាតិទាំងមូល”។

ជាមួយនឹងការសាទរ ទៅនឹងការទទួលបានកំណើនទុនវិនិយោគបន្ថែម ក៏ដូចជាទំហំនៃការនាំចេញរបស់កម្ពុជា មានការកើនឡើងនៅក្នុងឆ្នាំ២០២០ លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ថ្វីត្បិតទំហំនៃការនាំចេញរបស់យើងបានកើនឡើង ប៉ុន្តែយើងត្រូវតែបង្កើនលទ្ធភាពផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។

លោកបន្តថា ការនាំចេញ និងមានទីផ្សារល្អរបស់កម្ពុជាមួយភាគធំ គឺផលិតផលវាយនភ័ណ កាត់ដេរ គ្រឿងបង្គុំ ជាពិសេស កង ដែលមានទីផ្សារទូលាយ ប៉ុន្តែសម្រាប់ប្រភេទផលិតផលកសិ-ឧស្សាហកម្មកម្ពុជានៅមានកម្រិតនៅឡើយ។ ដូច្នេះ កម្ពុជាត្រូវតែពង្រឹង និងពង្រីកលទ្ធភាពក្នុងផលិតប្រកបដោយគុណភាព សម្រាប់ការនាំចេញបន្ថែមទៀត ដើម្បីអាចទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀង និងការទទួលបានកិច្ចអនុគ្រោះពន្ធ​សំខាន់លើមុខទំនិញនៃការនាំចេញ៕

គាំទ្រផលិតផលក្នុងស្រុកៈ Temple Paint ផ្តល់ជូនអតិថិជននូវជម្រើសថ្នាំបីប្រភេទ សំរាប់សំណង់របស់ខ្លួន


        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ  ផលិតផលថ្នាំលាបថេមភល ផេន (Temple Paint) របស់ក្រុមហ៊ុន IMCT Co., Ltd បាននិងកំពុងផ្តល់ជម្រើសដល់អតិថិជន នូវផលិតផលចំនួន៣ប្រភេទ ដែលអាចបត់បែនបាន និងស្របតាមតម្រូវការរបស់អតិថិជន។

នាយកក្រុមហ៊ុនIMCT ដែលផលិតថ្នាំលាបម៉ាកTemple Paint លោកធួន ស៊ីណានបានមានប្រសាសន៍ឱ្យដឹងកាលពីចុងសប្តាហ៍មុនថា សម្រាប់ថ្នាំលាប Temple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើយអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុ​ខ​ភាពទៀតផង និងធ្វើឱ្យគេហដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

ថ្នាំលាបTemple Paintបានផលិតលើផលិតផលបីទម្រង់ ដែលមានតម្លៃទាប តម្លៃមធ្យម និងតម្លៃខ្ពស់ ដែលសុទ្ឋតែមានគុណភាពស្តង់ដាអន្តរជាតិ អាចប្រកួតប្រជែងជាមួ​យថ្នាំលាបនាំចូល្បីៗបានផងដែរ។

ទី១ Temple Paint ឈ្មោះ “កោះកេរ្ត៍”ជាថ្នាំដែលមានតម្លៃប្រកួតប្រជែងជាមួយថ្នាំលាបក្នុងស្រុកដទៃទៀត និងមានគុណភាពស្តង់ដាអន្តរជាតិ ទី២ Temple Paint “ម៉ាកបន្ទាយស្រី” ជាផលិតផលមានកម្រិតមធ្យម ប៉ុន្តែស្តង់ដាលំដាប់អន្តរជាតិ និងអាចធានារយៈពេលប្រើប្រាស់បានយូរ និងទី៣ Temple Paintម៉ាក “អង្គរវត្ត”ជាប្រភេទថ្នាំាំប្រណីត និងអាចប្រើប្រាស់បានរយៈពេលវែង មិនចាញ់ផលិតផលនាំចូលមកពីក្រៅប្រទេសនោះទេ ជាពិសេសធានាគុណភាពប្រើប្រាស់រយៈពេលវែង និងមានការធានាជូនពីរោងចក្រយ៉ាងត្រឹមត្រូវ។

លោកបានឱ្យដឹងទៀតថា “ផលិតផលនេះ បានផលិតតាមរូបមន្តផ្សំចុងក្រោយបង្អ ស់នៃបច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពខ្ពស់ ក្នុងការការពារផ្ទៃជញ្ជាំងឱ្យមានភាពរឹងមាំ និងរលោង”។

លោកធួន ស៊ីណានបានបន្តថា ជាងនេះទៅទៀតTemple Paint វាជាប្រភេទថ្នាំ ដែលធន់នឹងទឹក និងអាចលាងសម្អាត ដើម្បីធ្វើឱ្យផ្ទៃជញ្ជាំងទាំងមូលរក្សានូវភាពស្អាត និងរឹងមាំបានយូរអង្វែង ហើយគ្មានធាតុផ្សំAPEO ដែលបង្កផលប៉ះពាល់ទៅដល់បរិស្ថាន។

ក្រុមហ៊ុន IMCT Co., Ltd បានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានប្រើឈ្មោះប្រាសាទអង្គរវត្ត ជាទីគោរពសក្ការៈ នៅក្នុងម៉ាកយីរហោ ផលិតផលថ្នាំលាប របស់ក្រុមហ៊ុន IMCT Co., Ltd។

ម្ចាស់ដេប៉ូ និងអ្នកសាងសង់នានាចាប់អារម្មណ៍សួមទំនាក់ទំនងតាមទូរសព្ទលេខ៖ ០៩៦ ២៦ ៩៩ ១៩៨/ ០៧៨ ៥៨ ៥៣ ៤៧៕

អ្នកវិនិយោគអចលនទ្រព្យបង្ហាញពីសុទិដ្ឋិនិយមជាមួយគម្រោងសាងសង់ព្រលានយន្ដហោះនៅខេត្តមណ្ឌលគីរី

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ជាមួយនឹងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចជ្រើសរើសក្រុមហ៊ុន Power China International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើរ គំរោងសាងសង់អាកាសយានដ្ឋានថ្មី ខ្នាតតំបន់នៅខេត្តមណ្ឌលគិរី បណ្តាអ្នកវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីក្ដីសាទរ និងមានសុទិដ្ឋិនិ​យមចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលមួយនេះ។

អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KAT Appraisal លោកស្រី ចេវ សុឃុន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា ការសម្រេចប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាខាងលើនេះ គឺជារឿងដ៏ល្អបំផុត ដែលជាការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រចាំតំបន់ ក៏ដូចជាជួយសម្រួលដល់ការវិស័យដឹកជញ្ជូន និងទេសចរណ៍ផងដែរ។

លោកស្រីបានបន្តថា “ក្រោយពេលបញ្ចប់ការសាងសង់ និងដាក់ដំណើរការព្រលានយន្ដហោះមួយនេះ នឹងចូលរួមចំណែកក្នុងការធ្វើឱ្យល្អប្រសើរដល់វិស័យជាច្រើន ដែលក្រៅពីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផ្សេងៗ ក៏បានជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈកំណើនការវិនិយោគ និងពាណិជ្ជកម្ម រួមជាមួយនឹងការជួយបង្កើនឱ្យមានកិច្ចអភិវឌ្ឍន៍ក្នុងវិស័យសំណង់ផងដែរ”។

លោកស្រីបន្តថា នៅពេលមានភាពងាយស្រួលក្នុងការធ្វើដំណើរ មិនមែនមានតែកំណើនទេសចរនោះទេ កំណើននៃការវិនិយោគផ្សេងៗ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យក៏នឹងកើតមាន។ នៅពេលមានកំណើនទេសចរ តែងជំរុញឱ្យមានតម្រូវការកន្លែងស្នាក់នៅ កន្លែងផ្តល់សេវាអាហារដ្ឋាន និងសេវាទេសចរណ៍ផ្សេងៗទៀត ហើយទាំងអស់នេះ សុទ្ធតែជាចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។ អ្វីដែលសំខាន់វត្តមាននៃព្រលានយន្តហោះមួយនេះ អាចនឹងក្លាយតំបន់អភិវឌ្ឍមុំ៣របស់កម្ពុជា វៀតណា​ម និងឡាវ ខណៈដែលរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងបង្កើតទីក្រុងរណបនៅក្នុងស្រុកអូររាំងផងដែរនោះ។

លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ថា គ្រប់ផែនការ និងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឱ្យអនុវត្តរហូតមកដល់ពេលនេះដូចជា មិនទាន់មានគម្រោងណាមួយដែលធ្វើមិនបាននោះទេ ផ្ទុយទៅវិញគឺមានតែការអនុវត្តលឿន និងបញ្ចប់មុនផែនការ។

លោកឧកញ៉ាបានបន្តថា“ក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោហ៊ុន សែ​ន គឺតែងទទួលបាននូវភាពជោគជ័យ ជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទន ស្ទើរគ្រប់ផ្នែក ដែលក្នុងនោះមិនថាការបង្កើតក្រវាត់ក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក៏ដូចជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ”។

លោកឧកញ៉ាបញ្ជាក់ថា “ការសម្រេចសាងសង់ព្រលានយន្តហោះ ថ្នាក់តំបន់នៃខេត្តមណ្ឌលគីរី គឺស្របទៅនឹងសក្ដានុពលរបស់ខេត្តដែលមានស្រាប់ បន្ថែមពីលើផែន​ការអភិវឌ្ឍន៍ និងវិនិយោគក្រោមការចូលរួមពីវិស័យឯកជន”។ លោកបន្តថា “ជាក់ស្ដែង នៅត្រឹមដំណាក់កាលនាពេលនេះ យើងឃើញមានវិស័យឯកជន បានបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ធាប់ទៅលើការវិនិយោគ ក្នុងវិស័យទេសចរណ៍ដូចជាការបង្កើតតំបន់កម្សាន្ត ការបង្កើតជាបឹងហ្គាឡូជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរ ដែលកើនឡើងយ៉ាងគំហុកនៅក្នុងខេត្តមួយនេះ”។

ទាំងអស់នេះក៏ជាផ្នែកមួយ ស្ថិតនៅក្នុងផែនការមេរបស់ក្រសួងទេសចរណ៍ រួចជាស្រេច ហើយក៏ជាគោលបំណងរបស់រាជរដ្ឋាភិបាលដែរ។

លោកឧកញ៉ាបន្តថា “ក្រោយពេលគម្រោងសាងសង់ត្រូវបានបញ្ចប់ និងដាក់ឱ្យដំណើរការ វានឹងជួយប្រែក្លាយខេត្តមណ្ឌលគីរីឱ្យទៅជាខេត្តមួយ ដែលមានការអភិវឌ្ឍ រីកចម្រើន ទាំងវិស័យដឹកជញ្ជូន វិនិយោគ និងពាណិជ្ជកម្ម ជាពិសេសជួយជំរុញកំណើនទេសចរកាន់តែច្រើនបន្ថែមទៀតជាក់ជាមិនខាន”។

រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើរគំរោងសាងសង់អាកាសយាន ដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ធ Framework  Agreement ជាមួយក្រុមហ៊ុន Powerchina International Group តាមនិតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គំរោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគំរោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ៕

ចិន ព្រមាននឹងសងសឹក បើបណ្ដាក្រុមហ៊ុនទូរគមនាគន៍ចិន ត្រូវបានលុបចេញពីបញ្ជីផ្សារហ៊ុនអាមេរិក

ដោយៈ សុខុម

សៀងហៃ: ក្រសួងពាណិជ្ជកម្មចិន បានប្រកាសក្ដែងៗកាលពីថ្ងៃសៅរ៍ ទី០២ មករា ដើមឆ្នាំ២០២១ នេះថា ប្រទេសចិន នឹងចាត់ “វិធានការចាំបាច់នានា” ដើម្បីការពារផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនចិន បន្ទាប់ពីផ្សារភាគហ៊ុនអាមេរិក New York Stock Exchange ហៅកាត់ NYSE ប្រកាសថា ខ្លួននឹងចាប់ផ្ដើមដំណើរការលុបក្រុមហ៊ុនទូរគមនាគមន៍ចិន ចំនួន ៣ ដែលរងការចោទប្រកាន់ថាមានទំនាក់ទំនងនឹងយោធាចិន ចេញពីបញ្ជីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី០២ មករា ឆ្នាំ២០២១។

ផ្សារភាគហ៊ុន New York Stock Exchange បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូ ចុងឆ្នាំ២០២០ ថា ខ្លួននឹងចាប់ផ្ដើមដំណើរការលុបក្រុមហ៊ុនទូរគមនាគមន៍ចិន ចំនួន ៣ រួមមានក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន China Telecom ចេញពីបញ្ជីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរារាំងការវិនិយោគរបស់អាមេរិក ទៅលើបណ្ដាក្រុមហ៊ុនដែលកាន់កាប់ ឬគ្រប់គ្រងដោយយោធាចិន។

ការជួញដូររបស់ក្រុមហ៊ុនចិន ទាំងនេះនឹងត្រូវផ្អាកនៅពេលណាមួយចន្លោះពីថ្ងៃ មករា ដល់ថ្ងៃទី១១ មករា។

ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសថា ការលុបក្រុមហ៊ុនចិន ចេញពីបញ្ជីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក គឺជាការរំលោភបំពានដល់សន្តិសុខជាតិ និងមិនស្របទៅតាមច្បាប់ទីផ្សារ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន និយាយថា “ចិន ប្រឆាំងដាច់ខាតចំពោះអាមេរិក ដែលបំពានដល់សន្តិសុខជាតិតាមរយៈការដាក់បញ្ចូលបណ្ដាក្រុមហ៊ុនចិន ទៅក្នុងអ្វីដែលគេហៅថា ‘ក្រុមហ៊ុនយោធារបស់ចិន កុម្មុយនីស្ត’ ហើយចិន នឹងចាត់វិធានការតបតចាំបាច់នានាដើម្បីការពារដាច់ខាតនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្ដាក្រុមហ៊ុនចិន”។

វិធានការតបតទាំងនោះក៏នឹងធ្វើឱ្យ “គ្រប់ភាគីពាក់ព័ន្ធទាំងអស់បាត់បង់ទំនុកចិត្តខ្លាំងទៅលើទីផ្សារមូលធនរបស់សហរដ្ឋអាមេរិក” ផងដែរ។ ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្មចិន មិនបានផ្តល់ព័ត៌មានលម្អិតថា តើវិធានការទាំងនោះជាអ្វីឱ្យប្រាកដឡើយ។

គេមើលឃើញថា ក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បានបង្កើនទណ្ឌកម្មសេដ្ឋកិច្ច និងបម្រាមធ្វើដំណើរប្រឆាំងបណ្ដាក្រុមហ៊ុនចិន ក្រុមមន្ត្រីរដ្ឋាភិបាលចិន និងសមាជិកបក្សកុម្មុយនីស្តចិន ជាពិសេសក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនៃការកាន់អំណាចរបស់លោក ត្រាំ។

ហើយកាលពីខែធ្នូ ចុងឆ្នាំ២០២០ សហរដ្ឋអាមេរិក បានប្រកាសផែនការកំណត់ទិដ្ឋាការសម្រាប់សមាជិកនៃបក្សកុម្មុយនីស្តចិន និងក្រុមគ្រួសាររបស់ពួកគេមកនៅត្រឹមរយៈពេលតែ ១ ខែជំនួសឱ្យរយៈពេល ១០ ឆ្នាំ។

លើសពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei ត្រូវបានធាក់ចេញពីទីផ្សារសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក ថែមទាំងបានឡប់ប៊ី (បញ្ចុះបញ្ចូល) ឱ្យប្រទេសផ្សេងៗធ្វើតាមខ្លួនទៀតផង ហើយទទួលបានលទ្ធផលចម្រុះ៕