រាជរដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ដើម្បី​ពង្រឹង​វិស័យ​សំណង់

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​ចេញ​អនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ដែលមាន​វិសាលភាព​អនុវត្ត​ចំពោះ​សំណង់​គ្រប់​ប្រភេទ​លើកលែងតែ​ប្រភេទ​សំណង់​ដែលមាន​កំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក ដើម្បី​ជួយ​ជំរុញ​ការវិនិយោគ​នៅក្នុង​វិស័យ​សំណង់ និង​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម។


នៅក្នុង​អនុក្រឹត្យ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មាន​ចំនួន២២ទំព័រ ១២ជំពូក និង៥៩មាត្រា បានបញ្ជាក់​យ៉ាង​លម្អិត​ទៅលើ​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង ការអនុញ្ញាត និង​ការសម្រេចផ្សេងៗពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​នៃ​ការសាងសង់ និង​អភិវឌ្ឍ​សំណង់​ផ្សេង​គ្រប់​ប្រភេទ​ដែល​ស្ថិតនៅក្រោម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជា​រដ្ឋមន្ត្រី។

នៅក្នុង​អនុក្រឹត្យ​បានបញ្ជាក់​ពីបទ​ប្បញ្ញត្តិ​ទូទៅ ស្ថិតនៅក្នុង​មាត្រា១បាន​បញ្ជាក់ថា អនុក្រឹត្យ​នេះ​បានកំណត់​ពី​ប្រភេទ និង​កម្រិត​នៃ​អាជ្ញា​បណ្ណ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ លក្ខខណ្ឌ  និង​នីតិវិធី​នៃ​ការផ្តល់ ការបញ្ចប់​សុពលភាព ការបន្ត​សុពលភាព ការព្យួរ និង​ការដកហូត​អាជ្ញារ​បណ្ណ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ក៏ដូចជា​លក្ខខណ្ឌ​នៃ​ការអនុវត្ត​ការងារ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​ក្នុង​គោលបំណងសំខាន់ៗដូចជា ធានាបាន​នូវ​គុណភាព សន្ដិសុខ សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ និង​សាធារណៈជន។

បន្ថែម​ពីនេះ​នៅមាន​ធានា​ដល់​ការងារ​សិក្សា​គម្រោង​ប្លង់ ការងារ​សាងសង់  និង​ការងារ​រុះរើ​អនុលោម​តាម​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​សំណង់។ ធានា​គណនេយ្យភាព និង​ប្រសិទ្ធភាព​ក្នុង​ការប្រកប​វិជ្ជាជីវៈ និង​ការប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ បង្កើន​ជំនឿ​ទុកចិត្ត​របស់​សាធារណៈជន​លើ​សំណង់ រួម​ជាមួយនឹង​ការជំរុញ​ការវិនិយោគ​នៅក្នុង​វិស័យ​សំណង់ និង​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម។

នៅក្នុង​អនុក្រឹត្យ​ដដែល​ក៏បាន​បញ្ជាក់ថា វិសាលភាព​អនុវត្ត​អាច​ប្រព្រឹត្តទៅ​ចំពោះ​សំណង់​គ្រប់​ប្រភេទ លើកលែងតែ​ប្រភេទ​សំណង់​ដែលមាន​កំណត់​នៅក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក៕

ចំណេះដឹង​ពាណិជ្ជកម្ម! អ្វី​ជា​និតិ​វិធី​នៃ​ការ​នាំចូល​ទំនិញ?

ដោយ​វឌ្ឍនៈ

ភ្នំពេញៈ ទំនិញ​នាំចូល​ទាំងអស់ ត្រូវបាន​រាយការណ៍​នៅ​ការិយាល័យ​គយ ឬ​ទីកន្លែង​ផ្សេងទៀត ទៅតាម​ការកំណត់​រប​ស់នា​យក​ទីចាត់ការគយ​និង​រដ្ឋាករ។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ចេញប្រកាស​កំណត់ពេល​វេលា របៀបរបប​តម្រូវកា​រ​ឯកសារ កាលៈទេសៈ និង​ការលើកលែង​នានា ពាក់ព័ន្ធ​នឹង​ការរាយការណ៍ ពី​ទំនិញ​នាំចូល(មាត្រា ១០) ។

គ្មាន​ជនណាម្នាក់​អាច​រើ​ទំនិញ​ចេញ ពី​មធ្យោបាយ​ដឹកជញ្ជូន​ពេលមកដល់​កម្ពុជា​បានទេ មុន​ពេលដែល​ទំនិញ​ទាំងនេះ ត្រូវបាន​រាយការណ៍​ដ​ល់​គយ​ស្របតាម​ច្បាប់​នេះ លើកលែងតែ​ក្នុងករណី​ដែល​សុវត្ថិភាព មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ ជន​នានា​លើ​មធ្យោបាយ​ដឹកជញ្ជូន ឬ​តតិយជន​ផ្សេងទៀត​ត្រូវបាន​គំរាម កំហែង​ក្នុង​ល័ក្ខខ័ណ្ឌ​មាន​អាសន្ន ដូច​ចែង​ក្នុង​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (មាត្រា ១២) ។

រដ្ឋបាល​គយ​អាច​អនុញ្ញាត ឲ្យ​ទំនិញ​ដូច​មានចែង​ក្នុង​មាត្រា១០ នៃ​ច្បាប់​នេះ​យក​ចេញពី​កន្លែង​បំពេញ បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​មុនពេល​បង់ពន្ធ អាករ និង​កម្រៃ​នានា​បន្ទាប់ពី​បាន​បំពេញ​ទម្រង់ការ​គយ​រួច និង​នៅក្រោម​ការត្រួតពិនិត្យ​គយ ក្នុង​គោលបំណង

  • ធ្វើ​សន្និធិ​គយ​បណ្តោះអាសន្ន
  • ធ្វើ​សន្និធិ​គយ​មាន​ដែន​កំណត់
  • ដឹកជញ្ជូន​បន្ត​ក្នុង​រង្វង់ ឬ​តាម​ដែន​គយ ឆ្ពោះទៅ​គ​ម្យ​ដ្ឋា​ន​តាមតម្រាយ​ផ្លូវ​ស្របច្បាប់ និង​ក្នុង​រយៈពេល​កំណត់ដោយ​គយ​រួមមាន ការឆ្លងកាត់ ការផ្ទេរ​មធ្យោបាយ​ដឹកជញ្ជូន ឬ ការដឹកជញ្ជូន​ឆ្ពោះទៅកាន់​មកពី​ឬ​រវាង​ការិយាល័យ និង​ភណ្ឌាគារ​គយ​នានា (មាត្រា ១៣) ។

ទំនិញ​នាំចូល​ទាំងឡាយ អាច​ទទួលបាន​ការអនុញ្ញាត ដោយ​រដ្ឋបាល​គយ​ឲ្យ​យកចេញ​តាម​របប ប្រវេសន៍​កាលិក ប្រសិនបើ​ក្នុងពេល​នាំចូល​អាច​ត្រូវបាន​បង្ហាញថា ទំនិញ​ទាំងនោះ​នឹងត្រូវ​នាំចេញ​ទៅវិញ។ ទំនិញ​នាំចូល​បណ្តោះអាសន្ន ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​គយ រហូតដល់​ពេលដែល​ល័ក្ខខ័ណ្ឌផ្សេងៗ តាម​របប​ប្រវេសន៍​កាលិក​ត្រូវបាន​បំពេញ​រួច(មាត្រា ១៥)៕

ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្តក្រចេះ​សម្រេចបាន​ជាង ៧០ភាគរយ លើ​ផ្ទៃដី​សរុប​ជិត ៨០ម៉ឺន​ហិកតា

ដោយៈ រ៉ា​ណេ​ត

ក្រចេះ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ ២០២០  ជា​លទ្ធផល​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​ខេត្តក្រចេះ សម្រេចបាន​ប្រមាណ ៧០ភាគរយ នៅលើ​ផ្ទៃដី​សរុប​ជិត ៨០ម៉ឺន​ហិកតា។

ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ខេត្តក្រចេះ ក្នុង​ឆ្នាំ២០២០នេះ សម្រេចបាន​ជាង៧០ភាគរយ​ហើយ ដែល​ជួយ​សម្រួល​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ឱ្យមាន​ទំនុកចិត្ត​ខ្ពស់ ជាពិសេស​មាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​ជួយ​កាត់បន្ថយ​វិវាទ​ដីធ្លីផ្សេង។

លោក​កៅ ម៉ា​ឌី​ឡែ​ន ប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម​សំណង់ និង​សុរិយោដី​ខេត្តក្រចេះ​បានឱ្យដឹងថា មន្ទីរ​បាន​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ចាប់តាំងពី​ឆ្នាំ២០១៤ រហូតមកដល់​បច្ចុប្បន្ន គឺ​បានផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន២១ភូមិ ក្នុង​សង្កាត់​ចំនួន៤និង​ឃុំ​ចំនួន៥ របស់​ស្រុក​ចំនួន៣និង​ក្រុង១ ដែល​សរុប​មាន១៥,៩៨៨បណ្ណ  ស្មើនឹង១៣,៨០១គ្រួសារ លើ​ផ្ទៃដី​ចំនួន៧៨២,២៦៥ ហិកតា។

លោក​បន្តថា “មន្ទីរ​មាន​ផែនការ​យ៉ាង​ច្បាស់លាស់ ក្នុងការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​ក្នុង១ឆ្នាំ សម្រេច​ឱ្យបាន១ម៉ឺន​ក្បាលដី ហើយ​ឆ្នាំ២០២០នេះ សម្រេច​ជាង៧០០០ក្បាលដី បើទោះបី​ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ-១៩ក៏ដោយ ក៏​មិនមាន​ការរាំងស្ទះ​ដល់​ក្រុមការងារ​ឡើយ” ។

លោក​បន្តទៀតថា ការចុះបញ្ជី​ដីធ្លី​នេះ គឺ​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជា​ពល រដ្ឋ​បានជា​ច្រើន ដូចជា មាន​កន្លែង​រស់នៅ​មួយ​ដែល​ពិតប្រាកដ អាច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ងាយស្រួល អាស្រ័យ​ផល​លើ​ផ្ទៃដី ដែលជា​កម្មសិទ្ធិ​របស់​គាត់​ផ្ទាល់​ពិសេស​កាត់បន្ថយ​នូវ​ទំនាស់​ដីធ្លី​ដែល​កើតឡើង ដោយសារ​ការរស់នៅ​លើ​ដី ដែល​មិន​ច្បាស់លាស់ និង​គ្មាន​បណ្ណ​កម្មសិទ្ធិ​ជាដើម ។ ម្យ៉ាងទៀត គឺមាន​បណ្ណ​កម្មសិទ្ធិ​ស្រប ច្បាប់​អាច​យកទៅ​ខ្ចីលុយ​ធ្វើ​ដើមទុន​រកស៊ី​បាន​ទៀតផង។

លោក​បញ្ជាក់ថា ពាក់ព័ន្ធ​រឿង​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នេះ យើង​មាន​លក្ខណៈពិសេស​មួយ គឺ​យើង​ចុះទៅ​ដល់ទី​តាំង យើង​ចុះបញ្ជី​មួយ​ភូមិម្តងៗ ហើយ​យើង​ឃើញថា​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​នេះ គឺ​លោក​សប្បាយចិត្ត ហើយ​លោក​ជំ​រុញឱ្យ​យើងខ្ញុំ​ឱ្យទៅ​ចុះបញ្ជី​នៅ​ភូមិ​របស់លោក ដោយសារ​នៅទីនេះ​យើង​មានតែ៣ក្រុម យើង​ចុះបញ្ជី​បានតែ៣ភូមិ ក្នុងខណ:ដែលមាន​ភូមិ​ជាច្រើន​បានស្នើ​សុំ។ គាត់​យល់ដឹង​ពី​ការប្រើប្រាស់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ គឺ​ធានា​ដោយ​ច្បាប់។

ការចុះ​ធ្វើ​សកម្មភាព​វាស់វែង ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូល ដ្ឋា​ន​គ្រប់​ថ្នាក់ ដើម្បី​កំណត់​ទិសដៅ ហើយ​បញ្ជូន​របាយ ការណ៍​មក​ខេត្ត ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ត្រួតពិនិត្យ៕

រដ្ឋាភិបាល​ថៃ​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​ដើម្បី​ទាក់ទាញ​វិនិយោគ​ក្រៅប្រទេស

ដោយៈ​វុត្ថា

បាងកកៈ រដ្ឋាភិបាល​ថៃ​គ្រោង​ធ្វើ​វិសោធនកម្ម បទ​ប្បញ្ញត្តិផ្សេងៗក្នុង​វិស័យ​អន្តោប្រវេសន៍ អាជីវកម្ម​បរទេស និង​សម្រួល​ដល់​ផ្នែក​ផ្សេងទៀត ដើម្បី​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​កាន់តែច្រើន​នៅ​ឆ្នាំ​ក្រោយនេះ។

គេហទំព័រ hrmasia.com បាន​ចុះផ្សាយ​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក៏​នឹង​គ្របដណ្ដប់​លើ​ពលករ​បរទេស ពន្ធ​ពិសេស ការធ្វើផែនការ​ទីក្រុង ជីវចម្រុះ អាជីវកម្ម​ភាពយន្ត និង​វិស័យ​ថាមពល​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ។

គេហទំព័រ​នេះ​បន្តថា រដ្ឋាភិបាល​ថៃ​កំពុង​កំណត់​គោលដៅ ដើម្បី​សម្រេច​ឱ្យបាន​យ៉ាងហោចណាស់៨៥% នៃ​ការធ្វើ​វិសោធនកម្ម ដែល​បាន​ស្នើឡើង​ក្រោម​គ្រោងការណ៍​“regulatory guillotine” នៅ​ឆ្នាំក្រោយ។

គណៈកម្មការ​អភិវឌ្ឍ​ន៍​វិស័យ​សាធារណៈ បាន​ដឹកនាំ​បេសកកម្ម​ធ្វើ​ជំនួញ នៅ​ប្រទេស​ថៃ​ឱ្យ​កាន់តែ​ងាយស្រួល​ជាង​សព្វថ្ងៃ។

ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នាពេល​បច្ចុប្បន្ន បានដាក់​បន្ទុក​អ្នក​ធុរកិច្ច និង​អ្នកប្រើប្រាស់​ឱ្យមាន​ចំណូល ប្រហែល១៤២ពាន់​លាន​បាត (៤,៧ ពាន់​លាន​ដុល្លារ) ជា​រៀងរាល់ឆ្នាំ។

វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ថៃ​បាន​ព្យាករ​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​នឹង​កាត់បន្ថយ​ការចំណាយ​ប្រចាំឆ្នាំ ៥៥,២% ឬ១៣៣ពាន់​លាន​បាត (៤,៤ ពាន់​លាន​ដុល្លារ​អាមេរិក) សម្រាប់​អតិថិជន និង២២,៤% ឬ៩ពាន់​លាន​បាត (២៩៩ លាន​ដុល្លារ​អាមេរិក) សម្រាប់​អាជីវកម្ម។

រដ្ឋាភិបាល​សង្ឃឹមថា ការកែប្រែ​ទាំងនេះ​នឹង​ជួយ​លើក​ប្រទេស​ថៃ នៅក្នុង​ចំណាត់ថ្នាក់ “ភាពងាយស្រួល​ក្នុងការ​ធ្វើ​ធុរកិច្ច” របស់​ធនាគារពិភពលោក​ពី​ចំណាត់ថ្នាក់​ទី២១ របស់ខ្លួន​ទៅក្នុង​ចំណាត់ថ្នាក់១០ ។

អាជីវកម្ម​បរទេស និង​ក្នុងស្រុក​បាន​ត្អូញត្អែរ​ជា​យូរ​មកហើយ អំពី​បន្ទុក​ថ្លៃដើម​ដែល​បណ្តាលមកពី​ការអនុលោម តាម​ការិយាធិបតេយ្យ​ថៃ ប៉ុន្តែ​រដ្ឋាភិបាល​យឺត​ក្នុងការ​លុបឈ្មោះ។

កាសែត The Nation ប្រទេស​ថៃ​បាន​និយាយថា វិនិយោគិន​បរទេស​បាន​ជំរុញ​ឲ្យ មានច្បាប់​មិត្តភាព​ស្តីពី ជនអន្តោប្រវេសន៍​អាជីវកម្ម​បរទេស​និង​ពន្ធ៕

ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ចំនួន៣របស់​កម្ពុជា​នឹង​បញ្ចប់​សាងសង់នៅ​ឆ្នាំក្រោយ និង​ឆ្នាំ២០២៣

ដោយៈ​វុត្ថា

ភ្នំពេញៈ ព្រលានយន្តហោះ​របស់​ក​ម្ពុ​ជ​ចំនួន២ ដែលមាន​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក នឹង​បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ ២០២៣ ខាងមុខនេះ និង​មួយទៀត​នឹង​បញ្ចប់​នៅមុន​ប​ណា​ច់​ឆ្នាំ ២០២១ ដែល​នឹង​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ ការបង្កើន​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​ការអភិវឌ្ឍ​ន៏​សង្គម​ប្រកបដោយ​ចីរភាព។

១) គម្រោង​អាកា​សយនដ្ឋាន​អន្តរជាតិ​សៀមរាប

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ក្នុង​ខេត្តសៀមរាប បានសម្រេច​បាន​ចំនួន៣៥%ហើយ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី១៤ ខែ​មិនា ឆ្នាំ២០២៣ខាងមុខ ដោយ​ការសាងសង់​ព្រលាន​នេះ បាន​ចាប់​ផ្តើ​ចាប់តាំងពី​ថ្ងៃទី១៥ ខែ​មិនា ឆ្នាំ២០២០ មក​ម្លេះ ដែលមាន​រយៈពេល៣៦ខែ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.។

ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​ទាំងមូល​នេះ ( Overall Schedule)បាន រាយការណ៍ អំពី​វឌ្ឍនៈភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progressin 2020) ផែនការ​សាងសង់​អាកា​ស​យានដ្ឋាន​ឆ្នាំ២០២១ (Construction Plan for 2021) និង​វិធានការ​ត្រួតពិនិត្យ និង​ការបង្ការ​ជម្ងឺឆ្លង​កូ​វិដ១៩ ចំពោះ​បុគ្គលិក និង​កម្មករ​ដែល​ធ្វើការ​ក្នុង។

ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី​នេះ នឹង​ចំណាយ​ទុនវិនិយោគ​ប្រមាណ៩០០លាន​ដុល្លារ ដែល​នឹង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ៧០០ហិកតា រួម​ជាមួយនឹង​ផ្ទៃដី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១០០០ហិកតា​ទៀតផង។

២) គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី មាន​ទីតាំង​ស្ថិតនៅក្នុង ស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង​ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ស្ថាបនា​លើដី​ទំហំ​ប្រមាណ២ ៦០០ហិកតា មាន​បណ្តោយ​ប្រមាណ៦គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ៤គីឡូម៉ែត្រ។ ដំណើការ នៃ​ការសាងសង់​ព្រលាន​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ នឹង​រួចរាល់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

សមត្ថភាព​អាកាសយានដ្ឋាន បន្ទាប់ពី​សាងសង់​រួច៖ឆ្នាំ២០២៣ ទទួល​អ្នកដំណើរ ១៣លាន​នាក់ ឆ្នាំ២០៣០ ទទួល​អ្នកដំណើរ៣០លាន​នាក់ ឆ្នាំ២០៥០ ទទួល​អ្នកដំណើរ ៥០លាន​នាក់។

ព្រលានយន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ១៥០០លាន​ដុល្លារ ដែលជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រលានយន្តហោះ​ធំ ដែល​អាច​នឹង​ស្រូបយក និង​ទទួលបាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស​រហូតដល់ Airbus A380-800 និង​យន្តហោះ Boeing 747-800 ចុះចត​បាន។

ក្រុមហ៊ុន​វិនិយោគ​មាន​ម​ហិ​ច្ឆិ​តា អភិវឌ្ឍន៍​ជា​ព្រលានយន្តហោះ​ថ្មី​នេះ​ឲ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី។

៣) គម្រោង​អាកាសយានដ្ឋាន​តារា​សាគរ​ខេត្តកោះកុង

គម្រោង​អាកាសយានដ្ឋាន​តារា​សាគរ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ស្រុក​ថ្មបាំង និង​ស្រុក​បទុម​សាគរ ខេត្តកោះកុង​ត្រូវបាន​វិនិយោគ​ការសាងសង់ ដោយ​ក្រុមហ៊ុន​ចិន Union Development Group (UDG) សហការ​ជាមួយ​ក្រុមហ៊ុន​MY និង​ក្រុមហ៊ុន​ស៊ី​ឈួន ហួយ​ស៊ី​ង​គ្រុប។

អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​នេះ នឹង​បើក​ឱ្យ​ហោះហើរ​សាកល្បង​មុន ខែមីនា ឆ្នាំ២០២១ ។ ការរៀបចំ​ពេលវេលាសំខាន់ៗ របស់​គម្រោង​សាងសង់​អាកាសយាន ដ្ឋា​ន​រួមមាន៖ ទី១- ការរៀបចំ​ធ្វើ​សុពលភាព​ហោះហើរ ( Flight Validation) នឹង​គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ២០២០  ទី២- បញ្ចប់ សុពលភាព​ហោះហើរ ( Flight Validation)នឹងធ្វើ​នៅ​ខែ កុម្ភៈ ឆ្នាំ២០២១ ។

ទី៣- ទទួល​បញ្ចប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន មុន​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០។ ទី៤- ការធ្វើការ​ហោះហើរ​សាក​ល្បង​នៅ មុន​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។

ទី៥ – បំពេញ​ទទួល​បញ្ចប់​គម្រោង​អាកាសយានដ្ឋានផ្សេងៗទៀត មុន​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ទី៦- ទទួល​គម្រោង​អាកាសយានដ្ឋាន ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល មុន​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

ទី៧- ការបំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​អាកាសយានដ្ឋាន (សុំ​វិញ្ញាបនបត្រ​ប្រតិបត្តិការ​អាកាសយានដ្ឋាន) និង​ចាប់ផ្តើម​ប្រតិបត្តិការ​អាកាសយានដ្ឋាន នា​ពាក់កណ្តាល​ឆមាស​ទី២ ឆ្នាំ២០២១ ។

តាម​ផែនការ​គម្រោង​ព្រលានយន្តហោះ​នេះ នឹងត្រូវ​ចំណាយ​ទឹកប្រាក់២០០លាន​ដុល្លារ ដោយ​គម្រោង​ទាំងមូល រួមមាន ការស្ថាបនា​ផ្លូវ​សម្រាប់​យន្តហោះ​រត់ ដែលមាន​ប្រវែង​បណ្តោយ៣២០០ម៉ែត្រ និង​ទទឹង៦០ម៉ែត្រ និង​ស្ថានីយ៍​អ្នកដំណើរ។ ក្រោយ​សាងសង់​រួច អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ នឹង​អនុញ្ញាតឱ្យ​យន្តហោះ​ធុន​យក្ស​ប្រភេទ ប៊ូ​អ៊ីង៧៧៧ និង​អ៊ែរ​ប៊ឹ​ស A៣៤០ ចុះចត​បាន៕

សារ​ជូនពរ​ឆ្នាំ​ថ្មី​ពី​ផ្សារ​បៃតង​ស្រស់ ដល់​អតិថិជន​ជាទី​ស្រលាញ់ ជាមួយនឹង​ស្នាមញញឹម​និង​ជោគជ័យ​ថ្មី

ដោយ មករា

ភ្នំពេញៈ ជាមួយនឹង​ការលើកទឹកចិត្ត​ដល់​កសិករ​កម្ពុជា ឲ្យ​មាន​ទីផ្សារ​លក់​ផលិតផល​របស់ខ្លួន និង​រួមចំណែក​លើក​កំពស់​ជីវភាព​សហគម​ន៍ “ផ្សារ​បៃតង​ស្រស់” បាននិងកំពុង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​បង្កើត​ការងារ និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ។

ឈរលើ​ទស្សនវិស័យ​ចង់​ឲ្យ​ប្រជាពលរដ្ឋ មាន​ម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី​សាច់់​ធម្មជាតិ​ទ​ទួន​ទាន ទទួលបាន​សុខភាព​ល្អ សុវត្ថិភាព ផ្សារ​បៃតង​ស្រស់ បាននិងកំពុង​ដើរតួនាទី​ជា​អន្តរការី ក្នុង​ការនាំ​ាំ​មក​នូវ​ផលិតផល កសិផល ម្ហូបអាហារ​ពី​សហគមន៍​មក​ជូន​ដល់​អ្នកប្រើប្រាស់ ជាមួយ​ផលិតផល​មានគុណ​ភាព សុវត្ថិភាព និង​រសជាតិ​ឆ្ងាញ់​ដល់​អតិថិជន។

រហូតមកទល់​ពេលនេះ ផ្សារ​បៃតង​ស្រស់ បាន​ដំណើរការ​រយៈពេល៥ឆ្នាំ​មកហើយ និង​បានទទួល​បានការ​គាំទ្រ កើនឡើង​ជាប្រចាំ​ពី​អតិថិជន ដោយសារ​យើង​បានធ្វើការ​ជាមួយ​ម្ចាស់​ចំការ អ្នក​ចិញ្ចឹម​មាន់ ទា ត្រី បន្លែ ដែល​សុ​ទ្ឋ​តែ​ដាំ​ដុះ​នៅ​សហគមន៍​ជា​ផលិតផល​បែប​សរីរាង្គ។ អ្វី​កាន់តែ​ពិសេស​បន្លែ ផ្លែឈើ ដែល​បានដាក់​លក់​នៅ​ផ្សារ​បៃតង​ស្រស់ សុ​ទ្ឋ​តែ​បាន​ឆ្លងកាត់​មណ្ឌល​ត្រួតពិនិត្យ​ចំណីអាហារ ដែល​ស្ថិតក្រោម​ចំណុះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ថិតក្រោម​គំរោង​ជំនួយ​ពី​ប្រទេស​ជប៉ុន ដែល​ផលិតផល​ឆ្លងកាត់​មណ្ឌល​ត្រួតពិនិត្យ​នេះ សុ​ទ្ឋ​តែ​អាច​នាំចេញ​ទៅកាន់​ប្រទេស​នានា​បាន។

អ្វីដែល​ផ្សារ​ធ្វើការ​ជាមួយ​អ្នក​ផលិត កសិករ អ្នក​ចិញ្ចឹមសត្វ បានធ្វើ​ឡើង​ដោយ​គោរព​តាម​គោលការណ៍​ច្បាស់លាស់ លើ​ការត្រួតពិនិត្យ តាមដាន ពិសេស​មានការ​ប្តេជ្ញាចិត្ត​ពី​ប្រជាកសិករ​នៅ​សហគមន៍​មូលដ្ឋាន​ផ្ទាល់ ក្នុងការ​អនុវត្តន៍​ស្តង់ដា​អនាម័យ និង​មិន​ប្រើប្រាស់​សា​ធារ​ធាតុគីមី ដែល​នាំ​ាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។

គុណ​តម្លៃ​របស់​ផ្សារ គឺ​ចង់​យើង​ផ្តល់​ឲ្យ​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ល្អ​បំផុត មាន​សុវត្ថិភាព​បំផុត​ដល់​អតិថិជន។

ជាមួយនឹង​ការទទួលបាន​ការគាំទ្រ​នេះ ផ្សារ​បៃតង​ស្រស់ នឹង​ផ្តល់នូវ​កាដូ​នូវ​កញ្ចប់​លើកទឹកចិត្ត​ជា​ថវិកា តាមរយៈ Vouchers ដែល​អតិថិជន​ទទួលបាន​តម្លៃ​លើកទឹកចិត្ត(ការបញ្ចុះ​តម្លៃ) ដើម្បី​ជាការ​ថ្លែងអំណរគុណ​ជាពិសេស​ដល់​អតិថិជន ដែល​បាន​គាំទ្រ​ផ្សារ​កន្លងមក និង​អតិថិជនថ្មី។

ធ្មេចបើកៗ ឆ្នាំ២០២១បាន​ឈាន​មកដល់ ផ្សារ​បៃតង​ស្រស់ ដែល​តំណាង​ឲ្យ​កសិករ​នៅក្នុង​សហគមន៍ សមាគម បន្លែ ផ្លែឈើ ត្រី​សាច់ សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ជាទី​ស្រលាញ់ ដែល​បាន​ជួយ​គាំទ្រ​នូវ​ផលិតផល​របស់​យើងខ្ញុំ​កន្លងមកនេះ។ ការគាំទ្រ​របស់លោក អ្នក​ពិតជា​បានផ្តល់​នូវ​កម្លាំងចិត្ត ការតាំង​ចិត្ត សេចក្តី​អំណរ​និង​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង។

នាឱកាស​ឆ្នាំ​ថ្មី​មកដល់ អ្នកតំណាង​តំណាង​សហគមន៍​ផ្សារ​បៃតង​ស្រស់ សូម​គោរព​ជូនពរ​អតិថិជន​គ្រប់រូប សូម​ទទួលបាន​សុខ​សំណាងល្អ សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ជួបប្រទះ​តែ​សេចក្តីសុខ គ្រប់​ក្រុមគ្រួសារ​ជាមួយនឹង​អំណរ​ឆ្នាំ​ថ្មី និង​ប្រាថ្នាអ្វីៗបានសម្រេច​ជោគជ័យ​គ្រប់​បំណង ពិសេស​ជួបប្រទះ​តែ​នឹង​ពុ​ទ្ឋ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណៈ សុ​ខៈ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

សញ្ញាវិជ្ជមានៈ ទីបំផុតមេដឹកនាំចិន និងសហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងវិនិយោគដ៏ធំ

ដោយៈ សុខុម

អន្តរជាតិៈ នៅទីបំផុតប្រទេសចិន និងសហភាពអឺរ៉ុប សម្រេចបានកិច្ចព្រមព្រងព្រៀងវិនិយោគដ៏សំខាន់មួយ ហើយកាលពីរាត្រីថ្ងៃពុធ ទី៣០ ធ្នូម្សិលម៉ិញនេះ។

កិច្ចព្រមព្រៀងនេះ ទំនងជាធ្វើឱ្យសហរដ្ឋអាមេរិក មិនសប្បាយចិត្តនេះនឹងផ្ដល់លទ្ធភាព ចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ភាគីទាំង២ និងអនាគតកាន់តែត្រចះត្រចង់ សម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប។ នេះបើយោងតាមប្រធា​នាធិបតីចិន លោក ស៊ី ជីនភីង បានបញ្ជាក់ក្នុងថ្ងៃដដែល។

នៅក្នុងលេខចុះផ្សាយនៅថ្ងៃទី៣១ ធ្នូ កាសែត China Daily បានដកស្រង់សម្ដីក្រុមអ្នកចរចាដូច្នេះថា កិច្ចព្រមព្រៀងនេះបានឈានដល់ការព្រមព្រៀងគ្នា “ជាគោលការណ៍” ហើយ។

ក្នុងសន្និសីទវីដេអូ ឬVideo Conference លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel)ប្រធានាធិបតីបារាំង លោកEmmanuel Macron  ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់អឺរ៉ុប បានប្រកាសរួមគ្នា នូវការបិទបញ្ចប់ដំណើរការចរចានេះដោយជោគជ័យ ក្រោយអូសបន្លាយអស់រយៈពេលជាង៧ឆ្នាំ។

លោកស៊ី ជីនពីងបានថ្លែងថា កិច្ចព្រមព្រៀងដែលប្រកបដោយតុល្យភាព គុណភាពខ្ពស់ និងផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមកនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងទំនុកចិត្តរបស់ប្រទេសចិន នៅក្នុងការលើកកម្ពស់ការបើកទូលាយកម្រិតខ្ពស់។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក ក្នុងសម័យក្រោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ជួយសម្រួលដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក បង្កើនទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះសកលភាវូបនីយកម្ម និងពាណិជ្ជកម្មសេរី និងជាការរួមចំណែកដ៏ធំ នៅក្នុងការកសាងសេដ្ឋកិច្ចពិភពលោកដែលមានលក្ខណៈបើកទូលាយ។

ការចរចាកិច្ចព្រមព្រៀងវិនិយោគចិន-សហភាពអឺរ៉ុប នេះបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៣ ជាមួយនឹងគោលបំណង សម្រេចឱ្យបានកិច្ចព្រមព្រៀងកម្រិតខ្ពស់ ដែលគ្របដណ្តប់ការការពារការវិនិយោគ និងការចូលទៅកាន់ទីផ្សារ។ ភាគីទាំង២បានរៀបចំកិច្ចចរចាជុំទី៣៥ កាលពីដើមខែធ្នូ ឆ្នាំ២០២០។

លោកស៊ី បានធ្វើការកត់សម្គាល់ថា “ប្រទេសចិន ប្ដេជ្ញាបង្កើតគំរូអភិវឌ្ឍន៍ថ្មីមួយដែលនឹងនាំមកនូវឱកាសទីផ្សារច្រើនជាងមុន និងទូលំទូលាយជាងមុនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប និងពិភពលោកទាំងមូល”។លោកបាមសម្តែងសុទិដ្ឋិនិយមថា“ សហភាពអឺរ៉ុប នឹងលើកកម្ពស់ពាណិជ្ជកម្មសេរី និងពហុភាគីនិយម និងបង្កបរិយាកាសធ្វើពាណិជ្ជកម្មបើកទូលាយ ត្រឹមត្រូវ និងមិនរើសអើងសម្រាប់បណ្ដាវិនិយោគិនចិន”។

លោកបានរំលឹកថា ឆ្នាំ២០២០ ជាឆ្នាំដ៏លំបាកសម្រាប់ប្រទេសចិន អឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល ដែលបានបង្កឱ្យមានស្ថានភាពមិនប្រាកដប្រជា ដោយសារតែការ ផ្ទុះវីរុសកូវីដ-១៩ និងការផ្លាស់ប្ដូរយ៉ាងធំសម្បើម មិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សរ៍មកនេះ។

លោកបានបន្ថែមថា “ប្រទេសចិន និងអឺរ៉ុបបានជម្នះគ្រប់ការលំបាក ហើយសម្រេ​ចបានសមិទ្ធផលជាផ្លែផ្កា នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី”៕

សារជូនពរឆ្នាំថ្មីៈ យើងបានចេញពីចំណុចលំបាកមកកាន់គុណតម្លៃមួយលើវិស័យសារគមនាគមន៍

ដោយ ៖ យិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ធ្មេចបើកៗ ឆ្នាំ២០២១បានរំកិលមកដល់ ជាមួយនឹងក្តីសង្ឃឹម និងស្នាមញញឹមថ្មី ហើយរីករាយជាមួយនឹងអំណរនៃពន្លឺព្រះទិនករថ្មីសំរាប់ឆ្នាំថ្មី ដែលមនុស្សម្នានៅជុំវិញពិភពលោក មានសុទិដ្ឋិនិយមជាងឆ្នាំ២០២០ដ៏កលយុគ។

ផ្តើមចេញពីដំណើរដ៏លំបាកមួយ ដើរលើផ្លូវរលាក់ ដំណើរយឺត ប៉ុន្តែយើងមិនឈប់ដើរនោះទេ ជាពិសេសយើងនៅតែបន្តផ្តល់ព័ត៌មានពិត ឥតលំអៀង លឿន រហ័ស ឈរលើក្រមសីលធម៌ វិជ្ជាជីវៈ និងគុណតម្លៃនៃក្រមសីលធម៌ជាស្នូលរបស់យើង។

ជាមួយនឹងការមិនបោះបង់ ជាមួយនឹងការហ៊ានប្រឈមមុខនឹងសម្ពាធកើនឡើងពីការប្រកួតប្រជែង យើងនៅតែរក្សាជំហ៊ានឆ្ពោះទៅមុខ ជាមួយទស្សនវិស័យវិជ្ជមាន ដើម្បីរួមចំណែកផ្តល់ព័ត៌មានពិត ប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ដែលរដ្ឋាភិបាលបាននិងកំពុងប្រយុទ្ឋប្រឆាំង។

គេហទំព័រPropertyarea.asia និងfacebook Pageឈ្មោះ Property Area Asiaបានទទួលការគាំទ្រពីមិត្តអ្នកអាន អ្នកស្តាប់ជាតិ និងអន្តរជាតិកើនឡើងជាប្រចាំ ដោយ​សារការរក្សាបាននូវគុណតម្លៃរបស់យើង។

យើងបានរកឃើញគុណតម្លៃមួយ ប៉ុន្តែយើងមិនដែលមោទនភាព នឹងសមិទ្ឋផលនេះទេ តែយើងបានដាក់សម្ពាធសំរាប់ខ្លួនឯងឲ្យប្រឹងប្រែងថែមទៀត ដើម្បីផ្តល់ជូនអ្នកអាន អ្នកស្តាប់នូវចំណេះដឹង និងបទវិភាគស៊ីជម្រៅ ដើម្បីផ្តល់ជូនអ្នកអាន អ្នកស្តាប់យកទៅពិចារណា ដើម្បីប្រើប្រាស់ជាមូលដ្ឋានចំណេះដឹងប្រចាំថ្ងៃ និងសំរាប់ធ្វើជាមូលដ្ឋានសំរាប់ការវិនិយោគរបស់ខ្លួន។

ជាមួយនឹងការទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិកើនឡើងជាប្រចាំ នៅឆ្នាំ២០២១នេះ យើងនឹងមានផលិតផលថ្មី តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយវាគ្មិនជាតិ និងអន្តរជាតិ លើប្រធានបទថ្មីៗទាក់ទងនឹងបច្ចុប្បន្នភាពអចលទ្រព្យនៅកម្ពុជា ដើម្បីពង្រីកការយល់ដឹងដល់សាធារណៈជន ក៏ដូចជារួមចំណែកជាមួយ​រដ្ឋាភិបាល ក្នុងការលើកស្ទួយបរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង។

ឆ្នាំថ្មី! ជោគជជ័យថ្មី !ស្វាគមន៍ឆ្នាំ២០២១ សង្ឃឹមយើងលែងភ័យព្រួយដូចឆ្នាំចាស់ សូមគោរពជូនពរដៃគូពាណិជ្ជកម្មទាំងអស់ មិត្តអ្នកអានជាតិ និងអន្តរជាតិជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសជួបប្រទះនឹងពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

កម្ពុជា-ថៃ កំណត់យកវិស័យអាទិភាពចំនួន៥រួមគ្នា ដើម្បីអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រថៃ បានសម្រេចរួមគ្នាដោយកំណត់យកវិស័យអាទិភាពចំនួន៥បន្ថែមទៀតក្នុងការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២។

គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០បានយល់ព្រម និងឯកភាពជាមួយរដ្ឋាភិបាលថៃកំណត់យកវិស័យអាទិភាពចំនួន៥បន្ថែមទៀត ដើម្បីដំណើរការអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២។

ក្រោមវត្តមានរបស់លោក អុឹម សួរ អគ្គលេខាធិការងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Pattarat Hongtong អគ្គនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់ដ៍ បានរៀបចំកិច្ចប្រជុំពិសេសរួមគ្នាដើម្បីកំណត់ និងអនុវត្តនូវកិច្ចសហប្រតិបត្តិការបច្ចេកទេសលើកទី១៥ ដោយជាលទ្ធផលបានចាត់បន្ថែមនូវវិស័យអាទិភាពចំនួន៥បន្ថែមទៀត។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៍ក្នុងទម្រង់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ(២០១៧-២០១៩) ទទួមបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយក្នុងនោះបានផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួន៣រួមមាន វិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការពង្រឹងសមត្ថភាពដល់មន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា និងការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លី។

ជាមួយគ្នានេះក៏មានការជំរុញ និងពន្លឿនការអនុវត្តគម្រោងសាងសង់អគារវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ការសាងសង់អគារកំពស់៣ជាន់សម្រាប់ដេប៉ាតឺម៉ង់ភាសាថៃនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការសាងសង់អគារក្នុងមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរមនុស្សនៅខេត្តបន្ទាយមានជ័យ។

ដោយឡែកសម្រាប់វិស័យអាទិភាពចំនួន៥ដែលត្រូវបានកំណត់បន្ថែមសម្រាប់ការអនុវត្តរយៈពេល៣ឆ្នាំបន្ទាប់២០២១-២០២៣ រួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍន៍សហគមន៍ និងជនបទ ការអភិវឌ្ឍន៍សង្គម វិស័យបរិស្ថាន និងការអភិវឌ្ឍន៍ធនធានមនុស្ស។ បន្ថែមពីនេះ ភាគីថៃក៏បាប្ដេជ្ញាផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លីសម្រាប់ឆ្នាំ២០២១-២០២៣មកដល់កម្ពុជាផងដែរ៕

អាមេរិក ដំឡើងពន្ធលើគ្រឿងបន្លាស់យន្តហោះ ស្រាបារាំង និងអាល្លឺម៉ង់ ខណៈជម្លោះជាមួយសហភាពអឺរ៉ុបមិនទាន់ចប់

ដោយ ៖ សុខុម

វ៉ាស៊ីនតោន: ក្រុមមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធ ទី៣០ ធ្នូថាពួកគេនឹងដំឡើងពន្ធលើផលិតផលមួយចំនួនរបស់សហភាពអឺរ៉ុប ដោយក្នុងនោះរួមទាំងគ្រឿងបន្លាស់យន្តហោះ និងស្រានាំចូលពីប្រទេសបារាំង និងអាល្លឺម៉ង់ផងដែរ អំឡុងពេលជម្លោះរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងព្រុចសែល ជុំវិញការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតយន្តហោះមិនទាន់បញ្ចប់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០នេះ។


ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (Office of the US Trade Representative) ហៅកាត់ USTR បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងដំឡើងពន្ធលើគ្រឿងបន្លាស់យន្តហោះ និងប្រភេទស្រាមួយចំនួនព្រមទាំងស្រាគោញាក់ (Cognac) និងស្រាប៊្រែនឌី (Brandy) ផ្សេងៗទៀតដែលនាំចូលពីប្រទេសបារាំង និងអាល្លឺម៉ង់។

ទោះជាយ៉ាងណា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកមិនបានបញ្ជាក់ថា ការដំឡើងពន្ធនេះនឹងចូលជាធរមាននៅពេលណាឱ្យប្រាកដឡើយ ប៉ុន្តែបានធ្វើការកត់សម្គាល់ថា ព័ត៌មានបន្ថែមជុំវិញការដំឡើងពន្ធនេះនឹងផ្ដល់ជូនក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការយកពន្ធថ្មីៗទាំងនេះគឺជាវិធានការចុងក្រោយនៅក្នុងជម្លោះរាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានអូសបន្លាយអស់រយៈពេល ១៦ ឆ្នាំជុំវិញការឧបត្ថម្ភដល់អាកាសចរណ៍ស៊ីវិលពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដែលជាគូប្រជែងធំនឹងគ្នា។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើកឡើងក្នុងថ្ងៃដដែលថា សហភាពអឺរ៉ុប បានគណនាពន្ធដោយមិនត្រឹមត្រួវប្រឆាំងសហរដ្ឋអាមេរិក ដែលត្រូវបានអនុញ្ញាតដោយសេចក្ដីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីខែកញ្ញា នៅក្នុងជម្លោះដែលមិនទាន់បញ្ចប់។ ការិយាល័យនេះបានបន្ថែមថា “សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការមួយចំនួនដើម្បីប៉ះប៉ូវសងសម្រាប់ភាពមិនត្រឹមត្រូវនេះ”។

ភ្លាមៗ តំណាងសហភាពអឺរ៉ុបមិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញចំណាត់ការរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕