NBC ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងវិញក្នុងរង្វង់៤%នៅឆ្នាំ២០២១

ដោយ: ប៊ី
ភ្នំពេញ: ក្នុងបរិការណ៍ដែលថ្នាំបង្ការមានប្រសិទ្ធភាពអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានក្នុង ឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងអាចងើបឡើងវិញក្នុងរង្វង់៤%។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

NBC បានឱ្យដឹងទៀតថា អត្រាអតិផរណានៅរំពឹងថាមានកម្រិតក្រោម៣% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន ជាមួយនឹងស្ថិរភាព អត្រាប្តូរប្រាក់ និងការរក្សាបានកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ។
ចំណែកឯ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាបានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានពី ៤% ទៅ ៦,៨%។ ទោះយ៉ាងណាការព្យាករទាំងនេះអាស្រ័យជាចម្បងលើប្រសិទ្ធភាពនៃថ្នាំបង្ការ ល្បឿននៃការងើបឡើងវិញនៃកំណើន ក្នុងប្រទេសជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក។

NBC បានឱ្យដឹងទៀតថា “ស្ថិតក្នុងបរិការណ៍ខាងលើនេះ ការបន្តពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកថែមទៀតនឹងជួយទ្រទ្រង់និងបន្ថយការប៉ះពាល់លើកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារការធ្លាក់ចុះវិស័យខាងក្រៅ។ ដូច្នេះ ការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយការអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម, ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើគ្រប់វិស័យ មានសារសំខាន់ ណាស់ក្នុងការពង្រឹងមូលដ្ឋានកំណើនសកម្មភាពក្នុងស្រុក”។

ជាមួយគ្នានេះ វិស័យកសិកម្មនឹងបន្តជាវិស័យដ៏សំខាន់ និងមានសក្តានុពលខ្ពស់ ដែលអាចជួយស្របឥទ្ធិពលមួយផ្នែកនៃវិបត្តិ ដូចជាភាពអត់ការងារធ្វើ ឬជួយគាំទ្រជីវភាពប្រជាជនក្រីក្រ។ ម៉្យាងទៀត ការពនឿនការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ច និងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើង កាន់តែឆាប់រហ័សពីវិបត្តិនាបច្ចុប្បន្ននេះ។ លើសពីនេះ ការចាប់ផ្តើមទទួលបានចំណូលពីការផលិតប្រេងនៅកម្ពុជា នឹងផ្តល់ជាប្រភពថវិកាជាតិមួយទៀត សម្រាប់ការអភិវឌ្ឍវិស័យអាទិភាពនានានៅពេលខាងមុខ។

សំខាន់ដូចគ្នានេះ វិស័យធនាគារនិងហិរញ្ញវត្ថុនឹងបន្តដើរតួនាទីគន្លឹះមួយក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ព្រមទាំងរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

រដ្ឋបាលក្រុងកំពតកំពុងពង្រឹងការអនុវត្តតាមប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលក្រុងកំពត បាន និងកំពុងពង្រឹងការអនុវត្តតាមប្លង់គោលនៃហេដ្ឋារចនាសម្ព័ន្ធក្រុង រួមមានការវាស់វែង ចុះបញ្ជីក្បាលដីលក្ខណៈជាប្រព័ន្ធ ការកំណត់ព្រំដែនដែនផ្លូវថ្នល់ ផ្លូវទឹក និងទីតាំងលំនៅដ្ឋានកម្មសិទ្ធិ។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពត លោក ដាញ់ សារី បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថាការកំណត់ប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ក្នុងដំណាក់កាល នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ គឺពិតជាមានលក្ខណៈពិបាកស្មុគស្មាញ មានផលប៉ះពាល់តិចតួច ប៉ុន្តែវាអាចបង្កលក្ខណៈងាយស្រួលនៅថ្ងៃខាងមុខ។

លោកបានបន្តថា “ដើម្បីសម្រេចដំណើរការបិទផ្សាយបានដោយជោគជ័យ រដ្ឋបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធត្រូវប្រកាន់យកផ្លូវកណ្តាល (ពលរដ្ឋ អាជ្ញាធរ និងជំនាញទទួលយកបានដូចគ្នា)បានយកចិត្តទុកដាក់ក្នុងការចុះវាស់វែង និងកំណត់ទៅតាមប្លង់គោល។ តាមទិន្នន័យវាស់វែងក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត មានចំនួន ១.០៥១ក្បាលដី លំនៅឋាន ចំនួន ៨១៩ក្បាលដី និងដីកសិកម្មចំនួន ២១៧ក្បាលដី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក មានចំនួន ចំនួន ៣៩ខ្សែ”។

អភិបាលខេត្តកំពត លោក ជាវ តាយ បានណែនាំដល់មន្ត្រីជំនាញសុរិយោដី មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរភូមិឃុំត្រូវរួមសហការគ្នា ចុះពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ដល់ភូមិសាស្ត្រជាក់ស្តែង មុនសម្រេចកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគត។

លោកបានមានប្រសាសន៍ថា “ការងារវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធដើម្បីចេញបណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ គឺជាការចាំបាច់ និងសំខាន់ខ្លាំងសម្រាប់ពលរដ្ឋគ្រប់រូប ពិសេសងាយស្រួលក្នុងការអភិវឌ្ឍ និងប្រើប្រាស់ដីឱ្យអស់សកត្តានុពល ក៏ដូចជាងាយក្នុងការអភិវឌ្ឍមូលដ្ឋានភូមិឃុំផងដែរ”។

លោកថា “ពាក់ព័ន្ធនឹងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ រួមនឹងអាជ្ញាធរ មិនអាចសម្រេចយកតាមប្លង់គូរនៅលើតុតាមគោលការណ៍របស់ស្ថាប័ន ឬមន្ទីរខ្លួនបានទេ គឺត្រូវចុះទៅពិនិត្យដល់ទីតាំងភូមិសាស្ត្រជាក់ស្តែង ដើម្បីធានាដល់ការកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិចបំផុត និងធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពតទៅថ្ងៃមុខ ព្រោះតំបន់វិនិច្ឆ័យទាំងនោះស្ថិតនៅក្នុងក្រុង ហើយអនាគត នឹងក្លាយជាតំបន់លំនៅដ្ឋាន និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សេងៗ”៕

ក្រុមហ៊ុន​កូរ៉េ​គ្រោង​បោះទុន ៣០លាន​ដុល្លារ បង្កើត​តំបន់​ក​សិ​ទេសចរណ៍​នៅ​ខេត្តកំពង់ធំ

ដោយៈ​វុត្ថា

កំពង់ធំៈ ក្រុមហ៊ុន​កូរ៉េ I LAON D&C Co., LTD. ដ៏​ធំ​មួយ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ KASING CO.,LTD. គ្រោង​បោះទុន​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក សម្រាប់ បង្កើត​ក​សិ​ទេសចរណ៍​លើ​ផ្ទៃដី​ជាង៥០០ហិច​តា នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​បែប​ទេសចរណ៍ និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព។


លោក​ហង្ស សុធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន KASING CO,.LTD. ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​បង្កើត​តំបន់​ក​សិ​ទេសចរណ៍​ថ្មី​នេះ ត្រូវបានធ្វើ​ឡើងជា​លក្ខ​ណៈ​ទេសចរណ៍​បែប​កសិកម្ម ដែល​អាច​នឹង​មានការ​រៀបចំ ជា​ដំណើរ​កម្សាន្ត​នៅ​ដើមឆ្នាំ២០២១ ក្នុង​ការនាំ​ទេសចរ​ក្នុងស្រុក​ទៅ​កម្សាន្ត និង​ចូលទៅ​មើល​ដល់​ក្នុង​ចម្ការផ្សេងៗ របស់​ពលរដ្ឋ​ក៏ដូចជា​សហគមន៍​ផងដែរ។

លោក​បន្តថា “ភ្ញៀវ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា  ក៏​អាច​មកលេង​កម្សាន្ត​នៅក្នុង​តំបន់​ក​សិ​ទេសចរណ៍ ហើយ​ភ្ជាប់​ជាមួយ​ការចូលទៅ​ទស្សនា​ចម្ការ របស់​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​ថែមទៀត  ហើយ​អ្នកទេសចរ​អាច​ទិញ​ផ្ទាល់ នូវ​ផលិតផល​កសិកម្ម​រប​ស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​បាន​ផងដែរ” ។

លោក​សុធី​បន្ថែមថា ក្រុមហ៊ុន I LAON D&C Co., LTD. គឺជា​ក្រុមហ៊ុន​វិនិយោគិន​ដ៏​ធំរ​ប់ស​ប្រទេស​កូរ៉េ គ្រោង​ចំណាយ​ថវិកា៣០លាន​ដុល្លារ ក្នុងការ​សាងសង់​រោង​ចក្រ​ផលិត​ជី និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ ដែល​ការសាងសង់​នឹង​ចាប់ផ្តើម នៅ​ចុងឆ្នាំ២០២១ ។

លោក​សុធី បញ្ជាក់ទៀតថា គោលបំណង​សំខាន់ ក្នុងការ​កែច្នៃ​បង្កើត​ឲ្យ​មាន​តំបន់​ក​សិ​ទេសចរណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប ទៅ​ប្រជាពលរដ្ឋ​ជា​អ្នកទេសចរ​ក្នុងស្រុក ដែល​ទៅលេង​កម្សាន្ត​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក តំបន់ភ្នំ​សន្ទុក ទឹកធ្លាក់​ធ្នួ​ស​តា​ព្រហ្ម និង​តំបន់ផ្សេងៗទៀត​ក្នុង​ខេត្តកំពង់ធំ ឆ្លងកាត់​តំបន់​ក​សិ​ទេសចរណ៍ អាច​ចូល​ទិញ​ផ្លែឈើ ឬ​បន្លែផ្សេងៗ ត្រឡប់ទៅផ្ទះ​វិញ។

គម្រោង​ដែល​ផ្តោតលើ​វិស័យ​កសិកម្ម និង​ក​សិ​ទេសចរ​ណ៏​នេះ​មាន​ដាំ​ដំណាំ​មួយចំនួន​ដូចជា  ស្វាយ ដូង ពោត សណ្តែក និង​បង្កើត​រោងចក្រ​ផលិត​ជី និង​រោងចក្រ​កែឆ្នៃ​ផ្លែស្វាយ បង្កើត​តំបន់​ទេសចរណ៍ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម និង​ជំរុញ​ឲ្យ​មានការ​កែឆ្នៃ​ទិន្នផល​កសិកម្ម​ឱ្យទៅជា ផលិតផល​សម្រេច ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​អាច​ឈានទៅរក​ការនាំ​ចេញទៅ​ក្រៅប្រទេស ព្រមទាំង​ជួយ​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បញ្ចៀស​ការធ្វើ​ចំណាកស្រុក​ផងដែរ។

លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ ធ្លាប់បាន​មានប្រសាសន៍​បាន​ស្វាគមន៍​រាល់​គម្រោង​វិនិយោគ​ទាំងអស់ មិន​ថា​វិស័យ​ទេសចរណ៍ កសិកម្ម  និង​គម្រោងផ្សេងៗទៀត​នោះទេ ឱ្យតែ​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ។

លោក​បន្តថា  “ខេត្ត​កំពង់​កាលពីមុន ភ្ញៀវ​ទេសចរណ៍​ហួស​មក​ហួស ប៉ុន្តែ​បច្ចុប្បន្ននេះ​មិន​ដូច្នោះ​ឡើយ ខេត្ត​មាន​តំបន់​ទេសចរណ៍​ច្រើន និង​មាន​សក្តានុពល​ខ្ពស់​លើ​ការវិនិយោគ​ផងដែរ” ៕

តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​រំពឹងថា​នឹង​ហក់​ឡើងវិញ​នៅ​ឆ្នាំ ២០២១

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ តម្លៃ​ប្រេង​បាន​ស្ទុះ​ងើប​ឡើងវិញ​យ៉ាងខ្លាំង​ក្នុងឆ្នាំនេះ  ប៉ុន្តែ​ទស្សនវិស័យ​មិនមាន​អ្វី​អាក្រក់​ទេ​សម្រាប់​ឆ្នាំ២០២១ ។នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​កាណាដា​នៅ​ថ្ងៃទី៣០ធ្នូ ២០២០ នេះ។

តាម​សារព័ត៌មាន​នេះ​បាន​បង្ហាញថា ការរីក​រាលដាល​ជំងឺ COVID-១៩ កាលពី​ខែមេសា និង​សង្គ្រាម​តម្លៃ​រវាង​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​រុស្ស៊ី  បានធ្វើឱ្យ​តម្លៃ​ប្រេង​ឆៅ​របស់​អាមេរិក ធ្លាក់​ចូលក្នុង​ភាពអវិជ្ជមាន  ហើយ​បានធ្វើឱ្យ​ប្រេង​ឆៅ​ប្រភេទ​ Brent ធ្លាក់​ដល់​ក្រោម ២០ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ចាប់តាំងពី​ពេលនោះ​មក ប្រេង​ប្រភេទ Brent បាន​ងើប​ឡើងវិញ​ដល់ ៥១ដុល្លារ  ប៉ុន្តែ​ការបិទ​ប្រទេស​សារជាថ្មី  និង​ការចាក់​វ៉ាក់សាំង​ជា​ដំណាក់កាល អាច​រក្សាបាន​នូវ​តម្រូវការ​នៅ​ឆ្នាំ២០២១ និង​អាច​លើសពីនេះ។

សារព័ត៌មាន​កាណាដា ការព្រួយបារម្ភ​អំពី​ការប្រែប្រួល​អាកាសធាតុ អាចធ្វើឱ្យ​ត  ម្រូ​វ​ការ​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​មាន​សភាព​ទន់ខ្សោយ។  សូម្បីតែ​បន្ទាប់ពី​ជំងឺ​រាតត្បាត​បានបញ្ចប់​ក៏ដោយ។  ក្រុមហ៊ុន​ប្រេង​ធំ ៗ មួយចំនួន​និយាយថា តម្រូវការ​ប្រេង​សកល​អាច​នឹង​ឈានដល់​កម្រិត​កំពូល ដូច​កាលពី​ឆ្នាំ២០១៩ឡើងវិញ ។

រដ្ឋបាល​ព័ត៌មាន​ថាមពល​សហរដ្ឋអាមេរិក បាន​និយាយថា ការប្រើប្រាស់​ប្រេង​ឆៅ និង​ប្រេងឥន្ធនៈ បាន​ធ្លាក់ចុះ៩ភាគរយ ក្នុង​ឆ្នាំ២០២០កាលពី​ឆ្នាំមុន  ខណៈដែល​រដ្ឋាភិបាល បានដាក់​ចេញ​វិធាន​ការបិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត ទំនងជា​នឹងមាន​ភាពរអាក់រអួល  ខណៈដែល​វិនិយោគិន​ថ្លឹងថ្លែង​ពី​តម្រូវការ ប្រឆាំងនឹង​ការកើនឡើង នៃ​សក្តានុពល​នៃ​ការផ្គត់ផ្គង់​ប្រេង​ពី​ក្រុមហ៊ុន​ផលិត៕

រដ្ឋាភិបាល​សឹង្ហ​បុរី​ផ្តល់ប្រាក់​ចំនួន ៨៤លាន​ដុល្លារ ដើម្បី​សង្គ្រោះ​វិស័យ​អាកាសចរណ៍

ដោយៈ​វុត្ថា

សឹង្ហ​បុរីៈ រដ្ឋាភិបាល​សឹង្ហ​បុរី​គ្រោង​នឹង​បន្ត​ផ្តល់ប្រាក់ ៨៤លាន​ដុល្លារ (លុយ​សឹង្ហ​បុរី) បន្ថែមទៀត ដើម្បី​សង្គ្រោះ​ដល់​វិស័យ​អាកាសចរណ៍ នៅក្នុង​អំឡុងពេល​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ជំងឺ​កូ​វី CoverID-19  ពាក់ព័ន្ធ​នឹង​កម្មករ និង​អាជីវកម្ម​ផ្នែក​វិស័យ​វិស័យ​អាកាសចរណ៍​នេះ។

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហ​បុរី (CAAS)  បាន​ជូនដំណឹង​កាលពីពេលថ្មីៗនេះ​ថា ចំនួន​ទឹកប្រាក់​នេះ គឺ​ស្ថិតនៅក្នុង​កញ្ចប់​ជំនួយ ផ្នែក​អាកាសចរណ៍​របស់​រដ្ឋា​ភិ​បាល​ដែលមាន​ទឹកប្រាក់​ចំនួន ១១២លាន​ដុល្លារ​សឹង្ហ​បុរី ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែកុម្ភៈ  និក​ញ្ច​ប់ថ​វ​កា​ចំនួន ១៨៧លាន​ដុល្លារ​សិង្ហ​បុរី បានប្រកាស​កាលពី​ខែសីហា កន្លង​ម​នេះ ក្នុងការ​គាំទ្រ​ធ្វើឱ្យ​ប្រសើរឡើង​វិស័យ​អាកាសចរណ៍​នៅក្នុង​ប្រទេស។

CAAS បន្តថា វិស័យ​អាកាសចរណ៍ នៅតែ​រង​ការវាយប្រហារ​ខ្លាំង​បំផុត ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​នៃ COVID-19 ដោយ​ចំនួន​នៃ​ចរាចរណ៍​អ្នកដំណើរ​នៅតាម​អាកាសយានដ្ឋាន Changi Airport កាលពី​ខែវិច្ឆិកា កន្ល​មកនេះ មានការ​ធ្លាក់ចុះ ៩៨ ភាគរយ។

CAAS បាន​បន្តទៀតថា “ដោយសារ​ការ​រឹតបន្តឹង​ព្រំដែន​ដែល​កំពុង​បន្ត និង​ការលេចចេញ​ជាថ្មី​នៃ COVID-១៩ នៅក្នុង​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក  សម្រាប់​ការធ្វើដំនើរ​តាមផ្លូវ​អាកាស នឹងមិន​ទាន់​ត្រឡប់​ដូចដើមឆាប់ៗវិញ​នោះទេ។ ដូច្នេះ​ចាំបាច់​ត្រូវ​រក្សា​ការគាំទ្រ​ចំពោះ​វិស័យនេះ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ និង​កម្មករ​អោយ​ឆ្លងកាត់​នូវ​វិបត្តិ​នេះ” ។

អាជ្ញាធរ CAAS បាន​បន្ថែមទៀតថា ក្រុមហ៊ុន​អាកាសចរណ៍​បានដាក់​ចេញ​នូវ​វិធានការណ៍​នានា ដើម្បី​ធ្វើឱ្យ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស ស្រប​ពេលដែល​កាត់បន្ថយ​ហានិភ័យ​សុខភាព​សាធារណៈ ហើយ​វិធានការ​ទាំងនេះ ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ឧបករណ៍ និង​កម្លាំង​ពលកម្ម​បន្ថែម។ ការចំណាយ​ទាំងនេះ មិនអាច​យកមក​វិញ​បាន​ទេពី​អ្នកដំណើរ​ក្នុងអំឡុង​ពេលនេះ។

CAAS បាន​បន្ថែមថា “ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ​មួយចំនួន រដ្ឋាភិបាល​នឹង​ផ្តល់​ថវិកា​គាំទ្រ ការអភិវឌ្ឍ​ការអនុម័ត និង​ការដាក់​ពង្រាយ​បច្ចេកវិទ្យា និង​វិធានការថ្មីៗដើម្បី​ការពារ​បុគ្គលិក​អាកាសយានិក និង​អាកាសយានិក ពី​ការចុះកិច្ច​សន្យា​ជាមួយ​អាយ​ឌី​អាយ-១៩” ៕

ខេត្ត​ចំនួន៣ នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​កំពុងមាន​ភាព​ទាក់ទាញ​លើ​ទីផ្សារ​ដីធ្លី

ដោយៈ​ច្រាយ ចំណាន

ភ្នំពេញៈ ខេត្ត​ចំនួន៣ផ្សេងគ្នា​ន​ភ​ព័​ទ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ កំពុង​ទាក់ទាញ​ការវិនិយោគ​លើដី​ធ្លី សម្រាប់ធ្វើ​ការអភិវឌ្ឍ និង​លក់​បន្ត​យកចំណេញ​នៅ​ឆ្នាំ​បន្ទាប់។

បណ្តា​ខេត្ត​ទាំងនោះ​រួមមាន​កំពង់ស្ពឺ កណ្តាល និង​ខេត្តតាកែវ ដែលជា​ខេត្ត​កំពុង​ទទួល​ឥ​ទ្ឋិ​ពល ពី​ការ​អភិ​វ​ឌ្ឈ​យ៉ាង​លឿន​នៃ​រាជធានី​ភ្នំពេញ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា គិត​ត្រឹម​ដើម​ឆមាស​ទី២ នៃ​ឆ្នាំ២០២០នេះ តាម​ការកត់សម្គាល់​ឃើញ​ថា បើទោះជា​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភាពស្ងប់ស្ងាត់​មែន ប៉ុន្តែ​សកម្មភាព​ទិញ-លក់​អចលនទ្រព្យ ជាពិសេស​វិស័យ​ដីធ្លី គឺ​ឃើញ​មាន​នៅតាម​តំបន់ និង​ខេត្ត​មួយចំនួន​តែប៉ុណ្ណោះ។

លោក​បញ្ជាក់ថា “ក្រៅពី​ខេត្តកំពត កែប ដែល​កំពុងមាន​ទីផ្សារ​លើ​ការទិញ​ដី​ទុក​ធ្វើការ​អភិវឌ្ឍន៍​ស្ថិតនៅក្នុង​វិស័យ​ទេសចរណ៍ បណ្តា​ខេត្ត​ដែលមាន​ប្រជាប្រិយភាព​បន្ទាប់​រួមមាន​ចំនួន៣ នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅក្បែរ​តំបន់​អភិវឌ្ឍន៍ធំៗ ស្ថិតក្នុង​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ” ។

លោក​បាន​បន្តថា ដី​ដែល​អ្នកវិនិយោគ ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​ទិញ​ទុក​នៅពេល​ប​ច្ចុ ប្បន្ន​នេះ ភាគច្រើន​គឺ​សុទ្ធតែ​ស្ថិតនៅ​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ និង​ក្នុង​តំបន់​ដែល​គ្រោង​អភិវឌ្ឍ​ក្នុងពេល​ឆាប់​ខាងមុខនេះ ដូចជា​តំបន់​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​ចំនួន៣ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ។ ក្រៅពីនេះ​នៅក្បែរ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​ខេត្តតាកែវ រួមជាមួយ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ ដែល​អាច​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ។

លោក​វីរៈ បាន​បន្តថា ពេលនេះ​ភាគច្រើន​គេ​ទិញ​ទុក សម្រាប់​លក់​ចេញ​ទៅវិញ​យកចំណេញ​នៅ​ឆ្នាំ​បន្ទាប់ ឬ​ធ្វើការ​អភិវឌ្ឍ​នៅក្នុង​ឆ្នាំក្រោយ​ទាំងអស់ ដោយសារតែ​នៅក្នុង​អំឡុង​ពេលនេះ ទាំង​អ្នកវិនិយោគ និង​អ្នក​អភិវឌ្ឍន៍ សុទ្ធតែ​នៅ​ទន្ទឹងរង់ចាំ​ឱ្យមាន​ការធ្លាក់ចុះ​នូវ​ស្ថានភាព​ប្រឈម​ជាង​នេះ​បន្តិចទៀត ឬ​ក្រោយ​មាន​វត្តមាន​អ្នកវិនិយោគ​បរទេស​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធី​តា ធ្លាប់បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា ក្នុងអំឡុង​ពេលនេះ ភាគច្រើន​អ្នកវិនិយោគ មិន​ចង់​បញ្ចេញ​កញ្ចប់​ថវិកា​ច្រើន​នោះទេ បើ​បញ្ចេញ​ក៏​ស្ថិតនៅក្នុង​កម្រិត​មួយ ដែល​អាច​ក្រោម​ទំហំ១លាន​ដុល្លារ​ចុះ​ក្រោយ​តែប៉ុណ្ណោះ។

លោកស្រី​បញ្ជាក់ថា “ពេលនេះ​អ្នកមាន​លុយ គេ​សម្លឹងមើល​ពី​ឱកាស​ទិញ​ទុក​វិនិយោគ នៅពេលណា​មាន​ដី ឬ​អចលនវត្ថុ​ណា​ដែលមាន​តម្លៃ​ក្រោម​ទីផ្សារ គឺ​គេ​ទិញ​ទុក​ភ្លាម ប៉ុន្តែ​ទាំងអស់នេះ ក៏​មានតែ​ចំពោះ​អ្នកមាន​ទុន​គ្រប់គ្រាន់​តែប៉ុណ្ណោះ បើ​ចំពោះ​អ្នក​មិនមាន​ទុន​គ្រប់គ្រាន់ ឬ​ពឹងពាក់​ទៅលើ​កម្ចី​ពី​ធនាគារ ក៏​មិនមែនជា​ជម្រើស​ល្អ​នោះដែរ” ៕

ចំណេះដឹង​ពាណិជ្ជកម្ម! តើ​ការចុះបញ្ជី​ក្រុមហ៊ុន​មាន​តួនាទី​ដូចម្តេច​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ?

ដោយៈ​វុត្ថា

ភ្នំពេញៈ ការចុះបញ្ជី​ពាណិជ្ជកម្ម និង​លទ្ធផល​នៃ​ប​ញ្ចី​ចុះឈ្មោះ​ពាណិជ្ជកម្ម ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ ដោយបាន​ផ្ដល់​ឲ្យ​អាជីវកម្ម មាន​សុពលភាព​ស្របច្បាប់ អាច​ជឿ​ទុកចិត្តបាន និង​ទទួលបាន​ព័ត៌មានថ្មីៗពី​អាជីវកម្ម និង​មុខងារ​ក្នុង​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព។

នៅ​ប្រទេស​កម្ពុជា ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម កំពុងមាន​ការរីកចម្រើន ក្នុងការ​កែលំអរ និង​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្រសើរឡើង។ ភាពស្មុគស្មាញ​មួយចំនួន​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន ត្រូវបាន​លុបបំបាត់ ឬ​ត្រូវបានធ្វើ​ឲ្យ​មាន​ភាពងាយស្រួល សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន។

ការចុះបញ្ជី​ពាណិជ្ជកម្ម ជា​ជំ​ហ៊ាន​មួយ​ដែល​បាន​ធ្វើឡើង ដោយ​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​បង្កើត​អាជីវកម្ម​មួយ ឲ្យ​មាន​លក្ខណៈ​ជា​នីតិបុគ្គល ដោយ​អនុវត្តតាម​នីតិវិធី​ជា​លក្ខណៈ​ស្ដង់ដារ ដែល​អាជីវកម្ម​ទាំងអស់​ត្រូវតែ​បំពេញ។ ការចុះបញ្ជី​ពាណិជ្ជកម្ម គ្របដណ្ដប់​ទាំង​ការបង្កើត​អាជីវកម្ម​ថ្មី និង​ការកែប្រែ​ក្រុមហ៊ុន ដែលមាន​ស្រាប់​ជា​លក្ខណៈ​ផ្លូវការ ដូចជា​ការផ្លាស់ប្ដូរ​ទីតាំង​អាជីវកម្ម ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ម្ចាស់​ក្រុមហ៊ុន និង​ការរំលាយ​ក្រុមហ៊ុន។

សកម្មភាព​នៃ​ការចុះបញ្ជី​អាជីវកម្ម ទៅក្នុង​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម មានន័យថា​ព័ត៌មាន ដែលមាន​សុពលភាព​ស្របតាម​ផ្លូវ​ច្បាប់ គឺអាច​ប្រើប្រាស់​បានជា​ប្រយោជន៍​ទៅលើ​សកម្មភាព​ពាណិជ្ជក​ម្ម ហើយក៏​អាច​ស្វែង​រកបាន​ផងដែរ តាមរយៈ​បញ្ជី​ឈ្មោះ​ពាណិជ្ជក ម្ម។ការចុះបញ្ជី​ពាណិជ្ជកម្ម ត្រូវបាន​ចាត់ទុកថា​ជា​ឧបករណ៍ សម្រាប់​វាស់​ស្ទង់​អំពី​ស្ដង់ដារ​និង​ការអនុវត្ត​អភិបាលកិច្ច​ល្អ រួមទាំង​សិទ្ធិ កាតព្វកិច្ច និង​កាលានុវត្តភាព​សម្រាប់ធ្វើ​អាជីវកម្ម។

ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ដោយ​រួម​ប​ញ្ជូ​ល​ទាំង​សាធារណៈជន​ទូទៅ ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ក្នុង​ទីផ្សារ​ពី​ការចុះបញ្ជី​ពាណិជ្ជកម្ម រួមមាន ទាក់ទង​ដល់​ការបើក​ច្រក​ទីផ្សារ និង​ការអភិវឌ្ឍ​សហគ្រាស ទាក់ទង​ដល់​សហគមន៍​អាជីវកម្ម និង ទាក់ទង​ដល់​សាធារណៈជន​ទូទៅ៕

អ្នកជំនាញ៖ ៤ ចំនុចគួរពិនិត្យ បើមិនចង់ទិញឬវិនិយោគចំគម្រោងខុនដូបោកប្រាស់

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ទីផ្សារខុនដូ គឺជានិន្នាការថ្មីស្រឡាងសម្រាប់ការរស់នៅទាន់សម័យ ដែលប្រជាជនកម្ពុជាកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការរស់នៅបែបថ្មីនេះ។ អ្នកជំនាញបានបង្ហាញប្រាប់ពីចំនុចគួរប្រុងប្រយ័ត្ន និងត្រូវពិនិត្យឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តទិញឬវិនិយោគលើគម្រោងណាមួយ ជៀសវាងហានិភ័យទៅថ្ងៃមុខ។

អ្នកជំនាញលើផ្នែកខុនដូ និងជាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia ថា ដើម្បីចៀសវាងទិញចំគម្រោងបោកប្រាស់ និងបង្កើនការប្រុងប្រយ័ត្ន ទី ១ អ្នកទិញឬចង់វិនិយោគគប្បីពិនិត្យឱ្យបានច្បាស់លាស់ទៅលើក្រុមហ៊ុនភ្នាក់ងារលក់។

លោកបន្តថា ព្រោះថាមិនគ្រប់គម្រោងលើទីផ្សារសុទ្ធតែល្អនោះទេ ហើយរបស់ថោកមិនប្រាកដថាល្អ ចំណែកឯរបស់ថ្លៃក៏មិនប្រាកដថាល្អដែរ អញ្ចឹងចាំបាច់ត្រូវមើលទៅលើក្រុមហ៊ុនភ្នាក់ងារលក់សិន ថាក្រុមហ៊ុននោះមានច្បាប់អនុញ្ញាត មានអាជ្ញាបណ្ណដែលហៅថា License មានបង់ពន្ធ ប៉ាតង់ ព្រោះភ្នាក់ងារលក់ខ្លះចេះតែលក់ទាំងគ្មានអាជ្ញាបណ្ណ។

អគ្គនាយករូបនេះបញ្ជាក់ថា ក្រៅពីនេះ អ្នកទិញត្រូវពិនិត្យមើលបន្ថែមទៅឯកសារ អាជ្ញាបណ្ណមួយចំនួនដែលបង្ហាញពីការអនុម័តរបស់រដ្ឋាភិបាល ជាពីសេសប្រវិត្តិនៃការអភិវឌ្ឍឱ្យបានច្បាស់លាស់ប្រាកដប្រជា។ ទី ៣ គឺនៅលើកត្តាទីតាំង និងសំណង់ ថាតើនៅតំបន់នោះមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មិនមានហានិភ័យទិញនៅក្នុងតំបន់អភិវឌ្ឍរបស់រាជរដ្ឋាភិបាល ស៊ើបសួរលម្អិតពីគុណភាពសំណង់ និងគុណសម្បត្តិជាច្រើនទៀត។
ចុងក្រោយ ត្រូវសិក្សាពីតម្លៃរបស់គម្រោងថាតើល្អដែរឬយ៉ាងណា ជាពិសេសដំណើរការនៃការបង់ប្រាក់មានភាពងាយស្រួលឬស្មុគស្មាញដូចម្តេចខ្លះ។ ជាធម្មតាអ្នកមានបំណងចង់ទិញឬវិនិយោគ គប្បីប្រៀបធៀប និងសិក្សាពិនិត្យលើចំនុចទាំងអស់នេះ ជៀសវាងការទិញប៉ះចំគម្រោងមិនមានគុណភាព នាំឱ្យខកចិត្ត និងខាតបង់ថវិកា ព្រោះគម្រោងខុនដូនៅកម្ពុជាមានច្រើនខ្លាំងណាស់នៅក្នុងទីផ្សារក្រុងភ្នំពេញ។

របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា នៅត្រីមាសទី៤ឆ្នាំនេះ នឹងឃើញការបញ្ចប់គម្រោងចំនួន៤បន្ថែមទៀត ដែលនឹងចូលរួមចំណែកក្នុងទីផ្សារ ប្រមាណ២,៦០០យូនីត ។ ទោះយ៉ាងណា ការពន្យាពេលនៃការសាងសង់ នៅតែបន្តកើតមាននៅក្នុងវិស័យនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន៦ ពន្យាពេលបញ្ចប់គម្រោងទៅឆ្នាំ២០២១៕

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖ បើរកស៊ីមិនស្គាល់ទីផ្សារច្បាស់ ហើយធ្វើតាមគ្នា ភាពបរាជ័យនឹងតម្រង់មកជាមិនខាន

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងការធ្វើជំនួញ ឬប្រកបអាជីវកម្មអ្វីមួយចាំបាច់បំផុតគឺការចេះស្គាល់ពីទីផ្សារច្បាស់បន្ថែមពីលើជំនាញដែលខ្លួនមាន បើមិនដូច្នោះទេ ភាពបរាជ័យនឹងតម្រង់ទិសបាញ់មករកខ្លួនជាមិនខាន ជាពិសេសចំពោះអ្នកដែលចេញរកស៊ីទាំងប្រថុយប្រថានដែលធ្វើតាមគេ។ នេះបើតាមការអះអាងរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ។

ប្រធាន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា គ្រប់ការប្រកបអាជីវកម្មទាំងអស់គឺសុទ្ធតែមានគោលដៅយ៉ាងពិតប្រាកដ មានចំណេះដឹង និងជំនាញពាក់ព័ន្ធ ជាពិសេសត្រូវចេះមើល និងស្គាល់ពីទីផ្សារឱ្យបានច្បស់ទើបអាចជៀសផុតពីភាពបរាជ័យ។

លោកឧកញ៉ាបញ្ជាក់ថា “មិនថាជាការរកស៊ីនៅក្នុងទីផ្សារអចលនទ្រព្យ មិនថាចំណោះទីផ្សារបដិសណ្ឋារកិច្ច ឬអាជីវកម្មអ្វីផ្សេងនោះទេ សំខាន់បំផុតមុនពេលបោះទុនវិនិយោគចេញរកស៊ី ថាតើយើងបានស្គាល់ពីទីផ្សារច្បាស់លាស់ឬទេ ? មានគោលជំហរកម្រិតណា និងមានផែនការជាក់ច្បាស់គ្រប់គ្រាន់ហើយឬនៅ? អ្នកខ្លះថា អ្នកដែលអាចមានភាពជោគជ័យទៅលើអាជីវកម្មអ្វីមួយ ទាល់តែមានដើមទុនគ្រប់គ្រាន់ ជាពិសេសមានជំនាញច្បាស់។ ខ្ញុំថា ដើមទុនពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ខ្លាំងជាងនេះ គឺភាពវៃឆ្លាតចេះមើលពីតម្រូវការទីផ្សារ”។

លោកឧកញ៉ាបន្តថា “ខ្ញុំលើកឧទាហរណ៍ថា មនុស្សម្នាក់ដែលគាត់មានជំនាញផ្នែកចុងភៅ១០ឆ្នាំ គាត់ឈប់ធ្វើការឱ្យគេ ហើយមកបើករកស៊ីខ្លួឯង ភាគរយចំណេញគឺមានអត្រាខ្ពស់។ ដោយឡែក អ្នកដែលធ្លាប់ធ្វើការងារជាភ្នាក់ងារនៅក្នុងទីផ្សារអចលនទ្រព្យច្រើនឆ្នាំ មានបទពិសោធន៍ និងមានបណ្តាញច្រើននោះ នៅពេលដែលគាត់ចេញមកបើកក្រុមហ៊ុនដោយខ្លួនឯង គឺមានភាគរយជោគជ័យខ្ពស់។ ដូច្នេះការធ្វើអាជីវកម្ម ឬមុខជំនួញណាមួយដែលស្របនឹងជំនាញរបស់ខ្លួន គឺមានឱកាសចំណេញ។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលមិនមានជំនាញ និងមិនចេះមើលពីទីផ្សារ ហើយចេះតែបើកតាមគេ ទាំងដែលខ្លួនមិនមានជំនាញផងនោះ ភាពបរាជ័យនឹងរត់មករកនៅក្នុងអត្រាខ្ពស់រហូតដល់ប្រមាណ៩០ភាគរយ”៕

ទីផ្សារ និងតម្រូវការអាផាតមុិន អាចងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការព្យាករណ៍ថា ទីផ្សារនៃការជួលអាផាតមិននឹងវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញនៅក្នុងឆមាសទី២ឆ្នាំ២០២១ បន្ទាប់ពីវិបត្តិនៃជំងឺសាកលត្រូវបានទប់ស្កាត់បានជោគជ័យ ខណៈដែលបច្ចុប្បន្នទីផ្សារមួយនេះកំពុងធ្លាក់ដាំក្បាលចុះខ្លាំង។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា សម្រាប់ទីផ្សារនៃការទិញ-លក់អចលនទ្រព្យនៅពេលបច្ចុប្បន្ន ទាំងផ្នែកដីធ្លី លំនៅដ្ឋានកម្រិតមធ្យម ក៏ដូចជាផ្នែកខុនដូកម្រិតមធ្យម គឺនៅតែបន្តមានសកម្មភាពធម្មតា ហាក់មិនជួបបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែទីផ្សារដែលជួបបញ្ហាខ្លាំង គឺការជួលអាផាតមិនមានការធ្លាក់ចុះខ្លាំងនៅចុងឆ្នាំ២០២០នេះ។

លោកស្រី អាន សុធីតា បានបញ្ជាក់ថា “សម្រាប់ទីផ្សារផ្នែកដទៃក៏មានការប៉ះពាល់ខ្លះដែរ ប៉ុន្តែមិនសូវជាធ្ងន់ធ្ងរខ្លាំងដូចជាទីផ្សារអាផាតមិននោះទេ ជាពិសេសនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២០តែម្ដង”។

លោកស្រីថា “នៅចុងឆ្នាំ២០២០នេះ បើធៀបទៅនឹងទៅចុងឆ្នាំ២០១៩ ទីផ្សារនៃការជួលអាផាតមិនត្រូវបានធ្លាក់ចុះតម្រូវការប្រមាណ៨០ភាគរយ ពោលគឺឧទាហរណ៍ថានៅចុងឆ្នាំ២០១៩ មានអ្នកជួលស្នាក់នៅចំនួន១០០នាក់ បច្ចុប្បន្ននៅសល់ត្រឹមតែប្រមាណ២០នាក់តែប៉ុណ្ណោះ។ ហេតុផលដែលធ្វើឱ្យមានការធ្លាក់ចុះចំនួននៃតម្រូវការគឺបណ្តាលមកពីវិបត្តិដែលកំពុងកើត”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់អចលនទ្រព្យអន្តរជាតិរូបនេះបញ្ជាក់ថា “ទីផ្សារមួយចំណែកធំគឺជាជនជាតិបរទេស ហើយពេលនេះពួកគេមិនអាចចេញពីប្រទេសរបស់ខ្លួននោះទេ ដែលជាមូលហេតុមួយកាត់បន្ថយនូវតម្រូវការជួល។ ម៉្យាងវិញទៀតសូម្បីតែអតិថិជនដែលមានស្រាប់នៅក្នុងស្រុកមួយចំនួនបើទោះជាស្ថិតនៅក្នុងកិច្ចសន្យាជួលមិនទាន់បញ្ចប់ ក៏មានអ្នកខ្លះចំណាយថវិកាបន្ថែមជួលផ្ទះស្នាក់នៅតំបន់ជាយក្រុង ដើម្បីកាត់បន្ថយភាពប្រឈមដូចជាការស្នាក់នៅក្នុងអគាររួម ការប្រើប្រាស់ជណ្ដើរយន្តរួមគ្នាដើម”។

ជាមួយនឹងការលើកឡើងពីផលប៉ះពាល់ខាងលើនេះ លោកស្រី អាន សុធីតា ក៏បានបង្ហាញពីការព្យាករណ៍ផងដែរថា ទីផ្សារជួលអាផាតមិននឹងវិលទៅរកភាពល្អប្រសើរវិញនៅត្រឹមឆមាសទី២ឆ្នាំ២០២១ក្រោយពិភពលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺដែលកំពុងកើតមាននៅពេលនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា នៅក្នុងកាលទេសៈដែលកំពុងប្រឈមនឹងការរាតត្បាតក្នុងសហគមន៍នាពេលនេះ សកម្មភាពនៅលើទីផ្សារអចលនទ្រព្យរួមគឺមានភាពស្ងប់ស្ងាត់បន្តិច បន្តែសម្រាប់ការផ្សព្វផ្សាយពីគម្រោង ក៏ដូចជាវិធីសាស្ត្រនៃការជំរុញទីផ្សារលក់ក្នុងស្រុកគឺនៅតែបន្តមានតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។

ទោះជាយ៉ាងណាក៏ដោយ លោក ច្រឹក សុខនីម បានសង្កត់ធ្ងន់ថា អ្វីដែលជាកត្តាចាំបាច់ត្រូវខ្វាយខ្វល់ និងត្រូវធ្វើនៅពេលនេះគឺការចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរាលដាលឆ្លងនៅក្នុងសហគមន៍។ ក្រោយពេលភាពប្រឈមមួយនេះត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ នោះវានឹងជួយជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងស្រុកចាប់ផ្តើមមានសន្ទុះឡើងវិញជាមិនខាន៕