កម្ពុជាគ្រោងភ្ជាប់បណ្តាញទូរគមនាគមន៍នៅពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់ការប្រកួត SEA Games លើកទី៣២

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ខណៈពេលដែលលទ្ធផលនៃការសាងសង់បានសម្រេចប្រមាណ៩០ភាគរយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គ្រោងនឹងរៀបចំធ្វើការតភ្ជាប់បណ្តាញទូរគមនាគមន៍ទៅកាន់ពហុកីឡដ្ឋានជាតិមរកតតេជោក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីត្រៀមការប្រកួត SEA Games លើកទី៣២ នៅឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០បានដឹកនាំមន្ត្រី និងអ្នកបច្ចេកទេសក្រសួងទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា “ក្រុមមន្ត្រីជំនាញកំពុងសិក្សា និងស្វែងយល់បន្ថែមពីតម្រូវការនៃការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅទីតាំងពហុកីឡដ្ឋាន អគាររដ្ឋបាល ភូមិកីឡា និងបរិវេណជុំវិញ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសិក្សារួមគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការសាងសង់ ដើម្បីតភ្ជាប់ខ្សែកាប្លិ៍អុបទិក ប្រព័ន្ធចែកចាយ សេវាអ៊ីនធឺណិត សេវាទូរសព្ទ បំពាក់កាម៉េរាសុវត្ថិភាព និងបច្ចេកវិទ្យាឌីជីថលផ្សេងៗឱ្យគ្រប់គ្រាន់”។

លោកបញ្ជាក់ថា “គ្រប់ការតភ្ជាប់ និងបំពាក់បណ្តាញសម្ភារៈទូរគមនាគមន៍គឺសម្រាប់បម្រើ និងផ្តល់ភាពងាយស្រួលដល់អ្នកទស្សនា និងផ្សព្វផ្សាយការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games)លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ”។

ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងចំណាយការសាងសង់សរុបទាំងអស់ជិត១៦០លានដុល្លារអាមេរិក គឺជាជំនួយឥតសំណងទាំងស្រុងរបស់សាធារណរដ្ឋប្រជាមានិតចិនដែលអាចផ្ទុកអ្នកទស្សនាប្រមាណ៦ម៉ឺននាក់ក្រោយពេលសាងសង់រួចរាល់។

បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០% បច្ចុប្បន្នក្រុមការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០% និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល បានសម្រេចលទ្ធផលប្រមាណជាង ៩០%។ រីឯការតុបតែងបន្ទប់ និងការសាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទីលានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

អ្នកជំនាញ ៖ គ្រប់គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មនានាចាំបាច់គួរតែសហការជាមួយភ្នាក់ងារជំនាញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គ្រប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នានា ជាពិសេសអគារដែលបម្រើដល់វិស័យពាណិជ្ជកម្ម អគារខុនដូ ក៏ដូចជាលំនៅដ្ឋាន គឺសុទ្ធតែត្រូវការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនភ្នាក់ងារ ដើម្បីអាចទទួលបានលទ្ធផលខ្ពស់ និងភាពជោគជ័យរបស់គម្រោង។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា ប្រសិនបើគម្រោងអភិវឌ្ឍន៍ដែលមានទ្រង់ទ្រាយតូច អាចមិនចាំបាច់ត្រូវការសេវាពីក្រុមហ៊ុនភ្នាក់ងារក្នុងការជំរុញដល់ការលក់បាន ដែលអ្នកអភិវឌ្ឍន៍ក៏អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការលក់ដោយខ្លួនឯង ប៉ុន្តែសម្រាប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំដែលមានទំហំដើមទុនរាប់សិបលានដុល្លារ គឺចាំបាច់ត្រូវតែសហការជាមួយក្រុមហ៊ុនភ្នាក់ងារជំនាញ។

លោកបានបញ្ជាក់ថា “សម្រាប់ក្រុមហ៊ុន ក៏ដូចជាអ្នកអភិវឌ្ឍន៍គម្រោងធំៗចាំបាច់ត្រូវតែសហការយ៉ាងជិតស្និទ្ធជាក្រុមហ៊ុនភ្នាក់ងារដែលមានជំនាញ និងយល់ដឹងទូលំទូលាយនៅក្នុងទីផ្សារអចលនទ្រព្យរួម ជាពិសេសមុនពេលសម្រេចចិត្តសហការជាមួយក្រុមហ៊ុនភ្នាក់ងារណាមួយ អ្នកអភិវឌ្ឍន៍ក៏ត្រូវតែសិក្សា និងស្វែងយល់លម្អិតទៅភាពជំនាញ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនភ្នាក់ងារផងដែរ”។

លោក ខន គង្គា បានមានប្រសាសន៍ថា “ការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនភ្នាក់ងារជំនាញលក់គម្រោងគឺជារឿងសំខាន់បំផុត ព្រោះវាទាក់ទងទៅនឹងការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ ប្រសិនបើជ្រើសរើសក្រុមហ៊ុនភ្នាក់ងារជំនាញដែលល្អ គម្រោងនឹងជោគជ័យបានឆាប់រហ័ស ប៉ុន្តែបើប៉ះក្រុមហ៊ុនភ្នាក់ងារមិនល្អ អាចធ្វើឱ្យមានការខាតបង់ច្រើន ដែលក្រៅពីចំណាយពេលយូរក្នុងការលក់ គាំងលំហូរចរន្តសាច់ប្រាក់វិនិយោគ ហើយថែមទាំងប៉ះពាល់ដល់កេរ្តិ៍របស់គម្រោងថែមទៀត”។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ថា “នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននេះ មានការបង្កើតជាក្រុមហ៊ុន ជាក្រុមការងារ ក៏ដូចជានីតិបុគ្គលក្នុងនាមជាអ្នកផ្តល់សេវាក្នុងការទិញ-លក់ និងជួល ដើម្បីទទួលបានចំណូលតាមរយៈកម្រៃជើងសារ” ។

លោកបន្តថា “ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងចំណោមអ្នកទាំងអស់នោះ មានអ្នកខ្លះអនុវត្តស្របតាមក្រមសីលធម៌ មានវិជ្ជាជីវៈ និងមានអាជ្ញាប័ណ្ណទទួលស្គាល់ ដោយក្រសួងត្រឹមត្រូវ ហើយក៏មានអ្នកខ្លះអនុវត្តទីផ្សារ ទាំងដែលមិនអាជ្ញាប័ណ្ណផងដែរ ដែលអាចធ្វើឱ្យអតិថិជនរបស់ខ្លួនជួបហានិភ័យ ខាតបង់ខ្ពស់បំផុត” ។

លោកបានបញ្ជាក់ថា “គុណសម្បត្តិនៃការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនភ្នាក់ងារដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្រោមការទទួលបានកិច្ចបណ្តុះបណ្តាលចំណេះដឹង ជំនាញទីផ្សារអចលនទ្រព្យច្បាស់លាស់គឺមានអត្រាជោគជ័យខ្ពស់ទៅលើការលក់គម្រោង ប្រកបដោយសុវត្ថិភាពនិងទទួលបានចំណេញក្នុងពេលដ៏ខ្លី”៕

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង៣៤ខ្សែ នៅខេត្តព្រះសីហនុ

        ដោយគង់ ម៉ាលីន

ព្រះសីហនុៈលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា (គ.អ.ឆ.ក)និងមន្រ្តីពាក់ព័ន្ឋ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ។

ការចុះពិនិត្យវឌ្ឍនភាពការងារ ស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ របស់លោកឧបនា​យករដ្ឋមន្រ្តី នៅខេត្តព្រះសីហនុ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ធ្នូនេះ។

គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន១០០ភាគរយហើយ និងឈានដល់ដំណាក់កាលអ៊ុតកៅស៊ូបេទីម កម្រាស់៧០មីលីម៉ែត្របានប្រមាណ២១% និង​​បន្តបង្ហើយការងារស្ថាបនាស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ការងារក្រាលកម្រា​លថ្មក្រានីត ការងារដំឡើងស្លាកសញ្ញាចរាចរណ៍ ដំឡើងកាមេរ៉ាសុវត្ថិភាព ភ្លើងស្តុបចរា​ចរណ៍ បន្ទប់ទឹកសាធារណៈ ដាំដើមឈើ និងពិនិត្យលទ្ធភាព តភ្ជាប់ផ្លូវប្របឆ្នេរអូរឈើទា​លកាត់តាមពយតាមូង។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវបានធ្វើពិធីបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ទទួលសាងសង់ ដោយត្រូវចំណាយទុនប្រមាណ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណីត ដោយចែកចេញជា ៣ប្រភេទគឺ ទី១ ប្រភេទមហាវិថី ទី២ ផ្លូវប្រភេទវិថី និងទី៣ អនុវិថី។ ចំពោះមហាវិថីមានចំនួន៣ខ្សែ គឺមានទទឹងផ្លូវរហូតដល់ទៅ៥០ម៉ែត្រ។ វិថីវិញ គឺមានទទឹងពី២០ ទៅ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ(សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្តិភាពតាមដងផ្លូវផងដែរ។

គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕

 

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៥ខ្សែកំពុងលើកកម្ពស់សក្ដានុពល និងកំណើន នៃការអភិវឌ្ឍខេត្តកំពង់ស្ពឺ

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យកាន់តែមានភាពល្អប្រសើរ សម្រាប់តែខេត្តកំពង់ស្ពឺ កំពុងត្រៀមខ្លួនទទួលយកនូវសមិទ្ធផលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធចំនួន៥ ដែលជាកត្តាសំខាន់ ជួយជំរុញឱ្យការអភិវឌ្ឍនៅក្នុងខេត្តមានភាពល្អប្រសើរ និងបង្កើនសក្ដានុពលកាន់តែខ្លាំងជាងបណ្តាខេត្តមួយចំនួន។

សមិទ្ធផលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធ ដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជាសំខាន់ៗប្រចាំនៅក្នុងខេត្តកំពង់ស្ពឺរួមមានចំនួន៥ ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងស្ដារនិងស្ថាបនាផ្លូវជាតិ៤១ គម្រោងអភិវឌ្ឍផ្លូវជាតិលេខ៤៤ គម្រោងពង្រីកផ្លូវជាតិលេខ៤ រួមជាមួយនឹងភាពល្អប្រសើរនៃសក្ដានុពល ក្នុងការវិនិយោគវិស័យអចលនទ្រព្យនៅផ្លូវជាតិលេខ៥១ គំរោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៣ និងបណ្តាផ្លូវជាតិសំខាន់ៗមួយចំនួនទៀត។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ ជាគម្រោងដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តន៍ក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលរដ្ឋនៅតែជាម្ចាស់កម្មសិទ្ធិ លើទីតាំងដីទាំងអស់ដែលបានធ្វើលទ្ធកម្មសម្រាប់គម្រោង ហើយក្រុមហ៊ុននឹងត្រូវប្រគល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ មកឱ្យជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ ក្រោយផុតរយៈពេលប្រតិបត្តិការ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសម្បទាន។

ការសាងសង់ផ្លូវល្បឿន លឿនសម្រេចបាន២៧ភាគរយហើយ ដោយការសាងសង់កំពុងមានដំណើរទៅមុខជាប្រចាំ ទោះបីមានវិបត្តិសកលអូសបន្លាយពេលយ៉ាងណាក្តី។

ការពង្រីកផ្លូវជាតិលេខ៣

        ផ្លូវជាតិលេខ៣ បាននិងកំពុងពង្រីកជាពីរគន្លង ប្រវែង១៤៨គីឡូម៉ែត្រ ដែលតភ្ជាប់់រវាងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពត ដែលផ្លូវនេះកំពុងស្ថាបនាយ៉ាងសកម្ម ដោយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២២ខាងមុខនេះ។

ផ្លូវនេះស្ថាបនាឡើងវិញក្រោមហិរញ្ញប្បទានរបស់សាធារណៈរដ្ឋកូរ៉េ ដែលផ្លូវនេះនឹងត្រូវពង្រីកជាពីរគន្លង និងមានសួនច្បារនៅចំកណ្តាល ចាប់ពីតំបន់ចោមចៅរហូតដល់តំបន់បាយគូស(ផ្លូវបំបែករវាងខេត្តកំពង និងខេត្តកែប) និងចាប់ពីចំណុចផ្លូវបំបែកបាយគូសទៅកាន់ខេត្តកំពត គឺត្រូវពង្រីកទំហំ១១ម៉ែត្រប៉ុណ្ណោះ។

គម្រោងស្ថាបនានិងលើកកំពស់ផ្លូវជាតិលេខ៤៤

កំណាត់ផ្លូវជាតិលេខ៤៤ មានប្រវែង១៣៩,៦១គឺឡូម៉ែត្រ។ ផ្លូវនេះកាត់ក្រុងច្បារមន និងស្រុកចំនួន៤ផ្សេងទៀតរួមមាន ស្រុកសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ។ ការស្ដារកំណាត់ផ្លូវជាតិលេខ៤៤នេះ បានចំណាយអស់៨០,៣០លានដុល្លារជាថវិកាកម្ចីឥណទានពីចិន និងប្រាក់បដិភាគរបស់រដ្ឋាភិបាលជាង៥,២លានដុល្លារអាមេរិក។ បច្ចុប្បន្ននៅតំបន់ផ្លូវជាតិលេខ៤៤ កំពុងតែមានភាពទាក់ទាញការវិនិយោគ និងសាងសង់សំណង់បម្រើឱ្យវិស័យឧស្សាហកម្ម រួមជាមួយនឹងសកម្មភាពនៃការអភិវឌ្ឍន៍ជាដីឡូតិ៍សម្រាប់លំនៅដ្ឋានដាច់ដោយឡែកផងដែរ ខណៈដែលគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏ចាប់ផ្តើមបង្ហាញខ្លួន។

គម្រោងពង្រីកផ្លូវជាតិលេខ៤

តាមផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងលើកម្ពស់ផ្លូវជាតិលេខ៤នេះ ចាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដោយពង្រីកឱ្យដល់១១ម៉ែត្រ បន្ថែមទៀត ដែលទទួលបានហិរញ្ញប្បទាន ពីធនាគារពិភពលោកក្នុងទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។

គម្រោងស្ថាបនាផ្លូវជាតិលេខ៥១

ផ្លូវជាតិលេខ៥១តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ត្រង់ចំនុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ បច្ចុប្បន្ន ផ្លូវជាតិមួយខ្សែនេះ កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី។

កំណើននៃទិញលក់ក្នុងវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះដោយសារផ្លូវនេះនឹងក្លាយជាផ្លូវយុទ្ធសាស្ត្រមួយ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

 

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃដាំក្បាលចុះប្រមាណ២២ភាគរយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -ថៃនៅក្នុងរយៈពេល១១ខែឆ្នាំ២០២០កន្លងទៅនេះ សម្រេចបានប្រមាណ៦,៦ពាន់លានដុល្លារ ធ្លាក់ចុះ២២ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ថៃមានទំហំ៦,៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបានធ្វើការនាំទំនិញចេញទៅប្រទេសថៃ មានទំហំទឹកប្រាក់សរុប១០៧១លានដុល្លារ ថយចុះ៥១ភាគរយធៀបនឹងរយៈពេល១១ខែកាលពីឆ្នាំ២០១៩។

ដោយឡែកសម្រាប់ទំនិញ ដែលត្រូវបាននាំចូលពីប្រទេសថៃ មកកាន់កម្ពុជាមានទំហំ៥៥៨០លានដុល្លារ ធ្លាក់ចុះ១២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលការធ្លាក់ចុះនូវទំហំពាណិជ្ជកម្មទាំងនេះ បណ្តាលមកពីការទទួលរងនូវផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលទំហំពាណិជ្ជកម្មពេញមួយឆ្នាំ២០១៩មានចំនួន៩,៤១ពាន់លានដុល្លារ កើន១២ភាគរយបើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានត្រឹម៨,៣៨ពាន់លានដុល្លារ។

ផលិតផល និងទំនិញ ដែលកម្ពុជាធ្វើការនាំចូលមកពីប្រទេសថៃភាគច្រើនជាប្រភេទទំនិញ មានតម្រូវការចាំបាច់ ដូចជា ចំណីអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ស្បែកជើង ផលិតផលគ្រឿងសំអាង គ្រឿងចក្រកសិកម្ម គ្រឿងអគ្គិសនី និងគ្រឿងសំណង់ជាដើម៕

ក្រុមហ៊ុន Bluebell Groupឈានជើងចូលទីផ្សារនៅកម្ពុជាជាមួយនឹងការគ្រប់គ្រងផ្សារទំនើបក្នុងគំរោងThe PeAk

        ដោយគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនBluebell Groupបានសម្រេចចិត្តឈានជើងចូលទីផ្សារកម្ពុជា ដោយគ្រប់គ្រងផ្សារទំនើបក្នុងគំរោងThe PeAk ជំនួសឲ្យក្រុមហ៊ុនCapital ដែលមាន​មូលដ្ឋាននៅប្រទេសសឹង្ងបុរី។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនOxley Holding World Bridge Land International ដែលជាអ្នកអភិវឌ្ឍន៍គំរោងThe PeAkបានឲ្យដឹងកាលពីសប្តាហ៍៍មុនថា ក្រុមហ៊ុន Oxley Gem និងក្រុមហ៊ុន CapitaLand Retail បានព្រមព្រៀងបញ្ចប់ការសហការគ្នាពីអំឡុងថ្ងៃទី១០ ខែតុលា ២០២០ ហើយក៏បានចុះអនុស្សរណៈយោគយល់ថ្មីជាមួយក្រុមហ៊ុន Bluebell ដើម្បីគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ផ្សារទំនើបThe Peak នេះ។

ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យអាជីវកម្មផ្សារទំនើប រយៈពេលជាង៦០ឆ្នាំមកហើយ។ តាមរយៈការដាក់ដំណើរការ នូវផលិតផលម៉ាកប្រណីតៗ ជាលក្ខណៈសកល១៥០ម៉ាក និងស្របតាមរបៀបរស់នៅបែបស៊ីវិល័យ នៅទូទាំងទ្វីបអាស៊ី ទាំងក្នុងវិស័យអាជីវកម្មផ្សារទំនើបក្នុងស្រុក និងវិស័យអាជីវកម្មផ្សារទំនើប ដែលបម្រើការដល់ការធ្វើដំណើរនានា និងលើគ្រប់ប្រភេទផលិតផលផងដែរ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Bluebell Group លោកAshley Micklewrightបានឱ្យដឹងថា បណ្ដូលអាជីវកម្មស្នូលរបស់ខ្លួន ក្នុងនាមជាអ្នកថែរក្សា និងប្រតិបត្តិ គឺស្ថិតនៅលើការយកចិត្តទុកដាក់ស្គាល់ពីពេលវេលា ទីកន្លែង វិធីសាស្ត្រ និងតម្រូវការរបស់អតិថិជន។

លោកបន្តថា រួមជាមួយការទាញចូលនូវបណ្ដាម៉ាក ផលិតផលចំបងៗជាលក្ខណៈសាកលចូលមកក្នុងទ្វីបអាស៊ី និងបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាកទាំងនេះ អស់រយៈពេលជាង៦ទសវត្សរ៍កន្លងទៅ លើផ្សារទំនើបចំនួន១០ ក្រុមហ៊ុនក៏មានមោទនភាពក្នុងការសហការជាមួយOxley-Woldbridge នៅកម្ពុជា ហើយរំពឹងយ៉ាងខ្លាំងដើម្បីផ្ដល់ជូននូវផ្សារទំនើបថ្មីមួយនេះនៅអាស៊ី៕

 

អ្នកជំនាញៈការវិនិយោគដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងមានឱកាសចំណេញច្រើន

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានគាំទ្រ និងជំរុញឱ្យមានការវិនិយោគ លើវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីទទួលបានឱកាសចំណេញ ខណៈគម្រោ​ងរោងចក្រ សហគ្រាស បុរី បណ្តុំលំនៅឋានបែបលក្ខណៈបុរី បាន និងកំពុងបាញ់ឆ្ពោះទៅតាមក្រវ៉ាត់ក្រុង និងជាយក្រុងភ្នំពេញ។

អគ្គនាយិការក្រុមហ៊ុន AMATAK Property Service លោកស្រីតាំង ហួរ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា វិស័យអចលនទ្រព្យនៅតាមបណ្តោផ្លូវក្រវាត់ក្រុងនៅពេលនេះ បាននិងកំពុងមានភាពរីកចំរើន តែកន្លែងខ្លះមានការរីកចំរើនលឿន ដែលធ្វើឱ្យអ្នកវិនិយោគមានផលចំណេញច្រើន ។

លោកស្រីបន្តថា “នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងក្នុងតំបន់ខ្លះ មានគម្រោងវិនិយោគច្រើន មានទាំងរោងចក្រ សហគ្រាស បណ្តុំលំនៅដ្ឋាន និងការអភិវឌ្ឍដីធ្លី  ដែលធ្វើឱ្យតម្លៃដីនៅក្នុងតំបន់នោះ កាន់តែមានភាពល្អប្រសើរ”។ លោកស្រីបន្តថា “ដូច្នេះបើចង់វិនិយោគលើវិស័យអចលនទ្រព្យ ឆាប់បានចំណេញខ្ពស់គួរវិនិយោគ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង ដែលនៅគៀកនឹងរាជធានីភ្នំពេញ ដូចជា ផ្លូវទំនប់កប់ស្រូវជាដើមដែលកំពុងមានសន្ទុះ និងភាពរីកចំរើនខ្លាំង”។

លោកស្រីបញ្ជាក់ថា បើទៅទិញដីទុកវិយោគនៅតាមតំបន់ឆ្ងាយៗ ឬតាមបណ្តាខេត្តផ្សេងៗអាចនឹងត្រូវប្រើពេលយូរ ហើយមិនប្រាកដថា ទទួលបានចំណេញខ្ពស់នោះទេ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានឱ្យដឹងដែរថា បើនិយាយផ្លូវក្រវាត់ក្រុង គឺមានលក្ខណៈធំទូលាយណាស់ មានដូចជាផ្កូវក្រវ៉ាត់ក្រុងទី១ ទី២ ទី៣ និងទី៤ជាដើម តែសម្រាប់នៅតាមផ្លូវក្រវាត់ក្រុងខ្លះ មានការរីកចម្រើនខ្លាំងរួចហើយ ដោយសារមានគម្រោងវិនិយោគធំៗ ហើយនៅតំបន់ខ្លះទៀត បាននិងកំពុងមានសន្ទុះបណ្តើរៗ។

លោកបន្តថា “សម្រាប់ផ្លូវក្រវ៉ាត់ក្រុងចាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ ៣ មិនទាន់ពុះកញ្ជ្រោលនោះទេ ព្រោះការអភិវឌ្ឍនៅមានកម្រិតនៅឡើយ តែនៅតាមផ្លូវក្រវ៉ាត់ចាប់ពីផ្លូវជាតិលេខ៦ គឺមានសន្ទុះរីកចំរើនខ្លាំង ព្រោះមានគម្រោងជាច្រើនបានរីកដុះដាលច្រើន”។ លោកបន្តថា “សម្រាប់អ្នកដែលមានដើមទុនអាចទិញដី សម្រាប់ធ្វើការវិនិយោគ ក្នុងម៉ែត្រការ៉េតម្លៃ២០០ ទៅ៣០០ដុល្លារ ឬច្រើនជាងនេះ គួរតែវិនិយោគនៅតាមជាយក្រុងដែលមានការអភិវឌ្ឍន៍”។

លោកបន្តថា បច្ចុប្បន្នមានគម្រោងលំនៅឋានជាច្រើន បាននិងកំពុងរីកចំរើននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ដែលមានទាំងបុរី និងសំណង់បែបលំនៅឋានបែបបុរី ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យ។ នេះជាសញ្ញាល្អ ជំរុញឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់ក្រវ៉ាត់ក្រុង និងធ្វើឱ្យមានភាពរីកចំរើនលើវិស័យអចលនទ្រព្យ៕

តើផ្សារហ៊ុនធំជាងគេចំនួន៥លើពិភពលោកស្ថិតនៅក្នុងប្រទេសណាខ្លះ និងមានប្រតិបត្តិការយ៉ាងដូចម្ដេច ?

ដោយ ៖ សុខុម

មុននឹងឈានទៅដល់ការស្គាល់ប្រទេសទាំង ៥ ដែលជាប់ឈ្មោះជាទីផ្សារភាគហ៊ុនធំៗបំផុតក្នុងពិភពលោក សូមមកស្វែងយល់អំពីពាក្យថា “ភាគហ៊ុន” ទាំងអស់គ្នាបន្តិចសិន។

យើងប្រហែលជាបានឮពាក្យនេះជាញឹកញាប់រួចមកហើយ ជាពិសេសតាមរយៈការចុះផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ។ ប៉ុន្តែប្រហែលជាមានមនុស្សច្រើនរាប់មិនអស់ដែលយល់មិនច្បាស់ថាវាជាអ្វីឱ្យប្រាកដ។ ដូចនេះ តើអ្វីទៅជាភាគហ៊ុន?

ភាគហ៊ុនគឺជាប្រភេទមូលបត្រកម្មសិទ្ធិ ដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមាមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។

ឧទាហរណ៍៖ លោក SV មានភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន ១.០០០ ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្រកាសចែកភាគលាភជាសាច់ប្រាក់ចំនួន ១០ ដុល្លារក្នុងមួយភាគហ៊ុន។ ដូច្នេះភាគលាភជាសាច់ប្រាក់សរុបដែលលោក SV នឹងទទួលបានមានចំនួន ១០.០០០ ដុល្លារ។

តើប្រទេសណាខ្លះដែលជាប់ឈ្មោះជាទីផ្សារភាគហ៊ុនធំៗបំផុតទាំង ៥ ក្នុងពិភពលោក?

យោងតាមការចុះផ្សាយរបស់គេហទំព័រ statista.com កាលពីពេលថ្មីៗនេះឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២០ សហរដ្ឋអាមេរិក បានជាប់ចំណាត់ថ្នាក់ជាផ្សារភាគហ៊ុនធំបំផុតទី១ ក្នុងពិភពលោកដោយកាន់កាប់ចំណែកទីផ្សារភាគហ៊ុនរហូតដល់ទៅ ៥៤% ចំណែកឯចំណាត់ថ្នាក់លេខ២ បានទៅលើប្រទេសជប៉ុន ដែលកាន់កាប់ចំណែកទីផ្សារភាគហ៊ុន ៧,៧% ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសអង់គ្លេស ដែលកាន់កាប់ចំណែកទីផ្សារភាគហ៊ុន ៥,១% ចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសចិន ដែលកាន់កាប់ចំណែកទីផ្សារភាគហ៊ុន ៤% ហើយចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសបារាំង ដែលកាន់កាប់ចំណែកទីផ្សារភាគហ៊ុន ៣,២%។

ទន្ទឹមនេះដែរ យោងតាមគេហទំព័រ nasdaq.com ចុះផ្សាយកាលពីពេលថ្មីៗឱ្យដឹងថា ផ្សារភាគហ៊ុនពិភពលោកទាំងមូលនាពេលបច្ចុប្បន្នមានតម្លៃសរុបរហូតដល់ទៅ ៧៨ ទ្រីលានដុល្លារ ដោយក្នុងនោះ ផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ទាំងមូលមានតម្លៃសរុប ៣៤ ទ្រីលានដុល្លារ។ ហើយកុំបាច់ថាឡើយបូកសរុបផ្សារភាគហ៊ុនទាំងមូលរបស់សហរដ្ឋអាមេរិក សូម្បីផ្សារភាគហ៊ុនតែមួយរបស់ខ្លួនគឺ New York Stock Exchange (NYSE) ក៏ជាប់ចំណាត់ថ្នាក់លេខ១ ជាផ្សារភាគហ៊ុនធំបំផុតក្នុងពិភពលោករួចទៅហើយ ជាមួយនឹងមូលធនទីផ្សារ (Market capitalization) រហូតដល់ទៅ ៣០,១ ទ្រីលានដុល្លារ៕

ទីផ្សារអចលនទ្រព្យខេត្តស្វាយរៀងចាប់ផ្តើមមានតម្រូវការឡើងវិញ

ដោយ ៖ រ៉ាណេត

ស្វាយរៀង ៖ បន្ទាប់ពីជួបភាពស្ងប់ស្ងាត់មួយរយៈដោយសារបញ្ហានៃវិបត្តិជំងឺជាសាកល ពេលនេះស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងខេត្តស្វាយរៀងចាប់ផ្តើមមានសកម្មភាពឡើងវីញ ខណៈដែលទាំងគម្រោងសាងសង់បុរីលំនៅដ្ឋាន និងតម្លៃមានការកើនឡើង។

អគ្គនាយកក្រុមហ៊ុន R’ Investment Group លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងខេត្តស្វាយរៀង ជាពិសេសនៅតំបន់ប្រជុំជនចាប់ផ្តើមមានសកម្មភាពឡើងវិញហើយបន្ទាប់ពីជួបស្ងប់ស្ងាត់មួយរយៈដោយសារតែបញ្ហានៃជំងឺកូវីដកាលពីពេលកន្លងទៅ។

លោកបណ្ឌិតបន្តថា “បច្ចុប្បន្នយើងឃើញមានគម្រោងអភិវឌ្ឍជាច្រើនបានបង្ហាញរូបរាង និងសកម្មភាពសាងសង់ជាបណ្តើរៗឡើងវិញ។ ជាក់ស្ដែងដូចជានៅតំបន់ទន្លេវៃគោ គឺមានគម្រោងអភិវឌ្ឍន៍បុរីមួយចំនួនកំពុងធ្វើសកម្មភាពសាងសង់ ខណៈពេលដែលរដ្ឋបាលខេត្តក៏កំពុងជំរុញការស្ថាបនាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញ”។

លោកបន្តថា “ជាធម្មតានៅពេលតំបន់មួយមានសកម្មភាពអភិវឌ្ឍន៍ ជាពិសេសផ្នែកលំនៅដ្ឋាន គឺបានជំរុញឱ្យតម្លៃអចនទ្រព្យ ជាពិសេសដីធ្លីមានការកើនឡើង ទាស់ត្រង់ថាឡើងតិច ឬច្រើនអាស្រ័យទៅតាមតំបន់នៃភូមិសាស្ត្រ ទីតាំង និងទំហំដីតែប៉ុណ្ណោះ។ តាមខ្ញុំដឹងតម្លៃដីនៅក្នុងតំបន់ទីប្រជុំជនគឺស្ថិតនៅក្នុងចន្លោះពី៣០០-៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកសម្រាប់ដីដែលស្ថិតនៅឆ្ងាយពីតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ ឬចម្ងាយប្រមាណ៦-១០គីឡូម៉ែត្រពីទន្លេវៃគោ អាចស្ថិតនៅក្នុងតម្លៃជាង២០ដុល្លារ ឬទាបជាងនេះអាស្រ័យទៅលើស្ថានភាព និងទំហំដី”។

អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុល បានមានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងលើការវិនិយោគវិស័យអចលនទ្រព្យ ដ៏ដូចជាវិស័យដីធ្លីផងដែរ។
លោកបន្តថា “ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ វាជាឱកាសមួយសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ហើយខេត្តក៏មានទីតាំង និងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ”។

លោកបន្តថា “តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការគ្នាក្នុងការរៀបចំគោលនយោបាយលើកទឹកចិត្តវិស័យឯកជន ដែលបានវិនិយោគលំនៅដ្ឋានដែលមានតំលៃទាប និងតំលៃមធ្យមទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងមួយនេះ មានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឲ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឲ្យកត់សម្គាល់”៕

ចំណេះដឹង! តើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩-២០២៣ ត្រូវបានអនុវត្តន៍​យ៉ាងដូចម្តេច?

ដោយៈ​វុត្ថា

ភ្នំពេញៈ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ២០១៩-២០២៣ មាន៣មាត្រា ត្រូវបាន​រៀបចំឡើង​បន្ត ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ដែល​ត្រូវបាន​ចប់​អាណត្តិ​នា​ចុងឆ្នាំ២០១៨ ក្នុង​នីតិកាល​ទី៥ នៃ​រដ្ឋសភា​កន្លងទៅ។


ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩-២០២៣ នឹងមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​គោលនយោបាយ អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា២០១៦-២០៣០ ។ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ២០១៩-២០២៣ ត្រូវបាន​រៀបចំឡើង​ដើម្បី​សម្រេច​នូវ​វត្ថុបំណង​សំខាន់​ចំនួន​បីដូច​ជា ទី១-ដើម្បី​វាយតម្លៃ​អំពី​លទ្ធផល​រួម និង​បញ្ហា​ប្រឈមចម្បងៗ ដែល​បាន​កើតមានឡើង​នៅក្នុង​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៤ -២០១៨ ក្នុង​អាណត្តិ​កាល​របស់​ផែនការ​នេះ​ទាំងមូល​ពី​ឆ្នាំ២០១៤ដល់​ឆ្នាំ២០១។

ទី២-ដើម្បី​កំណត់​នូវ​បណ្ដា​វិធានការណ៍ គោលនយោបាយ​នានា ដល់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា របស់​រាជរ ដ្ឋា​ភិ​បាល​កម្ពុជា និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា តាម​វិស័យ​នៅក្នុង​ដំណាក់កាល​នៃ​អាណត្តិ​ការ​របស់​ផែនការ ដើម្បី​ស្ថិរភាព​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ប្រជាជន​កម្ពុជា និង​ឆ្ពោះទៅ​សម្រេចបាន​នូវ​ស្ថានភាព​នៃ​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។

ទី៣-ដើម្បី​ដាក់ចេញ​នូវ​ប្រព័ន្ធ​មួយ សម្រាប់​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ប្រចាំឆ្នាំ​នៃ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩ -២០២៣របស់​ក្រសួង​ស្ថាប័ន​នានា៕