សម្រស់ក្រុងព្រះសីហនុកំពុងទាក់ទាញចំណាប់អារម្មណ៍ទេសចរ និងវិនិយោគិនសាជាថ្មី

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ តាមរយៈហេដ្ឋារចនាសម្ព័ន្ធថ្មីដែលត្រូវបានបណ្តាក់ទុនវិនិយោគរាប់រយលានដុល្លារ ជាពិសេសការស្ដារ និងស្ថាបនាផ្លូវថ្នល់ដ៏ល្អស្អាតលើកដំបូងនៅកម្ពុជា បច្ចុប្បន្នក្រុងព្រះសីហនុបានឆក់យកចំណាប់អារម្មណ៍ទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាវិនិយោគិននានាឱ្យងាកទៅកាន់ខេត្តជាប់មាត់សមុទ្រមួយនេះសាជាថ្មី។

លោកជិន ស៊ីផុន ជាអាជីវករបើកផ្ទះសំណាក់ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្រុងព្រះសីហនុបច្ចុប្បន្ននេះមិនដូចព្រះសីហនុកាលពី២-៣ឆ្នាំមុននោះទេ ពោលគឺសូម្បីតែប្រជាជនក្នុងខេត្តក៏មានមោទនភាពជាមួយនឹងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសវត្តមានសំណង់អគារខ្ពស់ជាច្រើនទាំងនៅកណ្តាកក្រុង និងនៅក្បែរឆ្នេរសមុទ្រ បៀបដូចជានៅប្រទេសចិន ឬនៅក្រុងហុងកុងយ៉ាងដូច្នោះ។

លោកបញ្ជាក់ថា កាលពីមួយឆ្នាំមុនអ្នកក៏បង្ហាញពីភាពធុញទ្រាន់ នៅក្នុងក្រុងព្រះសីហដែរនុ ក្រៅពីស្ងប់ស្ងាត់មិនសូវមានមនុស្សដើរច្រើនដោយសារតែបាត់វត្តមានជនបរទេសក្រោយកើតមានកូវីដ ថែមទាំងធុញទ្រាន់នឹងអាកាសធាតុក្ដៅ ហុយដី ហើយសំណង់អគារភាគច្រើនមានតែការហ៊ុមព័ទ្ធដោយសំណាញ់ខៀវ ឬនៅជាកំបោរ មើលទៅគ្មានសោភ័ណភាពនោះទេ។ ប៉ុន្តែពេលនេះ មិនដូចមុនឡើយ ក្រៅពីមានផ្លូវថ្នល់ធំទូលាយ ស្អាត មានសោភ័ណភាពគួរជាទីទាក់ទាញ ថែមទាំងធ្វើឱ្យការរស់នៅរបស់ប្រជាជនក្នុងក្រុងមានភាពងាយស្រួល ទាំងការធ្វើដំណើរ ទាំងសុវត្ថិភាព ជាពិសេសពេលនេះទោះជាវត្តមានជនបរទេសមិនទាន់មានច្រើនដូចមុន ប៉ុន្តែមួយចំណែកធំត្រូវបានជំនួសដោយទេសចរក្នុងស្រុក ជាក់ស្ដែងដូចជាផ្ទះសំណាក់របស់ខ្ញុំកម្រនៅសល់បន្ទប់ទំនេរច្រើននោះទេ ហើយអាចទទួលបានកម្រៃគួរសម ព្រោះមួយបន្ទប់ជួលបាន៣០ដុល្លារសម្រាប់ការស្នាក់នៅមួយយប់។

លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះថា ចាប់តាំងពីដើមឆ្នាំ២០២១ បន្ទាប់ពីស្ថានភាពនៃជំងឺ Covid-19 មានភាពស្ងប់ស្ងាត់កំណើនទេសចរក្នុងស្រុកចាប់ផ្តើម មានកំណើនជាបន្តបន្ទាប់។

លោកបន្តថា “ក្រៅពីកំណើនទេសចរក្នុងស្រុក បច្ចុប្បន្ននេះក៏មានវត្តមានរបស់ទេសចរ និងវិនិយោគិនចិន វិលត្រឡប់មកកាន់ក្រុងព្រះសីហនុវិញដែរ ដែលក្នុងនោះភាគច្រើនជាវិនិយោគិនចាស់ បានមកបញ្ចប់គម្រោងរបស់ពួកគេ ដែលបានបន្សល់ទុកមុនពេលកើតមានវិបត្តិជំងឺរាតត្បាត”។

លោកបន្ថែមថា “ទាំងការវិលត្រឡប់របស់វិនិយោគិន និងទេសចរចិន បានជួយជំរុញឱ្យទីផ្សារជួលអាគារសម្រាប់ស្នាក់នៅ ក៏ដូចជាអាគារអាជីវកម្មដែលធ្លាប់ស្ងាប់ស្ងាត់នោះ ចាប់ផ្តើមមានតម្រូវការវិញបន្តិច។ វាក៏ជាសញ្ញាល្អមួយផ្នែកនៅក្នុងចំណោមផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ដែលនឹងងើបឡើងវិញផងដែរ”។

ជាមួយនឹងភាពល្អប្រសើរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាប្រវត្តិសាស្ត្រនៅក្នុងក្រុងព្រះសីហនុនាពេលនេះ បើមិនមានការប្រែប្រួលនោះទេ ការប្រារព្វពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ពោលគឺត្រូវដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ខណៈដែលនៅតាមតំបន់កម្សាន្តមាត់ឆ្នេរនានាត្រូវបានស្ថាបនាផ្លូវរួចរាល់ រួមជាមួយនឹងការរៀបចំសណ្ដាប់ធ្នាប់កន្លែងលក់អាហារដែលមានសុវត្ថិភាពថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here