ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​នឹង​ប្រតិបត្តិ​ការហោះហើរ​ឡើងវិញ​នៅពេលឆាប់ៗនេះ

ដោយៈ​វុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន នៃ​អាកាសចរណ៍​ស៊ីវិល​បាន​អះអាងថា ក្រុមហ៊ុន​វិស័យ​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បន្ត​ហោះហើរ​ឡើងវិញ​ជា​ប្រក្រតី​នៅ​ប៉ុន្មាន​ខែ​មុខ​ទ​ទៀត បន្ទាប់ពី​ពិភពលោក រួម​ជាមួយនឹង​កម្ពុជា​អាច​ទប់ស្កាត់​ការ​រា​ត្បា​ត​ពី​ជំងឺ​កូ​វីដ១៩ ។

លោក​ខាន់ វណ្ណា អគ្គនាយកដ្ឋាន​បច្ចេក​ទេស នៃ​រដ្ឋលេខាធិការដ្ឋាន​នៃ​អាកាសចរណ៍​ស៊ីវិល​បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា នៅមុន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ មានការ​ហោះហើរ និង​ប្រតិបត្តិការ​ច្រើន​ទាំង​ក្រុមហ៊ុន​នៅក្នុង​ស្រុក និង​មកពី​ក្រៅ​ស្រុក​ចូលមក​កម្ពុជា ប៉ុន្តែ​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​ទៅវិញ ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ ។

លោក​បន្តថា “ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន៦ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​នៅក្នុង​ប្រទេស ហើយ​ក្រុមហ៊ុន​ទាំង៦ នេះ​នឹង​ប្រតិបត្តិ​ការហោះហើរ​ឡើងវិញ នៅក្នុង​រយៈពេល​ប៉ុ​ន្មា​ខែ​ខាងមុខ​ទៀត បន្ទាប់ពី​មានការ​ទប់ស្កាត់​ពី​ជំងឺ​កូ​វីដ១៩បាន១០០ភាគរយ” ។

លោក​បន្ថែមថា វិស័យ​អាកាសចរណ៍​វិ​ស៊ីវិល​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​កន្លងមកនេះ មានការ​រីកចំរើន​គួរឱ្យកត់សម្គាល់ ដោយសារ​រាជរដ្ឋាភិបាល​បាន​បើកចំហរ​គោលនយោបាយ​ជើងមេឃ  និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​របស់​ចិនធំៗ មក​វិនិយោគ​លើ​អា កាស​យានដ្ឋាន​នៅក្នុង​ប្រទេស និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍ មក​បណ្តាក់ទុន​វិនិយោគ​ផងដែរ។ ជាពិសេស​ប្រទេស​កម្ពុជា របស់​យើង​មាន​សក្តានុពល​ខ្ពស់ សំរាប់​បំរើឱ្យ​វិស័យ ទេសចរណ៍  ។

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា​បានឱ្យដឹង​ដែរ​ថា វិស័យ​ទេសចរណ៍ ពឹង​ផ្អែកលើ​ភ្ញៀវ​មកពី​ក្រៅ​ស្រុក ជាពិសេស​មកពី​ប្រទេស​ចិន ហើយ​នៅពេល​ដែលមាន​ប្រតិបត្តិ​ការហោះហើរ​ឡើងវិញ មិន​ថា​ក្រុ​ហ៊ុន​អាស​កាស​ចរណ៍​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក វិស័យ​ទេសចរណ៍​មានសង្ឃឹម​ឡើងវិញ។

លោកស្រី​បន្តថា “ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ វិស័យ​ទេសចរណ៍​កម្ពុជា បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវទេសចរ​បរទេស ដោយសារ​មានការ​បិទ​ជើងហោះហើរ​មិន​ថា​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​ដោយសារ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ១៩” ។

លោកស្រី​ឆាយ ស៊ីវ​លីន បាន​បន្តថា កត្តា​មួយទៀត​វា​ជា​សញ្ញា​ល្អ​មួយ​ដែរ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប​ញ្ជា​ទិញ​វាក់​សាំង និង​ពិភពលោក រក​ឃើ​ង​នូវ​ថ្នាំ​វាក់​សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩នេះ ដែល​នឹង​ធ្វើឱ្យ​សន្ទុះ​ទេសចរណ៍​នឹង​ងើប​ឡើងវិញ ព្រោះ​មនុស្ស​អាចធ្វើ​ដំណើរ និង​ប្រទេស​មួយចំនួនទៀត​បើកចំហរ​ប្រទេស​ឡើងវិញ៕

ក្រុមហ៊ុន​យក្ស​ជប៉ុន​ឈ្នះ​ការដេញថ្លៃ​ទឹកប្រាក់ ៦៦៣លាន​ដុល្លារ លើ​ការសាងសង់ផ្លូវដែក​នៅ​មី​យ៉ាន់​ម៉ា

ដោយៈ​វុត្ថា

តូ​ក្យូៈ ក្រុមហ៊ុន​របស់​ជប៉ុន Mitsubishi Corp បានឈ្នះ​ការដេញថ្លៃ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​ផ្លូវដែក​ជាតិ របស់​ប្រទេស​មី​យ៉ាន​ម៉ា​ចំនួន២គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ៦៦៣លាន​ដុល្លារ​អាមេរិក តាមរយៈ​កិច្ចព្រមព្រៀង​ប្រាក់កម្ចី​បរទេស​រវាង​រដ្ឋាភិបាល​ជប៉ុន និង​មី​យ៉ាន់​ម៉ា។


យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ motorworld.app បានឱ្យដឹងថា គំរោង​ទាំង​ពីនេះ បានមកពី​យុទ្ធនាការ​ដាក់ចេញ​នូវ​ផែនការ នាំចេញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុងការ​ពង្រីក​មកា​ន់​តំបន់​អាស៊ីអាគ្នេយ៍។

តាម​ការ​រយៈ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន Mitsubishi នឹង​បញ្ជូន​ទូរ​រថភ្លើង​ចំនួន ៦៦ សម្រាប់​ត​ភ្ជាប់​ផ្លូវដែក Circular Railway ដែល​រត់​នៅក្នុង​ទីក្រុង Rangon និង​ទូ១៨០ សម្រាប់​ផ្លូវដែក Yangon-Mandalay Railway ដែល​ត​ភ្ជាប់​ពី​ទីក្រុង Yangon ទីក្រុង Naypyitaw និង​ទីក្រុង Mandalay ។

ខ្សែ​រថភ្លើង​ថ្មី​នេះ នឹង​ចួ​ល​រួម​កាត់បន្ថយ​ពេលវេលា តាមរយៈ​ការធ្វើដំណើរ​តាម​ផ្លូវដែក​នៅក្នុង​ទីក្រុង Yangon  ដែលមាន​ប្រវែង ៤៦គីឡូម៉ែត្រ ដោយ​ប្រើពេល​ប្រហែល ១៧០ នាទី​ទៅ១១០ នាទី និង​ផ្លូវដែក​រវាង ទីក្រុង Rangon និង Mandalay មាន​ចម្ងាយ ៦២០គីឡូម៉ែត្រ នឹងត្រូវ​ចំណាយ​ពី ១៥ម៉ោង ឬ​ប្រហែល ៨ម៉ោង​ប៉ុណ្ណោះ។

ប្រទេស​មី​យ៉ាន់​ម៉ា បាន​ខកខាន​កែលម្អ​ប្រព័ន្ធ​ផ្លូវដែក​ជាតិ​របស់ខ្លួន អស់​ជាច្រើន​ទសវត្សរ៍​ក្រោម​ការគ្រប់គ្រង​របស់​ក​ង​ទ័ព។ ការជួសជុល​កែលំអ​នេះ នឹង​ពង្រីក​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល នៅ​ជុំវិញ​ស្ថានីយ៍​កណ្តាល​នៅក្នុង​ទីក្រុង។ នៅតាម​ស្ថានីយ​ដឹកជញ្ជូន​ថ្មី​នេះ ក៏​នឹងមាន​អគារ​ពាណិជ្ជកម្មខ្ពស់ៗដុះ​ឡើង​ផងដែរ និង​ក៏​ជា​កន្លែង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ទីក្រុង។

ខ្សែ​ផ្លូវដែក​រវាង​ទីក្រុង Yangon និង​ទីក្រុង Mandalay  ដែល​បន្សល់ទុក​ជាង៦០ ឆ្នាំ​របស់​ទីក្រុង​ធំ​បំផុត​នៃ​ប្រទេស​នេះ នឹង​ក្លាយជា​តំបន់​មាន​ឥទ្ធិពល ទៅ​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង Mandalay  ដែលជា​កន្លែង​ផលិត​ផលិតផល​កសិកម្ម និង​ធនធាន​រុក្ខជាតិ​ឈានមុខ​គេ​របស់​ប្រទេស៕

ចក្ខុវិស័យ​ថ្មី៖ ភាគ​ខាងជើង​ក្រុងភ្នំពេញ​ទាក់ទាញ​គំរោង​វិនិយោគ​ខុន​ដូ​កាន់តែច្រើន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ខុសប្លែក​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដែល​នៅពេល​និយាយ​ពី​វិស័យ​ខុន​ដូ គេ​តែង​នឹកឃើញ​ដល់​តំបន់​កណ្តាល​ក្រុង ដូចជា​ខណ្ឌ​បឹង​កេងកង ខណ្ឌដូនពេញ និង​ខណ្ឌ៧មករា ជាដើម ប៉ុន្តែ​ពេលនេះ​ទីផ្សារ​ខុន​ដូ​បាន​ប្ដូរ​ទិសដៅ បាញ់​ឆ្ពោះទៅកាន់​តំបន់​ភាគ​ខាងជើង​ក្រុង​វិញ​ម្ដង ជាក់ស្ដែង​ដូចជា​ខណ្ឌ​សែន​សុខ ដែល​កំពុងមាន​សកម្ម​ភាព​ច្រើន​គម្រោង។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក​សំ សុខ​នឿន បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅពេលថ្មីៗនេះ​ថា បច្ចុប្បន្ននេះ ទីផ្សារ​ខុន​ដូ​ដែលមាន​តម្លៃ​មធ្យម បានចាប់ផ្តើម​មាន​តម្រូវការ​ជាបណ្តើរៗ ហើយ​ក្នុងនោះ​អតិថិជន​ដែលជា​ជនជាតិខ្មែរ ក៏មាន​ច្រើន​ដែរ។

លោក​បញ្ជាក់ថា “ការជំរុញ​ឱ្យមាន​កំណើន​នៃ​តម្រូវការ​ទីផ្សារ​ខុន​ដូ គឺ​បណ្តាលមកពី​កត្តា​រួមផ្សំ​ជាច្រើន រួមមាន​ដូចជា​ការយ​ល់​ដឹង​ពី​ភាពល្អប្រសើរ នៃ​ការរស់នៅ​បែប​ទំនើប កត្តា​កំណើន​ប្រជាសាស្ត្រ​នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​កត្តា​នៃ​ការកកស្ទះ​ចរាចរណ៍ ហើយ​ក្រៅពីនេះ ក៏មាន​ការចូលរួមចំណែក​ពី​ការជួញដូ អចលនទ្រព្យ​ដើម្បី​ចំណេញ​ផងដែរ” ។

ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ទំនោរ​នៃ​ការវិនិយោគ និង​អភិវឌ្ឍន៍​សំណង់​ខុន​ដូ​នៅក្នុង​ខណ្ឌ​សែន​សុខ​នាពេល​បច្ចុប្បន្ន ត្រូវបាន​លើក​បញ្ជាក់​ប្រាប់ថា តម្លៃ​ដី​នៅ​កណ្តាល​ក្រុង​បាន​ឡើង​ខ្ពស់​ដល់​កម្រិត ដូច្នេះ​អ្នក​អភិវឌ្ឍន៍​តែង​សិក្សា​ទៅលើ​ទីតាំង ដែលមាន​តម្រូវ​ជាក់ស្ដែង ជាពិសេស​កត្តា​តម្លៃ​ដី ដែល​អាច​អនុគ្រោះ​ដល់​ការវិនិយោគ​របស់​ពួកគេ។

លោក​បាន​បញ្ជាក់ថា តម្លៃ​ដី​នៅ​កណ្តាល​ក្រុង​បាន​ឡើង​ខ្ពស់ រហូត​នៅ​តំបន់​ខ្លះ ៨០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​តម្លៃ​នេះ​មិន​អនុគ្រោះ​ដល់​ការវិនិយោគ និង​អភិវឌ្ឍន៍​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម​នោះទេ។ ផ្ទុយទៅវិញ តម្លៃ​ដី​ដែល​អាច​ផ្តល់ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​ខុន​ដូ​ប្រភេទ​នេះ គឺ​ស្ថិត​ក្នុងតម្លៃ​ជាង១០០០-១៥០០ដុល្លារ​ក្នុង​ម៉ែត្រការ៉េ។ លោក​បន្តថា បច្ចុប្បន្ន​នៅ​ខណ្ឌ​សែន​សុខ បាន​ក្លាយជា​តំបន់​គោលដៅ​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍​សំណង់​ខុន​ដូ ខណៈដែល​តំបន់​សែន​សុខ​នេះ បាន​ឆ្លង​ផុតពី​គម្រោង​វិនិយោគ​លើ​លំនៅដ្ឋាន​កម្រិត​មធ្យម​ទៅហើយ។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គ​នាយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA Cambodia បានទទួល​ស្គា​ល់ពី​ភាព​រីកចម្រើន នៃ​ទីផ្សារ​ខុន​ដូ​នៅក្នុង​ខណ្ឌ​សែន​សុខ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ។

លោក​បាន​មានប្រសាសន៍ថា “សម្រាប់​ទីផ្សារ​ខុន​ដូ នៅ​មួយរយៈ​ចុងក្រោយ​នេះ គឺមាន​សកម្មភាព​ឡើងវិញ​គួរឱ្យកត់សម្គាល់ ជាពិសេស​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម ដែលមាន​តម្លៃ​ចាប់ពី ២០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ចុះក្រោម គឺមាន​តម្រូវការ​ខ្ពស់” ។ លោក​បន្តថា “អ្នកទិញ​ខុន​ដូ​ប្រភេទ​នេះ​មាន២ ទី១ អ្នក​ដែល​បម្រើ​ការងារ និង​មានមុខ​ជំនួញ​នៅក្នុង​ក្រុង ដែលមាន​តម្រូវការ​ជាក់ស្ដែង​សម្រាប់​រស់នៅ ហើយ​ទី២ គឺ​អ្នកជំនួញ​អចលនទ្រព្យ ទិញ​ទុក​វិនិយោគ​បន្ត​យកចំណេញ ដែល​អតិថិជន​ទាំង២ប្រភេទ​នេះ ភាគច្រើន​ជា​អ្នក​ក្នុងស្រុក” ។

លោក​ខន គង្គា បានបង្ហាញ​ពី​ភាព​ជឿជាក់ថា តម្រូវការ​ទីផ្សារ​ខុន​ដូ​កម្រិត​មធ្យម នឹង​នៅតែ​បន្ត​មាន ជាពិសេស​តម្រូវការ​ជាក់ស្ដែង ពី​សំណាក់​អតិថិជន​ក្នុងស្រុក ដែលជា​ចំណែក​មួយ​យ៉ាងសំខាន់​នៅក្នុង​វិស័យ​មួយ​នេះ៕

ការសិក្សា៖ ទីក្រុង​ភ្នំពេញ​បានក្លាយ​ទៅជា​ទីក្រុង​សម្រាប់​ទីស្នាក់ការ​កណ្តាល​របស់វិស័យ​ឯកជន និង​សាធារណៈ

ដោយៈ ប៊ី

ភ្នំពេញៈ ខណៈ​ការអភិវឌ្ឍ​ទីក្រុង​មាន​ល្បឿន​លឿន និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗ បាន​លាតសន្ធឹង​នៅលើ​ផ្តេក​ទន្លេមេគង្គ​រាជធានី​ភ្នំពេញ បាន​ផ្លាស់ប្តូរ​រូបរាង​របស់ខ្លួន ដែល​ពោរពេញ​ទៅដោយ​តំបន់​ពាណិជ្ជ អាជីវកម្ម និង​ទេសចរណ៍​ប្រកបដោយ​សក្តានុពល។

របាយការណ៍​ក្រុមហ៊ុន C9 Hotelworks បានបង្ហាញ​ពី​កំណើន​ប្រកបដោយ​ចីរភាព​ផងដែរ ដោយសារតែ​ការមកដល់​របស់​អ្នកដំណើរ បានកត់សំគាល់​អត្រាកំណើន​សេដ្ឋកិច្ច​ពីរ​ខ្ទង់​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៨ ដោយ​អត្រាកំណើន​ប្រចាំឆ្នាំ CAGR (១៨ ភាគរយ)។

ច្បាស់​ណាស់ កត្តា​ជំរុញ​សំខាន់​នៃ​ការផ្លាស់ប្តូរ​សម្រាប់ “ទីក្រុង”គឺជា​ទីស្នាក់ការ​កណ្តាល​របស់​វិស័យ​ឯកជន និង​សាធារណៈ និង​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​គម្រោង​គំនិត​ផ្តួ ច​ផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដ៏​មាន​មហិច្ឆតា​របស់​ចិន។ គម្រោង BRI ឥឡូវនេះ​លាតសន្ធឹង​ពាសពេញ​ប្រទេស​កម្ពុជា ហើយរ​ត់ទៅ​ខាងត្បូង​ឈូង​សមុទ្រ​ថៃ និង​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង។

ការសិក្សា​នេះ​បាន​បង្ហាញថា អាស៊ី គឺជា​ប្រភព​ប្រភព​អ្នកទេសចរ​លេចធ្លោ ដែល​តំណាងឱ្យ​ចំណែក​ទីផ្សារ ៧៩ភាគរយ។ ការសិក្សា​នេះ​បាន​បន្ថែមថា ៦៦ភាគរយ នៃ​ចរាចរណ៍​ក្នុង​តំបន់​មកពី​ប្រទេស​ចិនដីគោក។

ប្រទេស​ចិន បាន​នាំមុខ​ទីផ្សារ​ប្រភព​ភូមិសាស្ត្រ​ខ្ពស់​ជាងគេ ដោយ​គ្របដណ្តប់​ចំនួន៥២ភាគរយ បន្ទាប់មក​គឺ​ប្រទេស​ម៉ាឡេស៊ី (៦ ភាគរយ) សហរដ្ឋអាមេរិក (៥ ភាគរយ) ជប៉ុន (៤ ភាគរយ) និង​ថៃ (៤ ភាគរយ) ។

ឆ្លុះបញ្ចាំង​ពី​វិធី​ដែល​អ្នកធ្វើដំណើរ​ទៅ​ក្រៅប្រទេស កំពុងធ្វើដំណើរ​ទៅក្នុង​វិស័យ​សេវាកម្ម​ស្នាក់នៅ​របាយការណ៍ C9 បាន​បង្ហាញថា មាន​សណ្ឋាគារ​ចំនួន ៣១៣ មាន​បន្ទប់​សរុប ១៩.៣៣៧ និង​ផ្ទះសំណាក់​ចំនួន ៥២៣ នៅក្នុង​រាជធានី​ភ្នំពេញ។

សញ្ញា​ច្បាស់​អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ជះឥទ្ធិពល​ដល់​វិស័យ​បដិសណ្ឋារកិច្ច​ត្រូវបាន​បង្ហាញថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​ថ្មី​ចំនួន១៥ កំពុងដំណើរការ​ជាមួយ​បន្ទប់​ចំនួន ៧.៨៤៩ ខណៈ​គម្រោង ១៣ទៀត នឹង​ចូល​ទីផ្សារ​នាពេលខាងមុខ។

ចំពោះ​វិស័យ​សណ្ឋាគារ​នៅ​ទីក្រុង មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ចំពោះ​កំណើន​សណ្ឋាគារ​ថ្មី និង​ធំ​ជាង​មុន។

លោក Bill Barnett នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន C9 បាន​មានប្រសាសន៍ថា “២ ឆ្នាំ​ខាងមុខ​នឹងមាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ នៅក្នុង​ការផ្គត់ផ្គង់​ក​ន្លែ​ង​ស្នាក់នៅ ខណៈដែល​យីហោ​ថ្មី១០ ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ផ្គត់​ផ្គ ង់​នៅ​ចន្លោះ​ពេលនេះ​និង ២០២។ ផ្នែក​ផ្សេងទៀត​រួមមាន​ភ្ញៀវទេសចរ និង​វិស័យ​សាជីវកម្ម។

លោក​បាន​បន្តថា “ទីក្រុង​ភ្នំពេញ​ស្ថិតក្នុង​ទីតាំង​កណ្តាល នៃ​ច្រកចេញចូល​ពាណិជ្ជកម្ម​របស់​តំបន់​អាស៊ី ដូចនឹង​មណ្ឌល​ច្រកចេញចូល​នៅ​ទីក្រុង​ហ្សា​ការ​តា និង​រ៉ង់​ហ្គូ​ន” ៕

បញ្ហា​ផលប្រយោជន៍៖ អាមេរិក​ព្រួយ​បា​ម្ភ ខណៈ​សហភាព​អឺរ៉ុប​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ចិន

ដោយៈ​សុខុម

ក្រុង​ព្រុ​ច​សែ​ល:  បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បានផ្ដល់​ការគាំទ្រ​ផ្នែក​នយោបាយ ដល់​កិច្ចព្រមព្រៀង​វិនិយោគ​របស់​ក្រុង​ព្រុ​ច​សែ​ល ជាមួយ​ប្រទេស​ចិន ដោយ​ត្រួស​ត្រាយផ្លូវ ឈានទៅ​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ រវាង​ប្លុក​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​នេះ។

មន្ត្រីការទូត​មួយរូប​បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​មន្ត្រីការទូត ភាគី​អាល្លឺម៉ង់ ដែលជា​ប្រធាន​ឆ្លាស់​វេន​របស់​សហភាព​អឺរ៉ុប បានធ្វើការ​កត់សម្គាល់​ថា គ្មាន​ប្រទេស​ជា​សមាជិក​ណាមួយ “លើក​សញ្ញា​រារាំង​ឡើយ ហេតុដូចនេះ​ផ្លូវ​ឆ្ពោះទៅរក​ការអនុម័ត​ផ្នែក​នយោបាយ​ត្រូវបាន​ត្រួសត្រាយ​ហើយ” ។

មន្ត្រីការទូត​បានធ្វើកា​រ​កត់សម្គាល់​អំពី “ស្ថានភាព​វិវឌ្ឍន៍​ជា​វិជ្ជមានថ្មីៗនេះ” នៅក្នុង​ដំណើរ​ការចរចា ដោយ​ភាគី​ចិន បាន​សម្ដែង​ការព្រួយបារម្ភ​អំពី ការប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​នៅ​កសិដ្ឋាន​របស់ខ្លួន។

ស្ថានភាព​វិវឌ្ឍន៍​ចុងក្រោយ​នេះ បាន​កើតមានឡើង ក្រោយពី​ក្រសួងការបរទេស​ចិន បានលើកឡើង​កាលពី​សប្ដាហ៍​មុន​ថា “ការចរចា​បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ” ។

មន្ត្រីការទូត​មួយរូប​ទៀត​បាន​លើកឡើងថា កិច្ចព្រមព្រៀង​មួយ អាច​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​សប្ដាហ៍​នេះ។

មន្ត្រី​ប្រេសិត​ជាន់ខ្ពស់​រូបនោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “យើង​ត្រូវតែ​ប្រយ័ត្នប្រយែង ប៉ុន្តែ​ប្រទេស​ចិន បាន​ព្រមព្រៀង​រួចហើយ ដែល​អាច​នឹង​មានការ​ប្រកាស​ជា​ផ្លូវការ​ពី​ក្រុង​ព្រុ​ច​សែ​ល និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រឹម​ដំណាច់​សប្ដាហ៍​នេះ” ។

នៅក្នុង​កិច្ចប្រជុំ គ្មាន​ប្រទេស​ជា​សមាជិក​ណាមួយ ចេញមុខ​អន្តរាគមន៍​រារាំង​កិច្ចព្រមព្រៀង​នេះឡើយ ប៉ុន្តែ​ក្រោយមក​ឯកអគ្គរដ្ឋទូត​ប៉ូឡូញ Andrzej Sados បាន​លើកឡើងថា លោក​បាន​សម្ដែង​មន្ទិល ក្រោយពី​ភាគី​អាល្លឺម៉ង់ ដាក់​វា​ចូលក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ។

កិច្ចព្រមព្រៀង​នេះ​គឺជា​ការលើកកម្ពស់ និង​ពង្រឹង​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ មុនពេល​ប្រធានាធិបតី ទើប​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក លោក​ចូ បៃ​ឌិន ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ខែមករា ឆ្នាំ២០២១ ។

ប្រធានាធិបតី​ជិត​ចប់​អាណត្តិ​របស់​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បានចាប់ផ្ដើម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​លោក​ចូ បៃ​ឌិន ក៏បាន​សម្ដែង​ការព្រួយបារម្ភ អំពី​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប ដោយ​ក្រុម​របស់លោក​បាន​ជំរុញ​ឱ្យ​ក្រុង​ព្រុ​ច​សែ​ល ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ឱ្យបាន​ល្អិតល្អន់ ដោយ​លើកឡើងថា ការ​ព​ន្លឿ​ន​ដំណើរ​ការចរចា​យ៉ាង​តក់ក្រហល់ និង​មិន​សម​ហេតុផល​ទាក់ទិន​បញ្ហា​ដ៏​សំខាន់​បែបនេះ ពិតជា​បង្ក​ការព្រួយបារម្ភ​ដល់​ទំនាក់ទំនង​អន្តរជាតិ។

ប្រទេស​អាល្លឺម៉ង់ ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ របស់​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ឆ្លាស់​វេន​របស់​ប្លុក​នេះ រហូតដល់​ដំណាច់​ឆ្នាំនេះ បាន​យក​បញ្ហា​ធ្វើ​យ៉ាង ណា​សម្រេច​ឱ្យបាន​កិច្ចព្រមព្រៀង​នេះ ជា​ការងារ​អាទិភាពរ​បស់​ខ្លួន។

គណៈកម្មការ​អឺរ៉ុប ដែលជា​ផ្នែក​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប បានលើកឡើង​កាលពីមុន​បុណ្យ​ណូអែល​ថា សេចក្ដីព្រាង​នៃ “កិច្ចព្រមព្រៀង​នយោបាយ​នេះ សម្រេចបាន ៩៥% ហើយ” ហើយ​ត្រូវការ​តែ​ការឱ្យ​ភ្លើង​ខៀវ​ពី​ក្រុង​ព្រុ​ច​សែ​ល​ប៉ុណ្ណោះ៕

តំបន់​ជ្រោយចង្វារ​ផ្លូវជាតិ​លេខ​៦A កំពុង​ក្លាយជា​ទីតាំង​បណ្តុំ​លំនៅដ្ឋានទាន់សម័យ​កម្រិត​ខ្ពស់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តំបន់​ជ្រោយចង្វារ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ៦ បច្ចុប្បន្ន​នៅតែ​ជាទី​តាំង​ដែល​ប្រមូលផ្តុំ ទៅដោយ​សំណង់​លំនៅដ្ឋាន​បែប​ទំនើប និង​មានតម្លៃ​ថ្លៃ​ចាប់ពី​ជិត២០ម៉ឺន រហូតដល់​ជាង១លាន​ដុល្លារ ដែល​ស្ថិតនៅក្នុង​គម្រោង​បុរី​ធំ​ជាច្រើន។

ចាប់តាំងពី​តំបន់​គល់ស្ពាន​ជ្រោយចង្វារ ឆ្ពោះទៅ​ទិស​ខាងជើង​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋានធំៗជាច្រើន ដែល​កំពុង​បង្ហាញ​រូបរាង​ជា​បន្តបន្ទាប់ ដូចជា​គម្រោង​ទីក្រុង​រណប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន OCIC គម្រោង​របស់​ក្រុមហ៊ុន​លី យ៉ុង​ផាត់ គម្រោង​សំណង់​បុរី​លំនៅដ្ឋាន​បែប​ទំនើប និង​ប្រណីត​ជាច្រើន ក្រោម​ទុនវិនិយោគ​រាប់សិប​ពាន់​លាន​ដុល្លារ។

ជាមួយនឹង​ទិដ្ឋភាព​ជាក់ស្ដែង នៃ​ការអភិវឌ្ឍ​ឥតឈប់ឈរ នៅក្នុង​វិស័យ​សំណង់​លំនៅដ្ឋាន​ទាំងនេះ លោក​ឧកញ៉ា​នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២០ កន្លងមក ដោយបាន​បង្ហាញ​ពី​ក្ដី​សាទរ ជាមួយនឹង​សកម្មភាព​រីកចម្រើន​ទាំងអស់នេះ។

លោក​បាន​មានប្រសាសន៍ថា “វា​មិនមែនជា​រឿង​ចម្លែក​នោះទេ នៅពេលដែល​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍ ជាពិសេស​តំបន់​ក្រុងភ្នំពេញ​មានការ​កើនឡើង​នូវ ចំនួន​អគារធំៗ ដូចជា​សំណង់​ខុន​ដូ អា​ផាត​មិនជា​ដើម នោះ​តំបន់​ដែល​ស្ថិត​នៅជាប់​ក្រុង គឺ​ត្រូវតែមាន​តម្រូវការ​ខ្ពស់” ។

ជាក់ស្ដែង ដូចជា​តំបន់​ជ្រោយចង្វារ​ជាដើម ដែល​ពីមុន​មាន​ភាព​ទូលាយ​ល្ហល្ហេវ ប៉ុន្តែ​បច្ចុប្បន្ននេះ បានក្លាយ​ទៅជា​តំបន់​ដ៏​មាន​សក្ដានុពល ជាពិសេស​លើ​ផ្នែក​សំណង់​លំនៅដ្ឋាន​តែម្ដង ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ខ្ពស់ ។

លោក​ឧកញ៉ា​នួន រិទ្ធី បាន​បញ្ជាក់ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន តម្លៃ​ដី​នៅ​តំបន់​ជ្រោយចង្វារ​មាន​កម្រិត​ទាប​នៅឡើយ ពោលគឺ​ប្រមាណ ១០០០ទៅ១៥០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​បាន​កើនឡើង​ខ្ពស់​រហូតដល់២៥០០ ទៅដល់ ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ ហើយ​ទីតាំង​ខ្លះ​អាចមាន​តម្លៃ​ថ្លៃ​ជាង​នេះ។

លោក​បន្តទៀតថា “ប្រសិនបើ​បរិយាកាស​សេដ្ឋកិច្ចកម្ពុជា នៅតែមាន​ភាពល្អប្រសើរ មិនយូរ​ទៀត​នោះ​ទេវា​នឹង​ក្លាយជា​តំបន់​ពិសេស អំណោយផល​លើ​វិស័យ​លំនៅដ្ឋាន  ក៏ដូចជា​មណ្ឌល​ពាណិជ្ជកម្មផ្សេងៗ ដែល​កើតមាន​អគារធំៗ និងខ្ពស់ៗមិន​ក្រោម១៥ -២០ ជាន់​នោះទេ” ។

បច្ចុប្បន្ននេះ វត្តមាន​នៃ​គម្រោង​បុរី​លំនៅដ្ឋាន បែប​ទំនើប​ជាច្រើន​កំពុងតែ​បង្ហាញខ្លួន​នៅ​តំបន់​ខាងលើនេះ ដែល​កាន់តែ​បង្ហាញ​ពី​សក្ដានុពល​នៃ​តំបន់​កាន់​ខ្លាំង  និង​ទាក់ទាញ​បំផុត ដូចជា សំណង់​បុរី​សុភមង្គល បុរី The Mekong Royal  បុរី ហេង ហ៊ាង ស៊ី​ធី   បុរី ប៉េង ហួត, បុរី New Town បុរី អរ​គី​ដេ​វីឡា  បុរី រុងរឿង បុរី The Flora, បុរី​មង្គល​ភ្នំពេញ បុរី ភ្នំពេញ​ផាក បុរី ដឹ​មេគង្គ​រ៉ូយ៉ាល់ បុរី​ហាយ​លែ​ន និង​បុរី​វិមាន​ភ្នំពេញ​ជាដើម។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ដែរ​ថា បច្ចុប្បន្ននេះ​តំបន់​ខាងលើ បាន​ក្លាយជា​តំបន់​មុំ​ត្រ​Iកោណ​ស័ក្ដិសម ទៅនឹង​ការអភិវឌ្ឍ​ជាទី​ក្រុង​រណប ដោយសារតែ​វា​មាន​កត្តា​ភូមិសាស្ត្រ​ល្អ និង​អំណោយផល​ពី​ធម្មជាតិ ដែល​ព័ទ្ធជុំវិញ​ទៅ​ទន្លេមេគង្គ និង​ទន្លេសាប ។

លោក​បាន​បន្តទៀតថា “ក្រៅពី​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ សមស្រប​ទៅនឹង​លំនៅដ្ឋាន​រស់នៅ ថែមទាំង​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែល​រាជរដ្ឋាភិបាល ក៏ដូចជា វិស័យ​ឯកជន​បាន​អភិវឌ្ឍន៍ ជាពិសេស​ផ្លូវជាតិ​លេខ ៦A តែម្ដង ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន” ៕

រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មី”

ដោយៈ គង់ សូរិយា

ភ្នំពេញ: រដ្ឋាភិបាល ដែលមានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយ ដើម្បីដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធ នឹងការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល។

កិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២០កន្លងមក ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា លើសំណើសុំគោលការណ៍អនុញ្ញាត “បង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មី”។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានប្រាប់ថា ស្របតាមបរិបទនៃការវិវឌ្ឍជាក់ស្តែងនៃឌីជីថលូបនីយកម្មរបស់កម្ពុជា កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូលបន្ថែម និងផ្លាស់ប្តូរទស្សនទាន ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល។

កិច្ចប្រជុំក៏បានពិភាក្សាលើចំណុចសំខាន់ៗចំនួន៤ រួមមាន ទី១ ការអនុវត្តផែនការផ្លាស់ប្តូរ ការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថលឱ្យបានមុនឆ្នាំ ២០២៣ ទី២ ការគ្រប់គ្រងនូវការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍៧០០MHz ក្នុងវិស័យសោតទស្សន៍ រួមមានទូរទស្សន៍ឌីជីថល ប្រព័ន្ធអ៊ីនធើណេត និងទូរស័ព្ទចល័ត ទី៣ យន្តការគ្រប់គ្រង និងវិនិយោគ លើថ្នាលទូរទស្សន៍ឌីជីថលថ្មី និងទី៤ ការធ្វើបច្ចុប្បន្នកម្មលើវឌ្ឍនភាពពាក់ព័ន្ធនឹងការរៀបចំ និងការគ្រប់គ្រងហេដ្ឋា-រចនាសម្ព័ន្ធប្រព័ន្ធឌីជីថលក្នុង រយៈពេលមធ្យម និងវែង ក៏ដូចជាពិភាក្សាពីលទ្ធភាព នៃការបង្កើតគំរូពាណិជ្ជកម្មសម្រាប់ ការវិនិយោគក្នុងវិស័យពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថល។

លទ្ធផលនៃកិច្ចប្រជុំនេះ បានសម្រេចលើយន្តការគ្រប់គ្រង និងការវិនិយោគលើថ្នាលទូរទស្សន៍ឌីជីថលថ្មី អង្គប្រជុំបានពិនិត្យ ពិភាក្សា និងប្រៀបធៀបនូវជម្រើសយន្តការចំនួន៣ផ្សេងគ្នា រួមមាន ទី១ យន្តការគ្រប់គ្រង និងវិនិយោគដោយវិស័យឯកជនទាំងស្រុង។យន្តការសហការចម្រុះរវាងវិស័យរដ្ឋ-ឯកជន និងយន្តការគ្រប់គ្រង និងវិនិយោគដោយរដ្ឋទាំងស្រុង។

លោកអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ថា ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធសោតទស្សន៍ ប្រកបដោយជោគជ័យ គឺជាកិច្ចការដ៏មានសារ-សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល ដែលការណ៍នេះ មិនត្រឹមតែអាចជួយជំរុញវិស័យសេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន តាមរយៈការបង្កើនភាពប្រកួតប្រជែង ដែលទ្រទ្រង់ដោយប្រព័ន្ធប     ច្ចេកវិទ្យាទំនើប និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់យន្តការនៃការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឃោសនាការក្នុងប្រទេស ក្នុងន័យធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់៕

គម្រោងអភិវឌ្ឍធំៗចំនូន៩នៅក្រុងព្រះសីហនុនឹងចាប់អនុវត្តនៅដើមឆ្នាំ២០២១

ដោយៈ រ៉ាណេត

ព្រះសីហនុៈ គម្រោងអភិវឌ្ឍន៍ខេត្ត និងក្រុងព្រះសីហនុចំនួន៩នឹងចាប់ផ្តើមអនុ​វត្តន៍នៅឆ្នាំ២០២១ខាងមុខនេះ ដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញទេសចរណ៍ និងវិនិយោគបន្ថែម។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា រដ្ឋបាលខេត្តព្រះសីហនុ នៅមានគម្រោងអភិវឌ្ឍន៍ថ្មីៗចំនួន៩ផ្សេងទៀត ដែលនឹងត្រូវចាប់អនុវត្តនៅដើមឆ្នាំ២០២១ខាងមុខតទៅ។ លោកបានបន្តថា គម្រោងទាំង៩ ដែលនឹងត្រូវអនុវត្តនៅដើមឆ្នាំ២០២១ រួមមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា គម្រោងថែទាំសួនច្បារសាធារណៈ ស្ពានបេតុង បណ្តាញលូអ៊ុយ ថែទាំបណ្ដា​ញភ្លើងបំភ្លឺសាធារណៈ សាងសង់ផ្លូវបេតុង និងបណ្តាញលូទឹកភ្លៀង លូទឹកសំអុយជាដើម។

លោកបន្តថា គម្រោងត្រូវសិក្សាបន្ថែមរួមមានគម្រោងទី៣ កែសម្រួលស្ពានឱ្យបានធំទូលាយ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង, គម្រោងទី៥ កែសម្រួលទទឹងផ្លូវឱ្យតាមស្តង់ដារ និងគម្រោងទី៦ កែសម្រួលមកដាក់លូអ៊ុយ ដោយឡែកគម្រោង ផ្សេងទៀតយើងបានឯកភាព។ ដូចនេះមន្ត្រីជំនាញរបស់យើងត្រូវចុះសិក្សាបន្ទាន់ ដើម្បីដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ខាងមុខ។

លោកបញ្ជាក់ថា “គម្រោងថវិកាអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២១ ដែលរដ្ឋបាលខេត្តបានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបានធ្វើការកាត់ថវិកាអភិវឌ្ឍន៍ជា៣ដំណាក់កាល បន្តបន្ទាប់ធ្វើឱ្យគម្រោងមួយចំនួន ត្រូវលុបចោលក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ២០២១។ ដូច្នេះយើងត្រូវជ្រើសរើសយកគម្រោងណា ដែលជាគម្រោងអាទិភាព ដើម្បីអភិវឌ្ឍន៍ជាមុន និងជាតម្រូវការចាំបាច់របស់មូលដ្ឋាន។ ទន្ទឹមនោះយើងត្រូវកៀរគរផ្នែកឯកជនចូលរួមអភិវឌ្ឍន៍ក្រុងរបស់យើងបន្ថែមទៀត។

លោកបន្តទៀតថា ដោយសារឆ្នាំកន្លងមកជំនន់ទឹកភ្លៀង នៅតែបន្តជន់លិចក្រុងរបស់យើង ដោយសារតែសំរាមបានហូរមកកកស្ទះ នៅតាមស្ពានចំនួន៤ តម្រូវឱ្យរដ្ឋបាលខេត្ត ធ្វើការកែលម្អ សាងសង់ពង្រីកស្ពានទាំងនោះឡើងវិញ ដូចជាស្ពាន L.V ស្ពានស្តេចមឹក និងស្ពាន ០២ទៀត នៅអង្គការម្លប់តាប៉ាង។ ស្ពានទាំង៤ ស្ថិតក្នុងនៅ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សាឆ្នាំ២០២១ខាងមុខ។

នៅក្នុងផែនការលម្អិត ដែលបង្ហាញពីគម្រោងដែលត្រូវអនុវត្តមាន ដូចជា១.ជួសជុលសួនច្បារវិមានឯករាជ្យ សួនកូនសោរ និងសួនច្បារតោពីរសង្កាត់លេខ៣។ ២.ជួសជុលបណ្ដាញភ្លើង និងភ្លើងបំភ្លឺ សាធារណៈតាមបណ្ដោយផ្លូវលេខ៨០០ ក្រុងព្រះសីហនុ។ ៣.ជួសជុលស្ពានបេតុងបុក ស៊ីផាយ មុខអង្គការម្លប់តាប៉ាងចំនួន ០១កន្លែង សង្កាត់ ៤។ ៤.ជួសជុលផ្លូវបេតុង ផ្លូវទៅវត្តលើ ចាក់បេតុង និងដាក់លូទឹកភ្លៀងមុខកាត់០,៦ម៉ែត្រ ម្ខាងស្របផ្លូវ និងលូមូលកាត់ទទឹងផ្លូវ០,៨ម៉ែត្រ ចាប់ពីផ្លូវលេខ៧០១ ដល់វត្តលើ សង្កាត់លេខ៣។

៥.ជួស ជុលផ្លូវលេខ៨០២ ចាក់ក្រាលបេ តុង លូទឹកភ្លៀងមុខកាត់ ០,៦ម៉ែត្រ និងលូទឹកស្អុយមុខកាត់ ០,២ម៉ែត្រ សងខាងផ្លូវ (ចាប់ពីផ្លូវលេខ៨០០ ផ្លូវលេខ២១១) សង្កាត់លេខ២។ ៦.ជួសជុល បណ្តាញលូ ផ្លូវលេខ ២១៣ ដាក់លូទឹកភ្លៀងមុខកាត់ ០,៨ម៉ែត្រ លូទឹកស្អុយមុខកាត់ ០,២ម៉ែត្រ សងខាងផ្លូវ(ចាប់ពីផ្លូវលេខ២០០ ផ្លូវលេខ ២០៩)។ ៧.ជួសជុលបណ្ដាញលូអ៊ុយ (1mx1m) មានគម្របសងខាងផ្លូវ សង្កាត់លេខ៤ ចាប់ពីផ្លូវលេខ១០៤ តភ្ជាប់កំណាត់ លូអង្គការម្លប់តាប៉ាង (គម្រោងឆ្នាំ២០២០)។ ៨.ជួសជុលផ្លូវលេខ១០៥ ចាក់បេតុង លូទឹកភ្លៀងមុខកាត់ ០,៨ ម៉ែត្រ និងលូទឹកស្អុយមុខកាត់ ០,២ម៉ែត្រ សងខាងផ្លូវ(ពីផ្លូវលេខ ១០០ ដល់ផ្លូវលេខ១០៣៤)។ ៩.ជួសជុលផ្លូវលេខ១០៣៤ ចាក់បេតុង លូទឹកភ្លៀងមុខកាត់ ០,៨ ម៉ែត្រ លូទឹកស្អុយមុខ កាត់០,២ ម៉ែត្រ សងខាងផ្លូវ (ពីផ្លូវលេខ ១០៣ ដល់ផ្លូវលេខ១០៥)៕

សណ្ឋាគារចំនួន១១៨ទីតាំងបន្តរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩

ដោយៈ រ៉ាណេត

ភ្នំពេញៈ រហូតមកដល់ដំណាច់ឆ្នាំ២០២០នេះ អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ផ្នែកសេវាស្នាក់នៅរួមមានសណ្ឋាគារ និងផ្ទះសំណាក់តូចធំចំនួន១១៨ទីតាំង បានបន្តទទួលរងនូវផលប៉ះពាល់ដោយសារបញ្ហានៃវិបត្តិជំងឺកូវីដ១៩។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងឱកាសថ្លែងសារផ្ញើជូនជនរួមជាតិកម្ពុជា ពាក់ព័ន្ធទៅនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារតែបញ្ហានៃវិបត្តិជំងឺកូដជាសាកល រហូតមកដល់ពេលនេះសម្រាប់តែផ្នែកសណ្ឋាគារ និងផ្ទះសំណាក់ សរុបចំនួន១១៨ទីតាំងនៅបន្តព្យួរ ដែលប៉ះពាល់ដល់បុគ្គលិកសរុបប្រមាណ៩៤០៣នាក់។

សម្ដេចតេជោបានបញ្ជាក់ថា “ការផ្អាកអាជីវកម្មខាងលើនេះ បានប៉ះពាល់ដល់បុគ្គលិករហូតដល់៩៤០៣នាក់ ដូចដែលបានលើកឡើងខាងលើនេះ រាជរដ្ឋាភិបាលនៅបន្តជួយឧបត្ថម្ភថវិកាចំនួន៣ខែទៀត”។សម្តេចបន្តថា “សម្រាប់អ្នកដែលបាត់បង់ការងារនឹងទទួលបានថវិកា ពីរាជរដ្ឋាភិបាលកម្ពុជាចំនួន៤០ដុល្លារក្នុងម្នាក់ ដូចគ្នាទៅនឹងកម្មកររោងចក្រ សហគ្រាសដែលបាត់បង់ការងារដូចគ្នា ដោយចាប់អនុវត្តចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២១”។

ជាមួយគ្នានេះ សម្ដេចក៏បានលើកឡើងផងដែរថា ទឹកប្រាក់ចំណាយរបស់រដ្ឋាភិបាលសម្រាប់ជួយដល់នយោជិក ដែលបាត់បង់ការងារក្នុងវិស័យខាងលើនេះ មានទំហំប្រមាណ២០,២០ពាន់លានដុល្លារ។

ដោយឡែកសម្រាប់កម្មករ និយោជិត ដែលបាត់បង់ការងារដោយសាររោងចក្រដែលបានព្យួរចំនួន៤៤ទីតាំង ស្មើនឹងចំនួន១៤៥៧៨នាក់ ក៏នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់រយៈពេល៣ខែទៀតដូចគ្នា ដោយរាជរដ្ឋាភិបាលត្រូវផ្តល់៤០ដុល្លារក្នុងម្នាក់ សម្រាប់អ្នកដែលបាត់បង់ការងារ ហើយម្ចាស់រោងចក្រសហគ្រាសចំនួន៣០ដុល្លារ ដែលសរុបកម្មករម្នាក់ត្រូវទទួលបាន៧០ដុល្លារក្នុងម្នាក់៕

អ្នកអភិវឌ្ឍន៍មួយចំនួនចាប់ផ្តើមឆក់យកឱកាសវិនិយោគលើវិស័យលំនៅដ្ឋាន លំហែរកាយតម្លៃក្រោម៥ម៉ឺនដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងបរិបទនៃវិបត្តិជំងឺឆ្លងជាសាកល ដែលកំពុងបន្តកើតមាននៅពេលបច្ចុប្បន្ន ដែលបណ្តាប្រទេសនានានៅបន្តបិទទ្វារនោះ សម្រាប់តែអ្នកវិនិយោគ និងអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានកម្ពុជាមួយចំនួន បានឆក់យកឱកាសនេះ ធ្វើការអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានបែបលំហែរ នៅតាមបណ្តាខេត្តមួយចំនួនដែលជាគោលដៅទេសចរណ៍។

លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា វិបត្តិកូវីដបានធ្វើឱ្យប្រជាជនខ្មែរភាគច្រើន មានការផ្លាស់ប្ដូររបៀបរបបរស់នៅ និងការប្រកបមុខរបរអាជីវកម្មថ្មីៗជាច្រើនប្រកបដោយភាពវិជ្ជមាន។

លោកឧកញ៉ាបន្តថា “ជាមួយនឹងដំណើរសេដ្ឋកិច្ចរលូនរបស់កម្ពុជា បានអនុញ្ញាតឱ្យប្រជាជនខ្មែរ នៅតែមានឱកាសប្រកបអាជីវកម្ម និងទទួលបានចំណូលដដែល ហើយ មួយចំណែកធំ បានជំរុញឱ្យពួកគាត់មានទំនោរ ទៅលើដំណើរកម្សាន្តនៅតាមតំបន់ទេស​ចរណ៍ធម្មជាតិនានាជាច្រើនផងដែរ”។លោកបន្តថា “វាក៏ចំណុចមួយជួយជំរុញទឹកចិត្តអ្នកអភិវឌ្ឍន៍មួយចំនួន ងាកទៅចាប់អារម្មណ៍ក្នុងការបណ្តាក់ទុន អភិវឌ្ឍន៍ប្រភេទលំនៅដ្ឋានបែបលំហែរផងដែរ”។

លោកឧកញ៉ាបន្តថា “ការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរនៅពេលនេះ វាមិនមានភាពទូលំទូលាយដូចការអភិវឌ្ឍ និងមានទីផ្សារធំធេងដូចលំនៅដ្ឋានអចិ   ន្ត្រៃយ៍នោះទេ ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍន៍ ដែលកំពុងធ្វើសកម្មភាពនៅតាមបណ្តាខេត្តគោ​លដៅទេសចរណ៍ធម្មជាតិនាពេលបច្ចុប្បន្ននេះ គឺជាការឆ្លៀតឱកាសរបស់អ្នករកស៊ីនៅក្នុងវិស័យមួយនេះ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដែលវាមិនមែនជាការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ដែលមាននិរន្តរភាពនោះទេ”។

លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R’ Investment Group បានមានប្រសាសន៍ថា ការវិនិយោគប្រភេទលំនៅដ្ឋានបែបលំហែរ ត្រូវបានគេបែងចែកជា២ប្រភេ​ទសម្រាប់ការទទួលបានផលចំណេញវិញត្រឡប់មកវិញ។

លោកបន្តថា “សម្រាប់អ្នកដែលអភិវឌ្ឍន៍សម្រាប់លក់ គឺត្រូវការដើមទុនមិនច្រើននោះការអភិវឌ្ឍន៍សម្រាប់ជួលនោះទេ ព្រោះនៅពេលដែលគេអភិវឌ្ឍន៍បណ្តើរ គេអាចលក់បានបណ្តើរ”។ លោកបន្តថា “ការយកចំណូលពីការលក់ធ្វើជាទុនបង្វិល ក្នុងកិច្ចដំណើរការអភិវឌ្ឍរបស់ពួកគេ ដែលផ្ទុយពីការអភិវឌ្ឍន៍សម្រាប់ជួល តម្រូវឱ្យមានដើមទុនគ្រប់គ្រាន់ជាចាំបាច់ ព្រោះពួកគេអាចទទួលបានចំណូល ពីជួលត្រឡប់មកវិញបន្ទាប់ពីបញ្ចប់គម្រោងសាងសង់ទាំងស្រុង”។

លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ការបណ្តាក់ទុនវិនិយោគនៅក្នុងផ្នែកនេះ គេក៏ត្រូវមើលពីហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ បណ្តាញទឹកស្អាត និងបណ្តាញអគ្គិសនីផងដែរ ដើម្បីជៀសវាងបង្កើនចំណាយទុនថ្លៃដើមបន្ថែម ទៅលើការរៀបចំ។ ជាទូទៅលំនៅដ្ឋានលំហែរដែលមានទីផ្សារទូលាយ និងងាយស្រួលលក់គឺស្ថិតក្នុងក្រោមក្រោម៥ម៉ឺនដុល្លារចុះក្រោម និងមានទំហំមិនលើស២០០ម៉ែត្រការ៉េនោះទេ បើធំជាងនេះ និងមានតម្លៃថ្លៃជាងនេះ ទីផ្សារមានភាពចង្អៀត ពិបាករកអតិថិជនបំផុត៕