ប្រធានថ្មីCREA ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យអចលនទ្រព្យឲ្យកាន់តែមានភាពរីកចំរើន

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកជឹង សុខម៉េងបានថ្លែងកាប្តេជ្ញាចិត្តរបស់ខ្លួន ចូលរួមជារាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា អោយមានការរីកចំរើនខ្លាំងក្លាថែមទៀត ។

លោក ជឹង សុខម៉េងបានការថ្លែងប្តេជ្ញាដ៏មុតមាំរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតជ្រើសរើស តាំងលោកជាប្រធានCREA ដែលមានបេសកកម្ម ក្នុងការជួយជំរុញនិងអភិវ​  ឌ្ឍន៍ វិស័យអចនទ្រព្យនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកបានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យគ្រប់រូបគួរតែចូលរួមបង់ពន្ឋឲ្យបានត្រឹមត្រូវជូនរដ្ឋាភិបាល ព្រោះវាជាការជួយដល់ប្រទេសជាតិ ពិសេសនឹងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិដទៃទៀត។

លោកបន្តថា “នៅពេលប្រទេសយើងគោរពច្បាប់ត្រឹមត្រូវ នឹងធ្វើឲ្យបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ដែលនឹងធ្វើឲ្យប្រទេសយើង កាន់តែមានភាពរីកចម្រើនថែមទៀត”៕

 

សម្ដេចតេជោៈដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ដំណក់ប្រេងដំបូងរបស់កម្ពជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា ដែលលុយដែលបានមក នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល។

សម្តេចតេជោបានមានប្រសាសន៍ ក្នុងការថ្លែងសារពិសេស ពីភូមិគ្រឹះសម្តេចនាព្រឹកថ្ងៃទី២៩ ធ្នូនេះថា ប្រកាសដំណឹងល្អរបស់កម្ពុជា ថ្ងៃនេះដំណក់ប្រេងលើកដំបូងរបស់ខ្មែរ ដែលត្រូវបានចាប់ផ្តើមហើយ។

សម្ដេចតេជោបានថ្លែងថា “បើគ្មានសន្តិភាព គឺគ្មានទេនូវអ្វីៗដូចសព្វថ្ងៃនេះរួមទាំងដំណក់ប្រេងលើកដំបូងផងដែរ”។ សម្តេចបន្ថែមថា “តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជា មិនមានការត្រួតស៊ីគ្នាជាមួយថៃទេ”។

ជាមួយគ្នានឹងដំណឹងដ៏វិសេសវិសាលនាថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តឧបត្ថម្ភដល់កម្មករនិយោជិត ដែលបាត់បង់ការងារធ្វើអំឡុងពេលកូវីដ១៩ រយៈពេល៣ខែទៀត ដោយរដ្ឋាភិបាលជួយ៣០ដុល្លារ ហើយថៅកែរោងចក្រចេញ៣០ដុល្លារក្នុងម្នាក់ៗក្នុង១ខែៗ

សម្តេចបានបន្តថា រាជរដ្ឋាភិបាលបានទទួលថវិការ លុយដុល្លារ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងនោះមានទាំងថវិកាប្រទានពីព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងជាសហគមន៍ជាថ្មីម្តងទៀត ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕

 

គំរោងផ្កូវ៣០ម៉ែត្រចេញពីតំបន់Grand Phnom Penhឆ្ពោះទៅតំបន់ព្រែកព្នៅកំពុង ទាក់ទាញការវិនិយោគបុរី

ដោយគង់ សូរិយា

        ភ្នំពេញៈ គំរោងស្ថាបនាផ្លូវទំហំ៣០ម៉ែត្រចេញពីតំបន់Grand Phnom Penh ឆ្ពោះទៅតំបន់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅកំពុងទាក់ទាញការវិនិយោគនៅតំបន់ខាងលើនេះ ពិសេ​សទីផ្សារលំនៅដ្ឋាននៅតំបន់ព្រែកព្នៅកាន់តែមានសក្តានុពល។

ដោយស្ថាបនាឡើងទល់មុខផ្សារ និងអាចប្រកបអាជីវកម្មបាន បុរីKC បាននិងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ជាមួយលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ដោយបង់រំសល់ត្រឹមជាង២០០ដុល្លារប៉ុណ្ណោះ នឹងទទួលបានលំនៅដ្ឋានស្រស់ស្អាត មានសំណង់រ៉ឹងមាំ និងផ្តោតលើផាសុខភាពដល់អ្នករស់នៅ។

បុរីដែលមានទីតាំងនៅក្បែរផ្សារព្រែកព្នៅថ្មីនេះ បាននិងងកំពុងសាងសង់លំនៅដ្ឋា​នតម្លៃមធ្យម និងខុនដូតម្លៃសមរមន្យផងដែរ។ បុរី​ខេ​ ស៊ី​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។

បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​ នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ដែល​ជា​គម្រោង​អាទិភាព ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេ​ញ​ផង​ដែរ​។លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​ / ០១៦​ ៦៨៥​ ៨៥៨​ ៕

 

 

សម្តេចតេជោៈកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅទូទាំងពិភពលោកក្នុងការ ទប់ស្កាត់ជំងឺកូវីដ១៩

ដោយគង់ សូរិយា

        ភ្នំពេញៈ ជាមួយនឹងការកោតសរសើរជាថ្មីដល់ក្រសួង ស្ថាប័នពាក់ព័ន្ឋសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កាលមុនកម្ពុជាចាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩។

ជាមួយគ្នានេះសម្តេចតេជោបានកោតសរសើរ ដល់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់រថយន្ត ដល់ការដឹកជញ្ជូនពលករ ដើម្បីធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១ គឺការនាំចូល ទី២ គឺការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និង ទី៣ គឺការព្យាបាលឱ្យជាសះស្បើយ។

សម្តេចតេជោបានថ្លែងថា “មនុស្សមួយចំនួនបានដៀមដាមឱ្យយើងថា ពេទ្យខ្មែរពូកែណាស់ ហេតុអ្វីក៏ទៅរកពេទ្យបរទេស តែគេត្រូវដឹងថាខ្មែរព្យាបាលអ្នកជំងឺកូវីដ ៣៦០នាក់ហើយជាសះស្បើយ ដែលភាគច្រើនជាជនបរទេស”។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមិនរារាំងជនបរទេស ឬជនជាតិអង់គ្លេសចូលមកកម្ពុជាទេ ប៉ុន្តែយើងត្រូវគ្រប់គ្រងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកនយោបាយដែលនិយាយថា «នាំកូវីដ១៩មកចម្លងដល់គណបក្សប្រជាជនកម្ពុជាឱ្យងាប់ទាំងអស់» តែពួកគេកុំភ្លេចថា នៅកម្ពុជាមិនមែនមានតែគណបក្សប្រជាជនទេ គឺគណបក្សផ្សេងៗ និងសាច់ញាតិរបស់គេដែរ។

សម្តេចតេជោហ៊ុន សែនបានថ្លែងរំលឹកថា ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោកមិនទាន់បិទបញ្ច​ប់ទេ៕

 

ហ្វីលីពីនអនុម័តកញ្ចប់ថវិកាជាតិ៩៣,៧ពាន់លានដុល្លារសម្រាប់ស្តារសេដ្ឋកិច្ច នៅឆ្នាំក្រោយ

ដោយៈសុខុម

ម៉ានីល:  ប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte កាលពីថ្ងៃច័ន្ទ ទី២៨ធ្នូ បានចុះហត្ថលេខាលើកញ្ចប់ថវិកាជាតិចំនួន៤,៥ទ្រីលានប៉េសូ (៩៣,៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំក្រោយ ដែលជាកញ្ចប់ថវិកាជាតិធំបំផុត មិនធ្លាប់មានរបស់ប្រទេសនេះ ដើម្បីស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជាច្រើនលានដូស។

ការអនុម័តកញ្ចប់ថវិកាជាតិ ដែលច្រើនជាងឆ្នាំ២០២០ ចំនួន១ភាគ១០នេះ ដើ​ម្បី​ស្វះស្វែងស្ដារសេដ្ឋកិច្ច ដែលធ្លាប់ស្ថិតក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ីមួយនេះ ឱ្យទទួលបានកំណើនឡើងវិញ និងដើម្បីជួយទប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ក្រោយពីចុះហត្ថលេខារួច លោកឌូទើតេបានថ្លែងថា “ឆ្នាំថ្មីដ៏ខ្លីខាងមុខនេះ សេដ្ឋកិច្ចរបស់យើងនឹងងើបឡើងវិញទូទាំងប្រទេស”។

ក្នុងចំណោមថវិកាដ៏ច្រើននេះ វិស័យអប់រំនឹងទទួលបាន៧៥២ពាន់លានប៉េសូ ផ្នែកកិច្ចការសាធារណៈ នឹងទទួលបាន៦៩៦ពាន់លានប៉េសូ ក្រសួងសុខាភិបាលនឹងទទួលបាន២១០ពាន់លានប៉េសូ។ ចំណែកឯក្រសួងការពារជាតិទទួលបាន២០៦ពាន់លានប៉េសូ។

កញ្ចប់ថវិកានេះក៏រួមបញ្ចូលចំនួន៧២,៥ ពាន់លានប៉េសូសម្រាប់ទិញ ស្តុកទុក និងចែកចាយវ៉ាក់សាំងកូវីដ-១៩ ផងដែរ ស្របតាមការសន្យារបស់លោកឌូទើតេថា នឹងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋហ្វីលីពីនទាំង១០៨ លាននាក់ដោយចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២១។

ដោយមានអ្នកឆ្លងកូវីដ-១៩ ប្រមាណ៤៧០.០០០ ករណី និងស្លាប់ជាង៩.០០០ ករណី ប្រទេសហ្វីលីពីន បានក្លាយជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ ខ្ពស់បំផុតទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

ទោះបីជាមានការរឹតបន្តឹងខ្លាំង នៅក្នុងក្រុងម៉ានីល ចាប់តាំងពីពាក់កណ្ដាលខែមីនាយ៉ាងណាក្ដី ក៏ក្នុងមួយថ្ងៃៗនៅតែការរាយការណ៍ អំពីករណីឆ្លងថ្មីប្រមាណ១.០០០ ករណីជាប្រចាំ។

សេដ្ឋកិច្ចរបស់ហ្វីលីពីន ត្រូវបានកំណត់គោលដៅឱ្យទទួលបានកំណើនពី៦,៥% ទៅ ៧,៥% ក្នុងឆ្នាំ២០២១ និងពី៨% ទៅ១០% ក្នុងឆ្នាំ២០២២៕

សម្តេចតេជោៈកម្ពុជាមានមាសជាង៤៤តោន តម្កល់នៅក្នុងប្រទេសចំនួន៣

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងដំណឹងល្អ នៃលទ្ធផលបូមប្រេងដំណក់ដំបូងនៅកម្ពុជា សម្ដេចតេជោហ៊ុន សែនបានប្រកាសឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានមាសសុទ្ធរហូតដល់៤៤តោន ៤០០គីឡូក្រាម ដែលកំពុងតម្កល់ទុកនៅក្នុងប្រទេសចំនួន៣ផ្សេងគ្នា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា បច្ចុប្បន្ននេះជាមួយនឹងភាពល្អប្រសើរ នៃកំណើនសេដ្ឋកិច្ចកម្ពុជាមានមាសសុទ្ធចំនួន៤៤តោន និង៤០០គីឡូក្រាម ដែលតម្កល់នៅធនាគារធំៗចំនួន៣។

សម្ដេចតេជោបានបញ្ជាក់ថា ក្នុងចំណោមមាសទាំងអស់របស់កម្ពុជា មានតម្កល់នៅក្នុងប្រទេសស្វីសចំនួន១២តោន និង៤០០គីឡូក្រាម ដែលជាកេរតំណែលរបស់សម្ដេ​ចព្រះបរមរតនៈកោដ។ តម្កល់ទុកនៅធនាគារកណ្តាល នៃចក្រភពអង់គ្លេសចំនួន១៧តោន ដែលជាមាសទិញថ្មី និងមាសចំនួន១៥តោនតម្កល់នៅធនាគារជាតិនៃកម្ពុជា៕

ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗកម្រិតជាតិចំនួន៥កំពុងជម្រុញសក្តានុពលខេត្តកណ្តាល

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗចំនួន៥ បាននិងកំពុងជំរុញល្បឿននៃការអភិវឌ្ឍន៍ និងលើកស្ទួយសក្តានុពលក្នុងខេត្តកណ្តាល ខណៈខេត្តនេះមានការរីកចម្រើនរួចទៅហើយ។

គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥នោះបាន និងកំពុងដំណើរការសាងសង់ និងគ្រោងបញ្ចប់នាពេលខាងមុខជាបន្តបន្ទាប់។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

        គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ គម្រោងនេះមានវិសាលភាពលើផ្ទៃដី២៦០០ហិកតា និងវិនិយោគទឹកប្រាក់១៥០០លានដុល្លារដោយក្រុមហ៊ុនOCIC។

ព្រលានយន្តហោះខ្នាតអន្តរជាតិនេះ បាននិងកំពុងពង្រីកការតភ្ជាប់ផ្លូវអាកាសកម្ពុជាទៅកាន់ពិភពលោកកាន់តែឆ្ងាយថែមទៀត ពិសេសព្រលាននេះមានសមត្ថភាពទទួលអ្នកដំណើរបាន៣០លាននាក់នៅឆ្នាំ២០៣០ និងទទួលអ្នកដំណើរបាន៥០លាននាក់នៅ​ឆ្នាំ២០៥០ខាងមុខ។

ផ្លូវក្រវ៉ាត់ក្រុងទី៣

        ផ្លូវដ៏សំខាន់ ដែលចំណាយលុយជិត៣០០លានដុល្លារក្នុងការសាងសង់នេះ កំពុងពង្រីកសក្តានុពលខេត្តកណ្តាល ដែលបាននិងកំពុងលើកកំពស់ជីវភាព ប្រជាពលរដ្ឋនៅជុំវិញតំបន់ជាប់ផ្លូវនេះ។ បច្ចុប្បន្នតម្លៃដីបានកើនឡើង១គុណនឹង៣ ទៅមួយគុណនឹង៥ ដោយដីស្រែពីមុន មានតម្លៃត្រឹម៥ទៅ១០ដុល្លារកាលពី៥ឆ្នាំមុន បច្ចុប្បន្នតម្លៃបានកើនឡើងចន្លោះពី១០០ ទៅ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉។

ផ្លូវជាតិក្រវ៉ាត់ក្រុងសំខាន់នេះ បានតភ្ជាប់ព័ទ្ឋជុំវិញរាជធានីភ្នំពេញដែលមានប្រវែងជាង៩០គីឡូម៉ែត្រ។

ផ្លូវក្រវ៉ាត់ក្រុងទី៤

        ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ បាននិងកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុនចិនកំពុងសិក្សាលំអិត ដែលផ្លូវនេះមានប្រវែងជិត២០០គីឡូម៉ែត្រ។ ផ្លូវនេះមានវិសាលភាព គ្របដណ្តប់ចន្លោះខេត្តកណ្តាល កំពង់ស្ពឺ និងមួយផ្នែកតភ្ជាប់ជាមួយខេត្តព្រៃវែងផងដែរ។

ផ្លូវជាតិលេខ២

        ផ្លូវជាតិលេខ២ កំពុងពង្រីកនិងកែលំអរឡើងវិញយ៉ាងសកម្ម ដែលបានធ្វើឲ្យសកម្មភាពអភិវឌ្ឍន៍នៅជាប់បណ្តោយផ្លូវនេះ កើនឡើងយ៉ាងសកម្ម។ ផ្លូវជាតិលេខ២តភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា ខេត្តតាកែវជាខេត្តមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសនានា។

ផ្លូវជាតិលេខ២ ស្ថាបនាឡើងវិញ ដោយទទួលបានហិរញ្ញប្បទានពិសេសពីសាធារណៈរដ្ឋកូរ៉េ។

ផ្លូវអាកាសវិនិយោគដោយក្រុមហ៊ុនOCIC

        អគ្គនាយកក្រុមហ៊ុនOCIC អ្នកឧកញ៉ាពុង ឃាវសែបានបង្ហើបឲ្យដឹងកាលពីពេលថ្មី​ៗនេះថា ក្រុមហ៊ុនកំពុងសិក្សាលំអិត ដើម្បីសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ លើប្រវែងជាង២០គីឡូម៉ែត្រ។

អ្នកឧកញ៉ាបានបន្តឲ្យដឹងថា គម្រោងសាងសង់ផ្លូវអាកាសនេះ គ្រោងវិនិយោគទឹកប្រាក់ប្រមាណ៤០០លានដុល្លារអាមេរិក៕

ដំណឹងល្អៈក្រសួងអប់រំប្រកាសបើកដំណើរការ សាលារៀនឯកជនឡើងវិញចាប់ពីថ្ងៃនេះតទៅ ខណៈសាលារដ្ឋបើកបវេសនកាលឆ្នាំថ្មី ចាប់ពីថ្ងៃទី១១មករាខាងមុខ

ដោយគង់ សូរិយា

ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន (សាលាឯកជន) បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (សាលារដ្ឋ) កំណត់យកចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ការប្រកាសឲ្យសិស្សចូលរៀនឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការ ណ៍ “សហគមន៍២៨វិច្ឆិកា”

ជាមួយគ្នានេះ ក្រសួងអប់រំតម្រូវជាចាំបាច់ ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕

អណ្ដូងប្រេងចំនួន២ទៀតបានជីកដល់ស្រទាប់ជម្រកប្រេងហើយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រៅពីការប្រកាសពីភាពជោគជ័យនៃប្រតិបត្តិការបូមប្រេងតំណក់ដំបូងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាលបានប្រកាសពីលទ្ធផលធំៗនៃការជីកអណ្តូងប្រេងចំនួន២ទៀតដល់ស្រទាប់ជម្រកប្រេងជាស្ថាពរ។

បន្ទាប់ពីអណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ២០២០នេះ មានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ ហើយការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ នៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយ ដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៏ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូង ក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា ចាប់ពីដើមឆ្នាំ២០២១តទៅ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍ថា ចាប់ពីថ្ងៃនេះតទៅ កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ហើយការក្លាយខ្លួន ជាប្រទេសផលិតប្រេងនេះ គឺកូនខ្មែរសម័យតេជោ គួរមានមោទនភាព។
ការលើកឡើងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ធ្វើឡើងក្នុងសារលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ គឺការទទួលបានដំណក់ប្រេងលើកដំបូង។

លោក ស៊ុយ សែម បានលើកឡើងថា «ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូល ដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស បានទន្ទឹមរង់ចាំជាច្រើនជំនាន់មកហើយ។ ថ្ងៃនេះកម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរ ក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងពិភពលោកដែលកូនខ្មែរសម័យតេជោ គួរមានមោទនភាព»។
លោកបានបន្តថា ក្ដីស្រមៃជាយូរមកហើយបានក្លាយជាការពិត ក៏អាស្រ័យដោយសន្តិភាពយូរអង្វែង ដែលសម្ដេចតេជោបានកសាង និងថែរក្សាដោយយកជីវិតជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្ត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកលើកឡើងទៀតថា ទោះជាវិស័យប្រេងកាត ដែលត្រូវការវិនិយោគខ្ពស់ហើយ ត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នា ក៏តួអង្គទាំងឡាយនៅក្នុងជោគជ័យថ្ងៃនេះ នៅតែជម្នះបានដោយក្ដីជឿជាក់ក្នុងចិត្ត និងក្នុងការដឹកនាំរបស់សម្ដេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដ៏លំបាកគំរាមកំហែង ដោយមេរោគរាតត្បាត កូវីដ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិន ដែលគួរឲ្យកោតស្ញប់ស្ញែងបំផុត៕

ដំណឹង​រីករាយៈ សម្តេច​តេ​ជោ​ប្រកាស​ទីបំផុត​កម្ពុជា​ចាប់ផ្តើម​ទទួលបាន​ដំណក់ប្រេង​លើកដំបូង​ជា​ផ្លូវការ​ហើយ

ដោយ​គង់ សូរិយា

ភ្នំពេញៈ ជា​ដំណឹង​ដ៏​រីករាយ​មួយ​សំរាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ដោយ​នៅពេលនេះ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា​បានចាប់ផ្តើម​ទទួល​ដំណក់​ប្រេង ជា​លើកដំបូង​របស់ខ្លួន​ហើយ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ។

ជាការ​ប្រពៃ​ណាស់ ការចាប់ផ្តើម​បូម​ប្រេង​ជា​លើកដំបូង​នេះ ពិតជា​អស្ចារ្យ​ពោលគឺ​ចំ​ថ្ងៃ​ខួប​លើក​ទី២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសភ្លាមៗតាមរយៈ​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ​ដោយបាន​រៀបរាប់​ខ្លឹមសារ​ផ្ញើជូន​ជនរួមជាតិ​ទាំងអស់​ដូចតទៅ៖ សូម​ថ្វាយបង្គំ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គជា​ទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូន​ជនរួមជាតិ​ទាំងអស់​ជាទីគោរព​ស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ក្នុងការ​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់ អំពី​ការចាប់ផ្តើម ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា នៅ​តំបន់​ប្លុក A ឈូង​សមុទ្រ​កម្ពុជា ដែលជា​ការទន្ទឹងរង់ចាំ​អស់​រយៈកាល​ដ៏​យូរ​កន្លងមកនេះ។

ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​ក្រុមហ៊ុន Kris Energy ដែលជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ មកដល់ពេលនេះ​យើង​បានសម្រេច​បាន នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់​ការបំពាក់​គ្រឿង​សម្ភារៈ និង​បរិក្ខា​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា សម្រាប់​ដំណើរ​ការផលិត​កម្មធ​ន​ធាន​រ៉ែ​ប្រេង​របស់​យើង។

ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី១ ឈ្មោះ A-0ID នៃ ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។

ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ រំលឹក​ជម្រាបជូន​បង​ប្អូន​ជនរួមជាតិ​ជ្រាបថា៖ កិច្ចព្រមព្រៀង​ប្រេងកាត​ដំបូង​ត្រូវបាន​ចុះ​នៅ​ឆ្នាំ ២០០២ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។

សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ដឹកនាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អាមេរិក។ នៅ​ឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាស​រកឃើញ​ជ​ម្រ​ក​រ៉ែ​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម​ជា​លើកដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែនការ​អភិវឌ្ឍ និង​អាជីវកម្ម ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច។

តាម​ផែនការ​នោះ​ផលិតកម្ម​ប្រេង​ដំបូង គ្រោង​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែធ្នូ ឆ្នាំ២០១២ ។ ប៉ុន្តែ​ដោយ​ការពិនិត្យ​លក្ខណៈ​បែងចែក​ផល​សេដ្ឋកិច្ច និង​ស​ង្គ​ត​ភាព​ច្បាប់​ពាក់ព័ន្ធ និង​ផែនការ​អភិវឌ្ឍ និង​អាជីវកម្ម​ស្នើ ឡើង​ដោយ​ក្រុមហ៊ុន Chevron នៅពេលនោះ បាន​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ ត្រូវ​ចរចារ​កែសម្រួល​លក្ខខណ្ឌ កិច្ចព្រមព្រៀង​មួយចំនួន​ឡើងវិញ ដើម្បី​ឲ្យ​មា​នស​ង្គ​ត​ភាព ជាមួយ​បទ​ប្បញ្ញត្តិ​ច្បាប់​កម្ពុជា​ផង និង​មាន​សមធម៌ កាន់តែ​ប្រសើរ​នៅក្នុង​ការបែងចែក​ផល​សេដ្ឋកិច្ច​ពី​ផែនការអាជីវកម្ម​នេះ​ផង ដំណើរការ​អនុវត្តតាម​ផែនការ ផលិត​ប្រេង​នៅ​ខែធ្នូ២០១២ក៏​ត្រូវបាន​រាំងស្ទះ​មិនអាច​អនុវត្តបាន។

ការចរចារ​កិច្ចព្រមព្រៀង​ប្រេងកាត ក៏​ត្រូវបាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ស្វិតស្វាញ​រវាង​ភាគី​ទាំងពីរ (រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន) ទាំង​លើ​ទិដ្ឋភាព​ច្បាប់ បច្ចេកទេស និង​សេដ្ឋកិច្ច ។ នៅក្នុង​រយៈពេល​ចរចារ​ដ៏​តឹងតែង​នេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និង​ក្រុមហ៊ុន Mocco Cambodia Co., Ltd. បាន​ស្នើសុំ​ដកខ្លួន​ចេញ​បន្តបន្ទាប់​គ្នា នៅ​ឆ្នាំ ២០១៤ និង២០១៦ ។

ការចរចារ​ត្រូវបាន​បន្ត​អូសបន្លាយ ពេល​យ៉ាងយូរ​តាំងពី​ឆ្នាំ២០១០ រហូតដល់​ថ្ងៃទី២៣ ខែសីហា​ឆ្នាំ ២០១៧ ទើប​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ថ្មី និង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​អណ្តូងប្រេង​ថ្មី ដែល​បើកផ្លូវ​ឲ្យ​ដំណើរការ​សាងសង់ និង​អភិវឌ្ឍ​ផ្លាត​ហ្វ​ម​អណ្តូងប្រេង​អាច​ចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ប្រេងធំៗនិងសំខាន់ៗ ដែល​បាន​សាងសង់ តម្លើង និង​រៀបចំ​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​តំបន់​ប្លុក A សម្រាប់​ដំណើរការ​ផលិតកម្ម​ជារួម​មាន៖ *

ផ្លាត​ហ្វ​ម​អណ្តូងប្រេង ផលិត​នៅ​កោះ​បា​តាង នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ផ្តើម​សាងសង់​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ ២០១៩ និង​បានបញ្ចប់​នៅ​ខែសីហា ២០២០ ។ ផ្លាត​ហ្វ​ម​នេះ បាន​ដឹក​ចូល​មកដល់​តំបន់​ប្លុក​A និង​បានបញ្ចប់​ការ​តម្លើង​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃទី៧ កញ្ញា ២០២០ ។

* កប៉ាល់​ផលិតកម្ម​ប្រេង​បាន​តម្លើង ជួសជុល និង​បំពាក់​សម្ភារៈ បរិក្ខា​រួចរាល់​នៅ​ខែកញ្ញា ២០២០ នៅ​ប្រទេស​សឹង្ហ​បុរី និង​បាន​ដឹក​មកដល់​និង​តម្លើង​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ ។ កប៉ាល់​ស្តុក​ប្រេង បានរៀបចំ​និង​ត្រៀមចាំ​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ២០២០ ។

អណ្តូងប្រេង​ទីមួយ​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី២៣ ធ្នូ ២០២០ និង​ចាប់ផ្តើម​ផលិត​ចេញ​ប្រេង​ដំបូង​នៅ​ថ្ងៃទី២៩ ខែធ្នូ២០២០នេះ។ ក្រៅពីនេះ​មាន​អណ្តូងប្រេង​ចំនួន​ពីរ​ទៀត ក៏បាន​ខួង​ជម្រៅ​ដល់​ស្រទាប់ ជម្រក​រ៉ែ​ប្រេង​រួចហើយ​ដែរ។ ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ​គឺជា​ពរជ័យ​សម្រាប់​កម្ពុ​ជា។

នេះ​ជាការ​ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង ដ៏​សំខាន់​សម្រាប់​កម្ពុជា ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា។ ផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូល​ថវិកាជាតិ ផល​សេដ្ឋកិច្ច​ទទួលបាន​ពី​ការបង្កើតបាន​នូវ​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការកសាង​សមត្ថភាព​ជាតិ នៅក្នុង​វិស័យនេះ។ ការរកឃើញ និង​អាជីវកម្ម​ធនធាន​រ៉ែ​ប្រេង​នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល គឺជា​ពរជ័យ​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ មិនមែនជា​បណ្តាសារ​ដូច​ការលើកឡើង​របស់​ជន​អគតិ​មួយចំនួន​នោះទេ។

កូ​វីដ-១៩ បាន​រំខាន​ដល់​យើង តែ​ក៏​មិនអាច​បំផ្លាញចោល​នូវ​ការខិតខំ​របស់​យើង​ដើម្បី​ផលិត​ប្រេង​នោះបាន​ដែរ។ ចូលឆ្នាំ​សកល​ថ្មី២០២១ខាងមុខ ទោះ​យើង​មិនបាន​សប្បាយរីករាយ ដូចឆ្នាំមុនៗដោយសារតែ​កូ​វីដ-១៩ តែ​យើង​ទទួលបាន​កាដូ​ដ៍​ធំ​សម្រាប់​ជាតិ​យើង នោះ​គឺ​ប្រេង​ដែល​ផលិត​ចេញ​លើកដំបូង​ក្នុង​ទឹកដី​យើង។ ឆ្នាំ​ថ្មី សមិទ្ធផល​ថ្មី​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ចាប់ពី​ដើមឆ្នាំ២០២១តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​ឆ្លៀតឱកាស​ដ៏​មហោឡារិក​នេះ សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម​ជា មួយ​និង​រាជរដ្ឋាភិបាល​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នាពេល​កន្លង​នេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​ថ្វាយព្រះពរ និង​ប្រគេន​ពរ សម្តេចព្រះសង្ឃរាជ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និង​ជូនពរ​បងប្អូន​កូនក្មួយ​ជនរួមជាតិ​ទាំងអស់ សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕