ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើការទទូច និងក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមការពារ និងទប់ស្កាត់ការរីករាលដាល និងផ្ទុះឡើងសាជាថ្មីនៅក្នុងសហគមន៍ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈ បន្ទាប់ពីបានធ្វើតេស្តឃើញវិជ្ជមានរហូតដល់ទៅចំនួន៣២នាក់ត្រឹមតែរយៈពេល១០ម៉ោងតែប៉ុណ្ណោះ។
ជាមួយនឹងការដាក់ចេញនូវវិធានការការពារចំនួន៦ចំណុចសំខាន់ៗ សម្ដេចតេជោ ក៏បានស្នើដល់បណ្តាប្រជាពលរដ្ឋទូទៅគម្បីកុំមានការរើសអើងអ្នកដែលស្ថិតនៅក្នុងតំបន់ប៉ះពាល់ ប៉ុន្តែគួរតែចូលរួមគាំទ្រទាំងអស់គ្នាអនុវត្តនូវវិធានការនានាដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។
ដោយឡែកសម្រាប់អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយនឹងទីតាំងក្លឹបN8 ដែលមានទីតាំងនៅជិតស្តាតអូឡាំពិក ទាំងអស់ត្រូវតែចូលរួមជាមួយក្រសួងសុខាភិបាលដើម្បីយកសំណាក់ធ្វើតេស្ត ហើយក្រៅពីនោះ សម្រាប់អ្នកបើកតាក់ស៊ី អ្នកបើកកងបីដែលដឹង ឬសង្ស័យខ្លួនឯងដែលមានជាប់ពាក់ព័ន្ធក៏ត្រូវស្ម័គ្រចិត្តចូលរួមជាមួយក្រសួង ចៀសវាងកើតមានជំងឺក្នុងខ្លួន ហើយចម្លងទៅដល់ក្រុមគ្រួសារ និងអ្នកដែលស្ថិតនៅក្បែរខ្លួន៕