សញ្ញា​វិជ្ជមាន​សំរាប់​ឆ្នាំ​ថ្មី៖ អ្នកជំនាញ​ថា​សកម្មភាព​ក្នុង​ការទិញ​លក់​អចលនទ្រព្យចាប់ផ្តើម​មាន​ការវិវត្ត​ន៍​ប្រសើរ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹង​ភាព​ធូរស្រាល​នៃ​វិបត្តិ​ជំ​កូ​វីដ១៩ បានធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ចាប់ផ្តើម​កំរើក​ឡើងវិញ ហើយ​សកម្មភាព​ដើរ​សិក្សា របស់​អ្នកវិនិយោគ​មួយចំនួន​បានចាប់ផ្តើម ពិសេស​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៨ ធ្នូ​កន្លងមក​ថា គិត​ត្រឹម​ចុង​សប្តាហ៍​មុន​មកទល់ពេលនេះ សកម្មភាព​សេដ្ឋកិច្ច​បានចាប់ផ្តើម មាន​ភាពប្រសើរ​ឡើងវិញ​ហើយ ដោយ​ប្រជាពលរដ្ឋ​ចេញ​ដើរហើរ ប្រកប​អាជីវកម្ម​ធម្មតា ដែល​នេះ​ជា​សញ្ញា​ល្អប្រសើរ​នៃ​សេដ្ឋកិច្ច និង​វិស័យ​អចល​ទ្រព្យ​ផងដែរ។

លោក​បន្តថា “ប្រជាពលរដ្ឋ អ្នកវិនិយោគ​បានចាប់ផ្តើម​ដើរ​មើល អចលនទ្រព្យបណ្តើរៗហើយ ប៉ុន្តែ​សកម្មភាព​ទិញ​លក់​មិនទាន់​ផុសផុល​ប៉ុន្មាន​នោះទេ” ។ លោក​បន្តថា “ចរន្ត​ទីផ្សារ​ដីធ្លី នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​នៅ​ឆ្នាំ២០២១ ខណៈ​តម្លៃ​ដី​នឹង​បន្ត​កើនឡើង​រយៈពេល៥ឆ្នាំ​ទៀត” ។

លោក​ច្រឹ​ក សុខ​នី​ម បាន​បន្តថា នៅ​ឆ្នាំ២០២១ខាងមុខ ដី​ដែលមាន​សកម្មភាព​ដោះដូរ​ច្រើន និង​មានតម្លៃ​កើនឡើង​មាននៅ​ខេត្តកណ្តាល កំពង់ស្ពឺ កំពត កំពង់សោម កែវ និង​ខេត្តមណ្ឌលគិរី​ផងដែរ។

ជាមួយគ្នានេះ លោកស្រី​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ឆ្នាំ២០២០នេះ បើ​ទោះ​កម្ពុជា​បាន​រង​ផលប៉ះពាល់ ប៉ុន្តែ​មិនមាន​ភាព​ធ្ងន់ធ្ងរ ដូច​ប្រទេស​ក្នុង​តំបន់​មួយចំនួន ដូចជា ប្រទេស​ថៃ ម៉ាឡេស៊ី សឹង្ហ​បុរី និង​ឥណ្ឌូនេស៊ី​ឡើយ។ មានន័យថា កម្ពុ​ជាមាន​ភាពល្អប្រសើ​រ​ជាង​ប្រទេស​ទាំងនោះ។

លោកស្រី​បន្តថា “តម្លៃ​ដីធ្លី​ក្នុង​ទីក្រុង មិនមាន​តម្រូវការ​ច្រើន និង​កើនឡើង​ខ្ពស់​ទេ ដោយសារ​បច្ចុប្បន្ន​មានការ​សាងសង់​អាគារ​ច្រើន ដែល​ទាមទារ​ឲ្យ​ទីផ្សារ​ស្រូបយក​អត្រា​ប្រើប្រាស់​សិន” ។ លោក​ស្រូប​ន្ថែ​ម​ថា “ដី​នៅ​តំបន់​ជាយក្រុង​នឹង​ឡើងថ្លៃ តែ​មិន​ខ្ពស់​ពេក​នោះទេ បើទោះជា​មានការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ច្រើន​ពី​រដ្ឋាភិបាល​ក្តី ដោយសារ​មានការ​ទិញ​លក់​ច្រើន និង​សាងសង់​បុរី​ច្រើន” ។

លោកស្រី​អាន សុធី​តា បាន​បន្តថា នៅ​ឆ្នាំ២០២១ខាងមុខ សកម្មភាព​ទិញ​លក់ និង​ការដោះដូរ​ដីធ្លី នឹងមាន​កំនើន​ខ្ពស់ជាង​ឆ្នាំ២០២២ ដោយសារ​នៅ​ឆ្នាំ២០២២ រដ្ឋាភិបាល​នឹង​អនុវត្តន៍​ព​ន្ឋ​មូលធន២០ភាគរយ។ គោលនយោបាយ​ព​ន្ឋ​នេះ រដ្ឋាភិបាល​មាន​គោលដៅ​ទប់​តម្លៃ​ដី​កុំ​ឲ្យ​ហក់​ឡើង​ខ្ពស់​ពេក ទប់ស្កាត់​ការទិញ​លក់​ច្រើន​ខ្លាំង​នៅក្នុង​ទីផ្សារ និង​ចុងក្រោយ គឺ​ការបង្កើន​ការប្រមូល​ព​ន្ឋ​ឲ្យ​បាន​កាន់តែច្រើន​ពី​រដ្ឋាភិបាល៕

តើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌទួលគោក​កំពុងមាន​ស្ថានភាព​បែបណា?

ដោយ​វុត្ថា

ភ្នំពេញ៖ វិស័យ​អចលនទ្រព្យ​ជារួម​នៅក្នុង​រាជធានី​ភ្នំពេញ មានការ​រីកចំរើន​យ៉ាង​លឿន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​សម្រាប់​អចលនទ្រព្យ​នៅក្នុង​ខណ្ឌទួលគោក​វិញ ហាក់​មិនទាន់មាន​សន្ទុះ​ខ្លាំងខ្លា និង​មានតម្លៃ​ថ្លៃ​នោះទេ បើ​ធៀប​ទៅនឹង​ខណ្ឌចំការមន និង​ខណ្ឌ​មួយចំនួនទៀត​នោះទេ។

លោក​សោម សម្បត្តិ ប្រធានការិយាល័យ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​នៃ​ខណ្ឌទួលគោក បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា សម្រាប់​ខណ្ឌទួលគោក ហាក់​មាន​សន្ទុះ​នៃ​ការរីកចំរើន​នៅ​ចាញ់ ខណ្ឌចំការមន​ឆ្ងាយ​ណាស់​ទាំង​តម្លៃ​ដីធ្លី និង វិស័យ​សំណង់ រួម​ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្សេងទៀត ។

លោក​ថ្លែងថា “អ្នករកស៊ី​ភាគច្រើន គេ​សម្លឹង​មើលទៅ​ខណ្ឌចំការមន​ច្រើនជាង​ព្រោះ​នៅពេលដែល​គេ​ដាក់ទុន​វិនិយោគ​លើ​គម្រោង​អ្វីមួយ គេ​ឆាប់​ទទួលបាន​កម្រៃ​មកវិញ​លឿន” ។ លោក​បន្ថែមថា “ចំណែក​ខណ្ឌ​ទួល​គោល​មិនអាច​ដូច​គេ​បានទេ  ព្រោះ​គម្រោង​ខ្លះ​បានត្រឹមតែ​សាងសង់ ប៉ុន្តែ​លក់​មិនសូវ​ចេញ​ទេ” ។

លោក​បន្ថែមថា លោក​មិន​បានដឹង​ច្បាស់​ពី​តម្លៃ​ដីធ្លី និង​គម្រោង​វិនិយោគ​នៅក្នុង​មូលដ្ឋាន​នេះ​នោះទេ ព្រោះ​តម្លៃ​ភាគច្រើន​មានតម្លៃ​ខុសគ្នា ទៅតាម​ទីតាំង និង​ផ្លូវ​តូច ផ្លូវធំ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ជា​អ្នកកំណត់​ប៉ុណ្ណោះ ប៉ុន្តែ​មួយវិញទៀត វា​អាស្រ័យទៅលើ​ម្ចាស់​ដី បើ​គេ​ចង់​លក់​លឿន គឺ​គេ​លក់​ក្នុង​តម្លៃថោក ហើយ​បើ​គេ​មិន​ចង់​លក់​គឺ​លក់បាន​ថ្លៃ ទីតាំង​នៃ​ដី។

លោកស្រី អាន សុ​ធិ​តា នាយិកា​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia  បានឱ្យដឹងថា តម្លៃ​ដីធ្លី​នៅតាម​បណ្ដា​ខណ្ឌ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​នៅ​ថេរ បើទោះបីជា​ចំនួន​ការទិញ​លក់​ក្នុង​ទីផ្សារ​ថមថយ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ក៏ដោយ។

លោកស្រី​ពន្យល់ថា “តម្លៃ​អចលនទ្រព្យ និង​ដីធ្លី​នៅ​កណ្តាល​ក្រុងភ្នំពេញ រហូតមកដល់​ពេលនេះ គឺ​មិនមាន​ការធ្លាក់​ថ្លៃ​នោះទេ ពោលគឺ​តម្លៃ​នៅ​ថេរ​នៅឡើយ ដោយសារ​មិនសូវមាន​ប្រតិបត្តិ​ការទិញ- លក់​ពី​អ្នកវិនិយោគ​ក្រៅ​ស្រុក ខណៈដែល​ល​ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុ​ជា ភាគច្រើន​ពឹងផ្អែក​លើ​វិនិយោគិន​បរទេស” ។

យោងតាម​របាយការណ៍​របាយការណ៍​ក្រុមហ៊ុន CBRE Cambodia ដែលមាន​ការផ្សព្វផ្សាយ​កន្លងមកនេះ​បង្ហាញថា ខណ្ឌដូនពេញ ចំការមន និង​ខ័​ណ្ឌ៧មករា នៅតែ​ជា​ខណ្ឌ​ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ ចន្លោះ​ពី ៥០០០ ដុល្លារ ទៅ ៦០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ចំណែក​ខណ្ឌទួលគោក ឫស្សីកែវ សែន​សុខ និង​ជ្រោយចង្វារ ជា​ខណ្ឌ​ដែលមាន​តម្លៃ​ខ្ពស់​បន្ទាប់ ចាប់ពី១០០០ ដុល្លា រ​ទៅ ៣៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ​នឹង​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​គំរោង​អភិវឌ្ឍន៍លំនៅឋាន

ដោយ​លក្ខិណា

ភ្នំពេញៈ តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ កំពុង​បង្ហាញ​សក្ដានុពល​បន្ថែមទៀត​សម្រាប់​ទាក់ទាញ​វិនិយោគិន ក្នុងការ​អភិវឌ្ឍ​លំនៅឋាន នៅពេល​អនាគតឆាប់ៗខាងមុខនេះ ក្នុងពេល​តម្រូវការ​លំ​នៅ​ឋាន​ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​កំណើន​ថែមទៀត​នៅពេល​ចប់​វិបត្តិ​កូ​វីដ១៩ ។

លោក​គឹម វិចិត្រ  នាយក​ក្រុមហ៊ុន Great CamAsia បានឱ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា តំបន់​ភាគខាងត្បូង​បាន និង​កំពុង​ទាក់ទាញ​ក្នុងការ​អភិវឌ្ឍ​លំនៅឋាន ដ៏​មាន​សក្ដានុពល ដោយសារតែ​កត្តាសំខាន់ៗមួយចំនួន ដូចជា​ការអភិវឌ្ឍ​ផ្លូវ​ក្រវ៉ាត់​ក្រុង ការអភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន៣ ដែលជា​ផ្សារ​ទំនើប​ធំជាងគេ​នៅ​កម្ពុជា ។

លោក​បន្តថា “នៅមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ វិនិយោគិន​នឹង​ចាប់ផ្ដើម​បោះទុន​វិនិយោគ​លើ​គម្រោងផ្សេងៗ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន សម្រាប់​ស្នាក់នៅ​ផង និង​សម្រាប់​វិនិយោគ​រកប្រាក់​ចំណេញ​ផងដែរ” ។

ជាមួយគ្នានេះ លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា នៅ​តំបន់​ណា​ដែលមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ តំបន់​នោះ នឹង​ទទួលបាន​ការវិនិយោគ​ជា​បន្តបន្ទាប់ ពី​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស ។ លោក​បន្តថា នៅពេល​មាន​ផ្លូវ មាន​ភ្លើង មានទឹក​គ្រប់គ្រាន់ នឹង​សម្រួល​ដល់​ការរស់នៅ ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ពី​តំបន់​មួយ ទៅ​តំបន់​មួយទៀត និង​ប្រើពេល​ខ្លី តែ​បើសិនជា​ការធ្វើដំណើ​រ​ពិបាក នោះ​នឹង​មិនអាច​ទាក់ទាញ​ពលរដ្ឋ ទៅ​រស់នៅ​តំបន់​នោះបាន​ឡើយ។

លោក​បន្តថា “ដោយសារតែ​កត្តា​នេះហើយ ទើប​រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ពង្រីក​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ទាំង​ក្នុង​តំបន់​និង​ពី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​នានា​ផងដែរ ជាក់ស្ដែង​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បាន និង​កំពុងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន” ។

ជាមួយគ្នានេះ លោក​ឌិ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​រៀល​ធី​ក៏បាន​ឱ្យដឹង​ផងដែរ​ថា តម្រូវការ​លំនៅឋាន​នៅពេល​ចប់​កូ​វីដ១៩ នឹងមាន​កំណើន​កាន់​ច្រើន ដូច្នេះ​វិនិយោគិន​នឹង​ចាប់ផ្ដើម​សម្លឹងមើល​តំបន់​ណា ដែលមាន​សក្ដា​នុ​ល​សម្រាប់​ការអភិវឌ្ឍ​គម្រោង​របស់ខ្លួន ។

លោក​បន្តថា “សម្រាប់​លំនៅឋាន​ជា​ប្រភេទ​ផ្ទះ​ជាប់​ដី នឹងត្រូវ​អភិវឌ្ឍន៍​នៅតាម​ជាយ​រាជធានី ហើយ​លំនៅឋាន​ប្រភេទ​ខុន​ដូ សហកម្មសិទ្ធិ​នឹងត្រូវ​អភិវឌ្ឍន៍​នៅ​តំបន់​កណ្ដាល​ក្រុង ឬ​តំបន់​ដែលមាន​ដី​ថ្លៃ ព្រោះ​គេ​អាច​អភិវឌ្ឍន៍​រកប្រាក់​ចំណេញ​បាន​ខ្ពស់ ដោយសារតែ​ការចំណាយ​ខ្ពស់​ក្នុង​ការទិញ​ដី​សាងសង់​ផងដែរ” ៕

សណ្ឋាគារ​លំដាប់​អន្តរជាតិ Crown Sydney តម្លៃ ២,២ពាន់​លាន​ដុល្លារ​ដាក់ឱ្យដំណើការ​នៅក្នុង​ទីក្រុង​ស៊ីដនី

ដោយៈ​វុត្ថា

ស៊ីដនីៈ សណ្ឋាគារ និង​រមណីយដ្ឋាន លំដាប់​ផ្កាយ៦ (Crown Sydney) បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បន្ទាប់ពី​សាងសង់​អស់​រយៈពេល៤ឆ្នាំ ដែល​នឹង​ក្លាយជា​សណ្ឋាគារ​ប្រណីត​បំផុត​របស់​ប្រទេស​អូស្ត្រាលី។


យោងតាម គេហទំព័រ www.traveller.com.au បានឱ្យដឹងថា  សណ្ឋាគារ​នេះ​គឺជា​ផ្នែក​មួយ នៃ​អគារ Barangaroo ដែល​បាន​ទឹកប្រាក់​វិនិយោគ​ចំនួន ២,២ ពាន់​លាន​ដុល្លារ​អាមេរិក មាន​ភោជនីយដ្ឋាន បារ និង​ហាង​លក់រាយ​ដ៏​ប្រណីត​ជាច្រើន​ផងដែរ។

សណ្ឋាគារ Crown Sydney មាន​កំពស់ ២៧៥ ម៉ែត្រ គឺជា​សណ្ឋាគារ​ខ្ពស់​ជាងគេ​នៅក្នុង​ទីក្រុង​ស៊ីដនី ដោយមាន​បន្ទប់​ភ្ញៀវ​ចំនួន៣៤៩ បន្ទប់​រួមទាំង​វីឡា​ប្រណីត​ចំនួន ២២ ។ មាន​ភោជនីយដ្ឋាន និង​បារ​ចំនួន១៤កន្លែង រួមជាមួយ​ស្ប៉ា និង​អាង​ហែល​ទឹក។ សណ្ឋាគារ​នេះ ក៏មាន​កន្លែង បើក​ជា​សា​ធាណ​ឱ្យមើល​ទេសភាព ទីក្រុង​នៅ​កំពស់២៥០ ម៉ែត្រ​ផងដែរ។

សណ្ឋាគារ​ដែលមាន​កម្ពស់៨៨ជាន់​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ជនជាតិ​អង់គ្លេស លោក Chris Wilkinson ដែល​ក្រុមហ៊ុន​របស់គាត់​ឈ្មោះ Wilkinson Eyre ក៏​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​សួនផ្កា​សួនច្បារ របស់​ប្រទេស​សឹង្ហ​បុរី​ដោយ​ឆ្នេរសមុទ្រ។

លោក Peter Crinis នាយក​ប្រតិបត្តិ​សណ្ឋាគារ Crown Sydney បានឱ្យដឹងថា ទីក្រុង​ស៊ីដនី ជាទី​ក្រុង​ដ៏​អស្ចារ្យ​មួយ​របស់​ពិភពលោក ហើយ​វា​សម​នឹង​ទទួលបាន​សណ្ឋាគារ​ដ៏​ប្រណិត​នេះ។

ការបើក​ឱ្យ​ដំណើរការ​នូវ​សណ្ឋាគារ និង​រមណីយដ្ឋាន​នៅក្នុង​ទីក្រុង​ស៊ីដនី​នេះ មិនមាន​ដាក់ឱ្យ​កាស៊ីណូ ដែលជា​កន្លែង​ទាក់ទាញ​ដ៏​សំខាន់​នោះទេ បើទោះបី​មាន​ភ្លើង​ខៀវ​ក៏ដោយ​ពី​រដ្ឋាភិបាល។

កាស៊ីណូ​ត្រូវបាន​ផ្តល់​ភ្លើង​ខៀវ ដោយ​រដ្ឋាភិបាល New South Wales នៅក្នុង​ឆ្នាំ ២០១៣ ប៉ុន្តែ​និយតករ​ល្បែង​របស់​រដ្ឋ​បាន​បដិសេធ មិន​អនុញ្ញាតឱ្យ​បើក​នៅ​ចំពេល​មានការ​ស៊ើបអង្កេត​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​សណ្ឋាគារ​នេះ ដោយមាន​ការចោទប្រកាន់​អំពី​ការលាង​លុយកខ្វក់ និង​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​ទៅនឹង​ឧក្រិដ្ឋកម្ម​ដែល​បានរៀបចំ​ឡើង៕

ចំណេះដឹង! តើ​គោលនយោបាយ​លើកទឹកចិត្ត​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យមាន​សារៈសំខាន់​ដូចម្តេច?

ដោយៈ​វុត្ថា

ភ្នំពេញៈ គោលនយោបាយ​លើកទឹកចិត្ត និង​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅឋាន ដែលមាន​តម្លៃ​សមរម្យ ត្រូវបាន​រៀបចំឡើង​មាន​លក្ខណៈសម្បត្តិ​ដល់​អតិថិជន​គោលដៅ ដែល​អាច​ទទួលបាន​សិទ្ធិ ក្នុង​ការទិញ​លំនៅឋាន​តម្លៃ​សមរម្យ លក្ខខណ្ឌ​កំណត់ ក្រោយ​ការទិញ​លំនៅឋាន​តម្លៃ​សមរម្យ និង​និតិ​វិធី នៃ​ការដាក់​ពាក្យស្នើសុំ​ទិញ ឬ​ជួល​លំនៅឋាន​តម្លៃ​សមរម្យ។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដីពី ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ និង​ឯកសារ​បច្ចេកទេស​គាំទ្រ​នេះ គឺ​ដើម្បី​ធានា​សិទ្ធ​ទទួលបាន​លំនៅឋាន​សមរម្យ ជូន​ប្រជាជន និង​សម្រាប់​គាំទ្រ​ដល់​ការរៀបចំ​អភិវឌ្ឍន៍ នគរូបនីយកម្ម មួយ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​អាច​ទ្រទ្រង់​សុខមាលភាព និង​វិបុលភាព សេដ្ឋកិច្ច និង​សង្គម​ផង ។

ជាពិសេស​ជួយ​គាំទ្រ ដល់​ក្រុមគ្រួសារ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ព្រមទាំង​គ្រួសារ​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស។ ដោយឡែក​នឹងមាន​កាលានុវត្តភាព និង​លទ្ធភាព​ខ្ពស់ជាង​មុន ក្នុងការ​ទទួលបាន​លំនៅស្ថាន​សមរម្យ ជាមួយ​តម្លៃ​ដែល​អាចឆ្លើយតប​លទ្ធភាព​ចំណូល​របស់​ពួកគាត់ ។

អាស្រ័យ​ដោយ​កំណើន​តម្រូវការ​លំនៅឋាន និង​ការតាំង​ទីលំនៅ​ថ្មី មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​បាន​ជះឥទ្ធិពល​ដល់​សណ្តាប់ធ្នាប់​របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ជាពិសេស​ដោយ​មើលឃើញថា លទ្ធភាព​ទទួលបាន​លំនៅឋាន​សមរម្យ មាន​សភាព​កាន់តែ​ទាបទៅ។ តាម​គោលនយោបាយ​នេះ ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​ធ​ម្យ​ម អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ទិញ​ដោយ​បង់​ប្រាប់​បង្គ្រប់​ក៏បាន ឬ​បង់​រំ​លោះ​ក៏បាន។

ម្យ៉ាងទៀត​គោលនយោបាយ​ស្តីពី ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ ដែល​រដ្ឋាភិបាល​ដាក់ចេញ​ពេលនេះ គឺ​បាន​គិតគូរ​ក្នុងការ​រួមចំណែក​លើក​កម្ពស់ សុខុមាលភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​ជាទូទៅ និង​ជាពិសេស​ក្រុមគ្រួសារ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ព្រមទាំង​គ្រួសារ​ងាយ​រងគ្រោះ តាមរយៈ​ការបង្កើត​កាលានុវត្តភាព​ថ្មី​មួយ​នេះ ដែល​ក្រុមគ្រួសារ​ទាំងនោះ មានលទ្ធភាព​ខ្ពស់ជាង​មុន ក្នុងការ​ទទួលបាន​លំនៅឋាន​សមរម្យ ជាមួយ​តម្លៃ​ដែល​អាចឆ្លើយតប​លទ្ធភាព​ចំណូល​របស់ខ្លួន៕

កម្ពុជា នាំចេញផលិតផលកសិ-ឧស្សាហកម្មទៅកាន់ទីផ្សារអន្តរជាតិបានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ សម្រាប់តែនាំចេញផលិតផលកសិ-ឧស្សាហកម្មទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងរហូតដល់ជិត២ពាន់លានដុល្លារ ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្របន្ថែមក្នុងការធ្វើពិពិធកម្មវិស័យមួយនេះឱ្យបានកាន់តែទូលាយ។

តាមរយៈរបាយការណ៍បឋមស្តីពីវឌ្ឍនភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មធំៗនៅឆ្នាំ២០២០ ដែលទើបធ្វើការផ្សព្វផ្សាយបានបង្ហាញពីទិសដៅនៃការនាំចេញ ដោយបានលើកឡើងថាមានក្រុមហ៊ុននាំចេញចំនួន៤៧។ ទន្ទឹមនឹងនេះ ក៏បានចង្អុលបង្ហាញថាមាន ៤៨ ផ្សេងទៀត (ក្រុមហ៊ុន៣៣ សហគមន៍៣ និងម្ចាស់កសិដ្ឋាន១២) បានដាក់ពាក្យស្នើសុំនាំចេញផ្លែស្វាយទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលទំហំនៃការនាំចេញបានកើនរហូតដល់ជិត២ពាន់លានដុល្លារ។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ផលិតផលកសិ-ឧស្សាហកម្មកម្ពុជាដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗមានចំនួន៦ប្រភេទ ដែលក្នុងនោះរួមមានដូចជាផលិតផលនៃដំណាំស្វាយស្រស់ ដំឡូងមី គ្រាប់ស្វាយចន្ទី ដំណាំមៀនប៉ៃលិន(តាង៉ែន) ដំណាំម្រេច និងដំណាំចេកអំបូងលឿង។

សម្រាប់ការនាំចេញផលិតផលកសិ-ឧស្សាហកម្មទាំងអស់រួមមាន ដំណាំដំឡុងមី បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧,០៧៥ ,៤៩៤តោន ដោយតម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១,០២៦,២៣២,០០០ដុល្លារ។ ដំណាំស្វាយចន្ទីមានចំនួន ២១៨,៨៨៤.២៩តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៨៨,១១១,៧០០ដុល្លារ ដែលក្នុងនោះសិប្បកម្មកែច្នៃមានចំនួន ៦ និងក្រុមហ៊ុននាំចេញមានចំនួន២៦។

ដោយឡែក ដំណាំស្វាយ បរិមាណនាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥,២៧៤ តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៤៧៣,២០៧,៧០០ដុល្លារ ដោយក្នុងនោះមានក្រុមហ៊ុននាំចេញមានចំនួន ៤៧ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន ៤៨ (ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និងម្ចាស់ចម្ការ ១២)។

ដំណាំចេកអំបូងលឿង បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣១៣,៤១០.៩៤តោន តម្លៃប៉ាន់ស្មានសរុបមានចំនួន ប្រមាណជា ៤៥១,១២៥,៧០០ដុល្លារ ដោយក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុនចំនួន ១១ បាន និងកំពុងប្រិតិបត្កិការនាំចេញ។

ដំណាំមៀនប៉ៃលិន បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១៧៤.៥២តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ៥៧,៧៦៣,១០០ដុល្លារ ដែលមានក្រុមហ៊ុននាំចេញមានចំនួន២ និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន ១៥។ ដោយឡែកសម្រាប់ដំណាំម្រេច បរិមាណនាំចេញគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៥,០០៥.៦៥តោន តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ២៥,៤៩០,២០០ដុល្លារ ដោយក្រុមហ៊ុននាំចេញមានចំនួន ៣០ក្រុមហ៊ុន៕

ផ្លួវជាតិសំខាន់ៗចំនួន១០ខ្សែកំពុងស្ថាបនានិងស្ថិតក្នុងផែនការសាងសង់នា ពេលខាងមុខ

ដោយគង់ សូរិយា

        ភ្នំពេញៈ ផ្លួវជាតិសំខាន់ៗចំនួន១០ខ្សែ បាននិងកំពុងស្ថាបនា និងកំពុងត្រៀមចាប់ផ្តើមសាងសង់ និងពង្រីកនាពេលខាងមុខនេះ ខណៈរដ្ឋាភិបាលបានចំណាយទុនចន្លោះពី៦០០ ទៅ៧០០លានដុល្លារលើការកសាងហេដ្ឋារចនាសម្ព័ន្ឋប្រចាំឆ្នាំ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីចុងសប្តាហ៍កន្លងមកថា បច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងសិក្សា និងស្ថាបនាផ្លូវជាតិជាច្រើន ដូចជាផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣៣ ផ្លួវជាតិលេខ៤១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ចេញពីក្រុងសៀមរាបឆ្ពោះទៅកាន់ព្រលានយន្តហោះថ្មី និងកំណាត់ផ្លូវជាតិពីស្គន់ ខេត្តកំពង់ចាម ទៅកាន់ក្រុងកំពង់ចាម ដោយត្រូវពង្រីកជាពីរគន្លង។

លើសពីនេះ រដ្ឋាភិបាលនឹងជួសជុលឡើងវិញនូវផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ក៏ស្ថិតក្នុងការសិក្សាដើម្បីពង្រីកផងដែរ និងផ្លូវជាតិលេខ១០ កំពុងសាងសង់ ពិសេសផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនក្នុងប្រវត្តិសាស្រ្តកម្ពុជា ក៏បាននិងកំពុងស្ថាបនាយ៉ាងសកម្មផងដែរ។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ក្នុងមួយឆ្នាំរដ្ឋាភិបាលចំណាយទឹកប្រាក់ចន្លោះពី៤០០ទៅ៥០០ដុល្លារ ក្នុងការស្ថាបនា ពង្រីកផ្លូវជាតិថ្មីៗ និងចំណាយថវិកាចន្លោះពី១០០ទៅ២០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួសជុលផ្លូវជាតិនានានៅទូទាំងប្រទេស។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋជាសសៃឈាមនៃសេដ្ឋកិច្ចជាតិ វាប្រៀបដូចជាក្បាលរថភ្លើង ដើម្បីរុញសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើន ហេតុនេះទើបរដ្ឋាភិបាលត្រូវវិនិយោគច្រើនទាំងផ្លូវជាតិ ស្ពាន កំពង់ផែ ផែស្ងួតជាដើម”។លោកបន្តថា “ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច ត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជាអាទិភាព”៕

 

ក្រុមហ៊ុនOCICគ្រោងចំណាយទឹកប្រាក់៤០០លានដុល្លារសាងសង់ផ្លូវអាកាសចេញពីព្រលានយន្តហោះថ្មីមកកាន់រាជធានីភ្នំពេញ

ដោយគង់ សូរិយា
ភ្នំពេញៈ ក្នុងគោលដៅសម្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនOCIC គ្រោងនឹងវិនិយោគសាងសង់ផ្លូវអាកាស ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ។

យោងតាមគេហទំព័រក្នុងស្រុកមួយ ដែលបានសម្ភាសន៍ផ្តាច់មុខជាមួយ អ្នកឧកញ៉ាពុង ឃាវសែប្រធានក្រុមហ៊ុនOCICកាលពីថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាគម្រោងផ្លូវល្បឿនលឿន ពីអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។

អ្នកឧកញ៉ាបានបន្តថា “គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន២ដំណាក់កាល”។

លោកបន្តថា ដំណាក់ទី១ ប្រវែង១០គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ រហូតទៅដល់ផ្លូវជាតិលេខ២។ ដោយឡែកដំណាក់កាលទី២ គឺមានប្រវែងប្រមាណ១១គីឡូម៉ែត្រ ដោយសាងសង់ចេញពីផ្លូវជាតិលេខ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង”។

គម្រោងនេះ នឹងត្រូវចំណាយទុនប្រមាណ៤០០លានដុល្លារអាមេរិក ដែលដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ក្រោយព្រលានយន្តហោះ ពោលគឺក្រោយឆ្នាំ២០២៣បន្ដិចបន្ដួច។

អ្នកឧកញ៉ាបានបន្តថា ផ្លូវលើអាកាសថ្មីនេះ នឹងជួយសម្រួលការធ្វើដំណើរពីក្នុងក្រុង ទៅព្រលានថ្មីបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយអ្នកបើកបរអាចបើកដល់ទៅល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

កាលពីថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាលផងដែរ។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាគម្រោងខ្នាតយក្សដែលមានតម្លៃជាង១៥០០លានដុល្លារ ដោយស្ថាបនានៅលើផ្ទៃដី២៦០០ហិកតា ដែលអាចទទួលអ្នកដំណើរបាន១៥លាននាក់នៅពេលបញ្ចប់ដំណាក់កាលទី១ និងអាចទទួលអ្នកដំណើរបាន៣០លាននាក់នៅដំណាក់កាលទី២៕

តំបន់ឧដុង្គកំពុងតែទាក់ទាញគម្រោងបុរីលំនៅដ្ឋាន និងសួនឧស្សាហកម្មកាន់តែច្រើន

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ តំបន់ឧដុង្គ ខេត្តកំពង់ ដែលស្ថិតនៅជាប់តំបន់ជាយរាជធានីភ្នំពេញកំពុងតែបន្តបង្ហាញពីសក្ដានុពលរបស់ខ្លួនជាមួយនឹងវត្តមាននៃគម្រោងអភិវឌ្ឍន៍សាងសង់សំណង់តូចធំចាបន្តបន្ទាប់ដែលក្នុងនោះមានទាំងគម្រោងអភិវឌ្ឍន៍ដីសម្រាប់លំនៅដ្ឋាន គម្រោងសាងសង់រោងចក្រ ឃ្លាំង និងសួនឧស្សាហកម្មបន្ថែមពីលើគម្រោងចាស់ដែលមានស្រាប់។

ប្រធានសមាគមអចលនទ្រព្យសកល GRA លោកសំ សុខនឿន បានមានប្រសាសន៍ថា តំបន់ដែលស្ថិតនៅក្នុងស្រុកឧដុង្គ បានក្លាយជាតំបន់ភូមិដ្ឋានរួមទៅហើយ ដែលសាយភាយ និងពង្រីកចេញពីតំបន់ភ្នំរាបចេញទៅ ដែលខុសពីតំបន់ផ្លូវ៥១ បើទោះជាស្ថិតនៅក្នុងស្រុកឧដុង្គដូចគ្នា ប៉ុន្តែស័ក្ដិសមទៅនឹងគម្រោងសាងសង់រោងចក្រ ឃ្លាំងច្រើនច្រើនជាង។

លោកបានបន្តថា “តំបន់ទាំងនេះអាចក្លាយជាទិសដៅនៅក្នុងការអភិវឌ្ឍពង្រីកក្រុងនៅពេលអនាគត ខណៈដែលសព្វថ្ងៃរាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្តានុពលនៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យអចលនវត្ថុ តាមរយៈការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបង្កភាពងាយស្រួលចរាចរណ៍”។

លោកបន្តថា “រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍ គម្រោងពង្រីកតំបន់ឧស្សាហកម្ម ឬហៅថា Industral Zone ទៅកាន់ខេត្តកំពង់ស្ពឺតែម្តង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងស្រុកឧដុង្គ។ តំបន់នេះគឺជាតំបន់ដែលនឹងត្រូវអភិវឌ្ឍជា Industrial zone នាពេលអនាគត”។

ជាមួយនឹងគម្រោងនៃការអភិវឌ្ឍ លោកសំ សុខនឿន ក៏បញ្ជាក់ផងដែរថា វិស័យអចលនទ្រព្យក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានភាពទាក់ទាញកាន់តែខ្លាំងប្រមាណ២ឆ្នាំចុងក្រោយនេះ ដោយមានគម្រោងវិនិយោគរោងចក្រ សហគ្រាស និងលំនៅឋានថ្មីៗដាច់ដោយឡែកមិនមែនជាបុរីជាច្រើនសាងសង់នៅទីនោះ ជាពិសេស នៅពេលបច្ចុប្បន្ននេះមានអ្នកវិនិយោគកាន់តែច្រើនបាននាំគ្នាទៅសង់លំនៅឋាន ឬពុះដីឡូត៍លក់ជាបន្តបន្ទាប់។

នាយកទីផ្សារ និងផ្នែកលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុនវិមានអចលនទ្រព្យ លោកអ៊ិត វាសនា បានមានប្រសាសន៍ថា ស្ថិតតំបន់ជុំវិញឧដុង្គ ជាពិសេសនៅប៉ែកខាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើនគម្រោង ហើយគម្រោងទាំងអស់នេះ គឺកើតមានតាំងពីអំឡុងចុងឆ្នាំ២០១៩ ប៉ុន្តែដោយសារតែបញ្ហានៃជំងឺរាតត្បាត សកម្មភាពទិញលក់ និងអភិវឌ្ឍន៍គម្រោងនានាត្រូវបានផ្អាកមួយរយៈ។

លោកបន្តថា “ដោយសារការអភិវឌ្ឍយ៉ាងលឿននេះ បានធ្វើឲ្យសកម្មភាពនៃការទិញលក់ចាប់ផ្តើមកម្រើកឡើងវិញ ហើយសកម្មភាពនៃការអភិវឌ្ឍន៍ ក៏ចាប់ផ្ដើមមានឡើងវិញ។ ជាក់ស្ដែងតំបន់ស្ថិតនៅប៉ែកខាងលិច ឈៀងខាងជើងភ្នំឧដុង្គ គឺមានសំណង់រោងចក្រ លំនៅដ្ឋានជាច្រើនកំពុងសាងសង់ជាបន្តបន្ទាប់ ហើយការពុះដីឡូតិ៍ក៏ឃើញមានច្រើនគម្រោងដែរ”។

លោក អុិត វាសនា បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំៗមួយចំនួនក៏បានទិញដី សម្រាប់គម្រោងលំនៅឋានតម្លៃសមរម្យរួចហើយដែរ (នៅប៉ែកខាងផ្លូវជាតិលេខ៥) ដូចជាគម្រោងរបស់លោកឧកញ៉ាលី ហួរ ជាដើម ហើយនៅប៉ែកខាងផ្លូវជាតិលេខ៥១ គឺមានគម្រោងខ្លះកំពុងតែមមាញឹកក្នុងការសាងសង ដូចជាគម្រោងបុរី អូរ៉ូរ៉ា និងគម្រោងបណ្តុំលំនៅដ្ឋានផ្សេងៗមួយចំនួនទៀត ហើយមិនយូរប៉ុន្មាន ការអភិវឌ្ឍទាំងអស់នេះនឹងធ្វើឱ្យតំបន់ជុំវិញភ្នំឧដុង្គ ក្លាយជាបណ្តុំលំនៅដ្ឋានមិនចាញ់ តំបន់ភ្នំបាសិតនោះទេ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម ពីការអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអច លនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០៨៨ ៦៩៩ ៨៥៥ ៣/ ០៨៧ ៧៦០ ៥២៩ / ០៦១ ៨៩០ ៨០៨ ៕

បុរីKrek Cityតម្លៃប្រមាណ៤០លានដុល្លារកំពុងផ្លាស់ប្តូរមុខមាត់ទីរួមស្រុកពញ្ញាក្រែក

ដោយស៊ីវ ម៉េង

ខេត្តត្បូងឃ្មុំៈ អ្នកវិនិយោគក្នុងស្រុកមួយក្រុមបាននិងកំពុងបោះទុនវិនិយោគបុរីស្តង់ដាអន្តរជាតិមួយ ដែលផ្តល់ផាសុខភាព និងស្តង់ដារស់នៅថ្មីរបស់ប្រជាជននៅមូលដ្ឋាន ពិសេសទីរួមស្រុកពញ្ញាក្រែក ដែលមានទីតាំងនៅក្បែរច្រកទ្វារអន្តរជាតិត្រពាំងផ្លុង។

ជាមួយទីតាំងមានសក្តានុពល ដែលអាចប្រកបអាជីវកម្មបាន បានធ្វើឲ្យបុរីKrek City ទទួលបានការបញ្ជាទិញឆាប់រហ័ស ក្នុងពេលបើកលក់សាកល្បងក្នុងដំណាក់ដំបូង គម្រោងបុរីលំនៅដ្ឋានទាន់សម័យ Krek City ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសម្រេចបានជាង២០ភាគរយ។

បុរី ក្រែក ស៊ីធី ហ្គាឌិន (Borey Krek City Garden) គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំជាងគេនៅក្នុងខេត្ត ជាពិសេសនៅក្នុងស្រុកពញាក្រែក លើផ្ទៃដីទំហំជាង១៦ហិកតា ស្មើនឹងប្រមាណ ៧០០ខ្នង ដោយមានការបែងចែកជាប្រភេទ ផ្ទះអាជីវកម្ម (ប្រភេទ២ជាន់ និង៣ជាន់) វីឡាទោល រួមជាមួយនឹងការអភិវឌ្ឍផ្សារសហគមន៍ បែបទំនើបដែលមានរហូតដល់ប្រមាណ៤០០ស្ដង់។

លោកបណ្ឌិត តេង រិទ្ធី ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍មួយនេះ បានមានប្រសា​សន៍ប្រាប់ភ្នាក់ងារគេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ទើបតែរយៈពេលមួយសប្ដាហ៍ នៃការបើកលក់សាកល្បងរបស់គម្រោង ទទួលបានការកក់ជាង២០ភាគរយនៃគម្រោងសរុប ដែលក្នុងនោះមានទាំងអតិថិជន ដែលទិញសម្រាប់ស្នាក់នៅផ្ទាល់ និងក្រុមហ៊ុនដែលជាភ្នាក់ងារជាដៃគូផងដែរ។

លោកបានបញ្ជាក់ថា “តាមគម្រោងយើងចង់បើកសម្ពោធការលក់ជាផ្លូវការ ប៉ុន្តែដោយសារតែព្រឹត្តិការណ៍ ភាពប្រឈមនឹងជំងឺឆ្លង ចេះតែកើតមានជាបន្តបន្ទាប់ ដូច្នេះក៏ ពន្យាពេលតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា”។ លោកបន្តថា“ប៉ុន្តែទោះជាយ៉ាងណា គម្រោងមួយនេះគឺមានការគាំទ្រច្រើន ហើយសកម្មភាពនៃការសាងសង់ក៏ត្រូវបានចាប់ផ្តើមទៅតាមផែនការ”។

លោកបណ្ឌិតតេង រិទ្ធី បានមានប្រសាសន៍ថា សម្រាប់អតិថិជនដែលចង់ក្លាយខ្លួនជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី Krek City គឺមានភាពងាយស្រួល ដោយគ្រាន់តែធ្វើការកក់ចាប់ពី១០ភាគរយឡើងទៅតែប៉ុណ្ណោះ ក្រោយពេលសម្ពោធលក់ជាផ្លូវការ ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះ គឺសម្រាប់ការបើកលក់ក្នុងជំហានដំបូងនៅពេលនេះ គឺត្រូវកក់ត្រឹមតែ៥០០ដុល្លារ ក៏អាចក្លាយជាម្ចាស់លំនៅដ្ឋាន ក្នុងគម្រោងអភិវឌ្ឍន៍បុរីមួយនេះបានដែរ។

គម្រោងនេះស្ថិតនៅលើផ្លូវជាតិលខ៧ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ គម្រោងសាងសង់បុរីលំនៅដ្ឋានបែបទាន់សម័យ និងធំជាងគេប្រចាំខេត្តត្បូងឃ្មុំ បុរី ក្រែក ស៊ីធី ហ្គាឌិន (Krek City Garden) នឹងជួយកែប្រែសោភ័ណភាព និងសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យកាន់តែមានភាពល្អប្រសើរ ស្ថិតនៅភូមិ ហួចលិច ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្រាប់ប្រភេទលំនៅដ្ឋានអាជីវកម្មដែលមានកម្ពស់២ជាន់ ត្រូវបានដាក់លក់ក្នុងតម្លៃចាប៣៨,០០០ដុល្លារឡើងទៅ ហើយប្រភេទផ្ទះអាជីវកម្ម៣ជាន់ មានតម្លៃចាប់ពីជាង៧ម៉ឺនដុល្លារឡើងទៅ។ ដោយឡែកប្រភេទផ្ទះវីឡាទោល ត្រូវបានដាក់លក់ត្រឹមតម្លៃជាង៥ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ ដោយគ្រប់ប្រភេទលំនៅដ្ឋាន និងវីឡាសុទ្ធតែត្រូវបានសាងសង់ឡើងស្របតាមកម្រិតស្ដងដារ ទាំងទំហំផ្ទះ និងទំហំដីផងដែរ។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងគម្រោង លោកអ្នកអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៧ ៧០ ៥៤ ៨៨៨ / ០៩៧ ៧១ ៥៤ ៨៨៨៕