ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងការទទួលស្គាល់ពីភាពរីកចម្រើន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញរបស់កម្ពុជា ព្រមទាំងធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេស មន្ត្រីជាន់ខ្ពស់ដែលជាប្រេសិតរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបានសន្យាជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ដើម្បីអូសទាញវិនិយោគិនអង់គ្លេសមកកាន់ទឹកដីកម្ពុជា។
លោកស្រីHeather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១បានមានប្រសាសន៍ថា នឹងខិតខំប្រឹងប្រែងបន្តទាក់ទាញវិនិយោគិនអង់គ្លេសមកឈ្វេងយល់បន្ថែមពីសក្តានុពល ដែលកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន។ លោកស្រីបានទទួលស្គាល់ពីភាពរីកចម្រើន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញរបស់កម្ពុជា ព្រមទាំងធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេសនៅកម្ពុជានាពេលកន្លងមក។
លោកស្រីបានសន្យាថានឹងខិតខំប្រឹងប្រែងបន្តទាក់ទាញវិនិយោគិនអង់គ្លេសមកស្វែងយល់បន្ថែម ពីសក្តានុពលដែលកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយចំនួន ជាពិសេសវិស័យអប់រំ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលនឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២១នេះ ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ស្ថាប័ន និងបទបញ្ញត្តិនានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់។
ជាមួយគ្នានេះលោកក៏បានបង្ហាញអំពីការគាំទ្រចំពោះវឌ្ឍនភាពនៃកិច្ចការដៃគូសន្ទនារវាងចក្រភពអង់គ្លេស និងអាស៊ានដែលជាតំបន់មានសក្តានុពលខ្លាំង ហើយបានជម្រាបភាគីអង់គ្លេសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២ ខាងមុខ៕