អ្នកជំនាញនិយាយពីហេតុផលដែលជំរុញនិន្នាការទិញខុនដូមានការកើនឡើងនៅពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការរស់នៅក្នុងអគារខុនដូដែលជាប្រភេទលំនៅដ្ឋានទំនើប ប្រណីតភាព និងទាន់សម័យ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ហើយក៏ជាប្រភេទលំនៅដ្ឋានសហកម្មសិទ្ធិ ដែលមានភាពពេញនិយម នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសជឿនលឿនផងដែរ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ YOUNGSIA Real Estate បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះថា មានហេតុផលជាច្រើន ដែលជំរុញឱ្យមនុស្សសម័យថ្មីមានតម្រូវការខ្ពស់ និងទំនោរទៅលើការស្នាក់នៅក្នុងខុនដូ។ នៅគ្រប់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងមានការអភិវឌ្ឍទាំងអស់ នៅក្នុងទីក្រុងរបស់ប្រទេសនីមួយៗ មានកំណើនប្រជាជនច្រើន ដែលជំរុញឱ្យមានអគារខុនដូរីកដុះដាលឡើងដើម្បីបំពេញតម្រូវការរស់នៅ។

លោកបន្តថា “គម្រោងខុនដូភាគច្រើន ត្រូវបានអ្នកអភិវឌ្ឍន៍សិក្សាពីតម្រូវការ ទីតាំង​សំណង់ និងភាពចាំបាច់នៃតម្រូវការ របស់អ្នករស់នៅយ៉ាងច្បាស់លាស់ ទើបពួកគេសម្រេចបណ្តាក់ទុនវិនិយោគ និងសាសង់ឡើងដើម្បីបំពេញតម្រូវការទីផ្សារ”។ លោក​បន្តថា “សំណង់ខុនដូភាគច្រើន ត្រូវបានគេសាងសង់ឡើងនៅក្នុងពាណិជ្ជកម្មរបស់ទីក្រុង ដែលប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាបណ្តុំអាជីវកម្ម”។

លោកបន្តថា “មិនថាចំពោះប្រជាជនខ្មែរ ឬជនបរទេសនោះទេគឺតែងចង់រស់នៅក្នុងតំបន់ដែលមានការអភិវឌ្ឍន៍ មានសេដ្ឋកិច្ចល្អ ជាបណ្តុំទីផ្សារសេវាកម្មរួមមានសេវាថែទាំសុខភាព (មន្ទីរពេទ្យ គ្លីនិកឯកជន) ការអប់រំ តំបន់កម្សាន្ត អាហារដ្ឋាន ផ្សារទំនើប រួមជាមួយនឹងសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ”។

លោក Cooler Tan បានមានប្រសាសន៍បន្តទៀតថា “ជាក់ស្ដែងដូចជាគម្រោងខុនដូរំដួលស៊ីធី(ROMDUOL City )គឺមានលក្ខណៈល្អប្រសើរជាច្រើន និងកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការរស់នៅរបស់អតិថិជន។ បើយើពិនិត្យនៅក្នុងផែនទីឃើញថាគម្រោងមួយនេះ ស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ និងហ៊ុមព័ទ្ធទៅដោយមជ្ឈម​ណ្ឌលពាណិជ្ជកម្មធំៗដូចជាគម្រោង PRINCE International Plaza គម្រោង Booyoung Towne ដែលជាគម្រោងក្រុងរណបរបស់កូរ៉េ ដែលគម្រោងលំដាប់អន្តរជាតិទាំង២នេះមានចម្ងាយត្រឹមជាង១០០ម៉ែត្រពីគម្រោងខុនដូ ROMDUOL City តែប៉ុណ្ណោះ និងបន្ថែមដោយដោយវត្តមានមន្ទីរពេទ្យអន្តរជាតិ ROYAL Phnom Penh ក៏ដូចជាផ្សារទំនើបផងដែរ”។

លោកបន្តថា “អ្វីដែលជាលក្ខណៈពិសេសរបស់គម្រោងខុនដូ ROMDUOL City គឺកត្តាតម្លៃដែលមានចាប់ពី១៧០០ -២០០០ដុល្លារក្នុងមួយម៉ែត្រ ដែលតម្លៃទាំងនេះមានមិនច្រើននោះទេនៅតំបន់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលស្ថិតនៅកណ្តាលភ្នំពេញ។ ក្រៅពីភាពល្អប្រសើរនៃតម្លៃនៅពេលនេះ ងាកទៅការរចនាម៉ូដវិញគឺត្រូវបានគូរឡើងដោយវិស្វករជំនាញជនជាតិសាំងហ្គាពួរ ដែលមានចំនួន៤អគារ ដោយអគារនីមួយៗត្រូវបានចាប់យកខ្នាត៤៥ដឺក្រេ ដែលអនុញ្ញាតឱ្យពន្លឺ ខ្យល់ ចេញចូលគ្រប់គ្រាន់ និងមិនមានបាំងទិដ្ឋភាព សោភ័ណភាពគ្នានោះទេ”។

ដោយឡែកពាក់ព័ន្ធ ទៅនឹងនិន្នាការនៃការទិញខុនដូរបស់ប្រជាជនខ្មែរ ត្រូវបានលោក Cooler Tan បញ្ជាក់ថា ទំនោរនៃតម្រូវការទីផ្សារខុនដូ សម្រាប់ប្រជាជនខ្មែរត្រូវបានបែងចែកជា៣ដំណាក់កាល ដោយដំណាក់ទី១ចាប់ពីឆ្នាំ២០០០-២០១០ ចំនួននៃតម្រូវការមានទាបបំផុត ពោលគឺមានត្រឹមចន្លោះពី៥-១០ភាគរយតែប៉ុណ្ណោះ ដោយសារតែគ្រានោះប្រជាជនខ្មែរភាគច្រើន នៅមិនទាន់ស្គាល់ច្បាស់ពីខុនដូនោះទេ។

ដំណាក់កាលទី២ចាប់ពីឆ្នាំ២០១០-២០១៥ ដែលចាប់ផ្តើមមាននិន្នាការកើនឡើងក្នុងចន្លោះពី១០-២០ភាគរយបន្ទាប់ ពួកគាត់មួយចំនួនបានស្វែងយល់ពីខុនដូខ្លះៗ។ ដំណាក់កាលទី៣ចាប់ពីឆ្នាំ២០១៥- ២០២០ កំណើននៃតម្រូវការខុនដូចាប់ផ្តើមមានការកើនឡើងគួរឱ្យសម្គាល់ ដែលអត្រានៃតម្រូវការបានកើនឡើង ចន្លោះពី២០-៤០ភាគរយ ដែលជាចំនួនច្រើនគួរឱ្យកត់សម្គាល់។

លោក Cooler Tan បានមានប្រសាសន៍បញ្ជាក់ថា “ចាប់ពីដំណាក់កាលនេះរហូតទៅ កំណើននៃនិន្នាការទិញខុនដូរបស់ប្រជាជនខ្មែរ នឹងបន្តកើនឡើងជាលំដាប់ក្រោមហេតុផលថា នៅពេលសេដ្ឋកិច្ចជាតិមានការកើនឡើង កំណើននៃចំណូលរបស់ប្រជាជនខ្មែរមានចំនួនច្រើនជាងមុន នោះការរស់នៅរបស់ពួកគាត់ក៏នឹងត្រូវផ្លាស់ប្ដូរផងដែរ។ នៅពេលពួកគាត់មានលុយ ពួកគាត់ក៏ចង់រស់នៅស្រួល ហូបឆ្ងាញ់ នៅកន្លែងស្អាតមានផាសុកភាពខ្ពស់”។

លោកបន្តថា សម្រាប់អ្នកទិញខុនដូមួយប្រភេទទៀតគឺដើម្បីវិនិយោគ។ ពួកគាត់ចង់ទិញខុនដូ ដែលមានតម្លៃទាប រយៈពេលបង់រំលោះបានយូរ និងងាយលក់ក្នុងពេលខ្លី ហើយអាចចំណេញបានច្រើន។ ការទិញបានក្នុងតម្លៃទាប គឺមានឱកាសចំនួន២ ទីមួយទិញនៅពេលដែលគម្រោង ចាប់ផ្តើមប្រកាសលក់លើកដំបូង ដែលការលក់មានតម្លៃពិសេស ទី២ ទិញនៅពេលដែលមានវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ជាក់ស្ដែងដូចជាទិញនៅក្នុងកំឡុងពេលនេះតែម្ដង អ្នកវិនិយោគនឹងមានឱកាសចំណេញច្រើន ខណៈដែលឱកាសទាំង២នេះមានមិនច្រើននោះទេ”៕

ប្រធានCVEAតម្លៃដីនឹងកើនឡើងរយៈពេល៥ឆ្នាំទៀត ខណៈតំបន់ខ្លះនឹងកើនដល់១គុណនឹង៥ធៀបនឹងបច្ចុប្បន្ន

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា សកម្មភាពទិញលក់ និងការដើរ​ហើររបស់ប្រជាពលរដ្ឋបានចាប់ផ្តើមកើនឡើង ដែលជាសញ្ញាវិជ្ជមានសំរាប់វិស័យអចល​នទ្រព្យនៅឆ្នាំ២០២១ខាងមុខនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ ធ្នូនេះថា ចាប់ពីសប្តាហ៍មុនមក យើងឃើញប្រជាពលរដ្ឋបានចាប់ផ្តើមសកម្មភាព ដើរហើរ និងសកម្មភាពទិញលក់អចលនទ្រព្យបានកើនឡើងវិញបណ្តើរៗហើយ ខណៈតំបន់ជាយក្រុងមានសកម្មភាពផុសផុលជាងគេ។

លោកបន្តថា “អចលនទ្រព្យ ពិសេសដីធ្លីនឹងកើនឡើងរយៈពេល៥ឆ្នាំទៀត ដោយតម្លៃដីធ្លីក្នុងក្រុងនឹងកើនឡើង១គុណនឹង៥ នៅតំបន់ជាយក្រុងនឹងកើនឡើង១គុណនឹងបី និងតំបន់តាមបណ្តាខេត្តនានានឹងកើនឡើងមួយគុណនឹងបី”។លោកបន្តថា “និន្នាការនេះ គាំទ្រដោយសូចនាករមួយចំនួនដូចជា ការរើតំបន់ឧស្សាហកម្មចេញពីទីក្រុង ទៅកាន់តំបន់ជាយក្រុង ពិសេសនៅក្នុងខេត្តកណ្តាល និងកំពង់ស្ពឺ”។

លោកច្រឹក សុខនីមបានបន្តថា ដីនៅតាមបណ្តាខេត្ត និងតំបន់ជាយក្រុង នៅមានតម្លៃទាបនៅឡើយ ដែលមានឳកាសឡើងបន្តទៀត ព្រោះតម្លៃបច្ចុប្បន្នឡើងមិនទាន់ដល់កម្រិតនោះទេ។លោកបន្តថា សក្តានុពលនៅតាមបណ្តាខេត្ត ទាមទារឲ្យមានការវិនិយោគច្រើន ពិសេសវិនិយោគិនក្នុងស្រុក ដើម្បីធ្វើឲ្យតម្លៃសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាខេត្តមានភាពរីកចម្រើនលឿន។

លោកបន្តថា បើធៀបតម្លៃអចលនទ្រព្យកម្ពុជា ជាមួយនឹងប្រាក់ចំណូលសំរាប់ប្រជាជនម្នាក់ក្នុងមួយឆ្នាំ គឺខុសគ្នាឆ្ងាយណាស់ ប៉ុន្តែអ្វីដែលគេវាស់ គឺសេដ្ឋកិច្ចកម្ពុជា ជាសេដ្ឋកិច្ចទីផ្សាសេរី ហេតុនេះយើងត្រូវធៀបកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ ដូច្នេះការកើនឡើងតម្លៃអចលនទ្រព្យ គឺនៅមានកម្រិត បើធៀបតម្លៃជាមួយប្រទេសក្នុងតំបន់៕

 

រដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីបឹងតាមោកទំហំជាង១៩៦ហិកតា ដើម្បីប្រទានកម្ម ដល់វិស័យឯកជន

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ឆ្វៀដី បឹងតាមោក(បឹងកប់ស្រូវ)ទំហំជាង១៩៦ហិកតា ដើម្បីធ្វើប្រទានកម្មជូនវិស័យឯកជន សម្រាប់អភិវឌ្ឍន៍ក្នុងគម្រោ​ងនានា ដែលជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង។

ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០កាលពីសប្ដាហ៍មុនបានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១១០២.សជណ.មយ អំពីករណីសំណើសុំឆ្វៀលផ្ទៃដីទំហំ២៧៥ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ៣២៣៩,៧ហិកតា ស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីគ្រប់គ្រងជាកម្មសិទ្ធិ។

យោងតាមលិខិតដែលចុះហត្ថលេខា ដោយលោក កែន សត្ថា  រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរដោយយោងលិខិតលេខ០៦១/២០ លស.គ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងលិខិតលេខ៦៥៦ ខន/០២០ សជណ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ករណីខាងលើនេះ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមអនុញ្ញាត ឱ្យឆ្វៀលផ្ទៃដីទំហំ១៩៦,៥៦៥៩ហិកតា(មួយរយកៅសិបប្រាំមួយហិកតា ហាសិបប្រាំមួយអា ហាសិបប្រាំបួនសង់ទីអា) ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមានក្នុងគំនូសប្លង់បង្ហាញទីតាំង និងនិយាមកាភ្ជាប់មកជាមួយចេញពីអនុក្រឹត្យលេខ២០ អនក្រ,បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ទំហំ៣២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជូនលោកស្រី អ៊ុយ បូវី និងលោកស្រី គង់ សុធី ដោយពន្ធជាបន្ទុករបស់រដ្ឋ និងលើកលែងសេវាអន្តរក្រសួង សេវាសុរិយោដីនានា៕

គេហទំព័រPropertyarea.asiaនឹងចាប់ផ្តើមកម្មវិធីកិច្ចសម្ភាសន៍ទាក់ទងនឹងបច្ចុប្បន្នភាពអចលនទ្រព្យនៅដើមឆ្នាំ២០២១ខាងមុខនេះ

ដោយគង់ សូរិយា

        ភ្នំពេញៈ ដោយទទួលបានការគាំទ្រពីអ្នកអាន អ្នកស្តាប់់កើនឡើងជាប្រចាំ គេហ​ទំព័រPropertyarea.asia នឹងចាប់ផ្តើមកម្មវិធីកិច្ចសម្ភាសន៍ពិសេស ដោយផ្តោតលើទិដ្ឋភាពទូទៅពាក់ព័ន្ឋ នឹងបច្ចុប្បន្នភាពអចលនទ្រព្យនៅដើមឆ្នាំ២០២១ខាងមុខនេះ។

កិច្ចសម្ភាសន៍លើប្រធានបទថ្មី ទាក់ទងនឹងបច្ចុប្បន្នភាពអចលនទ្រព្យ នឹងចេញផ្សាយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ជាមួយវាគ្មិនជាតិ អន្តរជាតិ ដែលមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ ការចាប់ផ្តើមជំនួញ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។

ជាមួយនឹងដំណើរវិវត្តន៍ឥតឈប់ឈរ គេហទំព័រPropertyarea.asia នឹងចេញផ្សាយកិច្ចសម្ភាន៍ពិសេសរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រវេលាម៉ោង៧នាទីល្ងាច។

សហស្ថាបនិកនិងជាអគ្គនាយក នៃគេហទំព័រPropertyarea.asia និងfacebook Page ឈ្មោះ Property Area Asiaនិងគេហទំព័រ Cambodiafinancialtimes.com និងfacebook Page ឈ្មោះ Cambodia Finnancial Times លោកយិន លាងគង់បានមានប្រសា​សន៍ថាជាមួយនឹងដំណើរឆ្ពោះទៅមុខ​ និងការគាំទ្រកើនឡើងជាប្រចាំ បានធ្វើឲ្យ​ក្រុម​ការងារមានមានសម្ពាធ ដោយសារត្រូវគកិតរិះរកគំនិតថ្មីៗ ផ្តល់ជូន អ្នកអាន អ្នកស្តាប់ ដើម្បីទទួលបានគុណប្រយោជន៍ពីគេហទំព័រនេះកាន់តែច្រើន និងសម្បូរបែប។

លោកបន្តថា “យើងឈរលើមូលដ្ឋានវិជ្ជាជីវៈ និងរក្សាគុណតម្លៃស្នូលរបស់យើងក្នុងនាមជាអ្នកសារព៌តមានអាជីព ដែលផ្តល់នូវព៌តមានលឿន រហ័ស ពិត អាចទុកចិត្តបានដល់សាធារណៈជន”។ លោកបន្តថា “គេហទំព័ររបស់យើងបានដំណើរការ រហូតមកទល់់ពេលនេះ ទទួលបានការគាំទ្រពីអ្នកវិនិយោគជាតិ អ្​ន្តរជាតិ ដោយពួកគេបានប្រើប្រាស់មូលដ្ឋានព៌តមានរបស់យើងជាមូលដ្ឋាន ឬឯកសារជំនួយ ដើម្បីធ្វើជាមូលដ្ឋានវិភាគពិចារណា មុនសម្រេចចិត្តវិនិយោគលើអ្វីមួយផងដែរ”។

ជាមួយគ្នានឹងបញ្ហាដែលយើងកំពុងជួបប្រទះ នោះគឺការខិតខំបំពេញនូវរាល់ចំណុ​ចខ្វះខាត ដើម្បីធ្វើឲ្យគេហទំព័រនេះទទួលបានជោគជ័យ និងការគាំទ្របន្ថែមទៀតពីអ្នកអានជាតិ និងអន្តរជាតិ។

លោកយិន លាងគង់បានបញ្ជាក់ថា “យើងបាននិងកំពុងបន្តបដិសេធនូវការសរសរឬផ្តល់ព៌តមានមានលក្ខណៈបំភ្លៃ បំភ្លើស បំផ្លោង ដោយប្រាសចាកមូលដ្ឋានវិជ្ជាជីវៈ ព្រោះនៅពេលយើងដើរចេញពីមូលដ្ឋានវិជ្ជាជីវៈ នឹងធ្វើឲ្យយើងស្លាប់់ដោយខ្លួនឯង”។

លោកបន្តថា តាមរយៈកិច្ចសម្ភាសន៍ពិសេស ដោយផ្តោតលើបច្ចុប្បន្នភាពអចលនទ្រព្យកម្ពុជា និងអន្តរជាតិនាពេលខាងមុខនេះ យើងសង្ឃឹមថានឹងទទួលបានការគាំទ្រពីអ្នកស្តាប់កាន់តែច្រើនថែមទៀត និងអាចចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ព៌តមានក្លែងក្លាយ និងជំនួសវិញដោយព៌តមានពិត ឥតលំអៀង អាចទុកចិត្តបាន និងឈរលើមូលដ្ឋានវិជ្ជាជីវៈជាស្នូលរបស់យើង៕

គម្រោងអភិវឌ្ឍន៍ជាង៧០កំពុងមានដំណើរការនៅក្នុងខេត្តកំពត

ដោយៈ រ៉ាណេត

កំពតៈ ជាមួយនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅទូទាំងខេត្តកំពតនាពេលបច្ចុប្បន្ន បានបង្កើនឡើងនូវចំនួនក្រុមហ៊ុន ប្រកបអាជីវកម្មនៅក្នុងវិស័យនេះជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះមានគម្រោងច្រើនជាង៧០កំពុងតែដំណើរការប្រតិបត្តិរបស់ខ្លួន ដែលក្នុងនោះភាគច្រើនជាក្រុមហ៊ុនអភិវឌ្ឍដីឡូតិ៍។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកំពត លោក ដាញ់ សារី បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា នៅក្នុងភូមិសាស្ត្រខេត្តកំពតមានក្រុមហ៊ុនអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ដីនៅក្នុងក្រុង/ ស្រុកទាំង៨ មានចំនួនសរុបជាង៧០គម្រោង។

លោកបញ្ជាក់ថា “គម្រោងដែលមានលិខិតអនុញ្ញាត អភិវឌ្ឍន៍ដីចំនួន២៣គម្រោងគម្រោងដែលមិនមានលិខិតអនុញ្ញាត អភិវឌ្ឍន៍ដីចំនួន៤៨គម្រោង និង៣គម្រោង កំពុងដំណើរការស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី”។ លោកបន្តថា “ប្រសិនបើម្ចាស់គម្រោងអភិវឌ្ឍន៍ដី មិនបានគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវទេ នោះការអភិវឌ្ឍន៍ដី នឹងក្លាយជាបន្ទុករបស់រាជរដ្ឋាភិបាល នៅពេលមានបញ្ហាណាមួយកើតឡើង”។

អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍ថា ដើម្បីធានាដល់ការអភិវឌ្ឍដីប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព គុណភាព ប្រកបដោយចីរភាពតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តកំពត សូមអំពាវដល់ក្រុមហ៊ុនអចលនទ្រព្យ ឬម្ចាស់គម្រោងអភិវឌ្ឍន៍ដីទាំងអស់ ត្រូវយកចិត្តទុកដា​ក់អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗឱ្យបានម៉ឹងម៉ាត់។

លោកបានបន្តថា “ខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ កំពុងមានសក្តានុពលខ្លាំង និងអំណោយផលដល់ការងារប្រមូលចំណូលសម្រាប់ខេត្ត ពិសេសវិស័យធំៗចំនួនពីរ គឺវិស័យអចលនទ្រព្យ ឬគម្រោងអភិវឌ្ឍន៍ដី និងវិស័យរ៉ែ ដែលបច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹក”។

ទន្ទឹមនឹងមានសកត្តានុពលនេះ ដោយសារតែការអនុវត្តច្បាប់នៅខ្វះចន្លោះ និងមានចំណុចប្រឈមច្រើន ទើបធ្វើឱ្យប្រាក់ចំណូលរបស់ខេត្តនៅមានកម្រិត។

លោកសុខ ប៊ុនធឿនប្រធានក្រុមទទួលលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ នៅតំបន់ផ្លូវក្រវាត់ក្រុងខេត្តកំពត និងក្បែរតំបន់ទេសចរណ៍ធម្មជាតិ ក្នុងស្រុកទឹកឈូបានមានប្រសា​សន៍ថា គម្រោងអភិវឌ្ឍន៍ដីនៅក្នុងខេត្តកំពតពិតជាមានច្រើន ដែលក្នុងនោះមានគម្រោងខ្លះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអចលនទ្រព្យ ហើយគម្រោងខ្លះទៀតគ្រាន់តែជាគម្រោងអភិវឌ្ឍដីដែលធ្វើឡើងដោយបុគ្គលមានដីធំ ពុះជាប្រភេទដីឡូតិ៍លក់។

លោកបានបន្តថា សម្រាប់ទីផ្សារនៃការទិញលក់ដីឡូតិ៍ និងការអភិវឌ្ឍដីគឺនៅតែមាន ប៉ុន្តែសម្រាប់សកម្មភាពអភិវឌ្ឍផ្នែកវិស័យសំណង់ ហាក់មានភាពស្ងប់ស្ងាត់បន្តិច ពោលគឺភាគច្រើន មានតែគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កែច្នៃ និងគម្រោងអភិវឌ្ឍន៍ផ្ទះលំហែរតែប៉ុណ្ណោះ បើសម្រាប់គម្រោងអភិវឌ្ឍន៍ជាប្រភេទសំណង់ពាណិជ្ជកម្ម គឺមានតែនៅកណ្តាលក្រុងតិចតួចតែប៉ុណ្ណោះ៕

ក្រុងឌូបៃ អនុម័តកញ្ចប់ថវិកាចំណាយ១៥,៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ ខណៈ សេដ្ឋកិច្ចមានសញ្ញាងើបឡើងវិញ

ដោយៈសុខុម

ឌូបៃ:  ក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានអនុម័តកញ្ចប់ថវិការហូតដល់ទៅ៥៧,១ពាន់លាន Dirham (១៥,៥៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២១ នៅពេលឃើញសញ្ញាថាសេដ្ឋកិច្ច នឹងងើបឡើងពីការធ្លាក់ចុះនៅឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់មេដឹកនាំក្រុងនេះកាលពីថ្ងៃអាទិត្យ ទី២៧ ធ្នូ។

សេចក្ដីថ្លែងការណ៍នេះ មិនបានផ្ដល់ការប្រៀបធៀបគ្នា ទៅនឹងការចំណាយជាក់ស្ដែងក្នុងឆ្នាំ២០២០នោះទេ ប៉ុន្តែបង្ហាញថា វាខ្ពស់ជាងតិចតួចបើធៀបនឹងតួលេខចំណា​យ៥៦,១៦ ពាន់លាន Dirham ដែលទីភ្នាក់ងារព័ត៌មានReuters បានដកស្រង់កាលពីខែសីហា។

ទោះជាយ៉ាងណា ទំហំកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២១ នេះទាបជាង១៤% បើធៀបទៅនឹងកញ្ចប់ថវិកា៦៦,៤ពាន់លានDirhams ដែលរដ្ឋាភិបាលបានគ្រោងទុកសម្រា​ប់ឆ្នាំ២០២០។ ភ្លាមៗក្រុមមន្ត្រីក្រុងឌូបៃ មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញរឿងនេះ។

កញ្ចប់ថវិកាចំណាយសម្រាប់ឆ្នាំនេះ បានរួមបញ្ចូលទាំងភាគលាភសេដ្ឋកិច្ច (economic dividend) ដែលបានពីពិព័រណ៍ក្រុងឌូបៃ ឆ្នាំ២០២០ (Expo 2020 Dubai) ជាព្រឹត្តិការណ៍រយៈពេល៦ខែ ដែលគ្រោងចាប់ផ្តើមក្នុងខែតុលា ប៉ុន្តែត្រូវបានពន្យារពេលមួយឆ្នាំដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

កញ្ចប់ថវិកាចំណាយសម្រាប់ឆ្នាំ២០២១ ដែលត្រូវបានអនុម័តដោយមេដឹកនាំក្រុងឌូបៃ Sheikh Mohammed bin Rashid Al Maktoum នេះបានគិតគូរពីស្ថានភាពសេដ្ឋកិច្ចនៃឆ្នាំសារពើពន្ធ២០២០ និងផលវិបាកនៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលជះមកលើសេដ្ឋកិច្ចសកលលោក។

ក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សម្បូរបែប និងជាគោលដៅទេសច​រណ៍ដ៏ពេញនិយ បានរងផលប៉ះពាល់ខ្លាំង ដោយសារវិធានការហាមពលរដ្ឋមិនឱ្យចេញក្រៅ និងការផ្អាកជើងហោះហើរកាលពីដើមឆ្នាំនេះ។  សេដ្ឋកិច្ចប្រទេសនេះ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ៦,២% ក្នុងឆ្នាំ២០២០ មុននឹងទទួលបានកំណើន៤% ក្នុងឆ្នាំ២០២១ ដោយសារតែការបន្តងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចនានា៕

តើអ្នកស្រី កែវ សុចិន្តាដែលកំពុងមានភាពលេចធ្លោលើវិស័យជំនួញជាច្រើន ជាអ្នកណា?

ដោយស៊ីវ ម៉េង
ភ្នំពេញៈ ជាស្រ្តីកើតក្នុងគ្រួសារមានជីវភាពធូរធារមួយរូប អ្នកស្រី កែវ សុចិន្តា បានធំធាត់ជាមួយការថែរទាំយ៉ាងល្អ និងទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ ពិសេសលោក អ្នកមានគុណរបស់ខ្លួន។

ជាមួយនឹងស្នាមញញឹមប្រកបដោយភាពជឿជាក់ អ្នកស្រី កែវ សុចិន្តា បានកើតនិងធំដឹងក្តីនៅខេត្តស្វាយរៀង កន្លែងដែលម្តាយរបស់ខ្លួន បានប្រកបរបរជាអាជីវករលក់មាស និងលោកឪពុកជាមន្រ្តីពន្ធដារខេត្ត។

ដោយសារកើតក្នុងគ្រួសារជាមន្រ្តីរាជការ អ្នកស្រីបានផ្លាស់ទីលំនៅជាមួយឳពុក ម្តាយ មករៀននៅវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ព្រោះពេលនោះឳពុកអ្នកស្រីបានផ្លាស់ពីខេត្តស្វាយរៀង មកកាន់តួនាទីជាប្រធានផ្នែកពន្ធដារ នៅខេត្តកំពង់ចាម និងបានបន្តរមកវិទ្យាល័យព្រះស៊ីសុវត្តិក្រុងភ្នំពេញ។

ជាមួយនឹងភាពកក់ក្តៅក្នុងគ្រួសារ អ្នកស្រីតែងតែទទួលបាននិទ្ទេសល្អ នៅក្នុងសាលា ដោយទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ជាប់ជាប្រចាំ តាំងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ហើយពេលចូលដល់សាកលវិទ្យាល័យ អ្នកស្រីក៏បានជាប់ចំណាត់ថ្នាក់លេខ១ទៀត ពេលសិក្សាជំនាញគ្រប់គ្រងគណនេយ្យនៅសាកលវិទ្យាល័យន័រតុន។

ជាមនុស្សមានភាពជឿជាក់ និងការតាំងចិត្តខ្ពស់ អ្នកស្រីបានបន្តដោយស្នាមញញឹមថា “ដោយសារពេលរៀនបានលេខ១ និងលេខ២ឳពុករបស់ខ្ញុំតែងតែឲ្យរង្វាន់ បានធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែងជាប្រចាំ ព្រោះខ្លាចធ្លាក់និទ្ទេស”។ អ្នកស្រីបន្ថែមថា “ពេលរៀននៅសាកលវិទ្យាល័យន័រតុន ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ទៀត ក្នុងចំណោមនិស្សិតជាង២៥០នាក់ ហេតុនេះខ្ញុំត្រូវខំប្រឹងបន្ថែម ដើម្បីរក្សាចំណាត់ថ្នាក់ល្អ ព្រោះខ្លាចខ្មាស់គេ ពេលរៀនធ្លាក់និទ្ទេស”។

នៅពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៣ អ្នកស្រីបានប្រឡូកការងារដំបូងនៅអង្គការឌីស៊ីខេម ដោយទទួលបានប្រាក់ខែ៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាជាការងារដែលអ្នកស្រីសប្បាយចិត្ត ព្រោះបានអានឯកសារច្រើន និងវាយកុំព្យូទ័របានលឿនរហូតមកទល់ពេលនេះ។

លាលែងពីការងារកន្លែងចាស់ អ្នកស្រីបានបំពេញការងារ នៅក្រុងហ៊ុនថ្មីមួយទៀតរយៈពេល១ឆ្នាំ មុនពេលចេញទៅធ្វើការគ្រប់គ្រងផ្នែកគណនេយ្យ នៅក្រុមហ៊ុនខេភីអ៊ឹមជី។

ដោយសារស្រលាញ់ការសិក្សា កំឡុងពេលបំពេញការងារ អ្នកស្រី កែវ សុចិន្តា បានចូលរៀនបន្ថែមផ្នែកគណនេយ្យករសាធារណៈ(ACCA)បន្ថែមទៀត មុនពេលបន្តរថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យន័រតុន នៅឆ្នាំ២០០៥។

ជាមួយនឹងបទពិសោធន៍ការងារ និងសិក្សាបណ្តើរ ចង់ប្រឡូកជំនួញបណ្តើរ អ្នកស្រីបានចាប់ផ្តើមបើកហាងBaby & Lady ហើយហាង Baby Boutique ជាមួយមិត្តភក្តិ ជាមុខជំនួញលើកដំបូង ដែលអ្នកស្រីបានប្រឡូកនៅឆ្នាំ២០១០ ជាលទ្ឋផលមុខជំនួញដំបូងនេះ មិនសូវទទួលបានជោគជ័យទេ ដោយសារអ្នកស្រីមិនមានពេលវេលាផ្តោតគ្រប់គ្រាន់។

អ្នកស្រីបានបន្តដោយអស់សំណើចថា “បើកក្រុមហ៊ុនចូលគ្នាជាមួយមិត្តភក្តិ បោះ ទុន១ម៉ឺនដុល្លារម្នាក់ ចុងក្រោយសល់ម្នាក់១ពាន់ដុល្លារ ប៉ុន្តែវាបានធ្វើឲ្យយើងអាចរៀនសូត្របន្ថែមពីអាជីវកម្ម និងររបៀបនៃការរកស៊ីចូលគ្នា”។

ជាមួយគ្នានេះ អ្នកស្រីបានបើកក្រុមហ៊ុនផ្តល់សេវាកម្មEmerald Agencyនៅឆ្នាំ២០១៥ នៅពេលឈប់ពី KPMG និងបានបន្តរហូតដល់សព្វថ្ងៃនេះ ព្រមជាមួយគ្នានេះ អ្នកស្រីបានបំពេញការងារនៅក្រុមហ៊ុនធានារាប់រងអាយុជីវិត AIA ដោយទទួលបានតួនាទី ជាប្រធានផ្នែកគ្រប់គ្រងអាជីវកម្មជាន់ខ្ពស់។

ជាការងារដែលអ្នកស្រីស្រលាញ់ពេញចិត្ត និងការដាក់ចិត្តចង់បានលេខ១ ពេលធ្វើអាជីវកម្ម ឬរៀនសូត្រ ជាលទ្ឋផលអ្នកស្រីទទួលបានលទ្ឋផលល្អ ដោយលក់ធានារ៉ាប់រងបានល្អជាងគេ ដែលទទួលបានការកោតសរសើរ និងលើកទឹកចិត្តជាបន្តរបន្ទាប់ ពិសេសជាការងារ ដែលអ្នកស្រីស្រលាញ់ពេញចិត្ត ព្រោះជាការងារដែលអាចជួយប្រជាជនបានច្រើន។

ជីវិតអាពាហ៍ពិពាហ៍
ជាមួយនឹងភាគជោគជ័យលើមុខជំនួញ និងវ័យវឌ្ឈនាការ អ្នកស្រី កែវ សុចិន្តាបានសម្រេចចិត្តចូលខ្លោងទ្វារអាពាហ៍ពិពាហ៍ ជាមួយលោកសំឆន សុភ័ក្ត្រា ដែលជាមន្រ្តីរាជការនៅឆ្នាំ២០០៥។
រហូតមកទល់ពេលនេះ អ្នកស្រីទទួលបានចំណងដៃបុត្រចំនួន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់ ដែលពួកគេកំពុងសិក្សា ស្របពេលកូនស្រីបងមានអាយុ១៥ឆ្នាំ កូនស្រីទី២ អាយុ១២ឆ្នាំ និងកូនប្រុសពៅអាយុ៧ឆ្នាំ។

ជាឆាកជីវិតពោរពេញដោយសុភមង្គល និងភាពកក់ក្តៅពីគ្រួសារ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តបានធ្វើឲ្យអ្នកស្រី អាចចាប់ផ្តើមមុខជំនួញកាន់តែច្រើន ការងារក៏កាន់តែទទួលបានជោគជ័យផងដែរ។

ភាពជោគជ័យទទួលបាន
ភាពជោគជ័យ គឺមាននិយមន័យច្រើន ប៉ុន្តែកត្តាកំណត់ជាសត្យានុម័ត គឺការទទួលបានការគាំទ្រពីគ្រួសារ ភាពជោគជ័យលើអាជីវកម្ម និងសុភមង្គលក្នុងគ្រួសារ។

ដូចគ្នានេះដែរ អ្នកស្រីកែវ សុចិន្តា ជាមនុស្សមានសមត្ថភាពផ្ទាល់ខ្លួនផង និងទទួលបានការគាំទ្រពីគ្រួសារផង។

អ្នកស្រីបានមានប្រសាសន៍ថា ភាពជោគជ័យមកទល់ថ្ងៃនេះ ផ្តើមចេញពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងការជ្រោមជ្រែងពីគ្រួសារ ព្រោះបើគ្មានការគាំទ្រពីគ្រួសារ ក៏យើងមិនអាចដើរហើរទៅណាទេ។ អ្នកស្រីបន្តថា “ ដោយសារខ្ញុំជាមនុស្សចូលចិត្តដើរកំសាន្ត និងមានក្តីស្រម័យដើរជុំវិញពិភពលោក អញ្ចឹងខ្ញុំតែងតែប្រាប់អ្នកផ្ទះថា ហេតុអីខ្ញុំចូលចិត្តធ្វើរឿងហ្នឹង និងមុនសម្រេចចិត្តវិនិយោគលើគំរោងThe Point Community Mall (ទល់មុខស្ថានទូតចិន)ជាមួយមិត្តភក្តិ និងបានចូលរួមសហការវិនិយោគលើគំរោងមួយចំនួនទៀតជាមួយមិត្តភក្តិ និងគម្រោងមួយចំនួនផងដែរ។

អ្នកស្រីបានបន្ថែមថា “ខ្ញុំបានពិភាក្សាជាមួយស្វាមី និងលោកឳពុកក្មេក ដោយលោកបានផ្តល់យោបល់ គំនិតល្អៗ និងគាំទ្រផ្នែកហិរញ្ញវត្ថុ ទីបំផុតខ្ញុំបានវិនិយោគគំរោងនេះបានរហូតមកដល់ពេលនេះដោយជោគជ័យ”។

ផ្តើមចេញពីការគាំទ្រពីគ្រួសារពេញលេញ អញ្ចឹងខ្ញុំធ្វើអ្វីបាន ពួកគាត់មិនហាមឃាត់នូវអ្វីខ្ញុំចង់ធ្វើទេ ទាំងលោកឳពុកផ្ទាល់ និងលោកឳពុកក្មេក។ ហេតុនេះគេថាខ្ញុំជោគជ័យ គឺផ្តើមចេញពីការខិតខំខ្លួនឯង និងការគាំទ្រពីគ្រួសារហ្នឹងឯង។

អ្នកស្រី កែវសុចិន្តា បានបន្តរថា “កត្តាជោគជ័យមួយទៀត គឺការមានទំនាក់ទំនងល្អ ភាពរួសរាយរាក់ទាក់ និងការមិនប្រកាន់ខ្លួន ដែលខ្ញុំជាមនុស្សចូលចិត្តការងារសង្គមច្រើន មិនប្រកាន់អ្នកធំ អ្នកតូចឡើយ ហើយខ្ញុំចូលចិត្តរៀនអ្វីដែលថ្មីនៅជុំវិញខ្លួនជាប្រចាំ”។អ្នកស្រីបានបន្តថា “ភាគជោគជ័យមួយទៀត នៃការធ្វើជំនួញ គឺយើងត្រូវសួរខ្លួនឯងថា តើយើងចង់បានលុយ ចង់បានកិត្តិយស ការទទួលស្គាល់ ឬចង់ឲ្យគេស្គាល់យើងច្រើន??។

បើសំដៅតែយើងប្រាក់ចំណេញ ខ្ញុំមិនអាចនៅក្នុងផ្នែកធានារ៉ាប់រងយូរបានឡើយ ព្រោះនៅក្នុងផ្នែកនេះ មានការបដិសេធពីភ្ញៀវច្រើន។ អ្នកខ្លះពេលយើងនិយាយទៅគេពីបញ្ហានេះ គេបដិសេធ គេលែងរាប់រកយើងក៏មាន ហេតុនេះយើងត្រូវរ៉ឹងមាំ និងត្រូវប្រឹងប្រែងលើអ្វីដែលយើងចង់បានអ្វីពិតប្រាកដ។

ដូចពេលចូលបំពេញការងារនៅក្រុមហ៊ុនAIAដំបូង ខ្ញុំលក់មិនសូវបាន ខ្ញុំមិនបានខ្វល់ពីវាទេ(ដោយសារមានចំណូលផ្នែកផ្សេងទប់) តែខ្ញុំគិតពីគោលដៅ គឺចង់ឲ្យប្រជាជនយើងយល់ពីធានារ៉ាប់រងថា តើវាមានសារៈសំខាន់បែបណា?។អ្នកស្រីបញ្ជាក់។

អ្នកស្រី កែវ សុចិន្តា បានបន្តថា មានអ្នកនិយាយថា តើអ្នកស្រីខំធ្វើអ្វី ព្រោះបើផ្អែកពីចំណូលរបស់ខ្លួន គឺមិនមានអ្វីត្រូវលំបាកនោះទេ ប៉ុន្តែខ្ញុំនៅតែចុះនៅតាមបណ្តាខេត្ត ដែលមានការអត់ធ្មត់ និងហត់នឿយច្រើន។

ប៉ុន្តែទីបំផុតខ្ញុំធ្វើបានច្រើន និងទទួលបានលទ្ឋផលល្អ។
ទីបំផុតមានអ្នកចូលរួមរីករាយជាមួយយើង ដោយហៅខ្ញុំ “អ្នកស្រីAIA” ដែលនេះជាសមិទ្ឋផលមួយ ដែលវាជាមោទនភាពមួយ នោះគឺផ្តើមចេញពីការផ្តោតលើគោលដៅ នៃអ្វីដែលយើងចង់បានពិតប្រាកដ។

អនុសាសន៍
មនុស្សមានការគិតផ្សេងៗគ្នា ប៉ុន្តែការគិតវិជ្ជមាន នឹងនាំយើងដើរទៅមុខលឿន ខណៈបច្ចុប្បន្ន សហគ្រិនស្រ្តីលេចធ្លោជាច្រើន បាននិងកំពុងបង្ហាញមុខក្នុងសង្គម និងទទួលបានការបណ្តុះបណ្តាល លើកទឹកចិត្តបន្ថែម។

សម្រាប់អ្នកស្រី កែវ សុចិន្តា បានលើកទឹកចិត្តដល់ស្រ្តីផងដែរថា ស្រ្តីដែលចង់ប្រឡូកក្នុងជំនួញទាមទារការគាំទ្រពីគ្រួសារ ព្រោះបច្ចុប្បន្ននៅតែមានអ្នកគិតថា “រៀនច្រើនធ្វើអី រៀបការហើយឲ្យប្តីចិញ្ចឹមទៅ”។

អ្នកស្រីបន្ថែមថា ហេតុនេះទាមទារអ្នកផ្ទះ(ស្វាមី)ផ្លាស់ប្តូរផ្នត់គំនិត និងអង្គុយជជែកគ្នាថា តើគាត់ចង់បានអ្វី និងធ្វើជំនួញបែបណា ពិសេសទាមទារការគាំទ្រពីកម្លាំងកាយ កម្លាំងចិត្តពីគ្រួសារ ដើម្បីឲ្យស្រ្តីសម្រេចបានតាមគោលដៅរបស់ខ្លួន។

អ្នកស្រីបានលើកជាឧទាហរណ៍ថា “ដូចខ្ញុំចឹង ពេលខ្ញុំកំពុងរៀនគណនេយ្យ លោកឪពុកខ្ញុំ តែងតែទៅយកជាប្រចាំពេលចេញពីសាលា ហើយខ្ញុំប្រាប់គាត់ថា“កូនចង់ធ្វើនេះ ធ្វើនោះ ជាលទ្ឋផលគាត់បានផ្តល់យោបល់ និងការណែនាំផ្សេងៗ ដើម្បីយើងអាចសម្រេចបានគោលដៅរបស់ខ្លួន”។

ញញឹមបណ្តើរ អ្នកស្រីបានបន្តលើកឡើងថា ដូចពាក្យចាស់លោកពោលថា “ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់” នៅពេលយើងយកពាក្យនេះជាប់នឹងខ្លួន ពេលទៅណាក៏គេស្រលាញ់ គេចូលចិត្តយើងដែរ ដូច្នេះពេលយើងទៅដល់ណា មានអ្វីយើងសួរគេ មានអ្វីយើងជួយគេបាន ជារឿងល្អ”។

អ្នកស្រីបានបន្តរដោយម៉ឺងមាត់ថា “អ្វីដែលជាកត្តាដំបូងគេ គឺយើងត្រូវលើកទឹកចិត្តខ្លួនឯងជាមុន មុនពេលគេលើកទឹកចិត្តយើង ព្រោះបើយើងមិនលើកទឹកចិត្តខ្លួនឯង មិនខិតខំខ្លួនឯង ចាំតែគេលើកទឹកចិត្តក៏លំបាកដែរ”។

ជាមួយស្នាមញញឹម និងភាពរួសរាយរាក់ទាក់ អ្នកស្រីបន្ថែមថា “អ្វីសំខាន់មួយទៀតគឺការហ្វឹកហាត់កីឡា និងការធ្វើសមាធិ ក៏ជាកត្តាសំខាន់មួយ ដែលធ្វើឲ្យយើងស្ងប់អារម្មណ៍ និងទទួលបានសុខភាពល្អ ពិសេសអានសៀវភៅ ដើម្បីយើងទទួលបានចំណេះដឹងថ្មីបន្ថែម”៕

 

ទំហំ​ពាណិជ្ជកម្ម​ទីក្រុង​សៀង​ហៃ និង​អាស៊ាន​សម្រេចបាន ៥១,៩ពាន់​លាន​ដុល្លារ

ដោយៈ​វុត្ថា

ប្រទេស​ចិនៈ ទំហំ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​សៀង​ហៃ និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រេចបាន៥១,៩ ពាន់​លាន​ដុល្លារ​អាមេរិក ពោល​នៅតែមាន​ភាពរឹងមាំ​នៅ​ឆ្នាំនេះ បើទោះបី​ត្រូវ​រង​ផលប៉ះពាល់ ដោយ​ជំងឺ​រាតត្បាត​ពី​ជំងឺ​កូ​វីដ១៩ក៏ដោយ។


យោងតាម​របាយការណ៍​របស់​ទីក្រុង​សៀង​ហៃ បានបង្ហាញ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​ថា ទីក្រុង​សៀង​ហៃ​បាន​នាំចូល​ទំនិញ មានតម្លៃ​ជាង៣៣៩,៣ ពាន់​លាន​យន់ ដែល​ស្មើនឹង៥១,៩ ពាន់​លាន​ដុល្លារ​អាមេរិក ពី​តំបន់​អាស៊ាន​ក្នុង​រយៈពេល១១ខែ​ឆ្នាំនេះ​ពោលគឺ​កើនឡើង៦,១ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ដោយឡែក ផលិតផល​ដែលមាន​តម្លៃ៤៣៣,៣៧ ពាន់​លាន​យ័ន​ត្រូវបាន​នាំ​ចេញពី​ទីក្រុង​ស៊ា​ង​ហៃ ទៅកាន់​អាស៊ាន​ពោលគឺ​ធ្លាក់ចុះ៤,១ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយសារ​ផលប៉ះពាល់​នៃ​ការ​រាតត្បាត​រាតត្បាត​នេះ។

ប្រភេទ​ទំនិញ​ធំ​បំផុត ដែល​ទីក្រុង​សៀង​ហៃ នាំចូល​ពី​អាស៊ាន​ក្នុង​រយៈពេល១១ ខែ ដែល​បាន​ចុះបញ្ជី​តម្លៃ​នាំចូល​សរុប មាន​ចំនួន៨៥,៦៤ពាន់​លាន​យ័ន។ ចំនួន​នេះ​តំណាងឱ្យ​កំណើន២០,៥ភាគរយ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​មាន​ចំនួន ២៥,២ ភាគរយ​នៃ​តម្លៃ​នាំចូល​សរុប​ពី​អាស៊ាន​ក្នុងអំឡុង​ពេលនេះ។

ប្រទេស​វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ទីក្រុង​ស៊ា​ង​ហៃ នៅក្នុង​តំបន់ ដោយ​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា​ដែល​ស្មើនឹង២៧,៤ភាគរយ នៃ​ពាណិជ្ជកម្ម​សរុប​របស់​សៀង​ហៃ​ជាមួយ​អាស៊ាន៕

រដ្ឋាភិបាល​កំពុង​រៀប​ចំ​យុទ្ធសាស្ត្រ​ក្នុង​ការទាញយក​ប្រយោជន៍​ឱ្យបាន​ច្រើនពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម​បាន និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ ក្នុងការ​ទាញយក​ផលប្រយោជន៍​ឱ្យបាន​កាន់តែច្រើន​បំផុត ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA  ដែល​នឹង​ចាប់​អនុវត្ត​នៅក្នុងពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា ដោយ​អនុវត្តតាម​ការចង្អុល​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ឱ្យ​ក្រុមការងារ រៀបចំ​យុទ្ធសាស្ត្រ​ទាញយក​ផលប្រយោជន៍ ជា​អតិបរមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​ជា​ហត្ថលេខី។

លោក​បាន​បន្តថា “ពេលនេះ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ត្រូវបាន​បង្កើតឡើង​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​យុទ្ធសាស្ត្រ​ជម្រុញ ការនាំចេញ​តាម​សេចក្តីប្រកាស លេខ ២៩១ ព.ណ.អប.ប្រក​ស្តីពី ការកែសម្រួល​ក្រុមការងារ​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី” ។

ក្រុមការងារ​ជំនាញ បាន​សិក្សា​ស្រាវជ្រាវ​លើ​លទ្ធភាព​ទំនិញ​ចំនួន៩មុខ រួមមាន​ដូចជា វិស័យ​សម្លៀកបំពាក់ វិស័យ​ស្បែកជើង តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​ដំឡើង​កម្មន្តសាល​ធុន​ស្រាល វិស័យ​ចំណីអាហារ​កែច្នៃ វិស័យ​ជលផល វិស័យ​អង្ករ​វិស័យ​ដំឡូង​មី និង​កៅស៊ូ​ធម្មជាតិ ដើម្បី​ជម្រុញ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន និង​លក្ខខណ្ឌ​ច្រកចូល​ទីផ្សារ​ប្រទេស​ចិន ហើយ​បានធ្វើ​ការសិក្សា អំពី​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ពិភពលោក និង​ទៅកាន់​ទីផ្សារ​ប្រទេស​នាំចូលធំៗ ដែលជា​ដៃគូ​ពាណិជ្ជកម្ម ជាពិសេស​គឺ​ការសិក្សា និង​វិភាគ​អំពី​ចំនុចខ្លាំង ចំនុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) ដើម្បី​កំណត់ថា​ទំនិញ​ណា​ជា​ផលិតផល​ថ្មី ផលិតផល​កំពុង​លូតលាស់ ផលិតផល​មាន​ភាពចាស់ទុំ ដើម្បី​មាន​ភាព​ងាយ​ស្រួយ​ធ្វើការ​ជម្រុញ​ការនាំចេញ​បន្ថែមទៀត។

លើសពីនេះ ក្រុមការងារ​ក៏បាន​សិក្សា​អំពី​របប​ពន្ធ (ពន្ធគយ​នាំចូល) ទៅតាម​ប្រភេទ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី (MFN) តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន (ACFTA) តាម​ភាពអនុគ្រោះ​ពិ​សេ​សម្រាប់​កម្ពុជា Preferential tariff for Cambodia (China’s Special preferential duty) និង​តាម​ឋានៈ​ប្រទេស ដែលមាន ការអភិវឌ្ឍន៍​តិចតួច (LDC) ដើម្បី​ពិនិត្យមើល​ការនាំចេញ តាម​កិច្ចព្រមព្រៀង​មួយណា ដើម្បី​ទទួល​ភាពអនុគ្រោះ​បំផុត និង​បាន​សិក្សា​ផងដែរ ចំពោះ​របាំង​បច្ចេកទេស​របស់​ប្រទេស​ចិន​ក្នុងការ​នាំចូល​ចំពោះ​ទំនិញនីមួយ។

លោក​បណ្ឌិត​ហុង វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​មានប្រសាសន៍ថា ឆ្នាំ២០២១ខាងមុខនេះ កិច្ចព្រមព្រៀង​ជាច្រើន​នឹង​ចូល​ជា​ធរមាន ដែល​ផ្តល់​កាលានុវត្តន៍​ភាព ក្នុងការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​ចិន ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់​យើង តើ​កម្ពុ​ជាមាន​ទំនិញ​គ្រប់គ្រាន់​មានគុណ​ភាព សុវត្ថិភាព និង​ភូតគាម​អនាម័យ​គ្រប់គ្រាន់​ដើម្បី​នាំចេញ​ឬ​អត់។

លោក​បន្តថា “ភូ​ត្ត​គា​ម​អនាម័យ សុវត្ថិភាព​ផលិតផល​របស់​យើង ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ អ្វី​ជា​សំណួរ​នៅទីនេះ​ថា តើ​យើង​មាន​ទំនិញ​បាន​ច្រើន​ប៉ុណ្ណា​ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ចិន និង​ប្រទេស​ជាច្រើន​ទៀត” ៕

សល់​រយៈពេល​បី​ថ្ងៃ​ទៀត៖ រឿងល្អៗចំនួន៦នឹង​ត្រៀម​ស្វាគមន៍​ឆ្នាំ២០២១

ដោយ​គង់ សូរិយា

ភ្នំពេញៈ ឆ្នាំ២០២០ដ៏​កល​យុគ ត្រៀម​បញ្ចប់​នៅ​រយៈពេល​បី​ថ្ងៃ​ខាងមុខ ខណៈ​ឆ្នាំ២០២១ បាន​រំកិល​កាន់តែ​កៀក​មកដល់ ដែល​គ្រប់គ្នា​កំពុង​រង់ចាំ​ស្វាគមន៍​រឿងរ៉ាវ​ល្អ​នឹង​កើតមានឡើង​នៅពេល​ខាងមុខ។

ដោយឡែក​កម្ពុជា​ក៏​ដូចគ្នា ឆ្នាំ២០២១មាន​គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ អចលនទ្រព្យ និង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នឹងមាន​ភាពល្អប្រសើរ​ឡើង។

កិច្ចព្រមព្រៀងធំៗចំនួន៣បាននិងកំពុង​ត្រៀម​ចូល​ជា​ធរមាន

គ្រាន់់តែ​បើកឆាក​ថ្ងៃទី១ ខែ១ ឆ្នាំ២០២១ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន (FTA) នឹង​ចូល​ជា​ធរមាន ដែល​វា​ជា​កាលានុវត្តន៍៍​ភាព​ថ្មី​មួយ សំរាប់​ពង្រីក​ឳ​កាស​ឈានឡើង​របស់​កម្ពុជា និង​សម្រេចបាន​វិបុលភាព​របស់ខ្លួន តាម​យុ​ទ្ឋ​សាស្ត្រ​រំកិល​ប្រទេស​ចេញពី​ឋានៈ​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ តាម​ទស្សន​និង​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោ។

ជាមួយគ្នានេះ កម្ពុជា​ក៏​បាននិងកំពុង​ត្រៀម​ទទួលបាន​នូវ​ការនាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​អង់គ្លេស​ដោយ​រួច​ព​ន្ឋ តាមរយៈ​ប្រ​ព័​ន្ឋ GSP ផងដែរ។ លើសពីនេះ ឆ្នាំ២០២១ ក៏​ជា​ពេលដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា កូរ៉េ​បញ្ចប់​ផងដែរ ហើយ​រំពឹង​កិច្ចព្រមព្រៀង​នេះ នឹង​ចូល​ជាធរ​មាននៅ​ឆ្នាំ២០២១ផង​ង​ដែរ។

ជាមួយគ្នានេះ កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត (RCEP) ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​មួយ ជាមួយ​ប្រទេស១៤ទៀត ក៏​នឹង​បើកផ្លូវ​ដល់់​កម្ពុជា​ពង្រីក​ការនាំចេញ​ផងដែរ។

ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗចំនួន១០

ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗចំនួន១០ បាននិងកំពុង​សាងសង់ និង​កំពុង​សិក្សា​ពង្រីក​នៅ​ឆ្នាំ២០២១ខាងមុខ​ផងដែរ ដូចជា​ផ្លូវជាតិ​លេខ២ ផ្លួ​វ​ជាតិ​លេខ២២ ផ្លូវជាតិ​លេខ៤១ ផ្លូវជាតិ​លេខ៧ ផ្លូវជាតិ​លេខ១០ បាននិងកំពុង​សាងសង់ និង​ត្រៀម​សាងសង់​នា​ឆ្នាំ២០២១ផងដែរ។

ប្រសិនជា​ដំណើរការ​តាម​ការគ្រោងទុក ផ្លូវជាតិសំខាន់ៗចំនួន១០ខ្សែ ខ្លះ​នឹង​បញ្ចប់​ការស្ថាបនា ខ្លះទៀត​នឹង​ចាប់ផ្តើម​ពង្រីក និង​ផ្លូវជាតិ​ខ្លះទៀត​នឹង​ទទួលបាន​ហិរញ្ញប្បទាន។

ពហុកីឡាដ្ឋាន​មរតក​តេ​ជោ

ពហុកីឡាដ្ឋាន​មរតក​សម្តេច​តេ​ជោ ដែលជា​សំណង់​ប្រវត្តិសាស្ត្រ​សំរាប់​ចងដៃ​កម្ពុ​ជានា​ដើម​សតវត្សរ៍​ទី២១នេះ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង នៅ​ឆ្នាំ២០២១ខាងមុខនេះ ស្របពេល​ពហុកីឡាដ្ឋាន​នេះ នឹង​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​អាស៊ាន​ហ្គេម នា​ឆ្នាំ២០២៣ខាងមុខ។

ព​ហុ​កីឡាដ្ឋាន​នេះ ជា​ចំណងដៃ និង​ជា​ស្ពាន​ត​ភ្ជាប់​ចំណង​មេត្រីភាព​កម្ពុជា ចិន កាន់​តែមាន​ភាពល្អប្រសើ​រ​ថែមទៀត ខណៈ​ប្រទេស​ទាំង​ពីរបាន និង​កំពុង​អនុវត្តន៍​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចាប់តាំងពី​ឆ្នាំ២០១០កន្លងមកនេះ។

ព្រលានយន្តហោះ​ថ្មី​មួយ​នឹង​បើក​ដំណើការ

ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវអាកាស លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត គឺ​ព្រលានយន្តហោះ​តារា​សាគរ ខេត្តកោះកុង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០២១ខាងមុខនេះ ស្របពេល​ការសាងសង់​ព្រលាន​នេះ​បាន និង​កំពុងដំណើរការ​យ៉ាងសកម្ម។

គម្រោង​ព្រលានយន្តហោះ​នេះ នឹង​ទាក់ទាញ​ការវិនិយោគ​ពី​ប្រទេស​ចិន និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន​ទៀត ដោយសារ​ព្រលានយន្តហោះ​នេះ​អាចមាន​សមត្ថភាព​ទទួល​ការ​ចុះចត​របស់​យន្តហោះ​ខ្នាតធំៗឆ្លង​ទ្វីប​បាន។

ទីក្រុង​សៀមរាប​នឹង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី

ទីក្រុង​សៀមរាប នឹង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ចំនួន៣៨ខ្សែ ដែល​បាននិងកំពុង​ស្ថាបនា និង​កែលំអរ​ឡើងវិញ នឹង​បញ្ចប់​ជា​ស្ថាប​ពរ ពិសេស​ការកែលំអរ​ស្ទឹង​សៀមរាប ឲ្យ​កាន់​តែមាន​សោភ័ណភាព នឹងធ្វើ​ឲ្យ​ទឹកដី​អច្ឆរិយៈ​នេះ​នឹងមាន​ភាពស្រស់​បំព្រង នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ច្រើន​ថែមទៀត។

ការបញ្ចប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នេះ នឹងធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​នេះ​មានការ​រីកចម្រើន និង​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ថែមទៀត។

ដីធ្លី​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នឹង​បន្ត​ឡើងថ្លៃ

បើទោះជា​កម្ពុជា​រង​វិបត្តិ​សេដ្ឋកិច្ច​សាកល​ក្តី ក៏​ការដោះដូរ​ដីធ្លី​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅតែមាន​ភាព​សកម្ម ហេតុនេះ​នៅ​ឆ្នាំ២០២១ ការដោះដូរ​ដីធ្លី និង​តម្លៃ​ដី​នឹង​កើនឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត ដូចជា ខេត្តកណ្តាល តាកែវ កំពត កែប កោះកុង មណ្ឌលគិរី​ជាដើម៕