CDC អនុម័ត​គំរោង​វិនិយោគ​មានតម្លៃ​ទឹកប្រាក់​ចំនួន ១១៤៤លាន​ដុល្លារក្នុង​ខែធ្នូ​ចុងឆ្នាំ​នេះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គំរោង​វិនិយោគ​ចំនួន១២ មាន​ទុន១១៤៤លាន​ដុល្លារ ក្នុង​រយៈពេល៤សប្ដាហ៍​នៃ​ខែធ្នូ​ចុងឆ្នាំ២០២០ ដែល​គំរោង​វិនិយោគ​នេះ​ស្ថិតនៅ​បណ្តា​ខេត្ត ក្រុងផ្សេងៗគ្នា។

ក្រុមហ៊ុន​ទាំង១២ ដែល​បាន​ស្នើសុំ​ប្រតិបត្តិ​លើ​គម្រោង​របស់ខ្លួន ជួយ​បង្កើត​ឱកាស​ការងារ​បាន​ជាង៦៥៥០នាក់ និង​ត្រូវបាន​រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​រួមមាន​ដូចខាងក្រោម ទី១- ក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ពី​ក្រណាត់ សម្រាប់​សត្វ​ចិញ្ចឹម (ឆ្កែ និង​ឆ្មា) មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ២,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥៨កន្លែង។

ទី២- ក្រុមហ៊ុន BLISSFULL CAPITAL CO., LTD គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍៥៣២ ផ្លូវជាតិ​លេខ២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៩,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០០កន្លែង។

ទី៣- ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (Preform, Cap, Bottle) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តាន​ប់២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ១១,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥២កន្លែង។

ទី៤- ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២០,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៧៤កន្លែង។

ទី៥- ក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅ​ភូមិ​ស្តៅ​កន្លែង២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន៧៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៥០កន្លែង។

ទី៦- ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED  គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព៧០០មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង មាន​ទុនវិនិយោគ​ប្រមាណ១ពាន់​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៣៦០កន្លែង។

ទី៧- ក្រុមហ៊ុន LAK SUN (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជៃ​តា​កូន ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៣,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៩៧កន្លែង។

ទី៨- ក្រុមហ៊ុន SINOKH PERFECT GARMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ៥,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១.៥៣៣កន្លែង។

ទី៩- ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម និង​សម្ភារៈ​តុបតែង​លម្អ​ធ្វើ​អំពី​ឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន​ចេ​ជាង ហ្គ​រ័​ជី ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន២២០កន្លែង។

ទី១០- ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ២,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៣៣៨កន្លែង។

ទី១១- ក្រុមហ៊ុន NS INDUSTRIAL CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៣៦កន្លែង។

ទី១២- ក្រុមហ៊ុន LONSO (CAMBODIA) GARMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្នាច​ខាងត្បូង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២.៤៣៥កន្លែង។

ចំណេះដឹង​អចលនទ្រព្យ! តើ​អ្វី​ជា​វិធីសាស្ត្រ​ក្នុងការ​បង្កើត​ទីផ្សារ​អចលនទ្រព្យ?

ដោយៈ​វុត្ថា

ភ្នំពេញៈ ការវិនិយោគ​គម្រោង​ណាមួយ មិន​ថា​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ទាមទា​ឱ្យមាន​យុទ្ធសាស្ត្រ​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់ ទើប​ឱ្យ​ការលក់​គម្រោង​លក់​ឆាប់​ដាច់ និង​បញ្ចប់​ទៅតាម​ផែនការ។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រល្អៗ ដែល​នឹង​ជួយ​អ្នក​ក្នុងការ​ទទួលបាន​ជោគជ័យ​ខាង​ផ្នែក​ទីផ្សារ​អចលនទ្រព្យ។ អ្នកនឹង​ទទួលបាន​ជោគជ័យ ប្រសិនបើ​អ្នកដឹង​ច្បាស់​អំពី​ទីផ្សារ​ដ៏​មាន​ប្រសិទ្ធិភាព។

ទី១ យល់ដឹង​ពី​អតិថិជន:  អតិថិជន​គឺជា​ចំណុច​បង្គោល នៃ​អាជីវកម្ម​អចលនទ្រព្យ ហេតុដូច្នេះ អ្នក​ចាំបាច់​ត្រូវ​យល់​អំពី​ពួកគេ និង​អ្វីដែល​ជំរុញ​ទឹកចិត្ដដ​ល់​ពួកគេ ហេតុដូច្នេះ​ហើយ​អ្នក​អាចបំពេញ​តម្រូវការ​រ​បស់​អតិថិជន​បាន​យ៉ាង​ងាយ​ស្រូល។

ទី២ ពិចារណា​លើ​អចលនទ្រព្យ:  យុទ្ធសាស្ត្រ​ទីផ្សារ​របស់​អ្នក សម្រាប់​ការិយាល័យ ហាង​លក់រាយ និង​វិស័យ​អចលនទ្រព្យ លំនៅដ្ឋាន​នឹងមាន​ភាពខុសគ្នា។ វា​មាន​លក្ខណៈ​សំខាន់​ខ្លាំងណាស់ ក្នុង​ការគិត​អំពី​គោលបំណង​នៃ​អចលនទ្រព្យ ដើម្បី​ទស្សន៍ទាយ​នៅ​អ្វីដែល​អតិថិជន​របស់​អ្នក​ចង់បាន។

ទី៣ ប្រៀបធៀប​អចលនទ្រព្យ​ពាណិជ្ជកម្ម និង​អចលនទ្រព្យ​លំនៅដ្ឋាន:  ការផ្តោត​តែមួយគត់ នៃ​អចលនទ្រព្យ​ខាង​ពាណិជ្ជ​ម​ក្ម​គឺ​ប្រាក់ចំណេញ។ អចលនទ្រព្យ​ពាណិជ្ជកម្ម ពាក់ព័ន្ធ​នឹង​ការលក់ ជួល​ឬក៏​ការប្រើ​អចលនទ្រព្យ ដើម្បី​បង្កើត​ការវិនិយោគ​ឲ្យ​បាន​ធំ​បំផុត​តាមតែ​អាចធ្វើ​ទៅបាន។

ទី៤ ធ្វើការ​វិភាគ​តាមរយៈ​យុទ្ធសាស្ត្រ SWOT:  SWOT មានន័យថា ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និង​ការគំរាមកំហែង​នៃ​អចលនទ្រព្យ​នោះ។

ទី៥ កំណត់​គោលដៅ និង​រៀបចំ​ផែនការ: គោលដៅ​របស់​អ្នក​ទំនង​ជាមាន​ប្រាក់ចំណូល​ដែល​ពាក់ព័ន្ធ ពីព្រោះ​យុទ្ធសាស្ត្រ​រួម​របស់​អ្នក​គឺ​ដើម្បី​លក់ / ជួល​អចលនទ្រព្យ​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន ឬក៏​ទទួលបាន​កំរៃជើងសារ​ឲ្យ​បាន​ច្រើន តាមតែ​អាចធ្វើ​ទៅបាន​ផងដែរ៕

កូរ៉េ បានក្លាយជាដៃគូសំខាន់នៅក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីចិន ប្រទេសកូរ៉េបានក្លាយជាដៃគូយ៉ាងសំខាន់នៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសការអភិវឌ្ឍនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។
តាមរយៈបាយការណ៍បានបញ្ជាក់ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ បានបន្តកើនឡើងរហូតដល់ប្រមាណ១កោដិដុល្លារ ដែលក្នុងនោះទំហំនៃការវិនិយោគរបស់កូរ៉េនៅកម្ពុជាមានទំហំជាង ៥,៧ពាន់លានដុល្លារ ហើយមួយចំណែកធំបានចាក់បញ្ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

អគ្គនាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា កូរ៉េគឺជាប្រទេសដែលមានភាពសកម្មចូលមកវិនិយោគនៅកម្ពុជា ហើយក្នុងវិស័យសំណង់បានឈានមុខមុនគេ។

លោកស្រីបន្តថា “ជនជាតិកូរ៉េគឺវិនិយោគិនដែលបានចូលមកវិនិយោគដំបូងបំផុតនៅកម្ពុជា ហើយភាពច្រើនក្នុងរូបភាពជាក្រុមហ៊ុនសំណង់ ហើយក្រៅពីនេះក៏មានការវិនិយោគទៅលើផ្នែកដីធ្លី ធនាគារ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងសំណង់អគារពាណិជ្ជកម្ម ក៏ដូចជាគម្រោងអចលនទ្រព្យធំៗដែលមានទំហំទុនរាប់រយលានដុល្លារ”។

លោកស្រីបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍ធំៗរបស់កូរ៉េដែលមានទំហំទុនច្រើនរាប់សិបលានដុល្លាររួមមានដូចជាគម្រោង Camko City គ្រោង Booyoung Town គម្រោង De Castle 1 ជាដើម ហើយក្រៅពីនេះនៅមានគម្រោងអភិវឌ្ឍន៍ជាខុនដូកម្រិតមធ្យម និងបុរីលំនៅដ្ឋានផងដែរ”។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “កូរ៉េ គឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់របស់កម្ពុជា ហើយក៏ជាប្រទេសដែលរួមចំណែកនៅក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកឧកញ៉ាបន្តថា “ក្រៅពីវិស័យសំណង់ កូរ៉េក៏មានការបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ រោងចក្រកែច្នៃផលិតផលកសិឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារក្រៅស្រុកជាច្រើនផងដែរ។ អ្វីដែលសំខាន់ក្នុងការជំរុញ និងពង្រីកទំហំវិនិយោគកូរ៉េនៅកម្ពុជាបន្ថែមទៀត គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ នៅពេលមានការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងមានកំណើនការវិនិយោគនៅកម្ពុជា ដែលមានតម្រូវសាងសង់សំណង់នានា និងសុទ្ធតែអាចជះឥទ្ធិពលល្អដល់វិស័យសំណង់ផងដែរ”៕

ស៊ុយអែតផ្តល់កម្ចី ២ ពាន់លានដុល្លារទៅឱ្យវៀតណាមសាងសង់អាកាសយានដ្ឋានធំជាងគេនៅអាស៊ីអាគ្នេយ៍

ដោយ ៖ វុត្ថា
ស៊ុយអែត ៖ រដ្ឋាភិបាលនៃប្រទេសស៊ុយអែត គ្រោងនឹងផ្តល់ប្រាក់កម្ចីរហូតដល់ ២ ពាន់លានដុល្លារដើម្បីជួយប្រទេសវៀតណាមសម្រាប់ការសាងសង់គម្រោងអាកាសយានដ្ឋាន Long Thanh International ក្នុងការប្រែក្លាយជាអាកាសយាសនដ្ឋានធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គេហទំព័រ www.globalconstructionreview.com បានចុះផ្សាយកាលពីពេលថ្មីៗនេះថា កម្ចីនេះ នឹងត្រូវផ្តល់ជូនតាមរយៈសាជីវកម្មឥណទាននាំចេញរបស់ស៊ុយអែត ហើយថវិកានះនឹងពង្រីកសមត្ថភាពគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសវៀតណាមលើការចំណាយសម្រាប់ការសាងសង់អាកាសយានដ្ឋាន Long Thanh International និងស្ថានីយទី៣នៅក្នុងអាកាសយានដ្ឋាន Tan Son Nhat International ។

គេហទំព័រនេះបន្តថា គម្រោងសាងសង់អាកាសយានដ្ឋាន Long Thanh International នៅក្នុងដំណាក់កាលទី១នឹងត្រូវចំណាយ ១៤,៨ ពាន់លានដុល្លារដែលបានចាប់ផ្តើមនៅខែនេះ។ វិស័យសំណង់អាកាសយានដ្ឋានរបស់ប្រទេសវៀតណាមកំពុងតែមានការរីកចំរើនដោយសារប្រទេសនេះជាគោលដៅទេសចរណ៍ដ៏សំខាន់ ដែលកាលពីឆ្នាំមុនអ្នកទេសចរអន្តរជាតិចំនួន ១៦,៣លាននាក់បានមកដល់ប្រទេសនេះគឺកើនឡើង ១៥ ភាគរយបើធៀបនឹងឆ្នាំមុន។

លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាមបានកំណត់គោលដៅពង្រីកសមត្ថភាពអាកាសយានដ្ឋានទាំង ២២ របស់ប្រទេសខ្លួនដើម្បីឱ្យទទួលបានភ្ញៀវទេសចរឱ្យដល់ ១០០ លាននាក់ តាមរយៈការអភិវឌ្ឍន៍អាកាសយានដ្ឋាន Long Thanh ថ្មី និងគ្រោងអភិវឌ្ឍនព្រលានយន្តហោះខ្នាតតូចនៅខេត្តពាយ័ព្យប្រទេស Lao Cai ដែលជាគោលដៅទេសចរណ៍ភាគខាងត្បូងនៃកោះ Phu Quoc និងតំំបន់ Chu Lai នៃខេត្ត Quang Nam និងអាកាសយានដ្ឋានភាគខាងជើង Van Don ។

ប្រទេសស៊ុយអែតមានទំនាក់ទំនងល្អជាមួយវៀតណាមចាប់តាំងពីឆ្នាំ១៩៦៩ និងធ្លាប់ជាម្ចាស់ជំនួយសម្រាប់គម្រោងលើកកម្ពស់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ការប្រឆាំងអំពើពុករលួយ តម្លាភាព និងសមភាពយេនឌ័រនៅក្នុងប្រទេសវៀតណាម៕

ក្រសួងពាណិជ្ជកម្មជំរុញឱ្យផលិតកររួសរាន់ស្នើសុំ CO ដើម្បីទទួលបានការនាំទំនិញទៅអង់គ្លេសរួចពន្ធ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ត្រូវធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេ (CO FORM A) ដើម្បីបញ្ជាក់នូវដើមកំណើតទំនិញរបស់ខ្លួន ដែលនឹងត្រូវធ្វើការនាំចេញទៅកាន់ចក្រភពអង់គ្លេសដោយរួចពន្ធចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ។

តាមរយៈសេចក្តីជូនដំណឹងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានជូនព័ត៌មានអំពីការផ្តល់ការអនុគ្រោះពន្ធដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានប្រទេសអភិវឌ្ឍន៍តិចតូចផងដែរ។

សេចក្តីជូនដំណឹងបន្តថា ដើម្បីទទួលបាននូវការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស និងអនុលោមតាមប្រកាសលេខ ៣១៩៨ ពណ.ខកល ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រ https://co.moc.gov.kh និងប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ផលិតករ ឬអ្នកនាំចេញទាំងអស់ត្រូវរួសរាន់ធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ (CO FORM A) ដើម្បីបញ្ជាក់នូវដើមកំណើតទំនិញរបស់ខ្លួន។

តាមសេចក្តីណែនាំគោលការណ៍ និងនីតិវិធីសម្រាប់ការអនុវត្តការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម ដដែលបានបន្តឲ្យដឹងទៀតថា នាយកដ្ឋាននាំចេញ-នាំចូល និងតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម មានភារកិច្ចត្រួតពិនិត្យ តាមដានការអនុវត្តអនុលោមភាពវិធានដើមកំណើតទំនិញ និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទៅកាន់ចក្រភពអង់គ្លេស៕

ការសិក្សាថ្មី ៖ ចិននឹងទាញទម្លាក់មហាអំណាចសេដ្ឋកិច្ចទី១ពិភពលោកចេញពីតំណែងនៅឆ្នាំ២០២៨

ដោយ៖ ប៊ី

ក្រុងឡុងដ៍ៈ ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនៅឆ្នាំ២០២៨ ដែលមានរយៈត្រឹមតែ ៥ ឆ្នាំលឿនជាងការប៉ាន់ស្មានលើកមុន ដោយសារតែការស្ទុះងើបឡើងវិញពីវិបត្តិកូវិដ១៩ របស់ប្រទេសទាំងពីរមានភាពខុសគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អង់គ្លេស (CEBR) បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយដែលចេញផ្សាយនៅថ្ងៃសៅរ៍នេះ ថា “មួយរយៈកាលមួយ ប្រធានបទដ៏សំខាន់មួយនៃសេដ្ឋកិច្ចសកលគឺការតស៊ូខាងសេដ្ឋកិច្ច និងអំណាចរវាងសហរដ្ឋអាមេរិក និងចិន”។

របាយការណ៍បានបន្តថា “វិបត្តិកូវីដ១៩ និងការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ច ពិតជាបានផ្តល់ប្រយោជន៍ដល់ប្រទេសចិន”។

CEBR បានឱ្យដឹងថា “ការគ្រប់គ្រងដ៏ប៉ិនប្រសប់នៃជំងឺរាតត្បាត”របស់ប្រទេសចិន ជាមួយនឹងការបិទទ្វារប្រទេសយ៉ាងតឹងរឹង និងកំណើនសេដ្ឋកិច្ចរយៈពេលវែងនៅភាគខាងលិចប្រទេស មានន័យថា លទ្ធផលនៃសេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពប្រសើរឡើង”។

ប្រទេសចិនត្រូវបានព្យាករថានឹងកំណើនសេដ្ឋកិច្ចជាមធ្យម ៥,៧ ភាគរយក្នុងមួយឆ្នាំពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ មុនពេលធ្លាក់ចុះដល់ ៤,៥ ភាគរយក្នុងមួយឆ្នាំពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ។

ខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកទំនងជាមានការស្ទុះងើបឡើងវិញនៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចរបស់ខ្លួននឹងធ្លាក់ចុះដល់ ១,៩ ភាគរយក្នុងមួយឆ្នាំរវាងឆ្នាំ២០២២ និង២០២៤ ហើយបន្ទាប់មកដល់ ១,៦ ភាគរយបន្ទាប់ពីនោះ។

ប្រទេសជប៉ុននឹងនៅតែជាប្រទេសមានសេដ្ឋកិច្ចធំទី៣ លើពិភពលោករហូតដល់ដើមទសវត្សឆ្នាំ ២០៣០ នៅពេលដែលប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសអាល្លឺម៉ង់ពីលេខ៤ ដល់លេខ៥។

ចក្រភពអង់គ្លេស ដែលបច្ចុប្បន្នជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ នឹងធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៦ ចាប់ពីឆ្នាំ២០២៤៕

ចំណេះដឹង​អចលនទ្រព្យ! តើ​ត្រូវមាន​ឯកសារ​អ្វីខ្លះ​សម្រាប់​ចុះបញ្ជី​សារពើ​ពន្ធ​អចលនទ្រព្យ?

ដោយៈ​វុត្ថា

ភ្នំពេញៈ អ្នក​ជាប់ពន្ធ​ដែលមាន​អចលនទ្រព្យ មានតម្លៃ​លើសពី ១០០លាន​រៀល​ឡើងទៅ ត្រូវមាន​កាតព្វកិច្ច​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ ក្នុងភូមិ​សាស្ត្រ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០ខែកញ្ញា​នៃ​ឆ្នាំ​ជាប់ពន្ធ។

យោងតាម​ការ​សច​ក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ការចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ អ្នក​ជាប់ពន្ធ​ត្រូវបំពេញ ទម្រង់​ចុះបញ្ជី​អចលនទ្រព្យ ដែល​បាន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ និង​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ ថតចម្លង​ដូចខាងក្រោម ដូចជា ទី១ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​លិខិតឆ្លងដែន​សម្រាប់​ជនបរទេស។ ទី ២សៀវភៅ​គ្រួសារ ឬ​សៀ​ភៅ​ស្នាក់នៅ ឬ​លិខិតបញ្ជាក់​ទីលំនៅ។

ទី៣ បណ្ណ​សម្គាល់​សិទ្ធិ ឬ​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចា់ស់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនទ្រព្យ ដែល​បញ្ជា​ក់ដោយ​អាជ្ញាធរ​ឃុំ-សង្កាត់​ឡើងទៅ។

នៅពេល​បាន​ចុះបញ្ជី អ្នក​ជាប់ពន្ធ​ត្រូវ​បានទទួល​លិខិតបញ្ជាក់ ពី​ការចុះបញ្ជី​ពន្ធ​លើ​ចលនទ្រព្យ ដែលមាន​ការចុះ​លេខ​អត្តសញ្ញាណ​កម្ម​ពន្ធ លើ​អចលនទ្រព្យ​សម្រាប់​សម្គាល់​អចលនទ្រព្យនីមួយៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ។

អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​លេខ​អត្តសញ្ញាណ​កម្មនេះ លើ​ឯកសារ​ទាក់ទិន​ទៅនឹង​ពន្ធ​លើ​អចលនទ្រព្យ។អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួចហើយ មិន​ត្រូវបាន​ចុះបញ្ជី​ឡើងវិញ​នៅ​ឆ្នាំ​បន្តបន្ទាប់។

ក្នុងករណី​អចលនទ្រព្យ​ត្រូវ​បំបែក​ដើម្បី​លក់ ឬ​ផ្ទេរ​ឬ​ផ្តល់​ជា​អំណោយ អ្នក​ជាប់ពន្ធ​ត្រូវ​ផ្តល់ព័ត៌មាន​ជូន​រដ្ឋបាល​សារពើពន្ធ ដើម្បី​រៀបចំ​លេខ​អត្តសញ្ញាណ​កម្ម​ពន្ធ លើ​អចលនទ្រព្យ​ជាថ្មី (ឧទាហរណ៍ អ្នក​ជាប់ពន្ធ មាន​ដី​មួយកន្លែង ហើយ​ត្រូវបាន​ពុះ​ជា​ឡូ​តិ៍ ដើម្បី​លក់ ផ្ទេរ ឬ​ផ្តល់​ជា​អំណោយ)៕

ក្រុមហ៊ុន CRCC របស់​ចិន ឈ្នះ​ការដេញថ្លៃ​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​របស់​ថៃក្នុង​ទំហំ​ទឹកប្រាក់ ៤១៥លាន​ដុល្លារ

ដោយៈ​វុត្ថា

ទីក្រុង​ប៉េកាំងៈ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ពីរ​របស់​ក្រុមហ៊ុន China Railway Construction Corp ដែលជា​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ផ្លូវដែក ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បានឈ្នះ​ការដេញថ្លៃ គម្រោង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ចិន – ថៃ ក្នុង​ទំ​ទឹកប្រាក់​ចំនួន៤១៥លាន​ដុល្លារ​អាមេរិក។

យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រុមហ៊ុន China Railway Construction Corp ត្រូវបាន​ចុះផ្សាយ​ដោ សារព័ត៌មាន​ចិន (chinadaily) កាលពីពេល​ថ្មី​នេះ ឱ្យដឹងថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងពីរ​នោះ​រួមមាន China Railway 11 Bureau Group Co Ltd និង​ក្រុមហ៊ុន China Railway 23 Bureau Group Co Ltd នឹង​សាងសង់​គម្រោង​ផ្លូវដែក​ប្រវែង ៣៩,៧៩គីឡូម៉ែត្រ រួមទាំង​ផ្លូវ​រថភ្លើង ស្ពាន និង​ស្ថានីយ៍​រថភ្លើង សម្រាប់​ដំណាក់កាល​ទីមួយ​ចម្ងាយ ២៥០គីឡូ​ម៉ែត ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ថៃ​បាងកក ទៅ​ក​កាន់​ខេត្ត Nakhon Ratchasima ។

ខ្សែបណ្តាញ​មួយទៀត​ភ្ជាប់​ពី​ខេត្ត Nakhon Ratchasima ទៅ​ព្រំដែន​ថៃ​នៅ​ខេត្ត Nong Khai  និង​ស្ពានដែក​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ខេត្ត Nong Khai ទៅកាន់​ទីក្រុង​វៀង​ចន្ទ​របស់​ប្រទេស​ឡាវ នឹងត្រូវ​ត​ភ្ជាប់​ប្រទេស​ទាំងពីរ ក្នុង​ល្បឿន​កំណត់ ២៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង  និង ៩០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

គម្រោង​ត​ភ្ជាប់​ផ្លូវដែក​ដ៏​សំខាន់​មួយ​នេះ (ចិន​និង​ថៃ) ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដែលជា​គោលនយោបាយ​របស់​ប្រធានាធិបតី ស៊ី ជីន​ពីង។

លោក Feng Hao អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​គមនាគមន៍​ដឹក​ជ​ញ្ចូ​ន និង​អភិវឌ្ឍន៍​ជាតិ​បានឱ្យដឹងថា ផ្លូវដែក​នេះ​គឺជា​ផ្លូវដែក​ល្បឿន​លឿន ដំបូង​គេ​របស់​ប្រទេស​ថៃ ដែល​កំពុង​រត់​ឆ្លងកាត់​ប្រទេស និង​ត​ភ្ជាប់​ជាមួយ​វៀង​ច័ន្ទ​របស់​ឡាវ រហូតដល់​ទៅដល់​ទីក្រុង​គុន​មីង​របស់​ខេត្ត​យូ​ណាន។

លោក​បន្តថា ផ្លូវដែក​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ប្រទេស ពាក់ព័ន្ធ​សម្រាប់​បណ្តាញ​ត​ភ្ជាប់ នៅ​ទូទាំងប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បានចាប់ផ្តើម​នៅក្នុង​អនុ ស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ​ផ្លូវដែក ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ចិន​និង​ថៃ​កាលពី​ឆ្នាំ២០១៤ ។

យោងតាម​ព័ត៌មាន​ដែល​ចេញផ្សាយ ដោយ​ស្ថានទូត​ចិន​នៅ​ទីក្រុង​បាងកក​បានឱ្យដឹងថា តាម​ការស្នើសុំ​របស់​ប្រទេស​ថៃ ប្រទេស​ចិន ក៏​នឹង​ប្រើ​វិស្វករ​និង​ស្ថាបត្យករ​ថៃ​មួយចំនួន​ផងដែរ ដើម្បី​ជួយ​ផ្ទេរ​ជំនាញ​ក្នុងការ​ថែរក្សា​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ផ្លូវដែក​ល្បឿន​លឿន។

CRCC បានឱ្យដឹងថា នេះ​គឺជា​របកគំហើញ​ដ៏​សំខាន់​មួយ របស់​ប្រទេស​ទាំងពីរ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ក្រុមហ៊ុន​ចិន ដែល​អាច​ពង្រីក​ទីផ្សារ​នៅ​បរទេស។ វា​មិន​ត្រឹមតែ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន នៅ​ប្រទេស​ថៃ​ដោយ​ជោគជ័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ជាមួយ​ដៃគូ​ក្នុងស្រុក និង​បង្កើត​មូលដ្ឋាន​រឹងមាំ សម្រាប់​ការពង្រីក​អនាគត​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ថៃ៕

ក្រសួង​សាធារណ​ការគ្រោង​បណ្តុះបណ្តាល​យុវជន​ឱ្យមាន​ជំនាញ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ

ដោយៈ​វុត្ថា

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​បណ្តុះបណ្តាល​យុវជន​កម្ពុជា​ឱ្យមាន​ជំនាញ​ពិត​ប្រក​ដ ក្នុងការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ល្បឿន​លឿន (Expressway) នៅក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​ក្រោយនេះ ដើម្បី​ប្រកួតប្រជែង​ជំនាញ​សាងសង់​របស់​យុវជន​កម្ពុជា​នៅលើ​ឆាក់​អន្តរជាតិ។

លោក គង់ វិមាន នាយក​ខុ​ទ្ធ​កាល័យ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyear.asia កាលពី​ថ្ងៃទី២៥ ខែធ្នូ​ម្សិលមិញ​ថា ផែនការ​កា​រស​ម្រា ប់​បណ្តុះបណ្តាល​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដល់​យុវជន​កម្ពុជា លើ​ជំនាញ​សាងសង់​ស្ពាន និង​ផ្លូវ​ល្បឿន​នេះ ក្រសួង​បាន​នឹង​កំពុង​រៀបចំ ក្រុមការងារ​ចំពោះ​កិច្ច​មួយ ដើម្បី​ធ្វើការ និង​ជជែក​ជាមួយនឹង​វិទ្យាស្ថាន​ជាតិ​បច្ចេកវិទ្យា និង​ក្រសួង​អប់រំ។

លោក​បន្តថា  “ការជជែក និង​ពិភាក្សាគ្នា​នេះ ដើម្បី​ឈានទៅ​ធ្វើ​កិច្ចព្រមព្រៀង​រួមមួយ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិទ្យាស្ថាន របស់​ក្រសួង​មាន​លក្ខណៈ​ស្តង់ដារ​ខ្ពស់​របស់​ជាតិ ខណៈ​បច្ចុប្បន្ននេះ ក្រុមការងារ​បាន​នឹង​កំពុង​ពិភាក្សាគ្នា​អំពី​ក្រម​ខណ្ឌ​និតិ​វិធី” ។

លោក​បន្ថែមថា បន្ទាប់ពី​មានការ​រៀបចំ គោលការណ៍​សព្វគ្រប់​អស់ហើយ  និង​មាន​កិច្ចព្រមព្រៀង និង​មានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​រួចហើយ   ការបណ្តុះបណ្តាល​នឹង​ចាប់ផ្តើម​ហើយ  ព្រោះ​នៅក្នុង​ក្រសួង​បណ្តុំ​ទៅដោយ​មនុស្ស ដែលមាន​ធនធាន​ស្រាប់  និង​ទទួលបាន​សញ្ញាបត្រ និង​ជំនាញ​ច្បាស់លាស់​មកពី​ក្រៅប្រទេស និង​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា ក្នុងការ​បណ្តុះ​និស្សិត ដែលមាន​បំណង​រៀន​ជំនាញ​វិស្វករ​សំណង់។

លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ននេះ​ក្រសួង​ក៏មាន​មន្ត្រី​ជំនាញ​សាងសង់​ស្ពាន និង​ផ្លូវ​ច្រើន​ដែរ ប៉ុន្តែ​មិនទាន់​ឆ្លើយតប​ទៅនឹង ការរីកចំរើន និង​សេចក្តីត្រូវការ​នោះទេ ដោយ​ពួកគាត់​មានលទ្ធភាព​ក្នុងការ​សាងសង់​ផ្លូវ និង​ស្ពាន​ក្នុង​កម្រិត​ធ​ម្យ​ម  តែ​មិនទាន់​អាច​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ល្បឿន​បាន​នោះទេ។

លោក​ថ្លែងថា ភាគច្រើន​គម្រោង​ស្ពាន និង​ផ្លូវ Expressway ធំៗ ត្រូវបាន​សិក្សា និង​សាងសង់​ដោយ​វិស្វករ និង​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស​ស្ទើ​តែង​ទាំងអស់” ។ លោក​បន្តថា “ដូច្នេះហើយ​បានជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់​ចេញ​នូវ​ផែនការ​យ៉ាង​មុត​ស្រួច ធ្វើយ៉ាងណា​បណ្តុះបណ្តាល​ជំនាញ​ទាំងនេះ ដល់​យុវជន​កម្ពុជា​នៅ​ឆ្នាំ​ក្រោយនេះ” ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ប្រចាំ​សប្ដាហ៍​តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ​កាលពីពេលថ្មីៗនេះ​បានឱ្យដឹងថា ក្រសួង​បាន និង​កំពុង​អនុវត្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​សហការគ្នា​រៀបចំ​កម្មវិធី បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ទាក់ទង​នឹង​ផ្លូវថ្នល់ និង​ស្ពាន​ដល់​កូន​ខ្មែរ ឱ្យក្លាយ​ទៅជា​វិស្វករ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេសរ​បស់​ក្រសួង។

លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ ចំពោះ​កិច្ច​ពិនិត្យ​លទ្ធភាព​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្ដាល​ចាប់ពី​ខែមករា ឆ្នាំ២០២១ នេះ​តទៅ ក្នុងការ​ចូលរួម​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ ឱ្យ​កាន់តែ​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​គឺ មនុស្ស ផ្លូវ ភ្លើង ទឹក។

រដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​ជាច្រើន គម្រោង ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចំរើន​របស់​ប្រទេស និង ការដឹកជញ្ជូន​នៅក្នុង​ប្រទេស ព្រមទាំង​បង្កើន​នូវ​ទំហំ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ឱ្យ​កាន់តែ​មានការ​រីកចំរើន​បន្ថែមទៀត ខណៈ​ប​ច្ចុ​ប្ប​មាន​គម្រោង​ធំ​ជាច្រើន​ទាំង​ផ្លូវ​ល្បឿន​លឿន ផ្លូវ​ក្រវ៉ាត់​ក្រុង និង​ស្ពាន​ឆ្លង​កាន់​ទន្លេ បាន​នឹង​កំពុង​សាងសង់ និង​ត្រៀម​សាងសង់​នាពេលខាងមុខ៕

សួរ៤សំណួរ​ទៅ​ខ្លួនឯង​ជាមុនសិន មុន​វិនិយោគ​លើ​ដីធ្លី​ដើម្បី​បាន​ផលចំនេញ​ច្រើន

ដោយ​គង់ សូរិយា

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​មានការ​រីកចំរើន​យ៉ាងខ្លាំង​នៅ​កម្ពុជា ជាក់ស្តែង​វត្តមាន​អាគារខ្ពស់ៗជាច្រើន បាន​រីក​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ ពិសេស​តំលៃ​ដីធ្លី​ក៏បាន​កើនឡើង​យ៉ាងគំហុក​ផងដែរ ដែល​តំបន់​ខ្លះ​កើនឡើង​ទ្វេ​រដង និង​តំបន់​ខ្លះទៀត​កើនឡើង​មួយ​គុណ​នឹង​បី​ឬ​បួន​ដង​ក៏មាន។

តើ​អ្នក​មានបំណង​វិនិយោគ​លើដី​ធ្លី​ដែរឬទេ? Propertyarea.asia ដែលជា​គេហទំព័រ​ព៌​ត​មាន​អចលនទ្រព្យ​នាំមុខគេ​នៅ​កម្ពុជា បាន​លើកយក​មូលដ្ឋាន​ចំណេះដឹង​ចំនួន៦ ដើម្បី​ឲ្យ​អ្នកវិនិយោគ​ដីធ្លី សូម​សាកសួរ​ខ្លួនឯង​ជាមុន ដើម្បី​យកមក​ធ្វើជា​មូលដ្ឋាន​យកមក​គិតពិចារណា និង​វិភាគ​ថា​គួរ​វិនិយោគ​ដីធ្លី​នៅទីណា កន្លែង​ណា​ដែល​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​និង​ឆាប់រហ័ស។

ទិញ​ដី​ក្នុង​គោលបំណង​អ្វី?

តើ​អ្នក​មានបំណង​ទិញ​ដី ដើម្បី​ទុក​លក់​យកប្រាក់​ចំណេញ ឬ​ទុក​សាងសង់​សំណង់​នានា? លោក​គីម ហ៊ាង ប្រធាន KW Cambodia បាន​ថ្លែងថា ប្រសិនជា​លោក អ្នក​ចង់​ទិញ​ដី​ដើម្បី​សាងសង់​ខុន​ដូ សាងសង់​អាគារ​ការិយាល័យ ឬ​សម្រាប់​សាងសង់​សណ្ឋាគារ សូម​ទិញ​ដី​នៅក្នុង​ខ័​ណ្ឌ​ចំការមន។

ការទិញ​ដីធ្លី​ជាការ​វិនិយោគ​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ

លោក​គីម ហ៊ាង​បាន​ថ្លែងថា ការវិនិយោគ​ដីធ្លី ជាការ​វិនិយោគ​ដ៏​ត្រឹមត្រូវ ប្រសិនជា​លោក អ្នក​សល់​លុយ​ដោយ​ខ្លួនឯង មិនដឹង​យកទៅ​វិនិយោគ​អ្វី ប៉ុន្តែ​ប្រសិនជា​យកលុយ​បង្វិល ឬ​យកលុយ​ពី​ធនាគារ​ដើម្បី​ទិញ​ដី​វិនិយោគ អ្នកជំនាញ​រូបនេះ​បាន​និយាយថា “កុំ​អី” ព្រោះ​អ្នកខ្លះ​គិតថា ការប្រាក់​ធនាគារ១ឆ្នាំ៨ភាគរយ ហើយ​ដី​ឡើងថ្លៃ ២០ភាគរយ​ក្នុង​មួយឆ្នាំ គឺអាច​ខ្ចី​ឥណទាន​ពី​ធនាគារ​យកមក​ទិញ​បាន ប៉ុន្តែ​វា​ជាការ​យល់ច្រឡំ ព្រោះ​ដី​មិន​ងាយ​លក់ភ្លាមៗនោះទេ និង​អាចមាន​ភាពជាប់គាំងរ​យៈ​ពេល​ពីរ​ឬ​បី​ឆ្នាំ ពោលគឺ​ត្រូវការ​ពេលវេលា។

ការវិនិយោគ​ដីធ្លី​មិន​សុទ្ធ​ជា​ជម្រើស​ល្អ

ការវិនិយោគ​លើ​វិស័យ​ដីធ្លី មិន​សុ​ទ្ឋ​តែ​ជា​ជម្រើស​ល្អ​នោះទេ ព្រោះ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​វិស័យផ្សេងៗទៀត ដែល​អាច​ប្រមូលប្រាក់​បាន​លឿន​ជាង​វិស័យ​ដីធ្លី។

លោក​គីម ហ៊ាង បាន​ថ្លែងថា ប្រសិនជា​អ្នកមាន​អាយុ៥០ឆ្នាំ ជា​ពេល​ដល់​អាយុ​ជិត​ចូលនិវត្តន៍ មិនគួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នោះទេ គឺ​គួរ​ទិញ​ខុន​ដូ ទិញ​ដី​សាងសង់​ផ្ទះជួល ឬ​ទិញ​ផ្ទះល្វែង​សម្រាប់​ជួល ដែល​អាច​បាន​ប្រាក់ភ្លាមៗត្រលប់​មកវិញ។ ផ្ទុយទៅវិញ​ប្រសិនជា​លោក អ្នកមាន​អាយុ​ចន្លោះ​ពី៣០ទៅ៤០ឆ្នាំ គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី ព្រោះ​ទិញ​ដី​មាន​ផលចំណេញ​ខ្ពស់ និង​ជា​វ័យ​ដែល​លោក អ្នក​កំពុង​រកលុយ​បាន​ច្រើន។

តើ​មាន​លុយ​អ្នក​ប៉ុន្មាន?

តើ​លោក អ្នកមាន​ប្រាក់​ប៉ុន្មាន មាន​ស្ថានភាព​ជីវិត​យ៉ាងដូចម្តេច? ព្រោះ​ការសម្រេចចិត្ត​ក្នុង​លក្ខ​ខ័​ណ្ឌ​នេះ​មាន​សារៈសំខាន់ មុន​ធ្វើការ​វិនិយោគ​ក្នុង​វិស័យនេះ។

លោក​បណ្ឌិត​គីម ហ៊ាង​បាន​ថ្លែងថា ការវិនិយោគ​លើ​វិស័យ​អ្វីមួយ ក៏​គួរ​មាន​លក្ខ​ខ័​ណ្ឌ​ជាក់លាក់​ទាក់ទង​នឹង ចំនួន​ទុនវិនិយោគ លក្ខ​ខ័​ណ្ឌ​ការងារ លក្ខ​ខ័​ណ្ឌ​ជីវិត ជាដើម ដោយ​លោក​បាន​ថ្លែងថា ប្រសិនជា​អ្នក​ទើប​រៀបការ ហើយ​សល់​លុយ១០ម៉ឺន​ដុល្លារ គួរ​ទិញ​ផ្ទះ​សម្រាប់​ស្នាក់នៅ​សិន ប្រសិនជា​មានផ្ទះ ហើយ​សល់​លុយ​គួរ​ទិញ​ដី​ទុក ហើយ​ប្រសិនជា​មានផ្ទះ​ស្នាក់នៅ និង​មាន​ដី​រួចហើយ គួរ​ទិញ​ខុន​ដូ ព្រោះ​ខុន​ដូ​ជា​វិស័យ​ថ្មី​មួយ​ដែល​កំពុងមាន​ការពេញនិយម និង​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ៕