ការនាំចូលរថយន្តនៅកម្ពុជាធ្លាក់ចុះ៣៥ភាគរយក្នុងឆ្នាំ២០២០

ដោយៈ លក្ខិណា

ភ្នំពេញៈ ដោយសារតែការរីករាលដាលនៃជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោកទាំងមូល ការធ្វើពាណិជ្ជកម្មឆ្លងប្រទេស ក៏ជួបប្រទះនឹងបញ្ហាដែរ ជាក់ស្ដែងការនាំចូលរថយន្តមកចែកចាយ ក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានរាយការណ៍ថា ធ្លាក់ចុះប្រមាណ៣៥ភាគរយក្នុងឆ្នាំ២០២០នេះ។

លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងជាសមាជិកនៃសមាគឧស្សាហកម្មយានយន្តនៅកម្ពុជាបានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យការនាំចូលរថយន្ត មកកាន់ទីផ្សារកម្ពុជាទាំងមូល ធ្លាក់ចុះប្រមាណ៣៥ភាគរយ ដោយសារតែការបញ្ជាទិញក្នុងស្រុកធ្លាក់ចុះដូចគ្នា។

លោកបន្តថា “ការធ្លាក់ចុះរហូតដល់៣៥ភាគរយនេះ ភាគច្រើនគឺធ្លាក់ទៅលើការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីក្រៅប្រទេស ដោយឡែកការនាំចូលរថយន្តថ្មីមកកាន់ប្រទេសកម្ពុជា ក៏មានការធ្លាក់ចុះដែរ តែក្នុងកម្រិតមួយទាបនៅឡើយ”។លោកបន្តថា “ជាក់ស្ដែងក្រុមហ៊ុនអ អិម ខេ ខេមបូឌា ដែលនាំចូលរថយន្តហ្វដ Land Rover និង Jaguar មានការធ្លាក់ចុះប្រមាណខ្ទង់១០ភាគរយ ក្នុងឆ្នាំ២០២០នេះ”។

យ៉ាងណាក្ដីនៅក្នុងឆ្នាំ ២០២១ខាងមុខនេះ លោករំពឹងថាទីផ្សាររថយន្តនៅកម្ពុជានឹងសន្ទុះងើបឡើងវិញ ដោយរំពឹងការរីករាលនៃជំងឺកូវីដ១៩នឹងត្រូវថមថយ ហើយសេដ្ឋកិច្ចនៃប្រទេសរងឥទ្ធិពលពីកូវីដ១៩ក៏នឹងងើបឡើងវិញ រួមទាំងកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក៏បានចេញសេចក្តីសម្រេចមួយ ក្នុងការដំឡើងពន្ធលើការនាំចូលរថយន្ត សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន ហើយក៏មានលក្ខខណ្ឌពិសេសមួយផងដែរ គឺហាមលក់ឬផ្ទេរកម្មសិទ្ធិមុនពេលចុះបញ្ជាធ្វើផ្លាកលេខ។

ក្នុងសេចក្ដីសម្រេចនោះ រដ្ឋាភិបាលសម្រេចបូកបន្ថែម៥ភាគរយ លើតម្លៃគិតពន្ធគយ គឺដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការនាំចូល ជាលក្ខណៈបុគ្គលិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លើរថយន្តថ្មីដែលជាប់សិទ្ធិផ្ដាច់មុខ លើការនាំចូលនិងចែកចាយក្នុងប្រទេសកម្ពុជា៕

ជំរុញកំនើនសេដ្ឋកិច្ចៈ រដ្ឋាភិបាលវិនិយោគប្រាក់ចន្លោះ៦០០ទៅ៧០០លានដុល្លារកសាងហេដ្ឋារចនាសម្ព័ន្ឋទូទាំងប្រទេស

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបង្កើនថវិកាជាបន្តបន្ទាប់ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋទូទាំងប្រទេស ក្នុងទំហំទឹកប្រាក់ចន្លោះ៦០០ទៅ៧០០លានដុល្លារ ដើម្បី​ ជំរុញកំនើនសេដ្ឋកិច្ចជាតិ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៥​ ធ្នូនេះថា ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវជាតិសំខាន់ៗចំនួន១០បាន និងកំពុងសិក្សាឡើងវិញ និងកំពុងសាងសង់នៅទូទាំងប្រទេស ដែលជា​ការវិនិយោគរបស់រដ្ឋាភិបាល ដើម្បីពង្រីកការតភ្ជាប់និងសមាហរណកម្មផ្ទៃក្នុងកម្ពុជា និងជាមួយប្រទេសក្នុងតំបន់។

លោកបន្តថា ក្នុងមួយឆ្នាំៗរដ្ឋាភិបាលចំណាយប្រាក់ចន្លោះពី៤០០ ទៅ៥០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ឋថ្មី និងចំណាយចន្លោះពី១០០ ទៅ២០០លានដុល្លារសំរាប់ការកែលំអរ និងជុសជុលឡើងវិញ។ លោកបន្តថា ក្នុងចំណោមថវិកាទាំងនោះ រដ្ឋាភិបាលបដិភាគថវិកាចន្លោះពី១៦០ ទៅ២០០លានដុល្លារ ក្រៅពីនោះជាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នានា។

លោកវ៉ាស៊ីម សូរិយាបានបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋជាសសៃឈាម ឬជាក្បាលរថភ្លើង ដែលរុញកំនើនសេដ្ឋកិច្ចជាតិ ហេតុនេះរដ្ឋាភិបាលត្រូវតែវិនិយោគទាំងហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោល ផ្លូវទឹក ផ្លូវអាកាស និងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តដទៃទៀត”។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់បានមានប្រសាសន៍ថា ដោយសារកម្ពុជាជាប្រទេសទើបមានភាពរីកចម្រើន និងស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿងអាទិភាពរបស់រដ្ឋាភិបាល ព្រោះហេដ្ឋារចនាសម្ព័ន្ឋទន់ខ្សោយ ជាបញ្ហាប្រឈមមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ដូចជាផ្នែកសេដ្ឋកិច្ច។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋត្រូវចំណាយច្រើនណាស់ ប៉ុន្តែរដ្ឋាភិបាលត្រូវតែធ្វើ ដើម្បីកំនើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំនើនសេដ្ឋកិច្ចថ្មី”៕

ទិញផ្ទះទទួលបានកាដូដ៏សម្បើម៥ក្នុងពេលតែមួយពីបុរីប៉េង ហួតសម្រាប់ដំណាច់ឆ្នាំ២០២០​

ដោយៈ ម៉ូនីកា

ភ្នំពេញៈ ដើម្បីជាចំណងដៃ​ជូនដល់អតិថិជន សម្រាប់ចុងឆ្នាំ២០២០នេះ បុរី ប៉េង ហួត បាន​រៀប​ចំ​យ៉ាង​ពិសេស​នូវ​កញ្ចប់​កាដូ​ដ៏​ធំ​សម្បើម​ទាំង​ ៥​​ក្នុង​ពេល​តែ​មួយ​​ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការទិញផ្ទះនៅគ្រប់គម្រោងរបស់បុរីប៉េង​ ហួត។ ការ​ផ្ដល់​ជូន​នេះ​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ដំណាច់​ខែ​ធ្នូនេះ​តែ​ប៉ុណ្ណោះ​។

តើកញ្ចប់​កាដូ​ដ៏​ធំ​សម្បើម​ទាំង​៥​នេះ​មានអ្វីខ្លះ?

– ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​​រហូត​ដល់​១៤% ភ្លាមៗ

– ទទួល​បាន​ជម្រើស​ទូទាត់​ប្រាក់ ​ដែល​មាន​ភាព​ងាយ​ស្រួល​ពី​ខាង​បុរី ក៏​ដូច​ជា​ជម្រើស​​បង់​រំលស់​ពី​ធនាគារ​ដៃ​គូ ដោយ​អត្រា​ការ​ប្រាក់​ចាប់​ពី៤,៩៩%ឡើង​ទៅ។

– ទទួល​បាន​ការ​ដេគ័រ​បន្ទប់​មេ​គ្រួសារ ​ដែល​មាន​តម្លៃ​រហូត​ដល់​ជិត៣០,០០០ដុល្លារ។

– រួមជាមួយ​ការ​ផ្ដល់​ជូន​ពិសេស​២​ផ្សេង​ទៀត។

ដើម្បី​ជ្រាប​​កាន់​តែ​ច្បាស់​ និង​ទទួល​បាន​កញ្ចប់​កាដូ​ដ៏​រំភើប និង​អស្ចារ្យ​ទាំង​៥​នេះ ​យើង​ខ្ញុំ​សូម​អញ្ជើញ​អតិថិជន​​មក​សាកសួរ​ព័ត៌មាន​លម្អិត​នៅ​គ្រប់​ការិយាល័យ​លក់​របស់​បុរី ប៉េង ហួត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ដែល​សហការី​យើង​ខ្ញុំ​នៅ​ចំា​ទទួល​ស្វាគមន៍និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​ជា​ទី​គាប់​ចិត្ត។

ក្រៅ​ពី​នេះ​ អតិថិជន​អាច​តាម​ដាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ Borey Peng Huoth ឬ​ចូល​រួម​ក្នុង Telegram Channel: https://t.me/boreypenghuoth ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ប្រូម៉ូសិន​ថ្មីៗ​បាន​មុន​គេ។

សូមកុំឱ្យឱកាសដ៏កម្រនេះរំលងផុតទៅ!ប្រញាប់មកទទួលយកកាដូចុងឆ្នាំ ដ៏ពិសេ​សនេះពីបុរីប៉េង ហួត ដើម្បីក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃរបស់អ្នកបានកាន់តែឆាប់៕

អង់គ្លេសនិងសហភាពអឺរ៉ុបរៀបការជាមួយគ្នាជាថ្មីទោះបីបញ្ហាក្នុងចិត្តនៅតែមាន

ដោយៈសុខុម

ក្រុងព្រុចសែល:  នៅទីបំផុតប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាជាថ្មី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ធ្នូ បន្ទាប់ពីការចរចាដ៏តានតឹង ដែលបានអូសបន្លាយរយៈពេល១០ ជុំវិញការចាកចេញរបស់អង់គ្លេសពីប្លុកនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២០។

នៅពេលចាកចេញពីសហភាពអឺរ៉ុប ដែលជាទីផ្សាររួមតែមួយជាផ្លូវការ នៅខែមករា ដើមឆ្នាំ២០២១ ប្រទេសអង់គ្លេស នឹងមិនប្រឈមការបង់ពន្ធឡើយ សម្រាប់ការធ្វើពាណិ​ជ្ជកម្មឆ្លងទៅសហភាពអឺរ៉ុប ថ្វីបើពួកគេបានកាត់ផ្ដាច់ទំនាក់ទំនង ក្នុងភាពជាដៃគូសហការជិតស្និទ្ធកន្លះសតវត្សរ៍មកនេះយ៉ាងណាក្ដី។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានប្រកាសថា “យើងយកបានសិទ្ធិគ្រប់គ្រងច្បាប់ និងជោគវាសនារបស់យើងវិញហើយ។ យើងយកបានសិទ្ធិគ្រប់គ្រងគ្រប់ចំណុច នៃនិយ័តកម្មរបស់យើងដោយពេញលេញ និងដោយសេរីឡើងវិញហើយ”។

ទន្ទឹមនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប ហាក់បង្ហាញការប្រុងប្រយ័ត្នច្រើនជាង។

លោកស្រីលើកឡើងយ៉ាងដូច្នេះថា “នៅចុងបញ្ចប់នៃការចរចា ដែលទទួលបានជោគជ័យ ខ្ញុំតែងតែមានអារម្មណ៍សប្បាយរីករាយ។ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំបែរជាមានអារម្ម​ណ៍ស្ងប់ស្ងាត់ និយាយតាមត្រង់គឺធូរចិត្ត។  វាជាការបែកគ្នាទាំងអាល័យ”។

ប៉ុន្តែលោកស្រី ក៏បានបង្ហាញពីភាពម៉ឺងម៉ាត់របស់ខ្លួនផងដែរ។ លោកស្រីបានព្រមានថា ដោយទទួលបានការការពារដោយកិច្ចព្រមព្រៀង ពីការប្រកួតប្រជែងដោយភាពមិនត្រឹមត្រូវរបស់អង់គ្លេស “ទីផ្សាររួមតែមួយនេះ នឹងរក្សាភាពត្រឹមត្រូវ ហើយនឹងនៅតែបែបនេះរហូត”។

លើសពីនេះ លោកស្រីបានជំរុញឱ្យពលរដ្ឋអឺរ៉ុប នៅសល់ប្រមាណ៤៤០លា​ននាក់នៅក្នុងសហភាពអឺរ៉ុប ដែលមានប្រទេស២៧ជាសមាជិកនេះ ឈប់ប្រើអារម្មណ៍ដ្រាម៉ាឥតប្រយោជន៍ ហើយសម្លឹងឆ្ពោះទៅអនាគត។

លោកស្រីបានសង្កត់ធ្ងន់ថា “ខ្ញុំសុំនិយាយថា វាដល់ពេលដែលយើងត្រូវទុកបញ្ហាចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុបមួយឡែកហើយ។ អនាគតរបស់យើងគឺសាងឡើងនៅអឺរ៉ុប”៕

តម្លៃដីធ្លីនៅក្នុងខេត្តកំពតបន្តសភាពទ្រឹង ខណៈដែលសកម្មភាពអភិវឌ្ឍគម្រោងមួយចំនួននៅតែបន្ត

ដោយៈ រ៉ាណេត

កំពតៈ បើទោះជាសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍន៍គម្រោងនានាជាពិសេ​សគម្រោងបង្កើតតំបន់កម្សាន្តជាច្រើនកន្លែង រួមជាមួយនឹងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តនៅតែបន្ត ប៉ុន្តែសម្រាប់តម្លៃដីធ្លីមិនមានការប្រែប្រួល ឬឡើងថ្លៃនោះឡើយនោះឡើយ។

លោកសុខ ប៊ុនធឿន ដែលជាភ្នាក់ងារទទួលលក់គម្រោងដីឡូតិ៍ជាច្រើនទីតាំងក្នុងខេត្តកំពត ជាពិសេសនៅតំបន់ផ្លូវក្រវាត់ក្រុងកំពត បានមានប្រសាសន៍ប្រាប់នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះថា ទីផ្សារដីធ្លីនៅក្នុងខេត្តកំពត ជាពិសេសប្រភេទដីឡូតិ៍ដែលស្ថិតនៅក្បែរតំបន់កម្សាន្ត ជាពិសេសនៅក្បែរផ្លូវក្រវាត់ក្រុង គឺមិនសូវមានសកម្ម​ភា​ពទិញលក់ច្រើន ដូចកាលពីពាក់កណ្តាលឆ្នាំ២០២០នោះទេ។

លោកបញ្ជាក់ថា “តាមការកត់សម្គាល់របស់ខ្ញុំ ដែលកាន់គម្រោងលក់ដីឡូតិ៍ចំនួន៣ទីតាំងនៅក្នុងស្រុកទឹកឈូ គឺនៅចុងឆ្នាំ២០២០នេះ គឺហាក់ភាពស្ងប់ស្ងាត់ជាងកាលពីពាក់កណ្តាលឆ្នាំ២០២០ទៅទៀត”។ លោកបន្តថា “នៅពាក់កណ្តាលឆ្នាំ២០២០ បើទោះជាស្ថិតនៅក្នុងភាពប្រឈមនឹងបញ្ហាវិបត្តិជំងឺឆ្លង ប៉ុន្តែអតិថិជននៅតែមានហើយភាពច្រើនជាអ្នកមកពីក្រុងភ្នំពេញ ដែលពួកគេទិញដីឡូតិ៍ទាំងនេះ សម្រាប់សង់ផ្ទះស្នាក់នៅរយៈពេលខ្លី ឬផ្ទះលំហែររបស់ពួកគេ”។

លោកបន្តថា តម្លៃដីឡូតិ៍ដែលស្ថិតនៅក្នុងស្រុកទឹកឈូ ក្បែរតំបន់មណ្ឌលកម្សាន្តនានា ក៏ដូចជានៅក្បែរជើងភ្នំ មានតម្លៃត្រឹមជាង១ម៉ឺនដុល្លារក្នុងមួយឡូតិ៍ ឬទាបជាងនេះ អាស្រ័យទៅតាមទីតាំង ប៉ុន្តែសម្រាប់ដីគម្រោងដែលស្ថិតនៅជាប់ផ្លូវធំ ឬផ្លូវភូមិដែលមានប្រជាជនរស់នៅស្រាប់ អាចមានតម្លៃរហូតដល់១៥០០០ដុល្លារក្នុងមួយឡូតិ៍។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DEYTHMEY Real Estate លោកវិន ឈុនហ៊ាត បានមានប្រសាសន៍ថា ភាពស្ងប់ស្ងាត់នៅពេលនេះ មិនមែនជារឿងចម្លែកនោះទេ។ លោកបញ្ជាក់ថា “កាលពីអំឡុងពាក់កណ្តាលឆ្នាំ ទោះជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ ប៉ុន្តែនៅក្នុងសហគមន៍កម្ពុជា មិនទាន់មានការចម្លងនោះទេ ហើយគ្រានោះមនុស្សនៅចេញដើរច្រើន នៅតាមតំបន់កម្សាន្តក្នុងស្រុកនានា ដូច្នេះការទិញទិញលក់ដីធ្លីនៅមានសកម្មភាព។

ប៉ុន្តែពេលនេះស្ថានភាពគឺខុសពីមុន ជាពិសេសក្រោយមានការផ្ទុះឡើង នៅក្នុងសហគមន៍កាលពីពេលកន្លងទៅ ហើយបន្ថែមពីនេះ ក៏មានការគំរាមកំហែងពីការចម្លងមកពីប្រទេសជិតខាង ដូចជា ខេត្តរបស់ប្រទេសថៃដែលស្ថិតនៅច្រកព្រំដែន ជាមួយកម្ពុជា។

លោកបានបន្តថា “ពេលនេះមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ហើយអាចនឹងបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ខាងមុខទើបអាចចាប់ផ្តើមមានសកម្មភាពឡើងវិញ។ តម្លៃដីឡើងថ្លៃនៅពេល ដែលមានសកម្មភាពទិញលក់ច្រើន ដូច្នេះហើយប្រសិនបើសកម្មភាពទិញ លក់នៅក្នុងខេត្តកំពតចាប់ផ្តើមមានឡើងវិញ តម្លៃដីនឹងមានការប្រែប្រួលជាក់ជាមិនខាន”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍ថា កំពតគឺជាខេត្តដែលមានសក្តានុពលទេសចរធម្មជាតិ ដែលខេត្តដទៃទៀតមិនមាន ហើយក៏ជាទិសដៅនៃអ្នកទេសចរនៅក្នុងស្រុកផងដែរ ព្រោះពួកគាត់មិនសូវចង់ទៅខេត្តផ្សេងប៉ុន្មានទេ ជាពិសេសទេសចរណ៍ ដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។

លោកបន្តថា “មួយរយៈចុងក្រោយនេះ យើងឃើញមានអាជីវកម្មថ្មីៗបានដុះដាលនៅជុំវិញក្រុងកំពត រាប់ចាប់ពីបារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសូម្បីតែក្រុមហ៊ុនទេសចរណ៍។ ទោះយ៉ាងណាការបណ្តាក់ទុនថ្មីៗទាំងនេះ ភាគច្រើនផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុក ព្រោះទេសចរដែលមកពីក្រៅប្រទេសនៅមិនទាន់មាននោះទេ”៕

ក្រសួងទេសចរណ៍ត្រៀមអនុវត្តន៍ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញៈ ក្រសួងទេសចរណ៍បានបើកប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ រួចហើយ ដែលផែនទីចង្អុលផ្លូវនេះចែកចេញជា៣ដំណាក់កាលរួមមាន ទី១ ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ (២០២០​-​២០២១)។

ទី២ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) និងទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី នៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។

សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះ បានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអវិឌ្ឍន៍ទេសចរណ៍ និងបានទទួលការគាំទ្រពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ហើយគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំចុងក្រោយ របស់គណៈកម្មាធិការជាតិអវិឌ្ឍន៍ទេសចរណ៍ និងដាក់ឆ្លងរាជរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខនេះ៕

គម្រោងសាងសង់ផ្លូវជាតិលេខ២សម្រេចបានជាង២០ភាគរយ និងអាចបញ្ចប់តាមផែនការនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២

ដោយ ៖ រ៉ាណេត

តាកែវ ៖ គម្រោងសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ២រហូតមកពេលនេះសម្រេចបានជាង២០ភាគរយ ដែលនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុកនៅត្រឹមឆមាសទី១ ឆ្នាំ២០២២ខាងមុខនេះ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា មកដល់ពេលនេះ ការស្ថាបនាកែលម្អផ្លូវជាតិលេខ២ សម្រេចបានលទ្ធផលជាង២០ភាគរយហើយៗតាមល្បឿននៃការសាងសង់នេះនឹងអាចចប់តាមផែនការដែលបានគ្រោងទុក។

លោកបានបញ្ជាក់ថា “ក្រុមហ៊នទទួលការសាងសង់កំពុងមមាញឹកអនុវត្តការងាររបស់ខ្លួន តាមផែនការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បើទោះបីការអភិវឌ្ឍត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ផ្នែកខ្លះនៃកំណាត់ផ្លូវ កាលពីពេលកន្លងទៅនេះក៏ដោយ។ លោកបន្តថា តាមល្បឿននៃការសាងសង់ក្នុងពេលបច្ចុប្បន្ន រំពឹងថាផ្លូវនេះនឹងរួចរាល់ជាស្ថាពរនៅត្រី មាសទី១ ឆ្នាំ២០២២ ប្រសិនជាមិនមានឧបសគ្គមករាំងស្ទះ”។

រាជរដ្ឋាភិបាលបានចាប់ផ្តើមកែលម្អកំណាត់ផ្លូវជាតិលេខ២ពីក្រុងតាខ្មៅ ដល់ក្រុងដូនកែវ និងកំណាត់ផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ក្រុងដូនកែវដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគម្រោងសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េនៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់សរុបជាង៥៦លានដុល្លារអាមេរិក ដោយផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd របស់កូរ៉េជាអ្នកសាងសង់។

គម្រោងកែលម្អផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅ ស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់១៧ កន្លែង។ ការស្ថាបនានេះ បែងចែកជាបីកំណាត់ផ្លូវ ធំៗ ដោយកំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរ ស្រូវ មានប្រវែង៨,៧៤គីឡូម៉ែត្រ ត្រូវពង្រីកពី២គន្លង ទៅ៤គន្លង ដោយនៅតំបន់ទី ប្រជុំជនមានទទឹងផ្លូវ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ២០,៥ម៉ែត្រ។

កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង៥៣,៨១៩គីឡូម៉ែត្រ ដែលផ្លូវស្ថិតក្នុងតំបន់ជនបទដោយរៀបចំមាន២ គន្លងក្នុងទំហំផ្លូវទទឹង១៣ម៉ែត្រ ហើយកំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម(ផ្លូវជាតិលេខ ២២) ដែលមានប្រវែង៩,៦១១គីឡូម៉ែត្រ ដែលស្ថិតក្នុងតំបន់ជនបទ ដោយកំណាត់ផ្លូវនេះមានទំហំទទឹងផ្លូវសរុប១៣ម៉ែត្រ៕

អន្តរក្រសួងកំពុងពន្លឿនការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿននៅក្នុងខេត្តកណ្តាល

ដោយ ៖ រ៉ាណេត
កណ្តាល ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជិត ១៩០គីឡូម៉ែត្រដោយឆ្លងកាត់តំបន់មួយចំនួនក្នុងខេត្តកណ្តាល និងមានផលប៉ះពាល់លើប្រជាពលរដ្ឋចំនួន៥៨គ្រួសារ កំពុងត្រូវបានរដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់ក្នុងកាដោះស្រាយ ដើម្បីឱ្យដំណើរការសាងសង់អាចបញ្ចប់បានទៅតាមផែនការដែលគ្រោងទុក។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានពាក់ព័ន្ធនឹងប្រជាពលរដ្ឋរស់នៅ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល សរុបចំនួន៥៨គ្រួសារ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ ជាគម្រោងដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តន៍ក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលរដ្ឋនៅតែជាម្ចាស់កម្មសិទ្ធិលើទីតាំងដីទាំងអស់ដែលបានធ្វើលទ្ធកម្មសម្រាប់គម្រោង ហើយក្រុមហ៊ុននឹងត្រូវប្រគល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ មកឱ្យជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋក្រោយផុតរយៈពេលប្រតិបត្តិការ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសម្បទាន”។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ដំណើរការសាងសង់ផ្លូវ ល្បឿនលឿននេះកំពុងដើរស្របគ្នាជាមួយនឹងផែនការ ដែលបានកំណត់ទុក ដែលអាចបញ្ចប់ក្នុងឆមាសទី១ ឆ្នាំ២០២២ ។

លោកបន្តថា គិតមកទល់ពេលនេះ ការសាងសង់ផ្លូវល្បឿន លឿនសម្រេចបាន ២៦,៨៦ភាគរយហើយ ដោយការសាងសង់កំពុងមានដំណើរទៅមុខជាប្រចាំ ទោះបីមានវិបត្តិសកលអូសបន្លាយពេលយ៉ាងណាក្តី។ មន្ត្រីជំនាញរបស់ក្រសួង សាធារណការតែងតែសហការជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីអាចបញ្ចប់បានទៅតាមផែនការ។

ផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ដែលមានប្រវែងសរុបជិត១៩០ គីឡូម៉ែត្រនេះតភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុមានប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។

ផ្លូវល្បឿនលឿនចាប់ផ្តើមសាងសង់នៅថ្ងៃ ទី២២ ខែ មីនា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលចំណាយទឹកប្រាក់សរុបប្រមាណ ១៩០០លានដុល្លារ៕

ក្រុមហ៊ុនម៉ាឡេស៊ីធំមួយគ្រោងចុះបញ្ជីផ្សារហ៊ុននៅកម្ពុជា បន្ទាប់ពីទទួលបានសិទ្ធិបើកធនាគារថ្មីមួយនៅទីនេះ

ដោយ៖ ប៊ី
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការយល់ព្រមក្នុងការបង្កើតធនាគារពាណិជ្ជកម្មពេញលេញនៅកម្ពុជា ក្រុមហ៊ុន G Capital Bhd របស់ប្រទេសម៉ាឡេស៊ីកំពុងរៀបចំផែនការរួចហើយ ដើម្បីបង្ហាញវត្តមានដ៏សំខាន់នៅក្នុងប្រទេសនេះ ខណៈធនាគារនេះគ្រោងចុះបញ្ជីផ្សារមូលបត្រកម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ក្រុមហ៊ុននឹងមានជំនាញផ្នែកធនាគារលោក Phan Ying Tong ដើម្បីដាក់ចេញមូលដ្ឋានគ្រឹះ និងយុទ្ធសាស្ត្រក្នុងការជ្រៀតចូលក្នុងវិស័យធនាគារនៅកម្ពុជា ហើយលោក Phan នឹងស្ថិតក្នុងក្រុមគ្រប់គ្រងធនាគារថ្មីនេះដែរ។
ក្រុមហ៊ុន G Capital នឹងមានភាគហ៊ុនអប្បបរមា ២០ ភាគរយនៅក្នុងការបណ្តាក់ទុនធនាគារនេះ។

កាលពីថ្ងៃទី៨ ខែធ្នូ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយលោក Phan និងក្រុមហ៊ុន ES Packaging Co Ltd (Cambodia) ដើម្បីរួមគ្នាបង្កើតធនាគារថ្មីមួយដែលមានឈ្មោះថា Oriental Bank Plc នៅកម្ពុជា។

លោក Phan បានប្រាប់សារព័ត៌មាន The Star ថា ធនាគារ ដែលមានគោលដៅចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទី៣ ឆ្នាំក្រោយ នឹងជាធនាគារបែបឌីជីថល និងទំនើប។ លោកបានមានប្រសាសន៍ថា “នេះគឺជាយុទ្ធសាស្ត្រដើម្បីដណ្តើមចំណែកទីផ្សាររបស់អ្នកប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាអ្នកដែលចូលចិត្តបទពិសោធធនាគារទំនើបៗ។ លើសពីនេះទៀត ការសិក្សាបានរកឃើញថា ការផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើដំណោះស្រាយឌីជីថលនឹងជួយបង្កើនប្រាក់ចំណេញរបស់ធនាគារ ទាំងតម្លៃ ភាពងាយស្រួល គុណភាពមុខងារ និងគុណភាពសេវាកម្ម”។

លោកបានថ្លែងថា “ការច្នៃប្រឌិតធនាគារឌីជីថលមានសារៈសំខាន់ក្នុងការកែលម្អបទពិសោធន៍អតិថិជន ការពេញចិត្ត និងភាពស្មោះត្រង់ ក៏ដូចជាលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។ ដើម្បីឲ្យធនាគារនៅតែមានការប្រកួតប្រជែង យើងត្រូវឆ្លើយតប និងគ្រប់គ្រងស្ថានភាព ដែលកំពុងតែប្រែប្រួល ជាពិសេសជាមួយនឹងការវិវត្តលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ”។

លោក Phan បានបន្ថែមថា ក្នុងនាមជាធនាគារដែលទើបបង្កើតថ្មី លោកមិនប្រើប្រាស់បច្ចេកវិទ្យាចាស់ ដែលជាធម្មតាយឺត និងមិនរអាក់រអួលនោះទេប៉ុន្តែផ្ទុយទៅវិញធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម ផលិតផល និងសេវាកម្ម បច្ចេកវិទ្យាដូចជា blockchain និង fintech។

លោកមានប្រសាសន៍ថា “អតិថិជនសព្វថ្ងៃមានចំណេះដឹងច្រើន ហើយតម្រូវការរបស់ពួកគេសម្រាប់សេវាកម្មហិរញ្ញវត្ថុក៏មានភាពទំនើប និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។ យើងជឿជាក់ថា ឥឡូវនេះវាគឺជាពេលវេលាដ៏ល្អឥតខ្ចោះនៃការរួមបញ្ចូលរបស់យើងជាមួយយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដែលមានចំណេះដឹង និងទំនើបជាងមុន”។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត Ali Ali នាយកប្រតិបត្តិក្រុមហ៊ុន G Capital បាននិយាយថា ជាមួយនឹងភាគហ៊ុនយ៉ាងតិច ២០ ភាគរយនៅក្នុងក្រុមហ៊ុន Oriental Bank Plc ក្រុមហ៊ុនកំពុងតែសម្លឹងតម្លៃបន្ថែមនៃការវិនិយោគរបស់ខ្លួនតាមរយៈការចុះបញ្ជីធនាគារនៅផ្សារមូលបត្រកម្ពុជា។ ទោះយ៉ាងណា លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន G Capital នឹងនៅតែជាវិនិយោគិនដ៏សំខាន់មួយនៅក្នុងធនាគារដដែល ខណៈដែលខ្លួនគ្រោងនឹងរក្សាវត្តមានរបស់ខ្លួននៅក្នុងវិស័យធនាគារ ដែលកំពុងរីកចម្រើននៅកម្ពុជា។

ទាក់ទងនឹងការចុះបញ្ជីនេះ លោក Phan បានមានប្រសាសន៍ថា “យើងមានគម្រោងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ឬផ្សារភាគហ៊ុនផ្សេងទៀត”។ លោកបានបន្តទៀតថា “យើងនឹងស្វែងរកពេលវេលាល្អឥតខ្ចោះ ដើម្បីចុះបញ្ជីក្រុមហ៊ុន បន្ទាប់ពីបានពិចារណាលើកត្តាជាច្រើន រួមមានវឌ្ឍនភាពនៃអាជីវកម្ម”។
លោកបានឱ្យដឹងទៀតថា “សម្រាប់ពេលនេះ ការកំណត់ពេលវេលារបស់យើងក្នុងការចុះបញ្ជីគឺប្រហែលប្រាំឆ្នាំ បន្ទាប់ពីការចាប់ផ្តើមអាជីវកម្មនេះ”៕

បើកលក់វីឡាទោលម៉ូតថ្មីពីបុរីអាម៉ូរី៧មករា

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ៖ វីឡាទោលម៉ូតថ្មីក្នុងបុរីអាម៉ូរី៧មករា ចាប់បើកលក់ជាផ្លូវការហើយ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២១ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្តយ៉ាងច្រើនពីសំណាក់អតិថិជន ដែលចង់បានគេហដ្ឋានបែបឯកជនដ៏មានឧត្តមភាព។

វីឡាទោលម៉ូតថ្មី២ប្រភេទក្នុងបុរី អាម៉ូរី ៧មករា ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលក្នុងនោះរួមមានវីឡាឃ្វីន និងវីឡាឃ្វីនមេរ៉ា ដែលសាងសង់ឡើងជាសហគមន៍អភិជនទាន់សម័យបែបលំហែដែលផ្សារភ្ជាប់ជាមួយធម្មជាតិ ផ្ដល់ជូននូវរចនាបទខាងក្រៅតាមបែបអឺរ៉ុប និងផ្តោតសំខាន់លើហុងស៊ុយអាស៊ី បង្ហាញនូវសក្ដានុភាពខ្ពង់ខ្ពស់បែបអភិជនសម័យថ្មី មានចំណតរថយន្ដធំទូលាយ ទីធ្លាសួនច្បារជុំវិញផ្ទះអាចសាងសង់ជាកញ្ចុះលំហែល កន្លែងហាត់ប្រាណ រៀបចំកម្មវិធីជប់លាង រឺក៏សាងសង់ជាអាងហែលទឹកយ៉ាងទំនើបបានទៀតផង។

ដោយឡែករចនាបទខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងពិសេស ផ្ដល់ជូនភាពប្រណិតគ្រប់ជាន់ដែលរួមមានបន្ទប់ជួបជុំគ្រួសារធំទូលាយ បន្ទប់ទទួលទានអាហារដែលអាចគយគន់ទេសភាពខាងក្រៅផ្ទះ បន្ទប់ចំអិនអាហារ បន្ទប់ធ្វើការដែលមានបរិយាកាសឆ្នៃប្រឌិត បន្ទប់គេងមានបង្អួចធំៗផ្តល់ពន្លឺ និងខ្យល់អាកាសគ្រប់គ្រាន់ មានវេរ៉េនដា ដែលអាចសម្រាកជួបជុំគ្រួសារ និងស្រូបយកខ្យល់អាកាស ឬអាចតុបតែងជាសួនច្បារលំហែលើលំហ ចំណែកឯបន្ទប់ទឹកវិញរិតតែឡូយ ជាមួយការបំពាក់ជូនគ្រឿងបរិក្ខាទំនើបៗប្រកបដោយគុណភាពខ្ពស់ ផ្តល់ជូនសមាជិកគ្រួសារនូវផាសុកភាព និងអារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ ស្ថាបត្យកររបស់គម្រោងបុរីអាម៉ូរី៧មករា បានគិតគូរយ៉ាងម៉ត់ចត់ទៅលើបរិបទ និងផាសុកភាពក្នុងការស់នៅ។ គ្រប់ប្រភេទគេហដ្នានទាំងអស់ត្រូវបានរចនាឡើងតាមបែបផែនសម័យថ្មី រួមផ្សំជាមួយធម្មជាតិ ដែលផ្តល់ឱ្យសមាជិកគ្រួសារនូវបទពិសោធន៍រស់នៅបែបលំហែកម្សាន្ដដំបូងគេបង្អស់ ជាមួយដងព្រែកធម្មជាតិពិតៗពីដៃទន្លេមេគង្គ។ បុរីអាម៉ូរី៧មករា ផ្តោតសំខាន់លើបច្ចេកទេសសាងសង់ស្របទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ ពោលពេញដោយភាពឆ្នៃប្រឌិត ដោយប្រើប្រាស់សម្ភារៈដែលមានគុណភាពខ្ពស់ពីបស្ចឹមប្រទេស ជាមួយនឹងការរៀបចំបរិយាកាសរស់នៅសមស្របទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ដោយមានការរៀបចំជារុក្ខវិថីធំៗ កញ្ចុះសម្រាកលំហែលតាមដងព្រែក សួនច្បារស្រស់បំព្រង និងកន្លែងក្មេងលេងយ៉ាងសម្បូរបែបស្ពានថ្នល់ ប្រព័ន្ធទឹកភ្លើង និងខ្លោងទ្វារចនាឡើងឥតខ្ចោះជូនទៅដល់អតិថិជន។

អ្វីដែលកាន់តែពិសេសនោះ វីឡាទោលម៉ូតថ្មីដ៏ប្រណិតនេះ មានតម្លៃត្រឹមតែ១៥ម៉ឺនដុល្លារប៉ុណ្ណោះ ជាមួយនឹងការបន្ថែមជូនទឹកប្រាក់ ២ម៉ឺនដុល្លារភា្លមៗ ហើយអតិថិជនអាចបង់រំលស់រយៈពេល២ឆ្នាំដោយគ្មានការប្រាក់ទៀតផង។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ភ្នាក់ងារលក់របស់បុរី តាមរយៈលេខទូរសព្ទ័ 078 / 092 90 9999 ឬរង់ចាំតាមដាន តាមគេហទំព័រ Facebook បុរីអាម៉ូរី៧មករា ឬតេឡេក្រាមឆាណែល Amory Property Development ឬ អាចអញ្ជើញមកសាកសួរព័ត៌មានដោយផ្ទាល់ នៅគ្រប់ការិយាល័យលក់របស់យើងខ្ញុំ។ សូមទស្សនាវីដេអូខាងក្រោមនេះ