តំបន់​កន្ទុយ​នាគ​នៃ​ប៉ូល​សេដ្ឋកិច្ចកម្ពុជា​ចាប់ផ្តើម​កំរើក​ជាមួយនឹង​ផែនការ​អភិវឌ្ឍរបស់​រដ្ឋាភិបាល

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ ពីមុន​ការធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត ត្រូវ​ចំណាយពេល​លើសពី​មួយថ្ងៃ ប៉ុន្តែ​ពេលនេះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ត្រូវបាន​ត​ភ្ជាប់​បាននិងកំពុង​រៀបចំ​ដោយ​រដ្ឋា​ភិល​បាល លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស ដែល​នឹង​ជំរុញ​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច និង​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​ទាំងនោះ​កាន់តែច្រើន​នាពេល​អនាគត។

លោក​អ៊ិន ភីរុណ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពេលថ្មីៗនេះ​ថា តំលៃ​អចលនទ្រព្យ​នៅ​មណ្ឌលគិរី ចាប់ផ្តើម​ឡើងថ្លៃ ដោយសារ​ផែនការ​សាងសង់ ព្រលានយន្តហោះ​របស់រ​ដ្ឋា​ភិ​បាល ពិសេស​ក្រសួងទេសចរណ៍ ដែល​គ្រោង​រៀបចំ​ខេត្ត​នេះ​ជា​តំបន់​ទេសចរណ៍​លំហែរ និង​ផ្គត់ផ្គង់​បន្លែ ផ្កា​ដល់​មូលដ្ឋាន​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប។

លោក​បន្តថា “នៅពេល​លេចលឺ​ពី​គំរោង សាងសង់​ព្រលានយន្តហោះ​បែបនេះ អ្នកវិនិយោគ​ក្នុងស្រុក​កាន់តែច្រើន​កំពុង​សំរុក​ទៅ​ស្វែងរក​ទិញ​ដី​នៅ​ទីនោះ” ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាងថា ក្រសួងទេសចរណ៍​កំពុង​សិក្សា Master Plan ដែល​គ្រោង​ចំណាយពេល៦ខែ ដើម្បី​សិក្សា​ល​ទ្ឋ​ភាព​ដាំ​ដំណាំ​បន្លែ បង្កា ផ្កា​នានា​សំរាប់​ផ្គត់ផ្គង់​និង​ទាក់ទាញ​ទេសចរណ៍។លោក​បន្តថា ដើម្បី​សម្រេចបាន​នូវ​ការងារ​នេះ យើង​ត្រូវ​សាងសង់​ព្រលានយន្តហោះ​ក្នុងស្រុក​មុនគេ​នៅ ខេត្តមណ្ឌលគិរី ដើម្បី​ដឹកជញ្ជូន​បន្លែបង្ការ​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍ ក្នុងស្រុក និង​នាំ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​នោះ។

លោក​បន្តថា “វា​ជា​ផែនការ​របស់​រដ្ឋាភិបាល ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច ដើម្បី​កាត់បន្ថយ​ការ​លេច​ធ្លាយ សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ ព្រោះ​បើ​យើង​ធ្វើបាន​កម្ពុជា​ចំណេញ​ច្រើនណាស់” ។

ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តមណ្ឌលគិរី​លោក​គង់ វិមាន​បាន​ថ្លែងថា រហូតមកទល់​ពេលនេះ ខេត្តមណ្ឌលគិរី​មិនទាន់មាន​សំណង់ផ្ទះ​ល្វែង ឬ​បុរី​នៅឡើយ​ទេ ប៉ុន្តែ​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន​ជាង ១០០០បន្ទប់ សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​ជាតិ អន្តរជាតិ។

លោក​បន្តថា “ខេត្តមណ្ឌលគិរី មាន​ប្រជាជន​រស់នៅ​ជាង៨ម៉ឺន​នាក់ និង​នៅ​ក្រុង​សែន​មនោ​រម្យ ដែលជា​ទីក្រុង​របស់​ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​ជាង ២ម៉ឺន​នាក់” ។

អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ សំ​អ៊ាង បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា រហូតមកទល់​ពេលនេះ មិនទាន់មាន​អ្នកវិនិយោគ​រូប​ណា មក​វិនិយោគ​សំណង់ផ្ទះ​ល្វែង​ឬ​បុរី​នៅក្នុង​ខេត្ត​នេះ ដោយសារ​មិន​មានការ​ចូលមក​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​ប្រសិន​ជាមាន​ក្រុមហ៊ុន​ឯកជន​ចូលមក​វិនិយោគ​អា  ជ្ញា​ធរ​ខេត្ត​នឹង​សហការគ្នា​ថា​ធ្វើ​ក្នុង​រូបភាព​បែបណា ព្រោះ​ខេត្ត​កំពុង​សាងសង់​ផ្សារ​ថ្មី​មួយ​ក្នុង​ខេត្ត ហើយ​ក្នុង​គំរោង​នេះ ក៏មាន​ការសាងសង់​ផ្ទះ​ល្វែង​លក់​ផងដែរ ប៉ុន្តែ​ក្នុង​រូបភាព​តូច​ប៉ុណ្ណោះ។

ខេត្តរតនៈគិរី ក៏​ស្ថិតក្នុង​ផែនការ​កសាង​ព្រលានយន្តហោះ​មួយ​ដូច គ្នា​នឹង​ខេត្តស្ទឹងត្រែង​ផងដែរ។

លោក​ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនៈគិរី​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​តា​យ សេង​កំពុង​សាងសង់​ចំណតរថយន្ត និង​ផ្ទះល្វែង ព្រមទាំង​ពុះ​ដីឡូត៍​លក់​នៅក្នុង​ខេត្ត ហើយ​ក្រុមហ៊ុន​លឹម ប៊ុណ្ណា​ក៏បាន​សាងសង់​ផ្ទះល្វែង​លក់​ផងដែរ។លោក​បន្តថា ផ្ទះល្វែង​ក្នុង​ទីក្រុង​នេះ បានដាក់​លក់​ក្នុង​តំលៃ​ចន្លោះ​ពី៥ទៅ៦ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង ហើយ​មាន​ប្រជាពលរដ្ឋ​ទិញដូរ​ជា​ហូរហែរ​ផងដែរ។

ខេត្តរតនៈគិរី មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ១៨ម៉ឺន​នាក់ និង​ក្រុង​បាន​លុង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ៣០,០០០នាក់ និង​មាន​សណ្ឋាគារ​សរុប​ចំនួន១៤ ផ្ទះសំណាក់​ចំនួន៣៣ និង​មាន​បន្ទប់​សរុប​ប្រមាណ ១០០០បន្ទប់។

លោក​ង៉ែត ពិ​ទូ​បាន​បន្តថា “តំលៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​មិន​ហក់​ឡើង​នោះទេ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ដី​រដ្ឋ​កំណត់​ដើម្បី​បង់​ព​ន្ឋ​មាន​តំលៃ២៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​សំរាប់​ដី​ជុំវិញ​ផ្សារ ប៉ុន្តែ​ទិញដូរ​តំលៃ​ជាក់ស្តែង​មាន​ខ្ពស់ជាង​នេះ” ។

ដីធ្លី​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​តំលៃ​ដី​មាន​ចន្លោះ​ពី២៥០ ទៅ៣០០ដុល្លារ​និង​តំបន់​ផ្សារ​ឬ​តំបន់​ពាណិជ្ជកម្ម ក្នុង​ខេត្ត​មាន​តំលៃ​ចន្លោះ​ពី៥០០ ទៅ ៨០០ដុល្លារ​និង​តំបន់​លំនៅដ្ឋាន​ក្នុង​ក្រុងមាន​តំលៃ​ចន្លោះ​ពី៤០ ទៅ ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោកស្រី​ចេ​វ សុ​ឃុន​នា​យិ​ក​កា​ក្រុមហ៊ុន KAT Appraisal បាន​មានប្រសាសន៍ថា តម្លៃ​ដីធ្លី​នៅ​ខេត្តរតនៈគិរី និង​មណ្ឌលគិរី​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ មានការ​ដោះដូរ​ច្រើន ពិសេស​ខេត្តមណ្ឌលគិរី ដោយសារ​មានការ​វិនិយោគ​ច្រើន​លើ​រមនីយដ្ឋាន​ទេសចរ ណ៍​ពី​អ្នកវិនិយោគ​ក្នុងស្រុក។ លោកស្រី​បន្តថា ចំណែក​ដីធ្លី​នៅ​ខេត្តរតនៈគិរី​មានការ​កើនឡើង​នូវ​ការទិញ​លក់​ផងដែរ និង​ត​ម្ល​ឌៃ​មានការ​កើ់នឡើង​តិចតួច ដោយសារ​ខេត្ត​នេះ​នៅមាន​តម្រូវការ​នៅមានកម្រិត​នៅឡើយ។

លោកស្រី​បន្តថា “តម្លៃ​ដីធ្លី​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​ទោះ​កើនឡើង ក៏​មិន​ហក់​ខ្ពស់​ដូច​នៅ​រាជធានី​ភ្នំពេញ​នោះដែរ ដោយសារ​ជា​ខេត្ត​ស្ថិតនៅ​ឆ្ងាយ និង​តម្រូវការ​នៅមានកម្រិត” ។ លោកស្រី​បន្ថែមថា “នៅពេល​ព្រលានយន្តហោះ​សាងសង់​ហើយ តម្លៃ​ដី​អាច​ប្រែប្រួល និង​មាន​តម្រូវការ​ច្រើនជាង​មុន” ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​អះអាងថា រដ្ឋាភិបាល​បាន​ត្រៀម​ដី​ជាង ៣៤០ហិកតា ដើម្បី​សាងសង់​ព្រលានយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​រួចហើយ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​ទីតាំង ដោយ​បារម្ភ​ពី​ការ​ឡើងថ្លៃ​ដី​ខ្ពស់។

លោក​អះអាងថា “ព្រលានយន្តហោះ​ក្នុងស្រុក បើ​សាងសង់​អាច​ចំណាយ​ថវិកា​ចន្លោះ​ពី៤០ទៅ ៥០លាន​ដុល្លារ​អាមេរិក” ៕

ក្រុមហ៊ុន​យក្ស​សឹង្ហ​បុរី​ទិញ​ក្រុម​ហ៊ុ​ទូរគមនាគមន៍​របស់​ប្រទេស​មី​យ៉ាន់​ម៉ាតម្លៃ ៧០០លាន​ដុល្លារ

ដោយ​វុត្ថា

សឹង្ហ​បុរីៈ ក្រុមហ៊ុន​របស់​ប្រទេស​សឹង្ហ​បុរី  CVC Capital Partners បាន​យល់ព្រម​ទិញ​ក្រុមហ៊ុន​ទូរគមនាគមន៍ ដ៏​ធំ​បំផុត​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ឈ្មោះថា  Irrawaddy នៅក្នុង​កិច្ចព្រមព្រៀង​មួយ ដែលមាន​តម្លៃ​ប្រហែល ៧០០លាន​ដុល្លារ​អាមេរិក។

យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ  www.businesstimes.com.sg បានឱ្យដឹងថា ការសម្រេចចិត្ត​ទិញ​នេះ​ជា​សញ្ញា​បង្ហាញថា ក្រុមហ៊ុន​បាន​ទិញ​ផ្តាច់មុខ និង​ឈានមុខ​គេ​នៅលើ​ពិភពលោក នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ និង​ជា​កិច្ចព្រមព្រៀង​ធំ​បំផុត​លំដាប់​ទី២ ដែល​មិន​ធ្លាប់មាន​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​របស់​មី​យ៉ាន់​ម៉ា។

គេហទំព័រ​នេះ​បន្តថា  នេះ​គឺជា​ការវិនិយោគ​ដ៏​ធំ និង​ដំបូងបង្អស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា របស់​ក្រុមហ៊ុន CVC ដែលជា​ក្រុមហ៊ុន​ភាគហ៊ុន​ឯកជន​ធំ​បំផុត​មួយ នៅលើ​ពិភពលោក។ ក្រុមហ៊ុន CVC ត្រូវបាន​គេ​ផ្តល់ជូន​ផ្តាច់មុខ នៅក្នុង​ចំណោម​ការជ្រើសរើស​ពី​ក្រុមហ៊ុន ដ៏​សក្តានុពល​រួមមាន​ក្រុម​ទូរគមនាគមន៍​ក្នុង​តំបន់ និង​ក្រុមហ៊ុន​ផ្សេងទៀត។

ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ មាន​ក្រុមហ៊ុន Blu Stone Management ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឌូ​បៃ និង​ក្រុមហ៊ុន M1 Group នៅក្នុង​ទីក្រុង Lebanon  ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនេះ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ហិរញ្ញវត្ថុ​របស់ខ្លួន។

លោក Jamal Ramadan នាយក ក្រុមហ៊ុន M1 Towers ដែល​បាន​ចាញ់​នៃ​ការដេញថ្លៃ​បានឱ្យដឹងថា ក្រុមហ៊ុន​របស់លោក ទន្ទឹង​រងចាំ​ការបន្ត​រីកចម្រើន និង​ជោគជ័យ​លើ វិស័យ​ទំនាក់ទំនង​ចល័ត​របស់​ប្រទេស​មី​យ៉ាន់​ម៉ា។

Irrawaddy បម្រើឱ្យ​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័តធំៗ ទាំងអស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ របស់​ប្រទេស​ន័​រវេ​ស Telenor ក្រុមហ៊ុន Ooredoo ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា​និង​ក្រុមហ៊ុន​ក្នុងស្រុក Mytel ៕

ការធ្លាក់ចុះ​នៃ​វិស័យ​សំណង់​បាន​ប៉ះពាល់​ដល់ក​ម្មករ​ប្រមាណ​ជាង ៣០ភាគរយ

ដោយៈ​វុត្ថា

ភ្នំពេញៈ វិស័យ​សំណង់​នៅក្នុង​ឆ្នាំ ២០២០នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់ក​ម្មករ ដែល​ធ្វើការ​នៅក្នុង​វិស័យនេះ ចន្លោះ​ពី៣០ ទៅ៣៥ភាគរយ​បាត់បង់​ការងារ ដោយសារ​ការដ្ឋាន​សំណង់​មួយចំនួន បាន​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន ដែល​បង្ក​ឡើយ​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។

លោក​សុខ គិ​ន នាយក​ប្រតិបត្តិ​សហជីព​កម្មករសំណង់​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ថ្ងៃទី ២៤ ខែធ្នូ​ម្សិលមិញ​នេះ​ថា ក្នុងចំណោម​កម្មក​រដែ​ល​ធ្វើការ​ក្នុង​វិស័យ​សំណង់ ប្រមាណ២០ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស មាន​កម្មករ៣០ភាគរយ​នៃ​ចំនួន​នេះ បាន​ប៉ះពាល់​ដល់​ជីវភាព​ភាព ដោយសារ​ការដ្ឋាន​សំណង់​មួយចំនួន​បាន​ផ្អាក និង​ព្យួរការងារ។

លោក​ថ្លែងថា “ បើ​និយាយ​ជារួម​ចាប់តាំងពី​មានការ​ផ្ទុះឡើង នូវ​ជំងឺ​កូ​វីដ១៩ កម្មករ ដែល​ធ្វើការ​ក្នុង​វិស័យនេះ ក៏​ទទួលរង​នូវ​ផលប៉ះពាល់ ដូច​ទៅនឹង​វិស័យ​ផ្សេងទៀត​ដែរ ប៉ុន្តែ មិន​បានទទួល​ការឧបត្ថម្ភ​ពី​រា​រដ្ឋាភិបាល​នោះទេ នៅពេលដែល​មានការ​ផ្អាក​ការដ្ឋាន​សាងសង់” ។ លោក​បន្តថា “កម្មករ​នៅក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ បានទទួល​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល និង​ពី​ម្ចាស់​រោងចក្រ និង​សហគ្រាស (កម្មករ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​យោជន​ប្រមាណ៣០ និង​ពី​រដ្ឋាភិបាល៤០ដុល្លារ សរុប​ចំនួន៧០ដុល្លារ​ក្នុង​មួយខែ ដែល​អាច​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ ប៉ុន្តែ​កម្មករ​ក្នុង​វិស័យ​សំណង់​អត់​ទទួល​បានទេ” ។

លោក​បន្ថែមថា កន្លងមកនេះ លោក​ក៏បាន​ជជែក​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែរ​ពី​បញ្ហា​នេះ ប៉ុន្តែ​ក្រសួង​ប្រាប់ថា រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​អ្វី​ជា​បញ្ហា​ប្រឈម​ខ្លាំង​ជាមុនសិន ព្រោះ​វិស័យ​សំណង់ ហាក់​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​នោះទេ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា វិស័យ​សំណង​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ៩ នេះ​មិន​ទទួលរង​នូវ​ផលប៉ះពាល់​នោះទេ  ហើយ​វិស័យនេះ​បាន​ជួយ​ដល់​រដ្ឋាភិបាល តាមរយៈ​ការផ្តល់​ការងារ​ជូន​ពលរដ្ឋ និង​ទទួលបាន​ចំណូល​ផ្គត់ផ្គង់​គ្រួ​សារបាន​មួយកម្រិត​ធំ​ផងដែរ។

សម្តេច​តេ​ជោ ក៏បាន​កោតសរសើរ​ដ​ល់​ក្រុមហ៊ុន​សំណង់ធំៗ ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​មិន​ផ្អាក​សកម្មភាព​សាងសង់​របស់ខ្លួន ដែលជា​សញ្ញា​វិជ្ជមាន​មួយ​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ១៩ និង​កំពុង​រាតត្បាត​នៅក្នុង​ពិភពលោក។

យោងតាម​របាយកាណ៍រ​បស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹង​កន្លងមកនេះ​ថា កម្មករ និង​កម្មការិនី​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់ មាន​ចំនួន​ជាង ២០ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស ។ វិស័យនេះ បាន​ជួយ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ចជាតិ ឱ្យសម្រេចបាន​ក្នុង​រង្វង់៧ភាករយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី​បង្ហាញ​ពី​សក្តានុពល​នៃ​ប៉ូល​សេដ្ឋកិច្ច​ទាំងបី​របស់​កម្ពុជា

ដោយ​គង់ សូរិយា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អះអាងថា កម្ពុ​ជាមាន​ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ​កំណើន​នៃ​តម្លៃ​ដីធ្លី​បច្ចុប្បន្ន បានបញ្ជាក់​ពី​ភាព​រ៉ឹង​មាំ​នៃ​កំនើនសេដ្ឋកិច្ច​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​ដដែល​នេះ លោក​ប៉ែន សុផល បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា តាមរយៈ​គោលនយោបាយ​ជាតិ​ស្តីពី ការរៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ដើម្បី​ធានា​ការគ្រប់គ្រង​ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់​ដី និង​ធនធានធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព ចីរភាព និង​តុល្យភាព កម្ពុជា​បានកំណត់​ប៉ូល​អភិវឌ្ឍន៍​ជាតិ​របស់ខ្លួន ទី១. រាជធានី​ភ្នំពេញ ទី២. ខេត្តសៀមរាប (ប៉ូល​បីតិ​ក​ភ័​ណ្ឌ​ជាតិ ) និង​ប៉ូល​ទី៣. តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន។

លោក​បន្តថា “បុ​ច្ចុ​ប្បន្ន​ប៉ូល​ទាំងបី​នេះ​កំពុង​រីកចម្រើន​ខ្លាំង ហើយ​ក្រសួង​បាន​ចាត់ទុកថា ខេត្ត​ព្រះសីហនុ ដែល​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង​យ៉ាងគំហុក ជា​តំបន់​ក្បាល​នាគ​នៃ​កម្ពុជា” ។ លោក​បន្តថា “រាជធានី​ភ្នំពេញ​ជា​ខ្លួន​នាគ និង​កន្ទុយ​នាគ នៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស ដែលជា​ប៉ូល​អភិវឌ្ឍ​ន៍ទី៤ ដែលមាន​កំណត់​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តីពី ការរៀបចំ​ដែនដី​ផងដែរ ហើយ​ប៉ូល​ទី៤នេះ ជា​ប៉ូល កសិឧស្សាហកម្ម និង​ទេសចរណ៍​បែប​ធនធានធម្មជាតិ” ។

លោក​ប៉ែន សុផល​បាន​បន្តថា តម្លៃ​ដីធ្លី នៅក្នុង​តំបន់​ប៉ូល​ទាំងបី ដែល​កំពុងតែ​រីកចម្រើន​នាពេល​បច្ចុប្បន្ន ដូចជា​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​តាម​ជាប់​ឆ្នេរសមុទ្រ អាច​លក់បាន​មួយ​ការ៉េ អាច​ដល់​រយ​ដុល្លារ រាប់ពាន់​ដុល្លារ។ ក្នុងតម្លៃ​នេះ​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ដីធ្លី​កាលពី​ឆ្នាំ១៩៧៩ វា​ខុសគ្នា​រាប់រយ រាប់ពាន់​ដង ដែល​នេះ​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​កំពុងតែ​កើនឡើង​ខ្លាំង។

លោក​បន្តថា “តំបន់ឆ្នេរ​មាន​តួនាទី​សំខាន់ នៅក្នុង​អ​ក្ស័​នៃ​ការអភិវឌ្ឍន៍ របស់​ប្រទេស​ទាំង​នៅ​ក្របខ័ណ្ឌ​អន្តរជាតិ ក្របខ័ណ្ឌ​តំបន់ និង​ក្របខ័ណ្ឌ​ជាតិ” ។

ការកើនឡើង​តម្លៃ​ដីធ្លី ដោយសារ​កត្តា​ជាច្រើន ប៉ុន្តែ​កំនើនសេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា ពិតជា​មិនអាច​បដិសេធ​បាន។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់​បាន​យល់ស្រប​នឹង​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ​នេះហើយ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ល​ទ្ឋ​ភាព​ក្នុងការ​ដាក់ចេញ​ផែនការ គោលនយោបាយ ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ។លោក​បន្តថា ជាក់ស្តែង​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បានធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា សម្រេចបាន​កំនើន​ជា​មធ្យម៧,៧ភាគរយ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ។

លោក​បន្តថា “នៅពេល​សេដ្ឋកិច្ច​រីកចម្រើន កំនើន​ប្រាក់ចំណូល​ប្រជាជន​កើនឡើង កំនើន​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស ក៏បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា ពិសេស​វិស័យ​ដីធ្លី និង​សំណង់​កើន​ឡើងជា​ស្វ័យប្រវត្តិ” ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា តម្លៃ​ដីធ្លី​នៅ​កម្ពុ​ជាមាន​កំនើន​ជា​មធ្យម៧ភាគរយ ក្នុង​រយៈពេល១ទសវត្សរ៍​កន្លងមក​នេះ ពិសេស​រយៈពេល ១០ឆ្នាំ​ខាងមុខ ការព្យាករណ៍​នៅតែមាន​ភាព​វិជ្ជមាន ដោយ​តម្លៃ​ដីធ្លី​នឹង​កើន​ប្រមាណ ៧ភាគរយ​បន្ថែមទៀត​ក្នុង​មួយឆ្នាំ៕

ចំណេះដឹង​ច្បាប់! អ្វី​ជា​លក្ខណៈពិសេស​នៃ​ភតិសន្យា​ពិសេស?

ដោយៈ​វុត្ថា

ភ្នំពេញៈ ភតិសន្យា​ពិសេស គឺជា​កិច្ចសន្យា​មួយ ដែល​ភាគី​ម្ខាង​ហៅថា​ភ​តិ​ប​តី​ឱ្យ​ភាគី​ម្ខាង​ទៀត​ដែលជា​កម្មករ សិស្ស និស្សិត ហៅថា​ភ​តិក ប្រើប្រាស់​ក្នុងការ​ស្នាក់នៅ​ដោយ​យក​ថ្លៃ។

បើ​និយាយ​ឱ្យ​ងាយ​យល់ ភតិសន្យា​ពិសេស​នេះ គឺជា​កិច្ចសន្យា​រវាង​ម្ចាស់​អចលនទ្រព្យ​ដែលមាន​ដូចជា ម្ចាស់​ផ្ទះជួល ឬ ម្ចាស់​បន្ទប់​ជួល និង​កម្មករ សិស្ស និស្សិត ក្នុង​ការជួល​បន្ទប់​ស​ម្រា​ប់​ការប្រើប្រាស់​ស្នាក់នៅ​ដោយ​យក​ថ្លៃឈ្នួល។

លក្ខណៈពិសេស​នៃ​ភតិសន្យា​នេះ​គឺ៖

ក. ភាគី​នៃ​កិច្ចសន្យា (មាត្រា៣)

ភ​តិ​ប​តី(អ្នក​ឱ្យ​ជួល) ៖ អាចជា​ម្ចាស់​បន្ទប់​ជួល ឬ​អ្នកយក​ថ្លៃឈ្នួល​លើ​បន្ទប់​ជួល​ជា​លក្ខណៈ​អាជីប។ខុសពី​ភតិសន្យា(កិច្ចសន្យាជួល) ដែល​មានចែង​ក្នុង​ក្រមរដ្ឋប្បវេណី(ហៅថា កិច្ចសន្យា​ធម្មតា) ព្រោះ​នៅក្នុង​ភតិសន្យា​ទូទៅ មិន​កំណត់​ចំពោះ​អ្នក​ម្ចាស់​បន្ទប់​ជួល​នោះទេ។

ភ​តិកៈ(អ្នក​ជួល)៖ កម្មករ សិស្ស និស្សិត ដែលមាន​ការលំបាក​ខ្លាំង​ក្នុងការ​ទ្រទ្រង់​ជីវភាព។ ខុសពី​ភតិសន្យា​ធម្មតា​ត្រង់​ថា ភតិសន្យា​ធម្មតា​មិន​កំណត់​លក្ខណៈ​របស់​អ្នក​ជួល​ទេ នរណា​ក៏​អាច​ក្លាយជា​អ្នក​ជួល​បានដែរ។

ខ. កម្មវត្ថុ​នៃ​កិច្ចសន្យា៖ បន្ទប់​ជួល​ស្នាក់នៅ(មាត្រា៣)។ មិនមែនជា ដី ឬ អគារ​ពាណិជ្ជកម្ម​ជាដើម។ ខុសពី​ភតិសន្យា​ធម្មតា​ត្រង់​ថា កម្មវត្ថុ​នៃ​ភតិសន្យា​ទូទៅ អាចជា​ចលនវត្ថុ​ឬ​អចលនវត្ថុ។

គ. លក្ខណៈ​នៃ​កិច្ចសន្យា៖ ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ និង​មាន​សេចក្តីបញ្ជាក់​របស់​មេឃុំ ឬ​ចៅសង្កាត់។ មានន័យថា មិនអាច​ឡើង​ដោយ​មាត់ទទេរ​បានទេ(មាត្រា៥)។ នៅក្នុង​ភតិសន្យា​ធម្មតា ភាគី​អាចបង្កើត​កិច្ចសន្យា ដោយ​គ្រាន់តែ​មានការ​ព្រមព្រៀង​រវាង​គូភាគី​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​តតាំង​ជាមួយ​តតិយជន​បាន គាត់​ត្រូវ​កាន់កាប់ និង​ប្រើប្រាស់​វត្ថុ​ជួល​នោះ(មាត្រា៥៩៧ និង៥៩៨ នៃ​ក្រមរដ្ឋប្បវេណី​ឆ្នាំ២០០៧)។

ឃ.អត្ថិភាព​នៃ​កិច្ចសន្យា៖ មិនតិចជាង ២ឆ្នាំ ទោះបីជា​មិនបាន​កំណត់ ឬ​កំណត់​តិចជាង ២ឆ្នាំ​ក៏ដោយ ត្រូវ​ចាត់ទុកថា មាន​អត្ថិភាព២ឆ្នាំ(មាត្រា៦) ក្នុង​គោលបំណង​មិនឱ្យ​ម្ចាស់​បន្ទប់​ជួល តម្លៃ​ថ្លៃឈ្នួល​ក្នុងអំឡុងពេល២ឆ្នាំ (មាត្រា៨)។

ផ្ទុយទៅវិញ​ភតិសន្យា​ធម្មតា អាចធ្វើ​ឡើង​ដោយ​កំណត់ ឬ​មិន​កំណត់​អំឡុងពេល​បាន ប៉ុន្តែ​បើ​អំឡុងពេល​ជួល​លើសពី១៥ឆ្នាំ នោះ​នឹង​ក្លាយជា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​វិញ៕

អូស្ត្រាលីប្រកាសផ្តល់ជំនួយឥតសំណង៣០០លានដុល្លារអូស្ត្រាលី ដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានប្រកាសចូលរួមគាំទ្រហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារអូស្ត្រាលី ដល់ប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក្រោមកញ្ចប់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Chiho Kang នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានជម្រាបជូនថា “រដ្ឋាភិបាលអូស្ត្រាលីសន្យា នឹងជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង និងកម្មវិធីនានាដែល កំពុងប្រតិបត្តិការនៅកម្ពុជាបន្តទៀត សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពាសង្គម និងធានាសមភាពក្នុងការទទួលបាននូវសេវាសង្គម ដល់ជនពិការ និងស្ត្រីងាយរងគ្រោះ”។

រដ្ឋាភិបាលអូស្ត្រាលី នឹងចូលរួមគាំទ្រហិរញ្ញប្បទាន មានទំហំទឹកប្រាក់៣០០លានដុល្លារអូស្ត្រាលី ដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជាផងដែរ ក្រោមកញ្ចប់ជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងន័យបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងការបញ្ឈប់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី តែងតែចូលរួមចំណែកជាមួយនឹងបណ្តាដៃតួអភិវឌ្ឍន៍នានា ជួយឧបត្ថម្ភគាំទ្រផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងនានា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេស លើវិស័យអប់រំ សុខាភិបាល កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចជាដើម៕

ស្វាគមន៍ឆ្នាំ២០២១ កិច្ចព្រមព្រៀងជាច្រើននឹងចាប់ផ្តើមអនុវត្ត៍ដែលធ្វើឲ្យសេដ្ឋកិច្ច កម្ពុជាមានសន្ទុះឡើងវិញ

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ នៅសល់រយៈពេល៧ថ្ងៃទៀតប៉ុណ្ណោះ យើងស្វាគមន៍ឆ្នាំ២០២១ទាំងអស់គ្នា ហើយមានដដំណឹងរីករាយជាច្រើនក់តមានឡើង ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើននឹងត្រូវចាប់ផ្តើមអនុវត្តន៍ ដែលនឹងទាក់ទាញការវិនិយោគ ការនាំចេញនិងជំរុ​ញកំនើនសេដ្ឋកិច្ចនៅកាន់វិបុលភាពជាថ្មី។

កិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងចូលជាធរមាននៅឆ្នាំ២០២១ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងលើកលែងពន្ឋគយ ពីប្រទេសអង់់គ្លេសផ្តល់ជូនកម្ពុជា ច្បាប់វិនិយោគថ្មីនឹងអនុវត្តន៍ហើយចូលជាធរមាន និងការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជ​កម្មធំបំផុតក្នុងពិភពលោក ដែលនឹងចូលជាធរមានផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍  ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ ធ្នូនេះថា ការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិននឹងទាក់ទាញការវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ដោយក្រុមហ៊ុនចិន អាមេរិក ជប៉ុន កូរ៉េជាដើមនឹងចូលមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ។

លោកបន្តថា “តាមផែនការចិននឹងជ្រើសរើសប្រទេសកម្ពុជា ជាមូលដ្ឋានផលិត​កម្ម ដើម្បីនាំចេញទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ហើយចិនកំពុងវិនិយោគលពហុវិស័យនៅកម្ពុជា”។លោកបន្តថា “ចិនកំពុងប្រមូលទិញកសិផលកម្ពុជាយ៉ាងច្រើនដូចជា ចេក ស្វាយ ស្វាយចន្ទីរជាដើម ដែលនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាហក់ឡើងវិញកាន់តែលឿន”។

លោកឧកញ៉ាលឹម ហេងបានបន្តថា នៅឆ្នាំ២០២១នេះ មានរឿងវិជ្ជមានជាច្រើនសំរាប់កម្ពុជា ទាំងការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការអនុវត្ត​កិច្ចព្រមព្រៀងRCEP ការអនុវត្តកិច្ចព្រមព្រៀងលើកលែងពន្ឋ(GSP)ពីអង់គ្លេសដល់កម្ពុជា ដែលនឹងធ្វើឲ្យកំនើននៃការនាំចេញកម្ពុជាកើនឡើង។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ

បានមានប្រ​សាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗខាងលើ នឹងជំរុញសេដ្ឋកិច្ចកម្ពុជាកាន់​តែមានកំនើនថែមទៀតនៅឆ្នាំ២០២១ខាងមុខ ប្រសិនជាបញ្ហារីករាលដាលនៃកូវីដ​១៩អាចគ្រប់គ្រងបាន ប៉ុន្តែយើងមានសុទិដ្ឋិនិយម ដោយសារមានវ៉ាក់សាំងបានចេញលក់បណ្តើរៗហើយ។

លោកបន្តថា “កិច្ចព្រមព្រៀងទាំងនេះ នឹងលើកពង្រីកទំហំពាណិជ្ជកម្មរបស់កម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ ពិសេសការនាំចេញរបស់កម្ពុជានឹងកើនឡើង ប៉ុន្តែបញ្ហានៅត្រង់ថា តើយើងបានត្រៀមផលិតផលមានគុណភាព សវត្ថិភាពសំរាប់ការនាំាំចេញគ្រប់គ្រាន់ឬនៅ?”។លោកបន្តថា “វិស័យទេសចរណ៍កម្ពុជា ក៏នឹងងើបឡើងវិញ តាមរយៈការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ពិសេសការកសាងហេដ្ឋារចនាម្ព័ន្ឋនៅខេត្តព្រះសីហនុ ខេត្តសៀមរាប ដែលនឹងបញ្ចប់នាពេលខាងមុខ”។

ទាក់ទងនឹងបញ្ហាGSPរបស់សហរដ្ឋអាមេរិក លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ មិនទំនងជាមានការគំរាមកំហែងណាមួយនោះទេ ដោយសារទំហំនាំចេញពីកម្ពុជានៅឆ្នាំនេះ សម្រេចបានកំនើន១៦ភាគរយ ដោយមានទំហំ​ជាង៥,៨ពាន់លានដុល្លារអាមេរិក បើទោះពិភពលោកក៏ដូចកម្ពុជាកំពុងរងវិបត្តិនៃជំងឺកូវីដ១៩ក្តី។

លោកបន្តថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងកែទម្រង់ជាបន្តបន្ទាប់ ដែលផ្តល់ឳកាសយ៉ាងច្រើន ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលជាការជំរុញកំនើន នៃការវិនិយោគបន្ថែមទៀតលើវិស័យជាច្រើន ទាំងកសិកម្ម ទេសច​រណ៍ សំណង់ជាដើម៕

គម្រោងដីឡូតិ៍ក្នុងតំបន់កំពុងអភិវឌ្ឍន៍នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ផ្តល់ឱកាសចំណេញច្រើនដល់អតិថិជន

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ស្របច្បាប់មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ និងមិនមានពាក់ព័ន្ធតំបន់ហាមឃាត់អប្សរា នៅក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់មានគម្រោងអភិវឌ្ឍន៍ច្រើនត្រូវបានដាក់លក់នៅក្នុងតម្លៃទាបបំផុតបើធៀបទៅនឹងគម្រោងដទៃទៀត រួមជាមួយនឹងការផ្តល់ឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន។

 

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍អចលនទ្រព្យបន្ទាយស្រី លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍ឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ នៅក្នុងស្រុកបន្ទាយស្រី មានគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ដែលកាន់តែជំរុញវិស័យដីធ្លីនៅក្នុងតំបន់មានតម្រូវការ និងកើនតម្លៃជាបន្តបន្ទាប់ ខណៈដែលមានអ្នកវិនិយោគមួយចំនួនចាប់ផ្តើមចុះធ្វើសកម្មភាពទីផ្សារទិញលក់យកចំណេញ ដោយសម្រាប់ការបង់រំលោះត្រឹម៦៦ដុល្លារក្នុងមួយខែ។

លោកស្រីបានបន្តថា “សម្រាប់គម្រោងដីឡូតិ៍បន្ទាយស្រីដែលស្ថិតលើទីតាំងមានសក្ដានុពលល្អ អំណោយផលដល់ការរស់នៅ ក៏ដូចជាការធ្វើអាជីវកម្មផ្សេងៗនៅថ្ងៃខាងមុខនេះមានតម្លៃត្រឹមតែ ៣០០០ដុល្លារក្នុងមួយឡូតិ៍ឡើងទៅតែប៉ុណ្ណោះ ហើយសម្រាប់អតិថិជនដែលទិញដោយការបង់ផ្តាច់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០០ដុល្លារភ្លាម។
ពិសេសជាងនេះ សម្រាប់អតិថិជនដែលមកទិញដោយខ្លួនឯងផ្ទាល់នឹងទទួលបានការបញ្ចុះតម្លៃបន្ថែមពីលើចំនួន ២០០ដុល្លារទៀត ពោលគឺមួយឡូតិ៍នៅត្រឹម ២៣០០ដុល្លារតែប៉ុណ្ណោះ ខណៈដែលនៅក្នុងគម្រោងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ដូចជាបណ្តាញអគ្គិសនី បណ្តាញបង្ហូរទឹក ជាពិសេសផ្លូវគ្រប់ខ្សែមានទំហំ១០ម៉ែត្រ និងក្រាលថ្មមិចរួចរាល់” ។

ទីតាំងគម្រោងមួយនេះ មិនជាប់ពាក់ព័ន្ធនឹងតបន់អប្សរា និងប៉ះពាល់តំបន់អភិរក្សធម្មជាតិនោះទេ ពោលគឺមានច្បាប់ត្រឹមត្រូវនៅជាប់ផ្លូវធំហាយវេ ៦៦ និងមានផ្លូវរដ្ឋទំហំ១៥ម៉ែត្រ នៅជាប់ចំហៀងដីគម្រោងងាយស្រួលក្នុងការធ្វើដំណើរ មានចម្ងាយត្រឹម៣គីឡូម៉ែត្រពីរង្វង់មូល ដែលបំបែកទៅកាន់តំបន់ទេសចរណ៍កម្សាន្តផ្សេងៗ ដូចជា ភូមិព្រះដាក់ តំបន់ប្រាសាទបន្ទាយស្រី ភ្នំគូលេន តំបន់រមណីយដ្ឋានក្បាលស្ពាន ដែលមានសួនសត្វជាច្រេីនប្រភេទ និងមានចម្ងាយត្រឹម៧គីឡូម៉ែត្រពីផ្លូវឆ្ពោះទៅព្រលានយន្តហោះថ្មី ក៏ដូចជាចេញទៅតាមបណ្តាខេត្តនានាផងដែរ។

ព័ត៌មានលម្អិតពីគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ អចលនទ្រព្យបន្ទាយស្រី សូមទាក់ទងតាមទូរស័ព្ទលេខ ៖ 016 999 995 / 017 812 345 / 097 8 123 456 ៕

រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោក២០ហិកតាសាងសង់អគារទីបញ្ជាកាស្រាល កម្ពស់៣ជាន់

ដោយៈ រ៉ាណេត

ភ្នំពេញៈ អាគារទីបញ្ជាការស្រាលមានទំហំ២១,៧ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីទំហំ១.៥៧១,១៨៩ម៉ែត្រក្រឡា ស្ថិ​តនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ នឹងត្រូវសាងសង់ឡើងដោយថ្នូរ ជាមួយនឹងដីទំហំ២០ហិកតានៅបឹងតាមោក(កប់ស្រូវ)។

ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ១០៩៩ សជណ.មយ អំពីការរៀបចំសាងសង់ទីបញ្ជាការស្រាល ទំហំ២១,៧គុណនឹង៤២ម៉ែត្រកម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីទំហំជិត១.៦ ម៉ែ​ត្រក្រឡារបស់លោក លន់ ហាក់ និងអ្នកស្រីឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សម្រាប់ឱ្យកងកម្លាំងប្រើប្រាស់ ដើម្បីបំពេញការងារថែរក្សាសន្តិសុខ ការពា​រសុវត្ថិភាព ជូនថ្នាក់ដឹកនាំនៅចំណុចគោលដៅទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរដោយយោងលិខិត០៦៨/២០ លស.គ ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិតលេខ៦៥៤ខន /០២០ សជណចុះថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា,ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០។

ករណីខាងលើទីស្តី ការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេ​ចធ្វើប្រទានកម្មជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី នូវផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំ២០ហិកតា ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមានគំនូសប្លង់បង្ហាញ ទីតាំងភ្ជាប់ជាមួយដោយលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រូវប្រគល់ផ្ទៃដីកម្មសិទ្ធិទំហំ ១.៥៧១,១៨៩ ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចំណាយថវិកាបន្ថែម ដើម្បីសាងសង់អគារទីបញ្ជាការស្រាលទំហំ ២១,៧ ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់នានា នៅលើទីតាំងខាងលើ ជូនរដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងលិខិតបានបញ្ជាក់ទៀតថា លោក លន់ ហាក់ និង អ្នកស្រី ឈុន ចាន់ធី ត្រូវផ្ទេរកម្មសិទ្ធិដីទំហំ ១.៥៧១,១៨៩ម៉ែត្រក្រឡានេះ មកជាទ្រព្យសម្បត្តិរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវធ្វើការសាងសង់អគារទីបញ្ជាការស្រាល ទំហំ ២១,៧ ម៉ែត្រគុណនឹង៤២ម៉ែត្រកម្ពស់៣ជាន់និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ នានា នៅលើទីតាំងខាងលើជូនរដ្ឋបាលរាជធានីភ្នំពេញឱ្យបានរួចរាល់ជាស្ថាពរ ក្នុងរយៈពេល១៨(ដប់ប្រាំបី)ខែ ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល។ ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យទាំងអស់ខាងលើ ពន្ធអាករ និងសេវាអន្តរក្រសួងនានាជាបន្ទុករបស់រដ្ឋ៕

អ្នកអភិវឌ្ឍន៍សាទរនឹងការសម្រេចរបស់រាជរដ្ឋាភិបាលលើការលើកលែងពន្ធប្រថាប់ត្រាទិញ-លក់លំនៅដ្ឋាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងការសម្រេចអនុគ្រោះពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តបន្តលើកលែងពន្ធប្រថាប់ត្រាទិញ-លក់លំនៅដ្ឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ បណ្តាអ្នកអភិវឌ្ឍន៍បានបង្ហាញពីក្ដីសាទរ ជាមួយនឹងជំនឿជឿជាក់ថា កំណើនទីផ្សារនៃការលក់នឹងទទួលបានភាពល្អប្រសើរនៅឆ្នាំ២០២១ខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងនាមរូបលោកជាអ្នកអភិវឌ្ឍន៍ពិតជារីករាយជាមួយនឹងការអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជាលើការលើកលែងពន្ធប្រថាប់ត្រានៃការទិញ-លក់លំនៅដ្ឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារសម្រាប់ឆ្នាំ២០២១។

លោកម៉ាន់ ច័ន្ទឌី បានបញ្ជាក់ថា “វាគឺជាដំណឹងដ៏ល្អសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម ព្រោះនៅពេលដែលមានការលើកលែងពន្ធប្រថាប់ត្រា តម្លៃលំនៅដ្ឋានដែលនឹងត្រូវដាក់លក់នៅទីផ្សារក៏ត្រូវបានបញ្ចុះ ដើម្បីងាយស្រួលក្នុងការទទួលបានចំណាប់អារម្មណ៍ពីអតិថិជនរបស់ខ្លួន”។

លោកបន្តថា “ទីផ្សារលំនៅដ្ឋានកម្រិតមធ្យមដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារគឺមានភាពទូលំទូលាយណាស់ ដូច្នេះនៅពេលដែលមានការលើកលែងពន្ធប្រថាប់ត្រាពីសំណាក់រាជរដ្ឋាភិបាល ខ្ញុំជឿថា នៅក្នុងឆ្នាំ២០២១នឹងមានកំណើននៃការលក់យ៉ាងប្រាកដខណៈដែលស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ត្រូវបានធូរស្បើយ ដូច្នេះ ស្ថានភាពសេដ្ឋកិច្ចនឹងមានកំណើនឡើងវិញ ប្រជាពលរដ្ឋអាចមានចំណូលថេរ នោះការលក់លំនៅដ្ឋានក៏នឹងកើនឡើងផងដែរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា “ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះពេញមួយឆ្នាំ២០២១ នឹងធ្វើឱ្យប្រជាពលរដ្ឋមានឱកាសទិញលក់ផ្ទះច្រើនជាងមុន ព្រោះផ្ទះតម្លៃត្រឹម៧ម៉ឺនចុះក្រោម ភាគច្រើនពលរដ្ឋមានលទ្ធភាពអាចទិញបាន ជាពិសេសនៅតាមតំបន់ជាយក្រុងដែលត្រូវបានដាក់លក់ត្រឹមជាង៤-៥ម៉ឺនដុល្លារតែប៉ុណ្ណោះ”។

ជាមួយនឹងការសម្រេចបន្តអនុវត្តនូវវិធានការជុំទី៧ និងការលើកលែងពន្ធប្រថាប់ត្រាខាងលើនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)៕