សញ្ញាវិជ្ជមាន! ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងចាប់ផ្តើមមានកំណើនឡើងវិញនៅដើមឆ្នាំនេះ

0

ដោយ ៖ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន និងមានកំណើននៅដលដើមឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់ការចរចាពាណិជ្ជកម្មសេរីកាលពីថ្មីៗនេះ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងសម្រេចបានប្រមាណ៨៤.៥លានដុល្លារ ក្នុងខែមករា ឆ្នាំនេះ។

យោងតាមរបាយការណ៍ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលទៅកាន់កូរ៉េខាងត្បូង មានទំហំទឹកប្រាក់ប្រមាណ៣២,៣លានដុល្លារ ក្នុងខែមករា កើនឡើង២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ កម្ពុជាបាននាំចូលផលិតផលពីប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ប្រមាណ៥២,២លានដុល្លារ កើនឡើង ១២.៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េបានទំហំច្រើនជាងមុន ដោយរំពឹងថា នឹងកើនឡើងពី២០ ទៅ២៥ភាគរយ ក្នុងមួយឆ្នាំ ខណៈមុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េកើនឡើងប្រមាណ១៥ភាគរយរួចទៅហើយ។

លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ២០២១នេះដែរ ព្រោះថា កម្ពុជា និងកូរ៉េខាងត្បូង មានពេលវេលាយូរទៀត ដើម្បីធ្វើកិច្ចការនេះ។

លោកបានថ្លែងថា “តាមរយៈព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើនដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត”។

លោកបន្ថែមថា វាជាមោទនភាពមួយរបស់កម្ពុជា ដែលអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសធំៗ ដូចជាប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗគេតែងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានតម្លៃ ៨៨៤លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ មានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ចំនួន១៤ភាគរយ ខណៈដែលកាលពីឆ្នាំ២០១៩ទំហំពាណិជ្ជកម្មបានឈានដល់ប្រមាណ១០០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here