អន្តរក្រសួងកំពុងសិក្សាព្រាងច្បាប់ប្រមូលពន្ធលើសេវាឌីជីថល

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ ក្រសួងចំនួន៣ បាន និងកំពុងបើកកិច្ចប្រជុំពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ដើម្បីព្រៀងច្បាប់អនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្រ្ត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ។

លោកបានលើកឡើងអំពីនិន្នាការអន្តរជាតិ និងតំបន់ចំពោះការកំណត់ពន្ធលើផលិតផល និងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។

ជាមួយគ្នានេះលោកក៏បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីយន្តការ និងនីតិវិធីនៅក្នុងការប្រមូលពន្ធលើសេវាឌីជីថលក្នុងកម្រិតសកល និងតំបន់ ដោយនឹងសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផងដែរ។

លោកសុខ សុភ័ក្ត្រ បានជំរុញឲ្យមានការសិក្សាអោយលម្អិតបំផុត ទាំងការប្រមូលទិន្នន័យសម្រាប់វិភាគ និងការវាយតម្លៃលើផលប៉ះពាល់ និងកាលានុវត្តភាពចេញពីការយកពន្ធលើសេវាឌីជីថលនេះ ដើម្បីធានាថា គោលនយោបាយប្រមូលពន្ធលើសេវាឌីជីថលនេះ ផ្តល់តម្លាភាព សមធម៌ និងតុល្យភាព ជូនក្រុមហ៊ុនឯកជនផ្តល់សេវាឌីជីថល អ្នកប្រើប្រាស់សេវាឌីជីថល និងស្ថាប័នអនុវត្តគោលនយោបាយនេះ ៕

សម្ដេចតេជោ ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដ៏សំខាន់

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០២០នេះ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានបង្កើតឡើង ដោយបងប្អូនខ្មែរខ្សែស្រឡាយចិន និងបងប្អូនខ្មែរដើមកំណើតចិន កាលពី៣០ឆ្នាំមុន បានចូលរួមចំណែកក្នុងការជួយទ្រទ្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរបំផុត។

តាមរយៈលិខិតអបអររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី៣០ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានឱ្យដឹងថា រយៈពេល៣០ឆ្នាំកន្លងមកនេះ សមាគមបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានសមាគមនិកាយទាំង៥ រួមមាន សមាគមនិកាយទាជីវ សមាគមនិកាយខិ សមាគមនិកាយកាតាំង សមាគមនិកាយហុកគៀន និងសមាគមនិកាយចិនហៃណាំ។

នៅក្នុងលិខិតដដែលនេះ សម្ដេចតេជោបានឱ្យដឹងទៀតថា សមាគមត្រកូល សមាគមខ្មែរ ចិនតាមបណ្ដាខេត្តក្រុងស្រុកនិងសមាគមពាណិជ្ជកម្មចិនផ្សេងទៀតរួមសាមគ្គីគ្នា កសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា តាមរយៈការចូលរួមរក្សាទំនៀមទំលាប់និងវប្បធម៌រស់នៅរបស់បងប្អូនខ្មែរចិន ការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ដោយបង្កើតសាលារៀនខ្មែរ ចិន ការទាក់ទងធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយបរទេសជាដើម។

សមាគមខ្មែរចិន បានរៀបចំកម្មវិធីជួបជុំបងប្អូនខ្មែរចិនរាប់ពាន់នាក់ រៀបចំវេទិកាវិនិយោគនិងធុរកិច្ចនៅកម្ពុជា ដោយមានវិនិយោគិនពីបរទេសរាប់រយនាក់ចូលរួម បានធ្វើស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងប្រជាជនចិន ដោយនាំមកនូវផលប្រយោជន៍បសម្រាប់ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចជឿថា សមាជិកសមាជិកាទាំងអស់ក្នុងសម្ព័ន្ធ ខ្មែរចិន បងប្អូនខ្មែរចិន នឹងបន្តរួមគ្នា រួមចំណែកថែរក្សាសុខសន្តិភាពដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីកសាងជីវភាពរស់នៅកាន់តែប្រសើររបស់បងប្អូនខ្មែឬចិន និងបងប្អូនខ្មែរទូទាំងប្រទេសកម្ពុជា៕

សេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ចាប់ផ្តើមងើបឡើងវិញ

សុខុម

គូឡាឡាំពួ: ការងើបវិញនៃសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានវាស់ស្ទង់តាមរយៈសន្ទស្សន៍ដ៏គួរឱ្យអបអរសាទរពីវិស័យលក់រាយ វិស័យទេសចរណ៍ និងទំនិញឧស្សាហកម្ម។ នេះបើយោងតាមគេហទំព័រ themalaysianreserve.com ចុះផ្សាយកាលពីថ្ងៃទី២២ ធ្នូ។

ឧបនាយករដ្ឋមន្រ្តី Arthur Joseph Kurup ថ្លែងទៅកាន់សភាជាន់ខ្ពស់របស់ម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទ ទី២១ ធ្នូថា វិស័យលក់រាយកំពុងចាប់ផ្ដើមងើបឡើងវិញជាលំដាប់។

លោកបន្ថែមថា អត្រាជួលសណ្ឋាគារទូទាំងប្រទេសបានកើនឡើង ២៣,៤% បន្ទាប់ពីបទបញ្ជាគ្រប់គ្រងការចល័តរបស់មនុស្សហៅកាត់ MCO ត្រូវបានដកចេញវិញ និងការធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយត្រូវបានអនុញ្ញាត។

លោកគូសបញ្ជាក់ថា តម្លៃប្រេងដូងឆៅបានឡើងដល់ ៣.៤២២ រីងហ្គីត (៨៤៣ ដុល្លារអាមេរិក) ក្នុងមួយតោនក្នុងខែវិច្ឆិកា ចំណែកឯតម្លៃជ័រកៅស៊ូក្រែបបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតដល់ ១,៥៦ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។

លោកថ្លែងបន្តថា “ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី នៅឆ្នាំនេះ។ GDP (ផលិតផលក្នុងស្រុកសរុប) បានធ្លាក់ចុះ ២,៧% ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០។ វិស័យសំខាន់ៗទាំងអស់នៃសេដ្ឋកិច្ចម៉ាឡេស៊ី បានរងផលប៉ះពាល់ និងធ្លាក់ចុះ ជាពិសេសវិស័យសេវាកម្មបានធ្លាក់ចុះ ៤% ផលិតកម្មធ្លាក់ចុះ ១២,៤% កសិកម្មធ្លាក់ចុះ ០,៧% និងរ៉ែ ធ្លាក់ចុះ ៦,៨%”។

លោកបានបន្តទៀតថា ការធ្លាក់ចុះភាគច្រើនបណ្ដាលមកពីការអនុវត្តបទបញ្ជាគ្រប់គ្រងការចល័តរបស់មនុស្សហៅកាត់ MCO។ លោកគូសបញ្ជាក់ថា “ទោះជាយ៉ាងណា ផលប៉ះពាល់ជាអវិជ្ជមានមកលើកំណើនសេដ្ឋកិច្ចគ្រាន់តែជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ ហើយរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ ២០២១”។

GDP របស់ម៉ាឡេស៊ី ត្រូវបានរំពឹងថានឹងកើនឡើងចន្លោះពី ៦,៥% ទៅ ៧,៥% ក្នុងឆ្នាំ២០២១ ដោយសារស្ថានភាពល្អប្រសើរឡើងនៅក្នុងកំណើនសេដ្ឋកិច្ចសកលលោក និងពាណិជ្ជកម្មអន្តរជាតិ៕

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំឯកសារស្នើដាក់បញ្ចូលប្រាសាទកោះកេរទៅជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការ UNISCO

រដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំឯកសារស្នើដាក់បញ្ចូលប្រាសាទកោះកេរទៅជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការ UNISCO ខណៈពេលដែលបច្ចុប្បន្ន ក្រសួងវប្បធម៌កំពុងសហការជាមួយអ្នកជំនាញការជាតិ-អន្តរជាតិដើម្បីរៀបចំឯកសារ ហើយនឹងដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក ស្រី ភឿង សកុណា បានបញ្ជាក់ពីគម្រោងនៃការស្នើសុំខាងលើនេះនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ដែលបានរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ជាមួយលេខាធិការដ្ឋានរៀបចំរបស់អាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា រួមជាមួយបណ្តាប្រទេសជាសមាជិកចំនួន ៥ ទៀត ដូចជាប្រទេសប៊ែលហ្ស៉ិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក។

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា “ក្រសួងវប្បធម៌កំពុងសហការជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិ ដើម្បីរៀបចំឯកសារដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ”។

កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ ២១១ ហើយបើធ្វើដំណើរពីទីរួមខេត្តព្រះវិហារមានចម្ងាយ ៤៩ គីឡូម៉ែត្រប៉ុណ្ណោះ។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី «ឆោកគគ៌្យរ» របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ៕

រដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធអាជីវកម្មទេសចរណ៍គ្រប់ប្រភេទរហូតដល់ខែមីនា ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តនូវវិធានការជុំទី៧ ដើយធ្វើការលើកលែងការបង់ពន្ធអាជីវកម្មសេវាកម្ម និងទេសចរណ៍គ្រប់ប្រភេទរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយសម្រួល និងទ្រទ្រង់ដល់វិស័យទេសចរណ៍ឱ្យនៅរក្សាបានភាពល្អប្រសើរ។

បន្ទាប់ពីពិនិត្យ និងថ្លឹងថ្លែងទៅលើស្ថានភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទាំងក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី៧ក្នុងគោលបំណងរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចក្រោយបញ្ចប់វិបត្តិមួយនេះ។

នៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋាភិបាលបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែបន្ថែមទៀត រាប់គិតចាប់ពីខែមករារហូតដល់ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។
អាជីវកម្មទាំងអស់ដូចបានរៀបរាប់ខាងលើនេះ នៅតែបន្តមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម(E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើកលែងការបង់ពន្ធនេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានបន្តអនុវត្តការលើកលែងការបង់ពន្ធប៉ាតង់ និងពន្ធលើស្លាកយីហោ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត។ អ្នកជាប់ពន្ធទាំងនេះ មានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពប៉ាតង់។

ដោយឡែកសម្រាប់អ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍រួមមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២០យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២១ ប៉ុន្តែមិនតម្រូវឱ្យបង់ពន្ធនោះទេ៕

ក្រុមហ៊ុនចិនទទួលបានកម្ចី៤៥លានដុល្លារដើម្បីអភិវឌ្ឍគម្រោងថាមពល៦០ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Risen Energy ដែលមានមូលដ្ឋាននៅប្រទេសចិន បានចុះ

ហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន រយៈពេលវែងដែលមានតម្លៃ៤៥លានដុល្លារ ដើម្បីគាំទ្រគម្រោងថាមពលពន្លឺព្រះអាទិត្យ (សូឡា)៦០មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ជាមួយក្រុមហ៊ុន DEG របស់ប្រទេសអា

ល្លឺម៉ង់ធនាគារវិនិយោគអឺរ៉ុប (និងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អឺរ៉ុបចំនួន១១)និងមជ្ឈមណ្ឌ​​លអាកាសធាតុអន្តរកម្ម SA (ICCF) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្រុមហ៊ុនរីសថាមពល។ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន។

ក្រុមហ៊ុនRisen Energyបានឱ្យដឹងថា វាគឺជាក្រុមហ៊ុនចិនតែមួយគត់នៅក្នុងឧស្សាហកម្មនេះ ដែលទទួលបានហិរញ្ញប្បទានគម្រោងពីDEG និងEBRD ដែលវាបង្ហាញពីសមត្ថភាពហិរញ្ញប្បទានអន្តរជាតិដ៏រឹងមាំ។

ភាពជោគជ័យរបស់ខ្លួនក្នុងការធានាហិរញ្ញប្បទាន សម្រាប់គម្រោងនៅកម្ពុជា បង្ហា​ញពីដំណាក់កាលរីកចម្រើនថ្មី របស់ក្រុមហ៊ុននៅក្នុងទីផ្សារកម្ពុជា ក៏ដូចជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងការបណ្តាក់ទុនទីផ្សារក្រៅប្រទេសរបស់ខ្លួន។

អនុប្រធាន DEG សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងថាមពលនៅអឺរ៉ាស៊ី លោកFelix Busse បាននិយាយថា DEG ពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការដើរតួនាទីយ៉ាងសកម្ម ក្នុងការជួយកម្ពុជាឆ្ពោះទៅរកអនាគតថាមពលកកើតឡើងវិញ។

លោកបន្តថា  “គម្រោងនេះនឹងក្លាយជាស្ថានីយ៍ ថាមពលពន្លឺព្រះអាទិត្យដ៏ធំដំបូងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយសារការសហការប្រកបដោយជោគជ័យ ជាមួយក្រុមហ៊ុនRisen Group”៕

រដ្ឋាភិបាលកូរ៉េកំពុងសិក្សាគម្រោងអភិវឌ្ឍន៍ប្រែក្លាយខេត្តប៉ៃលិនឱ្យមានភាព រីកចម្រើនលឿន

ដោយៈ រ៉ាណេត

ប៉ៃលិនៈ រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា(KOICA) បាននិងកំពុងលើកផែនការសិក្សា គម្រោងប្រែក្លាយខេត្តប៉ៃលិនពីតំបន់ជម្រុកសង្គ្រាម ឱ្យទៅជាខេត្តមួយដែលមានភាពរីកចម្រើន និងអភិវឌ្ឍន៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

តំណាងKOICA ប្រចាំប្រទេសកម្ពុជា លោ រ៉ូ ហ៊ុនជុន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិន ដើម្បីធ្វើការសិក្សាពីគម្រោងកែប្រែតំបន់សង្រ្គាម ឱ្យប្រែក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍។

លោករ៉ូ ហ៊ុនជុន បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើតមាគ៌ា សម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿននៅតាមមូលដ្ឋាន ដើម្បីដោះស្រា​យបញ្ហាប្រឈមក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។ ទីតាំងរបស់គម្រោងនេះ គឺស្ថិតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ។

ក្រុមការងាររួមរបស់ KOICA នឹងចុះទៅពិនិត្យទីតាំងគម្រោងសំខាន់ៗ ដែលស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើការត្រួតពិនិត្យស្ថានភាពនៃការអនុវត្ត និងផែនការសកម្មភាពរកឃើញនូវគន្លឹះសំខាន់ៗ របស់ក្រុមការងារការិយាល័យKOICA ប្រ​ចាំ​នៅកម្ពុជា នឹងរាយការណ៍ជូនទៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីធ្វើការជ្រើសរើសគម្រោងអាទិភាពមួយ ដូចជា វិស័យអប់រំ កសិកម្ម អភិវឌ្ឍជនបទ និងសុខាភិបាល សម្រាប់អនុវត្តន៍នៅឆ្នាំ២០២១ ហើយប្រសិនបើគម្រោងនេះជាប់ ក្នុងការជ្រើសរើស គម្រោ​ងនឹងត្រូវអនុវត្តន៍ នៅក្នុងប្រទេសកម្ពុជារយៈពេល៦០ខែ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក។

អភិបាលរងខេត្តប៉ៃលិន លោកហែម ឬទ្ធី រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា តាមរយៈការជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលនេះគឺជាការពង្រឹងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

លោកបន្តថា “តាមរយៈគម្រោងនេះ នឹងជួយរកទីផ្សារឱ្យកសិករជាកន្លែងផ្តល់ព័ត៌​មានទាក់ទងអំពីរទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញត្រូវការ និងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ ជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។

ខេត្តប៉ៃលិន មានផ្ទៃដីសរុប ១០៦២គីឡូម៉ែតការេ មានប្រជាជនចំនួន ៦៧៥៧៣នាក់ ក្នុងនោះស្រីចំនួន ៣៥០៤៦នាក់ ហើយវិស័យដែលមានសក្តានុពលបំផុតរបស់ខេត្ត គឺវិស័យកសិកម្ម និងទេសចរណ៍៕

ដំណឹងល្អៈរដ្ឋាភិបាលបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិកនៅឆ្នាំ២០២១

ដោយៈវិស្សុត

ភ្នំពេញៈ ដំណឹងល្អសំរាប់ឆ្នាំ២០២១ខាងមុខនេះ ដោយរដ្ឋាភិបាលបានសម្រេចលើកលែងបន្ទុក វិស័យឯកជននិងពលរដ្ឋបន្ថែមទៀត ក្នុងនោះពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ក៏ត្រូវបានបន្តលើកលែងរហូតដល់ដំណាច់ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី វិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិនៃជងឺកូវីដ១៩ ជុំទី០៧ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ ថ្លឹងថ្លែង និងផ្លាស់ប្តូរយោបល់លើស្ថានភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងស្រុក រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី៧ ក្នុងគោលបំណង បន្តដាក់ចេញ និងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ និងបន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតនៃវិបត្តិជំងឺកូវីដ១៩ ។

យោងតាមសេចក្តីប្រកាសដដែលនេះបានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះ ដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារអាមេរិក ដោយគិតពីខែមករា ឆ្នាំ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលចុះបញ្ជីនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានអំពាវនាវ ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឱ្យពលរដ្ឋអាចមានលទ្ធភាពក្នុងការទិញផ្ទះស្នាក់នៅ។

កន្លងមករាជរដ្ឋាភិបាលក៏បានប្រកាសផងដែរ ពីការពន្យារពេលក្នុងការអនុវត្តពន្ធលើចំណេញមូលធន ដល់ដើមឆ្នាំ២០២២ផងដែរ ។ អ្នកជំនាញនៃវិស័យអចលនវត្ថុបានសាទរនូវវិធានការណ៍ និងការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់វិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល នឹងអាចជួយស្រោចស្រង់ដល់វិស័យអចលនទ្រព្យ ដែលរងគ្រោះដោយសារតែកូវីដ១៩បានមួយកម្រិតទៀត ហើយនឹងជួយដល់ពលរដ្ឋម្ចាស់អចលនទ្រព្យ ក្នុងការទិញលក់អចលនទ្រព្យក្នុងពេលវិបត្តិផងដែរ ៕

រដ្ឋាភិបាលសម្រេចផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន២ក្នុងការរុករករ៉ែ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖
ក្នុងចំណោមបណ្ដាក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែនៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី មានក្រុមហ៊ុនចំនួន២ ដែលត្រូវបានជ្រើសរើសជាក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិអាទិភាពដើម្បីបន្តអនុវត្តនីតិវិធីក្នុងការផ្ដល់អាជ្ញាបណ្ណស្វែងរុករកធនធានរ៉ែ។

តាមរយៈសេចក្ដីជូនដំណឹងដែលចេញដោយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ស្ដីពីការប្រកាសលទ្ធផលក្រុមហ៊ុនដែលត្រូវបានជ្រើសរើសដើម្បីបន្តអនុវត្តនីតិវិធីក្នុងការផ្ដល់អាជ្ញាបណ្ណស្វែងរុករករ៉ែចំនួន១ទីតាំងក្នុងខេត្តត្បូងឃ្មុំ និងចំនួន១ទីតាំងនៅខេត្តរតនគិរី។
ទីតាំង និងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណក្នុងការរុករករ៉ែទាំង២រួមមានដូចខាងក្រោម ៖
១. ស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានទំហំ១០៧,១០ គីឡូម៉ែត្រក្រឡាគឺក្រុមហ៊ុន រុឺនេសង់ មីនើរ៉ល (ខេមបូឌៀ) លីមីធីត (RENAISSANCE MINERALS (CAMBODIA) LIMITED)។

២. ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលមានទំហំ១០០ គីឡូម៉ែត្រក្រឡា គឺក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌៀ) អ៉ិនវេសមិន ឯ.ក (ORIGINAL WISDOM CONSULTING SERVICES (CAMBODIA) INVESTMENT CO, LTD)។

តើ​កម្ពុជា​ប្រើប្រាស់​ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យ​ប៉ុន្មាន​ប្រភេទ និង​មាន​សុពលភាពផ្លូវច្បាប់​ខុសគ្នា​បែបណា?

ដោយ​គង់ សូរិយា

ភ្នំពេញៈ ដោយសារ​កម្ពុជា​មានកា​រ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ញឹកញាប់ បានធ្វើ​ឲ្យ​ការចេញ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​គ្រប់គ្រង​អចលនទ្រព្យ ឬ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​មាន​ច្រើន​ប្រភេទ ទៅតាម​របប​និមួយៗ ប៉ុន្តែ​តើ​ប័ណ្ណ​ទាំងនោះ​មាន​សុពលភាព​ផ្លូវច្បាប់​បែបណា?។

គេហទំព័រ Propertyarea.asia បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នកជំនាញ និង​អ្នក​ប្រឡូក​ក្នុង​វិស័យនេះ​ជាច្រើន​ឆ្នាំ។

ការគ្រប់គ្រង​តាមរយៈ​ប័ណ្ណ​សម្គាល់ ឬ​វិញ្ញាបនបត្រ​គ្រប់គ្រង​អចលនទ្រព្យ​នៅ​កម្ពុជា ពិត​ជាមាន​ច្រើន​ប្រភេទ​នៅ​កម្ពុជា ដែល​ប័ណ្ណ​ឬ​វិញ្ញាបនបត្រ​ទាំងនោះ​មាន ដូចជា ទី១ ចន្លោះ​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៨៥ កម្ពុ​ជាមាន​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ ដែល​គេ​ហៅថា “ប័ណ្ណ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា” ។ ប័ណ្ណ​ប្រភេទ​នេះ នៅ​បន្សល់​ទុកតិ​ត​ច​តួច​ប៉ុណ្ណោះ ក្នុងករណី​ម្ចាស់​ដី​មិន​ផ្លាស់ប្តូរ​ប័ណ្ណ និង​ភាគច្រើន​ស្ថិតនៅ​តំបន់​ជនបទ​ដាច់ស្រយាល។

ទី២ គិត​ចាប់ពី​កំឡុង​ឆ្នាំ១៩៨៥ ដល់​ដើម​ទសវត្សរ៍១៩៩០ កម្ពុជា​បាន​ផ្លាស់ប្តូរ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​អចលនទ្រព្យ​ថ្មី​មួយទៀត ដែល​គេ​និយម​ហៅថា “ប័ណ្ណ​ស្លាបមាន់” ដែល​ប័ណ្ណ​ប្រភេទ​នេះ នៅតែមាន​ការប្រើប្រាស់រ​ហូត​ដល់​បច្ចុប្បន្ននេះ​ផងដែរ។ ទី៣ ប្លង់​កាន់កាប់​ឬ​គ្រប់គ្រង​អចលនទ្រព្យ ដែលមាន​ការចេញ​ឲ្យ​ប្រើប្រាស់​កំឡុង​ឆ្នាំ១៩៩៣ មកដល់​បច្ចុប្បន្ន (ហៅថា​ប្លង់​ទន់) ដែល​ប័ណ្ណ​ប្រភេទ​នេះ​មានការ​ពេញនិយម ប្រើប្រាស់​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ននេះ។

ប័ណ្ណ​ប្រភេទ​នេះ មានការ​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​មូលដ្ឋាន​ឃុំ សង្កាត់ និង​តាម​បណ្តា​ស្រុក​នានា។

ទី៤ បច្ចុប្បន្ន​មាន​ប័ណ្ណ​មួយទៀត ដែល​ហៅថា​ប្លង់​រ៉ឹង ឬ​វិញ្ញាបនបត្រ​ដែលមាន​ការទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត។ ប័ណ្ណ​នេះ​មាន​ពីរ​យ៉ាង ដែល​ខ្លះ​គេ​ហៅថា L MAP និង​ខ្លះទៀត​ហៅ​ប័ណ្ណ​បំបែក​ក្បាលដី។

រហូតមកទល់​ពេលនេះ ដើម្បី​ទប់ស្កាត់​ទំនាស់​ដីធ្លី និង​ប័ណ្ណ​និមួយៗមាន​សុពលភាព​ផ្លូវច្បាប់ គឺ​ពេល​ចុះ​វាស់វែង​ដីធ្លី តែងតែមាន​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​ចូលរួម ទោះជា​ធ្វើ​ប្លង់​ឬ​ប្លង់​រ៉ឹង​ក៏ដោយ។

“ប័ណ្ណ​ទាំង៥ប្រភេទ​ខាងលើនេះ​សុ​ទ្ឋ​តែមាន​សុពលភាព​ផ្លូវច្បាប់ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ហានិភ័យ​ពី​ការរំលោភបំពាន​ដីធ្លី អ្នកកាន់កាប់​អចលនទ្រព្យ​ដែលមាន​ប្លង់​របប​សាធារណៈរដ្ឋ ប័ណ្ណ​ស្លាបមាន់ និង​ប្លង់​ទន់​គួរតែរៀបចំ​ឯកសារ​រ​បស់​ខ្លួន ដើម្បី​ស្នើសុំ​ធ្វើ​ប្លង់​រ៉ឹង ដែលមាន​ការទទួលស្គាល់​ពី​មន្ទីរ និង​ក្រសួង​ជំនាញ​ជាក់លាក់។ លោក​បន្តថា ការកាន់កាប់​អចលនវត្ថុ​អ្វីមួយ ដែលមាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ច្បាស់លាស់​ពី​សំណាក់​អាជ្ញាធរ​ជំនាញ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នាពេល​អនាគត” ។

ទោះជា​យ៉ាងណា​បច្ចុប្បន្ននេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាននិងកំពុង​បញ្ជូន​មន្ត្រី​ជំនាញ​របស់ខ្លួន ចុះ​ធ្វើ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដីធ្លី​ថ្មី ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ ឃុំ​នៃ​បណ្តា​រាជធានី ខេត្ត​ទាំង២បណ្តើរៗហើយ៕