តើអ្វីទៅជាតម្លៃស្នូលរបស់សាលាអន្តរជាតិ ចុង អុីង ក្នុងការនាំសិស្សឲ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត

0

ដោយ: គង់ សូរិយា

ភ្នំពេញៈ គោលដៅសិក្សាច្បាស់លាស់ពិតជាមានសារៈសំខាន់ណាស់ ដែលមាតាបិតាត្រូវគិតគូរសម្រាប់បុត្រធីតា ព្រោះថាវាជាព្រលឹងនៃការអប់រំឆ្ពោះទៅកាន់ភាពជាបុគ្គលជោគជ័យ និងជាអ្នកដឹកនាំដ៏ល្អនាពេលអនាគត។

ជាមួយនឹងទស្សនវិស័យ បេសកកម្មច្បាស់លាស់ សាលាអន្តរជាតិ ចុងអុីង បានប្រកាន់យកគតិពេចន៍ “កសាងអនាគតអ្នកដឹកនាំសម្រាប់ពិភពលោក” ជាត្រីវិស័យបង្ហាញទិសដ៏សំខាន់សម្រាប់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

លោកសេង វណ្ណារិទ្ធ ស្ថាបនិក និងជាអគ្គនាយកសាលាអន្តរជាតិ ចុងអុីង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សាលាអន្តរជាតិ ចុងអុីង មិនត្រឹមតែជាថ្នាលអប់រំស្តងដារអន្តរជាតិនោះទេ ថែមទាំជាកន្លែងកសាងធនធានមនុស្សឲ្យក្លាយជាអ្នកដឹកនាំថែមទៀតផង ដោយយើងជឿជាក់ថា មានតែអ្នកដឹកនាំទេ ដែលអាចជួយខ្លួនឯង ជួយគ្រួសារ ជួយសហគមន៍ និងជួយពិភពលោកឲ្យមានភាពរីកចម្រើន និងសន្តិភាព។

លោកបន្តថា “ដើម្បីសម្រេចទស្សនវិស័យ បេសកកម្ម និងគតិពេចន៍ សាលាអន្តរជាតិ ចុងអុីង បានបង្កើតវប្បធម៌នៃការអប់រំមួយដ៏ល្អ តាមរយៈតម្លៃស្នូលចំនួន៩គឺ សុវត្ថិភាព បរិស្ថាន សុខភាព វិន័យ សីលធម៌ ក្តីស្រឡាញ់ សប្បាយរីករាយ គុណភាព និងភាពជាអ្នកដឹកនាំ”។

លោកក៏បានបកស្រាយលើតម្លៃស្នូលនីមួយៗ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

តម្លៃស្នូលទី១៖ សុវត្ថិភាពរបស់សិស្សានុសិស្ស ព្រោះលោកជឿថាលោកឳពុក អ្នកម្តាយបញ្ជូនកូនចៅមកសាលា ដើម្បីចង់ឲ្យកូនរៀនចេះ មានអនាគតល្អ ក៏ប៉ុន្តែមុននឹងទទួលបានអ្វីៗទាំងអស់នេះ គឺត្រូវមានសុវត្ថិភាពជាអាទិភាព។ អញ្ចឹងយើងត្រូវថែរក្សាសិស្សានុសិស្សរបស់យើងឲ្យដូចគ្រាប់ពេជ្រ មិនឲ្យមានអ្វីកើតឡើងដល់ពួកគាត់នោះទេ ពោលគឺយើងថែរក្សាបុត្រធីតារបស់គាត់ឲ្យបានល្អបំផុត។

តម្លៃស្នូលទី២៖ បរិស្ថានជាអ្វីដែលយើងយកចិត្តទុកដាក់បំផុតផងដែរ ព្រោះថាបន្ទាប់ពីសុវត្ថិភាព គឺយើងផ្តោតលើបរិស្ថានដែលមានអនាម័យ ធ្វើឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរបស់យើងមានផាសុកភាព អារម្មណ៍ល្អ កម្លាំងកាយ និងកម្លាំងចិត្តខ្ពស់ក្នុងការផ្ទេរ និងទទួលយកចំណេះដឹង។

តម្លៃស្នូលទី៣៖ យើងផ្តោតលើសុខភាពជាពិសេស។ គណៈគ្រប់គ្រងសាលាអន្តរជាតិ ចុងអុីង បានប្រឹក្សាជាមួយវេជ្ជបណ្ឌិតផ្នែកចំណីអាហារ  ដើម្បីធានាថាកុមារមានសុខភាព និងរាងកាយលូតលាស់បានល្អ ពោលគឺការញាំអាហារពោរពេញដោយអាហារូបត្ថម្ភត្រឹមត្រូវ។  សិស្សានុសិស្សត្រូវញាំទឹកដោះគោឆៅ ទឹកផ្លែឈើស្រស់ និងអាហារផ្សេងៗដែលធ្វើឲ្យសុខភាពល្អ និងកាយរឹងមាំ។

តម្លៃស្នូលទី៤៖ សិស្សានុសិស្សសិក្សានៅសាលាអន្តរជាតិ ចុងអុីង ត្រូវតែគោរព និងមានវិន័យខ្ជាប់ខ្ជួន។ វិន័យត្រូវតែតឹងរឹង ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រលាញ់របស់យើង។

តម្លៃស្នូលទី៥៖ សីលធម៌គឺជាសកម្មភាពទាំងឡាយណា ដែលវៀរចាកឆ្ងាយពីអំពើអបាយមុខ អំពើអាក្រក់។ យើងអប់រំសិស្សានុសិស្សរបស់យើងឲ្យធ្វើតែអំពើល្អ ពោលគឺកាយល្អ វាចាល្អ និងចិត្តល្អ។

តម្លៃស្នូលទី៦៖ មនុស្សមួយចំនូនអប់រំឲ្យបុត្រធីតាពូកែ ជោគជ័យ តែមិនបានអប់រំពីក្តីស្រឡាញ់។ អញ្ចឹងគាត់ចេះដឹងមែន តែគាត់មិនសូវមានក្តីស្រឡាញ់។ មាតាបិតា អ្នកអាណាព្យាបាលមួយចំនួនបានសំដែងនូវការបារម្ភខ្លាំងនៅពេលដែលកូនបានទៅបន្តការសិក្សានៅក្រៅប្រទេស។ ពេលពួកគេទៅរស់នៅសម្របខ្លួនតាមជនជាតិគេ បែរជាព្រងើយកន្តើយនឹងឪពុកម្តាយ មិនសូវមានក្តីស្រលាញ់ចំពោះឪពុកម្តាយ ប៉ុន្តែបើសិនជាពួកគេរៀននៅ ចុងអុីង មិនមានបញ្ហានេះទេ គឺយើងបណ្តុះនូវក្តីស្រលាញ់ កត្តញ្ញូចំពោះឪពុកម្តាយ និងប្រទេសរបស់ខ្លួន។

តម្លៃស្នូលទី៧៖ សេចក្តីរីករាយ មានន័យថាគណៈគ្រប់គ្រងសប្បាយរីករាយក្នុងការបំពេញការងារ បុគ្គលិកសប្បាយក្នុងការអនុវត្តការងារ នោះនឹងនាំឲ្យកូនសិស្សរបស់យើងសប្បាយក្នុងការក្រេបជញ្ជក់យកចំណេះដឹង។ ភាពសប្បាយរីករាយមានសារៈសំខាន់ណាស់ ហេតុនេះយើងបណ្តុះឲ្យអ្នកនៅទីនេះ មានភាពសប្បាយរីករាយ គឺសប្បាយដោយធម៌ មិនមែនសប្បាយដោយអបាយមុខនោះទេ។

តម្លៃស្នូលទី៨៖ គុណភាពជាលទ្ធផលរំពឹងទុករបស់យើង។ គណៈគ្រប់គ្រងត្រូវដឹកនាំឲ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ បុគ្គលិកបំពេញការងារឲ្យមានគុណភាព។ លោកគ្រូ អ្នកគ្រូបង្រៀនសិស្សឲ្យមានគុណភាព។ សិស្សានុសិស្សរៀនឲ្យមានគុណភាព។ អាណាព្យាបាលជាអាណាព្យាបាលមានគុណភាព។

លោកសេង វណ្ណារិទ្ធ បានបន្តថា “ឪពុកម្តាយដឹកដៃស្តាំ គ្រូដឹកដៃឆ្វេង ដើម្បីឲ្យកូនរបស់គាត់ទៅកាន់ទីកន្លែង ដែលឪពុកម្តាយ លោកគ្រូ អ្នកគ្រូចង់ឲ្យបុត្រធីតា សិស្សានុសិស្សរបស់ពួកគាត់ចង់ឲ្យគាត់ទៅដល់”។ លោកបន្តថា “ហេតុនេះនៅ ចុងអុីង មិនមែនបង្រៀនតែកូនសិស្សទេ គឺបង្រៀនអ្នកពាក់ព័ន្ធទាំងអស់ ដោយយកចិត្តទុកដាក់បំផុតដូចជា បង្រៀនគណៈគ្រប់គ្រងឲ្យចេះបំពេញការងារក្នុងភាពជាគណៈគ្រប់គ្រងរបស់សាលា។  បង្រៀនលោកគ្រូ អ្នកគ្រូឲ្យចេះបង្រៀនសិស្សានុសិស្សប្រកបដោយគរុកោសល្យខ្ពស់។ បង្រៀនកូនសិស្សឲ្យចេះរៀន ព្រោះយើងមិនបង្រៀនតែមុខវិជ្ជាទេ តែចំណុចកំពូលនៃការបង្រៀនគឺឲ្យគាត់ចេះរៀន ចូលចិត្តរៀន និងចុងក្រោយគឺយើងបង្រៀនទាំងអាណាព្យាបាលសិស្ស ព្រោះនៅទីនេះយើងមានមេរៀនបង្រៀនអាណាព្យាបាលអំពីភាពជាគ្រូជំនួយ ភាពជាអាណាព្យាបាលឆ្នើម ដើម្បីជួយកូនឲ្យទទួលបានជោគជ័យ។

លោកសេង វណ្ណារិទ្ធបានពន្យល់ថា បើមានតែការជួយពីសាលារៀន ឪពុកម្តាយមិនជួយ មិនខិតខំ ទោះបីសាលារៀនធ្វើបានល្អបែបណាក៏ដោយ ក៏បានតែ៥០ភាគរយទេ ដោយសារឪពុកម្តាយដែលបានផ្តល់កំណើតគឺជាគ្រូទី១ សាលារៀនគឺជាគ្រូទី២  ហើយពេលចេញទៅបំពេញការងារក្នុងសង្គម មេ ឬថ្នាក់ដឹកនាំរបស់គាត់គឺជាគ្រូទី៣។

លោកបន្តថា “អញ្ចឹងបើកូនសិស្សរបស់យើងមានសំណាងបានកើតក្នុងគ្រួសារដែលមានឪពុកម្តាយល្អ បានរៀននៅសាលាដែលមានលោកគ្រូ អ្នកគ្រូល្អ ហើយបានបំពេញការងារនៅកន្លែងដែលមានមេដឹកនាំល្អក្នុងថ្ងៃអនាគតគឺជាសំណាងរបស់គាត់ ហើយគាត់នឹងទទួលបានជោគជ័យក្នុងជីវិត”។

តម្លៃស្នូលទី៩៖ យើងទាំងអស់គ្នានៅទីនេះត្រូវតែមានភាពជាអ្នកដឹកនាំ ទាំងគណៈគ្រប់គ្រង លោគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់។

លោកសេង វណ្ណារិទ្ធ បានបញ្ជាក់ចុងក្រោយថា “ទាំងនេះជាតម្លៃស្នូលរបស់សាលាអន្តរជាតិ ចុងអុីង ដែលយើងហ៊ានធានាថា យើងនឹងធ្វើឲ្យកូនៗ សិស្សានុសិស្សរបស់យើងទៅដល់កន្លែងដែលគាត់ចង់ទៅដល់។ យើងជួយពួកគាត់ឲ្យជោគជ័យនៅក្នុងជីវិត ប៉ុន្តែជោគជ័យកម្រិតណា និងបែបណា អាស្រ័យលើតម្រូវការ និងវិថីដែលពួកគាត់ជ្រើសរើសប្រកបដោយក្រមសីលធម៌”៕

LEAVE A REPLY

Please enter your comment!
Please enter your name here