ការដ្ឋាន​សំណង់​មួយចំនួន​នៅក្នុង​ខណ្ឌទួលគោក​បាន​ផ្អាក​ដំណើការ​បណ្តោះអាសន្ន

ដោយ​វុត្ថា

ភ្នំពេញៈ ការដ្ឋាន​សំណង់​មួយចំនួន​នៅក្នុង​ខណ្ឌទួលគោក នៃ​រាជធានី​ភ្នំពេញ បាន​ផ្អាក់​ដំណើរ​សាងសង់​ជា​បណ្តោះអាសន្ន ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​ការដ្ឋាន​សំណង់​ទាំងនេះ អាច​នឹង​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​ងឺ​កូ​វិដ១៩ នេះ​មាន​ភាព​ធូរស្រាល។


ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​នៃ​ខណ្ឌទួលគោក​លោក សោម សម្បត្តិ បាន​ប្រាប់​គេហទំព័រ Propertyearea.asia នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០នេះ​ថា វិស័យ​សំណង់​នៅក្នុង​ខណ្ឌទួលគោក ត្រូវបាន​សាងសង់ឡើង​ស្របទៅនឹង​ប្លង់គោល​ប្រើប្រាស់​របស់​រាជធានី​ភ្នំពេញ  ហើយ​ក្នុង​រយៈពេល​ល​មួយ​ឆ្នាំនេះ​បានធ្វើឱ្យ​ការដ្ឋាន​មួយចំនួន បាន​ផ្អាក​ដំណើរការ​សាងសង់​ជា​បណ្តោះអាសន្ន។

លោក​ថ្លែងថា “វិស័យ​សំណង​នៅក្នុង​ខណ្ឌ​នេះ មាន​សន្ទុះ​គួរឱ្យកត់សម្គាល់​ក្នុងរយៈពេល​កន្លងមកនេះ ប៉ុន្តែ​ការ​រដ្ឋា​ន​សំណង់​មួយចំនួន ក៏បាន​ផ្អាក​ទៅវិញ​អស់​ដែរ។ វា​បាន​មួយ​ប្រាវ ប្រៀប​ដូច​ត្រូវ​ខ្យល់​អីចឹង​ដែរ” ។ លោក​បន្ថែមថា “ខណ្ឌទួលគោក​នេះ បើ​ធៀប​ជាមួយនឹង​វិស័យ​ណង់ នៅក្នុង​ខណ្ឌផ្សេងៗនៅក្នុង​រាជធានី​ភ្នំពេញ គឺ​ទៅ​មិន​រួច​នោះទេ ព្រោះ​មាន​សំណង់​ខ្លះ បានត្រឹមតែ​សាង​ហើយ​ផ្អាក​ដំណើរការ មិន​ទៅមុខ​នឹង​គេ” ។

បើតាម​លោក សោម សម្បត្តិ បញ្ជាក់ទៀតថា  ការដ្ឋាន​សំណង់​ដែលមាន​កំពស់​ចាប់ពី​ប្រាំ​ជាន់ឡើង នៅក្នុង​ខណ្ឌទួលគោក​នា​ពេលបច្ចុប្បន្ន​នេះ មាន​ចន្លោះ​ពី៣០ទៅ ៤០ការដ្ឋាន​សំណង់​ដែរ ប៉ុន្តែ​ការដ្ឋាន​មួយចំនួន​បាន​ផ្អាក​សាងសង់​ជា​បណ្តោះអាសន្ន ។

លោក​រំពឹងថា នៅ​ឆ្នាំក្រោយ​បន្ទាប់​ស្ថានភាព​ពិភពលោក មាន​ភាព​ធូ​ស្រាល​ពី​ជំងឺ​កូ​វីដ ១៩ ការដ្ឋាន​សំណង់​ទាំងអស់ ដែលមាន​ការផ្អាក​សាង​សង់ នឹងត្រូវ​ចាប់ផ្តើម​ឡើងវិញ ព្រោះ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​អាចធ្វើ​ដំណើរ និង​មក​បណ្តាកទុន​វិ​ន​យោគ​កាន់តែច្រើន​បន្ថែមទៀត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​ធ្លាប់បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា តំបន់​ទួលគោក​បាន និង​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម (CBC) ខណៈ​ពីមុន​តំបន់​នេះ ត្រឹមតែ​ជា​តំបន់​លំនៅដ្ឋាន​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​អាគារ​ពាណិជ្ជកម្ម និង​ខុន​ដូខ្ពស់ៗកំពុង​រត់​ប្រជែង​គ្នា និង​កើន​កំពស់​ជា​រៀងរាល់ថ្ងៃ។

លោក​បន្តថា “បច្ចុប្បន្ន​មាន​គំរោង​ខុន​ដូ​ប្រមាណ២០ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​កំពុង​សាងសង់​នៅ​តំបន់​នេះ ហើយ​តម្លៃ​ខុន​ដូ​បើ​គិត​ជា​ម៉ែត្រការ៉េ គឺមាន​តម្លៃ​ចន្លោះ​ពី១៨០០ដល់៣០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ” ៕

ចំណេះដឹង! តើ​អ្វី​ជា​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈឆ្នាំ២០១៩-២០២៣?

ដោយៈ វុត្ថា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ បានសម្រេច​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធ​សាស្ត្រ​ស្តីពី ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ២០១៩-២០២៣ ។

យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង បំណុល​សាធារណៈ​ឆ្នាំ២០១៩ – ២០២៣ នេះ ត្រូវបាន​រៀបចំឡើង អនុលោម​តាម​បរិការណ៍​ជាក់ស្តែង​របស់​កម្ពុជា និង​ឧ​ត្ត​មា​នុ​វត្ត​ជា​អន្តរជាតិ ដោយ​ទី១ ពិនិត្យ​លើ​វឌ្ឍនភាព នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្តីពី ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៥ – ២០១៨ ។

ទី២ វិភាគ​លើ​ហានិភ័យ បញ្ហា​ប្រឈម និង​កាលានុវត្តភាព នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​កម្ពុជា ហើយនឹង ដាក់ចេញ​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង បរិការណ៍​ថ្មី​នៃ​សេដ្ឋកិច្ច ដែល​កាន់តែ​រីកលូតលាស់ និង​មាន​ភាពស្មុគស្មាញ​ជាង​មុន សំដៅ​រួមចំណែក​ក្នុងការ​បង្កើនល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ឆ្ពោះទៅ​សម្រេច​បង្គោល​ចរ​ឆ្នាំ២០៣០ និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ។

“យុទ្ធសាស្ត្រ​ស្តីពី ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ២០១៩-២០២៣” ផ្តោតលើ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែលជា​គោលការណ៍​គន្លឹះ នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​រួមមាន ១) ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន។ ២) ខ្លី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់។ ៣) ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម។

៤) ប្រើប្រាស់​ឥណទាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព, ប្រសិទ្ធភាព, និង​ស័ក្ដិសិទ្ធិ​ភាព​ខ្ពស់បំផុត។

សម្រាប់​គោលការណ៍​គន្លឹះ​ទី៥មួយទៀត គឺ​ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព ទាំង​ការគ្រប់គ្រង​បំណុល​សាធារណៈ និង​ទាំង​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ គឺ«ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ត្រូវមាន​ស្តង់ដា និង​គុណភាព​ខ្ពស់ ស្របតាម​គោលការណ៍ នៃ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការអភិវឌ្ឍ​ជាតិ​នៅក្នុង​ដំណាក់កាល​ថ្មី ពិសេស​ធានាបាន​នូវ​ចីរភាព​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ៕

ក្រុមហ៊ុន​សឹង្ហ​បុរី GIC បោះទុន ៧៥០លាន​ដុល្លារ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យនៅ​ប្រទេស​ឥណ្ឌា

ដោយ​វុត្ថា

សឹង្ហ​បុរីៈ ក្រុមហ៊ុន​សឹង្ហ​បុរី GIC នឹង​បោះទុន វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៧៥០លាន​ដុល្លារ​អាមេរិក ក្នុងការ​ចាប់ដៃ​គូ​វ​ជាមួយ​ក្រុមហ៊ុន ESR ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​ប្រភេទ ឧស្សាហកម្ម និង​ភ័ស្តុភារ​នៅក្នុង​ប្រទេស​ឥណ្ឌា។

យោងតាម​គេហទំព័រ www.pionline.com បានឱ្យដឹងថា ក្រុមហ៊ុន GIC នឹង​កាន់កាប់​ភាគហ៊ុន៨០ភាគរយ នៃ​ការបណ្តាក់ទុន​ទាំងមូល។ ចំណែក​ក្រុមហ៊ុន ESR គឺជា​ប្រភេទ​អចលនទ្រព្យ ដឹកជញ្ជូន​មានតម្លៃ២៦,៥ពាន់​លាន​ដុល្លារ ដែល​ផ្តោតលើ​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក។

គេហទំព័រ​ដដែល​បន្ត​ថា ការបណ្តាក់ទុន​រួមគ្នា​នេះ​នឹង កាន់កាប់​កន្លែង​ឧស្សាហកម្ម និង​ភ័ស្តុភារ​ឧស្សាហកម្ម នៅក្នុង​ស្ថាប័ន​លំដាប់​ខ្ពស់ និង​ទំនើប ។ ក្រុមហ៊ុន​ទាំងពីរ​នេះ​ក៏​នឹង​ទទួលបាន​អចលនទ្រព្យ​ស្នូល​ផងដែរ នៅក្នុង​ទីក្រុង​លំដាប់​ទី១ និង​ទី២របស់​ប្រទេស​ឥណ្ឌា។

លោក Kishore Gotety សហប្រធាន​នៃ​ក្រុមហ៊ុន GIC ឱ្យដឹងថា ក្រុមហ៊ុន GIC បាន​វិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌា អស់​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍ ហើយ​ការវិនិយោគ​នេះ គឺជា​សក្ខីភាព​នៃ​ទំនុកចិត្ត​របស់​ក្រុមហ៊ុន ចំពោះ​សក្តានុពល​រយៈពេល​វែង​នៃ​ទីផ្សារ​នេះ។

លោក Kishore Gotety បន្តថា ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បន្ត​នៅក្នុង​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល​វែង ដែល​ត្រូវបាន​ពង្រឹង​ដោយ​ការកើនឡើង នៃ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ត្រូវបាន​គេ​រំពឹងថា នឹង​ជំរុញ​តម្រូវការ​ដ៏​ខ្លាំងក្លា សម្រាប់​ទ្រព្យសម្បត្តិ​ឧស្សាហកម្ម​និង​ភ័ស្តុភារ។ នេះ​ត្រូវបាន​គាំទ្រ​បន្ថែមទៀត ដោយ​ការ​សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរ​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​កម្រិត​ទំនេរ​ទាប។

លោក​ពន្យល់ថា ការបណ្តាក់ទុន​រួមគ្នា​នេះ មាន​ទីតាំង​ល្អ​ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​កាត់ដេរ​ទាំងនេះ នាំយក​ទ្រព្យសម្បត្តិ​ថ្នាក់​ស្ថាប័ន ចូលទៅក្នុង​ទីផ្សារ​នេះ​និង​បង្កើត​ផលចំណេញ​ត្រឡប់មកវិញ។ កិច្ចព្រមព្រៀង​នេះ គឺ​ស្ថិតនៅក្រោម​ការអនុម័ត​បទ​ប្បញ្ញត្តិ។

ក្រុមហ៊ុន GIC មិនបាន​បង្ហាញ​ពី​ទំហំ នៃ​ផលប័ត្រ​វិនិយោគ​របស់ខ្លួន​នោះទេ ប៉ុន្តែ​តាម​ការប៉ាន់ស្មាន​មានតម្លៃ​ច្រើនជាង ៤០០ពាន់​លាន​ដុល្លារ។ មូលនិធិ​នេះ​មានការ​បែងចែក៧ភាគរយ ដល់​អចលនទ្រព្យ​គិត​ត្រឹម​ថ្ងៃទី ៣១ ខែមីនា នៅ​ឆ្នាំ ២០២១ ដោយមាន​ទ្រព្យសកម្ម១៩ភាគរយ​ដែល​វិនិយោគ​នៅ​អាស៊ី៕

ហេដ្ឋារចនាសម្ព័ន្ធ​ល្អ៖ ផ្លូវជាតិ​លេខ១ ទាក់ទាញ​អ្នកវិនិយោគ​សាងសង់​បុរី​កាន់តែច្រើន

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ ផ្លូវជាតិ​លេខ១ បាននិងកំពុង​ទាក់ទាញ​ការវិនិយោគ​បុរី​កាន់តែច្រើន ដែល​បច្ចុប្បន្ន​សំណង់​បុរី លំនៅដ្ឋានធំៗមិន​ក្រោម១០នោះទេ បាននិងកំពុង​វិនិយោគ​នៅ​តំបន់​នេះ។

លោក​អាន រ៉ា​ឌី អគ្គនាយក​ក្រុមហ៊ុន​បុរី​មង្គល​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា បុរី​មង្គល​ភ្នំពេញ បាននិងកំពុង​វិនិយោគ​សាងសង់​គំរោង​ទី៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ហើយ​ការសម្រេចចិត្ត​មក​វិនិយោគ​នៅ​តំបន់​នេះ ដោយសារ​តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​ដ៏​សំខាន់​នេះ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ មាន​សាលារៀន មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ។

លោក​បន្តថា “តំបន់​នេះ​បានផ្តល់​បរិយាកាស​រស់​នៅ​យ៉ាង​ល្អប្រសើរ ដោយមាន​ទន្លេ​នៅ​អម​សងខាង មាន​សេវាកម្ម​រថយន្ត​សាធារណៈ​របស់​រដ្ឋ ដែល​ផ្តល់​ឲ្យ​អ្នករស់នៅ​តំបន់​នេះ​មាន​ភាពងាយស្រួល​និង​ផាសុខភាព” ។

អគ្គនាយក​ក្រុមហ៊ុន KFA លោក​ឧកញ៉ា​នួន រិទ្ធី បាន​មានប្រសាសន៍ថា បន្ទាប់ពី​ការពង្រីក​ផ្លូវជាតិ​លេខ១ បានបញ្ចប់ សកម្មភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ​សេវាកម្ម​នានា​នៅតាម​បណ្តោយ​ផ្លូវ​នេះ​កើនឡើង ដោយសារ​កត្តា​ភូមិសាស្ត្រ កៀក​នឹង​កណ្តាល​ក្រុងភ្នំពេញ កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ​កើនឡើង សេវាសាធារណៈ​កាន់តែ​ប្រសើរ លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​ល្អ ដោយសារ​មាន​ទន្លេ​អម​សងខាង និង​សណ្ឋាន​ដី​ល្អប្រសើរ​ផងដែរ។

លោក​បន្តថា “ដោយសារ​ជា​តំបន់​មាន​សក្តានុពល ងាយ​ស្រូល​រស់នៅ កៀក​នឹង​រាជធានី​ភ្នំពេញ និង​ផ្លូវជាតិសំខាន់ៗដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ និង​ការពង្រីក​កំពស់​ផែ​ភ្នំពេញ នឹងធ្វើ​ឲ្យ​តំបន់​ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ១ នឹងមាន​ការរីកចម្រើន​លឿន​បន្ថែមទៀត​នាពេល​អនាគត” ៕

ការនាំចេញ​របស់ PPSP សម្រេចបាន​ទំហំ​ទឹកប្រាក់ ៥៤៧លាន​ដុល្លារ​ក្នុងរយៈពេល ១១ខែ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការនាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) មាន​ទំហំ​ទឹកប្រាក់ ៥៤៧លាន​ដុល្លារ ក្នុង​រយៈពេល ១១ខែ​ឆ្នាំនេះ កើនឡើង ១៣,៧ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ PPSP កាលពីថ្មីៗនេះ។

របាយការណ៍​បានឱ្យដឹង​ទៀតថា និ​យោ​ជិ​ក​សរុប​បាន​កើនឡើង​ពី ២១.០០០នាក់ ដល់២៦.០០០ នាក់ គិត​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា។

គិត​ត្រឹម​ថ្ងៃនេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន និង​កំពុង​ទទួលយក​វិនិយោគិន​ជាង៣០នាក់ មកពី​ប្រទេស​ជប៉ុន​ចិន និង​បណ្តា​ប្រទេស​ផ្សេងទៀត មក​អគារ​រោងចក្រ​ជួល។ក្នុងចំណោម ក្រុមហ៊ុន​បុត្ត​សម្ព័ន្ធ​របស់ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ Maru-T Ohtsuka (អ្នក​ផលិត​ឧបករណ៍​គូរគំនូរ) Sumi Wiring Systems (អ្នក​ផលិត​ខ្សែរ​រថយន្ត) Taiyo Kogyo អ្នក​ផលិត​ជាដើម។

អ្នកជំនាញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​បានលើកឡើង​ថា “ការវិនិយោគ​ក្នុងស្រុក និង​វិនិយោគ​មកពី​បរទេស​នៅ​កម្ពុជា នៅ​ដំណើរការ​ជាធម្មតា ដោយ​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះឡើយ ពោលគឺ​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​បន្ត​អនុវត្ត​ការងារ​ជាធម្មតា” ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​បាន​អនុគ្រោះ និង​មានការ​យល់យោគ​ខ្ពស់​ជំរុញ​លើកទឹកចិត្ត ដើម្បី​ឲ្យ​ក្រុមហ៊ុន រោងចក្រ សហគ្រាស មានឱកាស​ពង្រឹង​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន។

ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០ PPSP មាន​ចំណូល​សរុប​ចំនួន ១០.២២៨.៨៧៧ ពាន់​រៀល កើនឡើង​ជាង​ត្រីមាស​ទី៣ ឆ្នាំ២០១៩ ចំនួន ១.៦៧១.៦២៥ពាន់​រៀល ស្មើនឹង ១៩,៥៣% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន១.០៨៨.៧៦១ ពាន់​រៀល កើនឡើង​ចំនួន ៤.២១១.៨៧៤ ពាន់​រៀល​ស្មើនឹង ១៣៤,៨៦%បើ​ធៀប នឹង​ត្រីមាស​ទី៣ ឆ្នាំ២០១៩ ។

នៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្ម​សរុប​រប​ស់​ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី​មាន​ចំនួន៣៨៧.៤៥៦.២៦៨ ពាន់​រៀល កើនឡើង​ចំនួន ៥.១០៧.១៦៤ ពាន់​រៀល ស្មើនឹង១,៣៤% និង​មូលធន​សរុប មាន​ចំនួន ២៤៤.១១៨.២០៦ ពាន់​រៀល កើនឡើង​ចំនួន ៣.៦៧៧.៨០៣ ពាន់​រៀល ស្មើនឹង ១,៥៣% ៕

ភាគខាងកើតក្រុងភ្នំពេញចាប់ផ្តើមពង្រីកសក្តានុពល ខណៈបុរីធំៗជាច្រើននឹងបង្ហាញវត្តមាននាពេលខាងមុខ

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ តំបន់ភាគខាងកើតក្រុងភ្នំពេញ ដែលបានដេកលក់អស់រយៈពេលជាច្រើ​នឆ្នាំ បាននិងកំពុងចាប់ផ្តើមកំរើកជាថ្មី ជាមួយនឹងដំណឹងនៃការសាងសង់ស្ពានមិត្តភាព​កម្ពុជា កូរ៉េនាពេលខាងមុខ។

ជាមួយភូមិសាស្រ្តអំណោយផល ដោយមានដងទន្លេព័ទ្ឋជុំវិញ តំបន់ស្វាយជ្រុំ និងអរិយក្សត្របាននិងកំពុងរះឡើង ជាមួយនឹងគំរោងបុរីជាច្រើនបានចាប់ផ្តើមរីកចម្រើននៅតំបន់នេះរួចហើយ ហើយបុរីធំៗជាច្រើនទៀត ដូចជា បុរីប៉េង ហួត បុរីអ័រគីដេ បុរីពិភពថ្មីជាដើម បានទិញដីនៅតំបន់នេះរួចហើយ។

បើផ្អែកលើផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គំរោងអចលនទ្រព្យធំៗជាច្រើន នឹងបង្ហាញវត្តមាននៅតំបន់នេះ នៅរយៈពេលចន្លោះពី២ឆ្នាំទៅ៣ឆ្នាំខាងមុខ។

សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានតាមដានការវិវត្ត នៃសេដ្ឋកិច្ចសង្គមបានមានប្រសាសន៍ថា តាមរយៈផែន​ការអភិវឌ្ឈន៍ជាបន្តបន្ទាប់របស់រដ្ឋាភិបាល ការកសាងទីក្រុងថ្មីកោះនរា គំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ និងផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ ដែលនឹងសាងសង់កាត់តំបន់នេះ បានធ្វើឲ្យតំបន់ភាគខាងកើតក្រុងភ្នំពេញលេចឡើងយ៉ាងរសរវើកនារយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ។

លោកបន្តថា “គ្រាន់តែប្រធានាធិបតីកូរ៉េប្រកាសជួយសាងសង់ស្ពាន បានធ្វើឲ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃរួចទៅហើយ ខណ

ៈស្ពានមិនទាន់សាងសង់ផង”។លោកបន្តថា “នៅពេលស្ពានចាប់ផ្តើមសាងសង់ តំបន់នេះនឹងរីកចម្រើន ហើយគំរោងធំៗនឹងបង្ហា​ញ​វត្តមានដូចរដូវផ្ការីកមិនខាន”។

លោកយិន លាងគង់បានបន្តថា ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗ បាននិងកំពុងជំរុញការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានលើកឡើងថា អភិវឌ្ឍន៍៍ខាងលិច កុំភ្លេចខាងកើតកាលពីប៉ុន្មានឆ្នាំមុន ដែលជាលទ្ឋផលគឺតំបន់ភាគខាងកើតបាន និងកំពុងរះឡើងជាមួយសក្តានុពលដ៏សម្បើម៕

 

គម្រោងអភិវឌ្ឍតំបន់កម្សាន្តនានាក្នុងខេត្តកំពតកំពុងជំរុញតម្លៃអចលនទ្រព្យ កើនឡើងជាបន្តបន្ទាប់

ដោយៈ រ៉ាណេត

កំពតៈ ជាមួយនឹងការទាញយកផលចំណេញ ពីការបង្កើតគម្រោងអភិវឌ្ឍន៍ជាតំបន់កម្សាន្ត និងផ្ទះលំហែរកាយនៅក្នុងខេត្តកំពត បានក្លាយជាចលករមួយដ៏សំខាន់ក្នុងការជំរុញឱ្យតម្លៃអចលនទ្រព្យ ជាពិសេសទីផ្សារដីធ្លីមានការកើនឡើងជាបន្តបន្ទាប់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ខេត្តកំពតនៅពេលបច្ចុប្បន្ន មានគម្រោងសាងសង់សំណង់បម្រើឱ្យវិស័យទេសចរណ៍ជាច្រើនគម្រោង ដែលក្នុងនោះភាគច្រើនមាននៅតំបន់ក្បែរភ្នំ ក្បែរមាត់ព្រែកជាដើម។

លោកបញ្ជាក់ថា “នៅក្នុងឆ្នាំ២០២០នេះ យើងមានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដមែន ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍វិស័យសេវា និងសំណង់ដែលបំរើឱ្យវិស័យទេសចរណ៍ នៅក្នុងខេត្តកំពតនៅតែមានជារៀងរាល់ថ្ងៃ”។ លោកបន្តថា “យើងសង្កេតឃើញថា សំណង់ដែលសាងសង់រួចរាល់ និងសំណង់ដែលកំពុងសាងសង់ មានការរីកដុះដាលច្រើនទាំងនៅក្នុងក្រុង និងនៅតាមដងព្រែកនៃខេត្តកំពត” ។

លោកឧកញ៉ា នួន អក ម្ចាស់គម្រោងអភិវឌ្ឍតំបន់កម្សាន្តធម្មជាតិ និងកែច្នៃដ៏ធំប្រចាំខេត្តដែលមានឈ្មោះថា «កំពតឋានសួគ៌» បានប្រសាសន៍ថា នៅក្នុងខេត្តកំពតនេះ មានគម្រោងអភិវឌ្ឍន៍សំណង់លម្ហែកាយ គម្រោងបង្កើតតំបន់លំហែរជាច្រើន នៅតែដំណើរការ និងមានការកើនឡើងជាបន្តបន្ទាប់។

លោកឧកញ៉ាបានបន្តថា “សម្រាប់តែគម្រោងកំពតឋានសួគ៌ ដែលកំពុងបន្តសកម្ម​ភាពសាងសង់ទៅតាមផែនការមេ បានក្លាយទៅគម្រោងដ៏ធំ និងលេចធ្លោជាងគេនៅក្នុងខេត្ត ដោយសារតែការរចនាប្លង់ និងទីតាំងរបស់គម្រិងស្ថិតនៅតំបន់ ដែលមានសក្ដានុពល”។ លោកឧកញ៉ាបន្តថា “ បច្ចុប្បន្នក្រុមការងារជំនាញបាន និងកំពុងរៀបចំនូវទីតាំងកម្សាន្តប្លែកៗជាច្រើន ដែលក្នុងនោះរួមមាន ដូចជា ទីតាំងជិះទូកកម្សាន្តតាមមាត់ព្រែក កន្លែងថតរូបអនុស្សាវរីយ៍ តំបន់សួនផ្កាចំរុះ ជាពិសេសសួនផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយលើកដំបូងប្រចាំខេត្តកំពត ដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង”។

លោកឧកញ៉ាបានបន្តថា “តាមរយៈភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ ជាពិសេសភាពអំណោយផលពីធម្មជាតិ ទៅលើវិស័យទេសចរណ៍ ខ្ញុំជឿជាក់ថានៅថ្ងៃអនាគតខាងមុខដ៏ខ្លីនេះ”។លោកបន្តថា“ខេត្តកំពតនឹងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជាក់ជាមិនខាន ខណៈដែលបច្ចុប្បន្ននេះមានអ្នកវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនចំណាយដើមទុនជាច្រើនលានដុល្លារលើការវិនិយោគ និងកែច្នៃជាតំបន់កម្សាន្តបែបធម្មជាតិជាច្រើនទីតាំង” ។

គម្រោងអភិវឌ្ឍន៍ កំពតឋានសួគ៌ ស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មួយនេះគឺមានទំហំធំធេង និងត្រូវបានបែងចែកជាតំបន់កម្សាន្តផ្សេងៗ គ្នាជាច្រើន មិនតិចជាង៥នោះទេ ដូចជា តំបន់កម្សាន្តសួនផ្កាឈូករ័ត្ន តំបន់កម្សាន្ត និងលំហែរព្រៃកោងកាង ព្រៃអំពិលអំពែក ភោជនីយដ្ឋាន តំបន់ផ្ទះលំហែរ និងសណ្ឋាគារ ដែលនៅថ្ងៃអនាគត អាចសាងសង់រហូតដល់ប្រមាណ១០០០បន្ទប់។

អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា នៅតំបន់ណាក៏ដោយ នៅពេលដែលមានគម្រោងអភិវឌ្ឍន៍តំបន់នោះតែងតែជំរុញឱ្យតម្លៃដីធ្លីកើនឡើងថ្លៃ ទាស់ត្រង់ឡើងតិច ឬច្រើនតែប៉ុណ្ណោះ ដែលអាស្រ័យទៅលើទំហំ និងប្រភេទនៃគម្រោង ជាពិសេសសកម្មភាពនៃការអភិវឌ្ឍ។

លោកស្រីបានបញ្ជាក់ថា “មិនថាចំពោះតែគម្រោងអភិវឌ្ឍលំនៅដ្ឋាន បែបលំហែរកាយ ឬគម្រោងអភិវឌ្ឍន៍តំបន់កម្សាន្តនោះទេ គឺសុទ្ធតែជាចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យតម្លៃដីឡើងថ្លៃទាំងអស់”៕

លោកច្រឹក សុខនីមជាប់ឆ្នោតជាថ្មីសំរាប់សមាគមCVEAអាណត្តិទី៧

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ លោកច្រឹក សុខនីម បានជាប់ឆ្នោតជាប្រធានសមាគមអ្នកវាតម្លៃ និងភ្នាក់ងារអចលនទ្រព្យ(CVEA)ជាថ្មី សំរាប់អាណត្តិទី៧ ឆ្នាំ២០២០ ២០២២ខាងមុខនេះ។

សមាគមគមវ័យចំណាស់នេះ បានប្រារពមហាសន្និបាត និងបោះឆ្នោតជ្រើសរើសប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាលអាណ្តិតថ្មី នៅល្ងាចថ្ងៃទី២៣ ធ្នូនេះ ដោ​យមានការចូលរួមពីសមាជិក សមាជិការជាច្រើន។

 

លោកច្រឹក សុខនីមបានទទួលលទ្ឋផលឆ្នោត ផ្តល់សេចក្តីទុកចិត្តចំនួន៤៩សម្លេង

នាំមុខលោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនTown City Real Estate ដែលបានទទួលសម្លេងឆ្នោតចំនួន៤៧សម្លេង៕

ផ្លូវថ្នល់ចំនួន៧ខ្សែ ក្នុងខេត្តកែប ចាប់ផ្តើមបើកការដ្ឋានសាងសង់

ដោយ ៖ វុត្ថា

កែប ៖ កំណាត់ផ្លូវ DBST ក្នុងក្រុងកែបចំនួន៧កំណាត់ ដែលមានប្រវែងសរុប៣,៣៨២ម៉ែត្រ រួមជាមួយនឹងសំណង់សិល្បៈការ្យបានចាប់ផ្តើមបេីកការដ្ឋានសាងសង់ហើយ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូន និងបង្កើនសោភ័ណភាពនៅទូទាំងក្រុងកែប។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍នៅក្នុងពិធីបេីកការដ្ឋាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា នៅក្នុងផែនការមេរបស់រដ្ឋបាលខេត្ត នឹងត្រូវស្ថាបនា និងស្ដារធ្វើឱ្យល្អប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តក្នុងនាមជាគោលដៅទេសចរណ៍កម្រិតខ្ពស់ប្រចាំប្រទេសកម្ពុជា។

លោកអភិបាលខេត្តបានបញ្ជាក់ថា “ដេីម្បីជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន១ ខ្សែ និងជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBSTចំនួន៧កំណាត់ខ្សែមានប្រវែង៣,៣៨២ម៉ែត្រ និងសំណង់សិល្បៈការ្យមួយចំនួនតាមបណ្តោយផ្លូវនៅមូលដ្ឋានភូមិកែប សង្កាត់កែប នេះគឺជាចំណងដៃថ្មីមួយទៀត ដេីម្បីជូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វេីដំណេីរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សា ។

លោកបានបន្តទៀតថា “ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ ប្រទេសជាតិមានសុខសន្តិភាពនេះហេីយ ទេីបរដ្ឋបាលខេត្តមានឱកាសអភិវឌ្ឍន៍មូលដ្ឋានគ្រប់ទីកន្លែង”។

លោកបន្តថា “កំណាត់ផ្លូវដែលនឹងជួសជុលនៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកែបបានផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងការធ្វេីដំណេីរ និងបញ្ចៀសការកកស្ទះចរាចរ ជាពិសេសដើម្បីភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តំបន់នេះមានភាពងាយស្រួល ។ ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅតែបន្តឥតឈប់ឈរ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសេីរឡេីង។ ជាមួយគ្នានេះផងដែរលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋសូមមានការយោគយល់ចំពោះផលប៉ះដែលកេីតឡេីងពីការជួសជុលនេះ”៕

SUN DOORពង្រីកផលិតផកម្ម និងផ្តល់សេវាកម្មទ្វារ ពិដានដល់ម្ចាស់គំរោងលំនៅដ្ឋាន និងបុរីកំពុងកើនឡើង

ដោយគង់ សូរិយា

កំពង់ស្ពឺៈ ក្រុមហ៊ុន SUN DOOR ផលិត និងផ្គត់ផ្គង់ពិដាន និងទ្វារ PVC នៅពេលបច្ចុប្បន្ន បាននិងកំពុងពង្រីកទីផ្សារកាន់តែទូលាយ លើផលិតផលខាងលើនេះ ពិសេស​ក្រុមហ៊ុនបានផ្តល់សេវាកម្មដំឡើងទ្វារ ពិដានដល់ម្ចាស់គំរោងលំនៅដ្ឋាននិងបុរីនានាប្រកបដោយភាពឆាប់រហ័ស និងមានសោភ័ណភាពខ្ពស់។

ជាផលិតផលផលិតក្នុងស្រុក ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យាមកពីបរទេស ក្រុមហ៊ុនផលិតទ្វារនិងពិដានSun Door PVC ម៉ាក SUNDOOR បាននិងកំពុងទទួលបានការគាំទ្រពីអ្នកវិនិយោគសំណង់លំនៅដ្ឋាន បុរី ខុនដូ និងអាផាតម៉ិននានាយ៉ាងច្រើន។

កម្ពុជានាពេលបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព សោភ័ណភាព និងភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ការបំពាក់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពល្អ មិនរីករួម ស្រក អាចកម្មង់ទំហំទៅតាមតម្រូវការបែបទំនើបទាន់សម័យ។

អ្នកតំណាងក្រុមហ៊ុនSUNDOOR បានបញ្ជាក់ថា នៅក្នុងរយៈពេលដ៏ខ្លីនៃកិច្ចដំណើ​រការផ្គត់ផ្គង់ផលិតផល ក្នុងវិស័យសំណង់នៅកម្ពុជាកន្លងទៅនេះ ខ្សែសង្វាក់ផលិត​កម្មរបស់ក្រុមហ៊ុនបានប្រព្រឹត្តទៅយ៉ាងរលូន ខណៈដែលក្រុមហ៊ុនមានការតាំងចិត្តខ្ពស់ជាមួយនឹងការខិតខំប្រឹងប្រែង ក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅ នៃភាពជោគជ័យយ៉ាងត្រចះត្រចង់។

គោលបំណងចម្បងរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះ គឺចាំបាច់បំផុត ធ្វើគ្រប់មធ្យោ​បាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្តក្រុងនានា នៅទូទាំងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផលថ្មីៗ ប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំនើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168៕