ដោយៈ លក្ខិណា
ភ្នំពេញៈ យោងតាមអនុក្រឹត្យមួយ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តន៍ ក្នុងឆ្នាំ២០២១នេះ ឃើញរដ្ឋាភិបាលសម្រេចបន្ធូរបន្ថយ អត្រាអាករពិពេសលើប្រភេទរថយន្តមួយចំនួន។
នេះគឺជាការចង់បានរបស់អ្នកនាំចូលរថយន្តថ្មីៗ មកកាន់ទីផ្សារកម្ពុជា ហើយរំពឹងថា ការនាំចូលរថយន្តថ្មីៗមកកាន់ទីផ្សារប្រទេសកម្ពុជា នឹងកើនឡើងមួយកម្រិត ក្នុងឆ្នាំ២០២១។
លោកងន សាំងអគ្គនាយកក្រុមហ៊ុនអ អិម អេខេមបូឌា បានថ្លែងប្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា យោងតាមការប្រកាស របស់រដ្ឋាភិបាលក្នុងការបន្ធូបន្ថយពន្ធ អាករពិសេសនេះ នឹងធ្វើឱ្យតម្លៃរថយន្តលក់លើទីផ្សារ ក្នុងប្រទេសនឹងធ្លាក់ចុះបានមួយកម្រិត ហើយនឹងធ្វើឱ្យប្រជាជនកម្ពុជា មានលទ្ធភាពទិញរថយន្តថ្មីៗកាន់តែច្រើន ដូច្នេះក្នុងឆ្នាំ២០២១នេះ ទីផ្សាររថយន្តថ្មីនៅក្នុងប្រទេសកម្ពុជារំពឹងថា នឹងមានកំណើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះក្នុងឆ្នាំ២០២០កន្លងទៅ ដោយសារតែកូវីដ១៩។
លោកបន្តថា “ថ្វីត្បិតតែរដ្ឋាភិបាលមិនបានបន្ធូបន្ថយពន្ធ លើរថយន្តគ្រប់ប្រភេទក្ដី តែក៏បានត្រឹមរថយន្តលក្ខណៈគ្រួសារ ( រថយន្ត SUV) ក៏វានឹងជួយដល់វិស័យឧស្សាហកម្មយានយន្តមួយកម្រិតផងដែរ ដែលនឹងជំរុញឱ្យការប្រើប្រាស់រថយន្តថ្មី នៅក្នុងប្រទេសកម្ពុជា បានកើនឡើងមួយកម្រិតទៀតដែរ”។
លោកងន សាំងបានថ្លែងថា យើងចង់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន មានលទ្ធភាពក្នុងការប្រើប្រាស់រថយន្តថ្មី ព្រោះរថយន្តថ្មីៗ វាមានសុវត្ថិភាព មិនបង្កគ្រោះថ្នាក់ និងមិនចំណាយច្រើនក្នុងការថែទាំ ឬក៏ជួសជុល ដូច្នេះបើសិនជាពន្ធត្រូវបានកាត់បន្ថយ នោះតម្លៃរថយន្តថ្មីនឹងធ្លាក់ចុះ ហើយពលរដ្ឋនឹងមានលទ្ធភាព ទិញរថយន្តប្រើប្រាស់កាន់តែច្រើន។
លោកបន្តថា កាលពីប៉ុន្មានឆ្នាំមុន ទីផ្សាររថយន្តថ្មី នៅកម្ពុជា មានប្រមាណតែជាង១០ភាគរយប៉ុណ្ណោះ តែចូលដល់ឆ្នាំ២០២០កន្លងទៅ ទីផ្សាររថយន្តថ្មីៗ មានប្រមាណជាង២០ភាគរយ ដែលជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យរថយន្តថ្មីនៅកម្ពុជា ហើយយើងអាចរំពឹងថាអត្រានៃអ្នកប្រើប្រាស់រថយន្តថ្មីៗ នឹងមានកំណើនថែមទៀតនៅឆ្នាំបន្តបន្ទាប់។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា មុខទំនិញរថយន្ត រថយន្តគ្រួសារ ដែលជារថយន្តប្រើថាមពលប្រេងសាំង ឬហ្គាសនិងរថយន្តប្រភេទ Hybrid ចំនួនបន្ទាត់ ត្រូវបានបន្ធូបន្ធយអត្រាអាករពិសេសពី៣០ភាគរយ មកនៅត្រឹម២០ភាគរយ បញ្ចុះអត្រាអាករពិសេស ពី៦០ភាគរយនៅត្រឹម៥០ភាគរយ លើមុខំនិញរថយន្តប្រើថាមពលប្រេងសាំង ឬហ្គាសឬប្រេងម៉ាស៊ូត និងរថយន្តប្រភេទHybrid ចំនួន២៣១បន្ទាត់ពន្ធ បញ្ចុះពី៦៥ភាគរយ មក៥០ភាគរយ លើមុខទំនិញជារថយន្តប្រភេទHybrid ចំនួន២០បន្ទាត់ពន្ធនិងពី៧០ភាគរយ មកនៅ៥៥ភាគរយលើមុខទំនិញ ជារថយន្តប្រើថាមពលប្រេងសាំង ហ្គាសឬប្រេងម៉ាស៊ូត ចំនួន៣០បន្ទាត់ពន្ធ និងបញ្ចុះជាច្រើនបន្ទាត់ពន្ធទៀតផងដែរ៕