គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន៣៥ភាគរយហើយ

ដោយ ៖ វុត្ថា

សៀមរាប ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បាន និងកំពុងសម្រុកសកម្មភាពសាងសង់យ៉ាងមមាញឹក ដើម្បីអាចបញ្ចប់ទៅតាមគម្រោង និងផែនការដែលបានគ្រោងទុក ខណៈដែលបច្ចុប្បន្នលទ្ធផលសម្រេចបានប្រមាណ៣៥ភាគរយ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា គម្រោងសាងសង់អាកាសយានដ្ឋានលំដាប់អន្តរជាតិមួយនេះបានសម្រេចបានចំនួន៣៥ហើយ ដែលនឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ខាងមុខ ។

លោកបានបន្តថា “រយៈពេលនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបមួយនេះ គ្រោងចំណាយពេល៣៦ខែ រាប់គិតចាប់ពីថ្ងៃបើកការដ្ឋានតាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ដោយក្រុមហ៊ុនជំនាញ Angkor International Airport Investment (Cambodia) Co., Ltd. ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៏សង្គមប្រកបដោយចីរភាព។

នៅក្នុងក្នុងបេសកម្មនៃការសាងសង់ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltdបានដាក់ផែនការចំនួន៤ រួមមានទី១ ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule)។ ទី២ រាយការណ៏ អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progress in 2020)។ ទី៣ ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និង
៤ វិធានការត្រួតពិនិត្យ និងការបង្ការជម្ងឺឆ្លង កូវិដ១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល ( Pandemic Prevention and Control) ៕

រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការលើសំណង់ប៉ះពាល់គម្រោងសាងសង់ផ្លូវល្បឿនលឿន

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានធ្វើការជូនដំណឹង និងព្រមានម្ចាស់សំណង់ទាំងឡាយណាដែលមិនព្រមរុះរើសំណង់ប៉ះពាល់គម្រោងសាងសង់ផ្លូវល្បឿនលឿន ដោយដាក់កំណត់ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ជាកំហិត ត្រូវតែអនុវត្តជាចាំបាច់។

តាមរយៈការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលប៉ះពាល់ទៅនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនមានចំនួន៤៩គ្រួសារ ដែលបានចូលទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើតាំងពីឆ្នាំ២០០២ ក្នុងភូមិពូធឿង ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។

នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនស្ថាបនាផ្លូវល្បឿនលឿនអាចដំណើរការសាងសង់ និងឈានទៅបញ្ចប់គម្រោងតាមផែនការដែលបានគ្រោងទុក សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់ត្រូវរុះរើសំណង់របង ដំណាំ ឬសំណង់ផ្សេងៗចេញពីទីតាំងដោយខ្លួនឯងឱ្យបានរួចរាល់មុនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ជាកំហិត ។ ក្នុងករណីដែលមិនរុះរើដូចសេចក្ដីណែនាំ កម្លាំងរដ្ឋបាលស្រុកនឹងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវទៅលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិនោះឡើយ។

ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ។

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩ គីឡូម៉ែត្រ។

តាមគម្រោងផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការវិនិយោគផ្លូវនេះ តាមរូបភាពសាងសង់-អាជីវកម្ម និងផ្ទេរ (BOT) ជំនួសវិញ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ដោយចំណាយពេលវេលាតិច និងឆាប់រហ័ស៕

សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍នឹងមានកំណើនដូចសភាពដើមវិញនៅចុងឆ្នាំ២០២១

ដោយ៖ ប៊ី

អន្តរជាតិ៖ វិធានការបិទទ្វារប្រទេស និងគម្លាតសង្គមត្រូវបានព្យាករថា ជារារាំងដល់កំណើនសេដ្ឋកិច្ចរបស់ពិភពលោកនៅឆ្នាំនេះ ខណៈកំណើនសេដ្ឋកិច្ចនិងសកម្មភាពពាណិជ្ជកម្មនឹងវិលទៅរកសភាពដើមវិញនៅមុនចុងឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Malay Mail នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

ការសិក្សារបស់វិទ្យាស្ថានអង់គ្លេសនិងវែល (ICAEW) បានឱ្យដឹងនៅថ្ងៃនេះថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ទំនងជាត្រូវបានរារាំងដោយវិធានការគម្លាតសង្គម ប៉ុន្តែការរឹតបន្តឹងនេះនឹងត្រូវបានបន្ធូរបន្ថយនៅឆ្នាំក្រោយ ដោយសារប្រទេសមួយចំនួននៅក្នុងតំបន់ អាចទទួលបានចាក់វ៉ាក់សាំងបានយ៉ាងឆាប់រហ័ស។
ការសិក្សាបានឱ្យដឹងថា “ភាពមិនប្រាកដប្រជានៅតែមាន ហើយប្រទេសជាច្រើននឹងចំណាយពេលដើម្បីស្តារការបាត់បង់សេដ្ឋកិច្ចរបស់ខ្លួន។ ហានិភ័យត្រូវបានកាត់បន្ថយ ដោយសារនឹងព័ត៌មានវិជ្ជមានថ្មីៗស្តីពីវ៉ាក់សាំង និងចក្ខុវិស័យកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានរំពឹងទុកថានឹងកើតឡើងក្នុងរយៈពេលមធ្យម និងវែង”។

របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយពី Oxford Economics ដែលដឹកនាំស្រាវជ្រាវដោយវិទ្យាស្ថាន ICAEW បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបនៅអាស៊ីអាគ្នេយ៍នឹងធ្លាក់ចុះ៤,១ភាគរយ នៅឆ្នាំ២០២០ មុនពេលការស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់៦,២ភាគរយ នៅឆ្នាំ២០២១។

វិទ្យាស្ថាននេះបានឱ្យដឹងទៀតថា របាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចបានរកឃើញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ នៅតែបន្តពឹងផ្អែកលើការបន្ធូរបន្ថយលើការរឹតត្បិតការបិទទ្វារប្រទេស សន្ទុះនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងការចែកចាយវ៉ាក់សាំងកូវីដ១៩។

ដូច្នេះ វឌ្ឍនភាពលើការចាក់វ៉ាក់សាំងនឹងក្លាយជាឧបករណ៍វាស់ស្ទង់ដ៏សំខាន់មួយសម្រាប់កំណើននៅឆ្នាំ២០២១ ហើយសេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញ នៅពេលវ៉ាក់សាំងត្រូវបានចែកចាយគ្រប់គ្រាន់៕

សភាពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ត្រៀមចុះហត្ថលេខាជំរុញកំណើនវិនិយោគ និងពាណិជ្ជកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី គ្រោងនឹងមានការរៀបចំឱ្យមានកិច្ចចុះហត្ថលេខារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង២ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពណាិជ្ជកម្មកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងនៃការរៀបចំឱ្យមានកិច្ចចុះហត្ថលេខារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មប្រទេសអូស្ត្រាលីនេះគឺមានយូរហើយ ប៉ុន្តែនៅមិនទាន់បានអនុវត្តនៅឡើយ។

លោកឧកញ៉ាបានបន្តថា “ក្នុងគោលដៅពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ កាលពីពេលកន្លងទៅនេះយើងបានចុះហត្ថលេខានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិកកាលពីអំឡុងខែវិច្ឆិកាកន្លងមករួចហើយ។ ជាជំហានបន្ទាប់អាចនឹងឈានដល់ការចុះហត្ថលេខារវាងសភាពាណិជ្ជកម្មខាងមុខនេះ ខណៈដែលកម្ពុជាក៏មានបំណងដាក់ស្ថាប័នតំណាងធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសអូស្ត្រាលីផងដែរ”។

លោកបានបញ្ជាក់ថា “ក្រោយកិច្ចចុះហត្ថលេខា យើងអាចនឹងមានការចរចាបន្តទៅលើការដោះស្រាយបញ្ហារាំងស្ទះមួយចំនួនទៅលើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ ពោលគឺធ្វើយ៉ាងណារកវិធីដែលអាចទទួលបាននូវរីកចម្រើនទាំងវិស័យឯកជន ទាំងរដ្ឋាភិបាលនៃប្រទេស”។

លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា “សម្រាប់ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសអូស្ត្រាលីកាលពីពេលកន្លងទៅនេះគឺនៅមានកម្រិតនៅឡើយ ដោយក្នុងនោះផលិតផលដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីរួមមានដូចជា សម្លៀកបំពាក់ បរិក្ខាអគ្គិសនី សម្ភារៈប្រើប្រាស់ និងផលិតផលកសិផលផងដែរ ខណៈដែលការនាំចូលមកពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជាវិញរួមមានដូចជាគ្រឿងបរិក្ខាពេទ្យ ផលិតផលកសិកម្ម និងគ្រឿងតុបតែងផងដែរ”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា លឹម ហេង ក៏បានបង្ហាញពីក្ដីរំពឹងនឹងអាចឈានដល់ការចរចាលើកិច្ចព្រមព្រៀងព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ផងដែរ៕

តំបន់ព្រែកឯង ខណ្ឌច្បារអំពៅក្លាយជាបណ្តុំបូរីលំនៅដ្ឋានកម្រិតមធ្យម

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខណ្ឌច្បារអំពៅ ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងសកម្ម ក្នុងវិស័យ​សំណង់ ជាពិសេសផ្នែកលំនៅដ្ឋាន បាននិងកំពុងបន្តដល់តំបន់ព្រែកឯង ដែលមានគម្រោងបុរីយ៉ាងច្រើន រហូតដល់ប្រមាណ២០គម្រោង និងកាន់តែជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងខ្ពស់។

អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KAT Appraisal អលោកស្រីចេវ សុឃុនបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា ខណ្ឌច្បារអំពៅនៅពេលបច្ចុប្បន្ននេះ បានក្លាយទៅជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍របស់អ្នកជំនួញផ្នែកលំនៅដ្ឋានមិនចាញ់ខណ្ឌសែនសុខនោះទេ។

លោកស្រីបានបន្តថា“ចាប់ពីចំណុចគល់ស្ពានច្បារអំពៅ មិនសូវមានដីទំនេរសំរាប់អភិវឌ្ឍន៍លំនៅដ្ឋានទ្រង់ទ្រាយធំនោះទេ ប៉ុន្តែតំបន់ដែលកំពុងតែមានភាពមមាញឹកក្នុងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន ជាពិសេសបុរីដែលអភិវឌ្ឍន៍លំនៅដ្ឋាន តម្លៃមធ្យមក្រោម១០ម៉ឺនដុល្លារ កំពុងសម្រុកនៅតំបន់ព្រែកឯង ព្រោះនៅទីនេះមានភាពល្អប្រសើរច្រើន និងអំណោយផលដល់ការវិនិយោគ”។

លោកស្រីបន្តថា នៅព្រែកឯងមានផ្លូវហ៊ុមព័ទ្ធជុំវិញ ខ្វាត់ខ្វែងងាយស្រួលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ចេញតាមខេត្តផ្សេងៗ ហើយអ្វីដែលពិសេសនោះ គឺតម្លៃដីនៅទាបនៅឡើយ ដែលគិតជាមធ្យមត្រឹមជាង៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ឬទាបជាងនេះក៏មានអាស្រ័យទៅតាមទីតាំង និងទំហំដី។

លើកឡើងស្រដៀងគ្នានេះ លោកស្រីតាំង ហួរ អគ្គនាយិការក្រុមហ៊ុនភ្នាក់ងារអច​លនទ្រព្យAMATAK Property Srevice បានមានប្រសាសន៍ថា តំបន់ផ្លូវជាតិលេខ១ រាប់ចាប់គិតពីចំណុចគល់ស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) រហូតដល់តំបន់ផ្សារព្រែកឯងស្ទើរតែមិនមែនជាតំបន់ជាយក្រុងទៀតនោះទេ ហើយក៏បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់ ដែលមានកំណើនប្រជាជនកម្រិតមធ្យមរស់នៅច្រើន និងជម្រុញឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងតំបន់កាន់តែល្អប្រសើរជាងមុន។

លោកស្រីបន្តថា “គម្រោងសំណង់ធំៗ នៅតំបន់នេះភាគច្រើនជាប្រភេទ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃមធ្យម និងកំពុងមានតម្រូវការទីផ្សារខ្ពស់ នៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត”៕

តើយូនីតខុនដូមានតម្លៃថ្លៃបំផុតលើពិភពលោកស្ថិតក្នុងប្រទេសណា?

ដោយៈប៊ី

ភ្នំពេញៈ ខុនដូដែលមានតម្លៃបំផុតលើពិភពលោក គួរស្ថិតនៅទីក្រុងនិងមជ្ឈ​មណ្ឌ​លហិរញ្ញវត្ថុពិភពលោកដ៏អស្ចារ្យ ដូចជា ទីក្រុងឡុងដ៍ និងញូវយ៉កជា ប៉ុន្តែបែរជាខុនដូមានតម្លៃបំផុតលើពិភពលោក ស្ថិតនៅប្រទេសម៉ូណាកូ ដែលមានផ្ទៃដីត្រឹមតែ២០២ហិកតា និងមានប្រជាជនត្រឹមជាង៣៨ម៉ឺននាក់ប៉ុណ្ណោះ។

ម៉ូណាកូ គឺជាគោលដៅទាក់ទាញសម្រាប់អ្នកមានបំផុត ធ្វើជាកន្លែងសំរាកលំហែលំហែរ។ ប្រទេសដ៏តូចមួយនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើជាកន្លែងសាងសង់អាគារដ៏គួរឱ្យចាប់អារម្មណ៍ និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដូចជាអាគារខុនដូOdeon Tower ជាដើម។ នេះបើយោងតាមគេហទំព័រ Luxatic.com។

តម្លៃPenthouse ក្នុងអាគារOdeon Tower ត្រូវបានដាក់លក់ក្នុងតម្លៃ៤៤០លានដុល្លារ ដែលជាយូនីតខុនដូមានតម្លៃថ្លៃបំផុតលើពិភពលោក។

អគារ Odeon Tower គឺជាអគារមួយ ក្នុងចំណោមអគារលំនៅដ្ឋានខ្ពស់បំផុតនៅអឺរ៉ុប និងជាអគារខ្ពស់ដំបូងគេ ដែលត្រូវបានសាងសង់នៅប្រទេសម៉ូណាកូ តាំងពីទស​វត្សរ៍ទី៨០។

Penthouse នៅក្នុងអគារ Odeon Tower មានទំហំ៣៣.៥០០ ហ្វីតការ៉េ និងមានកម្ពស់៥ជាន់ ហើយលក្ខណៈពិសេសរបស់វា មានដូចជា កន្លែងហាត់ប្រាណ សូណា រោងកុន បណ្ណាល័យ បារវីស្គី និងបន្ទប់ប៊ីយ៉ា (billiard room) ជាដើម។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺមានអាងហែលទឹកដ៏ស្រស់ស្អាត ដែលម្ចាស់លំនៅដ្ឋានរីករាយ នឹងទេសភាពដ៏ស្រស់ស្អាតបំផុត នៃប្រទេសម៉ូណាកូទាំងមូល៕

 

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បង្ហាញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្រុងសៀមរាបដ៏ស្រស់ស្អាត

ដោយៈ គង់ ម៉ាលីន

សៀមរាបៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែ នដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត ក្រោយគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីទាំង៣៨ខ្សែ នៅទូទាំងក្រុងសៀមរាប រួមជាមួយនឹងការស្ដារ និងធ្វើឱ្យប្រសើរឡើងនូវស្ទឹងសៀមរាប ឱ្យស័ក្ដិសមជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញបំផុត។

តាមរយៈវីដេអូ 3D បានបង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាត និងទាក់ទាញបំផុ​ត ដោយផ្លូវនីមួយៗមានការបែងចែកសម្រាប់រថយន្ត កង់ និងថ្មើរជើងដាច់ដោយឡែកពីគ្នា ខណ្ឌដោយសួនច្បារបៃតង។

ជាមួយគ្នានេះ គ្រប់ផ្លូវទាំងអស់នឹងមានការដាំលម្អ នូវដើមរុក្ខជាតិតូចធំ ដើមផ្កាចំរុះពណ៌ រួមនឹងការបំពាក់អំពូលបំភ្លឺទាំងអស់ ដែលកាន់តែបង្កើនសោភ័ណភាពទីក្រុងទាំងយប់ទាំងថ្ងៃ។

ចង់ដឹងថា ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងទេសចរណ៍ សៀមរាបមានភាពទាក់ទាញដ៏កម្រិតណាសូមទស្សនាវីដែអូទាំងអស់គ្នា….

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនឡើងលើស៥,២៧ពាន់លានដុល្លារ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកម្ពុជា -វៀតណាម បានបន្តកើនឡើងលើសពីការរំពឹងទុករហូតដល់ជាង៥,២៧ ពាន់ដុល្លារក្នុងមួយឆ្នាំ ខណៈដែលគោលដៅបានកំណត់កាលពីឆ្នាំ២០១៩ត្រឹមតែ៥ពាន់លានដុល្លារតែប៉ុណ្ណោះ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា វៀតណាម គឺជាប្រទេសដៃគូដ៏រឹងមាំសម្រាប់វិស័យពាណិជ្ជកម្មរបស់កម្ពុជា។

លោកបានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរទំហំពាណិជ្ជកម្ម មានចំនួន ៥,២៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលចំនួននេះលើសពីទំហំគោលដៅ៥ប៊ីលានដុល្លារអាមេរិក មុនកាលកំណត់ឆ្នាំ២០២០ និងបានអះអាងថា នឹងជួយសម្រួលដល់សកម្មភាពនាំចូលនិងនាំចេញរវាងប្រទេសទាំងពីរ។

នៅក្នុងក្នុងកិច្ចប្រជុំសំខាន់ខាងលើនេះ ភាគីទាំងនៃប្រទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកនៅថ្នាក់តំបន់ និងអន្តរជាតិ បន្តសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសដែលបានគ្រោងទុក និងបទល្មើសអ៊ីនធឺណែត និងធ្វើឲ្យប្រសើរនូវយន្តការសម្រាប់ការផ្លាស់ប្តូរព័ត៌មាននៅគ្រប់វិស័យ។

សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងធនធានមនុស្ស ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីវៀតណាម ដែលបានសម្របសម្រួលឱ្យនិស្សិតកម្ពុជា អាចចូលទៅប្រទេសវៀតណាមឡើងវិញបាន ដើម្បីបន្តការសិក្សារបស់ពួកគេ។ ភាគីទាំងពីរ បានឯកភាពបន្តផ្តល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក ដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២០ និង២០២១។

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ភាគីទាំងពីរបានឯកភាពក្នុងការស្វែងរក កាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងវិស័យថាមពល និងការសិក្សាស្រាវជ្រាវរួម ស្តីពីការអភិវឌ្ឍថាមពលស្អាត និងកកើតឡើងវិញ។

ចំពោះបញ្ហាព្រំដែន ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរពណ និងអនុវត្តឱ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានលើកទឹកចិត្តដល់គណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក(JBCs) នៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ដោយអនុលោមតាមច្បាប់អន្តរជាតិ ចំពោះព្រំដែនគោកចំនួន១៦%ទៀត ដែលពុំទាន់បានខណ្ឌសីមានៅឡើយ៕

សេដ្ឋកិច្ចឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២១ នឹងរក្សាបានស្ថិរភាពឆ្ពោះទៅរកការងើបឡើងវិញ

ដោយ ៖ សុខុម

ក្រុងហ្សាការតា: ពេលនេះបណ្ដាវិនិយោគិននៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់ផ្ដើមមានទំនុកចិត្ដខ្លាំងជាងមុន នៅពេលពួកគេសង្កេតឃើញផលបត្រវិនិយោគបរទេសដែលហូរចូលមូលបត្ររដ្ឋាភិបាល (SBN) នៃប្រទេសនេះបានកើនឡើងរហូតដល់ ៤៨,៦ ទ្រីលានរូពី (៣,៤ ពាន់លានដុល្លារអាមេរិក) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចន្លោះពីខែមេសា ដល់ខែវិច្ឆិកា។ នេះបើយោងតាមកាសែត The Jakatar Post ចុះផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។

 

ប្រាក់បម្រុងរូបិយប័ណ្ណបរទេសបានកើនឡើងនៅដំណាច់ខែតុលា រហូតដល់ ១៣៣,៧ ពាន់លានដុល្លារ ដែលខ្ពស់ជាងកម្រិតមុនពេលផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទៅទៀត។

អត្រាប្ដូរប្រាក់រូពីនាពេលបច្ចុប្បន្នមានតម្លៃទាបនៅឡើយ។ ស្ថិរភាព និងភាពរឹងមាំនៃអត្រាប្ដូរប្រាក់រូពី ត្រូវបានគាំទ្រដោយកត្តារួមផ្សំមួយចំនួនដូចជា (ទី១) អតិផរណាទាប និងអាចគ្រប់គ្រងបាន (ទី២) ឱនភាពគណនីចរន្តទាបក្រោម ១,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់រយៈពេលពេញមួយឆ្នាំ២០២០ (ទី៣) ភាពខុសគ្នាខ្លាំងនៃអត្រាការប្រាក់រវាងទីផ្សារក្នុងស្រុក និងក្រៅស្រុក (ទី៤) ការកើនឡើងប្រាក់បម្រុងរូបិយប័ណ្ណបរទេស (ទី៥) បុព្វលាភហានិភ័យធ្លាក់ចុះដែលស្របគ្នាទៅនឹងភាពមិនប្រាកដប្រជាទាបជាងមុននៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក និងសកលលោក។

គោលនយោបាលរបស់ធនាគារឥណ្ឌូនេស៊ី (Bank Indonesia) ដែលជាធនាគារកណ្ដាលនៃប្រទេសនេះលើការបន្ទាបអត្រាការប្រាក់ និងការបន្ធូរបន្ថយផ្នែករូបិយវត្ថុ បានធ្វើឱ្យអត្រាការប្រាក់ធ្លាក់ចុះទាប និងស្ថិរភាពទីផ្សារហិរញ្ញវត្ថុល្អប្រសើរឡើង បើទោះបីជាអត្រាផ្ដល់កម្ចីធ្លាក់ចុះតិចតួចយ៉ាងណាក្ដី។

ដើម្បីជំរុញការផ្ដល់ហិរញ្ញប្បទានសម្រាប់ជួយទ្រទ្រង់ដល់បណ្ដាក្រុមហ៊ុនសហគ្រាស និងកម្មវិធីស្ដារសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញ ធនាគារឥណ្ឌូនេស៊ី ក៏បានទម្លាក់ឥណទានកាន់តែច្រើនទៅឱ្យធនាគារមួយចំនួនធំ៕

កត្តា​នគ​រូប​នី​យក​ម្មៈ​ស្រុក​ចំនួន៥ ក្នុង​ខេ​​ត្ត​កណ្តាល​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ

ដោយ​គង់ សូរិយា

ភ្នំពេញៈ កត្តា​នគរូបនីយកម្ម និង​ប្រជាសាស្ត្រ​បានធ្វើ​ឲ្យ​ស្រុក​ចំនួន៦ក្នុង​ខេត្ត​កណ្តា​ល​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ ដោយសារ​ទទួល​ឥ​ទ្ឋិ​ពល​ពី​រាជធានី​ភ្នំពេញ​ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន។

បណ្តា​ស្រុក​ទាំងនោះ​រួមមាន ស្រុក​កៀនស្វាយ ស្រុក​ពញ្ញាលឺ ស្រុក​អង្គស្នួល ស្រុក​ខ្សាច់កណ្តាល និង​ក្រុង​តាខ្មៅ​ជាដើម។

ប្រធាន​សមាមគ​ម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា សម្រាប់​ដី​នៅតាម​បណ្តា​ស្រុកសំខាន់ៗ ព័​ទ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ គឺ​កំពុង​តែមាន​ភាព​ទាក់ទាញ​ខ្លាំង ដែល​អាច​ផ្តល់ឱកាស​យ៉ាង​ល្អប្រសើរ​ទៅដល់​បណ្តា​អ្នកវិនិយោគ​នានា ទាំង​ការទិញ-លក់ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅដ្ឋាន។ ដ្បិត​ដី​នៅ​តំបន់​នេះ មាន​វិសាលភាព​ធំ​ទូលាយ តម្លៃ​នៅមានកម្រិត ជាពិសេស​មាន​អំណោយផល​ពី​ធម្មជាតិ ដូចជា មាន​ដង​ទន្លេ​នៅ​អម​ជាមួយ​ដែល​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​គាប់ប្រសើរ មាន​ស្ពាន​ដែល​នឹង​ត​ភ្ជាប់​ពី​តំបន់​ក្តី​តា​កុយ​ទៅ​អរិយ​ក្សត្រ ។

លោក​បន្តថា ខេត្តកណ្តាល​ព័​ទ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ ដែលមាន​សក្តានុពល​ជាច្រើន ដោយសារ​តំបន់​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ កំពង់ផែ​លំដាប់​អន្តរជាតិ ការបញ្ចប់​ផ្លូវជាតិ​លេខ១ ដែលជា​ផ្លូវ​ត​ភ្ជាប់​ច្រករបៀង​ភាគខាងត្បូង​ជាដើម” ។

លើសពីនេះទៅទៀត អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​នោះ បច្ចុប្បន្ននេះ មាន​អ្នកវិនិយោគ​ជាច្រើន បាននិងកំពុង​តែ​បញ្ចេញ​សកម្មភាព​យ៉ាងសកម្ម ទៅលើ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ព្រោងព្រាត ក៏ដូចជា គម្រោង​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​តម្លៃ​មធ្យម និង​ក្រោម​ធ​ម្យ​ម ដែល​រឹតតែ​ធ្វើឱ្យ​ដី​តំបន់​កៀនស្វាយ​កាន់​តែមាន​ប្រជាប្រិយភាព​ខ្ពស់។

លើកឡើង​ស្រដៀង​គ្នា​នេះ លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន និង​ទៅ​អនាគត ស្រុក​កៀនស្វាយ និង​បណ្តា​ស្រុក​មួយចំនួនទៀត មាន​សក្ដានុពល​ខ្លាំង​មិន​ចាញ់ តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ​នោះឡើយ ដែល​នេះ​ជា​ចំណុច​ល្អប្រសើរ សម្រាប់​អ្នកវិនិយោគ​ស្វែងរក​ភាគ​ចំណេញ ក៏ដូចជា​សម្រាប់​អ្នក​សង់​លំនៅដ្ឋាន​ផងដែរ។

លោក​ឧកញ៉ា​បន្តថា “សព្វថ្ងៃនេះ​ដោយសារតែ​ផ្ទៃដី នៅក្នុង​ក្រុងមាន​ភាព​ចង្អៀត និង​មានតម្លៃ​ថ្លៃ​ផង​នោះ បាន​ជំរុញ​ឱ្យ​បណ្តា​អ្នកវិនិយោគ​នានា ងាក​ទៅកាន់​តំបន់​ជាយក្រុង” ។ លោក​បន្តថា ស្រុក​កៀនស្វាយ និង​បណ្តា​ស្រុក​ដទៃទៀត បាននិងកំពុង​ស្ថិតក្នុង​ក្រសែភ្នែក​របស់​អ្នកជំនួញ​ផ្នែក​ដីធ្លី​ទាំងអស់​នោះដែរ” ៕