ក្រុមហ៊ុន YOUNGSIA REAL ESTATE ចាប់ដៃ​សហការ​ជាមួយ​គម្រោង​ខុន​ដូប្រណីត ROMDUOL CITY

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា YOUNGSIA REAL ESTATE បានសម្រេច​សហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​ជាមួយ​គម្រោង​ខុន​ដូ​ប្រណីត ដ៏​ទាក់ទាញ​នៅ​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី គឺ​គំរោង ROMDUOL CITY ដើម្បី​ជំរុញ​ការលក់​នៅលើ​ទីផ្សារ​ឱ្យបាន​ជោគជ័យ​ខ្ពស់។


អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ YOUNGSIA REAL ESTATE លោក Cooler Tan បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា នៃ​កិច្ច​អនុស្សារណៈ​យោគយល់ (MOU) ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ ROMDUOL CITY នៅ​រសៀល​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ជាពិសេស​ផ្នែក​ខុន​ដូ នៅតែ​បាន​នូវ​ស្ថានភាព​ល្អប្រសើរ បើ​ប្រៀបធៀប​ទៅនឹង​ផ្នែក​ដទៃទៀត​ដែល​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ១៩ ។

លោក​បន្តទៀតថា “ដោយឡែក​សម្រាប់តែ​គម្រោង​ខុន​ដូ ប្រណីត​ដែល​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ YOUNGSIA REAL ESTATE នៅពេលនេះ គឺជា​គម្រោង​ដែលមាន​ភាព​ប្រណីត លេចធ្លោរ​ក្នុងនាម​ជា​អគារ​លំនៅដ្ឋាន​សហកម្ម​សិទ្ធិ ឬ​ហៅថា​ខុន​ដូ ប្រចាំ​នៅក្នុង​តំបន់ ស្ថិតនៅ​ទីតាំង​ដែលមាន​សក្ដានុពល ផ្តល់​ផាសុកភាព​ខ្ពស់ ក្នុងការ​រស់នៅ​តាមបែប​សម័យ​ទំនើប​នៃ​តំបន់​កណ្តាល​ក្រុង។

លោក Cooler Tan បាន​បន្តថា “ផ្អែក​តាម​បទពិសោធន៍ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ជាពិសេស​ផ្នែក​ខុន​ដូ​ប្រណីត​គម្រោង ROMDUOL CITY តាមរយៈ​ភាព​ជំនាញ​ទីផ្សារ​របស់​ក្រុមហ៊ុន YOUNGSIA REAL ESTATE នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន ដែល​ឈានទៅរក​ភាពជោគជ័យ​ក្នុងពេល​ដ៏​ខ្លី​ជាក់​ជាមិនខាន។

តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ ROMDUOL CITY អ្នកនាង Ly Hongmei បាន​មានប្រសាសន៍​ផងដែរ​ថា តាំង​នាម​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ ប្រណីត​ROMDUOL CITY យើង​ពិតជា​សប្បាយរីករាយ នៅក្នុង​កិច្ចសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ YOUNGSIA REAL ESTAE ដែលជា​ក្រុមហ៊ុន​មានកេរ្តិ៍ឈ្មោះ​ល្បី មាន​ជំនាញ​ច្បាស់លាស់ និង​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​យ៉ាងពិត​ប្រាកដ” ។

អ្នកនាង​បាន​បន្តថា “រំដួល​ស៊ី​ធី​ជា​លំនៅដ្ឋាន​សហកម្មសិទ្ធិ ដែល​រួមបញ្ចូល​គ្នា​រវាង​បែបបទ នៃ​ជីវិត​ទាន់សម័យ និង​ភាពស្រស់​បំព្រង​នៃ​ធម្មជាតិ និង​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ស្មា​ត​ហូ​ម។បន្ថែម​ពីលើ​ការ​រចនា​ម៉ូដ​ដ៏​ទាក់ទាញ ស្អាត​ប្លែក​ក្នុងនាម​ជា​សហគមន៍​អេកូ​ធម្មជាតិ​ដ៏​ធំ​មួយ ដែលជា​បែបផែន​នៃ​រស់នៅ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ” ។

នៅក្នុង​គម្រោង​ទាំងមូល​រួមមាន​ចំនួន៤អគារ កម្ពស់​សរុប២១ជាន់ និង​មាន​ចំនួន​សរុប១១៩២យូ​នី​ត ហ៊ុមព័ទ្ធ​ទៅដោយ​តំបន់​សេវាកម្មសំខាន់ៗដ៏​ច្រើន ដូចជា មាន​ទំនើប​រំដួល​ស៊ី​ធី មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ផ្សារ​ម៉ាក្រូ ផ្សារ​ទំនើប​អ៉ី​អន​សែន​សុខ និង​សាលារៀន​ជា​អន្តរជាតិល្បីៗជាង២០ ព្រមទាំង​ស្ថាប័ន​អប់រំ​របស់​រដ្ឋ មន្ទីរពេទ្យ និង​សហគ្រាសផ្សេងៗទៀត ហើយ​សម្រាប់​អតិថិជន​ដែល​ទិញ​នៅពេលនេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍ និង​ផលចំណេញ​យ៉ាងច្រើន។

រំដួល​ស៊ី​ធី ត្រូវបាន​រចនា​ម៉ូដ​យ៉ាង​ស្រស់ស្អាត​ទាន់សម័យ តាមបែប​ប្រទេស​សិង្ហ​បុរី ដែលជា​ទីតាំង​តែមួយគត់ រួមបញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ រវាង​សោ​ភ័​ណ្ឌ​ភាព​ស្ថាបត្យកម្ម និង​គុណ​តម្លៃ​នៃ​ជីវិត ក្នុងការ​រស់នៅ​ដោយ​យូ​នី​តនីមួយៗ មាន​ទំហំ​ចាប់ពី​ជាង៤២-៨៧ម៉ែត្រការ៉េ ដែល​ត្រូវបាន​បែងចែក​កម្រិត​ប្រណីតភាព​ផ្សេងគ្នា ដូចជា​បន្ទប់​គេង ផ្ទះបាយ និង​រានហាល​នៅ​ខាងក្រៅ សម្រាប់​លំហែរ​យក​ខ្យល់អាកាស​ផងដែរ។

នៅក្នុង​ឱកាស​នៃ​ការ​បើ​លក់ ជា​ផ្លូវការ​នៃ​អគារ​ទី១ ក្នុងចំនោម​អគារ​ទាំង៤ ដែល​កំពុង​សាងសង់​ដល់​ជាន់​ទី២១ និង​ត្រៀម​បញ្ចប់​ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន​អភិវឌ្ឍន៍ ប្រកាស​លក់​ក្នុងតម្លៃ​ពិសេស​ទាប​ជាង​ទីផ្សារ ដែល​ជាការ​ផ្តលឱកាស​ចំណេញ​យ៉ាងច្រើន ចំពោះ​អតិថិជន​ដែល​ទិញ​សម្រាប់​ស្នាក់នៅ​ផ្ទាល់ ឬ​ទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​ផងដែរ ជាមួយនឹង​តម្លៃ​ត្រឹម​ជាង ១៧០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើងទៅ ឬ​ជាង៧ម៉ឺន​ដុល្លារ​ក្នុង​មួយ​យូ​នី​ត​តែប៉ុណ្ណោះ។

បន្ថែម​ពីលើ​កម្មវិធី​បញ្ចុះតម្លៃ​យ៉ាងច្រើន នៅក្នុង​អំឡុង​ចុងឆ្នាំ២០២០នេះ ក៏មាន​ការផ្តល់ជូន​នូវ​ការ​យ៉ាង​សន្ធឹកសន្ធាប់ ដូចជា សម្ភារៈប្រើប្រាស់​នៅក្នុង​បន្ទប់​ស្រាប់ ជាពិសេស​ការផ្តល់ជូន​នូវ លក្ខខណ្ឌ​បង់ប្រាក់​យ៉ាង​ងាយស្រួល និង​នៅក្នុង​រយៈពេល​យូរ​ផងដែរ៕

តម្រូវការ​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​ឆ្នាំនេះ​ធ្លាក់ចុះ​ប្រមាណ ១០ភាគរយ

ដោយៈ​វុត្ថា

ភ្នំពេញៈ តម្រូវការ​ប្រើប្រាស់​អគ្គិសនី នៅក្នុង​ប្រទេស​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ២០២០ នេះ  បាន​ធ្លាក់ចុះ​ប្រមាណ១០ភាគរយ  បើ​ទៀប​ទៅនឹង​ឆ្នាំ​មុ​នេះ ដោយសារ​តែមាន​រោងចក្រ និង​សហគ្រាស​មួយ​ចំ​នួ​នៅក្នុង​ប្រទេស មានការ​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្តោះអាសន្ន​របស់ខ្លួន ដែល​បង្ករ​ឡើង​ដោយ​ជំងឺ​កូ​វីដ១៩ ។

លោក​វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​គេហទំព័រ Propertyaea.asia កាលពី​ថ្ងៃទី២២ ខែធ្នូ​ម្សិលមិញ​ថា អគ្គិសនី​ដែលមាន​បច្ចុប្បន្ននេះ គឺ​លើសពី​តម្រូវការ ដោយសារ​មាន​រោងចក្រ​ក​សហគ្រាស​មួយចំនួន​បាន​ផ្អាក​ដំណើរ​អាជីវកម្ម​រហើយ​បញ្ហា​នេះ មិនមែន​តែ​កម្ពុជា​នោះទេ គឺជា​បញ្ហា​សកល​ដែល​ប្រទេស​នានា​ក៏​ទទួលផល​ប៉ះពាល់​ផងដែរ។

លោក​បន្ថែមថា “ប៉ុន្តែ​ទោះបីជា​យ៉ាងណា សម្រាប់​គម្រោង​រោងចក្រ​អគ្គិសនី​ជាច្រើន​បាន​ដាក់ឱ្យ​ដំណើរការ និង​បញ្ចប់​ទៅតាម​ការគ្រោងទុក​សម្រាប់​ឆ្នាំ២០២០ នេះ ដោយ​មិនមាន​គម្រោង​ណាមួយ ទទួលរង​នូវ​ផលប៉ះពាល​ន៉​នោះទេ” ។ លោក​បន្តថា “តម្រូវការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ប្រមាណ ១០ភាគរយ   ទន្ទឹមគ្នានេះ សមត្ថភាព​អគ្គិសនី​ផ្ទុក សម្រាប់​ប្រើប្រាស​មានការ​កើនឡើង មិនមាន​អ្វី​ជាការ​ខ្វះខាត​នោះទេ សម្រាប់​ឆ្នាំនេះ​និង​ឆ្នាំ​បន្តបន្ទាប់​ទៀត” ។

លោក​វិចទ័រ ហ្សូ​នា បញ្ជាក់ថា គម្រោង​វិនិយោគ​លើ​វិស័យ​អគ្គិសនី នៅក្នុង​ប្រទេស​កម្ពុជា មាន​ច្រើម​គម្រោង​ដែល​បាន​ដាក់ឱ្យ​ដំណើរ​ជាច្រើន​កន្លែង រួមមាន​គម្រោង​អគ្គិសនី​ដុត​ធ្យូងថ្ម នៅក្នុង​ខេត្ត​ព្រះសីហនុ  គម្រោង​ប្រេង និង​គម្រោង​សូ​ឡា ដូចជា​នៅក្នុង​ខេត្តស្វាយរៀង កំពង់ស្ពឺ កំពង់​ឆ្នាំ និង​ពោធិសាត់​ជាដើម បាន​នឹង​កំពុង​ដំណើរ​ជាធម្មតា។

លោក​បញ្ជាក់ទៀតថា វិស័យ​អគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ប្រទេស​ឱ្យមាន​ការរីកចំរើន ស្រម​តាម​គោល​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​ប្រាស់​អគ្គីសនី​ដែល​ប​ច្ច​ប្បន្ន​នេះ ស្ទើ​តែ​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស​មាន​អគ្គិសនី​ប្រើប្រាស់៕

ជប៉ុន​គ្រោង​ផ្តល់​ថវិកា ២,៤ពាន់​លាន​ដុល្លារ​សម្រាប់​សាងសង់​ទីក្រុង​ឆ្លាត​វៃនៅក្នុង​តំបន់​អាស៊ាន

ដោយ​វុត្ថា

តូ​ក្យូៈ រដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​ផ្តល់​ថវិកា​ចំនួន ២៥០ពាន់​លាន​យ៉េន ដែល​ស្មើនឹង២,៤ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ក្រុមហ៊ុន​ជប៉ុន ដើម្បី​អភិវឌ្ឍ​គម្រោង​ទីក្រុង​វៃឆ្លាត​តាម​ប្រទេស​នៃ​អាស៊ីអាគ្នេយ៍​ខាងមុខនេះ។

តាម​ការចុះផ្សាយ​របស់ គេហទំព័រ www.pinsentmasons.com ចុះផ្សាយ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ថវិកា​ទាំងនេះ​នឹង​រួមបញ្ចូល​ទឹកប្រាក់​ចំនួន៥០ពាន់​លាន​យេន ស្មើនឹង៤៨៣.៥លាន​ដុល្លារ​អាមេរិក ពី​សាជីវកម្ម​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ក្រៅប្រទេស​របស់​ជប៉ុន​សម្រាប់​ការដឹកជញ្ជូន និង​អភិវឌ្ឍន៍​ទីក្រុង (JOIN)និង ទឹកប្រាក់២០០យេន ស្មើនឹង ១,៩ពាន់​លាន​ដុល្លារ ពី​ធនាគារ​ជប៉ុន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (JBIC) ។

គេហទំព័រ​នេះ​បន្តថា រដ្ឋាភិបាល​ជប៉ុន នឹង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ជប៉ុន ឱ្យ​ចូលរួម​ក្នុង​គម្រោង​នានា នៅក្នុង​ទីក្រុង​ចំនួន២៦នៅក្នុង​ប្រទេស​ចំនួន១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)រួមមាន​ទីក្រុង​ហាណូយ​ហូ​ជី​ម៉ិ​ញ ទីក្រុង​ហ្សា​កាតា ទីក្រុង​បាងកក សិង្ហ​បុរី និង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ជាដើម។

ក្រុមហ៊ុន​ដែលមាន​ចំណាប់អារម្មណ៍ នឹង​អាច​ចូលរួម​ដេញថ្លៃ​គម្រោង​នៅ​ចុងឆ្នាំ​នេះ ហើយ​គម្រោង​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ នឹងត្រូវ​បានជ្រើសរើស​នៅ​និ​ទាឃ​រដូវ​ឆ្នាំ២០២១ ។

ពី​សាជីវកម្ម​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ក្រៅប្រទេស​របស់​ជប៉ុន​សម្រាប់​ការដឹកជញ្ជូន និង​អភិវឌ្ឍន៍​ទីក្រុង (JOIN) កំពុង​ពិចារណា​លើ​វិធានការណ៍​នានា ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ជប៉ុន បង្កើត​ការបណ្តាក់ទុន​រួមគ្នា ជាមួយ​ក្រុមហ៊ុន​ក្នុងប្រទេស​នៅក្នុង​តំបន់​អាស៊ាន​នេះ។ ចំណែក JBIC នឹង​ពង្រីក​បណ្តាញ​ឥណទាន ដល់​កម្មវិធី​បរិស្ថាន​រួមមាន​កម្មវិធី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បង្កើន​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​និង​ការពារ​ការបំពុល​ខ្យល់​និង​ទឹក។ មូលនិធិ​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ជប៉ុន ក្នុង​គម្រោង​ទីក្រុង​ឆ្លាត​ក្នុង​តំបន់។

អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ លោក James Harris មកពី​ក្រុមហ៊ុន Pinsent Masons MPillay ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា នៅ​ប្រទេស​សិង្ហ​បុរី​រវាង​ក្រុមហ៊ុន MPillay និង​ក្រុមហ៊ុន Pinsent Masons ដែលជា​ក្រុមហ៊ុន​ច្បាប់ Out-Law បានឱ្យដឹងថា លោក​បានឃើញ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង លើ​ការវិនិយោគ​ទីក្រុង​វៃឆ្លាត​ក្នុង​រយៈពេល២ទៅ ៣ ឆ្នាំ​កន្លងមកនេះ មុនពេល​មានការ​រាតត្បាត Covid-19 ។

លោក​បន្តថា “បើទោះជា​តំបន់​អាស៊ាន កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ ក៏​នឹង​ការវិនិយោគ លើ​ទីក្រុង​វៃឆ្លាត​ថែមទៀត​ផងដែរ នៅតាម​ប្រទេស​នៃ​តំបន់​នេះ” ។ លោក​បន្តថា “វា​គឺជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ក្នុងការ​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍ លើ​គម្រោង​ទាំងនេះ ដែល​នឹង​ធ្វើឱ្យ​ប្រទេស​ជប៉ុន​ឈានមុខ​គេ” ៕

អា​ផាត​ម៉ិ​ន​នៅ​តំបន់​មួយចំនួន​មាន​ភ្ញៀវ​ស្នាក់នៅពេញៗ ខណៈ​តំបន់​មួយចំនួនសល់​បន្ទប់​ច្រើន

ដោយ​គង់ សូរិយា

ភ្នំពេញៈ ទោះបីជា​អា​ផាត​ត​ម៉ិ​ន​នៅតែ​បន្ត​កើនឡើង​ក៏ដោយ ក៏​ចំនួន​អា​ផាត​ម៉ិ​ន​នៅ​តំបន់​មួយចំនួន​នៅតែមាន​ភ្ញៀវ​ស្នាក់នៅពេញៗ ស្របពេល​នឹង​តំបន់​មួយចំនួន​មិនមាន​ភ្ញៀវ​ស្នាក់នៅ ហើយ​ម្ចាស់​បាន​ទម្លាក់​តម្លៃ​ចន្លោះ​ពី២០ ទៅ ៣០ភាគរយ។

កញ្ញា​ឈុន ចរិយា ​អ្នករក​អា​ផាត​ម៉ិ​ន​ឲ្យ​ភ្ញៀវ​កូរ៉េ​ជាប្រចាំ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី២២ ធ្នូ​កន្លងមក​ថា កញ្ញា​បាន​រក​អា​ផាត​ម៉ិ​ន​ជួល​ជាប្រចាំ សំរាប់​ភ្ញៀវ​កូរ៉េ ព្រោះ​កញ្ញា​មាន​មិត្ត​ភ័​ក្ត និង​ទំនាក់ទំនង​ជាមួយ​ជនជាតិ​កូរ៉េ​ច្រើន។ កញ្ញា​បន្តថា ប៉ុន្តែ​ភ្ញៀវ​កូរ៉េ​និយម​ស្នាក់នៅ​កន្លែង​ណាមួយ មិន​លើស​រយៈពេល៦ខែ​ទេ ដោយសារ​ពួកគេ​ចង់​ផ្លាស់ប្តូរ​បរិយាកាស​រស់​នៅ។

កញ្ញា​បន្តថា “អា​ផាត​ម៉ិ​ន​នៅ​តំបន់​បឹង​កេងកង១ មិនសូវមាន​សល់​បន្ទ​ប់​នោះទេ ហើយ​សង្កាត់​បឹង​កេងកង២ ក៏​ដូចគ្នា ប៉ុន្តែ​បើ​អា​ផាត​ម៉ិ​ន​នៅ​តំបន់​ទួល​ទំពូង ផ្សារ​ដើមថ្កូវ ទួល​ស្វាយព្រៃ​ជាដើម មាន​នៅសល់​ច្រើន” ។ កញ្ញា​បន្តថា “ដោយសារ​អា​ផាត​ម៉ិ​ន​កើនឡើង និង​តម្រូវការ​ធ្លាក់ចុះ​បានធ្វើ​ឲ្យ​ម្ចាស់​អា​ផាត​ម៉ិ​ន​ទម្លាក់​តម្លៃ ដោយសារ​ចង់​រក្សា​ភ្ញៀវ​ចាស់ និង​រក​ភ្ញៀវថ្មី” ។

ជាមួយគ្នានេះ លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia បាន​មានប្រសាសន៍ថា ទីផ្សារ​អា​ផាត​ម៉ិ​ន​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំងណាស់ ដោយសារ​ចំនួន​ផ្គត់ផ្គង់​កើនឡើង​ខ្ពស់ ពិសេស​គម្រោង​អា​ផាត​ម៉ិ​នចាស់ៗ តែងតែ​បាត់​ភ្ញៀវ ដែល​ទាមទារ​ឲ្យ​ច្បា​ស់អា​ផាត​ម៉ិ​ន​រៀបចំ​កែលំអរ​ឡើងវិញ​ជាប្រចាំ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ស្នាក់នៅ។

លោក​បន្តថា “ពេលនេះ​ទីផ្សារ​នេះ​បាន​ឈានដល់​ដំណាក់កាល​ត្រី​ធំ ស៊ី​ត្រី​តូច​ហើយ ព្រោះ​អា​ផាត​ម៉ិ​ន​ដែលមាន​កំពស់៥ជាន់ មិនមាន​សេវាកម្ម​សម្រួល​ដល់​ការរស់នៅ​ច្រើន​នឹង​ប្រឈមមុខ​នឹង​ការស្លាប់” ។ លោក​បន្តថា “ផ្ទុយទៅវិញ អា​ផាត​ម៉ិ​នថ្មីៗបាននិងកំពុង​សាងសង់ មាន​កំពស់ខ្ពស់ៗ និង​បានផ្តល់​សេវាកម្ម​ដល់​ការរស់នៅ​ប្រកបដោយ​ផាសុខភាព​ដល់​អតិថិជន គំរោង​បែបនេះ​នឹង​លេចធ្លោ និង​ទាក់ទាញ​បាន​ភ្ញៀវ​ស្នាក់នៅ​ច្រើន” ៕

ចំណេះដឹង​ច្បាប់! តើ​កិច្ចសន្យា​បែបណា​ទើប​ជា​កិច្ចសន្យា​ត្រឹមត្រូវ​តាមច្បាប់?

ដោយ​វុត្ថា

ភ្នំពេញៈ ជាទូទៅ​កិច្ចសន្យា​គឺជា​ច្បាប់​របស់​គូភាគី ដែល​បាន​សន្យា​គ្នា​ទៅវិញទៅមក ឬ​ជាកា​សន្យា​របស់​ភាគី​ម្ចា​ង​ទៅ​ភាគី​ម្ខាង​ទៀត ក្នុង​គោលបំណង​ជាការ​ផ្លាស់ប្តូរ​ប្រយោជន៍​ទៅវិញទៅមក។

ដើម្បី​ធ្វើ​កិច្ចសន្យា​មួយ ទៅជា​កិច្ចសន្យា​ដែលមាន​សុពលភាព​អាចអនុវត្ត​បាន ឬ​ជា​កិច្ចសន្យា ដែលជា​គោលការណ៍​ទទួល​ស្គាល់​ដោយ​ច្បាប់ ដែល​ភាគីនីមួយៗនាំអោយ​កិច្ចសន្យា​ត្រូវតែ​គោរព​នូវ​លក្ខខណ្ឌចំបងៗដូចជា៖

១) ឆន្ទៈ​របស់​គូភាគី

កិច្ចសន្យា ឬ​ការសន្យា​ណាក៏ដោយ ក៏​ត្រូវតែ​ធ្វើឡើង​ដោយ​ឆ​ន្ទះ​របស់​គូភាគី ពោលគឺ​ត្រូវតែ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការបង្ខិតបង្ខំ​ពី​សំណាក់​ភាគី នៃ​កិច្ចសន្យា​ឬ​ជន​ទី​បី​ដែល​ពាក់ព័ន្ធ នឹង​ផលប្រយោជន៍​ក្នុង​កិច្ចសន្យា​នោះទេ។ ម្យ៉ាងទៀត​ច្បាប់​ក៏​មិនអាច​យកជាការ​បានដែ​រ នៅពេលដែល​ភាគី​ណា​ម្នាក់​ចុះកិច្ចសន្យា ដោយ​កាលៈទេសៈ ឬ​ស្ថានភាព​សេដ្ឋកិច្ច​ណាមួយ​មក​បង្ខំ។

២) កម្មវត្ថុ​នៃ​កិច្ចសន្យា

ដើម្បី​ធ្វើ​កិច្ចសន្យា​មួយ​បាន លុះត្រាតែ​កិច្ចសន្យា​នោះ​ធ្វើឡើង ដោយមាន​កម្មវត្ថុ​ច្បាស់លាស់ និង​ជា​កម្មវត្ថុ​ដែល​ស្ថិ​ក​ក្នុង​ពាណិជ្ជកម្ម ពោល​គឺជា​កម្មវត្ថុ​ដែល​ច្បាប់​អនុញ្ញាតអោយ​មានការ​រក​ស៊ី ជួញដូរ​បាន​ក្នុង​ទីផ្សារ។ ភាគី​មិនអាច​ចុះកិច្ចសន្យា ទិញ​គ្រឿងញាណ កិច្ចសន្យា​ផ្ទាល់​បាល់ ប្រដាល់​ឬ​ជល​មាន់ គឺជា​កិច្ចសន្យា​ដែលមាន​កម្មវត្ថុ​ក្រៅ​កិច្ចសន្យា ពោលគឺ​វា​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់។

៣) សមត្ថភាព​របស់​គូភាគី

បុគ្គល​ដែលជា​អ្នកធ្វើ​កិច្ចសន្យា គឺ​ត្រូវតែ​ជា​បុគ្គល​ដែលមាន​សមត្ថភាព ដែល​ទទួលស្គាល់​ដោយ​ច្បាប់ ពោល​គឺជា​ភាគី ឬ​បុគ្គល ដែលមាន​មនុស្ស​មាន​ស្មារតី​ត្រឹមត្រូវ មនុស្ស​ដែលមាន​អាយុ​ចាប់ពី ១៨ឆ្នាំ​ឡើងទៅ និង​ជា​បុគ្គល​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់​ថា​ពិត​ជាមាន​សមត្ថភាព​ក្នុងការ​ចុះកិច្ចសន្យា​បាន។

ក្នុងករណីនេះ មនុស្ស​ដែលមាន​វិប្បល្លាស់​ស្មារតី និង​មនុស្ស​ចាស់ជរា​វង្វេង​ម្តងម្កាល គឺ​មិនអាច​ចា​តុ​ទុក​ថា ជាម​នុស្ស​ដែលមាន​សមត្ថភាព​ដើម្បី​ចុះកិច្ចសន្យា​បានទេ។

សរុបសេចក្តី​មក កិច្ចសន្យា​ប្រភេទ​ណាក៏ដោយ គឺ​ត្រូវតែ​គោរព​គោល​ការ​ទាំងបី​នេះ ពីព្រោះ​វា​គឺជា​គោលការណ៍​គ្រិៈ​ដែល​គ្រប់ភាគី នៃ​កិច្ចសន្យា​ត្រូវតែមាន​ជាដាច់ខាត​នៅពេលដែល​ចុះកិច្ចសន្យា៕

ខេត្តក្រចេះបង្ហាញពីគម្រោងអភិវឌ្ឍ និងបង្កើតតំបន់ឆ្នេរកម្សាន្តកម្រិតខ្ពស់

ដោយ ៖ រ៉ាណេត

ក្រចេះ ៖ ក្រោមការចូលរួមចំណែកពីសំណាក់វិស័យឯកជនក្នុងការអនុវត្តនូវផែនការនៃអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ប៉ែនឥសាននៃប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរក្នុងនាមជាគោលដៅទេសចរណ៍កម្រិតខ្ពស់ ខេត្តក្រចេះបានបង្ហាញពីគម្រោងកែច្នៃតំបន់ឆ្នេរកម្សាន្តដ៏ស្រស់ស្អាត និងទាក់ទាញលើកដំបូងប្រចាំខេត្តមួយនេះ។

តាមរយៈមន្ត្រីមន្ទីរទេសចរណ៍ខេត្តក្រចេះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះបានឱ្យដឹងថា បានជួបជាមួយអ្នកគ្រប់គ្រងតំបន់រមណីយដ្ឋានថ្មី ឆ្នេរខ្សាច់វត្តវិហារសសរ១០០ ដើម្បីពិភាក្សាពិគ្រោះយោបល់លើកិច្ចដំណើរការរៀបចំរមណីយដ្ឋានថ្មីនេះឱ្យមានដំណើរការរលូន ដោយផ្តោតសំខាន់លើការសុំអាជ្ញាបណ្ណទេសចរណ៍ វិធានសុវត្ថិភាពទេសចរណ៍ ការគ្រប់គ្រងអនាម័យបរិស្ថាន ការកំណត់នូវទីតាំងសុវត្ថិភាព ការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ការគ្រប់គ្រងលើតម្លៃសេវា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកកំសាន្តនាពេលខាងមុខឆាប់ៗនេះ។

ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា គម្រោងនៃការអភិវឌ្ឍន៍បង្កើតតំបន់ឆ្នេរកម្សាន្តបែបប្រណីតប្រចាំនៅក្នុងខេត្តក្រចេះគឺជារឿងល្អ និងសាទរ ដែលវាជាការបង្កើតនូវផលិតផលទេសចរណ៍ថ្មីពីលើអ្វីដែលមានស្រាប់ ក៏ដូចជាបង្កើននូវភាពទាក់ទាញផងដែរ។

លោកស្រីបានបញ្ជាក់ថា “ប្រសិនបើគម្រិងនជពិតជាត្រូវបានអនុវត្តយ៉ាងប្រាកដវាគឺជារឿងល្អសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្ត ជាពិសេសផ្តោតសំខាន់ទៅលើអូកូទេសចរណ៍ដែលក្រសួងកំពុងយកចិត្តទុកដាក់ និងជំរុញឱ្យមានស្ទើរគ្រប់បណ្តាខេត្តដែលអាចមានលទ្ធភាពធ្វើទៅបាន”។

លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍បន្តថា “សម្រាប់ទីតាំងគម្រោងខាងលើនេះ គឺមានភាពស្រស់ស្អាតម្យ៉ាងម្នាក់ពីឆ្នេរសមុទ្រ ហើយប្រសិនគម្រោងអភិវឌ្ឍន៍ដូចដែលបានលើកខាងលើអាចសម្រេចទៅបាន វានឹងក្លាយជាតំបន់ឆ្នេរទន្លេទឹកសាបទេសចរណ៍ដ៏ទាក់ទាញ ព្រោះមនុស្សជាច្រើននៅពេលដែលនិយាយពីឆ្នេរតែងនឹកគិតដល់ឆ្នេរសមុទ្រ ប៉ុន្តែតំបន់ឆ្នេរទឹកសាបកម្រិតខ្ពស់នៅមិនទាន់មាននោះទេ។ ប៉ុន្តែទោះជាយ៉ាងណា សុំឱ្យគម្រោងអភិវឌ្ឍន៍យកចិត្តទុកដាក់ទៅលើការរក្សាបរិស្ថានស្អាត មានសុវត្ថិភាពខ្ពស់ ហើយធានាបានថាជាតំបន់ដែលមានសក្ដានុពលខ្ពស់យូរអង្វែង រួមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្តល់សេវាផងដែរ” ៕

ការសិក្សាៈតម្លៃដីធ្លីនឹងបន្តកើនឡើងជាមធ្យម៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈ ពេល១០ឆ្នាំខាងមុខ

ដោយស៊ីវ ម៉េង

       ភ្នំពេញ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃដីធ្លីនៅកម្ពុជាបានកើនឡើង២២៥ភាគរយ ក្នុងរយៈពេលមួយ១០ឆ្នាំកន្លងមកនេះ និងបន្តកើនឡើង៧ភាគរយជាមធ្យមក្នុងមួយឆ្នាំបន្ថែមទៀត សម្រាប់រយៈពេលមួយទសវត្សរ៍ខាងមុខ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia អ្នកនាងអាន សុធីតាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីនៅកម្ពុជានឹងបន្ត​កើនឡើងបន្ថែមទៀត ដែលយើងអាចព្យាករណ៍ថា កំនើនតម្លៃដីធ្លីនឹងកើន៧ភាគរយក្នុង​មួយឆ្នាំសម្រាប់មួយទសវត្សរ៍ខាងមុខ ប៉ុន្តមិនមែនមានន័យថា តម្លៃដីធ្លីនឹងកើនឡើងថេរ​៧ភាគរយនោះទេ គឺឆ្នាំខ្លះអាចតិចជាងនេះ និងឆ្នាំខ្លះអាចច្រើនជាងនេះ ប៉ុន្តែតួលេខ៧ភាគរយ ជាតួលេខដែលគិតជាមធ្យម។

អ្នកនាបន្តថា “ការព្យាករណ៍បែបនេះ ដោយយើងឈរលើមូលដ្ឋានសំខាន់ៗដូចជាតម្រូវការទិញលក់ក្នុងទីផ្សារ ការសិក្សាប្រៀបធៀបជាមួយប្រទេសថៃ និងវៀតណាមជាដើម ព្រោះប្រទេសទាំងនេះមានស្ថានភាពស្រដៀងគ្នានឹងកម្ពុជា”។

អ្នកនាងអាន សុធីតាបានបន្តឲ្យដឹងផងដែរថា បើគិតរយៈពេល១០ឆ្នាំកន្លងមកនេះ តម្លៃដីធ្លីបានកើនឡើងយ៉ាងខ្លាំង ដោយកាលពីឆ្នាំ២០០៨តម្លៃដីធ្លី ដែលខ្ពស់ជាងគេគឺមានតម្លៃជាមធ្យម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។

ការវិភាគរបស់អ្នកជំនាញមួយចំនួនទៀតបានអះអាងឲ្យដឹងថា តម្លៃដីធ្លីនៅកម្ពុជាកើនឡើដោយសារកត្តាសំខាន់ៗជាច្រើន ដូចជា កត្តាសន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកត្តាប្រជាសាស្រ្ត៕

 

គម្រោងសាងសង់របងថ្មទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីជិតបញ្ចប់១០០ភាគរយហើយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងសាងសង់របងថ្ម នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានប្រវែងជិត១០០០ម៉ែត្រ ចាប់ពីការាសសាំងតូតាល់ ជិតស្តុបBKC (កាណាឌីយ៉ា) រហូតដល់ស្តុបវត្តនាគវ័ន បានដំណើរការស្ថាបនាជិតរួចរាល់១០០ភាគរយហើយ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការ៉ូឡាចាប់ពីផ្លូវR៦ បានរួចរា​ល់ទៅហើយនោះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២០នេះថា ការសាងសង់ និងរៀបចំក្រាលឥដ្ឋការ៉ូឡា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីដែលមានប្រែវជិត១០០០ម៉ែត្រនេះ ត្រូវបានបែងចែកជាដំណាក់កាលផ្សេងគ្នា។

ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការាសសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ។ នៅក្នុងដំណាក់កាលទី១នេះដែរ ក្រុមការងារស្ថាបនារបងបានប្រមាណជា៤០ភាគរយ ពោលគឺបានលេចចេញជារូបរាងថ្មីហើយ (ចាប់ពីការាសសាំងតូតាល់រហូតដល់ជិតការាសលក់រថយន្ត) ។

ដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ផ្លូវបត់ទៅវត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ។

បើតាមមន្ត្រីជំនាញបានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្ម និងការរៀបចំការ៉ូឡាសម្រា​ប់អ្នកថ្មើរជើង ធ្វើឡើងដើម្បីសំរួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងមួយផ្នែកទៀត គឺលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរមួយកំរិតទៀត។ ម្យ៉ាងវិញទៀតដោយសារតែផ្លូវសហព័ន្ធរុស្ស៊ីនេះ គឺជាផ្លូវមួយដែលមានការធ្វើដំណើរ យ៉ាងមមាញញឹករាល់ថ្ងៃ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីពេលថ្មីៗនេះបានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលពីស្ថានភាព គម្រោងសាងសង់របងនេះម្តងរួចមកហើយ។ ក្នុងនោះលោកបានស្នើរឱ្យប្រជាពលរដ្ឋមានការយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានល្អដើម្បីជំរុញឱ្យការសាងសង់មានភាពរលូន បង្កើនសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ៕

កូរ៉េបោះទុន១០០លានដុល្លារអភិវឌ្ឍន៍តំបន់ឧស្សាហកម្មធំមួយនៅប្រទេសមីយ៉ាន់ម៉ា

ដោយៈសុខុម

មីយ៉ាន់ម៉ាៈ វិនិយោគិនកូរ៉េបានបោះទុនរាប់លានដុល្លារ ដើម្បីបង្កើតគំរោងឧស្សា​ហកម្មធំមួយនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ។

កាសែត Myanmar Times បានចុះផ្សាយកាលពីថ្ងៃទី២២ ធ្នូ នេះថា ដំណាក់កាលទី១ នៃការសាងសង់តំបន់ឧស្សាហកម្មកូរ៉េ-មីយ៉ាន់ម៉ា (Korea-Myanmar Industrial Complex) ហៅកាត់ថា KMIC នៅតំបន់Hlegu ក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ធ្នូដ៏ខ្លីខាងមុខនេះ។

លោក U Han Zaw រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មីយ៉ាន់ម៉ាន៍បានថ្លែងថា “យើងកំពុងព្យាយាមអនុវត្តន៍៍ ផែនការអភិវឌ្ឍគម្រោងKMIC ឱ្យបានទាន់ពេលវេលា ដើម្បីឱ្យបណ្ដាវិនិយោគិនអន្តរជាតិ អាចមកបង្កើតក្រុមហ៊ុននៅតំបន់ឧស្សាហកម្មនេះ”។លោកបន្តថា “”យើងជឿជាក់ថា អាជីវកម្មរបស់ពួកគេនៅទីនេះនឹងទទួលបានលទ្ធផលល្អ”។

តាមការរំពឹងទុក ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដូចជាផ្លូវថ្នល់ និងសេវាកម្មចាំបាច់ផ្សេងៗ សម្រាប់គម្រោងដែលនឹងទទួលបានជំនួយហិរញ្ញវត្ថុពី “មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ” (Korean Economic Development Cooperation Fund)នេះគ្រោងនឹងបញ្ចប់ជាស្ថាពរត្រឹមឆ្នាំ២០២៣។ ទំហំទុនវិនិយោគសរុបមានចំនួន ១០០លានដុល្លារអាមេរិក ដែលនឹងផ្ដល់ការងារថ្មីៗប្រមាណ១០០.០០០កន្លែង។

គម្រោងKMIC នឹងអនុវត្តន៍រួមគ្នាដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន Korea Land and Housing Corporation ដែលគ្រប់គ្រងដោយរដ្ឋនៅលើផ្ទៃដីទំហំ ២២៦ ហិកតានៅភូមិ Nyaung-nhit-pin នៃតំបន់ Hlegu។ គម្រោងនេះនឹងគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍន៍ KMIC Development Company Ltd ហើយនឹងដាក់បញ្ចូល “ប្រព័ន្ធកក់ប្លង់ដីតាមអនឡាញ” (Online Land Reservation System) ជាលើកដំបូងរបស់មីយ៉ាន់ម៉ាផងដែរ។

តម្លៃជួលដីមានអត្រាចន្លោះពី៦៩ ដុល្លារអាមេរិក ទៅ៧៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយបណ្ដាវិនិយោគិនអាចចាប់ផ្ដើម ដាក់ពាក្យកក់ប្លង់ដី ដែលខ្លួនពេញចិត្តចាប់ពីថ្ងៃទី២ មករា ឆ្នាំ២០២១។

នៅពេលគម្រោងKMICបញ្ចប់ជាស្ថាពរ វានឹងមានតម្លៃរហូតដល់ទៅ៤,៧ពាន់លា​នដុល្លារអាមេរិក ហើយនឹងផ្ដល់ការងារជាង៥០០.០០០ កន្លែង។

លោករដ្ឋមន្ត្រី U Han Zaw បានថ្លែងថា “វាពិតជាសំខាន់ណាស់ ក្នុងការបង្កើតតំបន់ឧស្សាហកម្ម ដែលអាចជួយឱ្យវិនិយោគិនមកធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបន្ថែមថា “វាក៏នឹងជួយជំរុញការវិនិយោគក្នុងស្រុក និងការវិនិយោគបរទេសផងដែរ”៕

តម្លៃដីធ្លីនៅខេត្តរតនគិរីកើនឡើងតិចតួចក្រោយគម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីៗ

ដោយៈ រ៉ាណេត

រតនគីរីៈ ក្រោយការប្រកាសពីគម្រោងអភិវឌ្ឍន៍ សាសង់សំណង់អគារនានានៅជុំវិញបឹងកន្លែង រួមទាំងតំបន់កម្សាន្តថ្មីៗបន្ថែមទៀតនៅក្រុងបានលុង ខេត្តរតនគីរីកាលពីពេលកន្លងទៅ ពេលនេះតម្លៃដីធ្លីដែលស្ថិតនៅតែក្នុង និងក្បែរតំបន់គម្រោងអភិវឌ្ឍន៍ត្រូវបានគេមើលឃើញថា ហាក់មិនមានការកម្រើកឡើងខ្លាំងនោះទេ បើមានគឺស្ថិតនៅក្នុងកម្រិតតិចតួចបំផុត។

អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងាតអចលនទ្រព្យ KAT Appraisal អលោកស្រី ចេវ សុឃុន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ សុទ្ធតែផ្តល់ភាពល្អប្រសើរដល់សេដ្ឋកិច្ចក្នុងតំបន់ ទាំងអស់ ហើយក្នុងនោះទីផ្សារអចលនទ្រព្យ ក៏ទទួលបានផលផ្លែផ្ការួមជាមួយគ្នាផងដែរ។

លោកស្រីបានបន្តថា “នៅក្នុងខេត្តរតនៈគីរី ដែលជាមណ្ឌលទេសចរណ៍ដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកឥសាននៃប្រទេសមួយនេះ មានភាពល្អប្លែកមិនចាញ់ទេសភាពស្ថិតនៅតាមបណ្តាប្រទេសនានាក្នុងតំបន់នោះឡើយ ដែលបង្កើនភាពទាក់ទាញការវិនិយោគនៅក្នុងវិស័យ ច្រើនជាងការធ្វើពាណិជ្ជកម្ម ដូចបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា”។

លោកស្រីបានបន្តថា ជាមួយនឹងគម្រោងនៃការអភិវឌ្ឍថ្មី របស់រាជរដ្ឋាភិបាល បន្ថែ​មពីលើគម្រោងវិនិយោគរបស់វិស័យឯកជន វានឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញឱ្យកិច្ចអភិវឌ្ឍន៍នៅក្នុងខេត្តមួយនេះ មានភាពរលូន និងឆាប់រហ័សបំផុត។ នៅពេលមានការអភិវឌ្ឍន៍ និងទេសចរណ៍ វិស័យសេដ្ឋកិច្ចនៅក្នុងតំបន់នឹងមានភាពល្អប្រសើរ ហើយកត្តារួមផ្សំ នៅក្នុងវិស័យទេសចរណ៍ដូចជាផ្ទះសំណាក់ ផ្ទះលំហែរកាយ សណ្ឋាគារ ជាពិសេសតំបន់កម្សាន្ត កែច្នៃពីវិស័យឯកជននឹងរីកចម្រើន ដែលទាំងអស់នេះសុទ្ធតែជាកត្តាជំរុញឱ្យតម្រូវការនៃការប្រើប្រាស់កើនឡើងជាបន្តបន្ទាប់។

ដោយឡែកពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ និងបង្កើតកោះសិប្បនិម្មិតនៅបឹងកន្សែង ស្ថិតក្រុងបានលុង នៅពេលបច្ចុប្បន្ននេះ លោកស្រីបានអះអាងថា នៅមិនទាន់អាចជះឥទ្ធិពលអ្វី ឬធ្វើឱ្យដីឡើងថ្លៃនោះទេ ព្រោះវាទើបតែជាតំណាក់កាលចាប់ផ្ដើមតែប៉ុណ្ណោះ ហើយវាត្រូវការពេលវេលាយូរបន្ថែមទៀត ដែលយ៉ាងហោចណាស់ក្នុងចន្លោះ៣-៥ឆ្នាំ ទម្រាំមានការផ្សព្វផ្សាយទូលាយពីភាពអស្ចារ្យនៃការកែច្នៃ និងសាងសង់ទាំងអស់នេះ។

ជាមួយគ្នានេះ លោកសៅ សាខុំ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យCambodian Estate Alliance (CEA) Co.,Ltd ធ្លាប់បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនបានបង្ហាញវត្តមាន នៅក្នុងខេត្តរតនគីរី ដែលភាគច្រើនបម្រើដល់វិស័យទេសចរណ៍ និងកម្សាន្តបែបធម្មជាតិ។

លោកបានបញ្ជាក់ថា “ខេត្តនេះមានភាពទាក់ទាញទៅលើវិស័យទេសចរណ៍ ដែលសូម្បីតែគម្រោងវិនិយោគ និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក៏ផ្តោតសំខាន់ទៅលើការបម្រើសេវាដល់វិស័យទេសចរណ៍ដែរ ដែលក្នុងនោះរួមមានដូចជាផ្ទះសំណាក់ សណ្ឋា​គា​រនិងផ្ទះលំហែរកាយជាដើម”។

លោកសាខុំបានបន្តថា ជាធម្មតា នៅពេលមានតម្រូវការសាងសង់ ឬអភិវឌ្ឍន៍ណាមួយដែលមានតម្រូវការប្រើប្រាស់ដី គឺតែងជម្រុញតម្លៃដីមានការកើនឡើង។ តម្លៃដីនៅកណ្តាលក្រុងស្ថិតនៅចន្លោះចាប់ពី៣០០- ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកសម្រាប់ដី ដែលមានទំហំធំសម្រាប់អភិវឌ្ឍន៍ ជាតំបន់លំហែរកាយផ្សេងៗគិតជាមធ្យមមានតម្លៃស្ថិតនៅក្នុងចន្លោះ១០-២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើជាទូទៅការទិញលក់ដីនៅតំបន់នេះគឺគេគិតជាម៉ែត្រដើរ៕