ការវិនិយោគផ្ទះលំហែកាយចាប់ផ្តើមកើនឡើង ស្របពេលអ្នកមានជីវភាពធូរធារ មានចំនួនកាន់តតែច្រើន

        ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងរយៈពេលចុងក្រោយនេះ លំនៅឋានលំហែកាយបាននិងកំពុងក្លាយជាទីពេញនិយម សម្រាប់អ្នកមានចំណូលខ្ពស់ និងអ្នកដែលមានលំនៅឋានអចិន្ត្រៃយ៍មួយរួចទៅហើយ ។ លំនៅឋានលំហែកាយភាគច្រើន ត្រូវបានវិនិយោគនៅតំបន់ដាច់ស្រយ៉ាល ឬទីតាំងនៅក្បែរតំបន់ទេសចរណ៍នានា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា នៅពេលកម្រិតជីវភាពពលរដ្ឋកាន់តែមានភាពប្រសើរ តម្រូវការលំនៅឋានលំហែកាយ ក៏កាន់តែពេញនិយមនិងមានតម្រូវការខ្ពស់ដែរ ។ អ្នកដែលទិញលំនៅឋានលំហែកាយ ជាអ្នកដែលមានផ្ទះអចិន្ត្រៃយ៍មួយរួចទៅហើយ ហើយមានលទ្ធភាពក្នុងការទិញលំនៅឋានមួយទៀត សម្រាប់ទុកលំហែនៅពេលទំនេរពីការងារ ។

លោកបន្តថា “លំនៅឋានលំហែកាយ ក៏ជាអ្វីដែលវិនិយោគិនក្នុងស្រុក និងក្រៅស្រុកកំពុងសម្លឹងរកមើលការវិនិយោគ ជាបន្តបន្ទាប់ផងដែរក្នុងនោះតំបន់ ក្នុងខេត្តកំពត មណ្ឌលគីរីរតនគីរី ជាខេត្តដែលកំពុងទាក់ទាញ នូវការវិនិយោគលំនៅឋានប្រភេទនេះ”។លោកបន្តថា “ជាមួយគ្នានេះ ខេត្តកំពតទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះនៅជិតរាជធានីភ្នំពេញ ដូច្នេះអ្នកនៅភ្នំពេញ អាចទៅសម្រាកនៅកំពតមួយយប់ឬមួយថ្ងៃដោយមិនគេងក៏បាន”។

លោកច្រឹក សុខនីមបានបន្ថែមថា  នៅពេលអនាគត តម្រូវការផ្ទះលំហែកាយនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ដោយសារតែជីវភាពពលរដ្ឋកាន់តែប្រសើរ ហើយតម្រូវការនៃការសម្រាកលំហែនៅថ្ងៃទំនេរ ដូចជាថ្ងៃបុណ្យទាន ឬថ្ងៃចុងសប្ដាហ៍ជាដើម ។

ជាមួយគ្នានេះ លោកសុខ គែនភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតបាននិយាយផងដែរថា អ្នកនៅភ្នំពេញជាច្រើន បានសម្រុកទិញដីនៅខេត្តកំពត ត្រៀមទុកអភិវឌ្ឍន៍ជាផ្ទះលំហែកាយសម្រាប់ជួលបន្តផង ឬអាចសម្រាប់ទុកសម្រាកលំហែនៅពេលទំនេរផង ។ សកម្មភាពនេះ បានកើតឡើងជាបន្តបន្ទាប់ ទោះកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក្ដី ដែលជំរុញឱ្យតម្លៃដីធ្លី នៅក្នុងខេត្តកំពតនៅតែមានកំណើនចំពោះដីនៅជិតៗក្រុង ទីរួមខេត្ត ជាពិសេសដីធ្លីនៅជាប់មាត់ព្រែក ព្រោះជាទីតាំងដែលមានសក្ដានុពលសម្រាប់អភិ​វឌ្ឍន៍ជាផ្ទះលំហែលកាយ។

បច្ចុប្បន្នលំនៅដ្ឋានលំហែកាយ បានចាប់ផ្តើមកាន់តែច្រើននៅខេត្តកំពត ពិសេសតំបន់ជាប់ដងព្រែក ដូចជាកំពតឋានសួគ៌ គំរោងForest Harmony គំរោងលំនៅដ្ឋានផ្សេងៗជាច្រើនទៀតនៅខេត្តកំពត និងនៅលើរមណីយដ្ឋានគិរីរម្យ ដែលវិនិយោគដោយក្រុមហ៊ុនជប៉ុនA2A Town Cambodia៕

ថ្នាំលាប Temple Paint បន្ថែមគុណតម្លៃដល់វិស័យសំណង់នៅកម្ពុជា

ដោយ៖ សាវុធ

ភ្នំពេញ៖ ផលិតផលថ្នាំលាប ថេមភល ផេន (Temple Paint) របស់ក្រុមហ៊ុន IMCT Co., Ltd ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសារគុណភាព និងការបង្កើនសោភ័ណភាពគេហដ្ឋាន។

ក្រុមហ៊ុន IMCT បានឱ្យដឹងថា សម្រាប់ថ្នាំលាប Temple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើយអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុខភាពទៀតផង និងធ្វើឱ្យគេហដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា “ផលិតផលនេះបានផលិតតាមរូបមន្តផ្សំចុងក្រោយបង្អស់នៃបច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពខ្ពស់ ក្នុងការការពារផ្ទៃជញ្ជាំងឱ្យមានភាពរឹងមាំ និងរលោង”។

ជាងនេះទៅទៀត វាជាប្រភេទថ្នាំ ដែលធន់នឹងទឹក និងអាចលាងសម្អាត ដើម្បីធ្វើឱ្យផ្ទៃជញ្ជាំងទាំងមូលរក្សានូវភាពស្អាត និងរឹងមាំបានយូរអង្វែង ហើយគ្មានធាតុផ្សំ APEO ដែលបង្កផលប៉ះពាល់ទៅដល់បរិស្ថាន។

ក្រុមហ៊ុន IMCT Co., Ltd បានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានប្រើឈ្មោះប្រាសាទអង្គរវត្ត ជាទីគោរពសក្ការៈ នៅក្នុងម៉ាកយីរហោ ផលិតផលថ្នាំលាប របស់ក្រុមហ៊ុន IMCT Co., Ltd។

ទំនាក់ទំនងតាមទូរសព្ទលេខ៖ ០៩៦ ២៦ ៩៩ ១៩៨/ ០៧៨ ៥៨ ៥៣ ៤៧

ចំណេះដឹងអចលនទ្រព្យ : តើខុនដូ និងអាផាតម៉ិនខុសគ្នាដូចម្តេច?

ដោយ : ស៊ីវ ម៉េង

ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរភាគច្រើនប្រហែលទើបតែឮពាក្យខុនដូ (Condo) ឬអាផាតម៉ិន (Apartment) ដែលជាភាសាបរទេសយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាក្នុងយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅពេលដែលមានវត្តមានអគារខ្ពស់ៗជាច្រើន​បានរីកដុះដាលគ្រប់កន្លែងនៅក្នុងទីក្រុងភ្នំពេញ។

ប៉ុន្តែប្រហែលជាប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនទាន់យល់ដឹងងច្បាស់ពីមុខងារនៃការប្រើប្រាស់ខុនដូ (Condo) ឬអាផាតម៉ិន (Apartment)នេះនៅឡើយទេ ខណៈសំណង់អាគារស្នាក់នៅ ដែលពេញនិយមបំផុត គឺចែកចេញជាពីរប្រភេទធំៗគឺ ខុនដូ និងអាផាតម៉ិន។

តើសំណង់ទាំងពីរប្រភេទនេះ មានភាពខុសគ្នាដូចម្តេចខ្លះទៅ? ខាងក្រោមនេះគឺជាចំនុចខុសគ្នាធំៗនៃអាគារទាំងពីរប្រភេទ៖

១ទំហំអាគារ ៖ ជាទូទៅខុនដូច្រើន តែមានទំហំធំៗជាងអាផាតម៉ិន ព្រោះផ្ទះល្វែងធម្មតាក៏អាចចាត់ទុកជាអាផាតមិនផងដែរ ប៉ុន្តែទំហំមិនអាចកំណត់ភាគជាក់លាក់នោះទេ វាអាស្រ័យលើការអភិវឌ្ឍរបស់ម្ចាស់គំរោងនិមួយៗ។

២ កម្មសិទ្ធិ ៖ ខុនដូជាសំណង់អាគារធំៗ ដែលបើកលក់ជាបន្ទប់មួយ(Unit)ឲ្យទៅភ្ញៀវ ដោយភ្ញៀវទាំងនោះ គឺទទួលបានសិទ្ធិជាម្ចាស់ផ្ទះតែម្តង ខណៈដែលអាផាតម៉ិន គឺជាបន្ទប់ (Unit) សម្រាប់ជួលទៅអោយភ្ញៀវស្នាក់នៅ ក្នុងរយៈពេលព្រមព្រៀងគ្នាណាមួយដូចជា ៣ ទៅខែ៦ខែ រឺ១ឆ្នាំជាដើម។

៣ គ្រឿងបរិក្ខារ ៖ ដោយសារតែខុនដូមានភាពទំនើបជាង ដូច្នេះហើយនៅតាមសំណង់ខុនដូតែងតែមានបំពាក់គ្រឿងបរិក្ខារ សម្បូរបែបដូចជាអាងហែលទឹក កន្លែងចតឡាន កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ បន្ទប់ស្ទីមសោណា រឺភោជនីយដ្ឋានជាដើម។ ផ្ទុយទៅវិញ អាផាតមិនអាចមិនមានគ្រឿងបរិក្ខារទាំងនេះ រឺមានត្រឹមតែតិចតួចនៃពួកវាតែប៉ុណ្ណោះ។

អាផាតម៉ិន ភាគច្រើនគឺសំដៅទៅលើសេវាកម្មផ្តល់ផ្ទះជួល ដូច្នេះម្ចាស់ខុនដូមួយក៏អាចផ្តល់ជាសេវាកម្មអាផាតមិនផងដែរ ពោលគឺមានន័យថា ពួកគេអាចមានលក់ខ្លះ រឺជួលខ្លះ៕

លោកElon Musk ក្លាយជាមហាសេដ្ឋីលំដាប់លេខ២លើពិភពលោកយ៉ាងឆាប់រហ័ស

ដោយៈ សុខុម

ញូវយ៉ក: ខណៈតម្លៃហ៊ុនរបស់ក្រុមហ៊ុនTesla បានកើនឡើងខ្ពស់រហូតដល់៧០០ភាគរយ នៅផ្សារហ៊ុនអាមេរិក បានធ្វើឲ្យលោកElon Muskក្លាយជាមហាសេដ្ឋីកំពូលលំដាប់ទី២លើពិភពលោក។

យោងតាមទស្សនាវដ្ដី Forbes andសារព័ត័មាន Bloomberg ឱ្យដឹងថា ពេលនេះ លោក Elon Musk គឺជាអ្នកមានបំផុតទី២ក្នុងពិភពលោក ខណៈពេលក្រុមហ៊ុនTesla ចុះបញ្ជីក្នុងផ្សារភាគហ៊ុនអាមេរិក S&P 500 ជាផ្លូវការកាលពីថ្ងៃច័ន្ទ សប្ដាហ៍មុន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk មួយនេះ បានក្លាយជាភាគហ៊ុនដែលហក់ឡើងកំពូលភ្លាមៗ នៅក្នុងសន្ទស្សន៍ផ្សារហ៊ុនសម្រាប់ឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មានCNN ចុះផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនTesla បានក្លយជាក្រុមហ៊ុនធំបំផុត ដែលមិនធ្លាប់ដាក់បញ្ចូលក្នុងសន្ទស្សន៍ផ្សារហ៊ុននេះ។ ជាមួយទីផ្សារដែលមានតម្លៃជាង៦២៥ពាន់លានដុល្លារ ភ្លាមៗវាបានក្លាយជាក្រុមហ៊ុនមានតម្លៃធំបំផុតទី៦ នៅក្នុងផ្សារភាគហ៊ុន S&P 500។

បច្ចុប្បន្នក្រុមហ៊ុន Tesla មានតម្លៃជាងច្រើនក្រុមហ៊ុន Berkshire Hathaway របស់លោកWarren Buffett ជាង១០០ពាន់លានដុល្លារ ហើយទ្រព្យសកម្មផ្ទាល់ខ្លួនរបស់លោក Elon Musk ក៏មានតម្លៃជាងទ្រព្យសកម្មផ្ទាល់ខ្លួនរបស់លោក Warren Buffett ដែរ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla (TSLA) បានហក់ឡើងជិត៧០០% រហូតដល់មកពេលនេះ ដែលច្រើនជាងទ្វេរដង បើធៀបនឹងភាគហ៊ុនកំពូលប្រចាំឆ្នាំ២០២០ នៅក្នុងសន្ទស្សន៍ផ្សារហ៊ុននេះ។ ភាគហ៊ុននេះបានហក់ឡើងជិត៦៥% ចាប់តាំងពីក្រុមហ៊ុន Tesla ប្រកាសចុះបញ្ជី ក្នុងទីផ្សារភាគហ៊ុន S&P 500 កាលពីពាក់កណ្ដាលខែវិច្ឆិកា។

ភាគហ៊ុនដែលហក់ឡើងខ្ពស់បំផុតទី២ នៅក្នុងផ្សារភាគហ៊ុន S&P 500 នៅឆ្នាំនេះក៏ជាក្រុមហ៊ុន ដែលទើបចុះបញ្ជីចូលផ្សារហ៊ុនថ្មីៗនេះដែរ។ ក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិកEtsy (ETSY) ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុននេះកាលពីខែកញ្ញា បានហក់ឡើងប្រហែល៣២៥%សម្រាប់ឆ្នាំនេះ។

ចំណែកក្រុមហ៊ុនCarrier Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន United Technologiesក្រោយច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុនRaytheon បានហក់ឡើងប្រ​ហែ​ល២២៥%។

ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរួមមានក្រុមហ៊ុន Nvidia (NVDA) ក្រុមហ៊ុន AMD (AMD) ក្រុមហ៊ុន PayPal (PYPL) ក្រុមហ៊ុន Bath & Body Works និងក្រុមហ៊ុន L Brands (LB) ក៏សុទ្ធតែបានហក់ឡើងជាងទ្វេដងនៅឆ្នាំនេះ។

ក្រុមវិនិយោគិនធំៗ នឹងត្រូវទិញភាគហ៊ុនរបស់ក្រុមហ៊ុនTesla នៅពេលក្រុមហ៊ុននេះ ក្លាយជាភាគហ៊ុនផ្លូវការនៅផ្សារភាគហ៊ុនS&P 500។ ក្រុមហ៊ុនធំៗជាច្រើន បានទិញភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុន Tesla រួចទៅហើយ ព្រោះវាពិតជាពិបាកនឹងធ្វើឱ្យខ្លួនលេចធ្លោ នៅក្នុងផ្សារណាស់ ប្រសិនបើគ្មានភាគហ៊ុន ដែលទទួលបានលទ្ធផលល្អបំផុតប្រចាំឆ្នាំទេនោះ៕

ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់ប្រជាជនកម្ពុជានឹងកើនឡើងដល់១,៧៧១ដុល្លារនៅឆ្នាំ២០២១

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រា​ប់មនុស្សម្នាក់នឹងកើនឡើងដល់១,៧៧១ដុល្លារនៅឆ្នាំ២០២១ ធៀបនឹង១៦០០ដុល្លារក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរដ្ឋ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

ការព្យាករណ៍នេះត្រូវបានធ្វើឡើង ដោយលោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីម្សិលមិញ អំឡុងពេលការពារសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ នៅព្រឹទ្ធសភា។

លោកបានបន្តទៀតថា “កំណើននេះអាចធ្វើទៅបាន តាមរយៈការខិតខំផ្សេងៗរបស់រាជរដ្ឋាភិបាល រួមមានការផ្តល់ការលើកទឹកចិត្តពន្ធ ដល់សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាវិស័យសំខាន់ៗ ដូចជាទេសចរណ៍ និងបដិសណ្ឋារកិច្ច”។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាតិជាង២០០លានដុល្លារអាមេរិករួចហើយ ដើម្បីឧបត្ថម្ភធនដល់អ្នក ដែលរងផលប៉ះពាល់ពីវិបត្ដិកូវីដ១៩ ហើយត្រៀមថវិកាបន្ថែមទៀត ដើម្បីជួយដល់ពួកគេ ប្រសិនបើវិបត្តិនៅតែបន្ត។

ទោះបីជាការនាំចេញភាគច្រើន ត្រូវបានរងគ្រោះដោយជំងឺរាតត្បាតក៏ដោយ ក៏ការនាំចេញកង់ គ្រឿងបន្លាស់អគ្គិសនី និងគ្រឿងបន្លាស់រថយន្ត មានការកើនឡើង។ ការនាំចេញអង្ករ និងទំនិញកសិកម្មផ្សេងទៀតក៏បានកើនឡើងផងដែរ ខណៈភ្ញៀវទេសចរក្នុងស្រុកបានគាំទ្រដល់ការងើបឡើងវិញ មួយផ្នែកនៃវិស័យទេសចរណ៍។

យោងតាមរបស់របាយការណ៍ចុងក្រោយWorld Bank បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់ បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ ខណៈ ADB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើង ៥.៩ ភាគរយនៅឆ្នាំក្រោយនេះ៕

កម្ពុជាទទួលបានជំនួយពីរដ្ឋាភិបាលបារាំងជាង៩១លានដុល្លារ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងបរិស្ថាន

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)ផ្តល់ហិរញ្ញប្បទានរហូតដល់ចំនួន៧៥លានអឺរ៉ូ (ប្រមាណជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

 

តាមរយៈទីស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវអេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រួមជាមួយលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាហិរញ្ញប្បទានចំនួន២ ដើម្បីគាំទ្រដល់ដល់ការអភិវឌ្ឍវិស័យក​សិកម្ម និងជនបទប្រកបដោយចីរភាពក៏ដូចជា ការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

នៅក្នុងកញ្ចប់ជំនួយហិរញ្ញប្បទានចំនួន២ ពីរដ្ឋាភិបាលនៃប្រទេសបារាំងផ្តល់មក ឱ្យរដ្ឋាភិបាលកម្ពុជា មានទំហំទឹកប្រាក់សរុបចំនួនជាង៩១លានដុល្លារខាងលើនេះ នឹងត្រូវបែងចែកទៅលើការអភិវឌ្ឍ និងលើកកម្ពស់វិស័យកសិកម្ម និងផ្នែកបរិស្ថាន ដែលសង្កត់ធ្ងន់ទៅលើការប្រយុទ្ធប្រឆាំង ទៅនឹងការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

តាមរយៈសេចក្ដីប្រកាស របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ថា គម្រោ​ង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋាន សម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។ ចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួល ដល់ពិពិធកម្មវិស័យកសិកម្ម តាម រយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំ (រួមមានគ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា បសុបក្សី និងការដាំដំណាំ)។ គម្រោងទាំងនេះនឹងត្រូវបានដាក់ឱ្យដំណើរការជាមួយធនាគារ KfW អាល្លឺម៉ង់ និងធនាអភិវឌ្ឍន៍អាស៊ី (ADB)៕

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសួននៅក្នុងរមណីយដ្ឋានអង្គរបានបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០នេះ

ដោយ ៖ វុត្ថា

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការអភិវឌ្ឍន៍ និងកែលម្អហេដ្ឋាចរនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសបរិវេណខាងមុខប្រាសាទអង្គរនៅឆ្នាំ២០២០នេះ ដោយបានប្រែក្លាយទៅជាតំបន់ទេសភាពបៃតងស្រស់គ្រប់រដូវកាល។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសួនព្រមទាំងដាំដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរបានបញ្ចប់នៅក្នុងឆ្នាំ២០២០នេះហើយ ស្របទៅតាមផែនការដែលមានការគ្រោងទុក ។

លោកបន្តថា “អ្វីៗបានបញ្ចប់អស់ហើយដោយរង់ចំាតែភ្ញៀវទេសចរមកលេងប៉ុណ្ណោះ។ នៅពេលភ្ញៀវទេសចរមកកម្សាន្តលើកនេះ នឹងមានការប្លែកភ្នែក ព្រោះយើងមានការរៀបបានស្អាតទាំងសោភ័ណភាព បរិស្ថាន និងទីចំណតរថយន្តជាដើម”។

លោកបន្តថា  “យើងបានបញ្ចប់ការរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង ការដំាដើមឈើ ដើមផ្ការព្រៃ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែនៅតែមជ្ឈមណ្ឌលផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរតែប៉ុណ្ណោះ ហើយកិច្ចការនេះអាចនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំក្រោយយ៉ាងយូរ”។

លោកបន្ថែមឱ្យដឹងថា គម្រោងជួសជុលប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធរួមមានការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ចូលប្រាសាទបាគង និងព័ទ្ធជុំវិញប្រាសាទបាគង ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តី និងផ្នែកខាងជើងស្រះស្រង់ ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ទៅដល់រង្វង់មូលកូនដំរី ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ ភ្នំបូករហូតដល់ចំណុចស្ពានឆេះផ្លូវជាតិលេខ៦៦ ការជួសជុលផ្លូវពីប្រាសាទអង្គរវត្តមកព្រលានយន្តហោះអន្តរជាតិសៀមរាប ការជួសជុលផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបមកផ្លូវជាតិលេខ៦ត្រង់ចំណុចភ្លើងស្តុប និងការកែលម្អផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ចាប់ពីចំណុចបំបែកផ្លូវហ្សាលដឺហ្គោលរហូតទៅដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវជាតិលេខ៦។

ពាក់ព័ន្ធនឹងសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានបញ្ចប់ពង្រីកតំបន់ទេសភាពបៃតងប្រែក្លាយទីនោះឱ្យកាន់តែស្រស់ស្អាតដោយមានការដាំស្មៅ ដាំកូនឈើ ដាំដើមផ្កានៅផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្ត។ រីឯផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្តប្រវែង៣៥០ម៉ែត្រក៏បានបញ្ចប់ការជួសជុលកែលម្អដោយមានការរៀបចំប្រព័ន្ធរំដោះទឹក ដាំកូនឈើ ផ្លូវដើរ ចញ្ចើមផ្លូវ និងសួនច្បារ៕

ចំណេះដឹងពាណិជ្ជកម្ម!តើពាណិជ្ជករបរទេសមិនបានចុះបញ្ជីពាណិជ្ជកម្មត្រូវពិន័យដូចម្តេចខ្លះ?

ដោយៈវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខា ឬទីភ្នាក់ងារនៅកម្ពុជា ត្រូវធ្វើការបំពេញទំរង់ចុះបញ្ជីពាណិជ្ជកម្មតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរនៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។

ផ្ទុយទៅវិញ ក្នុងករណីដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណាដែលមិនបានចុះបញ្ជីពាណិជ្ជកម្មតាមការបញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មទេត្រូវផ្ដន្ទាទោ​សពិន័យជាប្រាក់ចំនួន៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល) ។

ចំពោះករណីដែលពាណិជ្ជករ ឬរាល់អ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្ម ទាំងឡាយណា ដែលប្រើឯកសារក្លែងក្លាយ ត្រូវផ្ដន្ទាទោសចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល) ។

សរុបមកសម្រាប់ពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណា ដែលបានធ្វើការចុះបញ្ជីពាណិជ្ជកម្ម លើអាជីវកម្មរបស់ខ្លួន ពួកគេនឹងទទួលបាននូវអាជីវកម្មមួយស្របច្បាប់ ហើយទទួលបាននូវការការពារចំពោះឈ្មោះ និងផលិតផលរបស់ក្រុមហ៊ុននោះ ព្រមទាំងដើម្បីធ្វើការបញ្ជៀស ការខាតបង់ផលប្រយោជន៍នានា ដែលបណ្ដាល មកពីជនទុច្ចរឹតធ្វើការក្លែងបន្លំឈ្មោះ ឬផលិតផលរបស់ក្រុមហ៊ុននោះផងដែរ ។

ចំពោះករណីនេះ ម្ចាស់អាជីវកម្ម ក៏អាចធ្វើការប្ដឹងទៅក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការរំលាយ អាជីវកម្មរបស់ជនទុច្ចរឹតនោះបានដែរ ប៉ុន្ដែបើអំពើរបស់ជននោះ បានធ្វើឱ្យខាតបង់ផលប្រយោជន៍ធ្ងន់ធ្ងរ នោះម្ចាស់អាជីវកម្មដែលទទួលរងគ្រោះ អាចធ្វើការប្ដឹងទាមទារ សំណងតាមផ្លូវតុលាការដែលមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជាបាន ៕

អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃអះអាងថាសកម្មភាពទិញដីធ្លាក់ចុះ ប៉ុន្តែទំហំទុនវិនិយោគហក់ឡើងខ្ពស់

ដោយៈសុខុម

បាងកក:  អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (Industrial Estate Authority of Thailand) ហៅកាត់ IEAT ឱ្យដឹងថា ផលប៉ះពាល់ដែលបង្កឡើងដោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យដីធ្លីធ្លាក់ថ្លៃតិចតួចក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២០ ប៉ុន្តែទំហំវិនិយោ​គបានកើនឡើងខ្លាំងរហូតដល់ទៅ៦៨៣%។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២១ ធ្នូកន្លងមក។

 

ការរាយការណ៍ពីសារព័ត៌មានដដែលនេះបានឲ្យដឹងថា ពីខែតុលាឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២០ ការលក់ដីឧស្សាហកម្មសរុបបានធ្លាក់ចុះ១,៥២% ឆ្នាំធៀបនឹងឆ្នាំមកនៅត្រឹម ២.១៥០ រ៉ៃ (៣៤៤ ហិកតា) ដោយច្រករបៀងសេដ្ឋកិច្ចភូមិភាគបូព៌ា (Eastern Economic Corridor (EEC)) បានធ្លាក់ចុះ៧,២% ឆ្នាំធៀបនឹងឆ្នាំមកនៅត្រឹម ១.៨៤១ រ៉ៃ (២៩៤,៥ ហិកតា)។ ក្នុងសារពើពន្ធឆ្នាំ២០១៩ ដីលក់បានសរុបមានចំនួន ២.១៨៤ រ៉ៃ (៤៤៩,៥ ហិកតា) ដោយការលក់នៅ EEC ទទួលបាន១.៩៨៤ រ៉ៃ (៣១៧,៥ ហិកតា)។

 

លោកស្រី Somchint Pilouk ប្រធានIEAT បានបន្ទោសការធ្លាក់ចុះនេះទៅលើការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលជះផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មនានា ក៏ដូចជាវិធានការបិទប្រទេស ដែលធ្វើឱ្យជនបរទេសមិនអាចធ្វើដំណើរមកកាន់ប្រទេសថៃបាន។

លោកស្រីថ្លែងថា “យើងរំពឹងថាពិភពលោក នឹងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងឆាប់ៗនេះ ដើម្បីបញ្ឈប់ការឆ្លងរាតត្បាតដោយសង្ឃឹមថា នឹងជួយជំរុញសេដ្ឋកិច្ចសកលឱ្យងើបឡើងនៅឆ្នាំក្រោយ”។

IEAT បានគូសបញ្ជាក់ថា ទោះបីជាការលក់ដីធ្លាក់ចុះយ៉ាងណាក្ដី ក៏ទំហំវិនិយោគដែលកើនឡើងខ្ពស់ បានផ្ដល់ការងារបន្ថែមជាច្រើនកន្លែង។

លោកស្រី Somchint Pilouk បានបន្ថែមថា ទំហំវិនិយោគបានកើនឡើង៦៨៣% រហូតដល់ទៅ២៣៩ពាន់លានបាត(៨ពាន់លានដុល្លារ)ក្នុងឆ្នាំសារពើពន្ធ២០២០ ដោ​យ​សារក្រុមវិនិយោគិន ដែលមានស្រាប់បានបង្កើនទំហំវិនិយោគរបស់ខ្លួន។

ការបង្កើនទំហំវិនិយោគនេះ បានផ្ដល់ការងារបន្ថែមរហូតដល់៣២.៧៥៣ កន្លែង ដែលកើនឡើងពីការងារ៥.៥១២ កន្លែង ឬកើនឡើង៤៩៤%៕

ក្រុមហ៊ុនភ្នាក់អចលនទ្រព្យPAPA & MAMA សហការជាដៃគូយុទ្ធសាស្ត្រជាមួយគម្រោងបុរីណាឌី

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA ដែលមានជំនាញក្នុងការទទួលលក់គម្រោងបុរីប្រណីត បានសហការជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន GC Empire Co.,Ltd ជាក្រុមហ៊ុនមានជំនាញ ក្នុងការអភិវឌ្ឍន៍ខុនដូប្រណីត CEO Wyndham Residence និងគម្រោងបុរីណាឌី នៅក្នុងខណ្ឌជ្រោយចង្វារ។

លោកសុខ ជា អគ្គនាយកប្រតិបត្តិរងរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA បានមានប្រសាសន៍ នៅក្នុងពិធីចុះហត្ថលេខានៃអនុស្សារណៈយោគយល់(MOU) នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA ជាក្រុមហ៊ុនមានជំនាញច្បាស់លាស់ ស្របច្បាប់ត្រឹមត្រូវដែលទទួលស្គាល់ពីក្រសួងពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបានបន្តថា “សម្រាប់កិច្ចចុះហត្ថលេខា សហការជាដៃគូយុទ្ធសាស្ត្រក្នុងការលក់គម្រោងបុរី ណាឌីនៅពេលនេះ គឺជាសក្ខីភាពដ៏អស្ចារ្យថ្មីមួយទៀតរវាងក្រុមហ៊ុនទាំង២ ដែលក្រៅពីជំរុញការអភិវឌ្ឍន៍ វិស័យសំណង់លំនៅដ្ឋានបែបប្រណីត មានគុណភាពខ្ពស់ នៅក្នុងតំបន់ជ្រោយចង្វារ ដែលកំពុងមានការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត”។

លោកសុខ ជា បានបញ្ជាក់បន្ថែមថា ហេតុផលចម្បងដែលក្រុមហ៊ុន PAPA & MAMA សហការជាដៃគូយុទ្ធសាស្ត្រ និងស៊ីជម្រៅជាមួយក្រុមហ៊ុន GC Empire Co.,Ltd ក៏ព្រោះតែយើងចង់ នាំយកគម្រោងលំនៅដ្ឋានបែបទំនើប និងល្អប្រណិតមកជូនអតិថិជនរបស់ខ្លួន ដោយសារតែនៅក្នុងគម្រោងមួយនេះ មានការច្នៃម៉ូដបែបទាន់សម័យ គិតគូរពីផាសុកភាពដល់អ្នករស់នៅ ទាំងទំហំលំនៅដ្ឋាន លំហូរខ្យល់ចេញចូល សួនច្បារក្នុងសហគមន៍ តំបន់បៃតង និងពន្លឺធម្មជាតិយ៉ាងច្បាស់ល្អ”។

លោក Eric Chong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន GC Empire Co.,Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបុរី ណាឌី បានមានប្រសាសន៍ថា “នៅក្នុងលំនៅដ្ឋានសហគមន៍ដែលរៀបចំ និងអភិវឌ្ឍន៍ដោយបុរីណាឌី រួមបញ្ចូលទាំងការរស់នៅ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប។ នៅក្នុងបុរី ណាឌី លោកអ្នកអាចរស់នៅក្នុងបរិយាកាសដែល មានសុវត្ថិភាព ស្រស់ស្អាត ធម្មជាតិ ស្ងប់ស្ងាត់ មានផាសុកភាព មានសុខភាពល្អ និងពោរពេញដោយភាពច្នៃប្រឌិត។

លោកបានបន្តថា “ការអភិវឌ្ឍលំនៅឋាននេះ គឺបានផ្ដោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួនបីនៅកម្ពុជាគឺ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ វិស័យវិនិយោគលើដីធ្លី និងវិស័យហិរញ្ញវត្ថុ។ ការអភិវឌ្ឍលំនៅឋានរបស់យើងនេះ មានលក្ខណៈពិសេសខុសប្លែកពីគេ ដោយការផ្ដោតសំខាន់ ទៅលើការការពារបរិស្ថានធម្មជាតិ និងការរស់នៅរួមគ្នាជាសហគមន៍”។

លោកបានបញ្ជាក់ថា តាមរយៈកិច្ចចុះហត្ថលេខា ភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន GC Empire Co.,Ltd ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍ ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA ដែលមានបទពិសោធន៍ និងជំនាញផ្នែកលក់បុរីប្រណីតនៅពេលនេះ ពិតជាអាចជួយជំរុញឱ្យដំណើរការទីផ្សារ ទទួលបានជោគជ័យយ៉ាងប្រាកដ។

បុរីណាឌី ដែលស្ថិតនៅលើផ្ទៃដីទំហំ៣៤ហិកតា ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងនាំមកជូនលោកអ្នកនូវគេហដ្ឋាន ដែលមានការរចនាម៉ូតយ៉ាងទំនើប ស៊ីវីល័យ ទាន់សម័យ និងការរចនាលំដាប់ថ្នាក់អន្តរជាតិ ចំនួន3ប្រភេទគឺ៖ វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះអាជីវកម្មនៅលើផ្លូវរដ្ឋ20ម៉ែត្រ តភ្ជាប់ទៅកាន់ទីក្រុងរណបលីយ៉ុងផាត់។

សម្រាប់គ្រួសារដែលរស់នៅក្នុងបុរីណាឌី ក៏អាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបនៅក្នុងបុរី ដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ ក្លឹបហោស៍ កន្លែងក្មេងលេង សួនផ្កាសាគូរ៉ាខ្មែរ សាលកញ្ចក់សម្រាប់កម្មវិធីមង្គលរបស់លោកអ្នក និងផ្លូវរត់ហាត់ប្រាណជាដើម។ ក្រៅពីសម្រាប់ការរស់នៅយ៉ាងសុខដុមរមនា បុរី ណាឌីស្ថិតនៅក្នុងតំបន់ស្នូលនៃគម្រោងអភិវឌ្ឍន៍ធំៗនានា និងជាតំបន់ដែលមានសក្ដានុពល នៅក្នុងរាជធានីភ្នំពេញ ធ្វើឲ្យទីនេះស័ក្តិសមជាកន្លែងវិនិយោគ ដែលធានានូវផលចំណេញខ្ពស់បំផុតសម្រាប់អ្នកវិនិយោគ៕