ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៧៩ពាន់លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្ដីពីកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការ ចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃចុងសប្ដាហ៍នេះបានឱ្យដឹងថា គម្រោងវិនិយោគជប៉ុន ទាំង១៤៤ខាងលើនេះ ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦គម្រោង បានបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ៣ ៤០លានដុល្លារអាមេរិក។
ក្នុងចំណោមគម្រោងវិនិយោគធំៗរបស់ជប៉ុននៅកម្ពុជា មានគម្រោងវិនិយោគដែលលេចធ្លោរួមមានគម្រោងផ្សារទំនើប AEON គម្រោងវិនិយោគមន្ទីរពេទ្រ សាន់រាយស៍ គម្រោងវិនិយោគ Arakawa និងគម្រោងវិនិយោគជាច្រើនផ្សេងទៀត ដែលបានផ្តល់ឱកាសការងារធ្វើដល់ពលរាប់ពាន់កន្លែង ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា ដែលជានិច្ចកាលបានបន្តជំរុញសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជា ឲ្យមានសកម្មភាពរស់រវើក ទោះបីមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។
លោកថា នេះជាសក្ខីភាពមួយ ដែលអ្នកវិនិយោគជប៉ុនបានបង្ហាញពីការប្តេជ្ញាចិត្ត បន្តការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផ្តល់ជំនឿទុកចិត្តយ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានកោតស្ញប់ស្ញែងចំពោះការដឹកនាំ ដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបញ្ញាញាណដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការទប់ទល់នឹងការញាំញី នៃជំងឺរាតត្បាតកូវីដ-១៩ ដោយរក្សាបាននូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕