ដោយ៖ ម៉ាណេត
ភ្នំពេញ៖ អ្នកនាំចេញ ត្រូវបានជម្រុញឱ្យប្រើសិទ្ធិបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) ខណៈដែលប្រទេសកម្ពុជាគ្រោងបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
យោងតាមអ្នកស្រី Aramram Supthaweethum អគ្គនាយក នៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ បានឱ្យដឹងថាប្រទេសកម្ពុជាគឺជាសមាជិកអាស៊ានតែមួយគត់ ដែលមិនបានអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
អ្នកស្រីបានថ្លែងថា ថ្មីៗនេះប្រទេសកម្ពុជា បានជូនដំណឹងដល់លេខាធិការដ្ឋានអាស៊ានថា ខ្លួនបានត្រៀមខ្លួនរួចរាល់ ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង AHKFTA មានន័យថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើប្រទេសជាសមាជិកអាស៊ានទាំងអស់ចាប់ពីថ្ងៃទី១២ ខែកុម្ភៈនេះ តទៅ។
កិច្ចព្រមព្រៀង AHKFTA ត្រូវបានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុវត្ត កាលពីខែមិថុនា ឆ្នាំ២០១៩ សម្រាប់ទីក្រុងហុងកុង និងសមាជិកអាស៊ានមួយចំនួន។
អ្នកជំនាញបានឡើងផងដែរថា អ្នកនាំចេញអាស៊ាន រួមទាំងកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ពាណិជ្ជកម្មទំនិញ ដែលហុងកុងបានលើកលែងពន្ធគយរួចហើយ។ ប្រការនេះធ្វើឱ្យការនាំចេញរបស់បណ្តាប្រទេសអាស៊ាន ទៅកាន់ហុងកុង នឹងមានការកើនឡើង។
ជាមួយគ្នានេះដែរ អ្នកស្រី Auramon បានថ្លែងថា សម្រាប់ពាណិជ្ជកម្មសេវាកម្ម ហុងកុងបានបើកវិស័យសេវាកម្មដល់សមាជិកអាស៊ានច្រើនជាងប្រទេសនានា ដែលបានប្តេជ្ញាចិត្តចំពោះអង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសសម្រាប់ផលិតកម្មមាតិកាសម្រាប់កម្មវិធីផ្សាយវិទ្យុ និងទូរទស្សន៍នៅហុងកុង។
អ្នកស្រី Auramon បាននិយាយថា ជាលទ្ធផល ប្រតិបត្តិករថៃ ត្រូវបានអនុញ្ញាតឱ្យកាន់កាប់ភាគហ៊ុន១០០% លើអាជីវកម្មសេវាកម្មនៅហុងកុង។
លើសពីនេះ លោកស្រីបាននិយាយថា ទីក្រុងហុងកុង បានបង្កើតការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុងនៅប្រទេសថៃកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាការិយាល័យទី៣ នៅអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងហុងកុង និងអាស៊ាន៕