កំលាំងចលករស្នូលៈ កត្តាសំខាន់ៗចំនួន៥នៅពីក្រោយចលករជំរុញឲ្យដីឡើងថ្លៃ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ តម្លៃដីមិនមែនកើតមានគ្រប់ទីកន្លែងនោះទេ ទោះបីសេដ្ឋកិច្ចរីកចម្រើនក៏ដោយ ប៉ុន្តែវាឡើងថ្លៃលឿន ឬយឺតអាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ដែលអ្នកវិភាគលើទិដ្ឋភាពអចលនទ្រព្យបង្ហាញជាចំណេះដឹងដល់លោកអ្នក។

កត្តាសុខសន្តិភាព

មានសុខាសន្តិភាព ទើបមានការអភិវឌ្ឍ នេះជាកត្តាសមហេតុផលបំផុត ប៉ុន្តែកំឡុងសន្តិភាព ទាមទារឲ្យរដ្ឋាភិបាលមានគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តច្បា​ស់លាស់ ទើបអាចធ្វើឲ្យដីឡើងថ្លៃ ដែលអាចទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេ​សចូលរួមវិនិយោគ អភិវឌ្ឍន៍គម្រោងនានា ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ។

កត្តាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គមនេះហើយ ជាមូលដ្ឋានរ៉ឹងមាំសំរាប់ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិបញ្ចេញលុយ និងចូលមកវិនិយោគនៅ​ប្រទេសណាមួយ។

កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ

ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាផ្នែកដ៏សំខាន់មួយ ដែលទាក់ទាញការវិនិយោគ ទាំងអ្នកវិនិយោគជាតិ អន្តរជាតិចូលមកម្ពុជា ពិសេសក្រុមហ៊ុនធំៗពីក្រៅប្រទេសចូលមក ព្រោះក្រុមហ៊ុននានាធ្វើអាជីវកម្ម ពួកគេតែងតែស្វែងរកប្រាក់ចំណេញ ប៉ុន្តែបើប្រទេសនោះក្រីក្រ ពួកគេនឹងមិនទៅវិនិយោគនោះទេ ដោយសារអំណាចនៃការទិញរបស់ប្រជាជនក្នុងប្រទេសនោះមិនកើនឡើង។

ជាក់ស្តែងដូចក្រុមហ៊ុន AEON MALL Group មុនពួកគេសម្រេចចិត្តបើកផ្សារទី១ ពួកគេបានមកសិក្សា និងតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គមកម្ពុជារយៈពេលជាង​១០ឆ្នាំ ទើបពួកគេសម្រេចចិត្តបើកផ្សារទំនើបនេះ ហើយពេលពួកគេសម្រេចចិត្តនោះ ដោយសារពួកគេមើលឃើញថា ជីវភាពប្រជាជនកម្ពុជាបានល្អប្រសើរ ប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។

ការរីកចម្រើនសេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនលឿន ដោយសម្រេចបានកំនើន ក្នុងរង្វង់ជាង៧ភាគរយរយៈពេលជាងពីរទសវត្សរ៍ ដែលធ្វើឲ្យកម្ពុជាជាប់ជាប្រទេស១ ក្នុងចំណោមប្រទេសចំនូន១០លើពិភពលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ។

ការរីកចម្រើនសេដ្ឋកិច្ច គួបផ្សំនឹងកត្តាសុខសន្តិភាព ដែលបានលើកឡើងខាងលើនេះហើយ ដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនលឿន និងទាក់ទាញបានលំហូរវិនិយោគផ្ទាល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ការរីកចម្រើនសេដ្ឋកិច្ចនេះហើយ ដែលបានធ្វើឲ្យតម្លៃដីធ្លីកើនឡើងស្ទើរគ្រប់កន្លែង តម្លៃដីធ្លីហក់ឡើងមិនធ្លាប់មាន ទីតាំងធ្លាបើ់ជាវាលស្រែ បឹង បានក្លាយជាបុរីលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។

កត្តាហេដ្ឋារចនាសម្ព័ន្ឋ

ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ រដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ឋទៅគ្រប់ទីកន្លែងនៅស្ទើរទូទាំងប្រទេស។ ជាលទ្ឋផល យើងសង្កេតឃើញថា នៅពេ​លរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ណាមួយ ដីធ្លីតែងតែឡើងថ្លៃនៅតំបន់​នោះ ហើយសកម្មភាពសេដ្ឋកិច្ចបានរីកចម្រើននៅតំបន់នោះ។

ជាក់ស្តែងដួចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ទី៤ និងផ្លូវជាតិនានា នៅពេលស្ថាបនាពង្រីករួច តម្លៃដីបានហក់ឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាជននៅមូលដ្ឋានបានទទួល​ផល​និងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។

កត្តាប្រជាសាស្រ្តនិងនគរូបនីយកម្ម

យ៉ាងណាក៏ដោយ តម្លៃដីធ្លី នឹងមិនកើនឡើងនៅតំបន់វាលរហោស្ថាន និងបឹងល្វឹងល្វើយ ដែលគ្មានមនុស្សរស់នៅឡើយ។

ប៉ុន្តែផ្ទុយទៅវិញ ដីធ្លីតែងតែមានតម្លៃនិងឡើងថ្លៃខ្ពស់ នៅតំបន់មានមនុស្សរស់នៅច្រើន ព្រោះកន្លែងណាមានមនុស្សរស់នៅច្រើន ជាកន្លែងដែលមានសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឲកយចរន្តសាច់ប្រាក់រសរវើក។

កត្តាមនុស្ស ឬកត្តាប្រជាសាស្រ្ត និងនគរូបនីយកម្មតែងតែដើរទន្ទឹមគ្នា ព្រោះកត្តាទាំងពីរនេះតែងតែគាំទ្រ និងពឹងពាក់គ្នាទៅវិញទៅមក។ នៅពេលមានមនុស្សរស់នៅ នគរូបនីយកម្មនឹងរីកចម្រើន៕

ក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor បន្តពង្រីកខ្លួននៅក្នុងប្រទេសហ្វីលីពីន

ដោយៈ វុត្ថា

មានីលៈ ក្រុមហ៊ុន Accor ជាក្រុមហ៊ុនវិនិយោគលើសណ្ឋាគារប្រណីតលំដាប់ពិភពលោកកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ដែលមានការវិនិយោគលើសណ្ឋាគារលំដាប់ផ្កាយ៥ ក្រោមយីហោ Pullman បន្ទាប់ពីមើលឃើញពីឱកាសងើបឡើងវិញនៃវិស័យទេសចរណ៍នៅក្នុងប្រទេសមួយនេះ។

តាមការចុះផ្សាយរបស់ព្រឹត្តិបត្ររបស់ប្រទេសហ្វីលីពីន MANILA BULLETIN កា​លពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនAccor Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់សណ្ឋាគារជាមួយក្រុមហ៊ុន Primex Realty Corp. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PRIMEX Corporation សម្រាប់យីហោសណ្ឋាគារ Pullman ទី ២ របស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ដែលមានទីតាំងនៅក្នុងអគារ Primex Tower នៃតំបន់ Greenhills ។

សណ្ឋាគារ Pullman Manila នឹងកាន់កាប់អគារខ្ពស់ជាងគេ ដោយជាន់ទី១០នៃអគារ Primex Tower មានកម្ពស់៥០ជាន់ ដែលគ្រោងនឹងបញ្ចប់សាងសង់នៅឆ្នាំ២០២៣។ សណ្ឋាគារនេះ នឹងក្លាយជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមាន២០០បន្ទប់ស្ថិតនៅក្នុងអគារខ្ពស់ជាងគេបំផុតមួយក្នុងទីក្រុង។

អាគារ Primex Tower នឹងរួមបញ្ចូលទាំងការលក់រាយ និងការិយាល័យធ្វើការនៅជាន់ខាងក្រោម។ រីឯសណ្ឋាគារលំដាប់ខ្ពស់ នឹងស្ថិតនៅជាន់ខាងលើ១០ជាន់។ អគារដែលមានកម្ពស់៥០ជាន់នេះ មានទីតាំងស្ថិតនៅជិត នឹងបណ្តុះលំនៅដ្ឋានជនជាតិចិន – ហ្វីលីពីនកាត់ចិន ដែលរស់នៅក្នុងតំបន់ Greenhills និងនៅមិនឆ្ងាយពីផ្សារទំនើប Greenhills Shopping Complex។

សណ្ឋគារ Pullman Manila នៅអគារ Primex Tower នឹងមានភោជនីយដ្ឋានចំនួន២ កន្លែងទទួលភ្ញៀវ និងរង្គសាលនៅលើដំបូល។ សណ្ឋាគារនេះ ក៏នឹងមានមជ្ឈមណ្ឌលហាត់ប្រាណ និងអាងហែលទឹក ដើម្បីលើកទឹកចិត្តភ្ញៀវជាមួយនឹងការផ្តល់ជូននូវកន្លែងហាត់ប្រាណយ៉ាងទូលំទូលាយ។

បច្ចុប្បន្នក្រុមហ៊ុន Accor ប្រតិបត្តិការសណ្ឋាគារចំនួន៧ នៅតំបន់Greater Manila ដែលបានស្វាគមន៍ភ្ញៀវទេសចរជាង៥លាននាក់ក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុនបដិសណ្ឋារកិច្ចមួយនេះ នៅតែបន្តពន្លឿនល្បឿនយ៉ាងលឿននៅក្នុងប្រទេសហ្វីលីពីន ដោយការចុះហត្ថលេខាយកយីហោPullman Manila នៅក្នុងអគារ Primex Tower ហើយគ្រោងនឹងបើកចំនួន១៦ សណ្ឋាគារទៀតនៅក្នុងប្រទេសក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

គម្រោង “THE RESIDENCE”  នៅមហាវីថី៦០ម៉ែត្រ ប្រកាសបើកលក់ជាផ្លូវការហើយ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ បើនិយាយពីការអភិវឌ្ឍអគារពាណិជ្ជកម្ម ផ្សារទំនើប លំនៅឋាន ខុនដូ អ្នកណាៗក៏នាំគ្នាក្រឡេកមើលទៅទិសខាងត្បូងនៃរាជធានីភ្នំពេញដែរនាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះពិតជាមានសន្ទុះខ្ពស់ និងមានភាពរីកចំរើនខ្លាំងលើសពីការព្យាករណ៍ និងការរំពឹងទុកទាំងអ្នកវិនិយោគក្នុងប្រទេស និងអន្តជាតិ ជាពិសេសគឺទៅលើវិស័យអចលនទ្រព្យ។

លោកអ្នកប្រាកដជាធ្លាប់បានឆ្លងកាត់លើមហាវិថីនេះរួចជាច្រើនដងមកហើយ​ ដោយផ្ដោតទៅលើសំណង់លំនៅឋាននាៗដែលកំពុងតែលេចជារូបរាងប្រកួតប្រជែងគ្នា អមជាមួយនឹងអាគារពាណិជ្ជកម្ម សាលាអន្ដរជាតិ​ មន្ទីរពេទ្យ ទីតាំងកំសាន្ដ រួមទាំងផ្សារទំនើបអ៉ីអនម៉ល៣ ដែលគ្រោងនឹងបើកតំណើរការក្នុងរយៈ ពេល ២​ទៅ៣​​ឆ្នាំខាងមុខនេះ។

ស្របជាមួយគ្នានេះ គម្រោង THE RESIDENCE​ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក​ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ នឹងបើកដំំំណើរការដាក់លក់ជា​ផ្លូវការ​មួយថ្ងៃពេញនៅ​ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង៦ល្ងាច។

គម្រោង THE RESIDENCE​ ជាប្រភេទផ្ទះអាជីវកម្មមាន៤ប្រភេទ ដែលមានរចនាបថដ៏ល្អឥតខ្ចោះទាំងក្នុង និងក្រៅផ្ទះធំទូលាយ មានផ្លូវខ្វែងខ្វាត់នៅក្នុងបុរីផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ ឬអាចទុកសម្រាប់រស់នៅ ឬអាចវិនិយោគទិញទុកលក់យកចំនេញក៏បាននៅក្នុងពេលអនាគត។ អតិថិជន២០ផ្ទះដំបូងនឹងទទួលបានកាដូរពិសេស រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនបន្ថែមទៀត។ គម្រោង​នេះទីតាំងដ៏ល្អដែរស្ថិតនៅលើវិថី ៦០ម៉ែត្រ និងចំណាយពេលត្រឹមតែ៥នាទីពីផ្សារទំនើប AEON Mall 3​ ទីតាំងហ៊ុំព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងប្រភេទលំនៅដ្ឋានសំបូរបែបផ្សេងៗជាច្រើនទៀត។

ពាក្យស្លោកគម្រោងថា “អនុញ្ញាតឱ្យយើងខ្ញុំផ្តល់ជូនផ្ទះក្នុងក្តីស្រម៉ៃដល់អស់លោកអ្នក” THE RESIDENCE ជាប្រភេទផ្ទះអាជីវកម្មបែបថ្មី និងប្រណិតសម្រាប់អតិថិជនដែលមានគោលបំណងមានលំនៅឋានក្នុងក្ដីស្រម៉ៃប្រកបដោយគុណភាព និងមានរចនាបថក្នុងការរស់តាមបទដ្ឋានទំនើប ទាន់សម័យ។ គូសបញ្ជាក់ផងដែរថាគម្រោង THE RESIDENCE​ មានប្រភេទផ្ទះអាជីវកម្មសរុបចំនួន ៥៧៤ផ្ទះ  ស្ថិតនៅលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉ែ  ​ស្ថិតនៅតាមបណ្ដោយវិថី៦០ម៉ែត្រ (ជិតជាមួយនិងមហាវិថីសម្តេចហ៊ុន សែន)។

គម្រោង THE RESIDENCE បានតែងតាំងក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិដ៍ធំមួយក្នុងប្រទេសកម្ពុជា ជាភ្នាក់ងារលក់អចលនទ្រព្យផ្ដាច់មុខក្នុងនាមជាអ្នកលក់គម្រោង។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា “តាមពិតទៅ តំបន់​នេះ​ស្ថិតនៅ​កណ្តាល​ក្រុង​រួចស្រេចទៅហើយ និង​ជា​តំបន់ដែល​មានការ​អភិវឌ្ឍ​លឿន ដោយសារ​ទីតាំង​មាន​ភាព​អំណោយផល​កៀក​នឹង​ចំណុចកណ្តាល​នៃរាជធានីភ្នំពេញ និង​ជា​តំបន់​ថ្មី ដែល​ងាយស្រួលក្នុងការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ក៏ដូចជា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មេធំៗមួយចំនួន​បានរៀបចំ​ល្អប្រសើរ​រួចទៅហើយ។ តំបន់ខាងត្បូងរាជធានីភ្នំពេញពិតជាត្រូវការគម្រោងលំនៅឋានបន្ថែមទៀតដើម្បីស្របទៅនឹងតំរូវការក៏ដូចជាភាពរីកចំរើនផ្នែកពាណិជ្ជកម្ម”។

តាមការព្យាករណ៍របស់អ្នកជំនាញផ្នែកអចលនទ្រព្យតំបន់​នេះ​ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ នឹង​ក្លាយជា​តំបន់​ដ៏​ពេញនិយម​សម្រាប់​ការរស់នៅ និង​ការធ្វើ​ពាណិជ្ជកម្ម កត្តាទាំងអស់នេះហើយដែលជម្រុញតំបន់ដ៏ថ្មីស្រឡាងមួយនេះឱ្យ​ក្លាយទៅជា​តំបន់​ដ៏​រស់​រវើក​មួយ​នាពេល​អនាគត​ ដែរទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។

សម្រាប់ព័ត៌មានលម្អិតអំពីអចលនទ្រព្យ សូមលោកអ្នកអញ្ជើញមកទស្សនាគម្រោងដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយវិថី៦០ម៉ែត្រ (ជាប់នឹងបុរី ប៉េង ហួត ដឹស្តាមេរាហ្កាដិន)​ ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ 096 831 32 33, 088 931 32 33, 078 31 32 33 និងតាមរយៈ​​គេហទំព័រហ្វេសបុក៖ https://www.facebook.com/dlpropertydevelopment

ទីតាំងគម្រោង : https://goo.gl/maps/G9u64uMm7V2wtRLEA

គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញឈានដល់ការអនុម័តលើសេចក្ដីព្រាងចុងក្រោយ

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើង និងលើកស្ទួយវិស័យដឹកជញ្ជូនបានឈានដល់ការអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement)។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញគឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួត ប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម និងជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងការដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ថា “គម្រោងអភិវឌ្ឍមួយនេះនឹងចូលរួមសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០”។

នៅក្នុងកិច្ចប្រជុំខាងលើនេះបានសង្កត់ធ្ងន់ទៅលើការពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន YCH និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិលើចំណុចមួយចំនួនដែលនៅសេសសល់ពីកិច្ចប្រជុំនាពេលកន្លងមក សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយក្នុងបទដ្ឋានជាតិ និងអន្តរជាតិ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងឈានទៅបញ្ចប់សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះនាពេលឆាប់ៗខាងមុខ ដើម្បីដាក់ជូនទៅក្រុមហ៊ុន YCH៕

ខេត្តកោះកុងនឹងស្វាគមន៍គម្រោងអភិវឌ្ឍន៍មណ្ឌលកម្សាន្តចំនួន៧ទៀត

ដោយៈ រ៉ាណេត

កោះកុងៈ ខេត្តកោះកុងទទូលបានគម្រោងវិនិយោគ និងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៧ទៀត ដែលគំរោងនោះស្ថិតនៅស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមាបន្ថែមពីលើគម្រោងធំៗ ដែលមានស្រាប់ និងកំពុងដំណើរការអភិវឌ្ឍ។

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា ទីតាំងស្នើសុំវិនិយោគ និងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៧គម្រោងខាងលើនេះ គឺស្ថិតនៅក្នុងស្រុកចំនួន២ ដែលជាដែនគ្រប់​គ្រងតំបន់ធម្មជាតិ។

លោកបានបន្តថា “បច្ចុប្បន្ន ក្រៅពីគម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនអន្តរជាតិ ក៏មានវត្តមានរបសក្រុមហ៊ុនក្នុងស្រុកចូលមកវិនិយោគ និងរួមគ្នាអភិវឌ្ឍន៍នៅក្នុងខេត្តកោះកុងផងដែរ”។លោកបន្តថា ក្នុងចំណោមគំរោងទាំងនោះ មានវិនិយោគបង្កើតតំបន់ទេសចរណ៍កម្សាន្តគឺមានច្រើនគម្រោង រួមមានទាំងនៅដែនដីគោក និងដីកោះជាច្រើនទៀតបន្ថែមពីលើគម្រោងដែលមានស្រាប់”។

លោកថា ពាក់ព័ន្ធទៅនឹងគម្រោងស្នើសុំវិនិយោគ និងអភិវឌ្ឍន៍តំបន់កម្សាន្តទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស១០ហិកតា) គឺមិនមានជាប់ពាក់ព័ន្ធទៅនឹងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋនោះទេ ព្រោះតំបន់ដែលក្រុមហ៊ុនស្នើសុំនេះស្ថិតនៅក្នុងតំបន់ការពារ ក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយប្រសិនបើមានគឺមានតែចំពោះប្រជាពលរដ្ឋ ដែលទន្ទ្រានដីព្រៃក្នុងតំបន់ហាមឃាត់តែប៉ុណ្ណោះ។

ស្រុកបុទុមសាគរ ខេត្តកោះកុង មានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗសរុបតម្លៃរាប់ពាន់លានដុល្លារ ដូចជា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន UNION Development Co.,Ltd គម្រោងសាងសង់ព្រលានយន្តហោះ គម្រោងបង្កើតរោងចក្រអគ្គិសនីកម្លាំង៧០០មេហ្គាវាត់ និងគម្រងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែ​លមានតម្លៃសរុបជាង១០០០លានដុល្លារ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យ​សំណ​ង់ផងដែរ៕

កម្ពុជានឹងបើកមជ្ឈមណ្ឌលធុរកិច្ចនៅទីក្រុងបាងកកនាមុនពិធីបុណ្យចូល ឆ្នាំខ្មែរខាងមុខ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងបើកដំណើរការមជ្ឈមណ្ឌល ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំនៅប្រទេសថៃ (CBC) ស្ថិតនៅក្នុងទីក្រុងបាងកក នៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ នៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ។

លោកហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ត្រូវបានដកស្រង់សម្តីចេញពីទូរទស្សន៍ក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ដោយលោកបានថ្លែងថាថា មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា គឺនឹងជួយសម្របសម្រួល ដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសដើម្បីសម្រេចបាន តាមទិសដៅពាណិជ្ជកម្មទ្វេភាគីតម្លៃ១៥ពាន់លានដុល្លារ ដែលកំណត់ដោយប្រមុខថ្នាក់ដឹកនាំប្រទេសទាំងពីរនៅឆ្នាំក្រោយ។

លោកបន្តថា “មជ្ឈមណ្ឌលនេះមានកម្ពស់៤ជាន់ ជាការវិនិយោគរបស់ក្រុមហ៊ុន Zay Station Co., Ltd សហការជាមួយការិយាល័យពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ”។

នៅពេលបញ្ចប់ការសាងសង់ អគារនេះនឹងក្លាយជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងផ្សព្វផ្សាយផលិតផលខ្មែរ និងថៃ និងជាសាលាហ្វឹកហ្វឺនផ្នែកធុរកិច្ច ព្រមទាំងកន្លែងផ្តល់ការប្រឹក្សាអំពីលក្ខខណ្ឌច្បាប់ និងសេវាផ្សេងៗទាក់ទងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ធ្លាប់មានប្រសាសន៍ថា វត្តមានមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា(CBCC) នៅក្នុងទីក្រុងបាងកក នឹងដើរតួនាទីសំខា​ន់ ក្នុងការលើកស្ទួយអត្ថប្រយោជន៍ពាណិជ្ជករខ្មែរ ជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ និងចូលរួមអនុវត្តការទូតសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។

លោកថ្លែងថា “ជាផ្នែកមួយនៃអាណត្តិរបស់ខ្លួន ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញក្រុមវិនិយោគិនថៃ កាន់តែច្រើនមកប្រទេសកម្ពុជា និងពីប្រទេសកម្ពុជា ទៅប្រទេសថៃCBC នឹងអភិវឌ្ឍន៍ជាទីកន្លែងផ្លាស់ប្តូរមតិ និងការខិតខំលើកកម្ពស់ការសន្ទនាជាមួយសមភាគីកម្ពុជា និងក្រុមវិនិយោគិនថៃ”។

ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងថៃ សម្រេចបានជាង៦ពាន់លានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២០ ធ្លាក់ចុះ២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបជាង៧ពាន់លានដុល្លារ៕

តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៤១មានការកើនទ្វេរដងធៀបនឹង រយៈពេល៣ឆ្នាំមុន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីផ្សារដីធ្លីនៅជាយក្រុងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេផ្តោតសំខាន់នៅតាមតំបន់ផ្លូវជាតិសំខាន់ៗមួយចំនួន ដែលកំពុងតែមានគម្រោងអភិវឌ្ឍន៍ ដូចជាតំបន់ផ្លូវជាតិជាតិលេខ១,៣,៤,៥១ ជាពិសេសផ្លូវជាតិលេខ៤១ ដែលកំពុងមានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្មជាច្រើន គ្រោងនឹងបង្ហាញវត្តមាន រួមជាមួយគម្រោងអាទិភាពរប​ស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាន បានមានប្រសាសន៍នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្នបច្ចុប្បន្នស្ថានភាពទីផ្សារដីធ្លីនៅតំបន់ផ្លូវ៤១ មិនសូវមានភាពពុះកញ្ជ្រោ​លខ្លាំង ដូចកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នោះទេ ប៉ុន្តែសម្រាប់តម្លៃគឺនៅតែរក្សាមិនមានការធ្លាក់ចុះនោះទេ។

លោកបានបញ្ជាក់ថា “តម្លៃដីនៅផ្លូវ៤១មិនស្មើគ្នានោះទេ បើទោះជាស្ថិតនៅជាប់ផ្លូវជាតិធំដូចគ្នាក៏ដោយ។ ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ រហូតដល់គីឡូលេខ១០ ភាគច្រើន ជាគម្រោងសាងសង់លំនៅដ្ឋានអាជីវកម្ម ដែលត្រូវបានដាក់លក់ក្នុងតម្លៃលើសពី១០ម៉ឺនដុល្លារ”។លោកបន្តថា “ដោយឡែកសម្រាប់ការពុះជាដីឡូត៍ មិនសូវមាននោះទេ ហើយបើមានក៏ត្រូវដាក់លក់ក្នុងតម្លៃខ្ពស់ មិនក្រោម៣ម៉ឺនដុល្លារក្នុងមួយឡូតិ៍នោះឡើយ”។

លោកថា នៅតំបន់នេះមិនសូវមានដីឡូតិ៍ទេ ព្រោះតម្លៃដីបានឡើងខ្ពស់ទៅហើយ មានតែគម្រោងសាងសង់លំនៅដ្ឋានតែម្ដង ប៉ុន្តែបើចុះពីផ្លូវជាតិចូលទៅក្នុងចម្ងាយចាប់ពី១គីឡូម៉ែត្រទើបមានការពុះជាដីឡូតិ៍ដែលត្រូវបានគេដាក់លក់ ក្នុងតម្លៃចន្លោះពី៦០០០-៧៥០០ដុល្លារក្នុងមួយឡូតិ៍ ឬលើសពីនេះ អាស្រ័យទៅតាមទីតាំងដីនៅជួរខាងមុខឬខាងក្រោយ។

លោកវិន ឈុនហ៊ាតបានបន្តថា បើគិតចាប់ពីចំណុចគីឡូម៉ែត្រលេខ១០ ទៅដល់ចំណុចគីឡូលេខ២០ ការពុះដីឡូតិ៍ដែលស្ថិតនៅជាប់ផ្លូវជាតិក៏មានមិនច្រើនដែរ ពោលគឺចុះពីផ្លូវធំចាប់ពី៥០០ម៉ែត្រ ឬទៅជិតដល់ភូមិទើបមានការពុះលក់ ហើយតម្លៃក៏មិនសូវជាខ្ពស់ខ្លាំងនោះដែរ ពោលគឺក្នុងចន្លោះពី៥០០០-៦៥០០ដុល្លារក្នុងមួយឡូតិ៍ ហើយតម្លៃនេះបើប្រៀបធៀបទៅនឹងកាលពី៣ឆ្នាំមុនមានការកើនឡើងទ្វេដង។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា សកម្មភាពទិញ-លក់ដីនៅតំបន់ផ្លូវ៤១ គឺមានទៅតាមទីតាំង មិនមែនមានតម្រូវការទាំងអស់ដូចផ្លូវ៥១នោះទេ។

លោកស្រីបញ្ជាក់ថា “ពេលនេះការទិញលក់ហាក់ស្ងប់ស្ងាត់ បើមានទាល់តែដីស្ថិត នៅទីតាំងណាដែលត្រូវបានម្ចាស់ដាក់លក់បន្ទាន់ និងមានតម្លៃទាបជាងទីផ្សារខ្លាំងទើបមានអ្នកទិញ ហើយការទិញលក់នេះទៀតសោត ភាគច្រើនជាប្រភេទដីធំៗ ដែលមិនមែនជាប្រភេទដីឡូតិ៍ ដីលំនៅដ្ឋានតូចៗនោះទេ”។

លោកស្រីបន្តថា ប្រភេទដីធំៗដែលត្រូវបានដាក់លក់ នៅលើទីផ្សារនៅពេលនេះ ស្ថិតនៅឆ្ងាយពីផ្លូវធំបន្តិច ហើយតម្លៃស្ថិតនៅក្នុងរង្វង់ជាង២- ៣ម៉ឺនដុល្លារក្នុង១ហិកតាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ដែលមានតម្លៃខ្ពស់ អាចជាប្រភេទដីដែលអំណោយផលដល់ការអភិវឌ្ឍន៍ជាសំណង់បណ្តុំលំនៅដ្ឋាន ឬជាសំណង់រោងចក្រ ដែលនៅមិនឆ្ងាយពីផ្លូវជាតិ។ ទោះជាយ៉ាងណា ពេលនេះសកម្មភាពទិញលក់មិនមានច្រើននោះទេ៕

ផែនការជីវិតអនាគត! ហេតុអីត្រូវទិញឬវិនិយោគលើខុនដូនាពេលឥលូវនេះ?

ដោយគង់ សូរិយា

        ភ្នំពេញៈ ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន តម្លៃអចលនទ្រព្យត្រូវបានគេមើលឃើញថា នឹងបន្តកើនឡើងចន្លោះពី១០ទៅ២០ភាគរយក្នុងមួយឆ្នាំ ពិសេសតម្លៃដីធ្លី ដែលធ្វើឲ្យអ្នកមានជីវភាពមធ្យម នឹងកាន់តែឃ្លាតឆ្ងាយពីតំបន់ពាណិជ្ជកម្ម និងសេវាកម្មនៅទីក្រុង។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ដែលក៏ជាសហស្ថា​បនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថកងៃទី២១ ធ្នូនេះថា ការវិនិយោគលើខុនដូនាពេលឥលូវនេះ វាជាជម្រើសមួយយ៉ាងប្រសើរ សដោយសារទី១ ជាពេលដែលម្ចាស់ខុនដូបញ្ចុះតម្លៃពិសេស ទី២ អ្នកទិញឬអ្នកវិនិយោ​គអាចប្រាកដក្នុងចិត្តថាគំរោងពួកគេមិនជាប់គាំង ទី៣ តម្លៃពួកគេទិញនាពេលនេះ ជាតម្លៃល្អ ដែលមើលឃើញផលចំណេញភ្លាមៗរួចទៅហើយ។

លោកបន្តថា “លើសពីនេះ ការវិនិយោគអចលនទ្រព្យនៅកម្ពុជា ជាការវិនិយោគល្អជាងគេក្នុងតំបន់អាស៊ាន ដោយសារផលចំណេញ ពីការវិនិយោគជាមធ្យមស្ថិតក្នុងរង្វង់៧ភាគរយប្រចាំឆ្នាំ ខណៈប្រទេសក្នុងតំបន់អាស៊ានដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម ការវិនិយោគមានផលចំណេញជាមធ្យម៤ភាគរយប៉ុណ្ណោះ”។

កំនើនប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់៤,៥ ទៅ៥លាននាក់នាឆ្នាំ២០៣០ ពេលនោះតម្លៃខុនដូនឹងកើនឡើងខ្ពស់ខ្លាំង ព្រោះប្រជាជននឹងផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ ដោយពួកគេនឹងនិយមរស់នៅខុនដូជំនួសវិញ ដោយសារខុនដូស្ថិតនៅកណ្តាលក្រុង ងាយស្រួលធ្វើដំណើរទៅកន្លែងការងារ និងមានសេវាកម្មចម្រុះដែលធ្វើឲ្យការស្នាក់នៅមានភាពងាយស្រូល និងផាសុខភាព។

បច្ចុប្បន្នខុនដូនៅទីក្រុងភ្នំពេញ មានតម្លៃជាមធ្យមមានតម្លៃចន្លោះពី២០០០ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងមានតម្លៃមួយយូនីតក្នុងចន្លោះពី៥០០០០ទៅ៧០០០០ដុល្លារសំរាប់បន្ទប់គេង១ និងសំរាប់ខុនដូមានតម្លៃមធ្យម ប៉ុន្តែខុនដូប្រណីតមានតម្លៃចន្លោះពី២៥០០ទៅ៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

កញ្ញា ឈុន កញ្ញាដែលមានស្រុកកំនើតនៅខេត្តក្រចេះ និងបច្ចុប្បន្នរស់នៅខុនដូក្នុងសង្កាត់បឹងកេងកង២ ស្ថិតក្នុងខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញបានមានប្រសាសន៍ថា ខុនដូជាលំនៅដ្ឋានបែបទំនើប និងស៊ីវិល័យមួយ ដោយយើងមិនបាច់ព្រួយបារម្ភពីសេវាកម្មសន្តិសុខ អនាម័យ ពិសេសយើងអាចហាត់ប្រាណ ស្ទីម និងមានផ្សារទំនើបឬMart លក់ទំនីញខាងក្រោម ដែលយើងអាចទិញទំនិញបាន មិនចាំបាច់ទៅផ្សារទិញម្ហូបឬទំនិញឡើយ។

កញ្ញាបានបន្តដោយស្នាមញញឹមបណ្តើរថា “ខ្ញុំចូលចិត្តគយគន់ទេសភាពដ៏ស្រស់ស្អាតនៅក្រុងភ្នំពេញ ពិសេសពេលព្រឹកព្រលឹម និងពេលរាត្រី ស្រូបយកខ្យល់អាកាសបរិសុទ្ឋ”។កញ្ញាបន្តថា “រស់នៅលើខុនដូ ខ្ញុំមានអារម្មណ៍ថាមានផាសុខភាព និងភាពកក់ក្តៅ សំរាប់បែបផែនជីវិតខ្ញុំ”៕

ជម្រើសបង់ប្រាក់ល្អៈ បង់ត្រឹមជាង២០០ដុល្លារក្នុងមួយខែនឹងទទួលបាន លំនៅដ្ឋានដ៏ស្រស់ស្អាត

        ដោយស៊ីវ ម៉េង

ភ្នំពេញៈ អតិថិជនកាន់តែមានឳកាសច្រើន ក្នុងការទិញលំនៅដ្ឋានយកចំណេញ ឬស្នាក់នៅ ដោយបង់ប្រាក់ត្រឹមតែជាង២០០ដុល្លារអាមេរិកប៉ុណ្ណោះ នឹងក្លាយជាម្ចាស់ផ្ទះដ៏ទាន់សម័យនិងស្រស់ស្អាត ប្រកបដោយផាសុខភាព។

បុរីKC បានក្លាយទៅជាគម្រោង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អតិថិជន ដែលក្រៅពីមានតម្លៃសមរម្យ ថែមទាំងផ្តល់នូវលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួលទៀតផង។

សម្រាប់តែតំបន់ព្រែកព្នៅ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ បច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតូច ធំមិនក្រោម២០ទីតាំងនោះ ដែលកំពុងដំណើរការសាងសង់ដើម្បីបំពេញតម្រូវការទីផ្សាររបស់ខ្លួន និងបានជួយកែប្រែតំបន់ជាយក្រុងមួយនេះ ក្លាយទៅជាបណ្តុំលំនៅដ្ឋានបែបទាន់សម័យ ស្របពេលដែលវិស័យហេដ្ឋារចនាស ម្ព័ន្ធរបស់រដ្ឋាភិបាល ដូចជាផ្លូវថ្នល់បានបញ្ចប់ការអភិវឌ្ឍន៍ជាច្រើន។

តាមការឱ្យដឹងពីបុគ្គលិកផ្នែកលក់គម្រោងបុរី KC ដែលកំពុងពន្លឿនការសាងសង់ និងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អតិថិជនយ៉ាងច្រើន កញ្ញាឡេង ម៉ាឡា បានបញ្ជាក់ថា ខណ្ឌព្រែកព្នៅពេលនេះ បានក្លាយទៅជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យមិនចាញ់តំបន់ភាគខាងលិចរាជធានីភ្នំពេញនោះឡើយ។

កញ្ញាបានបញ្ជាក់ថា “តាមខ្ញុំដឹង ពេលនេះមានគម្រោងតូច ធំសាងសង់លំនៅដ្ឋានមិនតិចជាង២០គម្រោងនោះទេ ហើយតម្លៃក៏មានភាពខុសគ្នាផងដែរ អាស្រ័យទៅតាមទីតាំង និងម៉ូដផ្ទះនៅក្នុងគម្រោង”។ កញ្ញាបន្តថា “យ៉ាងយូរ ត្រឹម១ឆ្នាំ ឬ២ឆ្នាំទៀត តំបន់ព្រែកព្នៅ អាចនឹងក្លាយទៅជាក្រុងថ្មីមួយទៀត ចំណុះឱ្យរាជធានីភ្នំពេញ ដោយសារតែកំណើនប្រជាជនមករស់នៅកាន់តែច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនានាដូចជាអគារពា​ណិជ្ជកម្ម ផ្លូវថ្នល់សំខាន់ៗមានច្រើនខ្សែ ងាយស្រួលក្នុងក្នុងធ្វើដំណើរចេញចូលក្រុង និងចេញទៅតាមបណ្តាខេត្តផ្សេងៗ”។

បុរីខេ ស៊ី អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕

ក្រុមហ៊ុនក្នុងស្រុកធំមួយវិនិយោគគម្រោងបុរីលើផ្ទៃដី១៣០ហិកតានៅផ្លូវជាតិលេខ៥១

        ដោយគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុន TLL ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយបានសម្រេចចិត្តបោះទុនវិនិយោគរាប់លានដុល្លារ ដើម្បីសាងសង់បុរីលើផ្ទៃដីទំហំ១៣០ហិកតា ស្ថិតនៅតាម​បណ្តោយផ្លូវជាតិលេខ៥១។

ពិធីបើកសម្ភោធលក់គំរោងនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍មុន។ គំរោងនេះមាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​៥១ ស្ថិតក្នុង​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមាន​ចម្ងាយ​ត្រឹម៥​គីឡូម៉ែត្រ​ពី សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ថ្មី​។ មិន​ត្រឹម​ស្ថិតនៅ​ទីតាំង​មាន​សក្តានុពល គម្រោង​TLL ថែមទាំង​មានតម្លៃ​ត្រឹម១៩,៩៩៩​ដុល្លារ​តែប៉ុណ្ណោះ​។​

ក្រុមហ៊ុន​TLL បានបង្កើត​គម្រោង​ផ្ទះល្វែង និង​សួន​កម្សាន្ត​របស់ខ្លួន​ ដោយ​ផ្ដោតលើ តម្លៃ សមរម្យ គុណភាព​ខ្ពស់ និង​មាន​រយៈពេល​លឿន​ក្នុង​ការសាងសង់ ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ដើម្បី​ឆាប់​បាន​ចូល​រស់នៅក្នុង​ផ្ទះល្វែង​ដ៏​ប្រណិត​។

គម្រោង​ផ្ទះល្វែង TLL ស្ថិតនៅ​ទីតាំង​ដ៏​មាន​សក្តានុពល គឺ​ផ្លូវ​ក្រវាត់ក្រុង​ទី​៤ ក្រៅពី​មាន​សក្តានុពល​ពិសេស​ទាំងនេះTLL ពិតជា​សាក​សម​សម្រាប់​អតិថិជន​ ដែលមាន​ប្រាក់ចំណូល​មធ្យម អាច​ទទួលបាន​ផ្ទះ​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​ការរស់នៅ​។

លោកស្រី សុខ ស្រីអូន ម្ចាស់​គម្រោង​TLL បានលើកឡើង​ដូច្នេះ​ថា​ “ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​ធ្លាប់ជួល​ផ្ទះ​គេ​នៅ​ពីមុន អាច​ទទួលបាន​ផ្ទះ​ជា​របស់ខ្លួន ក្នុងតម្លៃ​សមរម្យ​ជាមួយ និង​គុណភាព​ខ្ពស់​ជូន​ពួកគាត់”​។

សម្រាប់​លក្ខខណ្ឌ​បង់ប្រាក់​គឺ មាន​ភាពងាយស្រួល ដោយ​អតិ​ថន​ដែល​មានបំណង​ចង់​ទិញ​ដី​ឡូ​តិ៍ គឺមាន​ការបញ្ចុះ​តម្លៃ​ពិសេស​ពី៩៩០០​ដុល្លារ មក​ត្រឹម៦៩០០​តែប៉ុណ្ណោះ សម្រាប់​អតិថិជន​ដែល​បង់ប្រាក់​ដាច់​។ សម្រាប់​ការបង់​រំលស់​ផ្ទះល្វែង​វិញ អតិថិជន​មាន​ប្រាក់ចំណូល​ចាប់ពី​៣០០​ដុល្លារ ទៅ​៤០០​ដុល្លារ​គឺ អាច​បង់​រំលស់​បាន​យ៉ាង​ងាយស្រួល​ជាមួយ​ការ​ប្រាប់​ទាប​បំផុត​។​

គម្រោង​ផ្ទះល្វែងTLL ក៏​ផ្ដោត​សំខាន់​ទៅលើ​ការផ្ដល់​ផ្ទះ​ជូន​អតិថិជន ដែល​អាច​ប្រក​បរបរ និង​ធ្វើ​អាជីវកម្ម​បាន​យ៉ាង​ងាយស្រួល​ផងដែរ ព្រោះ​ក្នុង​គម្រោង​មួយ​នេះ​មាន​សួន​កម្សាន្ត និង​ជាទី​ប្រជុំជន ដោយ​ក្នុង​គម្រោង​ដ៏​ធំ​មួយ​នេះ មានផ្ទះ​រហូតដល់ ៥០០០​ល្វែង​។

សម្រាប់​ព័ត៌មាន​បន្ថែម​៖ 098 663 996 / 015 663 996/ 089 663 996 / 099 663 996៕