ដោយ សុខុម
ក្រុងឡុងដ៍៖ ទីផ្សារភាគហ៊ុនពិភពលោកបានហក់ឡើងរយៈពេល ៨ថ្ងៃជាប់ៗគ្នាដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ខណៈទីផ្សារមានសុទិដ្ឋនិយមដោយសារការក្ដីសង្ឃឹមចំពោះការបញ្ចេញកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការចែកចាយវ៉ាក់សាំង។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១០ កុម្ភៈ ឱ្យដឹងថា សន្ទស្សន៍ផ្សារភាគហ៊ុនពិភពលោក MSCI ដែលតាមដានភាគហ៊ុនក្នុង ៤៩ ប្រទេសបានហក់ឡើង ០,៣% ឈានដល់កម្រិតខ្ពស់មិនធ្លាប់មានសាជាថ្មី។
សន្ទស្សន៍ផ្សារភាគហ៊ុនអឺរ៉ុប ក៏បានហក់ឡើងដែរ ដោយផ្សារភាគហ៊ុន STOXX 600 ហក់ឡើង ០,៣% ហើយផ្សារភាគហ៊ុន London’s FTSE 100 ហក់ឡើង ០,៤% ។
លោក Kiran Ganesh អ្នកធ្វើយុទ្ធសាស្ត្រទីផ្សារប្រចាំនៅធនាគារវិនិយោគពហុជាតិសាសន៍ UBS លើកឡើងថា “ក្ដីសង្ឃឹមចំពោះការទម្លាក់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមរិក បានជួយជំរុញឱ្យទីផ្សារភាគហ៊ុនហក់ឡើង ព្រោះពេលនេះលោក ចូ បៃឌិន កំពុងតែជជែកចរចាជុំវិញសេចក្ដីព្រាងកញ្ចប់ថវិកាសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លាររបស់លោក ដែលស្មើនឹងប្រមាណ ៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិក” ។
ធនាគារវិនិយោគ UBS រំពឹងថា ក្រោយការជជែកចរចាជាមួយក្រុមមន្ត្រីមកពីគណបក្សសាធារណរដ្ឋ កញ្ចប់ថវិកានេះអាចនឹងថយចុះមកនៅយ៉ាងហោចណាស់ក៏ប្រហែល ១,៥ ទ្រីលានដុល្លារដែរ។
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានមានប្រសាសន៍កាលពីថ្ងៃអង្គារ ទី៩ កុម្ភៈថា លោកបានយល់ស្របតាមសំណើរបស់ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលសុំឱ្យកំណត់យ៉ាងតឹងរ៉ឹងលើប្រាក់ចំណូលសម្រាប់អ្នកដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភកូវីដ-១៩ ឬក៏ឈប់ផ្ដល់ឱ្យតែម្ដងសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់។
ងាកមកមើលតម្លៃប្រេងវិញ គឺបានឡើងថ្លៃរយៈពេល ៩ ថ្ងៃជាប់ៗគ្នាដោយសារអ្នកផលិតប្រេងកាត់បន្ថយការផ្គត់ផ្គង់ជាបណ្ដោះអាសន្ន និងក្ដីរំពឹងចំពោះការចែកចាយវ៉ាក់សាំង។
ដោយឡែក សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិន បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក ប៉ុន្តែតម្លៃទំនិញរោងចក្របានកើនឡើងជាលើកដំបូងក្នុងពេល ១២ ខែដោយសារការងើបឡើងនៅក្នុងវិស័យឧស្សាហកម្ម។
ទន្ទឹមនេះដែរ រូបិយប័ណ្ណដុល្លារ បានធ្លាក់ថ្លៃ ០,១% ទល់នឹងរូបិយប័ណ្ណមួយចំនួន ដែលជាកម្រិតទាបក្នុងរយៈពេល ២ សប្ដាហ៍៕