សូចនាករចំនួន៤ សំរាប់ពិចារណាមុនសម្រេចចិត្តវិនិយោគដីជាយក្រុងដែលងាយ ស្រួលលក់និងចំណេញលឿន

        ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញជាច្រើនបានលើកឡើងស្រដៀងគ្នាថា ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុងនៅតែមានឳកាសចំណេញច្រើន និងងាយស្រួលលក់ ដោយសារដីនៅតំបន់បែបនេះនៅតែមានចរន្តទិញលក់ ទោះបីសេដ្ឋកិច្ចជួបវិបត្តិក្តី។

ហេតុអ្វី និងហេតុផលអ្វីខ្លះ ដែលជម្រុញឲ្យតម្លៃដីធ្លីនៅតំបន់ជាយក្រុងទទួលបានផលចំណេញច្រើន? យើងអាចសិក្សាទៅលើកត្តាសត្យានុម័តទាំងនេះ។

ជាតំបន់ងាយទទួលរងឥទ្ឋិពលពីការអភិវឌ្ឍន៍

        តាមធម្មតាសកម្មភាពសេដ្ឋកិច្ច តែងតែមានភាពរសរវើកនៅទីក្រុងឬរាជធានីរបស់ប្រទេសណាមួយ ហេតុនេះសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគនៅក្នុងទីក្រុងតែងតែទទួលបានឥទ្ឋិពលលឿន។ ការរីកចម្រើននៃៃទីក្រុង តែងតែជះឥទ្ឋិពលដល់តំបន់ជាយក្រុង ដោយសារវាស្ថិតនៅកៀកនឹងទីក្រុង ហើយអ្នកវិនិយោគឆ្លាតវៃ តែងតែសម្លឹងមើលឳកាសនៅតំបន់ជិតៗក្រុង ព្រោះវាងាយទទួលបានការអភិវឌ្ឍលឿន និងសកម្មភាពទិញដូរច្រើន។

ងាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ

        នៅកម្ពុជាពេលហេដ្ឋារចនាសម្ព័នឋតភ្ជាប់ទៅដល់តំបន់ណា តំបន់នោះតែងតែមានភាពរីកចម្រើនលឿន ពិសេសតម្លៃដីធ្លីតែងតែកើនឡើងយ៉ាងឆាប់រហហ័ស។

ដូចគ្នានេះដែរ តំបន់ជាយៗរាជធានីភ្នំពេញ តែងតែទទួលបានគម្រោងវិនិយោគ   ថ្មីៗ ដែលធ្វើឲ្យការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងវិស័យឯកជនបានកើនឡើងយ៉ាងឆាប់រហ័ស និងតែងតែសិទ្ឋក្នុងគោលដៅ ឬកញ្ចប់អាទិភាពរបស់រដ្ឋាភិបាល។

កំនើននគរូបនីយកម្ម      

កត្តានគរូបនីយកម្ម តែងតែផ្សារភ្ជាប់នឹងប្រជាសាស្រ្ត ហេតុនេះនៅពេលមានមនុស្សកើនឡើងនៅតំបន់ណាច្រើន កត្តានគរូបនីយកម្មនឹងរីកចម្រើនលឿនទៅតាមនោះដែរ។

ដូច្នេះហើយបានជាទីក្រុងតែងតែរីកចម្រើនលឿន និងមានផែនការពង្រីកជាបន្តបន្ទា​ប់របស់រដ្ឋាភិបាល ជាក់ស្តែងផ្ទៃក្រឡារាជធានីភ្នំពេញ បានកើនឡើងពី៣០០គីឡូ​ម៉ែត្រក្រឡា ទៅទំហំ៧០០គីឡូមែត្រក្រឡា និងអាចពង្រីកថែមទៀតនាពេលអនាគត។

នគរូបនីយកម្ម ក៏មានភាពប្រទាក់ក្រឡាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍យ៉ាងស្អិតរមួតផងដែរ។

កត្តាប្រជាសាស្រ្ត

        ជាទូទៅនៅពេលប្រទេសរីកចម្រើន ប្រជាជនតែងតែរត់ចូលមករស់នៅក្នុងក្រុងភ្នំពេញ ដែលនិន្នាការនេះបានកើតមាននៅស្ទើរគ្រប់ប្រទេសនានានៅលើពិភពលោក។

ហេតុនេះហើយបានជាចំនួនប្រជាជនរស់នៅក្រុងភ្នំពេញ បានកើនឡើងជាប្រចាំ ដោយបច្ចុប្បន្នមានប្រជាជនរស់នៅជាង៣លាននាក់ និងរំពឹងកើនដល់៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ។

ជាមួយគ្នានេះ ការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់បានបង្ហាញថា ចំនួនប្រជាជនរស់នៅទីក្រុង និងតាមទីប្រជុំជននានានឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០៣០ ហើយតម្រូវការលំនៅដ្ឋាននៅទីក្រុង នឹងកើនដល់ប្រមាណជិត១លានខ្នងផងដែរ។

ផ្អែកលើកត្តាទាំងអស់នេះហើយ បានជាសកម្មភាពនៃការអភិវឌ្ឍបានរីកទៅកាន់តំបន់ជាយក្រុងកាន់តែឆាប់រហ័ស តម្លៃដីធ្លីកើនឡើង ចំនួនប្រជាពលរដ្ឋបាននិងកំពុងកើនឡើង និងផ្នែកនគរូបនីយកម្មបានរីកចម្រើនស្របនឹងសេដ្ឋកិច្ចសង្គមផងដែរ៕

 

បច្ចុប្បន្នភាពៈ ស្ថាប័នហិរញ្ញអន្តរជាតិធំៗចំនួនពីរអះអាងថាសេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមវិលទៅរកកំណើនល្អប្រសើរនៅឆ្នាំ២០២១

ដោយៈប៊ី

ភ្នំពេញៈ ស្ថាប័នអន្តរជាតិធំៗចំនួន២ ដែលរួមានធនាគារពិភពលោក(World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះទៅរកកំណើនវិជ្ជមាននៅឆ្នាំ២០២១ ខណៈបច្ចុប្បន្នសកម្មភាពសេដ្ឋកិច្ចកម្ពុជា កំពុងចាប់ផ្តើមកម្រើកឡើងវិញ។

យោងតាមរបស់របាយការណ៍ចុងក្រោយ World Bank ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញ ហើយលូតលាស់បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។ ប៉ុន្តែADB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើង៥.៩ ភាគរយនៅឆ្នាំក្រោយនេះ។

World Bank បានឱ្យដឹងនៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងថយថយកំនើន ប្រមាណដក២ភាគរយ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត៤ភាគរយក្នុងឆ្នាំ២០២១។

ជាមួយគ្នានេះដែរ លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ADBកម្ពុជាបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ក្នុងរង្វង់-៤.០%ភាគរយ ក្នុងឆ្នាំ២០២០ ហើយកំណើននឹងស្ទុះឡើង៥.៩ ភាគរយនៅឆ្នាំ ២០២១។

លោកបានឱ្យដឹងទៀតថា“កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាព ក្នុងការនាំចេញរប​ស់​ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើង ដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម”។

ជាមួយគ្នានេះ លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកមានប្រសាសន៍ថា “ចក្ខុវិស័យកំណើនរបស់កម្ពុជា នៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់”។ លោកស្រីបន្តថា “គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះ គឺជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ”។

លោកស្រីបន្តទៀតថា ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេស ឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើង កាលពីពេលថ្មីៗនេះ។

លោកស្រីបានថ្លែងថា “លទ្ធភាពនេះអាចធ្វើទៅរួច តាមរយៈការដាក់ចេញឱ្យបានឆាប់រហ័ស នូវច្បាប់វិនិយោគដែលមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយ សំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ”៕

មន្ត្រីដែនដីខេត្តសៀមរាប ចុះកំណត់បែងចែកដីជូនពលរដ្ឋជាង៤០០គ្រួសារ នៅស្រុកបន្ទាយស្រី

ដោយៈ រ៉ាណេត

សៀមរាបៈ មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ត្រីជំនាញមន្ទីរ និងរដ្ឋបាលខេត្តសៀមរាប បានចុះធ្វើការកំណត់អត្តសញ្ញាណកម្មដីធ្លី ជូនប្រជាពលរដ្ឋដែលរុះរើសំណង់លំនៅដ្ឋានជាប់ស្ទឹងសៀមរាប សរុបជាង៤០០គ្រួសារទៅកាន់ទីតាំងថ្មី ក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិតារុនឯក ឃុំតារុនឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមរយៈសេចក្ដីរាយការណ៍លម្អិតរបស់រដ្ឋបាលខេត្តសៀមរាប ជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មន្ត្រីជំនាញដែនដី និងរដ្ឋបាលខេត្តសៀមរាប ចុះទៅកាន់ទីតាំងថ្មីនៃការដោះដូរ ជូនប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះអា​សន្នជាប់ស្ទឹងសៀមរាបជាង៤០០គ្រួសារ នឹងបោះបង្គោលកំណត់អត្តសញ្ញាណកម្មដីកម្មសិទ្ធិ។

លោកឧបនាយករដ្ឋមន្ត្រី បានសរសេរបណ្តាញទំនាក់ទំនងអេឡិចត្រូនិកថា“ឆ្លើ​យតបទៅនឹងការអំពាវនាវរបស់រដ្ឋបាលខេត្តសៀមរាប តាមការណែនាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងសំណង់បណ្តោះអាសន្នតាមស្ទឹងសៀមរាប ចាប់ពីគល់ស្ពាននាគដល់ស្ពានអង្គរ ចំនួន៤០៥គ្រួសារនៃចំនួនសរុបចំនួន៤៣០គ្រួសារ ស្មើនឹង៩៤,១៨ភាគរយ បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ទំហំ២០x ៣០ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប”

ការអនុវត្តនូវការចាប់ឆ្នោតយកដីឡូតិ៍ ដែលជាការដោះដូរទីតាំងលំនៅដ្ឋានខាងលើនេះ គឺជាការដោះស្រាយនូវផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ រួមជាមួយនឹងការស្ដារឱ្យល្អប្រសើរឡើងវិញ នូវដងស្ទឹងសៀ​មរាប ដើម្បីបង្កើនសោភ័ណភាពនៅក្នុងក្រុង និងជាភាពទាក់ទាញទេសចរបន្ថែមទៀតក្រោមការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា លើទំហំទឹកប្រាក់ចំនួន១៥០លានដុល្លារ ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខ ៕

ជប៉ុនអនុម័តកញ្ចប់ថវិកា១,០៣ទ្រីលានដុល្លារដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ច

ដោយ ៖ វុទ្ធី

អន្តរជាតិ ៖ ក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តសេចក្តីព្រាងថវិកាចំនួន១,០៣ ទ្រីលានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១ ខណៈដែលការឆ្លងមេរោគ និងការចំណាយផ្សេងៗបានដាក់សម្ពាធលើហិរញ្ញវត្ថុសាធារណៈ។

កញ្ចប់ថវិកាប្រចាំឆ្នាំចំនួន១០៦,៦ ទ្រីលានយ៉េន (១,០៣ទ្រីលានដុល្លារ) នេះ បានកើនឡើង៤ភាគរយនៅឆ្នាំនេះ និងកើនឡើងរយៈពេល៩ខែជាប់គ្នា ដោយបំណុលថ្មីមានទំហំទឹកប្រាក់៤៣,៦ទ្រីលានយ៉េន កើន ៤០,៩ ភាគរយនៃប្រាក់ចំណូល។

អ្នកនយោបាយនៅទូទាំងពិភពលោកបានបញ្ចេញសកម្មភាពជំរុញរូបិយវត្ថុ និងសារពើពន្ធ ដើម្បីទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចដ៏ជ្រៅ និងអូសបន្លាយពេល ដែលជំងឺរាតត្បាតធ្វើឱ្យមានការបិទព្រំដែនអន្តរជាតិ ហើយ មនុស្សជាច្រើនបានបាត់បង់ការងារ។

នៅប្រទេសជប៉ុន កំណែទម្រង់សារពើពន្ធត្រូវបានទុកចោលមួយរយៈ ខណៈដែលនាយករដ្ឋមន្រ្តី Yoshihide Suga បានផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងជំងឺរាតត្បាត ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលពន្ធ។

ផែនការចំណាយ ដែលត្រូវនឹងរបាយការណ៍បណ្តាញសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីសប្តាហ៍មុន ត្រូវតែអនុម័តដោយសភានៅដើមឆ្នាំក្រោយ។

ដោយបំណុលសាធារណៈមានចំនួនច្រើនជាងទ្វេដងរបស់ប្រទេស ដែលមានទំហំសេដ្ឋកិច្ច៥ទ្រីលានដុល្លារនេះ កំណែទម្រង់សារពើពន្ធ គឺជាកិច្ចការបន្ទាន់ជាងប្រទេសដទៃទៀត៕

ដីទំហំជិត៦៧០០ហិកតា នៅឧទ្យានជាតិមុនីវង្សបូកគោនឹងត្រូវកំណត់ធ្វើអត្តសញ្ញាណកម្ម សម្រាប់បែងចែកជូនប្រជាពលរដ្ឋ

ដោយ ៖ រ៉ាណេត

កំពត ៖ បន្ទាប់ទទួលបានការស្នើសុំកាត់ឆ្វៀលដីធ្វើជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋសរុបចំនួន៣៣៨៦គ្រួសារ នៅក្នុងតំបន់ឧទ្យានជាតិមុនីវង្សបូកគោ ស្មើនឹង៣៩១៣ក្បាលដី ស្ថិតក្នុងស្រុកទឹកឈូ នឹងស្រុកឈូក ខេត្តកំពត ក្រុមការងារ និងមន្ត្រីបានចុះសិក្សា និងត្រួតពិនិត្យលេចចេញជាលទ្ធផលកំណត់អត្តសញ្ញាណកម្មដីទំហំត្រឹម៦៦៤៩ហិកតាតែប៉ុណ្ណោះដែលនឹងត្រូវការឆ្វៀល។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ក្រុមការងារស្រាវជ្រាវ និងមន្ត្រីជំនាញបានការចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីថ្នាក់ខេត្តរបស់ខេត្តកំពត គឺមានតែពលរដ្ឋដែលបាននឹងកំពុងកាន់កាប់ដីអាស្រ័យផលជាក់ស្ដែងក្នុងឧទ្យាន ជាតិមុនីវង្សបូកគោប៉ុណ្ណោះ ដែលនឹងត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ។

នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន៣៣៨៦គ្រួសារ ដែលបានដាក់ពាក្យសុំវាស់វែងដីធ្លី មានតែ២១៣៨គ្រួសារប៉ុណ្ណោះ ដែលបាននឹងកំពុងកាន់កាប់ដីអាស្រ័យផលជាក់ស្ដែងក្នុងឧទ្យានជាតិមុនីវង្សបូកគោ ដែលមានក្បាលដីចំនួន២៥០០ក្បាលដី ទំហំស្នើនឹង៦៦៤៩ហិកតា។

លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពតលើកឡើងផងដែរថា ធាតុចូលសំខាន់ៗដើម្បីរកដំណោះស្រាយមានទី៣សំខាន់ៗ រួមមានទី១ ដីដែលប្រជាពលរដ្ឋមានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផលយូរណាស់មកហើយ ទី២ ដីព្រៃគ្មានដាំដំណាំដាំដុះ ទី៣ ដីដែលស្ថិតនៅក្នុងឧទ្យានបូកគោ ហើយមានទំនាស់ និងទី៤ ដីព្រៃដែលបាននឹងកំពុងរានថ្មីៗ។

លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការឆ្វៀលដីចេញពីតំបន់ការពារជូនប្រជាពលរដ្ឋត្រូវពិនិត្យឱ្យបានហ្មត់ចត់ លើដីដែលអាស្រ័យផលជាក់ស្តែង រួមមានដំណាំដាំដុះយូរណាស់មកហើយត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ។

លោកបញ្ជាក់ថា នៅក្នុងដែនឧទ្យានជាតិ មានដីពីរប្រភេទ ដែលក្រសួង និងរដ្ឋបាលខេត្តកំពត មិនអាចអនុញ្ញាតឱ្យធ្វើការវាស់វែងចេញប័ណ្ណកម្មសិទ្ធ បាន គឺដីព្រៃ មិនដែលធ្លាប់អាស្រ័យផលពីមុន និងដីទំនាស់។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ដែរថា កិច្ចការងារឆ្វៀលដីជូនប្រជាពលរដ្ឋ គឺ ជារឿងសំខាន់ណាស់ ដើម្បីឲ្យប្រជាពលរដ្ឋដែលកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងជាយូរមកហើយ នោះ ទទួលបានផ្តល់ប័ណ្ណកម្មសិទ្ធិ ហើយអាចប្រើប្រាស់ដីរបស់ខ្លួនឲ្យអស់លទ្ធភាព និងសក្ដានុពល ដោយគ្មានការភ័យខ្លាច ហើយការផ្តល់ជូនប័ណ្ណកម្មសិទ្ធិក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយភាព ក្រីក្រ និងធ្វើឱ្យប្រសើរដល់ជីវភាពរស់នៅរបស់ពលរដ្ឋ៕

តើ​អ្វី​ជា​ធនាគារ​ដីធ្លី និង​អនុវត្តន៍​យ៉ាងដូចម្តេច​ដើម្បី​វិនិយោគ​ទទួលបាន​ផលចំណេញ?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ធនាគារ​ដីធ្លី​គឺជា​អ្វី​ឱ្យ​ប្រាកដ? ហើយ​គួរ​មាន​វិធីសាស្ត្រ​វិនិយោគ​បែបណា ទើប​អាច​ទទួលបាន​ចំណេញ? និង​ទទួលបាន​ជោគជ័យ ហើយ​មាន​សេរីភាព​សាច់ប្រាក់ និង​អាច​ចូលនិវត្តន៍​បាន​ត្រឹម​រយៈពេល ១៥ឆ្នាំ។

លោក ង៉ែត ជូ​អ្នកវិភាគ​សេដ្ឋកិច្ច​និង​អចលនទ្រព្យ​បាន​លើកឡើងថា អ្នកវិនិយោគ​ធនាគារ​ដីធ្លី​សញ្ជាតិ​អាមេរិក លោក John Jacob Astor និង​លោក Songsakdi បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ «ធនាគារ​ដីធ្លី (Land Banking) វិនិយោគ​រយៈពេល​វែង ដោយ​ផ្តោតលើ​ដីធ្លី​ដែលមាន​សក្តានុពល​ខ្ពស់ នៅ​តំបន់​ជាយក្រុង​បាន​ជោគជ័យ រហូត​ក្លាយជា​មហាសេដ្ឋី​អចលនទ្រព្យ ដែលមាន​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លា។

លោក​បន្តថា “កម្ពុជា​ក៏​ជា​ប្រទេសមួយ ដែល​វិស័យ​ដីធ្លី​មាន​សក្តានុពល​ខ្លាំង​ដែរ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​លោកអ្នក ជាពិសេសប្អូនៗយុវជន អាច​ប្រើ​យុទ្ធសាស្ត្រ​នេះ ដើម្បី​អាច​ចូលនិវត្តន៍​បាន ដោយ​ធ្វើការ​ត្រឹមតែ ១៥ឆ្នាំ​ប៉ុណ្ណោះ” ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​អ្នកមាន​អាយុ២៥ឆ្នាំ ហើយ​អ្នក​សន្សំ​ប្រា​ក់បាន ៥០០ដុល្លា​រុំ​ក្នុង​មួយខែ ឬ៦០០០ដុល្លារ​ក្នុងឆ្នាំៗ ដើម្បី​វិនិយោគ​លើ​ដីធ្លី​ដែលមាន​កំណើន​តម្លៃ២០ភាគរយ​ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែល​អ្នកមាន​អាយុ ៤០ឆ្នាំ) អ្នក​អាចមាន​ទ្រព្យសម្បត្តិ​ប្រហែល​កន្លះ​លាន​ដុល្លារ ។

ទ្រព្យសម្បត្តិ​ត្រឹម​កន្លះ​លាន​ដុល្លា​មិន​ច្រើន​ទេ ប៉ុន្តែ​អាចអោយ​អ្នក​ចូលនិវត្តន៍​បាន​ប្រសិនបើ​អ្នកចេះ​រស់នៅក្នុង​ជីវិត​សាមញ្ញ (ពោលគឺ​ចំណាយ​តិច) ហើយ​ចេះ​ចាត់ចែង​ទ្រព្យ​ទាំងនោះ ដើម្បី​បន្ត​បង្កើន​ចំណូល​ឬ​ជា​ទ្រព្យ​បន្ថែម។

ឧទាហរណ៍​ខាងលើ គ្រាន់តែ​ជា​ករណី​ដ៏សាមញ្ញៗប៉ុណ្ណោះ ជាក់ស្តែង​ប្រសិនបើ​អ្នកជា​បុគ្គល​ដែលមាន​ភាព​អំណត់ ពូកែ​សន្សំ ឬ​ប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារ និង​មាន​ភាព​វៃឆ្លាត​ខ្លាំង​ក្នុងការ​វិនិយោគ ក្នុង​រយៈពេល១៥ឆ្នាំ អ្នក​អាច​សន្សំទ្រព្យ​បាន​រាប់លាន​ដុល្លា​តាមរយៈ​ធនាគារ​ដីធ្លី។

ដើម្បី​សំរេចបាន​នូវ​លទ្ធផល​ខាងលើ អ្នក​គប្បី​អនុវត្តន៍​នូវ​ជំ​ហ៊ាន​ទាំង៤នេះ ទី១

កសាង​សមត្ថភាព (building skills) ៖ អ្នក​ត្រូវ​រៀនសូត្រ​ពី​ការវិនិយោគ និង​របៀប​ធ្វើ​ធនាគារ​ដីធ្លី​ពី​បុគ្គល​ដែលមាន​បទពិសោធន៍ ស្វែងយល់​ពី​ផ្លូវច្បាប់ ទីផ្សារ និង​ជំនាញ​ដទៃទៀត​ដូចជា​ការចរចា។ល។ ជាពិសេស​អ្នក​គួរ​មាន​បុគ្គល ដែលមាន​បទពិសោធន៍​អនុវត្ត​ផ្ទាល់​ធ្វើជា​អ្នក​ប្រឹក្សា​យោបល់ (mentor) ដើម្បី​ជួយ​តំរង់ទិស និង​ផ្តល់យោបល់​ដល់​អ្នក។

ទី២ ធ្វើ​ផែនការ​វិនិយោគ (planning)៖ អ្នក​ត្រូវ​ប្រើ​ពេលវេលា​រយៈពេល​វែង​របស់​អ្នក​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់។ ក្នុងឆ្នាំៗតើ​អ្នកនឹង​វិនិយោគ​ដីធ្លី​ប៉ុន្មាន​កន្លែង? ទំហំ​ដី​ប៉ុណ្ណា? នៅ​តំបន់​ណា? ទំហំ​ទុនវិនិយោគ​ប៉ុណ្ណា? តើ​អ្នក​បាន​ប្រភព​ទុន​ពី​ណា? ក្នុងឆ្នាំៗ អ្នក​ត្រូវគេ​តំឡើង​ប្រាក់ខែ​ប៉ុន្មាន​ភាគរយ ដើម្បី​បង្កើន​លទ្ធភាព​វិនិយោគ?។

ទី៣  ការបង្កើន​ទ្រព្យ (wealth accumulation)អ្នក​ចាប់ផ្តើម​សិក្សា​ពី​ជំរើស​នៃ​ការវិនិយោគ ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក។ ជា​រៀងរាល់ឆ្នាំ​អ្នកអនុវត្ត​ន៍​តាម​ផែនការ និង​មាន​ភាពបត់បែនខ្លះៗ ទៅតាម​សភាពការណ៍​ជាក់ស្តែង។ រួច​អ្នក​រង់​ចាំមើល​ការវិវត្ត​តាមរយៈ​ភាព​រីកចំរើន​នៃ​សេដ្ឋកិច្ច និង​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ដូចជា ផ្លូវ ទឹក ភ្លើង សំណង់​លំនៅដ្ឋាន និង​រោងចក្រ​ជាដើម។ល។ កំណើនប្រជាជន​ចាប់ផ្តើម​កើនឡើង​ខ្លាំង តំរូវការ​ដីធ្លី​ក៏មាន​កាន់តែខ្លាំង រីឯ​តម្លៃ​ក៏​ឡើង​តាម​នោះដែរ។

ទី៤ ការបែងចែក​ទ្រព្យសម្បត្តិ (wealth distribution) ៖ ប្រមាណ១៥ឆ្នាំក្រោយ​ជា​ដំណាក់កាល ដែល​អ្នកប្រមូល​ផល ពី​ការវិនិយោគ​លើ​ធនាគារ​ដីធ្លី ប្រកបដោយ​ចក្ខុវិស័យ។ អ្នក​អាច​លក់​ដីធ្លី​មួយចំនួន ដើម្បី​បង្កើតជា​ចំណូល​ប្រចាំខែ ឬ​លក់​ដីធ្លី​ខ្លះទៀត​យក​ទុន​ទៅ​វិនិយោគ​លើ​ឃ្លាំង​ឬ​អាគារ​សំរាប់​ជួល ឬ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នា​នាយក​ភាគលាភ​ប្រចាំឆ្នាំ (annual dividend) ដើម្បី​ចិញ្ចឹម​គ្រួសារ និង​រីករាយ​ជាមួយ​ជីវិត​ដែលមាន​សេរីភាព​ហិរញ្ញវត្ថុ។

សកម្មភាព​វិនិយោគ​ទាំងនេះ សុទ្ធតែជា​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ចំណែក​ដីធ្លី​ខ្លះទៀត ដែល​នៅមាន​សក្តានុពល​កើន​តម្លៃ​ខ្ពស់ គួរ​បន្ត​រក្សាទុក​ជាកា​រ​បង្កើន​ទ្រព្យ។

លោក ង៉ែត ជូ បាន​បញ្ជាក់ថា អត្ថបទ​ខាងលើនេះ គឺជា​លទ្ធផល​នៃ​ការអនុវត្ត​ជាក់ស្តែង ការសិក្សា​ស្រាវជ្រាវ និង​ការវិភាគ​ទៅតាម​បរិបទ​នៃ​ទីផ្សារ និង​សេដ្ឋកិច្ចកម្ពុជា៕

ខេត្តកណ្តាល​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន៤ មាន​ទុន​សរុប​ជាង ១១៥លាន​ដុល្លារ ក្នុង​ខែធ្នូ​ឆ្នាំនេះ

ដោយៈ រ៉ា​ណេ​ត

កណ្តាលៈ  នៅក្នុង​រយៈពេល៣សប្ដាហ៍​នៃ​ខែធ្នូ ចុងឆ្នាំ២០២០កន្លងទៅនេះ ខេត្តកណ្តាល ទទួលបាន​គម្រោង​វិនិយោគ​បន្ថែម ពីលើ​គម្រោង​ចាស់​ដែលមាន​ស្រាប់​ចំនួន ៤គម្រោង ដែលមាន​ទំហំ​ទុន​សរុប​ជាង ១១៥លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ​ជាង ២៣០០នាក់។

បន្ទាប់ពី​បាន​ពិនិត្យ ទៅលើ​សំណើ​របស់​ក្រុមហ៊ុន​ចំនួន៤ លើ​ការវិនិយោគ​នៅក្នុង​ស្រុក​ចំនួន២ នៃ​ខេត្តកណ្តាល រួមមាន​ស្រុក​ខ្សាច់កណ្តាល និង​ស្រុក​កៀនស្វាយ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មការ​វិនិយោគ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​គាំទ្រ និង​អនុម័ត​ចុះបញ្ជី​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន​ទាំងនោះ​រួមមាន ទី១- ក្រុមហ៊ុន SINOKH PERFECT GARMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ៥,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥៣៣កន្លែង។

ទី២ ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (Preform, Cap, Bottle) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តាន​ប់២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ១១,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥២កន្លែង។

ទី៣- ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២០,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៤កន្លែង។

ទី៤- ក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន ៧៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៥០កន្លែង៕

លោក​ហ៊ុន ម៉ា​នី៖ ភ្នំ​ខ្នង​ផ្សារ​ជា​មោទនភាព​សំរាប់​កម្ពុជា​ទាំងមូល

ដោយ​គង់ សូរិយា

ភ្នំពេញៈ សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន បន្ទាប់ពី​បាន​ទៅ​ទស្សនកិច្ច​លើ​កំពូលភ្នំ​ខ្នង​ផ្សារ លោក​ហ៊ុន ម៉ា​នី​តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ​បាន​សម្តែង​មោទនភាព​សំរាប់​ខេត្ត​នេះ ក៏ដូចជា​កម្ពុជា​ទាំងមូល។

ប្រធាន​សហភាព​សហ​ព័​ន្ឋ​យុវជន​កម្ពុជា រូបនេះ​បាន​មានប្រសាសន៍ថា “ខ្ញុំ​ធ្លាប់តែ​ឃើញ​បងប្អូន ទៅលេង​នៅ​ភ្នំ​ខ្នង​ផ្សារ នៅ​ដែល​កំពុង​ទទួលបាន​ភា​ព​ល្បីល្បាញ ក្នុងចំណោម​តំបន់​ទេសចរ​អេកូ​ធម្មជាតិ ជាច្រើន​ទៀត​នៅ​ខេត្តកំពង់ស្ពឺ ហើយ​ខ្ញុំ​ក៏មាន​ក្តីរំភើប​ចិត្ត​ជាមួយ​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ទាំងនោះ ដែល​ខ្ញុំ​បានឃើញ​លើ​បណ្តាញ​សង្គម” ។

លោក​បាន​សរសេរ​បន្ត​ថា ពិតប្រាកដ​ណាស់ យើង​លឺ​គេ​ថា​ច្រើនដង មិន​ដូច​យើង​បាន​សាកល្បង និង​ទៅ​ទស្សនា​ដោយ​ខ្លួនឯង​ផ្ទាល់​នោះឡើយ។ ថ្មីៗនេះ ខ្ញុំ​បានសម្រេច​បេសកកម្ម​ឡើងទៅ​ដល់​លើ​កំពូលភ្នំ​ខ្នង​ផ្សារ។ បេសកកម្ម​ក្នុងការ​ឡើងលើ​កំពូលភ្នំ​នេះ មិនជា​ពិបាក​ពេក ហើយក៏​មិន​ងាយស្រួល​ពេក​នោះដែរ។

លោក​បន្តថា “មកដល់​លើ​កំពូលភ្នំ​ខ្នង​ផ្សារ ខ្ញុំ​កាន់​តែមាន​មោទនភាព សម្រាប់​ទឹកដី​ខេត្តកំពង់ស្ពឺ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល ដោយសារ​ភ្នំ​ខ្នង​ផ្សារ​មាន​ទេសភាព​ដ៏​ស្រស់ស្អាត​នៅ​គ្រប់​ជ្រុង​ទាំងអស់ ដែល​ខ្ញុំ​បាន​ក្រឡេក​ភ្នែក​ដល់” ។ លោក​បន្ថែមថា “អមដោយ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ ដែល​ធានាថា​តំបន់​ទេសចរ​ធម្មជាតិ​ខ្នង​ផ្សារ​នេះ ពិតជា​ធ្វើ​ឲ្យ​អ្នកទេសចរ​ប្លែក​ភ្នែក និង​ស្រស់ស្រាយ​អារម្មណ៍​ជាក់​ជាមិនខាន” ។

លោក​បន្ថែមទៀតថា “កម្ពុជា​ស្រស់ស្អាត​ណាស់ #ខ្នង​ផ្សារ #កំពង់ស្ពឺ” ៕

ការព្យាករណ៍៖ សកម្មភាព​ទិញ​លក់​អ​ចនទ្រ​ព្យ​នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នឹងមាន​កំនើន ១៥-២០ភាគរយ​នៅ​ឆ្នាំ​ក្រោយនេះ

ដោយ​វុត្ថា

អាស៊ីៈ ការព្រមព្រៀង​ទិញ លក់​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី  ហ្វិ​ក នឹងមាន​កំណើន​ចន្លោះ​ពី១៥ ទៅ២០ភាគរយ នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ ដោយ​នាំមុខ​តំបន់​អាស៊ី​ខាងជើង ខណៈដែល​ក្រុម​វិនិយោគិន ស្វែងរក​អចលនទ្រព្យ​ជាមួយនឹង​ចំណូល​ប្រកបដោយ​ស្ថេរភាព។

របាយការណ៍​របស់ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ JLL ស្តីពី​ទស្សនវិស័យ​អចលនទ្រព្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ ២០២១ ចេញផ្សាយ​កាលពី​ថ្ងៃ១៨ ខែធ្នូ​កន្លងមកនេះ​បង្ហាញថា ឆ្នាំ២០២១ គឺជា​ការចាប់ផ្តើម​នៃ​វដ្ត​ថ្មី នៃ​កំណើន​លើ​ការវិនិយោគ​អចលនទ្រព្យ​នៅក្នុង​តំបន់ ដោយសារ​មានការ​ចាប់អារម្មណ៍ ពី​វិនិយោគិន​កើនឡើង​ជាពិសេស​សម្រាប់​ការវិនិយោគ​លើ​ភស្ដុភារ និង​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ និង​អគារ​ជួល​សម្រាប់​គ្រួសារ​ឬ​លំនៅដ្ឋាន។

របាយការណ៍​ដដែល​ប​ន្ត​ថា ការវិនិយោគ​លើ​សណ្ឋាគារ ការលក់​រាយ និង​អគារ​ការិយាល័យ ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​កើនឡើង​ផងដែរ នៅពេលដែល​សេដ្ឋកិច្ច​ងើបឡើង​ពី​ផលប៉ះពាល់​នៃ Covid-19 ។

ទោះបីជា​ការទិញ​លក់​អចលនទ្រព្យ​ពាណិជ្ជកម្ម ដោយផ្ទាល់​បាន​ធ្លាក់ចុះ២៨ ភាគរយ នៅក្នុង​រយៈពេល៣ត្រីមាស​ដំបូង​នៃ​ឆ្នាំ២០២០ក៏ដោយ ក៏​ការធ្លាក់ចុះ​នេះ​បាន​ថយចុះ​វិញ​បន្ទាប់ពី​ឆមាស​ទី១ ដែលជា​សញ្ញា​ល្អ​ឡើងវិញ។

ប្រតិបត្តិ​ការទិញ លក់ ជួល លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​ជប៉ុន ចិន និង​កូរ៉េខាងត្បូង​គ្របដណ្តប់់​ចំនួន៣ភាគ៤ នៃ​សកម្មភាព​នៅក្នុង​តំបន់​នៅ​ឆ្នាំ២០២០ហើយ ក្រុមហ៊ុន​ប្រឹក្សា​យោបល​អចលនទ្រព្យ JLL រំពឹងថា ទីផ្សារ​ទាំងនេះ​នឹង​បន្ត​មាន​ភាព​លេចធ្លោ​នៅ​ឆ្នាំ២០២១ ។

ទន្ទឹមនឹង​នេះដែរ នៅពេល​ដែលមាន​ការធ្វើ​ដំណើរ​ឡើងវិញ​នៅ​ឆ្នាំ២០២១ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ នឹងមាន​លំហូរ​វិនិយោគទុន​ឆ្លងកាត់​ព្រំដែន ដែល​នឹង​រួមចំណែក​ដល់​ការ​ស្តារឡើងវិញ នៅក្នុង​ប្រទេស​អូស្ត្រាលី ចិន និង​សិង្ហ​បុរី។

របាយការណ៍​បញ្ជាក់ថា  ជាមួយនឹង​ការ​ត្រឡប់មកវិញ នៅក្នុង​កម្រិត​ទាប បរិយាកាស​អត្រា​ប្តូរប្រាក់​ទាប កំណើន​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា នឹង​ធ្វើឱ្យ​អចលនទ្រព្យ​មាន​ទិន្នផល​ខ្ពស់ និង​មាន​ភាព​ទាក់ទាញ​ដល់​វិស័យ​ភស្តុភារ និង​អគារ​ការិយាល័យ។

របាយការណ៍​ដដែល​ប​ន្ថែ​ម​ថា ការវិនិយោគ​លើ​អចលនទ្រព្យ អាច​បន្ត​កើនឡើង​តាមរយៈ​ការទិញ​ភាគហ៊ុន​ដោយ​JLL រំពឹងថា​ឆ្នាំ ២០២១ នឹង​ក្លាយជា​ឆ្នាំ​កំណត់ត្រា​ថ្មី​មួយទៀត សម្រាប់​ការវិនិយោគទុន​ក្រៅប្រទេស​ពី​ក្រុមហ៊ុន Singapore ៕

អភិបាលខេត្ត​បាត់ដំបង​លើកទឹកចិត្ត​វិស័យ​ឯកជន​ចូល​វិនិយោគ និង​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​តំបន់​កម្សាន្ត​នៅក្នុង​ខេត្ត

ដោយៈ​រ៉ា​ណេ​ត

បាត់ដំបងៈ បាត់ដំបង ជា​ខេត្ត​មួយ​ដែលមាន​វិសាលភាព​ធំ​ទូលាយ តម្លៃ​ដីធ្លី​នៅមានកម្រិត​នៅឡើយ និង​ងាយស្រួល​អភិវឌ្ឍន៍​វិស័យ​សំណង់ រួមជាមួយ​នឹង​ការ​អំណោយផល ដល់​ការបណ្តាក់ទុន​វិនិយោគ​កែច្នៃ​តំបន់​កម្សាន្ត​នានា​ផងដែរ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ​សកម្មភាព​នៃ​ការវិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់ និង​អ​លន​ទ្រព្យ​ក្នុង​ខេត្ត នៅ​មិនទាន់មាន​គម្រោងធំៗ ដែលមាន​លក្ខណៈ​ជា​បុរី​ច្រើន​នៅឡើយ​នោះទេ ពោល​គែ​មានតែ​ប្រភេទ​គម្រោង​សាងសង់ បណ្តុំ​លំនៅដ្ឋាន​ផ្ទាល់​ដី​កម្រិត​មធ្យម ក៏ដូចជា គម្រោង​សាងសង់​លំនៅដ្ឋាន​លក្ខណៈ​ជា​ឯកជន ដាច់ដោយឡែក​តែប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់ថា “បើ​និយាយ​ពី​តម្លៃ​អចលនទ្រព្យ ខ្ញុំ​មិនដឹង​ច្បាស់​នោះទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា​សព្វថ្ងៃនេះ មាន​គម្រោង​សាងសង់​សំណង់​មួយចំនួន នៅតែមាន​ដំណើរការ​សាងសង់​របស់គេ​រាល់ថ្ងៃ។ លោក​បន្តថា “ក្នុងនាម​ខ្ញុំ​ជា​អាជ្ញាធរ សូម​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ទាំង​ជាតិ និង​អន្តរជាតិ​ចូលមក​វិនិយោគ នៅក្នុង​ខេត្តបាត់ដំបង​ឱ្យបាន​ច្រើន” ។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន និង​កំពុង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​បង្កើន​ភាព​ទាក់ទាញ​ធុរជន​ផងដែរ។

លោក​ងួន រតនៈ​បាន​បញ្ជាក់ថា “ក្រៅតែពី​វិស័យ​សំណង់ ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​បណ្តា​អ្នកវិនិយោគ​ផ្នែក​អភិវឌ្ឍន៍​វិស័យ​កម្សាន្ត និង​ទេសចរណ៍​ចូលមក​កាន់​ខេត្តបាត់ដំបង​ឱ្យបាន​ច្រើន​ផងដែរ ព្រោះ​បាត់ដំបង​ជា​ខេត្ត ដែលមាន​ភាព​សក្ដានុពល​នៅក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​ផងដែរ ប៉ុន្តែ​បច្ចុប្បន្ន​ខ្វះ​ការចូលរួម​ពី​វិស័យ​ឯកជន ក្នុងការ​អភិវឌ្ឍន៍ និង​កែច្នៃ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ” ។

លោក​បន្ដថា នៅពេលដែល​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត​មាន​ភាព​ទាក់ទាញ មាន​កំណើន​ទេសចរ នោះ​វា​នឹង​ជំរុញឱ្យមាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ល្អ មាន​តម្រូវការ​ទីកន្លែង​ស្នាក់នៅ​រយៈពេល​ខ្លី ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ផ្នែក​លំនៅដ្ឋាន​បែប​លំហែរ និង​ក​ម្សា​ប្ត​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម  បាន​ប្រាប់​កាលពីពេលថ្មីៗនេះ​ថា វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​នៅ​តំបន់​ក្រុង ចាប់ផ្តើម​បង្ហាញ​សក្តានុពល​សម្រាប់​វិនិយោគ ហើយ​ក្រុង​មួយ​នេះ​ក៏​ចាប់ផ្តើម​មាន​វិនិយោគ លើ​គម្រោង​អចលនទ្រព្យ​ជាបណ្តើរៗហើយ​ដែរ។

លោក​បាន​បញ្ជាក់ថា “វិស័យ​អចលនទ្រព្យ​នៅ​ខេត្តបាត់ដំបង ចាប់ផ្តើម​រីកចម្រើន​ជាបណ្តើរៗ ជាពិសេស​តំបន់​នៅក្នុង​ក្រុង និង​នៅ​ជាយក្រុង ហើយ​អ្នកវិនិយោគ​មួយចំនួន​ក៏​ចាប់ផ្តើម​វិនិយោគ​នៅតាម​ទីប្រជុំ​នៃ​តំបន់​ស្រុក​ផងដែរ។

លោក​បន្តថា “ផ្ទះល្វែង​នៅ​កៀក​ទីក្រុង​បាត់ដំបង អាច​តម្លៃ​ចន្លោះ​ពី៧ ទៅ៨ម៉ឺន​ដុល្លារ ហើយ​តម្លៃ​ផ្ទះល្វែង ក្នុង​ក្រុង​អាចមាន​តម្លៃ​ជាង១០ម៉ឺន​ដុល្លារ ហើយ​វា​នៅតែ​ជាត​ម្លៃ​សមរម្យ ប៉ុន្តែ​ល្បឿន​នៃ​ការវិនិយោគ និង​អភិវឌ្ឍន៍​ទាំងនេះ នៅ​មិនទាន់មាន​ល្បឿន​លឿន​ដូចជា​ខេត្តសៀមរាប​នៅឡើយ​នោះទេ” ៕