ចំណេះដឹង! តើ​អាជ្ញា​បណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន​ចែកចេញជា​ប៉ុន្មាន​ប្រភេទ?

ដោយ វុត្ថា

ភ្នំពេញៈ រាល់​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ទំហំ​ចាប់ពី៣ភូមិគ្រឹះ ឬ៤យូ​នី​តនៃ​លំនៅឋាន ឡើងទៅ​ត្រូវមាន​អាជ្ញា​បណ្ណ​អាជីវកម្ម អភិវឌ្ឍ​លំនៅឋាន​ជាមុន​ដែល​ចេញ​ដោយ​ក្រសួង​មាន​សមត្ថកិច្ច។

យោងតាម​សេចក្តីប្រកាស​ស្តីពី ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន​លេខ ៩៦៥ សហវ.ប្រក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា អាជ្ញា​បណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅដ្ឋាន ត្រូវបាន​ចែកចេញជា២ ប្រភេទ រួមមានៈ អាជ្ញា​បណ្ណ​ប្រភេទ១៖ ផ្តល់ជូន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ដើមទុន​ផ្ទាល់ខ្លួន​ទាំងស្រុង និង/ឬ​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ធន​គារ​គារ និង​ហិរញ្ញវត្ថុ​នានា ដើម្បី​អភិវឌ្ឍ​លំនៅឋាន និង​អាច​លក់​លំនៅឋាន​ដល់​អ្នកប្រើប្រាស់​នៅពេល​បញ្ចប់​ការសង​សង់​ជា​ស្ថាពរ។

អាជ្ញា​បណ្ណ​ប្រភេទ២ ផ្តល់ជូន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ដើមទុន​ផ្ទាល់ខ្លួន និង/ឬ ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា និង/ឬ​ដើមទុន​ដែល​បានមកពី​ការ​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ជាមុន ពី​អ្នកទិញ​លំនៅឋាន ដើម្បី​អភិវឌ្ឍ​លំនៅឋាន​ជាប ណ្តើរៗ និង​អាចធ្វើ​ប្រតិបត្តិ​ការលក់​លំនៅឋាន​ដល់​អ្នកប្រើប្រាស់ តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​ប្រកាស។

សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា អាជ្ញា​បណ្ណ​ត្រូវបាន​ផ្តល់ជូន ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន សម្រាប់​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តែមួយ នៅ​តាំង​តែមួយ។ ក្នុងករណី​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តែមួយ ត្រូវបាន​បែងចែក​ជាច្រើន​ដំណាក់កាល អាជ្ញា​បណ្ណ​ត្រូវ​បានផ្តល់​សម្រាប់​ដំណាក់កាលនីមួយៗនៃ​គម្រោង​អភិវឌ្ឍ​លំនៅឋាន៕

លោកឧកញ៉ាគីម ហ៊ាងបង្ហើបពីយុទ្ធសាស្ត្រវិនិយោគដីធ្លីដើម្បីទទួលបានចំណេញ

ដោយ៖ ប៊ី

ភ្នំពេញ៖ បច្ចុប្បន្នអ្នករកទទួលទានរបរខាងវិស័យដីធ្លីនៅកម្ពុជា កាន់តែច្រើនឡើង ហើយអ្នកមាននិងរកចំណូលបានដោយសារតែដីធ្លីក៏មានចំនួនច្រើនផងដែរ តើពួកគាត់មានយុទ្ធសាស្ត្រយ៉ាងណាទើបអាចរកចំណូលនិងប្រាក់ចំណេញពីវិស័យដីធ្លីនេះ ?

លោកបណ្ឌិតឧកញ៉ា គីម ហ៊ាងប្រធានKW Cambodia បានថ្លែងថា លោកធ្លាប់បានផ្ដល់ជាមតិ និងជាទស្សនមួយសម្រាប់អ្នកចង់រកទទួលទានរបរក្នុងវិស័យដីធ្លីនេះ ហើយចង់វិនិយោគដីធ្លីមិនពិបាកនោះទេ សម្រាប់អ្នកស្វែងរកទិញដីធ្លី គឺត្រូវរកទិញដីណា ដែលគេចង់លក់ពិតប្រាកដ ពេលនោះនឹងអាចទិញដីបានឆាប់ហើយក្នុងតម្លៃសមរម្យផងដែរ។

លោកមានប្រសាសន៍ទៀតថា “បើសិនជារកទិញដីពីអ្នកដែលមិនចង់លក់ ទោះឱ្យតម្លៃប៉ុនណាក៏គេមិនលក់ដែរ។ ដូចគ្នានេះដែរ សម្រាប់អ្នកលក់ដែលចង់លក់ដីវិញ ក៏គួរតែរកអ្នកដែលចង់ទិញដីពិតប្រាកដដូចគ្នា ព្រោះអ្នកដែលចង់ទិញគេប្រាកដជាមានលុយនិងលក់បានក្នុងតម្លៃដែលសមរម្យផងដែរ”។

លោកបានបន្តទៀតថា “សរុបសេចក្តីទៅ អ្វីដែលអ្នករកទទួលទានរបរដីធ្លី ត្រូវចាំនោះគឺ លក់នៅពេលគេចង់ទិញ ហើយទិញនៅពេលគេចង់លក់ នោះការទិញលក់នឹងបានឆាប់រហ័សនិងត្រូវរ៉ូវគ្នា”។

បើក្រលេកមកមើលវិស័យដីធ្លីនៅពេលមានវិបត្តិដោយសារតែជំងឺកូវីដ១៩វិញ ឃើញថាមានលក់ដីកាន់តែច្រើន ព្រោះពួកគាត់ត្រូវការលុយសម្រាប់ដោះស្រាយបញ្ហានិងជីវភាព ក្នុងពេលចំណូលធ្លាក់យ៉ាងខ្លាំងដោយសារតែឥទ្ធិពលពីជំងឺកូវីដ១៩ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបលោក សំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បាននិយាយផងដែរថា នៅពេលមានវិបត្តិនេះ វាគឺជាឱកាសសម្រាប់អ្នកមានលុយមានទុនសហើយកំពុងស្វែងរកទិញដីធ្លី ។ លោកបានថ្លែងថា “ទិញដីធ្លីនៅក្នុងពេលវិបត្តិបែបនេះ គឺអាចរកបានដីនៅទីតាំងល្អនិងមានតម្លៃទាបជាងទីផ្សារផងដែរ ហើយនៅពេលចប់វិបត្តិភ្លាមដីនោះនឹងឡើងដល់តម្លៃទីផ្សារឬខ្ពស់ជាងទីផ្សារ ដែលអាចធ្វើឱ្យចំណេញកាន់តែខ្លាំង”។

តាមទស្សនៈមហាសេដ្ឋីអចលនទ្រព្យប្រទេសចិន លោក លីកាស៊ីង ក៏ត្រូវបានចងក្រងជាសៀវភៅ និងមានឃ្លាមួយនិយាយថា ទិញដីទុកនៅពេលវិបត្តិមានតម្លៃទាប ហើយក្រោយវិបត្តិអាចលក់វិញក្នុងតម្លៃខ្ពស់ អាចរកបានប្រាក់ចំណេញយ៉ាងស្រួល។

ទស្សននេះ វាពិតជាមិនខុសពីភាពជាក់ស្ដែងនោះឡើយ។ អ្នកមានស្រុកខ្មែរជាច្រើនគឺមានបានដោយសារតែដីធ្លី ដែលទិញទុកតាំងពីតម្លៃទាបហើយលក់វិញ ក្នុងពេលដីនោះឡើងថ្លៃ ហើយសកម្មភាពទិញលក់ក៏ចេះតែមានហូរហែរជាបន្តបន្ទាប់៕

អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី នឹងត្រូវប្រើប្រាស់ផ្លាស់ប្ដូរនៅដើមខែមករាឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ស្ថិតនៅផ្លូវឯកឧត្តមជា សុផារ៉ា នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅត្រឹមដើមខែមករា ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីលទ្ធផលនៃការសាងសង់សម្រេចជិតបាន១០០ភាគរយទៅហើយ។

តាមរយៈសេចក្ដីជូនដំណឹងដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រសួងសាធារណៈការ និងដឹកជញ្ជូននឹងធ្វើការផ្លាស់ប្តូរទីតាំងទីស្ដីការក្រសួងពីទីតាំងចាស់ដែលស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីស្ដីការក្រសួងថ្មីដែលមានទីតាំងស្ថិតនៅផ្លូវ៥៩៨(ផ្លូវឯកឧត្តម ជា សុផារ៉ា)ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានជូនដំណឹហផងដែរថា សម្រាប់សាធារណៈជនទូទៅដែលមានបំណង់ទំនាក់ទំនងការងារផ្សេងៗសូមមេត្តាអញ្ជើញទៅកាន់ទីស្ដីការក្រសួងថ្មីចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១តទៅ។

អគារទីស្ដីការក្រសួងសាធារណៈការថ្មី ដែលមានកម្ពស់១០ជាន់ ស្ថិតនៅលើទំហំដីជិត៤ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុង២០២០ឆាប់ៗខាងមុខនេះ។
អាគារទីស្ដីការថ្មីនេះ មានការសាងសង់ជាអគារ A,B,C,D,E,F,G,H,I,J សម្រាប់ធ្វើការបែងចែកទៅតាមផ្នែកនីមួយៗដើម្បីធានាបាននូវភាពងាយស្រួលក្នុងការបំពេញការងារ៕

កម្ពុជានឹងដាក់ឱ្យប្រើប្រាស់យន្តហោះសម្រាប់បាញ់ជីនៅចុងត្រីមាសទី១ ឆ្នាំ២០២១ខាងមុខនេះ

ដោយ ៖ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Hoang Anh Andong Meas Co., Ltd ប្រើប្រាស់យន្តហោះបាញ់ជីជាផ្លូវការនៅក្នុងអំឡុងចុងត្រីមាសទី១ ឬដើមត្រីមាសទី២ ឆ្នាំ២០២១ខាងមុខនេះ នៅខេត្តរតនគីរី ខណៈដែលក្រុមហ៊ុននេះបានទទួលសាងសង់ផ្លូវរត់រួច និងសិទ្ធិក្នុងការវិនិយោគលើវិស័យកសិកម្មក្នុងទំហំដីរាប់រយហិកតានៅក្នុងខេត្តភាគឥសានមួយនេះ ។

លោក ខាន់ វណ្ណា មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះបានឱ្យដឹថា យន្តហោះពណ៌លឿងចេញបេសកកម្មហោះបាញ់ជីនោះគឺយន្តហោះចុះបញ្ជីរបស់អាជ្ញាធរអាកាសចរស៊ីវិលហ្វីលីពីន ហោះហើរនៅប្រទេសហ្វីលីពីនដែលនឹងត្រូវប្រើប្រាស់បាញ់ជីក្នុងខែចុងខែមីនា ឬ ខែមេសា ឆ្នាំ២០២១ នៅខេត្តរតនគីរី ។

លោក ខាន់ វណ្ណា ធ្លាប់បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យព្រលានយន្តហោះខ្នាតតូចរបស់ក្រុមហ៊ុននេះដែរកាលពីខែតុលាកន្លងមកនេះ ដោយបានអះអាងថា នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសំរាប់ប្រទេសកម្ពុជា ដែលមានវិស័យអាកាសចរយន្តហោះបាញ់ជី និងព្រលានខ្នាតតូចហៅថា STOLPORT របស់ក្រុមហ៊ុនHOANG ANH ANGDONG MEAS CO., LTD ។

ក្រុមហ៊ុនវៀតណាម HOANG ANH ANGDONG MEAS CO., LTD បានសាងសង់ព្រលានយន្តហោះខ្នាតតូចហៅថា STOLPORT ដែលវិនិយោគអភិវឌ្ឍន៏លើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ លើផ្ទៃដីសរុប៩៤៧០ហិតា ដែលស្ថិតទន្លេស្រែពក ខេត្តរតនៈគីរី។

រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤១កំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យលើផ្ទៃដីទំហំ៩៧៧៥ហិកតា ទៅជាតំបន់ប្រើប្រាស់ ដោយចីរភាពស្ថិតនៅក្នុងភូមិសាស្រ្តស្រុកតាវែង ខេត្តរតនៈគិរី សម្រាប់ផ្ដល់ជូនក្រុមហ៊ុន Hoang Anh Andong Meas Co., Ltd ធ្វើការវិនិយោគអភិវឌ្ឍន៍លើ វិស័យដំណាំ កសិឧស្សាហកម្ម និងដំណាំកៅស៊ូ៕

កម្ពុជា-សឹង្ហបុរី បន្តកិច្ចចរចាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណៈការ នឹងដឹកជញ្ជូន បានបន្តកិច្ចចរចាលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញជាមួយដៃគូអភិវឌ្ឍន៍ប្រទេសសឹង្ហបុរី ដើម្បីត្រៀមនឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ គឺជាទិសដៅក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះវត្តមានឯកអគ្គរដ្ឋទូត លោក Michael Tan ដែលបានសហការយ៉ាងពេញទំហឹងកន្លងមក ជាពិសេសការជំរុញឱ្យមានការបើកចរចារវាងកម្ពុជា និងសិង្ហបុរី ដោយមានការចូលរួមពីតំណាងរបស់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សាទៅលើកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

កិច្ចព្រមព្រៀងក្របខណ្ឌបានចរចាដល់ដំណាក់កាលចុងក្រោយហើយ ដោយនៅសេសសល់បញ្ហាតូចៗមួយចំនួនទេ ដែលត្រូវដោះស្រាយ មុននឹងអាចចាប់ ផ្តើមការសិក្សាសមិទ្ធិលទ្ធភាពនៃមជ្ឈមណ្ឌលភស្តុភារកម្មនេះ។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក Michael Tan បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង និងស្ថានទូតសិង្ហបុរី។ លោកបានលើកឡើងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះមានសារៈសំខាន់ណាស់ ពីព្រោះវាជួយជំរុញឱ្យមានការបណ្តាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា ពីបណ្តាក្រុមហ៊ុនធំៗរបស់សិង្ហបុរី ដែលជាលទ្ធផល នឹងបង្កើតនូវការងារ និងជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា។

កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងក្រុមហ៊ុន YCH និងក្រុមហ៊ុន IA បានពិភាក្សាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធសំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេស បម្រើឱ្យប្រយោជន៍ជាតិជារួមស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល៕

ចំណេះដឹង! តើ​អ្វី​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦-២០២៥?

ដោយៈ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​រយៈពេល​វែង សម្រាប់​ប្រទេស​គឺ “ការធានាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​សមធម៌ សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ” ។

ក្នុងន័យនេះ ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ រួមមាន​វិស័យ​ធនាគារ និង​វិស័យ​មិនមែន​ធនាគារ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ​ដល់​ការ​កៀរគរ និង​បែងចែក​ធនធាន​ហិរញ្ញវត្ថុ សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច។ ក្នុង​ក្របខ័ណ្ឌ​នេះ រាជរដ្ឋាភិបាល​បានដាក់ ឱ្យ​អនុវត្ត​នូវ “យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥” ដើម្បី​បន្ត​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព។

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦-២០២៥ ត្រូវបានធ្វើ​បច្ចុប្បន្ន​កម្ម ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០ ដើម្បី​ឆ្លើយតប​នឹង​ការវិវត្ត​នៃ​ស្ថានភាព​បច្ចុប្បន្ន និង​តម្រូវការ​ជាក់ស្តែង។ ការធ្វើ​បច្ចុប្បន្ន​កម្មនេះ គឺជា​លើក​ទី៣ហើយ​ចាប់តាំងពី​ឯកសារ​យុទ្ធសាស្ត្រ​ទី១ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ២០០១ ។

គោលដៅ​ចម្បង​របស់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦-២០២៥គឺ​សម្រេច​ឲ្យ​បាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ផ្អែកលើ​គោលការណ៍​ទីផ្សារ ហើយ​មាន​លក្ខណៈ​ពិពិធ​ភាព ភាពរឹងមាំ និង​បរិ​យា​ប័ន្ន ដែល​ផ្តល់​លទ្ធភាព​ទូលំទូលាយ ក្នុងការ​បំពេញតម្រូវកា​រ​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ប្រសិទ្ធភាព កាត់បន្ថយ​ភាពក្រីក្រ បង្កើន​ចំណូល​របស់​ប្រជាជន ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់៕

ពីរ​ឆ្នាំ​ក្នុងការ​ដឹកនាំ CVEA តើ​លោក​ច្រឹ​ក សុខ​នី​ម បាន​នាំ​សមាគម​ឆ្ពោះទៅកាន់គោលដៅ​រួម​បែបណា?

ដោយ​គង់ សូរិយា

ភ្នំពេញៈ ផ្តើម​ជីវិត​ពី​យុវជន​មកពី​ជន​នប​ទ ស្នាក់នៅ​វត្ត​នាគ​វ័​ន្ត​ក្រុងភ្នំពេញ លោក​ច្រឹ​ក សុខ​នី​ម បាន​អភិវឌ្ឍន៍​ខ្លួន​ជា​បន​ក្ត​បន្ទាប់ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​បាន​បំពេញការងារ​នៅ​ធនាគារ។

ធ្វើការ​នៅ​ធនាគារ វា​ជា​ពេលដែល​លោក​បាន​សិក្សា​រៀនសូត្រ​បន្ថែម ជា​កន្លែង​ដែល​លោក មាន​ឳ​កាស​កសាង​បណ្តាញ​ជំនួញ និង​បន្ទាប់មក​បាន​ប្រឡូក​ក្នុង​វិស័យ​អចល​ទ្រព្យ រហូត​បាន​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង ដែល​បច្ចុប្បន្ននេះ​បាន​រីក​ធំធាត់ ជាមួយ​បុគ្គលិក​ជាង១០០នាក់ ប៉ុន្តែ​ក្តី​ស្រម័យ​របស់លោក​មិន​ត្រឹម តែ​បង្ហាញ​នូវ​កិ​ត្ត​នាម​ក្នុងស្រុក​នោះទេ ប៉ុន្តែ​លោក​បាន​ឈានឆ្ពោះ​ទៅមុខ មួយ​ជំ​ហ៊ាន​ថ្មី​ទៀត​លើ​វិថី​ជីវិត​កាលពី​ពីរ​ឆ្នាំមុន ដោយ​លោក​ទទួលបាន​នូវ​ការបោះឆ្នោត ផ្តល់​សេចក្តី​ទុន​ចិត្ត​ឲ្យ​ធ្វើជា​ប្រធាន​សមាគម​អ្នក​វ​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

ដោយមាន​ចំណេះដឹង​ច្បាស់លាស់ មាន​ទំនាក់ទំនង​ល្អ និង​កិត្តិនាម​ក្នុងសង្គម​ក្នុង​រយៈពេល​ពីរ​ឆ្នាំ លោក​បាន​ដឹកនាំ​សមាគម តាមរយៈ​យុ​ទ្ឋ​សាស្ត្រ​មុត​ស្រួច គឺ​ការពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ ពិសេស​នាំ​កេ​រ្ត៍​ឈ្មោះ​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ ហើយ​បានបង្ហាញ​ពី​ក​តិ​ត្យា​នុ​ភាព​កម្ពុជា លើ​ឆាក​អន្តរជាតិ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ​មកកាន់​កម្ពុជា។

លោក​សុខ​នី​ម​បាន​បន្តថា “អ្វីដែល​យើង​បាន​ផ្តោត គឺ​ផ្តោតលើ​វគ្គ​បណ្តុះបណ្តាល​លើក​កំពស់​សមត្ថភាព គុណភាព តាមរយៈ៣គោល​យុ​ទ្ឋ​សាស្ត្រ ៧សកម្មភាព ដើម្បី​ដឹកនាំ​សមាគម​ទទួលបាន​ភាពជោគជ័យ” ។ លោក​បន្តថា “នៅ​អាណត្តិ​ទី២ បើ​ខ្ញុំ​ជាប់ឆ្នោត​ម្តងទៀត ខ្ញុំ​នឹង​ប្រើ​យុ​ទ្ឋ​សាស្ត្រ 7 Eleven ដើម្បី​ដឹកនាំ​សមាគម​ឲ្យ​ទទួលបាន​ជោគជ័យ និង​នាំ​កម្ពុជា​ទៅកាន់​ពិភពលោក” ។

ជាមួយគ្នានេះ លោក​ក៏បាន​ផ្តោតលើ​ការធ្វើការងារ​ជា​ក្រុម ដើម្បី​ឲ្យ​សមាគម​មាន​សាមគ្គីភាព ស្វែងរក​ផលប្រយោជន៍​ជូន​សមាជិក និង​ប្រទេសជាតិ​ផងដែរ។

ក្នុងពេល​លោក​ជាប់ឆ្នោត​អាណត្តិ​ទី១ លោក​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ភ្នាក់ងារ​វាយតម្លៃ ភ្នាក់ងារ​លក់​អចលនទ្រព្យ និង​ជំនាញ​គ្រប់គ្រង​អចលនទ្រព្យ ពិសេស​បង្កើត​ឲ្យ​មាន​ថ្នាក់​បរិញ្ញាបត្ររង​ជំនាញ​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​សិក្សា​ថ្មី២០២០ ២០២១ខាងមុខនេះ នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ស្ថិតក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ។

លើសពីនេះ នៅពេល​លោក​ដឹកនាំ​សមាគម​នាពេល​បច្ចុប្បន្ន​នេះ លោក​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​សមាគម​ទៅ​ចូលរួម​កិច្ចប្រជុំ នៅតាម​បណ្តា​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន ជប៉ុន និង​សហរដ្ឋអាមេរិក​ជាច្រើនលើក​ផងដែរ។

ការបោះឆ្នោត​សមាគម​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៣ ធ្នូ​ខាងមុខនេះ ដោយ​ការឃោសនា​នឹង​ធ្វើឡើង​តាមរយៈ​ប្រ​ព័​ន្ឋ Zoom ប៉ុន្តែ​ការបោះឆ្នោត​នឹងធ្វើ​ឡើង​នៅ​អគ្គ​លេខ​ធិ​កា​ដ្ឋា​ន​សមាគម ដែលមាន​អាស័យដ្ឋាន អាគារ​លេខ៥០ ជាន់​ទី៣ ផ្លូវ​លេខ៥១៦ កែង​នឹង​ផ្លូវ​លេខ៣១៧ សង្កាត់​បឹងកក់១ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ៕

វិ​និ​យោ​គិ​បរទេស​នឹង​មកកាន់​កម្ពុជា​កាន់តែច្រើន ក្រោយ​រកឃើញ​ថ្នាំ​វ៉ាក់សាំងការពារ​កូ​វីដ១៩

ដោយ​វុត្ថា

ភ្នំពេញៈ វិនិយោគិន​បរទេស​នឹង​មក​បណ្តាកទុន​វិយោគ នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ជា​អាទិភាព​ជាច្រើន រួមមាន វិស័យ​សំណង់ កសិកម្ម និង​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន ក្រោយពី​កម្ពុជា​ទទួលបាន និង​ពិភព​ក​ឃើញ​ថ្នាំ​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩ ស្រប​ពេលដែល​រដ្ឋ​បាន​នឹង​កំពុង​កំណែទម្រង់​ស៊ីជម្រៅ​ផ្ឋៃ​ក្នុង។

លោក​ឧកញ៉ា​លឹម ហេង អនុប្រធាន​សភាព​ពាណិជ្ជ​កម្ពុជា​បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ថ្ងៃទី១៨ ម្សិលមិញ​នេះ​ថា ទាំង​វិនិយោគិន​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក បាន​ទន្ទឹង​រងចាំ​នូវ​ដំណឹង ពី​ការរកឃើញ​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ អស់​ជាច្រើន​ខែ​មកហើយ ខណៈដែល​កាលពីពេលថ្មីៗនេះ​ពិភពលោក​បាន​រកឃើញ។

លោក​បន្តថា “នៅពេល​ដែលមាន​វ៉ាក់សាំង ដែល​អាច​ការពារ​នូវ​ជំងឺ​កូ​វីដ១៩ នេះ​បាន។  អ្វីៗនឹងមាន​ស្ថាន​ការ និង​ភាពប្រក្រតី​ឡើងវិញ ដែល​នេះ​គឺជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​ព្រមទាំង​អ្នកនយោបាយ ក៏​នឹង​អាចធ្វើ​សកម្ម ភាព​ឡើងវិញ​បានជា​ធម្មតា និង​ធ្វើឱ្យ​សេដ្ឋកិច្ច​មានការ​រីកចំរើន ។

បើតាម​លោក​ឧកញ៉ា លឹម ហេង  ជាមួយនឹង​ការទន្ទឹងរង់ចាំ នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដែលមាន​ទាំង​ការ​កំណែទម្រង់​ច្បាប់ ស្តីពី​ការវិនិយោគ​នៅ​កម្ពុជា  និង​ការ​កំណែទម្រង់​ផ្ទៃក្នុង​ជាដើម នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ​បន្ថែមទៀត  ឱ្យមក​កាន់​ប្រទេស​កម្ពុជា ។

លោក​ឧកញ៉ា​ថ្លែងថា “ក្រៅពីនេះ​រដ្ឋាភិបាល​ក៏បាន​កែសម្រួល លើ​ការបង់ពន្ធ​អចលនទ្រព្យ​មក​ធ្វើតាម​រយៈ​អន​ឡាញ​វិញ និង​ការកែទម្រង់​អត្រាពន្ធគយ​ឱ្យ​ស្ថិត នៅក្នុង​កម្រិត​ទាប កាលពីពេលថ្មីៗនេះ​ជាដើម ក៏​ជាការ​ធ្វើឱ្យមាន​ការទាក់ទាញ​វិនិយោគិន​មកពី​ក្រៅប្រទេស​ឱ្យមក​កាន់​កម្ពុជា​កាន់តែ​ច្រើន” ។

លោក​ឧកញ៉ា​បន្តថា វិនិយោគិន​បរទេស នឹង​មក​បណ្តាកទុន​លើ​វិស័យ​ជាច្រើន​រួម ការច្នៃ​វត្ថុធាតុដើម ដែលមាន​ស្រាប់​របស់​កម្ពុជា សម្រាប់ធ្វើ​ការនាំចេញ​ឱ្យបាន​ច្រើន និង​ការលក់​នៅក្នុង​ស្រុក ។ ស្រប​ជាមួយគ្នានេះ តម្រូវកា​អចលនទ្រព្យ នឹងមាន​ការឡើង​ទាំង​ការវិនិយោគ និង​អគារ​ការិយាល័យ សម្រាប់ធ្វើ​ការព្រម​ជាមួយ​នឹង​ការដឹកជញ្ជូន​ផងដែរ។

លោក​វ​ង្សី វិស្សុត​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​ចំនួន៣ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​បញ្ចប់​នូវ​ជំងឺ​កូ​វីដ១៩ រួម​ជាមួយនឹង​ការទាក់ទាញ និង​បង្កើន​ការវិនិយោគ​ក្នុង និង​ពី​ក្រៅប្រទេស​ឱ្យមក​កាន់​កម្ពុជា​កាន់តែ​ច្រើន។

លោក​បន្តថា ផែនការ​ទាំង៣ជា​គោលនយោបាយ សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ រួមមាន៖ ទី១) ការបន្ត​អនុវត្ត​គោលនយោបាយ​ចម្រុះ​រវាង​រូបិយវត្ថុ សារពើពន្ធ និង​រចនាសម្ព័ន្ធ​ក្នុង​វិស័យ​ម៉ាក្រូសេដ្ឋកិច្ច ទី២ ការធ្វើកំណែទម្រង់​រចនា​សម្ព័ន្ធ និង​ពង្រីក​សក្តានុពល ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​លើ​ទីផ្សារ និង​ដោះស្រាយ​បញ្ហា​រាំងស្ទះ នៅក្នុង​ការធ្វើ​ពិ​ពធ​កម្ម​សេដ្ឋកិច្ច និង​ទី៣ ការបង្កើន​កំណើន​វិនិយោគ​ក្នុងស្រុក​បន្ថែម ដោយ​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​ថ្លែងឱ្យដឹងថា    រដ្ឋាភិបាល​បាន​ទំលាក់ កញ្ចប់​ថវិកា​ជាច្រើន​រយ​លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​ស្តារ​សេដ្ឋកិច្ច​ឱ្យមាន​ការរីកចំរើន ព្រមទាំង​មានការ​ប្តេជ្ញា​ខ្ពស់​របស់​កម្ពុជា​ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ៕

រដ្ឋាភិបាល​ផ្តោតលើ​ការត្រួតពិនិត្យ និង​ពង្រឹងគុណភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ ជាមួយនឹង​កិច្ច​បន្តដំណើរ​ការសាងសង់​យ៉ាងសកម្ម បើទោះជា​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺឆ្លង​ជា​សាកល គម្រោង​អភិវឌ្ឍន៍​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ កំពុង​ត្រូវបាន​បង្កើន​ការយកចិត្តទុកដាក់ ពង្រឹង​លើ​គុណ​ដោយមាន​ក្រុមមន្ត្រី​ជំនាញ និង​តំណាង​ក្រុមហ៊ុន​ទទួល​សាងសង់​ចុះ​ពិនិត្យ​ជាប់​ជាប្រចាំ។

រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​បណ្ឌិត​យិ​ត បុ​ណ្ណា នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បាន​បន្តធ្វើ​ការចុះពិនិត្យ​ការងារ​សាងសង់ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បី​ធានាបាន​នូវ​គុណភាព​តាម​ស្តង់ដារ បច្ចេកទេស​ត្រឹមត្រូវ និង​អាច​សម្រេចបាន​ទៅតាម​ផែនការ​ដែល​បានកំណត់។

លោក​បាន​មានប្រសាសន៍ថា“រហូតមកដល់​ពេលនេះ ជា​លទ្ធផល​នៃ​ការសាងសង់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ សម្រេចបាន​ប្រមាណ​ជាង២៧ភាគរយ​ហើយ” ។ លោក​បន្តថា “ផ្លូវ​នេះ​អនុវត្តន៍៍​ដោយ​ក្រុមហ៊ុន CPEC ដែល​បាននិងកំពុង​បន្ត​ចាក់​ស្រទាប់​គ្រឹះ​ផ្លូវ​ប្រើប្រាស់​ប្រភេទ Cement Stabilize Base  ដោយ​ត្រូវ​ប្រាកដថា​ប្រកបដោយ​គុណភាព​តាម​ស្តង់ដារ និង​បច្ចេកទេស​ត្រឹមត្រូវ” ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង ១៩០គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ដល់​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ដោយ​ឆ្លងកាត់​ទឹកដី​រាជធានី​ភ្នំពេញ ប្រវែង ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល​ប្រវែង ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង១,៩២គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង៨ ៩,៨៩ គីឡូម៉ែត្រ។

តាម​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ទទឹង​តួ​ផ្លូវ ២៤,៥ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ដោយ​គន្លង​ផ្លូវ​ធ្វើចរាចរ​ចែកជា៤គន្លង (២គន្លង​ទៅ ២គន្លង​មក) ដែល​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់១០០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់ ១២០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង៕

IFC ផ្តល់​កម្ចី​ហិរញ្ញប្បទាន​ចំនួន ១២០លាន​ដុល្លារ ដល់​ក្រុមហ៊ុន​អូស្ត្រាលី​ដើម្បី​សាងសង់​ភស្តុភារ​ចំនួន២ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី

ដោយៈ​វុត្ថា

ហ្សា​ការ​តាៈ  ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​ផ្នែក​មួយ​របស់​ស្ថាប័ន ធនាគារពិភពលោក (WB) បានសម្រេច​ផ្តល់​កម្ចី​ហិរញ្ញប្បទាន​ចំនួន១២០លាន​ដុល្លារ​អាមេរិក ទៅអោយ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ភស្តុភារ​របស់​អូស្ត្រាលី  LOGOS ដើម្បី អភិវឌ្ឍ និង​កសាង​ភស្តុភារ​ចំនួន២ នៅ​តំបន់ Greater Jakatar របស់​ប្រទេស​ឥណ្ឌូនេស៊ី។

តាម​ការចុះផ្សាយ​របស់​គេហទំព័រ www.dealstreetasia.com កាលពី​ម្សិលមិញ​នេះ​ឱ្យដឹងថា ការ​កម្ចី​ក្នុងការ​វិនិយោគ​នេះ នឹង​ផ្តល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ទំនើប និង​មាន​គុណភាព​ខ្ពស់ នៅក្នុង​ទីផ្សារ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តរបស់​ប្រទេស​ឥណ្ឌូនេស៊ី ខណៈពេលដែល​មានការ​គាំទ្រ​ដល់​ការពង្រីក​អាជីវកម្ម និង​លើកកម្ពស់​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​នៅក្នុង​វិស័យ​ឃ្លាំង​ស្តុក​ទំនិញ។

គេហទំព័រ​បន្តថា ក្រម​ហ៊ុន​អចលនទ្រព្យ និង​ភ​ស្ត​ភារ LOGOS Cikarang Logistic Park និង​ក្រុមហ៊ុន LOGOS KLOG  CIbitung Logistics Hup រំពឹងថា នៅពេល​ចាប់ផ្តើម​វិនិយោគ​ភស្តុភារ​ទាំងពីរ​នេះ នឹង​បង្កើត​ការងារ​ជូន​ដល់​ពលរដ្ឋ​ដោយ​ប្រយោល និង​ផ្ទាល់​ចំនួន១០០០នាក់ ជាពិសេស​នឹងធ្វើ​ឱ្យមាន​សក្តានុពល ដល់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​និង​ក្រុម​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ធំ ៗផងដែរ ។

គេហទំព័រ​ដដែល​បន​ត្ថា ភស្តុភារ​ជា​ប្រភេទ អចលនទ្រព្យ​ទាំងពីរ​នេះ កំពុង​កំណត់​គោលដៅ​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​រង្វាន់​បៃតង  (Green Mark Award) ដើម្បី​អនុវត្តតាម​ស្តង់ដារ​អគារ​បៃតង​របស់ IFC  រួមបញ្ចូល​នូវ​គំនិត​ផ្តួចផ្តើម ប្រកបដោយ​ចីរភាព​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុងអំឡុងពេល​សាងសង់ និង​ប្រតិបត្តិការ។

លោក Stephen Hawkins នាយក​គ្រប់គ្រង​ក្រុមហ៊ុន LOGOS បានឱ្យដឹងថា “ការផ្តល់ប្រាក់​កម្ចី​នេះ ជា​ប្រភេទ​កម្ចី​បៃតង​ដំបូង​របស់​ស្ថាប័ន IFC ដល់​ក្រុមហ៊ុន LOGOS ក្នុងការ​សាងសង់ ប្រកបដោយ​និរន្តរភាព​បៃតង ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​អាជីវកម្ម​របស់​យើង។លោក​បន្តថា “កម្ចី​របស់​IFCក៏​ជា​ផ្នែក​សំខាន់​មួយទៀត នៃ​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ក្រុមហ៊ុន ក្នុងការ​សាងសង​ភស្តុភារ​ទាំងពីរ​នេះ ប្រកបដោយ​គុណភាព​ខ្ពស់ និង​និរន្តរភាព​សម្រាប់​ទីផ្សារ​ឥណ្ឌូនេស៊ី” ។

វិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​ទំហំ​ទឹកប្រាក់​ចំនួន ១២៤ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ ។ ទោះយ៉ាងណា ស្ថាប័ន IFC បានឱ្យដឹងថា ប្រទេស​ឥណ្ឌូ​នេ​សា​នៅតែមាន គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ​ភ​ស្ត​ភារ ដែល​បង្កឱ្យមាន​បញ្ហា​ប្រឈម​សម្រាប់​ការលក់​រាយ និង​ពាណិជ្ជកម្ម​តាម​អ៊ិន​ធឺរ​ណែ​ត ដោយសារតែ​កត្តា​ភូមិសាស្ត្រ​របស់​ប្រទេស​នេះ ប្រជុំ​ទៅដោយ​កោះ​ច្រើន និង​វិស័យ​ភ័ស្តុភារ​នៅមានកម្រិត៕