បុរី គីមស័ង ផ្តល់ជូនកម្មវិធីកាន់តែពិសេសនៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល និងឱកាសគម្រប់ខួប១ឆ្នាំរបស់ក្រុមហ៊ុន

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការអបអរសាទរនៅក្នុងឱកាសដ៏រីករាយនៃថ្ងៃបុណ្យណូអែល ក៏ដូចជាឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២០-២០២១ ជាពិសេសជាទិវាគម្រប់ខួបមួយឆ្នាំរបស់គម្រោងអភិវឌ្ឍន៍ បុរី គីមស័ង សម្រាប់អតិថិជនដែលទិញលំនៅដ្ឋានក្នុងគម្រោងដែលកំពុងសាងសង់យ៉ាងមមាញឹកនៅក្នុងឱកាសនេះនឹងទទួលបានការផ្តល់ជូននូវកម្មវធីពិសេសមិនធ្លាប់មាន ដូចជាទិញដោយបង់រំលោះសុទ្ធ១០០ភាគរយ ដោយគ្មានការប្រាក់ និងប្រាក់កក់ រហូតដល់ផ្ទះសង់រួច និងការទទួលបានសម្ភារៈប្រើប្រាស់ក្នុងផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់។

ជាមួយនឹងការផ្តល់ជូននូវកម្មវិធីពិសេសមិនធ្លាប់មានប្រចាំឆ្នាំ២០២០នេះ សម្រាប់អតិថិជនទាំងអស់ដែលទិញលំនៅដ្ឋានគ្រប់ប្រភេទនៅក្នុងគម្រោងបុរី គីមស័ង ចាប់ពីតម្លៃជាង១០ម៉ឺនដុល្លារ ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវលេខ១១៤ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងទទួលបានដូចជា ការទិញដោយបង់រំលួសសុទ្ធ១០០ភាគរយ គ្មានការប្រាក់ និងប្រាក់កក់ រហូតដល់ផ្ទះសាងសង់រួចរាល់។

បន្ថែមពីនេះ នៅមានការផ្តល់ជូននូវទូតាំងសម្ភារៈក្នុងផ្ទះ, ទូតាំងទូរទស្សន៍, ទូចង្រ្កានលើ-ក្រោម, ម៉ាស៊ីនបឺតផ្សែង រួមជាមួយនឹងទូកញ្ចក់ងូតទឹកក្នុងបន្ទប់ទឹកផងដែរ ដែលការផ្តល់ជូននេះមានចំនួនកំណត់។

បច្ចុប្បន្ន ចាប់ពីចំណុចស្តុបបំបែកចេញពីផ្លូវជាតិលេខ១ ដែលស្ថិតនៅសងខាងផ្លូវ១១៤ ឬផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) នេះ ភាគច្រើនមានសំណង់ផ្ទះវីឡាធំៗ និងគម្រោងសាងសង់បណ្តុំលំនៅដ្ឋានជាច្រើន ហើយក្នុងនោះក៏មានសំណង់បុរីដែលកំពុងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនផងដែរ។

 

នៅតំបន់នេះមានលក្ខខណ្ឌល្អជាច្រើនដែលអំណោយផលដល់ការរស់នៅ ព្រោះផ្លូវ១១៤ បានប្រែក្លាយជាផ្លូវសេដ្ឋកិច្ចយ៉ាងប្រសើរ។ ជាមួយគ្នានេះ បុរី គីមស័ង ដែលស្ថិតនៅផ្លូវ១១៤ គឺមានភាពងាយស្រួលធ្វើដំណើរ ដោយគ្រាន់តែចំណាយពេលជាង១០នាទីមកផ្លូវជាតិលេខ១ ឬធ្វើដំណើរតាមក្រុងតាខ្មៅចំណាយពេលជាង១០នាទីដូចគ្នាឆ្លងតាមស្ពានព្រែកសំរោងដល់ក្រុងតាខ្មៅ ឬអាចបន្តឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ទៅដល់ផ្សារទំនើបអ៉ីអនម៉ល៣ ហើយក៏ងាយស្រួលចេញទៅតាមបណ្តាខេត្តផ្សេងៗផងដែរ។

សូមអញ្ជើញចូលទស្សនាផ្ទះគំរូពិត និងទទួលយកព័ត៌មានលម្អិតបន្ថែម។ សូមទំនាក់ទំនងមកកាន់លេខ ៖ 078 915 999 / 086 915 999

ពាណិជ្ជកម្មកម្ពុជា-អង់គ្លេសសម្រេចបានទឹកប្រាក់៨១៣លានដុល្លារក្នុងរយៈពេល១១ខែ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២០កន្លងទៅនេះទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេសសម្រេចបាន ៨១៣លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០១៩ មានទំហំសរុបចំនួន១០៥៧លានដុល្លារ។

របាយការណ៍ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០បានឱ្យដឹងថា នៅក្នុងរយៈពេល១១ខែកន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស មានទំហំសរុប ៨១៧លានដុល្លារ ដោយក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន ៧៦៦លានដុល្លារអាមេរិក ខណៈអង់គ្លេសនាំមកកម្ពុជាជាង៤៦លានដុល្លារតែប៉ុណ្ណោះ។ នៅឆ្នាំ២០១៩ សម្រេច ១,០៥៧ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមាន ជាង៩៧៧លានដុល្លារ និងអង់គ្លេសនាំមកម្ពុជា មានជិត៨០លានដុល្លារ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេស បានប្រកាសថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ។

លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង មានប្រសាសន៍ថា ចាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។

លោកស្រីបានថ្លែងទៀតថា “រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីឌ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ”។

ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់របស់ប្រទេសកម្ពុជា ក្នុងទីផ្សារអឺរ៉ុប។ កម្ពុជានាំចេញទំនិញទៅអង់គ្លេស ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត៕

រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងវិនិយោគថ្មីចំនួន៣បន្ថែមទៀតលើទុន សរុប១៣,៥លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ទៀត មានទុនសរុប ១៣,៥លានដុល្លារ ដែលអាចផ្តល់ឱកាសការងារបានជិត២០០០នាក់ បើទោះបីកម្ពុជាកំពុងប្រឈមបញ្ហាកូវីដ១៩ក្តី។

យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី ១-ក្រុមហ៊ុន “LAK SUN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៩៧កន្លែង។

ទី២-ក្រុមហ៊ុន “SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៣កន្លែង។

ដោយឡែកតាមសំណើសុំវិនិយោគលើ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈតុបតែងលម្អធ្វើអំពីឈើរបស់ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD  គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង៕

សម្តេចតេជោអនុម័តបង្កើតសភាកសិឧស្សាហកម្មដើម្បីលើកកំពស់វិស័យកសិកម្ម

ដោយគង់ ម៉ាលីន

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមជាគោលការណ៍នៅក្នុងការបង្កើត “សភាកសិឧស្សាហកម្ម”នៅកម្ពុជាហើយ។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ធ្នូនេះថា តាមសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណ:រដ្ឋមន្រ្តីសម្តេចតេជោ បានយល់ព្រមឲ្យបង្កើត “សភាកសិឧស្សា​ហកម្មនៃព្រះរាជាណាចក្រកម្ពុជា”។

លោកបានបន្តថា ក្រោយទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា” ធ្វើយ៉ាងណាឲ្យសេចក្តីព្រាងច្បាប់នេះ មានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។ល។

លោកវេង សាខុនបានបន្ថែមថា ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ បានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមក”។លោកបន្តថា “ពិតណាស់យន្តការដោះស្រាយបញ្ហានេះ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលសមាជិកសភាកសិឧស្សាហកម្ម ត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍ ខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិ​ករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ”។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានវត្តមានតំណាងឲ្យក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម  ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា ដែលជានាយកក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាពសហគមន៍ ដែលប្រតិបត្តិការលើវិស័យកសិកម្ម និងកសិឧស្សា​ហកម្ម៕

CVEA ប្រកាសជូនដំណឹងពីការបោះឆ្នោតជ្រើសរើសប្រធាននិងសមាសភាព ក្រុមប្រឹក្សាភិបាលថ្មី

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានប្រកា​សជូនដំណឹងពីការបោះឆ្នោតជ្រើសរើសប្រធានប្រតិបត្តិ និងសមាសភាពក្រុមប្រឹក្សាភិបាលសំរាប់អាណត្តិថ្មីសំរាប់ឆ្នាំ២០២០ ២០២២ខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមនេះបានឲ្យដឹងថា ដោយមានការផ្អាកបន្តនូវសកម្មភាពជួបជុំ ដែលមានអ្នកចូលរួមលើសពី២០នាក់របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងគោរពតាមការណែនាំរបស់រដ្ឋាភិបាល ដូច្នេះការបោះឆ្នោតត្រូវបានរៀបចំឡើង មិនមានការជួបជុំលើសពី២០នាក់ គឺបោះឆ្នោតម្តងមួយៗតាមរយៈហឹបឆ្នោត ចំពោះមុខគណកម្មការនៃការរៀបចំការបោះឆ្នោត និងអ្នកសង្កេតការណ៍ដោយរក្សាគម្លាត និងអនាម័យទៅតាមស្តង់ដា។

ចំពោះការឃោសនា និងដំណើរការនៃកម្មវិធីត្រូវធ្វើឡើង តាមរយៈកម្មវិធីZoom ដែលការបោះឆ្នោតនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២០ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាចនៅអគ្គលេខធិកាដ្ឋានសមាគម អាគារលេខ៥០ ជាន់ទី៣ ផ្លូវលេខ៥១៦ កែងនឹងផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចកក្តីជូនដំណឹងរបស់សមាគមបានបន្តថា អាស្រ័យដូចបានជំរាបជូនខាងលើ សូមបេក្ខភាពប្រធានសមាគម និងក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកដែលមានសិទ្ឋបោះឆ្នោត សូមអញ្ជើញមកបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតដំណើរការដោយរលូន និងមានប្រសិទ្ឋភាពខ្ពស់៕

ស្ថានភាពទីផ្សារដីធ្លីនៅតំបន់ផ្លូវ៥១នៅបន្តស្ថិតក្នុងសភាពទ្រឹង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំបន់ដែលធ្លាប់តែមានសក្ដានុពល និងប្រជាប្រិយភាពខ្លាំងក្នុងការទិញលក់ដីធ្លីនៅផ្លូវលេខ៥១ រហូតមកដល់ពេលនេះ និងអាចបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ នៅតែស្ថិតក្នុងសភាពទ្រឹង ហើយតម្លៃក៏នឹងមិនមានការឡើងថ្លៃនោះដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sear Realty Co,.Ltd លោក ស៊ា ឆៃលីន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ថិតនៅក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃទីផ្សារដីធ្លីដែលស្ថិតនៅតំបន់ផ្លូវ៥១ មិនមានសកម្មភាពរស់រវើកដូចឆ្នាំ២០១៩នោះទេ។

លោកបានបន្តថា “ទាំងប្រភេទដីទំហំធំសម្រាប់គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម បណ្តុំលំនៅដ្ឋាន និងទំហំតូចសម្រាប់គម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក គឺមិនមានសកម្មភាពទិញលក់គួរឱ្យចាប់អារម្មណ៍នោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដូចគ្រាពាក់កណ្តាលឆ្នាំ២០២០ដូច្នោះដែរ”។

លោកបញ្ជាក់ថា “ក្រៅតែមិនមានសកម្មភាពទិញលក់ សម្រាប់តម្លៃដីធ្លីនៅទីតាំងខ្លះថែមទាំងមានការធ្លាក់ចុះខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ រហូតមានម្ចាស់ដីខ្លះដែលមានតម្រូវការលុយប្រញាប់បានដាក់លក់ដោយការបញ្ចុះតម្លៃរហូតដល់ជិត៥០ភាគរយក៏មានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺមានតែអ្នកលក់ មិនមានអ្នកទិញ”។

លោកថា “យើងទទួលស្គាល់ថាវិស័យដីធ្លីនៅតំបន់ផ្លូវ៥១ នឹងមានគម្រោងអភិវឌ្ឍន៍ច្រើនជាពិសេសវិស័យឧស្សាហកម្ម ដែលនឹងមានការសាងសង់ជាឃ្លាំង ជារោងចក្រជាដើម ប៉ុន្តែដោយសារតែបញ្ហានៃជំងឺកូវីដបានអូសបន្លាយពេលវេលារបស់គម្រោងមួយចំនួនមិនអាចចាប់ដំណើរការបាន ជាពិសេសគម្រោងរបស់ក្រុមហ៊ុនដែលមានជនជាតិបរទេស ដូចជាជនជាតិចិនជាម្ចាស់ទុនតែម្ដង”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា វិបត្តិកូវីដ ១៩ បានបណ្តាលឱ្យចរន្តទិញ-លក់ថមថយមួយចំនួនធំក្នុងវិស័យអចលនទ្រព្យ មិនថាចំពោះតែដីធ្លី លំនៅដ្ឋានផ្ទាល់ដី ខុនដូ ឬផ្នែកដទៃនៃការជួលនោះទេ។ ការសាងសង់លំនៅដ្ឋាននៅតំបន់ផ្លូវលេខ៥១ ភាគច្រើននៅតែបន្តសកម្មភាពសាងសង់ដដែលដោយសារតែអ្នកអភិវឌ្ឍន៍ជាអ្នកនៅក្នុងស្រុក ហើយអតិថិជនក៏ជាអ្នកក្នុងស្រុក។

លោកបន្តថា “សម្រាប់តម្រូវការដីធ្លីធំភាគច្រើនជាគម្រោងអភិវឌ្ឍន៍មកពីក្រៅប្រទេស ហើយនៅក្នុងដំណាក់កាលនេះ និងបន្តទៅមុខទៀតក្នុងរយៈពេលប្រមាណ១ឆ្នាំទើបសកម្មភាពនៃការទិញលក់ទាំងនេះអាចចាប់ផ្តើមមានសកម្មភាពឡើងវិញ៕

រដ្ឋាភិបាលអះអាងថាអង់គ្លេសនឹងមិនដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះទេ

ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ថ្នាក់ដឹកនាំចក្រភពអង់គ្លេសបានសម្រេចប្រកាសពីគម្រោងនៃការលុបចោលលើការអនុវត្តព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតហើយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ ចាប់ពីដើមឆ្នាំ២០២១តទៅ ដោយចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាលើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។ នេះជាការលើកឡោះងរបស់លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង។

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានថ្លែងថា “រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីឌ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ”។

លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថា ការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេល ដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-១៩។ កម្ពុជាប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការកសាងទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕

ការសាងសង់ផ្លូវរូងក្រោមដីប្រវែងជាង ១៩៨ គីឡូម៉ែត្រតភ្ជាប់ឡាវ-ចិន សម្រេចបាន៩៥ភាគរយ

ដោយ៖ ប៊ី
អន្តរជាតិ៖ គម្រោងផ្លូវរថភ្លើងឡាវ-ចិន ដែលមានប្រវែង ៤២២.៤ គីឡូម៉ែត្រ ជាមួយនឹងការសាងសង់ផ្លូវរូងក្រោមដីប្រវែងជាង ១៩៨ គីឡូម៉ែត្រ និងស្ពានប្រវែង ៦២ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ និងបើកឱ្យប្រើប្រាស់នៅខែធ្នូ ឆ្នាំ២០២១ ខណៈគម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវបង្កើនការតភ្ជាប់ក្នុងតំបន់កាន់តែប្រសើរ។

លោក Xiao Qianwen អគ្គនាយកក្រុមហ៊ុនផ្លូវដែកឡាវ-ចិនបាននិយាយថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ការងារផ្លូវរូងក្រោមដី និងស្ពានបានបញ្ចប់ប្រហែល ៩៥ ភាគរយ ខណៈផ្លូវដែកបានបញ្ចប់ ៤១,៣ ភាគរយ។

ផ្លូវដែកប្រវែង ៤២២.៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងវៀងចន្ទន៍ទៅព្រំដែនចិន ឆ្លងកាត់ខេត្តវៀងច័ន្ទ ហ្លួងប្រាបាង ខេត្ត Oudomxay និងហ្លួងណាមថា ដោយឆ្លងកាត់ផ្លូវរូងក្រោមដីចំនួន ៧៥ ដែលមានប្រវែងសរុប ១៩៧.៨៣ គីឡូម៉ែត្រ។

នេះបើយោងតាមក្រុមហ៊ុនផ្លូវដែកឡាវ-ចិន។
លោក Xiao បានឱ្យដឹងថា ការសាងសង់ផ្លូវដែកតម្លៃ ៥,៩៨ ពាន់លានដុល្លារអាមេរិក (៣៧,៤ពាន់លានយ័ន) នេះ បានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់និងបើកឱ្យប្រើប្រាស់នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវដែកឡាវ-ចិនគឺជាផ្នែកយុទ្ធសាស្ត្រមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន ហើយផែនការរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសឡាវមានទំនាក់ទំនងនៅក្នុងតំបន់កាន់តែខ្លាំង។

នៅពេលដំណើរការ ផ្លូវដែកនេះនឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឆ្លងកាត់ភាគពាយព្យប្រទេសឡាវពី ៣០ ទៅ ៤០ ភាគរយ បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវគោក។

ផ្លូវដែកមានប្រវែង ៤២២.៤ គីឡូម៉ែត្ររត់ពីច្រកព្រំដែនប៊ិនថេននៅភាគខាងជើងប្រទេសឡាវជាប់នឹងប្រទេសចិនទៅទីក្រុងវៀងចន្ទន៍ ដោយរថភ្លើងមានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

រដ្ឋាភិបាលជឿជាក់ថា ផ្លូវដែកនេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើឱ្យប្រទេសឡាវមានការរីកចម្រើនកាន់តែខ្លាំងឡើង។
កាលពីថ្មីៗនេះ រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនផ្លូវដែកឡាវ-ចិន (Laos-China Railway) ចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍតំបន់ជុំវិញស្ថានីយ៍រថភ្លើងក្នុងរាជធានីវៀងចន្ទន៍ និងហ្លួងព្រះបាងក្នុងគោលបំណងជំរុញឧស្សាហកម្មនិងភ័ស្តុភារ។

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសុក្រ (ថ្ងៃទី ១១ ខែធ្នូ) រវាងអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Khamchan Vongsenboun អគ្គនាយកក្រុមហ៊ុនផ្លូវដែកឡាវ-ចិនលោក Xiao Qianwen និងតំណាងនៃតំបន់ទាំង ៤ ដែលពាក់ព័ន្ធ។

ការចុះហត្ថលេខានេះ ត្រូវបានធ្វើជាសាក្សីដោយ អនុរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនលោកបណ្ឌិត Viengsavath Siphandone អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់លោក Thongphat Vongmany អនុរដ្ឋមន្រ្តីក្រសួងធនធានទឹកនិងបរិស្ថានលោក Bounmy Phouttongong និងភ្ញៀវដទៃទៀត។

លោក Xiao Qianwen បានមានប្រសាសន៍ថា ការអភិវឌ្ឍតំបន់ជុំវិញស្ថានីយ៍រថភ្លើងទាំងនេះនឹងទាញសក្តានុពលនៅក្នុងទីតាំងទាំងនេះ សម្រាប់ការរីកចម្រើននៃឧស្សាហកម្មដឹកជញ្ជូនភ័ស្តុភារពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងស្រុក៕

អ្នកជំនាញនិយាយពីភាពខុសគ្នារវាងតម្រូវការទិញលំនៅដ្ឋានជាប់ដី និងលំនៅដ្ឋានសហកម្មសិទ្ធិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សកម្មភាពទិញលក់លំនៅដ្ឋានទាំង២ប្រភេទ រួមមានលំនៅដ្ឋានជាប់ដី និងលំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថាខុនដូនៅពេលបច្ចុប្បន្នកំពុងតែមានសកម្មភាពដូចគ្នា ខុសគ្នាត្រង់ថាខុនដូជាលំនៅដ្ឋានស្ថិតនៅក្នុងក្រុង ហើយលំនៅដ្ឋានជាប់ដីភាគច្រើននៅតំបន់ជាយក្រុង ប៉ុន្តែមានទំហំធំទូលាយ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា មិនថាចំពោះការទិញខុនដូ ឬទិញលំនៅដឋ្ឋានជាប់ដីនោះទេ គឺសុទ្ធតែជារឿងល្អទាំងអស់ ល្អទាំងការសម្រាប់រស់នៅ ក៏ដូចជាការទិញទុកវិនិយោគនៅថ្ងៃអនាគត ប៉ុន្តែអ្វីដែលសំខាន់គឺតម្រូវការជាក់ស្ដែង។

លោកបានបញ្ជាក់ថា “សម្រាប់អ្នកដែលមានលុយគ្រប់គ្រាន់អាចទិញខុនដូទុកតាំងពីគម្រោងចាប់ផ្តើមប្រកាសលក់ ដែលអាចទទួលបានចំណេញត្រឡ់មកវិញច្រើនក្រោយពេលគម្រោងសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ និងអាចចូលរស់នៅបាន ប៉ុន្តែតម្រូវចំណាយពេលវេលាយូរបន្តិចដែលយ៉ាងហោចណាស់៣ឆ្នាំបន្ទាប់ពីការទិញ។ ដោយឡែកសម្រាប់ផ្ទះជាប់ដីអាចផ្តល់លទ្ធភាពដល់អ្នកទិញ ដែលទោះជាមិនមានលុយគ្រប់គ្រាន់សម្រាប់ការទិញទាំងស្រុងក៏អាចមានកម្ចីពីធនាគារក្នុងទិញក្នុងលក្ខខណ្ឌណាមួយ”។

លោក ឡុង គឹមសួគ៌បានបន្តទៀតថា “អ្នកទិញផ្ទះជាប់ដីដែលស្ថិតនៅតាមតំបន់ជាយក្រុងមានតម្លៃក្រោម៧ម៉ឺនដុល្លារ មានទំហំ ៤X១២ ឬធំជាងនេះ ដែលអាស្រ័យទៅតាមគម្រោងអភិវឌ្ឍន៍នីមួយៗភាគច្រើនគឺជាអ្នកដែលមានតម្រូវការពិតប្រាកដ និងជាក់ស្ដែងសម្រាប់រស់នៅ បើទោះជាពួកគេមិនមានលុយគ្រប់ក្នុងការទិញទាំងស្រុង ក៏អាចមានជម្រើសប្រើប្រាស់ប្រាក់កម្ចីពីធនាគារដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍បានដែរ។ ប៉ុន្តែសម្រាប់អ្នកដែលទិញខុនដូស្ថិតនៅក្នុងក្រុងភាគច្រើនជាអ្នកដែលមានចំណូលចិត្តស្នាក់នៅបែបស៊ីវិល័យ និងមានលទ្ធភាពគ្រប់គ្រាន់ ហើយអ្នកខ្លះទិញទុកដើម្បីវិនិយោគយកចំណេញ ដែលមិនមែនជាតម្រូវការជាក់ស្ដែងនោះទេ”។

ជាមួយនឹងការលើកឡើងពីហេតុផល និងតម្រូវការទិញលំនៅដ្ឋានទាំង២ប្រភេទខាងលើនេះ លោក ឡុង គឹមសួគ៌ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា បើទោះជាទីផ្សារនៃការទិញលក់មានសកម្មភាពដូចគ្នា ប៉ុន្តែការទទួលបានអត្រានៃការទិញច្រើនជាងគេ គឺប្រភេទលំនៅដ្ឋានជាប់ដី ដោយសារតែមានតម្លៃសមរម្យ លក្ខខណ្ឌនៃការទិញមានភាពងាយស្រួល អាចទទួលកម្ចីពីធនាគារ និងឆាប់បានចូលស្នាក់នៅ ដែលផ្ទុយពីខុនដូនៅមិនទាន់មានការផ្តល់កម្ចីពីធនាគារ និងត្រូវចំណាយពេលយូរឆ្នាំរង់ចាំការសាងសង់គម្រោងទាំងមូលត្រូវបានបញ្ចប់៕

អង់គ្លេស កំពុង​ចរចា​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ក្នុងទំហំ​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ

ដោយៈ សុខុម

អន្តរជាតិៈ រដ្ឋាភិបាល​អង់គ្លេស បានចាប់ផ្ដើម​ចរចា​ជាមួយ​ក្រុមហ៊ុន​អគ្គិសនី​បារាំង EDF (Électricité de France) ជុំវិញ​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​មួយ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ២០ពាន់​លាន​ផោន ដែល​ស្មើនឹង២៦,៨ពាន់​លាន​ដុល្លារ​អាមេរិក នៅ​តំបន់​សាប់​ហ្វូ​ល (Suffolk) ប្រទេស​អង់គ្លេស។

គម្រោង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ដែលមាន​ឈ្មោះថា Sizewell C នេះ នឹង​ផលិត​អគ្គិសនី បាន​រហូតដល់​ទៅ៣,២ជី​ហ្គា​វ៉ា​ត់ ដែល​នឹង​ផ្គត់ផ្គង់​បាន៧%នៃ​តម្រូវការ​ថាមពល​សរុប​របស់​អង់គ្លេស។

ប៉ុន្តែ​គម្រោង​នេះ បាន​បង្ក​ភាពចម្រូងចម្រាស់ ជាមួយ​ក្រុម​អ្នកធ្វើ​យុទ្ធនាការ ដោយ​ពួកគេ​លើកឡើងថា វា “ថ្លៃ​ហួស​គួរឱ្យ​អស់សំណើច” ។

រដ្ឋាភិបាល​និយាយថា “រាល់​កិច្ចព្រមព្រៀង​ត្រូវ​ឆ្លងកាត់​ដំណើរការ​អនុម័ត ដ៏​ហ្មត់ចត់​លើ​ចំណុចសំខាន់ៗដូចជា ទំហំ​ទឹកប្រាក់ និង​លទ្ធភាព​ដែល​អាចទៅរួច” ។

រដ្ឋាភិបាល​បាន​បន្តថា ការចរចា​នឹង​ពឹង​ផ្អែកលើ​វឌ្ឍនភាព នៃ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Hinkley Point C នៅ​តំបន់​សូ​មឺ​សិត (Somerset) ប្រទេស​អង់គ្លេស ដែល​កំពុង​ស្ថិតក្រោម​ដំណើរការ​សាងសង់ ដោយ​ក្រុមហ៊ុន​អគ្គិសនី​បារាំង​EDF សហការ​ជាមួយ​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​ចិន China General Nuclear Power ។

រដ្ឋាភិបាល​អង់គ្លេស តែងតែ​ប្រកាន់​ជំហរ​ច្បាស់​រហូតមក​ថា ខ្លួន​នៅតែ​ប្ដេជ្ញាចិត្ត​លើ​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរថ្មីៗ ដើម្បី​សម្រេច​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក ទៅក្នុង​បរិយាកាស​ឱ្យមក​នៅ​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ២០៥០ ៕