គម្រោង​អភិវឌ្ឍន៍​លំនៅឋានធំៗនៅតែ​បន្តសកម្មភាព​សាងសង់ ទោះ​រង​វិបត្តិ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​សាងសង់​លំនៅឋាន បុរីធំៗ នៅតែ​បន្ត​មាន​សកម្មភាព​សាងសង់​ធម្មតា បើទោះបី​កម្ពុជា​បា​នឹង​កំពុង​ប្រយុទ្ធប្រឆាំង ទៅនឹង​ការរីក​រាល​ជាស​កល​នៃ​ជំងឺ Covid-19 យ៉ាងណាក្តី។

លោក​ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន Premium housing Co, Ltd បានឱ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៧ ធ្នូ​នេះ​ថា សកម្មភាព​នៃ​ការសាងសង់​លើ​គម្រោងចាស់ៗ នៃ​វិស័យ​សំណង់ ជាពិសេស​គម្រោង​លំ​នោ​ឋាន​នៅតែមាន​ភាពរស់រវើក បើទោះបី​កម្ពុ​ជាមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ ក៏ដោយ ។

លោក​បន្តថា “យើង​មើលឃើញថា អត់​មានការ​ថមថយ​សកម្ម​ភាព​សាងសង់​លើ​គម្រោងចាស់ៗទេ សកម្មភាព​នេះ​នឹងធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅតែមាន​ភាព​រីកចំរើន​នាពេល​ខាងមុខនេះ បើទោះបី​បច្ចុប្បន្ននេះ មាន​ស្ថានភាព​នៅ​ទ្រឹង​ដោ​ស​ជំងឺ​កូ​វីដ ១៩” ។ លោក​បន្ថែមថា “សម្រាប់​ទីផ្សារ​ទិញ-លក់​ហាក់​មាន​សញ្ញា​ថមថយ​បន្តិច ប៉ុន្តែ​តម្លៃ​លំនៅឋាន​វិញ គឺ​មិនមាន​ការធ្លាក់ចុះ​នោះទេ ជាពិសេស​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ​ចាប់ពី ៥ម៉ឺន​ដុល្លារ ដល់ ៨ ម៉ឺន​ដុល្លារ​អាមេរិក” ។

ចំណែក​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ឱ្យដឹង​ដែរ​ថា  វិស័យ​អចលនទ្រព្យ ទទួលរង​នូវ​ផលប៉ះពាល់ផ្ទួនៗ ចាប់តាំងពី​ចុងឆ្នាំ២០១៩ រហូតមកដល់​ដើមឆ្នាំ២០២០  តែ​យ៉ាង​សកម្មភាព​នៃ​ការសង​សង់​គម្រោង​ចាស់​នៅតែ​បន្តធ្វើ​សកម្មភាព មិនមាន​ការ​ថមថយ​នោះទេ។

លោក​បន្តថា “យើង​មានការ​ឃើញ​គម្រោង​ស្នើសុំ​វិនិយោគ នៅ​ដើម​ឆ្នាំនេះ​មាន​ចំនួន​ច្រើន តែ​យើង​មិនដឹងថា​គាត់​ធ្វើ​ឬ​មិន​ធ្វើ​ទេ តែ​សម្រាប់​គម្រោងចាស់ៗ បើទោះបី​មាន​កូ​វីដ១៩  ឬ​ការ​បិ​ហ្គេម​អន​ឡាញ​ក៏ដោយ តែ​ខ្ញុំ​ឃើញ​សកម្មភាព​សាងសង់​នូវ​គម្រោងធំៗទាំង​នៅតែ​បន្ត មិនមាន​សញ្ញា​ណាមួយ​ជាប់គាំង​លើ​វិស័យ​អចលនទ្រព្យ​នោះទេ” ៕

វិស័យ​ឯកជន​បង្ហាញ​ក្តី​សង្ឃឹមលើ​វិស័យ​ទេសចរណ៍​ក្រោយពី​កម្ពុជា​បញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វិដ១៩

ដោយ​វុត្ថា

ភ្នំពេញៈ ប្រតិបត្តិ​ករ​វិស័យ​ឯកជន បានបង្ហាញ​ក្តីសង្ឃឹម​ជាថ្មី លើ​វិស័យ​ទេសចរណ៍​កម្ពុជា​នឹងមាន​សន្ទុះ​ឡើងវិញ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ១៩ កាលពីពេលថ្មីៗនេះ ខណៈដែល​វិស័យ​អាទិភាព​របស់​កម្ពុ​ជាមួយ​នេះ ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង។

លោក​ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរ​ណ៏​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែធ្នូ​ម្សិលមិញ​នេះ បាន​សម្តែង​កា​ស្វាគមន៍ ចំពោះ​ការបញ្ជាទិញ​វាក់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ពី​សំណាក់​រាជរដ្ឋាភិបាល  ដែល​នេះ​គឺជា​ការ​ផ្តល់នូវ​ទំនុកចិត្ត​មួយ និង​ការ​ងើបឡើង​វិញ​នូ​វិស័យ​ទេសចរណ៍​កម្ពុជា មិនតែប៉ុណ្ណោះអ្វីៗផ្សេងទៀត ក៏​នឹងមាន​ប្រក្រតីភាព​ឡើងវិញ ។

លោក​បន្តថា “បើ​វិស័យ​ទេសចរណ៍​មិន​ងើបឡើង​វិញ​ទេ វិស័យផ្សេងៗទៀត ក៏​មិនអាច​ងើប​វិញ​ដែរ” ។ លោក​បន្តថា “ក្នុងន័យនេះ​ទេសចរណ៍ នៅក្នុង​ស្រុក​នឹង​ងើបឡើង​វិញ​ជា​បណ្តើរ ហើយ​សេវាកម្មផ្សេងៗ ក៏​នឹង​ងើបឡើង​វិញ​ស្រប​ជាមួយគ្នា” ។

លោក​ពន្យល់ថា អ្នក​ដែល​ផ្គត់ផ្គង់​សេវាកម្ម​នៅក្នុង​ស្រុក នឹងមាន​ក្តីសង្ឃឹម​ខ្លាំង នៅពេល​មាន​វាក់​សាំង​នេះ​មកដល់​កម្ពុជា។

លោក​វណ្ឌី​បាន​បន្ថែ​មា “បន្ទាប់​នេះ​នៅពេល ដែលមាន​ការបង្ហាញ​ជាក់លាក់​ពី ប្រសិទ្ធិភាព​ខ្ពស់​នោះ ការធ្វើដំណើរ​តាមផ្លូវ​អាកាស និង​ឆ្លងកាត់​ព្រំដែន​នានា បើកចំហរ​នៃ​ប្រទេស​នានា នឹងធ្វើ​ឱ្យមាន​ការ​ងើប​ឡើងវិញ​នូ​វក​ទេសចរ​មកពី​ក្រៅប្រទេស។    លោក​រំពឹងថា “វិស័យ​ទេសចរណ៍​កម្ពុជា និង​សកលលោក​នឹងមាន​សង្ឃឹម​ឡើងវិញ នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយនេះ (២០២១) ទើប​មាន​ស្ថាន​ភាពល្អ​ឡើងវិញ” ។

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា​បានអោយដឹង​ផងដែរ​ថា  វិស័យ​ទេសចរណ៍​នូវតែ​ទទួលផល​ប៉ះពាល់​បើ​ជំងឺ​កូ​វីដ១៩ នៅតែមាន ដោយសារ​ពលរដ្ឋ​មានការ​ភ័យខ្លាច ក្នុងការ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​តំបន់​នានា នៅ​ទូទាំងប្រទេស។ ប៉ុន្តែ​អាស្រ័យ​លើ​ការគ្រប់គ្រង និង​មិនមាន​ការរីក​រាលដាល​ជាថ្មី និង​ការបញ្ជាទិញ​វ៉ាក់សាំង​ពី​រដ្ឋាភិបាល​កាលពីពេលថ្មីៗនេះ។

លោកស្រី​បន្តថា “យើង​រំពឹងថា​បើសិន​ការបញ្ជាទិញ​បាន​វ៉ាក់សាំង នៅ​ដើមឆ្នាំ​ក្រោយនេះ (២០២១) វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​ងើបឡើង​វិញ​ជាបណ្តើរៗ   ជាពិសេស​នឹង​ភ្ញៀវ​បរទេស​មកលេង​នៅ​ចុងឆ្នាំ​ក្រោយ” ។ លោកស្រី​បន្ថែ​ថា “បើទោះបី​មិនមាន​ភ្ញៀវ​បរទេស ក៏មាន​សកម្មភាព​ទេសចរណ៍​នៅក្នុង​ស្រុក ដែល​នេះ​នឹង​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​កា​រីកចំរើន​ផងដែរ” ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ ១៩ ចំនួន១លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​ថ្លៃ ប្រមាណ៥០ម៉ឺន​នាក់​ក្នុងដំណាក់កាល​ដំបូង សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់៕

សណ្ឋាគារ IHG បន្ត​ពង្រីក​អាជីវកម្ម​ខ្លួន​នៅក្នុង​ប្រទេស​ថៃ​បន្ថែមទៀត

ដោយ វុត្ថា

បាងកកៈ សណ្ឋាគារ  InterContinental Hotels Group (IHG) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ជា​ដៃ គឺ​ក្រុមហ៊ុន Kew Green និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Siamese Asset ដើម្បី​ពង្រីក​យីហោ Crowne Plaza Rama 9 នៅ​ទីក្រុង​បាងកក។

យោងតាម​គេហទំព័រ www.ttgasia.com ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​ឱ្យដឹងថា នៅ​ឆ្នាំ២០២៥ សណ្ឋាគារ Crowne Plaza Bangkok Rama9 ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​នេះ នឹង​បើក​ក្នុង​ទីតាំង​ទីក្រុង​ធំ​មួយ ដែល​នៅ​ជិតំ​បន់​ពាណិជ្ជកម្ម​ថ្មី (CBD) របស់​ប្រទេស​ថៃ។

សណ្ឋាគារ​នេះ នឹង​ប្រើប្រាស់​ចម្រុះ គឺ Siamese Rama 9 ដែលមាន​អា​ផាត​មិន អគារ​ការិយាល័យ  និង​ផ្សារ​ទំនើប​ផងដែរ។ ក្រៅពីនេះ ក៏មាន​មាន​កន្លែង​លក់​អាហារ  បន្ទប់​ប្រជុំ មជ្ឈមណ្ឌល​ហាត់ប្រាណ អាង​ហែល​ទឹក និង​សួនច្បារ​នៅលើ​ដំបូល។ The Plaza Workspace ជា​កន្លែង​ទទួលភ្ញៀវ​ថ្មី របស់​សណ្ឋាគារ​នឹង​ផ្តល់​កន្លែង​ទំនេរ​សម្រាប់​ភ្ញៀវ​ធ្វើការ ជួបជុំ និង​សង្គម។

ការចុះហត្ថលេខា​នេះ គឺជា​ការព្រមព្រៀង​សិទ្ធិ​អាជីវកម្ម​លើកដំបូង របស់​ក្រុមហ៊ុន InterContinental Hotels Group (IHG)នៅ​ប្រទេស​ថៃ ដែល​អាចធ្វើ​ទៅបាន​ដោយ​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Kew Green និង Siamese Asset។

គម្រោង​នេះ​កើតឡើង បន្ទាប់ពី​ការចុះហត្ថលេខា​របស់​ក្រុមហ៊ុន Crowne Plaza Bangkok Grand Sukhumvit កាលពី​ខែ​មុន ដោយ​ពង្រីក​សាខា​របស់​យីហោ​ទៅ​សណ្ឋាគារ​ចំនួន៣ នៅក្នុង​ទីក្រុង​បាងកក។

បច្ចុប្បន្ន ក្រុមហ៊ុន​បដិសណ្ឋារកិច្ច InterContinental Hotels Group (IHG) មាន​សណ្ឋាគារ​ចំនួន ៣១ នៅក្នុង​ប្រទេស​ថៃ​ដែល​កំពុង​ប្រតិបត្តិការ​ក្រោម​យីហោ​ចំនួន ៧ រួមមាន៖ Six Senses, InterContinental, Crowne Plaza, Hotel Indigo, Holiday Inn, Holiday Inn Express,  និង Staybridge Suites ជាមួយ​ទីតាំង​ចំនួន៣០ផ្សេងទៀត​នៅក្នុង​តំបន់៕

ធនាគារពិភពលោក៖ កូ​វីដ១៩ រារាំង​ដល់​ការវិនិយោគ​វិស័យ​សំណង់ និង​អចលនទ្រព្យពី​បរទេស​យ៉ាងខ្លាំង

ដោយ លក្ខិណា

ភ្នំពេញៈ ការសិក្សា​ថ្មី​មួយ​របស់​ធនាគារពិភពលោក (WB) បានឱ្យដឹងថា​ជំងឺ​រាតត្បាត​ជំងឺ​កូ​វីដ១៩ បាន​រំខាន​ដល់​ការលូតលាស់​របស់​ប្រទេស​កម្ពុជា ហើយ​ជំងឺ​នេះ​បាន​រារាំង​ដល់​ការរីកចម្រើន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការវិនិយោគ​បរទេស។

តាម​ការស្ទង់មតិ​តាម​ទូរស័ព្ទ​របស់​ធនាគារ​នេះ​បាន​បង្ហាញថា ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ប្រជាជន​កម្ពុជា​ជាច្រើន ដែល​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​របស់​កម្ពុ​ជា​ធ្លាក់ចុះ-២ភាគរយ ដែលជា​ការធ្លាក់ចុះ​យ៉ាងគំហុក ក្នុង​ប្រវត្តិសាស្ត្រថ្មីៗនេះ​របស់​ប្រទេស​កម្ពុជា។

ធនាគារពិភពលោក​បាន​ផ្ដល់​អនុសាសន៍​ថា “អ្វីដែល​កម្ពុជា​ត្រូវធ្វើ​គឺ​ត្រូវបង្កើត​ការងារ​ជូន​ពលរដ្ឋ ដែល​បាត់បង់​ការងារ​ធ្វើ​ឡើងវិញ ហើយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ជំងឺ​កូ​វីដ១៩ ។ ក្នុងន័យនេះ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ដែល​ពឹង​ផ្អែកលើ​កំលាំង​ពលកម្ម​ដើម្បី​បង្កើត​ការងារ” ។

ទស្សនទាន​របស់​ធនា​គារ​បន្តថា វា​ជាការ​ចាំបាច់ ដើម្បី​បន្ត​តាមដាន​យ៉ាង​ជិតដិត​នូវ​ភាព​ងាយ​រងគ្រោះ ដែល​កើតឡើង​ពី​ការអូសបន្លាយ​ពេល នៃ​ការសាងសង់ និង​ការរីកចម្រើន​ទ្រព្យសម្បត្តិ និង​ការបង្កើន​ឥណទាន ដែល​បានផ្តល់​ដល់​វិស័យ​សំណង់​និង​អចលនទ្រព្យ” ។

លោក​សំ សុខ​នឿន ប្រធាន​សមាគម​អចល​ទ្រព្យ​សកល ក៏បាន​និយាយ​ផងដែរ​ថា ឆ្នាំ ២០២០នេះ គឺជា​ឆ្នាំ ដែល​វិស័យ​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​ខ្លាំង។ ការវិនិយោគធំៗនៃ​វិស័យ​អចលនទ្រព្យ គឺជា​គម្រោង​របស់​វិនិយោគិន​ក្រៅប្រទេស ហើយ​បើសិនជា​វិនិយោគិន ត្រូវបាន​ហាម​មិនឱ្យ​ឆ្លង​ប្រទេស​នោះ នឹង​បាត់​នូវ​លំហូរ​វិនិយោគ​ខាងក្រៅ​ប្រទេស​ដូច គ្នា។

លោក​បន្តថា “ការវិនិយោគ និង​ការទិញ​លក់​អចលនទ្រព្យ ក្នុង​ឆ្នាំ២០២០នេះ ពិតជា​ធ្លាក់ចុះ​ខ្លាំង បើ​ធៀប​នឹង​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ តែ​យ៉ាងណា​ក៏​នៅតែមាន​សកម្មភាព​ទិញ​លក់ មិនមែន​អត់​ទាំងស្រុង​នោះទេ” ៕

ចំណេះដឹង​ច្បាប់ៈ​តើ​អ្វី​ជា​កិច្ចសន្យា៨ប្រភេទ​ដែល​គេ​យកមកប្រើ​ប្រាស់​សម្រាប់ក្នុង​វិស័យ​អចលនទ្រព្យ

ដោយ​វុត្ថា

ភ្នំពេញៈ ការទិញ​លក់​អចលនទ្រព្យ ទាមទា​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្លាំង ជាពិសេស​នៅពេល​ធ្វើ​កិច្ចសន្យា ព្រោះថា​នៅ​ទីបំផុត​អ្វីដែល​អាចជួយ​អ្នកទិញ ឬ​អ្នក​លក់បាន គឺ​ត្រូវតែ​ជា​អ្វីដែល​មានចែង​នៅក្នុង​កិច្ចសន្យា។

កិច្ចសន្យា​មាន​ច្រើន​ប្រភេទ និង​មានន័យផ្សេងៗគ្នា ទៅតាម​គោ​លប​ណង​នៃ​និមួយៗរបស់​វា។

ខាងក្រោម​នេះ​គឺជា​កិច្ចសន្យា ៨ ប្រភេទ ដែល​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ ឬ​អ្នកទិញ-លក់​អចលនទ្រព្យ​គួរស្វែងយល់៖

១ លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ

លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ការទិញ​លក់​អចលនទ្រព្យ ជា​សកម្មភាព​សំខាន់ ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​វា​ជាប់​ពាក់ព័ន្ធ នឹង​សិទ្ធិ​កាន់កាប់​របស់​អ្នកទទួល​សិទ្ធិ​តែម្តង។ ជាធម្មតា ការធ្វើ​លិខិត​នេះ​បញ្ជាក់​ច្បាស់​ពី​ឈ្មោះ និង​បុគ្គល​ដែលជា​អ្នក​ផ្ទេរសិទ្ធិ និង​បុគ្គល​ជា​អ្នកទទួល​សិទ្ធិ ហើយ​វា​គឺជា​ការធានា​ការផ្ទេរសិទ្ធិ កាន់កាប់​របស់​ម្ចាស់​សិទ្ធិ​ទៅកាន់​បុគ្គល​ផ្សេងទៀត​តាម​ការព្រមព្រៀង។

និយាយ​យ៉ាងខ្លី លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ គឺជា​ភស្តុ​ង​តាង​មួយ​ដើម្បី​បញ្ជាក់​ពី​ការប្រគល់សិទ្ធិ​កាន់កាប់ ដោយ​ព្រមព្រៀង​លើ​អចលនទ្រព្យ​មួយ។

២ កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ

កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ ប្រាក់កម្រៃ​ជើងសារ​ជា​ថ្លៃ​រត់ការ ឬ​ធ្វើ​កិច្ចការងារ​អ្វីមួយ។ កិច្ចព្រមព្រៀង​ប្រភេទ​នេះ បញ្ជាក់​ពី​ការព្រមព្រៀង​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ផ្សេង ដែល​ភាគី​ទាំងពីរ​ត្រូវតែ​បំពេញ ដែល​លក្ខខណ្ឌ​ទាំងនោះ​អាស្រ័យ​តាម​ការព្រមព្រៀង​របស់​គូភាគី​ទាំងសងខាង។

នៅ​ឆ្នាំ២០១៧ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកាស​ថ្មី​ស្តីពី“ថ្លៃ​សេវា​និង​កម្រៃជើងសារ វិជ្ជាជីវៈ​សម្រាប់​ការផ្តល់សេវា​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ដែល​បានកំណត់​យក​ថ្លៃ​សេវាកម្ម៣% ។

៣ កិច្ចសន្យា​រក្សា​ការសំងាត់ និង​ការមិន​លូកលាន់​ការងារ

កិច្ចសន្យា​រក្សា​ការសំងាត់ និង​ការមិន​លូកលាន់​ការងារ កិច្ចសន្យា​ប្រភេទ​នេះ​ជា​កិច្ចសន្យា​ពិសេស ដែល​យើង​មិនសូវ​ឃើញ ក្នុង​ការរស់នៅ​ជាក់ស្តែង​នោះទេ ដោយសារតែ​វា​ពាក់ព័ន្ធ​នឹង​ការកំណត់ លក្ខខណ្ឌ​របស់​ភាគី​ទាំងសងខាង ក្នុងការ​រក្សា​ការសម្ងាត់​នូវ​រឿង​អ្វីមួយ ដែល​ទាក់ទង​នឹង​ការងារ​ពាណិជ្ជកម្ម​រប​ស់​ភាគី​ទាំងសងខាង។

ក្នុង​គោលការណ៍​នៃ​ច្បាប់ កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​កិច្ចសន្យា “ជាការ​បង្ខំ” ជាការ​ធ្វើ​អ្វីដែល​ខុសច្បាប់ ឬ​ជា​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ប្រពៃណី និង​សណ្ដាប់ធ្នាប់​សាធារណៈ។

៤ កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ

កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង​កិច្ចសន្យា ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែរ កិច្ចសន្យា​ស្តីពី​ការទិញ​លក់​ដី​ឬ​ផ្ទះ សំដៅ​ទៅលើ​ការ​ព្រមព្រៀងគ្នា​ទិញ ឬ​លក់​ដី ឬ​ផ្ទះ។ ចំណុច​ដែល​ខុសគ្នា​នោះ​គឺ កិច្ចសន្យា​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ មានកម្ម​វត្ថុ ជា​សិទ្ធិ​កាន់កាប់​ផ្ទាល់ ដែល​ខុសពី​កិច្ចសន្យា​ស្តីពី​ការទិញ​លក់ មានកម្ម​វត្ថុ​ជា​ដី​ឬ​ផ្ទះ។ ជាធម្មតា ក្នុង​កិច្ចសន្យា​ទិញ​លក់ ច្រើន ភា្ជ​ប់​ជាមួយនឹង​ការផ្ទេរសិទ្ធិ​កាន់កាប់ ឬ​កម្មសិទ្ធិ​ពី​អ្នកលក់​ទៅ​អ្នកទិញ ដែល​ត្រូវ​ធ្វើជា​លាយ​ល័​ក្ខ​អក្សរ។

កិច្ចសន្យា​ប្រភេទ​នេះ ធានា​គុណភាព​នៃ​ផ្ទះ និង​ដី ការប្រគល់​ផ្ទះ និង​ដី​ពី​អ្នកលក់​ទៅ​អ្នកទិញ។ ប៉ុន្តែ​កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​បញ្ជាក់ថា​អ្នកទិញ នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នោះទេ លុះត្រាតែ​អ្នកទិញ​យក​ដី​នោះ​ទៅ​ចុះបញ្ជី ប្រសិនបើ​មានការ​កំណត់​តាមច្បាប់។

៥ កិច្ចសន្យា​កក់​ប្រាក់ (កក់​ប្រាក់​ទ្រនាប់​ដៃ)

កិច្ចសន្យា​កក់​ប្រាក់ (កក់​ប្រាក់​ទ្រនាប់​ដៃ) កិច្ចសន្យា​កក់​ប្រាក់​នេះ ច្រើន​កើតមាន​មុន​ការធ្វើ​កិច្ចសន្យា​ទិញ​លក់។ ប៉ុន្តែ​គេ​ក៏​អាចដាក់​បញ្ចូល​លក្ខខណ្ឌ​ប្រាក់​កក់​នេះ នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ផងដែរ។ ដូចគ្នា​ទៅនឹង​គោលការណ៍​ព្រមព្រៀងគ្នា​រវាង​គូភាគី ប្រាក់​កក់​ដែល​តម្រូវ​ស្របតាម​ការព្រមព្រៀងរ​បស់​ភាគី។ កិច្ចសន្យា​ប្រភេទ​នេះ អាច​ធានា​ប្រាក់​កក់​របស់​អ្នកទិញ ប្រសិនបើ​អ្នកលក់​ចង់​បញ្ឈប់​ការលក់​នោះ អ្នកលក់​អាច​សង​ការខូចខាត​ចំនួន២ដង​នៃ​ប្រាក់​កក់​នោះ​ដល់​អ្នកលក់។

ប៉ុន្តែ​ត្រង់ចំណុច​នេះ មិន​មានន័យថា ការសង​របស់​អ្នកលក់​ត្រូវធ្វើ ក្នុង​កម្រិត២ដង​នៃ​ប្រាក់​កក់​នោះទេ វា​អាចធ្វើ​ក្នុង​កម្រិត​ច្រើនជាង​នេះ តាម​ការព្រមព្រៀង។ ប៉ុន្តែ​ការកំណត់​នេះ គឺជា​កម្រិត​នៃ​ការសង​អប្បបរមា​របស់​អ្នកលក់។

៦ លិខិត​ប្រគល់​និង​ទទួល​ប្រាក់

លិខិត​ប្រគល់​និង​ទទួល​ប្រាក់ លិខិត​ប្រគល់ និង​ទទួល​ប្រាក់ គឺជា​លិខិតធានា​ឬ​បញ្ជាក់ថា​ភាគី​ទាំងសងខាង​បានប្រគល់ និង​ទទួល​ប្រាក់​ហើយ។ ប៉ុន្តែ​វា​មិនមាន​ការតម្រូវ​ឲ្យ​ធ្វើ​ដោយ​ច្បាប់​ជាលា​យ​ល័​ក្ខ​អក្សរ​នោះទេ។ ជា​គុណសម្បត្តិ​នៃ​លិខិត​នេះ សម្រាប់​ការទិញ​លក់​អចលនទ្រព្យ វា​ជួយ​បញ្ជៀ​សប​ញ្ហាផ្សេងៗ ដែល​អាច​កើតមានឡើង​ដោយ​បំណង​មិនល្អ​របស់​គូភាគី ទាក់ទង​នឹង​ការប្រគល់​ប្រាក់។

៧ កិច្ចព្រមព្រៀង​រួម​ស្តីអំពី​ការអនុញ្ញាតិ​ឲ្យ​សាច់ញាតិ​លក់​ដី

កិច្ចព្រមព្រៀង​រួម​ស្តីអំពី ការអនុញ្ញាតិ​ឲ្យ​សាច់ញាតិ​លក់​ដី កិច្ចព្រមព្រៀង​នេះ ជា​កិច្ចសន្យា ដែល​ធ្វើ​ដោយ​បុគ្គល​តែ​ម្នាក់​ដែលជា​អ្នកផ្តល់​ឲ្យ។ ការចាត់ចែង​ទិញ​លក់​ដី​អាចធ្វើ​ទៅបាន​សម្រាប់តែ​អ្នកមាន​កម្មសិទ្ធិ​តែប៉ុណ្ណោះ លុះត្រាតែ​មានការ​អនុញ្ញាតិ​ដោយ​ម្ចាស់​កម្មសិទ្ធិ។

កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឲ្យ​សាច់ញាតិ ក្នុងការ​ចាត់ចែង អាចធ្វើ​បាន​ដោយ​ឲ្យ​សិទ្ធិ​មួយ​ភាគ ឬ​ទាំងអស់​ទៅ​សាច់ញាតិ​នោះ។

៨ លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (សម្រាប់​អ្នកទិញ)

លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (សម្រាប់​អ្នកទិញ) លិខិត​នេះ ជាការ​ព្រមព្រៀង​បញ្ជាក់​ពី​បំណង ក្នុង​ការទិញ​អចលនទ្រព្យ​មួយ​របស់​អ្នកទិញ។ ក្នុង​បរិបទ​នៃ​ច្បាប់ ដើម្បី​បង្កើត​ឲ្យ​បាន​កិច្ចសន្យា​មួយ អ្នកទិញ​ត្រូវ​បញ្ជាក់​ពី​ការចង់បាន​របស់​ណាមួយ​ពី​អ្នកលក់ ដែល​គេ​ហៅថា​ជា​សំណើ។

នៅពេលដែល​មានការ​បញ្ជា​ក់​បែបនេះ អ្នកលក់​អាច​យល់ព្រម​លក់ ឬ​មិន​លក់​តាមចិត្ត​ចង់​របស់គេ។ ដូច្នេះ​លិខិត​នេះ ជាការ​បញ្ជាក់​ពី​ការចង់​ទិញ​អចលនទ្រព្យ​នោះ៕

លោកឧកញ៉ានួន អកៈ និយាយពីធនាគារដីនិងជំរុញឲ្យប្រជាពលរដ្ឋទិញដីទុកចំណេញនៅ តំបន់ផ្លូវជាតិ៤១

ដោយៈ រ៉ាណេត 

ភ្នំពេញៈ ជាមួយនឹងស្វែងយល់ពីការវិនិយោគធនាគារដី លោកឧកញ៉ា នួន អក បានបង្ហើប និងណែនាំអ្នកដែលមានបំណងចង់ប្រឡូក នៅក្នុងការធ្វើជំនួញក្នុងវិស័យនេះគួរសម្លឹងមើលពីទីតាំងមួយចំនួនស្ថិតនៅតំបន់ផ្លូវ៤១ ដែលមាននឹងគម្រោងអភិវឌ្ឍន៍ជាច្រើនបង្ហាញខ្លួននៅទីនោះ។

លោកឧកញ៉ានួន អកដែលជាម្ចាស់គំរោងកំពតឋានសួគ៌បានមានប្រសាសន៍ថា តំបន់នៅតាមផ្លូវ៤១នៅពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃខាងមុខដ៏ខ្លី នឹងក្លាយទៅជាតំ​បន់អភិវឌ្ឍន៍ ដែលប្រមូលផ្តុំទៅដោយសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសដូចគ្នាទៅនឹងតំបន់ផ្លូវ៥១ ដែលកំពុងមានតម្រូវការប្រើប្រាស់ដីនាពេលបច្ចុប្បន្ននេះ។

លោកឧកញ៉ាបន្តថា “នៅពេលនេះ ដីដែលស្ថិតនៅតំបន់ផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ នៅមានតម្លៃទាបនៅឡើយ ដោយដីនៅទីតាំងខ្លះដែលឆ្ងាយពីផ្លូវជាតិ ឬផ្លូវធំ នៅមានតម្លៃទាបត្រឹមក្រោម២ម៉ឺនដុល្លារ ក្នុងមួយហិកតានៅឡើយ”។លោកបន្តថា “វាគឺជាឱកាសដ៏ល្អបំផុត ក្នុងការទិញទុកវិនិយោគនៅពេលបច្ចុប្បន្ន និងយកចំណេញនៅពេលអនាគត់ដែលមិនលើសពី៥ឆ្នាំនោះទេ”។

លោកឧកញ៉ានួន អក បានមានប្រសាសន៍បន្តទៀតថា យើងសាកគិតថយក្រោយក្នុងអំឡុងពេល១០មុន សម្រាប់ដីនៅតំបន់ផ្លូវ៥១ ដែលកំពុងពុះកញ្ជ្រោលនៅពេលនេះ តម្លៃដីគ្រានោះត្រឹមតែ២-៣ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ នៅទីតាំងខ្លះមានតម្លៃខ្ពស់ រហូតដល់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្ថែមថា ដោយឡែកសម្រាប់ដីដែលស្ថិតនៅផ្លូវ៤១ ដែលស្ថិតនៅក្នុងគម្រោ​ងអភិវឌ្ឍន៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនពីសំណាក់ធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនគម្រោង រួមជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

លោកបន្តថា “នៅពេលមានការអភិវឌ្ឍ មានតម្រូវការប្រើប្រាស់ដី តម្លៃដីនឹងឡើងថ្លៃដោយស្វ័យប្រវត្តិ។ ដូច្នេះអ្នកដែលទិញដីទុកនៅពេល និងលក់នៅថ្ងៃអនាគត់ គឺមានឱកាសច្រើន”។

រដ្ឋាភិបាលបាននិងកំពុងត្រៀមពង្រីកនិងកែលំអរផ្លូវជាតិលេខ៤១ ដែលជាផ្លូវសំខាន់តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ៣ ដែលជាគមនាគមន៍យ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយខេត្តកំពត ដែលមានសក្តានុពលស្រាប់នាពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្នតំបន់ផ្លូវជាតិលេខ៤១ មានការអភិវឌ្ឍយ៉ាងសកម្ម ដោយគំរោងលំនៅដ្ឋាន​បុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ សហគ្រាសជាច្រើនបាននិងកំពុងសាងសង់នៅតំបន់នេះ ពិសេសបន្ទាប់ពីរដ្ឋាភិបាលប្រកាស កសាងផ្លូវក្រវ៉ាត់ក្រុងទី៤នាពេលអនាគត៕

រដ្ឋាភិបាលប្រមូលចំណូលបានជិត២,៧ពាន់លានដុល្លារពីការប្រមូលពន្ធត្រឹម ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០

ដោយៈ រ៉ា ណេត

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា បានប្រមូលប្រាក់ចំណូលបានជិត២,៧ពាន់លានដុល្លារគិតត្រឹមពាក់កណ្តាលខែធ្នូឆ្នាំនេះ  ដែលស្មើនឹងប្រមាណ៩៤ភាគរយ នៃផែនការឆ្នាំ២០២០នេះ បើទោះជារដ្ឋាភិបាលបានកាត់បន្ថយ និងលើកលែងការយកពន្ធអាជីវកម្មមួយចំនួនក៏ដោយ។

លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំតាមប្រព័ន្ឋអនឡាញនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ទោះស្ថិតនៅក្នុងស្ថានភាពវិបត្តិក្ដី ចំណូលពន្ធ នៅតែទទួលបានផលវិជ្ជមានដូច្នេះ គឺដោយសារតែកំសួលពីឆ្នាំ២០១៩កន្លងទៅ។ អាជីវករដែលរកស៊ីចំណេញនៅឆ្នាំ២០១៩ ហើយត្រូវបានដាក់ប្រកាសពន្ធ នៅឆ្នាំ២០២០ ដូច្នេះចំណូលឆ្នាំ២០២០ឃើញថានៅល្អ។

លោកបន្តថា ច្បាប់ស្ដីពីថវិកាឆ្នាំ ២០២០ ដែលត្រូវបានរដ្ឋាភិបាលអនុម័តតាំងពីមុនកូវីដ១៩ សម្រាប់ពន្ធដារគឺ ប្រមាណ២៨៥០លានដុល្លារអាមេរិក តែដោយសារតែកូវីដ១៩ ចំណូលសម្រាប់ពន្ធដារឆ្នាំ២០២០នេះ អាចនឹងជិតគ្រប់ផែនការ តែវាប្រហែលជាមិនលើសផែនការដូចឆ្នាំមុនៗនោះទេ។

គង់ វិបុលបានថ្លែងទៀតថា ដោយឡែកសម្រាប់ច្បាប់ថវិកាឆ្នាំ២០២១ តាមផែន​ការពន្ធដារត្រូវរកឱ្យបានប្រមាណ៧៨ភាគរយ នៃថវិកាឆ្នាំ ២០២០ ព្រោះថាឥទ្ធិពលនៃវិបត្តិគឺព្យាករណ៍ នឹងជះផលអាក្រក់៣ឆ្នាំយ៉ាងតិចទើបប្រសើរឡើងវិញ៕

ដីទំនេរជាង២៦ហិកតាក្បែរគម្រោងអភិវឌ្ឍន៍ក្រុងរណបក្បែរតំបន់អរិយក្សត្រប្រកាសដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ដីទំនេរដែលមានទំហំធំរហូតដល់ជាង២៦ហិកតា ស្ថិតនៅក្បែរគម្រោងអភិវឌ្ឍន៍ក្រុងរណបជិតតំបន់អរិយក្សត្រ ក្នុងឃុំតាកូវ និងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍ធំៗ ត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃទាបជាងទីផ្សារ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បច្ចុប្បន្នទីផ្សារដីធ្លីនៅប៉ែកខាងកើតទន្លេរ ទល់មុខរាជធានីភ្នំពេញបានចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗ បន្ទាប់ពីដំណឹងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវអនុវត្តក្នុងពេលឆាប់ៗ រួមជាមួយនឹងព័ត៌មាននៃការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍បង្កើតក្រុងរណបពីសំណាក់ក្រុនហ៊ុនចិន។

លោកបានបន្តថា “ផ្តើមចេញពីការអភិវឌ្ឍវិស័យសំណង់លំនៅដ្ឋាន ចាប់ពីតំបន់អរិយក្សត្រ ដែលទាំងសំណង់បុរីធំៗប្រមាណ៥គម្រោង រួមជាមួយនឹងគម្រោងសាងសង់ខុនដូបែបទំនើបផងដែរនោះ បានជំរុញឱ្យតម្លៃដីឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេសក្រោយដំណឹងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅប៉ែកខាងកើតទន្លេនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ”។

លោកបន្តថា ក្រៅពីគម្រោងអភិវឌ្ឍន៍ធំៗ ដូចបានលើកឡើងខាងលើនេះ នៅមានព័ត៌មាននិយាយថា ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល នឹងមានការអភិវឌ្ឍជាក្រុងរណបបែបទំនើប ក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុនចិន ក្នុងតម្លៃរាប់រយលានដុល្លារ រួមជាមួយនឹងការបង្កើតហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើដល់វិស័យទេស​ចរណ៍ផងដែរ”។

ជាមួយនឹងការលើកឡើង ពីគម្រោងអភិវឌ្ឍន៍ថ្មីៗខាងលើនេះ លោក វិន ឈុនហ៊ាត ក៏បានបញ្ជាក់ដែរថា “ភ្ជាប់ជាមួយគម្រោងទាំងនេះ បច្ចុប្បន្នមានអ្នកវិនិយោគធំៗដែលមានដើមទុនច្រើនបាននាំគ្នាទិញដី ដែលមានទំហំធំទុកអភិវឌ្ឍន៍ ឬវិនិយោគបន្តយកចំ​ណេញនៅថ្ងៃខាងមុខ។ ជាក់ស្ដែង ដីដែលមានទំហំជាង២៦ហិកតា នៅជាប់គម្រោងសាងសង់ផ្លូវ៩០ម៉ែត្រ ដែលមាន៣០ម៉ែត្រ ទៅ៣០ម៉ែត្រមក និងមានផ្លូវទឹកសម្រាប់ទូកទេសចរណ៍នៅចំកណ្តាល៣០ម៉ែត្រ រួមជាមួយគម្រោងផ្លូវកាត់ទទឹងផ្ទៃដីទំហំ៣០ម៉ែត្រ ដែលវិនិយោគដោយរដ្ឋាភិបាល ត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដីនេះមានប្លងរឹងស្របច្បាប់ត្រឹមត្រូវ មិនជាប់ពាក់ព័ន្ធនឹងរឿងវិវាទ ហើយក៏មិនប៉ះពាល់ដីក្នុងតំបន់ការពារនោះដែរ។

សម្រាប់ព័ត៌មានលម្អិត ពីការដាក់លក់ដីទំហំជាង២៦ហិកតាខាងលើនេះ អាចទាក់ទងបានតាមទូរស័ព្ទ ៖ ០៧៧ ៦៦៩ ៣៤៥ / ០៧០ ៤៥ ០៥ ៤៥៕

រដ្ឋបាលខេត្តកំពតកំពុងសិក្សាពីការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋជិត៤០០០ក្បាលដី

ដោយៈ រ៉ាណេត

កំពតៈ រដ្ឋបាលខេត្តកំពតកំពុងសិក្សាទៅលើទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់ការពារឧទ្យានជាតិព្រះមុនីវង្សបូគោ និងស្ថិតនៅក្នុងស្រុកក្រុងចំនួន៣ សរុបជិត៤០០០ក្បាលដី ដែលស្នើសុំធ្វើការកាត់ឆ្វៀលធ្វើជាកម្មសិទ្ធិ។

អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា តាមរយៈមន្ទីរបរិស្ថានខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២០ មានប្រជាពលរដ្ឋចំនួន៣៣៨៦គ្រួសារ បានដាក់សំណើស្នើសុំឆ្វៀលដីអាស្រ័យផល និងប្រើប្រាស់នៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ចំនួន៣៩១៣ក្បាលដី ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត។

ជាមួយនឹងការសិក្សាពីការស្នើសុំឆ្វៀលដី របស់ប្រជាពលរដ្ឋខាងលើនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារជំនាញ៣ក្រុមដើម្បីធ្វើការ និងទទួលខុសត្រូវនៅតាមស្រុក ក្រុងផ្សេងគ្នា។ បន្ថែមពីនេះ ក្រុមការងារថ្នាក់ខេត្តក៏ត្រូវរៀបចំ និងគូរផែនទីចំនួន៣សម្រា​ប់បង្ហាញពីទីតាំង ដែលប្រជាពលរដ្ឋបានស្នើសុំសម្រាប់ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ដាច់ដោយឡែកពីគ្នា និងរៀបចំផែនទីររួមរបស់ខេត្ត ដើម្បីដាក់ជូនកិច្ចប្រជុំអន្តរក្រសួង ។

លោកសូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពតលើកឡើងផងដែរថា ធាតុចូលសំខាន់ៗដើម្បីឱ្យអង្គប្រជុំពិភាក្សា ដើម្បីរកដំណោះស្រាយមានទី៣សំខាន់ៗ រួមមានទី១ ដីដែលប្រជាពលរដ្ឋមានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផលយូរណាស់មកហើយ ទី២ ដីព្រៃគ្មានដាំដំណាំដាំដុះ ទី៣ ដីដែលស្ថិតនៅក្នុងឧទ្យានបូកគោ ហើយមានទំនាស់ និងទី៤ ដីព្រៃដែលបាននឹងកំពុងរានថ្មីៗ។

លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការឆ្វៀលដីចេញពីតំបន់ការពារជូនប្រជាពលរដ្ឋត្រូវពិនិត្យឱ្យបានហ្មត់ចត់ លើដីដែលអាស្រ័យផលជាក់ស្តែង រួមមានដំណាំដាំដុះយូរណាស់មកហើយ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ។

ក្រៅពីនេះ សុំឱ្យក្រុមការងារចុះដកបទពិសោធន៍ លើការអនុវត្តការងារនៅឃុំ បឹងទូក ស្រុកទឹកឈូ មុនគេ ដើម្បីឲ្យក្រុមការងារទាំងអស់បានយល់ និងយកទៅអនុវត្តតាមក្រុមនីមួយៗ ។ ការងារនេះស្នើសុំលោកប្រធានមន្ទីរបរិស្ថានខេត្ត និងលោកប្រធានមន្ទីរដែនដី នគររូបនីយកម្ម  សំណង់  និងសុរិយោដីខេត្ត រៀបចំផែនការចុះអនុវត្ត ៕

អភិរ័ក្ស&អភិវឌ្ឍន៍ៈសណ្ឋាគារលំដាប់ផ្កាយ៥មួយសុខចិត្តចំណាយទុនរហូតដល់៥លានដុល្លារ ដើម្បីអភិរ័ក្សសំណង់សម័យអាណានិគម

        ដោយគង់ ម៉ាលីនណា

        ភ្នំពេញៈ ជាមួយនឹងទស្សនទានអភិរ័ក្ស ផ្សារភ្ជាប់ការអភិវឌ្ឍ ក្រុមហ៊ុនជីប ម៉ុងគ្រុប ដែលបានវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ដ៏ល្បីល្បាញ បានសុខចិត្តចំណាយប្រាក់រហូតដល់៥លានដុល្លារ ដើម្បីរក្សាអាគារសម័យអាណានិគម នៅក្នុងអាគារសម័យទំនើបមួយ ដែលបានបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។

សណ្ឋាគារHyatt Regency Phnom Penh បានលេចត្រដែតកណ្ដាលបេះដូងរាជធានីភ្នំពេញ បញ្ចូលស្ថាបត្យកម្មចម្រុះខ្មែរ សម័យអាណានិគមនិងទំនើប។

អ្វីដែលធ្វើឲ្យសណ្ឋាគារនេះ លេចធ្លោជាងគេនោះគឺ ការអភិរក្សវីឡាសម័យអាណានិគមបារាំង ដែលមានអាយុជាងមួយសតវត្សរ៍កន្លងមកហើយ។

ក្រុមហ៊ុនជីប ម៉ុង បានចំណាយអស់ប្រមាណ៥លានដុល្លារអាមេរិក ដើម្បីអភិរក្សវីឡានេះ គឺក្នុងគោលបំណងរក្សាដាននៃប្រវត្តសាស្រ្ត ការវិវឌ្ឍនៃស្ថាបត្យកម្ម និងអត្តសញ្ញាណនៃសហគមន៍នោះ។

វីឡាសម័យអាណានិគមនេះ សម្រាប់ជាន់ទី១ ត្រូវបានអភិរក្សជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដែលនឹងផ្ដល់ជូនភ្ញៀវនូវទស្សនីយភាពអំពីរចនាបទខ្មែរ និងសម័យអាណានិគមបារាំង មួយរំពេចនៅពេលពួកគេអញ្ជើញមកដល់ និងសម្រាប់ជាន់ទី២ ដែលជាArtic Bar ដើម្បីបម្រើភេសជ្ជៈផ្សេងៗ។

សណ្ឋាគារHyatt Regency Phnom Penh ត្រូវបានរចនាដោយក្រុមហ៊ុន SCDA Architects ដែល មានមូលដ្ឋាននៅសិង្ហបុរី និងក្រុមហ៊ុន PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរួមចំណែករក្សាអត្តសញ្ញាណក្នុងតំបន់ ដែលជាបណ្ដុំនៃស្ថាប័នធំៗ ពាណិជ្ជកម្ម វប្បធម៌ និងសាសនា ដូចជាព្រះបរមរាជវាំង វាលព្រះមេរុ សារមន្ទីរជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទន្លេចតុមុខ វត្តអារាម អគារសម័យអាណានិគមបារាំង ផ្សារបែបប្រពៃណី និងកន្លែងលក់ស្នាដៃសិល្បៈ។

រចនាបទពហុសម័យនៃសណ្ឋាគាHyatt Regency Phnom Penhនឹងផ្ដល់បទពិសោធន៍ លើផ្នែកបដិសណ្ឋារកិច្ចដ៏ល្អមួយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ៕