ខណៈគំរោងកំពុងឆ្ពោះទៅមុខ តោះទៅមើលពីការបែងចែកជាន់និមួយៗនៃអាគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងមានលក្ខណៈពិសេសៗបែបណា?

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលការបុក​គ្រឹះ ដើម្បី​ទប់​ដី​នៅ​ជុំវិញ​បរិវេណ​អាគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​បាន​ឈានដល់​ជិត​បញ្ចប់ និង​ការបុក​គ្រឹះ​សាងសង់​អាគារ​នេះបាននិងកំពុងប្រព្រឹត្តទៅ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ Thai Boonrong Twin Tower នឹង​ក្លាយជា Landmark ដ៏​អស្ចារ្យ​មួយ​សម្រាប់​រាជធានី​ភ្នំពេញ។

តើរ​ចនាស​ម្ព័​ន្ឋ​និង​ជាន់​និមួយៗ នៃ​អាគារ​ភ្លោះ​កំពស់៥៦៨ម៉ែត្រ​នេះ មានការ​រៀប​ចំពិសេសៗ​យ៉ាងដូចម្តេច គេហទំព័រ Propertyarea.asia សូម​នាំ​មិត្ត​អ្នកអាន​ទៅ​សិក្សា​ស្វែងយល់​ទាំងអស់គ្នា។

យោងតាម​វីដេអូ​នៃ​គំរោង​នេះ​បាន​ឲ្យ​ដឹងថា គំរោង​នេះ​មាន​អនុមាត​ក្បាលដី​ទំហំ៥០,០០០ម៉ែត្រការ៉េ ដែលមាន​ទំហំ​អាគារ​សរុប១,៥២លាន​ម៉ែត្រការ៉េ ដោយ​បែងចែក​ពី​ជា​ន់ទី១ ដល់​ជាន់​ទី១០ ជាទី​តាំង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ។ ការិយាល័យ​លំដាប់​5A សណ្ឋាគារ​លំដាប់​ផ្កាយ៥ អា​ផាត​ម៉ិ​ន និង​លំនៅដ្ឋាន​យ៉ាង​ប្រណីត។ ក្នុងចំណោម​ជាន់​ទាំង១០ផ្នែក​ខាងក្រោម គឺ​ពី​ជាន់​ទី១ដល់​ជាន់​ទី៤អា​គឺជា​ហាង​លក់ទំនិញ ដែលមាន​ទំហំ១៦៣,០០០ម៉ែត្រការ៉េ ដែលមាន​ផ្លូវ​ថ្មើ​ជើង ដែល​ផ្តល់​ម្លប់​សម្រាប់​អតិថិជន​អាច​សម្រាក និង​ទទួលបាន​ផាសុខភាព។

នៅ​ពីលើ​ហាង​លក់ទំនិញ គឺជា​ច្រកចូល​សំខាន់​ដែលមាន​ការបំពាក់​អេក្រង់ LED ដ៏​ធំ ដែល​អាច​ផ្សាយពាណិជ្ជកម្ម​បាន​គ្រប់​សណ្ឋាន។

ជាមួយគ្នានេះ ​មជ្ឈមណ្ឌលលំដាប់ពិភពលោក​នេះ ​ក៏មានរាន​ហាលចំនួន១១ជាន់ ដែលមាន​សួនច្បារ ហាង​អាហារ សកម្មភាព​កំសាន្ត។ នៅលើ​ជាន់​ទី១២មាន​លំនៅដ្ឋាន​ដ៏​ប្រណីត​ដែលមាន​ផ្ទះ៨០០យូ​នី​ត និង​មាន​ទំហំ២៥០,០០០ម៉ែត្រការ៉េ ដោយ​ផ្ទះ​មាន​ទំហំ​ចាប់ពី៦០ដល់២៦៨ម៉ែត្រការ៉េ។ លំនៅដ្ឋាន​នេះ ​មានការ​រចនា​យ៉ាង​ពិសេស​សំរាប់​មនុស្ស​លំដាប់​ខ្ពស់ និង​ឥស្សរជន​នានា។

ចាប់ពីជាន់​ទី១២ ដល់​ជាន់​ទី២១ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការទិញ​លក់​ភាគហ៊ុន ការជួញដូរ​ភាគហ៊ុន​លំដាប់​ពិភពលោក។ ជា​ការិយាល័យ​ស្នាក់ការ​កណ្តាល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បានធ្វើ​ឲ្យ​ពិភពលោក​សម្លឹង​មក​កម្ពុជា​កាន់តែ​ច្រើនជាង​មុន និង​ច្បាស់​ជាង​មុន។  អាគារនេះក៏មាន​សាលប្រជុំ ទីតាំង​រៀបចំ​ពិធ​នានា​ដែល​អាច​ទទួលភ្ញៀវ​ បាន​ចាប់ពី១០០០ដល់៣០០០នាក់​ជាដើម។

វីដេអូ​ដដែល​បាន​បង្ហាញទៀតថា ចាប់ពី​ជាន់​ទី២៣ ដល់​ជាន់​ទី៦០ជាទី​តាំង​ការិ​យាល័យ ដែលមាន​កម្រិត​5A ដែល​ក្នុង​មួយ​ជាន់​មាន​ទំហំ​ជាង៣៨០០ម៉ែត្រការ៉េ ដែលមាន​ការបំពាក់​ស​ម្ភា​រៈ​ការិយាល័យ​ប្រណីត​លំដាប់​កំពូល និង​វា​ក្លាយជា​ទីតាំង​ការិយាល័​យ​ប្រកប​ផាសុខភាព និង​ការគ្រប់គ្រង​លំដាប់​អន្តរជាតិ។

ជាន់​ទី៦១ដល់​ជាន់​ទី១០០ គឺជា​ទីតាំង​សម្រាប់​អា​ផាត​ម៉ិ​ន​លំដាប់​ផ្កាយ៥ ដែលមាន​ការគ្រប់គ្រង​សេវាកម្ម​បែប​សណ្ឋាគារ សម្រាប់​អតិថិជន​តាម​ចំណង់​ចំណូលចិត្ត និង​យូ​នី​ត​និមួយៗមាន​គ្រប់​ទំហំ ដើម្បី​ឆ្លើយតប​តម្រូវ​ការបស់​អតិថិជន​លំដាប់​ខ្ពស់។

ចាប់ពី​ជាន់​ទី១០១ ដល់​ជាន់១៣២ ជាទី​តាំង​សណ្ឋាគារ​លំដាប់​ផ្កាយ៥  ដែលមាន​ការ​រចនា​យ៉ាង​ពិសេស និង​អាច​គយគន់​ទិដ្ឋភាព​ក្រុងភ្នំពេញ ​បាន​យ៉ាង​ប្រណីត និង​ជាន់​ទី១៣៣ ជាទី​តាំង​សម្រាប់​គយគន់​ទេសភាព​ក្រុងភ្នំពេញ និង​បើក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​អាច​ទស្សនា​បាន។

ពិសេស​ជាង​នេះ គឺ​សណ្ឋាគារ​ដែលមាន​ការបែងចែកខុសៗគ្នា គឺជា​សណ្ឋាគារ​សម្រាប់​ទ​ទួល​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ឥស្សរជន​លំដាប់​ខ្ពស់​មកពី​ជុំវិញ​ពិភពលោក។

អ្វី​កាន់តែ​ពិសេស​គឺជា​ន់​កំពូល​ នៃ​មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ អាច​ចត​ឧ​ទ្ឋ​ម្ភា​ចក្រ​អាច​ចុះចត​បាន ដែលមាន​ច្រកចេញចូល​យ៉ាង​ងាយស្រួល និងសុវត្ថិភាពបំផុត៕

ខណៈគំរោងកំពុងឆ្ពោះទៅមុខ តោះទៅមើលពីការបែងចែកជាន់និមួយៗនៃអាគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងមានលក្ខណៈពិសេសៗបែបណា?

ដំណឹងល្អៈរដ្ឋាភិបាលកម្ពុជា-ថៃបានព្រមព្រៀងបើកដំណើរការច្រកព្រំដែន អន្តរជាតិឡើងវិញ

ដោយៈ រ៉ាណេត

បន្ទាយមានជ័យៈ រដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលប្រទេសថៃ បានយល់ព្រមគ្នាបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនឹងច្រកមួយចំនួនទៀតឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារជំងឺកូវីដ-១៩។

យោងតាមរយៈលិខិតរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា-ថៃបានព្រមព្រៀងឯកភាពគ្នាបើកច្រកព្រំដែនអន្តរជាតិដំណើរការឡើងវិញ បន្ទាប់មានកិច្ចជំនួបពិភាក្សាលម្អិតរួមគ្នា នៅព្រឹកថ្ងៃដដែលនេះ ដោយអាចនឹងត្រូវចាប់អនុវត្តន៍៍នៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

ជាលទ្ធផលនៃកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយភាគីថៃនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្តីពី ការបន្ធូរបន្ថយច្បាប់ស្តីពី ការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់បានឱ្យដឹងថាភាគីទាំពីរយល់ព្រមគ្នាលើ ៣ចំណុចដូចជា ទី១ យល់ព្រមឱ្យពលករកម្ពុជា ចូលទៅធ្វើការងារក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ។

ទី២ យល់ព្រមឱ្យអាជីវករកម្ពុជា ចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ទី៣. យល់ព្រមបើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក៕

ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មលេចធ្លោចំនួន៧នៅក្រុងភ្នំពេញនឹងបញ្ចប់ នៅឆ្នាំ២០២១

ដោយគង់ សូរិយា

        ភ្នំពេញៈ អាគារលំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននឹងបញ្ចប់ ហើយបើកដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ នៅទីក្រុងភ្នំពេញដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនាពេលខាងមុខ។

គំរោងដែលនឹងបញ្ចប់ទាំងនោះ មាននៅពាសពេញរាជធានីភ្នំពេញ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។

គំរោងThe PeAk

        គំរោងដ៏ធំ ដែលបានបោះទុនវិនិយោគទំហំទឹកប្រាក់៥០០លានដុល្លារនេះ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដែលគំរោងនេះរួមបញ្ចូលនូវខុនដូ ចំនួនជាង១០០០យូនីត ផ្សារទំនើបស្តង់ដាអន្តរជាតិ The Capital ដែលមានមូលដ្ឋាននៅប្រសេងសឹង្ហបុរី សណ្ឋា​គារកម្រិតផ្កាយ៥ Shangri_La និងការិយាល័យលំដាប់ផ្កាយ៥។

គំរោងនេះមានអាគារចំនួនបី ដែលមានកំពស់៥៥ជាន់ និងមានកំពស់សរុបជាង​២០០ម៉ែត្រ។

គំរោងនេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេង១ ជិតទីក្រុងកោះពេជ្រ ដែលវិនិយោគដោយក្រុមហ៊ុនWorld Brigde Land Groupនិងក្រុមហ៊ុនOxley Holdingមានមូលដ្ឋាន​នៅប្រទេសសឹង្ហបុរី។

គំរោងGold Tower42

        បើមិនមានការប្រែប្រួលទេនោះ គម្រោងនេះអាចនឹងបញ្ចប់នៅឆ្នាំ២០២១ បន្ទាប់ពីបានពន្យាពេលម្តងហើយម្តងទៀត។ គំរោងនេះដើមឡើយត្រូវបានវិនិយោគដោយក្រុមហ៊ុនYunwoo មកពីប្រទេសកូរ៉េ ប៉ុន្តែតាមព៌តមានជាក់លាក់បានអះអាងថា គម្រោងនេះ​ត្រូវបានទិញដោយក្រុមហ៊ុនចិនរួចហើយ។

វាជាគំរោង ដែលបានពន្យាពេលសាងសង់យូរជាងគេនៅកម្ពុជា ដែលគំរោងនេះរួមមានខុនដូ ផ្សារទំនើប មន្ទីរពេទ្យជាដើម។

គម្រោងThe Gate Way

        គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ក្បែរស្ពានអាកាសតិចណូនេះ មានទស្សនទានអភិវឌ្ឍន៍ចម្រុះរួមមា​ន ការិយាល័យ ខុនដូ អាផាតម៉ិន និងសេវាកម្មជាច្រើនទៀត។

គំរោងនេះបាននិងកំពុងត្រៀមបញ្ចប់ ដោយសារបច្ចុប្បន្នការឌីសាញនៅក្នុងអាគារបានធ្វើឡើងយ៉ាងសកម្ម។ គំរោងនេះមានកំពស់៣៦ជាន់ និង៣៩ជាន់ ដែលកំពុងផ្តល់នូវImage ប្រណីតមួយសំរាប់ក្រុងភ្នំពេញ។

គំរោងThe Parkway

ជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយស្ថិតនៅតំបន់ទួលគោក រាជធានីភ្នំពេញ ដែលរួមបញ្ចូលនូវការិយាល័យ អាផាតម៉ិន ខុនដូ និងសេវាកម្មជាច្រើនទៀត។ គម្រោងនេះបានបញ្ចប់ការសាងសង់ស្ទើរ១០០ភាគរយរួចហើយ។

គម្រោងនេះមានកំពស់៣៦ជាន់ ស្ថិតនៅលើផ្លូវ លេខ២៧៣ ក្នុងសង្កាត់បឹងកង់២ ខ័ណ្ឌទួលគោក។

មជ្ឈមណ្ឌលពាណិជ្ជកម្មBooyoung Town

        គំរោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនBooyoung Group ដែលទំនងជាក្រុមហ៊ុនកូរ៉េដំបូងគេ ដែលបានបញ្ចប់ការសាងសង់គំរោងមុនផែនការ និងមិនបានប្រកាសលក់ភ្លាមៗ ដើម្បីប្រមូលទុននោះទេ ប៉ុន្តែគំរោងនេះបាននិងកំពុងជិតបញ្ចប់ការសាងសង់ ជាមួយនឹងការដាក់ចេញផែនការលក់នាពេលឆាប់ៗខាងមុខ។

មជ្ឈមណ្ឌលពាណិជ្ជកម្មBooyoung Townស្ថិតនៅសង្កាត់ទឹកថ្លា ខ័ណ្ឌពោធិសែ​នជ័យនេះ មានទស្សនទានអភិវឌ្ឍន៍ចម្រុះរួមមានខុនដូ ផ្សារទំនើប សាលសីលល្បះខ្នាតអន្តរជាតិ ភោជនីយដ្ឋានចម្រុះ។

គំរោងនេះមានកំពស់២៤ជាន់ មានអាគារសរុបចំនួន៤ ស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ដំណាក់កាលទី២ និងឈានទៅអភិវឌ្ឍន៍ដំណាក់កាលទី២នាពេលខាងមុខ។

គំរោងPrince international plaza

        គំរោងនេះត្រូវបានអភិវឌ្ឍន៍៍ដោយក្រុមហ៊ុនPrince Real Estate Groupដែលស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ទល់មុខនឹងគំរោងBooyoung Town។ គម្រោងនេះជាគំរោងអភិវឌ្ឍន៍ចម្រុះ រួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ និងមានកំពស់១៦ជាន់។

គំរោងនេះតាមផែនការនឹងបញ្ចប់ការសាងសង់នៅខែ មិនា ឆ្នាំ២០២១ខាងមុខនេះ បើមិនមានការប្រែប្រួលទេនោះ។

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិចុងហ្វាង

មជ្ឈមណ្ឌលអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់មួយនៅរាជធានីភ្នំពេញ។ អគារនេះមានកម្ពស់១៨០ម៉ែត្រ និងមានចំនួន៦០ជាន់ ហើយនឹងត្រូវបញ្ចប់ការសាងសង់
គ្រោងអាគារ នៅធ្នូ ឆ្នាំ២០២០និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២១។

មជ្ឈមណ្ឌលអន្តរជាតិចុងហ្វាងនេ ជាអាគារពហុបំណងនេះរួមមាន ធនាគារពាណិ​ជ្ជកម្មចិន មជ្ឃមណ្ឌលបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា មជ្ឈមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងជាអគារហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លើសពីនេះ ចំណុចពិសេសជាងគេ គឺភោជនីយដ្ឋាននៅជាន់ខ្ពស់ជាងគេ នៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្តលំហែរកាយរបស់អតិថិជន៕

 

ប្រជែងឥទ្ឋិពលចិន សហរដ្ឋអាមេរិកលូកដៃកាន់តែជ្រៅចូលមកតំបន់ទន្លេមេគង្គ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ បានផ្តើមកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដោយសហការជាមួយមជ្ឈមណ្ឌល Stimson Center និង Eyes on Earth។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

កម្មវិធីថ្មីតាមដានទំនប់វារីអគ្គិសនី លើទន្លេមេគង្គគឺជាជំហ៊ានសំខាន់មួយ សម្រាប់បង្កើនការយល់ពីស្ថានភាពទឹក នៅក្នុងតំបន់អាងទន្លេមេគង្គ។ ប្រទេសទាំងឡាយមិនអាចគ្រប់គ្រងបានល្អឡើយ លើអ្វីដែលគេមិនអាចធ្វើការវាស់ស្ទង់បាន ហើយអស់រយៈពេលជាយូរមកហើយ ដែលប្រជាជននៅតំបន់ទន្លេមេគង្គ ខ្វះការក្តាប់បានលើធនធានទឹកនៃអាងទន្លេនេះ។

កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ នឹងប្រើការស្វែងយល់ពីចម្ងាយ ពីប្រភពបើកចំហ រូបភាពតាមផ្កាយរណប និងការវិភាគតាមប្រព័ន្ធព័ត៌មានស្តីពី ភូមិសាស្រ្ត ដើម្បីផ្តល់ព័ត៌មានទាន់ពេល ស្តីពីលក្ខណៈអាកាសធាតុ លំហូរនៃទឹកទន្លេ និងស្ថានភាពនៃអាងទឹកទន្លេមេគង្គ។

មធ្យោបាយនេះ ដែលអាចមានសម្រាប់សាធារណៈ នឹងបង្កើនទិន្នន័យទឹកបានយ៉ាងច្រើនសម្រាប់តំបន់នេះ ដោយធ្វើឲ្យប្រជាជនដែលត្រូវការខ្លាំង ទទួលបានព័ត៌មានទាំងនេះ  ដើម្បីឲ្យគេអាចធ្វើការសម្រេចចិត្តបានល្អ ដែលមានផលទៅលើមុខរបរប្រកបជីវភាពរស់នៅ និងសន្តិសុខតំបន់។

ជាយូរមកហើយដែលសហរដ្ឋអាមេរិក បានគាំទ្រការអំពាវនាវរបស់សហគមន៍ នៅក្នុងតំបន់ទន្លេមេគង្គ ដែលចង់បានទិន្នន័យទឹកឲ្យបានច្រើន។ សហរដ្ឋអាមេរិក នឹងបន្តធ្វើជាដៃគូជាមួយគណកម្មការទន្លេមេគង្គ រដ្ឋាភិបាលនានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹ​ងសមត្ថភាពរបស់គេ ក្នុងការទទួលបាន និងប្រើប្រាស់ទិន្នន័យល្អៗសម្រាប់ជួយដល់ការសម្រេចចិត្តធំៗផ្អែកលើវិទ្យាសាស្រ្ត។

តាមរយៈកម្មវិធីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ក្រសួងការបរទេសអាមេរិកនឹងបន្តលើកកម្ពស់សន្តិសុខទឹកថែមទៀត។

កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ចូលរួមចំណែកដល់គំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត នៅក្រោមគំនិតផ្តួចផ្តើមស្តីពីទិន្នន័យនៃទឹកទន្លេមេគង្គ ដោយសម្របសម្រួលការផ្លាស់ប្តូរគ្នា នូវការប្រតិបត្តិល្អៗ ជំរុញការសម្របសម្រួលគ្នានៃដៃគូអភិវឌ្ឍន៍ និងពង្រឹងវិបុលភាពរបស់សហគមន៍ និងរដ្ឋាភិបាល នៅតំបន់ទន្លេមេគង្គ តាមរយៈការមានធនធានទឹកដែលត្រូវបានគ្រប់គ្រង និងចែករំលែកប្រកបដោយនិរន្តភាព៕

ការនាំចេញរបស់ប្រទេសសិង្ហបុរីបានដាំក្បាលចុះ៤,៩ភាគរយក្នុងខែវិច្ឆិកា

ដោយៈសុខុម

សឹង្ហបុរី: ទិន្នន័យផ្លូវការពីEnterprise Singapore ដែលជាស្ថាប័នចំណុះឱ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសនេះ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៧ ធ្នូនេះថា ការនាំចេញទំនិញក្នុងស្រុកក្រៅពីប្រេងរបស់សិង្ហបុរី បានធ្លាក់ចុះរហូតដល់ទៅ ៤,៩% ឆ្នាំក្នុងខែវិច្ឆិកា។

យោងតាមសារព័ត៌មានCNA បានចុះផ្សាយក្នុងថ្ងៃនេះឱ្យដឹងថា ការធ្លាក់ចុះនេះដែលកើតមានឡើងក្រោយធ្លាក់ចុះ ៣,១% ក្នុងខែតុលា ភាគច្រើនលើទំនិញ ដូចជា សារធាតុគីមី ដែលចម្រាញ់ចេញពីប្រេងឥន្ធនៈ ឱសថ និងមាស បន្ទាប់មកគឺគ្រឿងអេឡិចត្រូនិក។

ពាណិជ្ជកម្មសរុបរបស់សិង្ហបុរី បានធ្លាក់ចុះរហូតដល់ទៅ៨,៧% ក្នុងខែវិច្ឆិកា ក្រោយធ្លាក់ចុះ ៩% ក្នុងខែតុលា។ ការធ្លាក់ចុះនេះភាគច្រើនបណ្ដាលមកពីពាណិជ្ជកម្មប្រេងដែលនៅតែបន្តធ្លាក់ចុះ ស្របពេលតម្លៃប្រេងធ្លាក់ចុះកាន់តែទាប បើធៀបទៅមួយឆ្នាំមុន ក្រោយធ្លាក់ចុះក្នុងខែតុលា។

ចំណែកឯការនាំចេញសរុបបានធ្លាក់ចុះ៨% ក្នុងខែវិច្ឆិកា បន្ទាប់ពីធ្លាក់ចុះ៨,៧% ក្នុងខែតុលា។ ការនាំចូលសរុបក៏បានធ្លាក់ចុះ៩,៤% ផងដែរក្នុងខែវិច្ឆិកា ក្រោយធ្លាក់ចុះ ៩,៣%ក្នុងខែតុលា។

ការដឹកជញ្ជូនផលិតផលគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៣,៨% ក្នុងខែវិច្ឆិកា ក្រោ​យធ្លាក់ចុះ០,៥% ក្នុងខែតុលា។ ក្នុងនោះផលិតផលបន្ទះឈីប និង Disk Drive បានធ្លាក់ចុះ៧,៩% ហើយគ្រឿងបង្គុំកុំព្យូទ័របានធ្លាក់ចុះ១២,១%។

ការដឹកជញ្ជូនទំនិញ ក្រៅពីគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ៥,២% ក្នុងខែវិច្ឆិកា បន្ទាប់ពីធ្លាក់ចុះ៤%ក្នុងខែតុលា។ ការធ្លាក់ចុះការនាំចេញសារធាតុគីមី ដែលចម្រាញ់ចេញពីប្រេងឥន្ធនៈដែលធ្លាក់ចុះ១៨,៥% គឺរួមចំណែកធំជាងគេ បន្ទាប់មកឱសថដែលធ្លាក់ចុះ១៣,៤ ហើយមាសធ្លាក់ចុះ ១៥,១%។

ការនាំចេញទៅកាន់ទីផ្សារកំពូលៗជារួម បានធ្លាក់ចុះក្នុងខែវិច្ឆិកា ទោះបីជាការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន កោះតៃវ៉ាន់ ម៉ាឡេស៊ី ថៃ និងក្រុងហុងកុង បានកើនឡើងក្ដី។

ទិន្នន័យផ្លូវការដដែលបានបង្ហាញថា ការធ្លាក់ចុះខ្លាំងជាងគេគឺការនាំចេញទៅកាន់ប្រទេសចិន សហភាពអឺរ៉ុប និងឥណ្ឌូនេស៊ី៕

តម្រូវការទីផ្សារក្នុងស្រុកជាឆ្អឹងខ្នងយ៉ាងរឹងមាំសម្រាប់វិស័យលំនៅដ្ឋាននៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ខុសប្លែកពីវិស័យធំៗមួយចំនួនដែលទទួលរងនូវផលប៉ះពាល់យ៉ាងពីវិបត្តិនៃជំងឺឆ្លង សម្រាប់តែទីផ្សារលំនៅដ្ឋាននៅកម្ពុជាគឺនៅតែអាចរក្សាបាននូវភាពរឹងមាំជាមួយសកម្មភាពវិនិយោគ អភិវឌ្ឍន៍ និងតម្រូវការទីផ្សារក្នុងស្រុកនៅតែបន្តមាន។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា ទីផ្សារលំនៅដ្ឋាននៅពេលពេលបច្ចុប្បន្ន គឺនៅតែមានភាពរឹងមាំខុសប្លែកពីវិស័យដទៃទៀតដោយសារតែទីផ្សារ និងតម្រូវការពិតប្រាកដគឺផ្តើមចេញពីអ្នកនៅក្នុងស្រុក។
លោកស្រីបញ្ជាក់ថា “ការះអភិវឌ្ឍន៍នានានៅក្នុងវិស័យលំនៅដ្ឋានគឺផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុកមិនមែនមកពីក្រៅប្រទេសនោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏បានសិក្សាយ៉ាងច្បាស់ទៅលើកម្រិតនៃតម្រូវការ រួមជាមួយលទ្ធភាពរបស់អតិថិជនគោលរបស់ពួកគេ ដូច្នេះរាល់គម្រោងអភិវឌ្ឍទាំងអស់ភាគច្រើនមិនជាប់គាំងនោះទេ ហើយមានអត្រាទទួលបានភាពជោគជ័យខ្ពស់”។

លោកស្រីបន្តថា “ខ្ញុំជឿជាក់ថា នៅឆ្នាំ២០២១ខាងមុខនេះ ទីផ្សារអចលនទ្រព្យរួមនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញជាបណ្តើរ ខណៈដែលបច្ចុប្បន្ននេះលទ្ធផលនៃការប្រើប្រាស់ថ្នាំបង្ការ ឬវ៉ាក់សាំងការពារជំងឺឆ្លង ត្រូវបានចាប់ផ្តើមអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួន ហើយរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ក្នុងការនាំយកវ៉ាក់សាំងមកកាន់កម្ពុជាក្នុងពេលឆាប់ខាងមុខនេះផងដែរ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “វិស័យលំនៅដ្ឋាននៅកម្ពុជានឹងមានសន្ទុះឡើងវិញលឿនជាងវិស័យដទៃទៀត ដែលយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ អាចនឹងមានភាពរស់រវើកដូចឆ្នាំ២០១៩”។

លោកបានបញ្ជាក់ថា “ទីផ្សារលំនៅដ្ឋានដែលអូសបន្លាយរយៈពេលខ្លីជាងផ្នែកដទៃក្រោមវិបត្តិសេដ្ឋកិច្ចនេះ ក៏ព្រោះតែវាមានតម្រូវការខ្ពស់ ចឹងអ្នកដែលគ្មានលំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិនឹងស្វះស្វែងរកវិធីសាស្ត្រក្នុងការទិញដើម្បីបំពេញតម្រូវការរបស់ខ្លួន ដែលខុសពីផ្នែកដទៃទៀតដូចជាការវិនិយោគ និងអភិវឌ្ឍន៍លើសំណង់អគារធំៗ ឬគម្រោងធំៗភាគច្រើនគឺពាក់ព័ន្ធ និងពឹងផ្អែកទៅលើកត្តាសេដ្ឋកិច្ចប្រទេស និងកត្តានយោបាយ ដូច្នេះទាល់តែសេដ្ឋកិច្ច និងនយោបាយមានភាពល្អប្រសើរទើបអាចមានសកម្មភាពឡើងវិញ”។

លោកបញ្ជាក់ថា “បើទោះទីផ្សារលំនៅដ្ឋានមានភាពល្អប្រសើរជាងគេ ប៉ុន្តែវាល្អប្រសើរតែប្រភេទលំនៅដ្ឋានដែលមានតម្លៃសមរម្យសមស្របទៅនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនតែប៉ុណ្ណោះ ពោលគឺជាប្រភេទលំនៅដ្ឋានដែលត្រូវបានដាក់លក់ក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារតែប៉ុណ្ណោះ”៕

អ្នកវិនិយោគក្នុងស្រុកបោះទុនប្រមាណ៤០លានដុល្លារកសាងបុរីថ្មីមួយស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ក្នុងគោលដៅអភិវឌ្ឍន៍នៅមូលដ្ឋានស្រុកពញ្ញាក្រែក ឲ្យមានភាពរីកចម្រើ​ន និងផ្តល់នូវស្តង់ដារស់នៅប្រកបដោយភាពស៊ីវិល័យ អ្នកវិនិយោគក្នុងស្រុកមួយក្រុមបានបោះទុនចន្លោះពី៣០ ទៅ៤០លានដុល្លារ ដើម្បីកសាងបុរីថ្មីមួយនៅទីប្រជុំជនស្រុកខាងលើនេះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃបុរីក្រែកស៊ីធី លោកបណ្ឌិតតេង រិទ្ឋីបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ការបោះទុនវិនិយោគនៅទីប្រជុំជនស្រុកពញ្ញាក្រែកនេះ ដោយសារតំបន់នេះមានសក្តានុពលជាច្រើន ដែលប្រជាពលរដ្ឋនៅមូល    ដ្ឋានមានជីវភាពធូរធារ និងទីតាំងគំរោងនេះមានចម្ងាយត្រឹម១៦គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ដែលជាតំបន់សេដ្ឋកិច្ច និងដោះដូរពាណិជ្ជកម្មដ៏សំខាន់មួយ ពិសេ​សបុរីនេះ ព័ទ្ឋជុំវិញដោយរោងចក្រ សហគ្រាស ស្ថាប័នគយ ពិសេសជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន។

លោកបន្តថា “គោលដៅនៃការអភិវឌ្ឍរបស់យើង ដោយសារនៅទីរួមខេត្តថ្មី មានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទិញដីច្រើននៅតំបន់នេះ ពិសេសយើងចង់ផ្តល់នូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅមូលដ្ឋាន”។

បុររីក្រែកស៊ីធី មានទំហំផ្ទៃដី១៦ហិកតា កំពុងផ្តល់នូវទស្សនទានអភិវឌ្ឍន៍ថ្មីនៅមូលដ្ឋាន តាមរយៈការផ្តល់នូវជម្រើសលំនៅដ្ឋាន ដូចជា ផ្ទះអាជីវកម្ម(Shop house) ផ្ទះវីឡាទោល វីឡាភ្លោះ ដែលមានតម្លៃត្រឹម៣៩,០០០ដុល្លារអាមេរិកឡើងទៅ ពិសេសគំរោងនេះមានផ្សារបែបពាក់កណ្តាលទំនើប ដែលមានស្តង់ចំនួន៤០០ស្តង់ ពិសេសផ្សារនិងបុរីនេះមានសួនច្បារ ចំណតរថយន្តធំទូលាយសំរាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកកាន់កម្ពុជា។

លោកឧកញ៉ាតេង រិទ្ឋីបានបន្តថា “អ្វីដែលក្រុមហ៊ុនផ្តល់ជូនអតិថិជន គឺជម្រើសនៃការបង់ប្រាក់ដ៏ទាក់ទាញ ជាមួយនឹងគំរោងដែលផ្តោតលើប្រណីតភាព គុណភាព និងបរិយាកាសរស់នៅប្រកបដោយផាសុខភាព”។លោកបន្តថា “យើងក៏បានគិតដល់ការធ្វើដំណើរជុំវិញបុរីនេះផងដែរ ដែលអ្នករស់នៅក្នុងបុរីនេះ អាចធ្វើដំណើរចេញចូលបុរីនេះបានយ៉ាងងាយស្រួល ដោយសារយើងបានរៀបចំផ្លូវតភ្ជាប់ និងព័ទ្ឋជុំវិញបុរីនេះទាំងអស់ ដើម្បីលើកកំពស់ស្តង់ដានៃការរស់នៅ និងបែបផែនជីវិតសម័យថ្មី”។

លោកបន្តថា បច្ចុប្ប​ន្ននេះ យើងបានប្រើប្រាស់គ្រឿងចក្រជាង៣០គ្រឿង ដើម្បីចាក់បំពេញដី ដែលរហូតមកទល់ពេលនេះ ការចាក់ដីបំពេញក្នុងគំរោងទាំងមូលសម្រេចបានប្រមាណ២០ភាគរយនៃគំរោងទាំងមូលរួចហើយ។ លោកបន្តថា តាមពិតយើងចង់បើកការដ្ឋានសម្ភោធសាងសង់បុរីនេះកាលពីពេលថ្មីៗកន្លងមកនេះ ប៉ុន្តែដោយសារជំងឺកូវីដ១៩ យើងបានពន្យាពេល ហេតុនេះកាលបរិច្ឆេតនៃការសម្ភោធបើកការដ្ឋានសាងសង់បុរីក្រែកស៊ីធីថ្មី គ្រោង នឹងចាប់ផ្តើមនៅចុងខែធ្នូខាងមុខឆាប់ៗនេះ។

អតិថិជនចាប់អារម្មណ៍ទិញបុរីនេះសំរាប់រស់នៅ និងទុកចំណេញសូមទាក់ទងតាមរយ

ៈលេខទូរស័ព្ទ ០៩៧ ៧០ ៥៤ ៨៨៨ / ០៩៧ ៧១ ៥៤ ៨៨៨៕

តើផ្នែកអ្វីខ្លះនៃអចលនទ្រព្យនឹងបន្តប្រឈមបញ្ហានៅឆ្នាំ២០២១ខាងមុខ?

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងស្វាគមន៍ឆ្នាំ២០២១ទាំងអស់គ្នា ដែលគ្រប់គ្នាសង្ឃឹមថាអ្វីៗនឹងមានភាពល្អប្រសើរឡើង ខណៈឆ្នាំ២០២០បានធ្វើឲ្យមនុស្សទូទាំងពិភពលោករងការឈឺចាប់ បាត់បង់ញាតិមិត្ត ដែលមិនអាចវិលត្រលប់មកវិញ។

ប៉ុន្តែឆ្នាំ២០២១ បញ្ហាប្រឈមនៅតែកើតមានដដែល ទោះបីសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក៏ដោយ ក៏ផ្នែកខ្លះនៃវិស័យអចលនទ្រព្យនៅតែប្រឈមបញ្ហានៅឡើយ។

ផ្សារទំនើបតូចៗ

        ដោយសារការប្រកួតប្រជែងខ្លាំង ទីផ្សារលក់រាយនៅតែបន្តប្រឈម ព្រោះកំនើនផ្សារសហគមន៍កើនឡើង ដែលនឹងធ្វើឲ្យផ្សារទំនើបតូចៗ ដែលគ្មានស្តង់ដាច្បាស់លាស់ នៅតែប្រឈមមុខនឹងបញ្ហា ក្នុងការទាក់ទាញអតិថិជន ខណៈរបាយការណ៍បានបង្ហាញថា ផ្សារទំនើបតូចៗប្រមាណ២០នឹងបើកដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ។

ជាមួយនឹងកំនើនផ្សារទំនើប បានធ្វើឲ្យការប្រកួតប្រជែង ក្នុងទីផ្សារកាន់តែមានច្រើន បើទោះបីកំលាំងទិញកើនឡើងក៏ដោយ ប៉ុន្តែការរៀបចំស្តង់ដាតម្លៃ សេវាកម្ម និងការឌីសាញមិនសូវមានភាពទាក់ទាញ បានធ្វើឲ្យផ្នែកនេះនៅតែបន្តបញ្ហាប្រឈមសំរាប់ទីផ្សារនាពេលអនាគត។

ដីឡូត៍

        អ្នកជំនាញជាច្រើនបានទទួលស្គាល់ថា ទីផ្សារដីឡូត៍នឹងចាប់ផ្តើមប្រឈមមុខ នឹងកំនើននៃការលក់យឺត ដោយសារគំរោងបុរី លំនៅដ្ឋានកាន់តែច្រើនបាននិងកំពុងកើនឡើងនៅតំបន់ជាយក្រុង ដែលធ្វើឲ្យការលក់ដីឡូត៍តូចៗកាន់តែជួបការលំបាក ដោយសា​រការយល់ដឹងរបស់ប្រជាពលរដ្ឋប្រសើរជាងមុន ពិសេសលក្ខខ័ណ្ឌបង់ប្រាក់​ពីគំរោងលំនៅដ្ឋាន និងបុរីនានាមានភាពងាយស្រួល។

ប៉ុន្តែយ៉ាងណាដីឡូត៍បែបរីសត នឹងបន្តមានសញ្ញាល្អប្រសើរ ដោយសារប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរ ដែលពួកគេស្វែងរកកន្លែងលំហែរនៅតាមបណ្តាខេត្តកាន់តែច្រើន។

អាផាតម៉ិន

        ការជួលអាផាតម៉ិនបាន និងកំពុងដាំក្បាលចុះនៅឆ្នាំ២០២១នេះ និងបន្តអូសបន្លា​យដល់ឆ្នាំ២០២១ ដោយសារការកើនឡើងនូវការផ្គត់ផ្គង់អាផាតម៉ិន នៅតាមតំបន់នានានៃទីក្រុងភ្នំពេញ ដោយសារការមកដល់ នៃអ្នកវិនិយោគអន្តរជាតិមិនទាន់ខ្លាំង និងការប្រ​កួតប្រជែងបន្តកើនឡើងខ្ពស់។

អាផាតម៉ិន ក៏ប្រឈមមុខនឹងការប្រកួតប្រជែងពីខុនដូ ដែលកំពុងកើនឡើងយ៉ាងគំហុកនៅទីក្រុងភ្នំពេញផងដែរ ព្រោះអ្នកវិនិយោគខុនដូមួយចំនួនបានទិញទុកសំរាប់ជួលជាជាងទិញសំរាប់រស់នៅ។

ការិយាល័យ

        ទំហំការិយាល័យសរុបនៅទីក្រុងភ្នំពេញ បាននិងកំពុងកើនឡើងដល់ប្រមាណ៤៥ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីផ្សារដែលទើបនឹងមានភាពរីកចម្រើននេះ ប៉ុន្តែកំនើននៃការផ្គត់ផ្គង់បាននិងកំពុងធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពប្រកួតប្រជែង ខណៈលំហហូរវិនិយោគិនអន្តរជាតិ មិនត្រូវបានគេមើលឃើញថាកើនឡើងគំហុកខ្លាំង នៅឆ្នាំ២០២១នោះទេ។

ប៉ុន្តែអាគារការិយាល័យកម្រិតB, និងកម្រិតC ជាប្រភេទការិយាល័យនឹងងើបឡើងលឿនជាងគេ ហើយការិយាល័យបែបសហកម្មសិទ្ឋ នឹងមានសញ្ញាល្អប្រសើរផងដែរ។

សណ្ឋាគារ

        ឆ្នាំ២០២១ នៅតែជាឆ្នាំមិនទាន់មានសញ្ញាល្អខ្លាំង សំរាប់វិស័យទេសចរណ៍នៅឡើយទេ ហេតុនេះវិស័យបដិសណ្ឋារកិច្ចនៅតែបន្តរងផលប៉ះពាល់នៅឡើយ ស្របពេល​ដែលសណ្ឋាគារភាគច្រើននៅក្រុងសៀមរាបបិទទ្វារ។

សណ្ឋាគារតូចៗ ដែលគ្មានស្តង់ដាច្បាស់លាស់ អាចបន្តប្រឈមមុខនឹងផលវិបាក​រយៈពេលយូរ ខណៈដែលសណ្ឋាគារធំៗក៏ប្រឈមមុខនឹងបញ្ហាផងដែរ ដោយសារថ្លៃ​ប្រតិបត្តិការខ្ពស់ ខណៈកំនើនភ្ញៀវទេសចរណ៍ត្រូវរំពឹងថា នឹងកើនឡើងយឺតនាឆ្នាំខាងមុខនេះ។

ប៉ុន្តែអ្នកជំនាញជាច្រើនបានអះអាងថា នៅត្រីមាសទី២ឆ្នាំ២០២១ អ្វីៗនឹងមានភាពល្អប្រសើរឡើងវិញ ដោយសារវ៉ាក់សាំងបង្ការជំងឺកូវីដ នឹងត្រូវចែកចាយនៅទូទាំងពិភពលោក៕

រដ្ឋបាលខេត្តពោធិ៍សាត់សម្រេចយកដី៧០ហិកតា សាងសង់រដ្ឋបាលប្រមូលផ្តុំគំរូ

ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់បានសម្រេចធ្វើការអភិវឌ្ឍ និងសាងសង់សំណង់រដ្ឋបាលប្រមូលផ្តុំគំរូនៅលើផ្ទៃដីសរុបទំហំប្រមាណ៧០ហិកតា ដើម្បីឱ្យមានសោភ័ណភាពប្រចាំតំបន់ និងសម្រាប់ជាទីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ថា គម្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំរបស់ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ នឹងក្លាយជារដ្ឋបាលគំរូដ៏ល្អមួយ ដែលមានភាពទាក់ទាញ និងស្រស់ស្អាត ស័ក្ដិសមជាទីកន្លែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកបានបន្តថា សំណង់អគាររដ្ឋបាលប្រមូលផ្តុំនេះនឹងបម្រើសេវានៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ លើផ្ទៃដីបម្រុងទុករបស់រដ្ឋប្រមាណជាង៧០ហិកតា ក្នុងភូមិសាស្ត្រឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកតាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អ សម្រាប់បណ្តាស្រុកដទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលាក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។

ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ ដែលត្រូវសាងសង់នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ក្នុងនោះមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន សម្រាប់ច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ សម្រាប់កម្រិតនៃការអុំទូកថ្នាក់ខេត្ត ៕

ការនាំចូលទំនិញរបស់អាមេរិកពីចិននៅតែកើនឡើង ទោះមានពន្ធខ្ពស់និងវិបត្តិកូវីដ១៩ក៏ដោយ

ដោយ៖ វុទ្ធី

អន្តរជាតិ៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃពុធថា ទោះបីជាការដាក់ពន្ធរបស់រដ្ឋបាល Trump លើទំនិញចិន និងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន កំពុងកើនឡើង ខណៈឆ្នាំ២០២០ ខិតជិតនឹងបញ្ចប់។

បើតាមរបាយការណ៍ បានឱ្យដឹងថា ការកើនឡើងនៃការនាំចូលមានផលិតផលជាច្រើន ដោយជនជាតិអាមេរិកអាចចំណាយលើការកំសាន្ត ភាពយន្ត អាហារ របស់របរប្រើប្រាស់ក្នុងផ្ទះ ដូចជាភ្លើងសម្រាប់ការិយាល័យ និងផ្ទះ ឧបករណ៍ហាត់ប្រាណ និងប្រដាប់ប្រដាក្មេងលេង ដើម្បីឱ្យកូនៗលេងកំសាន្តនៅផ្ទះ។

ទិន្នន័យពាណិជ្ជកម្មក្នុងរយៈពេល ១០ខែដំបូង ឆ្នាំនេះ ដែលត្រូវបានប្រមូលពីទិន្នន័យគយសហរដ្ឋអាមេរិកដោយក្រុមហ៊ុន IHS Markit បង្ហាញថា ការនាំចូលមានដូចជាគ្រឿងអេឡិចត្រូនិក ម៉ាស និងឧបករណ៍ការពារផ្ទាល់ខ្លួនដទៃទៀតពីប្រទេសចិន ដែលមានសន្ទុះខ្លាំង នៅពេលមានការរីករាលខ្លាំង។
នៅក្នុងខែវិច្ឆិកា ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៤៦,១ ភាគរយ ក្នុងទំហំទឹកប្រាក់ ៥១,៩៨ ពាន់លានដុល្លារអាមេរិក។
ការកើនឡើងនៃការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន ផ្ទុយពីការរំពឹងទុករបស់អ្នកនយោបាយអាមេរិកនៃគណបក្សទាំងពីរ ដែលកាលពីដើមឆ្នាំនេះ បានព្យាករណ៍ថា ជំងឺរាតត្បាតនឹងក្លាយជាពេលវេលាសម្រាប់ការកាត់បន្ថយពាណិជ្ជកម្មជាមួយប្រទេសចិន ហើយទីបំផុតនឹងនាំរោងចក្រត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។
របាយការណ៍បានរកឃើញថា “មានសញ្ញាតិចតួចណាស់ ដែលសង្វាក់ផ្គត់ផ្គង់សកល នឹងវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ” ទោះបីជារដ្ឋបាលរបស់លោក Trump ដាក់ពន្ធលើការនាំចូលរបស់ចិន ដែលមានតម្លៃជាង ៣៦០ពាន់លានដុល្លារក៏ដោយ។ ផ្ទុយទៅវិញផលប៉ះពាល់ ដែលបានអូសបន្លាយពេលនៃជំងឺរាតត្បាតលើសហរដ្ឋអាមេរិក ហាក់ដូចជាបានផ្ដល់ផលវិជ្ជមានឱ្យចិនទៅវិញ។

សារព័ត៌មាន The New York Times បានដកស្រង់សម្តី Mary E. Lovely សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិថា “សរុបមកវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងផលិតផលរបស់ដែលជនជាតិអាមេរិកចង់បាន កំឡុងពេលមានរោគរាតត្បាត មានផលប៉ះពាល់លើគោលនយោបាយពន្ធគយរបស់លោក Trump៕