ធនាគារពិភពលោក៖ កម្ពុជា​ចាំបាច់​ជំរុញ​ការវិនិយោគ​ក្នុងស្រុក​និង​ពី​បរទេស​ដើម្បី​ងាក ចេញពី​វិបត្តិ​ឲ្យ​បាន​លឿន

ដោយៈ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ជា​ចាំបាច់ ក្នុង​ការជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ ក្នុងស្រុក និង​ពី​បរទេស​ឱ្យ​ទាញយក​ផលចំណេញ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ក្នុង​តំបន់ ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ ដើម្បីឱ្យ​ឆាប់​រើខ្លួន​ចេញពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។ នេះ​បើ​យោងតាម​ការ​អនុសាសន៍​របស់​ធនាគា​រ​ពិភពលោក (World Bank) កាលពី​ម្សិលមិញ។

លោកស្រី​អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារពិភពលោក មានប្រសាសន៍ថា “ឆ្ពោះទៅ​ពេលខាងមុខ ជាការ​ចាំបាច់​ដែល​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ឱ្យ​ទាញយក​ផលចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ” ។

លោកស្រី​បន្តទៀតថា “លទ្ធភាព​នេះ​អាចធ្វើ​ទៅរួច តាមរយៈ​ការដាក់ចេញ​ឱ្យបាន​ឆាប់រហ័ស​នូវ​ច្បាប់ វិនិយោគ​មាន​ភាព​ប្រកួតប្រជែង និង​ប្រការ​លើកទឹកចិត្ត​នានា​ដល់​ការវិនិយោគ អមដោយ​វិធានការ​ទាំងឡាយ សំដៅ​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើ​អាជីវកម្ម ផងដែរ” ។

ក្នុង​គោលបំណង​ជួយ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ឆាប់​រើខ្លួន​ចេញពី​ការ​រាតត្បាត​ជំងឺ​នេះ ជា​អនុសាសន៍ របាយការណ៍​របស់ World Bank បាន​ស្នើឱ្យ​បង្កើន​ការវិនិយោគ​សាធារណៈ​ស​ម្រា​ប់​ជួយ​ដល់​ជន​ក្រី​ក្រី និង​សម្រាប់​ជំរុញ​កំណើន រួមមាន​ទាំង​កម្មវិធី​បង្កើត​ការងារ​ជា​ថ្នូរ​យកប្រាក់​កម្រៃ​ប្រចាំថ្ងៃ (cash-for-work projects) ទន្ទឹមគ្នានេះ លើកកម្ពស់​វិស័យ​អតិពលកម្ម​នានា ដើម្បី​បង្កើត​ការងារ​ក្នុងឱកាស ដែល​មានការ​ងើបឡើង​ឆាប់រហ័ស​នៃ​តម្រូវការ​ទំនិញប្រើប្រាស់​ក្នុងស្រុក។

របាយការណ៍​ក៏បាន​លើកឡើង​ដែរ នូវ​ឱកាស​នានា​សម្រាប់​សម្រួល​ការពង្រីក ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន និង កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)។

របាយការណ៍​នេះ បានចង្អុលបង្ហាញ​ដែរ អំពី​សារៈសំខាន់​ចាំបាច់​បំផុត​នៃ​ការរៀបចំ​បង្កើន​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ សម្រាប់​វ៉ាក់សាំង​កូ​វី​ឌ១៩ ក៏ដូចជា​ការតាមដាន​ឱ្យបាន​ដិតដល់​ផងដែរ នូវ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​បង្កដោយ​កំណើន​អូសបន្លាយ​យូរពេក របស់​វិស័យ​សំណង់ និង​អចលនទ្រព្យ។

ការស្ទង់មតិ​តាម​ទូរស័ព្ទ ដែល​ធនាគារពិភពលោក​បានធ្វើ​ពីរដង ក្នុង​រយៈពេល​កន្លងទៅ​បានឱ្យដឹងថា ចំនួន​អ្នកផ្តល់​ចម្លើយ ដែល​កំពុងធ្វើការ​ក្នុងពេល​ស្ទង់​មតិ មានការ​ធ្លាក់ចុះ​ពី៨២ភាគរយ នៅពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ១៩ដំបូង មក​នៅត្រឹម៧១ភាគ​ក្នុង​ខែឧសភា ឆ្នាំ២០២០ ហើយ​តួលេខ​នេះ ហាក់ដូចជា​នៅ​ដដែល​ក្នុង​ខែសីហា ឆ្នាំ២០២០ ។

ការ​រាតត្បាត​ជំងឺ​នេះ នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន ទៅលើ​សកម្មភាព​ធុរកិច្ច ដែល​មិនមែនជា​ការដាំដុះ ប៉ុន្តែ​ក្នុង​សភាព​មួយ​ដែល​មិនសូវ​ធ្ងន់ធ្ងរ​ណាស់ណា​ទេ បើ​ប្រៀបធៀប​ទៅនឹង​ពេលដែល​វិបត្តិ​នេះ​បាន​ផ្ទុះឡើងភ្លាម។

ការបាត់បង់​ចំណូល នៅតែមាន​ទំហំធំធេង​នៅឡើយ បើទោះជា​ការធ្លាក់ចុះ​ចំណូល​គ្រួសារ​ថយ​ល្បឿន​បន្តិច​វិញ ក្រោយពី​រដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​ថ្មី​មួយ សម្រាប់​ផ្ទេរ​សាច់ប្រាក់​ទៅ​ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។ ការស្ទង់មតិ​ទាំងនោះ​បង្ហាញថា ជិត៩០ភាគរយ​នៃ​ក្រុមគ្រួសារ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា ជា​អ្នក​ក្រក្រី ដែល​ពួកគេ​បាន​រាយការណ៍​ថា បានទទួល​ប្រាក់​សង្គ្រោះ​នៅក្នុង​ខែសីហា និង​កញ្ញា។

របាយការណ៍​នេះ មាន​ជំពូក​ពិ​សេសមួយ​ផ្តោតទៅលើ ការស្ទង់មតិ​លើ​សកម្មភាព​ធុរកិច្ច​កម្ពុជា (Cambodia Business Pulse Surveys/BPS) ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​ស្វែងយល់​អំពី ផលប៉ះពាល់​របស់​កូ​វីដ១៩ទៅលើ​ធុរកិច្ច។ ការស្ទង់មតិ​លើ​សកម្មភាព​ធុរកិច្ច​នេះ ត្រូវបានធ្វើ​ជាមួយ​ក្រុម​ហ៊ុន​ជាង៥០០ក្រុមហ៊ុន ដែល​បានចាប់ផ្តើម​ពី​ខែមិថុនា​ដល់​ខែកញ្ញា ហើយ​លទ្ធផល​បង្ហាញថា អាជីវកម្ម​ជាច្រើន​បាន​បើកទ្វារ​ឡើងវិញ​ហើយ​តាំងពី​ខែមិថុនា​មក។

យ៉ាងណាក្តី ការលក់​នៅមានកម្រិត​ទាប​ខ្លាំង ពិសេស​សម្រាប់​អាជីវកម្ម​ខ្នាត​មីក្រូ តូច និង​មធ្យម និង​សម្រាប់​បណ្តា​ក្រុមហ៊ុន​ជាច្រើន​នៅ​ខេត្តសៀមរាប៕

ក្រុមហ៊ុន​ម៉ាឡេស៊ី Lion Industries កាត់​យក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ចិន​ដើម្បី​ទូទាត់​បំណុល

ដោយៈ​សុខុម

គូ​ឡា​ឡាំ​ពួ:  វា​ជា​ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែល​ក្រុម​ហ៊ុម​ផលិត​ដែក​ដ៏​ធំ​របស់​ម៉ាឡេស៊ី Lion Industries Corp Bhd (LICB) នឹង​កាត់​យក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន Well Morning Ltd ជាការ​ទូទាត់​បំណុល​ចំនួន២១០,៣៥ លាន​រីង​ហ្គី​ត ស្មើនឹង៥២ លាន​ដុល្លារ​អាមេរិក ។ នេះ​បើ​យោងតាម​សារព័ត៌មាន TheEdgeMarkets បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី១៦ ធ្នូ​កន្លងមកនេះ។

ក្នុង​បំណុល​មិនទាន់​សង​សរុប​ទាំង ២១០,៣៥លាន​រីង​ហ្គី​ត ក្រុមហ៊ុន LDHB ជំពាក់​ក្រុមហ៊ុន Antara Steel Mills Sdn Bhd ចំនួន ២៦,៧៩ លាន​រីង​ហ្គី​ត (៦,៦ លាន​ដុល្លារ) និង​ជំពាក់​ក្រុមហ៊ុន Lion Waterway Logistics Sdn Bhd ចំនួន ៣៥,១៧ លាន​រីង​ហ្គី​ត (៨,៧ លាន​ដុល្លារ) ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ សុទ្ធតែជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន LICB ព្រមទាំង​ជំពាក់​ក្រុមហ៊ុន Posim Marketing Sdn Bhd ដែលជា​បុត្រ​សម្ព័ន្ធ​ប្រយោល​កាន់កាប់​ភាគហ៊ុន ៧៤%) នៃ​ក្រុមហ៊ុន LICB ចំនួន ១៤៨,៣៩ លាន​រីង​ហ្គី​ត (៣៦,៦ លាន​ដុល្លារ)។

សារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា  ក្រុមហ៊ុន Well Morning Ltd ដែលជា​បុត្រ​សម្ព័ន្ធ​កាន់កាប់​ផ្ដាច់មុខ របស់​ក្រុមហ៊ុន LDHB គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

ក្រុមហ៊ុន​ជា​ម្ចាស់បំណុល LICB បាន​បញ្ជាក់ថា ក្រុមហ៊ុន LDHB ត្រូវបាន​តុលាការ​កំពូល​របស់​ម៉ាឡេស៊ី បង្គាប់​កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឱ្យ​ទូទាត់​សងបំណុល​នេះ​ក្រោម​ច្បាប់​គ្រប់គ្រង​ក្រុមហ៊ុន​ឆ្នាំ២០១៦ (Companies Act 2016) ៕

ADB អនុម័ត​កញ្ចប់​កម្ចី​ចំនួន ១២៣លាន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ថ្មើរ ជើង​នៅក្នុង​ទីក្រុង

ដោយ​វុត្ថា

ទីក្រុង​ម៉ានីលៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ផ្តល់ប្រាក់​កម្ចី​ចំនួន ១២៣លាន​ដុល្លារ ដល់​ប្រទេស​ហ្វីលីពីន ដើម្បី​សាងសង់​ផ្លូវ​ថ្មើ​ជើង​ឱ្យមាន​សុវត្ថិភាព ទូលាយ​និង​ស្អាត ព្រមទាំង​មាន​ភាព​ធន់​នឹង​គ្រោះមហន្តរាយ សម្រាប់​អ្នក​ថ្មើរជើង​នៅតាម​បណ្តោយ​មហាវិថី​ដែលមាន​ការកកស្ទះ​បំផុត​របស់​ទីក្រុង​ម៉ានីល។

គេហទំព័រ www.devdiscourse.com  បាន​ចុះផ្សាយ​ឱ្យដឹង​កាលពី​ថ្ងៃទី១៦ ខែធ្នូ​ម្សិលមិញ​នេះ​ថា គម្រោង EDSA Greenways Project នឹង​ជួយ​រដ្ឋាភិបាល ក្នុង​ការកសាង​ផ្លូវ​ដើរ៥គីឡូម៉ែត្រ ដែល​នឹងត្រូវ​ភ្ជាប់​ទៅនឹង​ស្ថានីយ៍ ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​មហាវិថី Epifanio de Los Santos Avenue ឆ្ពោះទៅកាន់​ស្ថានីយ៍​រថភ្លើង Balintawak ស្ថានីយ៍​រថភ្លើង Cubao ស្ថានីយ៍​រថភ្លើង Guadalupe និង ស្ថានីយ៍​រថភ្លើង Taft ។

គេហទំព័រ​ដដែល​បន្ត​ថា សំណង់​ថ្មើរជើង​នេះ​មាន​ទទឹង៥ម៉ែត្រ បំពាក់​ដោយ​ជណ្តើរយន្ត និង​ប្រព័ន្ធ​ត្រួតពិនិត្យ​នឹងមាន​ភាពងាយស្រួល សម្រាប់​អ្នក​ថ្មើរជើង​រួមទាំង​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ កុមារតូចៗ និង​ជនពិការ។

នាយក​ផ្នែក​គមនាគមន៍ និង​ទំនាក់ទំនង​អាស៊ីអាគ្នេយ៍ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី  លោក Hiroaki Yamaguch ឱ្យដឹងថា គម្រោង EDSA Greenways Project គឺជា​ផ្នែក​សំខាន់​មួយ នៃ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើឱ្យ​ទីក្រុង​មេន​ម៉ានីល​ក្លាយជា​កន្លែង​រស់នៅ កន្លែងធ្វើការ និង​កន្លែង​កម្សាន្ត​មាន​ភាពល្អប្រសើរ​ជាង​មុន។

លោក​បន្តថា “គម្រោង​នេះ​គឺជា​ផ្នែក​សំខាន់​មួយ នៃ​ការចូលរួមចំណែក​រប​ស់​យើង​ក្នុង​ការជួយ​ធ្វើឱ្យ​ចក្ខុ​វិស័យនេះ ក្លាយជា​ការពិត​សម្រាប់​ប្រជាជន​ហ្វីលីពីន។លោក​បន្ថែមថា “គម្រោង​នេះ​ជា​ផ្នែក​មួយ នៃ​កម្មវិធី​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន “Build, Build, Build” របស់​រដ្ឋាភិបាល​ដែលមាន​គោលបំណង ជំរុញ​ការចំណាយ​សាធារណៈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ផ្តល់​ការតភ្ជាប់​ល្អប្រសើរ និង​ជំរុញ​កំណើនសេដ្ឋកិច្ច។

អ្នកឯកទេស​ខាង​ដឹកជញ្ជូន​ជាន់ខ្ពស់ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក Shuji Kimura ឱ្យដឹងថា​ថា ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើប សម្រាប់​ផ្លូវ​ដើរ​ពីលើ​អាកាស​នឹង​ជួយផ្តល់​ភាពងាយស្រួល និង​ទទួលបាន​ការធ្វើដំណើរ ប្រកបដោយ​សមធម៌​សម្រាប់​អ្នកដំណើរ ខណៈពេលដែល​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច។

លោក​បន្តថា គម្រោង Metro Manila ត្រូវបាន​គេ​ចាត់ទុកថា ជាទី​ក្រុង​ដែលមាន​ការកកស្ទះ​បំផុត​នៅក្នុង​ទ្វីបអាស៊ី ទាក់ទង​នឹង​ចំនួន​ប្រជាជន​ផ្ទៃដី និង​បណ្តាញ​ផ្លូវថ្នល់​ដោយ​ផ្អែកលើ​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ ២០១៩ របស់ ADB” ៕

ផ្លូវ​កំពុង​ធ្វើ​បណ្តើរ អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ចាប់ផ្តើម​ពង្រីក​ខ្លួន​នៅតាមតំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ខណៈ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣កំពុង​ស្ថាបនា អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នានា​បាន​ពង្រីក​មូលដ្ឋាន​វិនិយោគ​របស់​ពួកគេ ខណៈ​អ្នកជំនាញ​ព្យាករណ៍​ថា ក្នុង​រយៈពេល៥ ទៅ១០ឆ្នាំ​ខាងមុខ​ទៀត វិស័យ​អចលនទ្រព្យ​នឹង​កើនឡើង​រាប់ពាន់​ហិច​តា ជាពិសេស​គម្រោង​លំនៅឋាន​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ។


លោកស្រី​តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service  បាន​ប្រាប់​គេហទំព័រ Propertyarea.asia ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​លំនៅឋាន​នឹង​ពង្រីក​នៅតាម​តំបន់​មួយចំនួន ជាពិសេស​តាមផ្លូវ​ក្រវ៉ាត់​ក្រុង ទី៣ខេត្តកណ្តាល​ឬក៏​ថា៣០ទៅ៤០ គីឡូម៉ែត្រ​ចូល​ក្រុង។

លោកស្រី​បន្តថា “ការពង្រីក​នេះ ដោយសារ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ មានការ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​ទាម​ឱ្យមាន​លំនៅឋាន​កាន់តែច្រើន នៅតាម​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីក្រុង​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ធ្វើឱ្យ​គម្រោង​បុរី និង​លំនៅឋាន​ទៅ​វិនិយោគ​នៅ​ទីនោះ” ។


លោកស្រី​បន្ថែមថា ម្យ៉ាងទៀត​តាម​ផែនការ​របស់​រដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជំ​រុញឱ្យ​រោងចក្រ សហគ្រាស និង​សិប្បកម្មផ្សេងៗ ឱ្យទៅ​បោះ​ទីតាំងនៅ​ជាយក្រុង​ជាពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង​នានា ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​កាត់បន្ថយ​ការកកស្ទះ​នូវ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ។

អភិបាលរ​ជ​ធានី​ភ្នំពេញ  លោក  ឃួ​ង  ស្រេង  បានឱ្យដឹង​កាលពីពេលថ្មីៗនេះ ថា ទី​ក្រង​ភ្នំពេញ​មានការ​រីកចំរើន ដែល​អ្នកសេដ្ឋកិច្ចវិទូ​មិន​ស្មាន​ដល់ ជាមួយនឹង​កំណើន​ប្រជាសាស្ត្រ​ដែល​ស្នាក់នៅ និង​ចរាចរណ៍​នៅក្នុង​ទីក្រុង​កើន​ជាង៣លាន​នាក់ និង​ពង្រីក​ក្រុង​ពី៣០០ ទៅ៧០០ម៉ែត្រក្រឡា។

លោក​បន្តថា ជាមួយនឹង​ការរីកចំរើន​នេះ បានធ្វើឱ្យ​តំបន់​មួយចំនួន​នៃ​ជាយក្រុង​ភ្នំពេញ​មានការ​រីកចំរើន ជាពិសេស​តំបន់​ភាគ​ខាងលិច ដែល​កាលពី​មុខជា​តំបន់​វាលស្រែ បាន​ក្លាយជា​តំបន់​លំនៅឋាន រោងចក្រ​សហគ្រាស និង​សិប្បកម្មផ្សេងៗជាច្រើន​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍ថា គំរោង​អភិវឌ្ឍន៍​ជាច្រើន ពិតជា​បាន​បាញ់​ឆ្ពោះទៅ​តំបន់​ជាយក្រុង​ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មាន​ភាពល្អប្រសើរ ពិសេស​តំបន់​ផ្លូវជាតិ​លេខ២ លេខ៣ លេខ៤ ដែលមាន​កំនើន​គំរោង​លំនៅដ្ឋាន​ច្រើន។


លោក​បន្តថា “តំបន់​ផ្លូវជាតិ​លេខ២ចាប់ពី​តំបន់​កួរស្រូវ ឆ្ពោះទៅ​ស្រុក​បាទី​នឹងមាន​គំរោង​អភិ​វ​ឌ្ឈ​ន៍​លំនៅដ្ឋាន រោងចក្រ សហគ្រាស​ច្រើន​សាងសង់​នៅ​តំបន់​នេះ ក្រោយពេល​ផ្លូវជាតិ​លេខ២បាន​ស្ថាបនា និង​ពង្រីក​រួច” ៕

គម្រោង​សំណង់​បំរើឱ្យ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​ខេត្តកំពត​មានការ​សាងសង់​ច្រើន

ដោយៈ​វុត្ថា

ភ្នំពេញៈ គម្រោង​សំណង់ ដែល​បំរើឱ្យ​វិស័យ​បដិសណ្ឋារកិច្ច​ទេសចរណ៍ នៅក្នុង​ខេត្តកំពត មានការ​ការសាងសង់​ច្រើន ទាំង​នៅក្នុង​ក្រុង តាម​ដងព្រែក និង​ជើងភ្នំ​មាន​ចំនួន​ច្រើន បើទោះបី​កម្ពុជា​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ឆ្នាំ២០២០នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុល បាន​ប្រាប់​គេហទំព័រ​Propertyarea.asia កាលពី​ថ្ងៃទី ១៦ ខែធ្នូ​ម្សិលមិញ​នេះ​ថា លោក​បាន​មិនដឹង​ច្បាស់​នៅ​ខេត្ត​ណា​ផ្សេង ក្រៅពី​ខេត្តកំពត​មានការ​អភិវឌ្ឍន៍ ឬ​សាងសង់​សំណង់​សម្រាប់​បំរើឱ្យ​វិស័យ​បដិសណ្ឋារកិច្ច ជួប​បញ្ហា​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ឬក៏​អត់​ទេ ប៉ុន្តែ​សម្រាប់​ខេត្តកំពត គឺ​មិនមាន​បញ្ហា​នោះទេ។

លោក​បញ្ជាក់ថា “នៅក្នុង​ឆ្នាំ២០២០នេះ យើង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ មែន ប៉ុន្តែ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​សេវា និង​សំណង់​ដែល​បំរើឱ្យ​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្តកំពត​នៅតែមាន​ជា​រៀងរាល់ថ្ងៃ” ។ លោក​បន្តថា “យើង​សង្កេតឃើញថា សំណង់​ដែល​សាងសង់​រួចរាល់ និង​សំណង់​ដែល​កំពុង​សាងសង់ មានការ​រីកដុះដាល​ច្រើន​ទាំង​នៅក្នុង​ក្រុង និង នៅតាម​ដងព្រែក​នៃ​ខេត្តកំពត” ។


លោក​សយ ស៊ី​ណុល​បាន​បន្ថែមថា បើ​យើង​ប្រៀបធៀប​ជាមួយនឹង​វិបត្តិ គ៏​មាន​បញ្ហា​ហើយ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ខេត្តកំពត​នេះ កំពុងតែបន្ត​ដំណើរកា​រ​ទៅមុខ​ដោយ​គ្មាន​ការរាំងស្ទះ​នោះទេ ស្ទើរ​គ្រប់​គម្រោង។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បើតាម​លោក ប្រធាន​រូបនេះ មិនបាន​បញ្ជាក់​ពី​ចំនួន​គម្រោង​សាងសង់​សំណង់ ដែល​បំរើឱ្យ​វិស័យ​ទេសចរណ៍ មាន​ប៉ុន្មាន​នោះទេ ដោយ​លោក​មិនទាន់​បានធ្វើ​ការសិក្សា​តួលេខ​ជាក់ស្តែង។

លោក បែន រតនា ម្ចាស់​គម្រោង​អភិវឌ្ឍន៍​វិឡា​លម្ហែកាយ នៅក្នុង​ខេត្តកំពត​បានឱ្យដឹង​ដែរ​ថា នៅក្នុង​ខេត្តកំពត​នេះ មាន​គម្រោង​អភិវឌ្ឍន៍​សំណង់​លម្ហែកាយ និង​សំណង់ផ្សេងៗនៅតែ​ដំណើរការ និង​មានការ​កើនឡើង​ច្រើន នៅក្នុង​រយៈពេល​កន្លងមក​នេះ  ដោយសារ​ខេត្ត​នេះ មាន​ភាព​អំណោយផល​ទាំង​ភូមិសាស្ត្រ និង​តំបន់​ដែលមាន​ការទាក់ទាញ​ខ្លាំង។

លោក​បន្តថា “សម្រាប់​ខេត្តកំពត​នេះ បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ មានការ​រីក​ចំ​រើ ដោយ​ក្នុងនោះ យើង​ឃើញជាក់ស្តែង​មានការ​អភិវឌ្ឍន៍ វិស័យ​ឡូ​តិ៍ ផ្ទះល្វែង  រមណីយដ្ឋាន ជាពិសេស​វិឡា​បែប​លម្ហែកាយ​ច្រើន សម្រាប់​បំរើឱ្យ​វិស័យ​ទេសចរណ៍” ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់បាន​ឱ្យដឹង​កន្លង​មកនេះ​ថា ខេត្តកំពត គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​របស់​កម្ពុជា ដែលមាន​ការរីកចំរើន​ទាំង​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ និង​សំណង់  និង​មាន​សក្តានុពល​ខ្ពស់ ព្រោះ​វា​នៅ​មិន​ឆ្ងាយ​ពី​ភ្នំពេញ។


លោក​បាន​ព្យាករ​ថា“ខេត្តកំពត នឹងត្រូវ​បានជ្រើសរើស​ជា​ខេត្ត​គោលដៅ​យ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​របស់​រាជរដ្ឋាភិបាល បន្ទាប់ពី​ខេត្តសៀមរាប” ៕

ចំណេះដឹង! តើការគ្រប់គ្រងដីរដ្ឋ និងការបែងចែកដីរដ្ឋត្រូវអនុវត្តន៍ដូចម្តេច?

ដោយៈ​វុត្ថា

ភ្នំពេញៈ រដ្ឋ និង​នីតិ​វិ​បុគ្គល​សាធារណៈផ្សេងៗ គឺជា​ម្ចាស់​ដី​រដ្ឋ​ទាំងអស់។ ដី​សាធារណៈ​របស់​រដ្ឋ នឹងត្រូវ​គ្រប់គ្រង​ដោយ​ក្រសួង​ឬ​ស្ថាប័ន ឬ​អង្គភាព​ដែលមាន​អាណត្តិ​ជាប់​នឹង​ប្រយោជន៍​សាធារណៈ​នោះ ឬ​ជាប់​នឹង​ការប្រើប្រាស់​ជា​សាធារណៈ នូវ​តំបន់​ជាក់លាក់​ណាមួយ​នៃ​ដី​សាធារណៈ​របស់​រដ្ឋ។

យោង​តា​ឯកសា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី គោលនយោបាយ​ស្តីពី ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យដឹងថា ក្រសួង ឬ​ស្ថាប័ន​ឬ អង្គភាពនីមួយៗ នឹងមាន​សិទ្ធិ​ផ្ទេរអំណាច គ្រប់គ្រង​ទ្រព្យ​សាធារណៈ​មួយ​បន្តទៀត ដោយ​ផ្អែកលើ​កិច្ច​ន្យា​ជា​លាយ​លក្ខ​អក្សរ នៃ​ការទទួលខុសត្រូវ​គ្រប់គ្រង រាប់ទាំង​លក្ខណៈ​ជាក់លាក់​នៃ​ទ្រព្យ​ដែល​ត្រូវ​ផ្ទេរ ដោយ​យោងតាម​លក្ខខណ្ឌ​ច្បាប់។

អនុក្រឹត្យ​នេះ នឹង​កំណត់​នូវ​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ដី​រដ្ឋ ដែល​យក​ច្បាប់​ភូមិបាល និង​ច្បាប់​ពាក់ព័ន្ធ​ដទៃទៀត​មក​ពិចារណា ។ ដី​សាធារណៈ​របស់​រដ្ឋ នឹងត្រូវ​គ្រប់គ្រង​ដោយ​ក្រសួង ឬ​អាជ្ញាធរ ដែល​ក្នុង​អាណត្តិ​របស់ខ្លួន មាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ឬ​ការប្រើប្រាស់​ជា​សាធារណៈ។ ដីឯកជន​របស់​រដ្ឋ​នឹងត្រូវ​គ្រប់គ្រង ដោយ​គណៈកម្មាធិការ​ប្រើ​ប្រាស់ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង។

គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ថ្នាក់​ខេត្ត ក្រុង ត្រូវបាន​ប្រគល់​សិទ្ធិ​ឱ្យមាន​មតិ សម្រេច​លើ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច និង​សម្បទាន​ដី​សេដ្ឋកិច្ច ស្របតាម​នីតិវិធី​ដែល​បាន​បង្កើត​សំរាប់​ការផ្ទេរ​ដី​នេះ។ គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ថ្នាក់​ខេត្ត នឹងមាន​អំណាច​ផ្ទេរ​ការទទួលខុសត្រូវ លើ​ការគ្រប់គ្រង​ដីឯកជន​របស់​រដ្ឋ ទៅឱ្យ​អង្គភាព​សាធារណៈ​ផ្សេងទៀត  ប៉ុន្តែ​មិនអាច​ផ្ទេរសិទ្ធិ​លក់ ជួល ឬ​សិទ្ធិ​ប្រគល់​ដី​ទៅឱ្យ​អង្គភាព​សាធារណៈ​ដទៃទៀត​ឡើយ។

គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ថ្នាក់​ខេត្តនីមួយៗ នឹង​ទទួលខុសត្រូវ​ចំពោះ​ការកសាង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់​ខេត្ត​ក្រុង ដែល​បង្កើត​ផែនការ​ប្រើប្រាស់​ដី​សាធារណៈ​របស់​រដ្ឋ ដោយ​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ត្រូវ​បានទទួល​ការយល់ព្រម ពី​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី។ គ្មាន​ការប្រើប្រាស់​ដី​រដ្ឋ ផ្ទុយ​ពី​ផែនការ​ប្រើប្រាស់​ដី អាច​ត្រូវបាន​អនុញ្ញាត​ឡើយ។ ប៉ុន្តែ​ផែនការ​ប្រើប្រាស់​ដី​នេះ ក៏​អាចធ្វើ​កែប្រែ បាន​ដោយ​គណៈកម្មកា​ធិ​ការប្រើប្រាស់ និង​បែងចែក​ដី​ខេត្ត​ក្រុង ក្រោម​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ដោយ​គ្មាន​ការជំទាស់​ពី​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី។

ការបែងចែក​ដី​នៅក្នុង​បរិបទ​នេះ​មានន័យថា ជាការ​ចាត់ចែង​ដី​របស់​រដ្ឋ​សម្រាប់​គោលដៅផ្សេង។ មានតែ​ដីឯកជន​របស់​រដ្ឋ​ប៉ុណ្ណោះ ដែល​អាចធ្វើ​ការបែងចែក​បាន។ ដី​សាធារណៈ​របស់​រដ្ឋ អាចធ្វើ​ការបែងចែក​បាន លុះត្រាតែ​បានធ្វើ​ចំណា​ច់​ថ្នាក់​ឡើងវិញ​មកជា​ដីឯកជន​របស់​រដ្ឋ​ជាមុនសិន។ ដោយហេតុថា ដី​ត្រូវតែ​ធ្វើ​ចំណាត់ថ្នាក់ ឱ្យទៅជា​ដីឯកជន​របស់​រដ្ឋ ហើយ​មុ​នឹង​នឹងធ្វើ​ចំ​ណាត​ថ្នាក់ ដី​នេះ​ត្រូវតែ​បាន​ចុះបញ្ជី​ជាមុនសិន។

ដូច្នេះ​គឺមាន​តែ​ដីឯកជន​របស់​រដ្ឋ ដែល​បាន​ចុះបញ្ជី​រួចហើយ​ទេ ដែល​អាចបែងចែក​បាន។ ដីឯកជន​របស់​រដ្ឋ​អាចបែងចែក សម្រាប់​ការប្រើប្រាស់​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ជា​ទ្រព្យ​ខេត្ត​ក្រុង ឬ​ជា​ទ្រព្យ​សហគមន៍ និង​សំរាប់​អង្គភាព​ឯកជន។

ការបែងចែក​សំរាប់​អង្គភាព​ឯកជន អាចធ្វើ​ទៅបាន​តាមរយៈ​សម្បទាន ដោយ​អនុលោម​តាម​អនុក្រឹត្យ​ពាក់​ព័​ន្ ឬ​តាមរយៈ​ភតិសន្យា(ការជួល) ដែល​នឹងមាន​ព័រ​ណ៌​នា នៅក្នុង​អនុក្រឹត្យ ។ យោងតាម​ច្បាប់​ភូមិបាល​ដីឯកជន របស់​រដ្ឋ​អាចជា​កម្មវត្ថុ​នៃ​ភិត​សន្យា ។ បទបញ្ជា​បច្ចុប្បន្ន​នៃ​ភិ​តិ​សន្យា គឺ​ផ្អែកលើ​បរទប​ញ្ជា​លេខ ៣០ បប/ ១៩៩៧ ៕

សេដ្ឋវិទូអន្តរជាតិៈ តើវិស័យSMEកម្ពុជាគួរយកគំរូតាមប្រទេសកូរ៉េខាងត្បូង?

ដោយគង់ សូរិយា

ភ្នំពេញៈ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តួនាទីសហគ្រាសធុនតូច និងមធ្យមមានសារៈសំខាន់ខ្លាំងណាស់ ខណៈសេដ្ឋកិច្ចជាតិមានការរីកចម្រើន សមាមាត្រ និងតួនាទីសហគ្រាសធុនតូច និងមធ្យមនៅក្នុងសេដ្ឋកិច្ចជាតិក៏អាចផ្លាស់ប្តូរបានដែរ។

ជាពិសេស តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានការប្រមូលដើមទុនចូលរួម ដល់ផលិតកម្មឧស្សាហកម្មភាគច្រើន និងជាវិស័យចម្បងសម្រាប់ការងារនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះសហគ្រាសធុនតូច និងមធ្យមត្រូវតែស្វែងរកតួនាទីរបស់ខ្លួន ហើយអាចរួចផុតពីបញ្ហាចំពោះមុខនៃការប្រកួតប្រជែង ឬអាចប្រជែងមួយគ្នាជាមួយដៃគូប្រកួតប្រជែងមូលធនធំៗ នៅក្នុងប្រទេសមួយដែលសេដ្ឋកិច្ចជាតិកំពុងអភិវឌ្ឍរួមជាមួយនឹងការប្រមូលដើមទុន។

ក្នុងករណីប្រទេសកូរ៉េ គំរូនៃកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនផលិតកម្មត្រូវបានបញ្ចប់ចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០ ដែលជារយៈពេលក្នុងការប្រមូលដើមទុនយ៉ាងឆាប់រហ័ស ដោយប្រទេសកូរ៉េបានចូលទៅក្នុងការបង្កើតថ្មី ប្រក​បដោយប្រសិទ្ធភាព ជាមួយនឹងសាជីវកម្មសេដ្ឋកិច្ចដ៏ធំមួយ ហើយកូរ៉េបានលើកកម្ពស់ការប្រកួតប្រជែងតាមប្រព័ន្ធអន្តរជាតិ ដោយការប្រើប្រាស់ប្រព័ន្ធតាំងពីឆ្នាំ ១៩៩០។ ម៉្យាងវិញទៀតក្នុងអំឡុងពេលនោះ គំលាតត្រូវបានស្ថិតនៅក្រោមការអភិវឌ្ឍ ហើយត្រូវប្រកួតប្រជែងជាមួយសាជីវកម្មធំៗក្នុងស្រុក និងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដូចជាចិនជាដើម។

ជាលទ្ធផល គំលាតរវាងក្រុមហ៊ុនដើមទុនធំ និងសហគ្រាសធុនតូច និងមធ្យមក្នុងសេដ្ឋកិច្ចកូរ៉េបានពង្រីក។ លើសពីនេះ គម្លាតនៃផលិតភាពការងារកាន់តែរីកធំបន្ថែមទៀតដល់ប៉ូលនីយកម្ម។ ប៉ុន្តែបន្ទាប់ពីវិបត្តិសេដ្ឋកិច្ច និងការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងឆាប់រហ័ស នៅចុងទសវត្សឆ្នាំ១៩៩០ ដល់ដើមទសវត្សរ៍ឆ្នាំ២០០០ សហគ្រាសធុនតូច និងមធ្យម បានចាប់ផ្តើមលេចចេញជាក្បាលម៉ាស៊ីនកំណើនថ្មីមួយ ដែលឱ្យមានការរីកចម្រើន ប្រកបដោយភាពច្នៃប្រឌិត នៃសេដ្ឋកិច្ចកូរ៉េក្នុងទម្រង់ជាក្រុមហ៊ុនបណ្តាក់ទុន។

ដំបូងនៅពេលផ្តោតលើសហគ្រាសធុនតូច និងមធ្យម សមាមាត្រនៃសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកូរ៉េ ជាមួយនឹងចំនួននិយោជិកបានកើនឡើងពី ៨៧.៥ ភាគរយ ក្នុងឆ្នាំ២០១១ ដល់៨៩,៨ភាគរយ ក្នុងឆ្នាំ២០១៧។ ក្នុងចំណោមនោះចំនួនសហគ្រាសខ្នាតតូច និងមធ្យមដែលជំរុញដោយការច្នៃប្រឌិត បានកើនឡើង១៨,១ ភាគរយ ពី ៦០.៦៥០ ក្នុងឆ្នាំ ២០១១ ដល់ ៧១.៦៤៦ ក្នុងឆ្នាំ ២០១៨។

យោងតាមការស្ទាបស្ទង់នៃសហគ្រាសធុនតូច និងមធ្យម ការបង្កើតថ្មីដែលត្រូវបានចាត់ថ្នាក់ ទៅជាក្រុមហ៊ុនបណ្តាក់ទុន(ការច្នៃប្រឌិតបច្ចេកវិទ្យា) និងការច្នៃប្រឌិតគ្រ​ប់​​គ្រង”។ ចំនួនក្រុមហ៊ុនបណ្តាក់ទុនរួម បានកើនឡើងយ៉ាងខ្លាំងពី២៦,១៤៨ ក្នុងឆ្នាំ ២០១១ និង៣១,២៦០ ក្នុងឆ្នាំ២០១៥ និងបានកើនឡើងដល់៣៦.៨២០ ឆ្នាំ២០១៨។

ដូច្នេះសហគ្រាសធុនតូច និងមធ្យម នៅកូរ៉េបានបង្កើតគំរូអាជីវកម្ម និងធានានូវភាពប្រកួតប្រជែងតាមវិធីផ្សេងៗ ដើម្បីសម្របខ្លួនបានក្នុងបរិដ្ឋានអេកូឡូស៊ីថ្មី ចាប់តាំងពីឆ្នាំ ២០០០។ ទន្ទឹមនឹងនេះវិស័យសហគ្រាសធុនតូច និងមធ្យមបានធានាតួនាទីរបស់ខ្លួនដោយផ្អែកលើការប្រកួតប្រជែងជាសកល ក្រោមការផ្តួចផ្តើមគំនិតសហគ្រាស ដែលមានស្រាប់ជាមួយរចនាសម្ពន្ធ័សេដ្ឋកិច្ច ដោយធានាបាននូវទំនាក់ទំនងប្រកបដោយចីរភាពជាមួយសាជីវកម្មធំៗ ហើយរដ្ឋាភិបាលកំពុងគាំទ្រយ៉ាងសកម្មចំពោះបញ្ហានេះ។

នៅក្នុងសេដ្ឋកិច្ចកូរ៉េ សហគ្រាសធុនតូច និងមធ្យមត្រូវតែខ្លាំង ក្នុងការប្រកួតប្រជែងជាមួយសហគ្រាសធុនតូច និងមធ្យមដទៃទៀត និងការប្រកួតប្រជែងរវាងសាជីវកម្មធំៗដែលមានស្រាប់។ ហើយកត្តាក្រៅ ត្រូវរួចផុតពីការប្រកួតប្រជែង ពីក្រុមហ៊ុននាំចេញធំៗ នៅអាស៊ីអាគ្នេយ៍ ចិន អាមេរិកខាងជើង និងអឺរ៉ុប។

យោងតាមលទ្ធផល នៃសូចនាករស្ថិតិទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យម រហូតមកដល់ពេលថ្មីៗនេះ អត្ថប្រយោជន៍ត្រូវបានយកមកធ្វើការប្រៀបធៀប ត្រូវបានបែងចែកតាមវិស័យ ក្នុងការប្រកួតប្រជែងជាមួយសហគ្រាសធុនតូច និងមធ្យម នៅចិន ជប៉ុន និងអាស៊ីអាគ្នេយ៍ដូចដែលបានឃើញពីមុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសធុនតូច និងមធ្យម និងរដ្ឋាភិបាលកូរ៉េ បាននិងកំពុងខិតខំធ្វើឱ្យប្រសើរឡើង នូវការប្រកួតប្រជែងផ្នែកនាំចេញ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃសហគ្រាសធុនតូច និងមធ្យមក្នុងការនាំចេញ។ នេះគឺជាការប្រកួតប្រជែង តាមរយៈការច្នៃប្រឌិតផលិតកម្មឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាអាយស៊ីធី។ ការផ្តោតអារម្មណ៍លើការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការពន្លឿនការច្នៃប្រឌិតថ្មីនៃ    វិស័យផលិតកម្ម តាមរយៈការលើកកម្ពស់រោងចក្រតាមតំបន់។ លើសពីនេះការពង្រីកក្រុមហ៊ុនសាមសុងអេឡិចត្រូនិកឆ្លាតវៃ ក្រុមហ៊ុន POSCO សភាពាណិជ្ជកម្មកូរ៉េ និងក្រុមហ៊ុន Hyundai បាននិងកំពុងជំរុញគោលនយោបាយ ដែលនាំទៅដល់ការបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះជាមួយសហគ្រាសធុនតូច និងមធ្យម។

លើសពីនេះ រដ្ឋាភិបាលគាំទ្រដល់ដើមទុនវិនិយោគ និងការវិនិយោគដទៃទៀតដើម្បីជួយសម្រួលដល់ការវិនិយោគ នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួម។ ជាពិសេសក្នុងករ​ណីក្រុមហ៊ុនច្នៃប្រឌិតបច្ចេកវិទ្យា រដ្ឋាភិបាលកំពុងបង្កើតមូលនិធិច្នៃប្រឌិត ដើម្បីរីកចម្រើ​នជាក្រុមហ៊ុនទាំងនេះ។ ទន្ទឹមនឹងនេះវាក៏កំពុងលើកកម្ពស់គោលនយោបាយ ដើម្បីជំរុញការបណ្តាក់ទុនរួម ដូចជាការបង្កើតមូលនិធិសកល ដើម្បីឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមនៅក្រៅប្រទេសអាចវិនិយោគ ក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកូរ៉េ។

អ្វីដែលសំខាន់បំផុត ដើម្បីប្រកួតប្រជែង ប្រៀបធៀបនឹងអ្នកដទៃទៀតនៅក្នុងបរិ  ដ្ឋានអេកូឡូស៊ីថ្មី យើងកំពុងជំរុញការគាំទ្រពន្ធ និងជំរុញកម្លាំងបច្ចេកទេសច្នៃប្រឌិតតាមរយៈការលើកកម្ពស់កម្លាំងពលកម្មបច្ចេកទេសជឿនលឿន។

ក្រៅពីនេះ អាជីវកម្មខ្នាតតូច រួមទាំងអាជីវកម្មខ្នាតតូចចំនួន៣,១៤លាន និងអ្នកអាជីវកម្មចំនួន៥,៥៦លាន កំពុងធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។ នាពេលថ្មីៗនេះរដ្ឋាភិបាល កំពុងលើកកម្ពស់គោលនយោបាយគាំទ្រការច្នៃប្រឌិត ប្រកបដោយភាពសកម្មដោយដាក់បញ្ចូលសហគ្រាសខ្នាតតូច ដែលប្រកបរបរចិញ្ចឹមជីវិតជាគោលដៅ សម្រាប់គាំទ្រគោលនយោបាយ។ នេះក៏ព្រោះតែវិស័យអាជីវកម្មខ្នាតតូចទាំងនេះ មានតួនាទីបង្កើតការ​ងារយ៉ាងសំខាន់នៅកូរ៉េ។

នៅពេលការប្រមូលដើមទុនកំពុងតែដំណើរការ ដែលមានសភាពស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ គំរូកំណើននៃការពង្រីកការរួមបញ្ចូល សម្រាប់ផលិតកម្មមានប្រសិទ្ធភាព តួនាទីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយក្នុងការកែលំអភាពប្រកួ​តប្រជែងនឹងកាន់តែមានភាពបន្ទាន់។ បទពិសោធន៍របស់ប្រទេសកូរ៉េ នឹងក្លាយជាគំរូដ៏ល្អសម្រាប់ប្រទេសកម្ពុជា៕

តើប្លង់គោលអភិវឌ្ឍន៍និងប្រើប្រាស់ដីមានសារៈសំខាន់បែបណាសំរាប់ រៀបចំផែនការអភិវឌ្ឍន៍

ដោយបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្ម

ភ្នំពេញៈ ប្លង់គោលប្រើប្រាស់ដី គឺជាប្លង់ឬផែនទី ដែលកើតចេញពីការគិតគូរ និងរៀបចំផែនការទុកជាមុន សម្រាប់បំពេញតម្រូវការនៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ទៅតាមដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍរបស់សង្គមណាមួយ។ គ្រប់ផ្នែក គ្រប់វិស័យនៃរាល់សម័យកាលសង្គម សុទ្ធតែត្រូវការដីធ្លី ដើម្បីទ្រទ្រង់ជីវិត និងធ្វើការអភិវឌ្ឍជាបន្តប  ន្ទាប់។

រហូតមកដល់ពេលនេះ ស្ទើតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បាននឹងកំពុងរៀបចំ និងអនុវត្តប្លង់គោលប្រើប្រាស់ដីរបស់ខ្លួនយ៉ាងភ្ជាប់ភ្ជួន ដោយចាត់ទុកវាជាត្រីវិស័យគ្រឹះសម្រាប់តម្រង់ទិស នៃការអភិវឌ្ឍឱ្យបានសមស្រប និងប្រកបដោយចីរភាព។ ជាមួយគ្នានេះកម្ពុជាយើងក៏បានខិតខំព្យាយាមកសាងបញ្ចប់ និងកំពុងអនុវត្តគម្រោងទាំងឡាយយ៉ាងផុលផុស បើទោះបីជាយើងជួបប្រទះនូវបញ្ហាប្រឈមខ្លះក៏ដោយ។

ជាក់ស្តែង យើងបានសម្រេចកិច្ចការប្លង់គោលជាច្រើន ដូចជា ប្លង់គោលក្រុងតាខ្មៅ ទីប្រជុំជនជ្រៃធំ នៃខេត្តកណ្តាល ក្រុងបាត់ដំបង ក្រុងសៀមរាប…និងផែនការរៀបចំដែនដីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ។ល។

តាមរយៈទស្សនៈខាងលើឃើញថា រាល់តម្រូវការ ឬការរៀបចំណាដែលខ្វះផែន​ការ ឬខ្វះការគិតគូររៀបចំទុកជាមុនសមស្រប នោះលទ្ធផលទទួលបានច្រើនតែជាគម្រោ​ងច្របូកច្របល់ មានភាពលំបាកស្មុគស្មាញ  ហើយអាចធ្វើឱ្យខាតបង់ថវិកា និងធនធានច្រើននៅពេលអនុវត្តជាក់ស្តែង។ រាល់កត្តាទាំងនេះ នឹងធ្វើឱ្យស្នាដៃសម្រេចបានរបស់យើងខ្វះការចាប់អារម្មណ៍ និងមិនមានការគាំទ្រច្រើនពីអ្នកជំនាញ និងមហាជនទូទៅ។

ជាការពិតណាស់ រដ្ឋាភិបាលគឺជាអ្នកគាំពារ និងធានាខុសត្រូវលើការគ្រប់គ្រង ការអភិវឌ្ឍ និងការអនុវត្តច្បាប់ដោយតម្លាភាពនៅក្នុងសង្គមជាតិ។ ដូចនេះពេលណានិយាយដល់តម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវិឌ្ឍចីរភាព ចាំបាច់ត្រូវរៀបចំផែនការទុកឱ្យបានល្អ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការរៀបចំផែនការដីធ្លីសមស្របនៅគ្រប់កម្រិត ចាំបាច់ត្រូវមានការគិតគូរ និងសិក្សាកសាងឱ្យមានលក្ខណៈស៊ីចង្វាក់គ្នាជាមួយប្រទេសនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។

ទោះជាយ៉ាងណា នៅក្នុងកិច្ចការបច្ចេកទេស គេអាចកសាងផែនការដីធ្លីទ្វេរទិសបាន គឺរៀបចំពីកម្រិតថ្នាក់ក្រោមឡើងទៅលើ ឬពីលើចុះក្រោម តាមការកំណត់របស់ប្រទេសនីមួយៗ។ ផែនការថ្នាក់លើ ជាមូលដ្ឋានគោលសម្រាប់កសាងផែនការថ្នាក់ក្រោម និងផែនការថ្នាក់ក្រោម ជាមូលដ្ឋានលម្អិតច្បាស់លាស់ សម្រាប់កែតម្រូវផែនការថ្នាក់លើឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការអភិវឌ្ឍរបស់សង្គម។

មានមូលហេតុ និងការងារពាក់ព័ន្ធមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាខិតខំពុះពារ និងធ្វើឱ្យបានសម្រេចប្លង់គោលប្រើប្រាស់ដីអនាគត ដែលជាឧបករណ៍បង្ហាញទិសក្នុងការអភិវឌ្ឍ ដូចខាងក្រោម ទី១- ការបាត់បង់ឯកសារ ឬមិនបានរៀបចំប្លង់គោលប្រើប្រាស់ដីនៅពេលប្រទេសជាតិក្រីក្រ ប្រជាជនតិច សំណង់ស្តួចស្តើង ទីផ្សារដីធ្លី និងកំណើនសេដ្ឋកិច្ចទាប ជាឱកាសងាយស្រួលក្នុងការកសាង និងអនុវត្តគម្រោង ហើយរដ្ឋមិនចំណា​យធនធាននិងថវិកាច្រើន។

ផ្ទុយទៅវិញការរៀបចំនៅពេលនេះ រដ្ឋមានការខាតបង់ ក្នុងការដោះស្រាយគោលនយោបាយ និងប្រឈមការតវ៉ាច្រើនមុននឹងចេញបណ្ណកម្មសិទ្ធិ ឬធ្វើការអភិវឌ្ឍនៅតាមតំបន់មួយចំនួន ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមិនទាន់ហួសពេលដែរ សម្រាប់ការខិតខំរបស់ប្រទេសយើងចាប់ពីពេលនេះតទៅ។

ទី២- កំណើនប្រជាជន ការអភិវឌ្ឍកំពុងមានភាពគំហុក និងការផ្សាភ្ជាប់ជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ចសកលលោក បានធ្វើឱ្យតម្រូវការដីធ្លីកាន់តែកើនឡើង ដែលធ្វើឱ្យរដ្ឋចាំបាច់ត្រូវចាត់ចែង រៀបចំទុកដាក់ឱ្យបានល្អប្រសើរ ឬពិនិត្យភាពសមស្របនៃរាល់តម្រូវការប្រើប្រាស់ដីធ្លីទាំងនោះទៅតាមផែនការ និងច្បាប់កំណត់ត្រឹមត្រូវ។

ទី៣- បច្ចុប្បន្នភាព ប្រភេទដីនីមួយៗ មិនទាន់ត្រូវបានកំណត់ដោយច្បាប់ក្នុងការគ្រប់គ្រងឱ្យបានច្បាស់លាស់នៅឡើយ ដូចជា ការប្តូរប្រភេទដីដែលគ្មានប្លង់គោលត្រឹមត្រូវ ការចាក់លុបដីកសិកម្ម ដីព្រែក អូរ ឬបឹងធម្មជាតិ ដែលធ្វើឱ្យបាត់បង់ដីដាំដុះជាច្រើនសម្រាប់ផលិតនិងផ្គត់ផ្គង់ស្បៀង ធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ក្នុងផលិតកម្ម និងការរស់នៅ ព្រមទាំងអាចបាត់បង់ប្រព័ន្ធរំដោះទឹកនៅពេលទឹកជំនន់ និងគ្រោះធម្មជាតិកើតឡើង។

ទី៤- រដ្ឋាភិបាលមានគោលនយោបាយតម្រង់ទិស អភិវឌ្ឍន៍ប្រកបដោយចីរភាព និងខិតខំជម្រុញកំណើនសេដ្ឋកិច្ចសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដូចនេះចាំបាច់ត្រូវរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី ដើម្បីលើទឹកចិត្ត និងអូសទាញការវិនិយោគ ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដីមានប្រសិទ្ធភាព។

ទី៥- សំណង់ជាច្រើននៅកម្ពុជាបាននឹងកំពុងលូតលាស់ខ្លាំង ហើយភាគច្រើនសាងសង់តាមហេដ្ឋារចនា  សម្ព័ន្ធដែលមានស្រាប់ ខ្វះផែនការកំណត់តាមបច្ចេកទេសបានត្រឹមត្រូវ ឬមិនគោរពតាមប្លង់គោល ឬបទប្បញ្ញត្តិ សំណង់ ដែលអាចធ្វើឱ្យសំណង់គ្មានសណ្តាប់ធ្នាប់ និងគ្មានគុណភាព។ សំណង់រោងចក្រ និងឃ្លាំងជាច្រើន បាននឹងកំពុងបង្កើតឡើងរាយប៉ាយគ្រប់ទីកន្លែង ជាពិសេស ស្ថិតនៅក្នុងទីប្រជុំជនក្រុងមានមនុស្សអ៊ូរអរច្រើន ដែលធ្វើឱ្យបំពុលដល់បរិស្ថានក្នុងការរស់នៅ កកស្ទះចរាចរណ៍ និងមានការលំបាកក្នុងការរៀបចំក្រុងឱ្យបានល្អប្រសើរនៅពេលខាងមុខ។

ក្រៅពីនេះ នៅមានសំណង់មិនរៀបរយតាមចំណីព្រែក ស្ទឹង ទំនប់ ប្រឡាយ បឹងបួរ និងសំណង់  ទន្រ្ទានចំណីផ្លូវ ដែលជាដីសាធារណៈរបស់រដ្ឋ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ទេសភាព បរិស្ថាន និងសង្គម។

ទី៦- ផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី នឹងអាចជួយដល់ ការកំណត់ប្រភេទប្រើប្រាស់ដី ពេលចេញបណ្ណកម្មសិទ្ធិបានសុក្រឹត្យ គាំទ្រដល់ការចុះបញ្ជីដីបានលឿននិងសមស្រប គ្រប់គ្រងប្រើប្រាស់ដី ចំគោលដៅ លើកស្ទួយរាល់ការអភិវឌ្ឍតាមកម្រិតថ្នាក់រដ្ឋបាលនៃគម្រោង ដូចជា ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀនផ្សារ…និងជាឆ្អឹងខ្នងគោលនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រៅពីនេះ វាជាមូលដ្ឋានកំណត់ពន្ធដារបានត្រឹមត្រូវតាមតម្លៃ និងគុណភាពដី និងអាចជួយប្រែក្លាយទៅជាទីក្រុង ឬប្រទេសល្អស្អាតក្នុងការប្រលងប្រណាំងជាមួយអន្តរជាតិ។

ទី៧- កិច្ចការបន្ថែមដែលរដ្ឋត្រូវធ្វើ និងទទួលខុសត្រូវពាក់ព័ន្ធនឹងហេដ្ឋារចនាស   ម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី គឺរៀបចំច្បាប់និងបទប្បញ្ញត្តនៅពេលកសាង និងអនុវត្តឱ្យបានច្បាស់លាស់ ដូចជា កាលណាចាប់ផ្តើមអនុវត្តន៍ប្លង់គោល គឺពិតជាប៉ះពាល់ដីឬសំណង់កម្មសិទ្ធិ ឬដីភោគៈរបស់ពលរដ្ឋហើយ វាគ្រាន់តែច្រើនឬតិចប៉ុននោះ បញ្ហានេះតើរដ្ឋត្រូវកំណត់ជាច្បាប់ ឬបទប្បញ្ញត្តិគតិយុត្តដោះស្រាយយ៉ាងដូចម្តេច? ដោយឡែកចំពោះ​ការប៉ះពាល់ តើរដ្ឋបានកញ្ចប់ថវិកាមកពីណា?។

ក្រៅពីនេះ ដើម្បីដោះស្រាយជាមួយអ្នកប៉ះពាល់ ! តើរដ្ឋគួរត្រូវកំណត់ពន្ធដារបន្ថែមកម្រិតណា?ដោយរបៀបម៉េច?ទៅលើអ្នកទទួលផលពីប្លង់គោលដែលបានអនុម័ត ឬសាងសង់គម្រោង រួចរាល់និងធ្វើឱ្យដីធ្លីឡើងថ្លៃ។ បច្ចុប្បន្នដីធ្លី អចលនទ្រព្យឡើងថ្លៃដោយសារការកសាងផ្លូវ (ក្រវាត់ក្រុង ផ្លូវល្បឿនលឿន ផ្លូវក្នុងខេត្តក្រុង) លំនៅឋានថ្មី (បូរីឬខុនដូ) រោងចក្រ (សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស) ឬបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗជាច្រើនទៀតរបស់រដ្ឋ គឺរាជរដ្ឋាភិបាលមិនទាន់ គោលការណ៍ ដើម្បីកំណត់ក្នុងការចូលរួមចំណែកឱ្យបានសមស្រប និងសមធ៌ពីអ្នកដែលបានទទួលផលពីគម្រោងរបស់រដ្ឋនៅឡើយ។ នៅពេលខាងមុខ ប្រសិនបើមានកញ្ចប់ថវិកាពន្ធដារ ដែលរដ្ឋប្រមូលបានមកពីប្លង់គោល ជាយោបល់ គួរអាចត្រូវបានយកមកប្រើប្រាស់សម្រាប់បង្វិលក្នុងការដោះស្រាយផលប៉ះពាល់ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬអភិវឌ្ឍគម្រោងនៅសល់ ឬសម្រាប់សិក្សាកសាង និងកែសម្រួលគម្រោង…។ល។

ដូចនេះ ប្លង់គោលប្រើប្រាស់ដី គឺជាឧបករណ៍សម្រាប់ព្យាករណ៍ការអភិវឌ្ឍចីរភាពនៃផែនការអនាគត។ វាបានគិតគូរនិងបង្ហាញពីទិសដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិ ស្ថានប្រកបដោយប្រសិទ្ធភាព ពិសេសការផ្តោតលើកំណើនប្រជាសាស្រ្ត និងតម្រូវការរស់នៅ ការអភិវឌ្ឍរបស់មនុស្សជាតិនៅតាមតំបន់ និងផ្នែកនីមួយៗ។

គម្រោងប្លង់គោលនឹងជួយពង្រឹងដល់ដំណើរការអភិវឌ្ឍ ការអភិរក្ស និងភាពសមាហរណកម្មដោយសុខដុមនីយកម្ម ក្នុងសង្គមជាតិនិងអន្តរជាតិ។ ជាមួយគ្នានេះ ប្រសិនបើមានប្លង់គោល ឬផែនការ ហើយខ្វះថវិកាគាំទ្រដើម្បីអនុវត្តតាមគម្រោងអាទិភាព ឬខ្វះការអនុវត្តតាមប្លង់គោលពេលចុះបញ្ជីឬចរន្តការដីធ្លី នោះផែនការរបស់យើង គ្រាន់តែជាក្រដា​ស “ស ”មួយសន្លឹកគ្មានតំលៃអ្វីទាំងអស់ ប្រៀបដូចជាការស្រមើស្រមៃក្នុងយោសប្តិ ដែលក្រោយពេលភ្ញាក់ពីដំណេក អ្វីៗគ្រប់យ៉ាងវារលត់សូន្យទាំងអស់។

ជារួមប្លង់គោលប្រើប្រាស់ដី គឺជាផែនទីឧបករណ៍ចង្អុលបង្ហាញផ្លូវយ៉ាងសំខាន់បំផុតនៃដំណើររៀបចំ និងអភិវឌ្ឍន៍ប្រទេសជាតិនៅគ្រប់សម័យកាល៕

 

ដី១៤ហិកតា មានសក្ដានុពលសម្រាប់គម្រោងអភិវឌ្ឍន៍នៅជាប់ផ្លូវជាតិលេខ៦ដាក់លក់តម្លៃក្រោមទីផ្សារ

ដោយ ៖ រ៉ាណេត
សៀមរាប ៖ ដីទំនេរដែលស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍ធំៗក្នុងតំបន់ទីប្រជុំជន នៅជាប់ផ្លូវជាតិលេខ៦ និងមានផ្លូវហ៊ុមព័ទ្ធជុំវិញ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្បែរផ្សារទំនើបម៉ាក្រូត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃក្រោមទីផ្សារ ដែលផ្តល់ឱកាសដល់បណ្តាអ្នកអភិវឌ្ឍន៍ទទួលបានចំណេញច្រើនពីការវិនិយោគបន្ត។

ដីដែលបានដាក់លក់ទំហំ១៤ ហិកតា ស្ថិតនៅទីតាំងដូចបានបញ្ជាក់ខាងលើនេះ ជាប្រភេទដីដែលមានទំហំធំ និងមានសក្ដានុពលក្នុងតំបន់ ដែលក្រៅពីនៅជាប់ផ្លូវជាលេខ៦ (ក្បាលដីខាងមុខ) នៅខាងក្រោយទីតាំងដីជាប់ផ្លូវរដ្ឋទំហំ២២ម៉ែត្រ ហើយនៅចំហៀងដី មានផ្លូវភូមិទំហំ១០ម៉ែត្រ និងនៅក្បែរផ្លូវក្រវាត់ក្រុងទំហំ៤០ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលចរាចរណ៍ និងដឹកជញ្ជូន”។

លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា “ក្រៅពីមានផ្លូវជាច្រើននៅហ៊ុមព័ទ្ធជុំវិញ ទីតាំងដីក៏ស្ថិតនៅជិតផ្សារម៉ាក្រូ ផ្សារស្វាយធំ មានសាលារៀនរដ្ឋ មណ្ឌលសុខភាពរដ្ឋ និងឯកជន ស្ថាប័នរដ្ឋ (មន្ទីរសាធារណការ និងដឹកជញ្ជូន) គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាជាច្រើន និងជាតំបន់ដែលមានការប្រកបអាជីវកម្មចម្រុះ ដែលទាំងអស់នេះសុទ្ធតែជាកត្តាសំខាន់ដែលជំរុញមានសក្ដានុពលកាន់តែខ្លាំង”។

ពាក់ព័ន្ធទៅនឹងការដាក់លក់ដីដែលមានទំហំធំមួយនេះ លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍បញ្ជាក់ថា “តម្លៃដីដែលត្រូវបានដាក់លក់នៅពេលនេះគឺស្ថិតក្នុងកម្រិតទាបជាងទីផ្សារ ពោលគឺត្រឹម១៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប្លង់រឹង ដែលផ្តល់ឱកាសចំណេញច្រើនសម្រាប់អ្នកទិញទុកវិនិយោគបន្ត ក៏ដូចជាអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗជាពិសេសគម្រោងអភិវឌ្ឍន៍ជាបុរី ឬបណ្តុំលំនៅដ្ឋានតម្លៃសមរម្យ”។

លោកស្រីបានបង្ហើបប្រាប់ថា “តាមខ្ញុំដឹក នៅក្បែរទីតាំងដីខាងលើនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនដ៏ធំមួយដែលគ្រោងនឹងចូលមកអភិវឌ្ឍន៍អចលនទ្រព្យ បង្កើតជាក្រុងថ្មីមួយ ដែលមានឈ្មោះថា China Town នៅទំហំទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ ហើយប្រសិនគមរោងអភិវឌ្ឍន៍មួយនេះលេចចេញជារូបរាង វានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ ទាំងដីនៅតំបន់ក្បែរខាងឡើងថ្លៃខ្ពស់ជាក់ជាមិនខាន។ ដូច្នេះសម្រាប់ការទិញដីនៅតំបន់នេះក្នុងពេលបច្ចុប្បន្ន គឺជាឱកាសដ៏ល្អបំផុត ខណៈដែលនៅមានកម្រិតនៅឡើយ”។

http://https://youtu.be/AgfS1zSc-D8

សម្រាប់ព័ត៌មានលម្អិតពីការលក់ដី អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 27 99 99 / 088 27 99 999

OCICចំណាយទុនរហូតដល់១៥០លានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ទីក្រុងរណបជ្រោយចង្វារ

       ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគអនិកជនក្រៅប្រទេស(OCIC)បានចំណាយប្រាក់រហូតដល់១៥០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាប្រព័ន្ឋផ្លូវដែលមានប្រវងសរុប៣០គីឡូម៉ែត្រ លូ៦០គីឡូម៉ែត្រនៅទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC បានមានប្រសាសន៍ឲ្យដឹងថា ទីក្រុងរណបជ្រោយចង្វារ កំពុងដើរតាមផែនការមេរបស់ខ្លួន ទាំងហេដ្ឋារចនាសម្ព័ន្ឋ ការ​សាងសង់អាគារពាណិជ្ជកម្ម ផ្សារទំនើប សួនកម្សាន្ត លំនៅដ្ឋាន ខុនដូ និងសេវាកម្មជា​ច្រើនទៀត។លោកបន្តថា ដោយសារវិបត្តិសេដ្ឋកិច្ច បានធ្វើឲ្យគំរោងសាងសង់អាគារខ្ពស់ៗ​នៅទីក្រុងនេះត្រូវពន្យាពេល ប៉ុន្តែអនាគតតំបន់នេះនឹងមានអាគារខ្ពស់ៗច្រើនមិនខាន។

លោកបន្តថា “យើងមានគោលដៅរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចតំបន់ស្ថិតនៅស្របមហាវិថីព្រះមុនីវង្សនាពេលបច្ចុប្បន្ននេះ”។

ទីក្រុងរណបជ្រោយចង្វារដំបូងឡើយមានផ្ទៃដី៣៨៧ហិកតា ប៉ុន្តែក្រោយពេលកាត់ជូនប្រជាពលរដ្ឋ និងកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ផ្ទៃដីទីក្រុងរណបនេះនៅសល់តែ១៤០ហិកតាប៉ុណ្ណោះ ក្នុងនោះផ្ទៃដី១០ភាគរយនឹងទុកជូនម្ចាស់ដីនៅតំបន់នេះ ដែលពួកគេអាចមកទទួលយកបានគ្រប់ពេល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកទូច សំណាង។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតជាតំបន់ដែលស្ថិតនៅលើទីតាំងដ៏ល្អ​ប្រសើរបំផុត ដោយសារតំបន់នេះមានទន្លេរពីអមសងខាង ដែលផ្តល់នូវលក្ខខ័ណ្ឌអាកា​សធាតុដ៏ល្អបំផុត ពិសេសការសាងសង់ទីក្រុងនៅស្របតាមមាត់ទន្លេឬមាត់សមុទ្រ គឺជា ជម្រើសទី១របស់អ្នកវិនិយោគនានា ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាអ្នកជំនួញអាចប្រ​កបអាជីវកម្ម និងរស់នៅប្រកបដោយភាពសុខដុម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងថា តំបន់ជ្រោយចង្វារ ជាតំបន់ដ៏ល្អដោយសារវាមានទីតាំងនៅជិតតំបន់ពាណិជ្ជកម្មកណ្តាលក្រុង ជាងគេ ជាតំបន់មានលក្ខខ័ណ្ឌអាកាសធាតុល្អ និងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ដែលងាយស្រួលចេញចូល និងងាយស្រួលធ្វើលំហូរចរាចរណ៍។លោកបន្តថា ដោយសារតំបន់នេះមានលក្ខខ័ណ្ឌអំណោយផលបែបនេះ ទើបគំរោងអភិវឌ្ឍន៍ទីក្រងរណបថ្មីៗ និងគំរោងខុនដូ អាផាតម៉ិនជាច្រើនបាននិងកំពុងដុះដាលនៅតំបន់នេះ។

លោកបន្តថា “ខ្ញុំជឿថាគំរោងរបស់OCICនឹងទទួលបានជោគជ័យ ដោយសារក្រុមហ៊ុនមានមូលដ្ឋានអតិថិជនស្រាប់ និងមានកេរ្ត៍ឈ្មោះល្អ ដែលធ្វើឲ្យគំរោងអភិវឌ្ឍន៍​របស់ពួកគេតែងតែទទួលបានជោគជ័យ”៕