តម្លៃដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋកើនឡើង ស្របពេលការទិញលកដីធ្លីបាន កើតមានយ៉ាងសកម្ម

        ដោយគង់ សូរិយា

        ភ្នំពេញៈតម្លៃដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋបាននិងកំពុងកើនឡើង ស្របពេលការទិញលក់កើតមានយ៉ាងសកម្ម ខណៈបុរីពិភពថ្មីបាន និងកំពុងត្រៀមសាងសង់គំរោងដ៏ធំនៅតំបន់នេះ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនារសៀលថកងៃទី១៦ ធ្នូនេះថា តម្លៃដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញបានកើនឡើងច្រើន ដោយសារកត្តាជាច្រើន ដូចជា តំបន់នេះមានភូមិសាស្រ្តកៀកនឹងរាជធានីភ្នំពេញ មានប្រជាជនចេញចូលច្រើន មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អ​ប្រសើរ មានគំរោងលំនៅដ្ឋាន បុរី ពិសេសបុរីពិភពថ្មីបាននិងកំពុងត្រៀមអភិវឌ្ឍន៍នៅតំបន់់នេះ។

លោកបន្តថា “កាលពីបីបួនឆ្នាំមុន ដីស្រែនិងស្ថិតនៅលើផ្លូវលំតូចៗមានចន្លោះពី៥ទៅ១០ដុល្លារ ប៉ុន្តែបច្ចុប្បន្នតម្លៃបានកើនឡើង ដល់៣០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទំហំដី និងភូមិសាស្រ្តអំណោយផលឬអត់”។លោកបន្តថា “ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំតំបន់នេះ ដើម្បីទាក់ទាញទេសចរណ៍ ក្នុងគោលដៅផ្តល់ចំណូលដល់ប្រជាជនមូលដ្ឋានផងដែរ ដែលធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។

លោកយិន លាងគង់បានបន្តថា ការរីកចម្រើនផ្នែកនគរូបនីយកម្ម និងប្រជាសាស្រ្ត និងការអភិវឌ្ឈពីវិស័យឯកជន នឹងធ្វើឲ្យតំបន់នេះមានភាពរីកចម្រើនខ្លាំងនាពេលអនា​គត ពិសេសនៅពេលដែលស្ថាប័នក្រសួង មន្ទីរមួយចំនួនសាងសង់រួចនៅតំបន់់កប់ស្រូវ ដែលស្ថិតនៅជាប់គ្នានឹងតំបន់ខាងលើនេះ។

លោកបន្តថា “តាមខ្ញុំដឹងព៌តមានពីមន្រ្តីរដ្ឋាភិបាលបានបង្ហើបថា តំបន់ភ្នំប្រសិទ្ឋនឹងកាត់ចូលមកក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ នៅកំឡុងឆ្នាំ២០២៥ឬឆ្នាំ២០៣០ខាងមុខនេះ”។

តំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញគឺស្ថិតនៅទីតាំងទួលខ្ពស់ មានផ្លូវធំៗចំនួន២ រួមមានផ្លូវលេខ៤២ និងផ្លូវ ១៣០ កំពុងមានចរាចរណ៍ស្រាប់ ហើយផ្លូវតូចធំមួយចំនួនទៀតក៏ត្រូវបានតភ្ជាប់ទៅកាន់ផ្លូវសំខាន់ផងដែរ ដែលទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់ដែលអនុគ្រោះដល់ការអភិវឌ្ឍលើវិស័យលំដ្ឋាន។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា តំបន់នេះមានចម្ងាយ ប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍ មានផ្លូវបេតុង និងមានភ្លើងអគ្គិសនីតចូលដល់បណ្តើរៗហើយ ប៉ុន្តែបណ្តាញទឹកស្អាតមិនទាន់ភ្ជាប់នៅឡើយទេ។

លោកបន្តថា “ដីតំបន់នេះខ្ពស់ មិនប្រឈមមុខនឹងការលិចទឹក ដែលធ្វើឱ្យអ្នកអភិ​វឌ្ឍន៍នៅតំបន់នេះ មិនចាំបាច់ចំណាយទុនច្រើនក្នុងការចាក់ដីឡើយ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ មិនទាន់ឃើញមានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានធំៗចូលទៅតំបន់នេះនៅឡើយ ហើយវាក៏ជាឱកាសសម្រាប់វិនិយោគផងដែរ”។

លោកម៉ាន់ ច័ន្ទឌីបានបញ្ជាក់ថា មិនយូរទៀតនោះទេ តំបន់ជាយក្រុងខាងលើនេះ នឹងមានការរីកចម្រើន អភិវឌ្ឍន៍កាន់ឆាប់រហ័ស ស្របពេលដែលគម្រោងរបស់រដ្ឋាភិបាលលើការកែសម្រួល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមពង្រឹង និងពន្លឿនឱ្យស្រ​ប​ទៅតាមផែនការមេ៕

កម្ពុជាបើកឱ្យស្ថាប័នស្រាវជ្រាវធំៗលើពិភពលោកធ្វើការស្រាវជ្រាវនៅតាមបណ្តា អាងទន្លេនៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយមបានអនុញាតឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំបណ្តាលស្ថាប័នស្រាវជ្រាវធំៗល្បីល្បាញ ផ្នែកគ្រប់​គ្រងវិស័យធនធានទឹក ក្នុងពិភពលោកធ្វើការស្រាវជ្រាវអាងទន្លេ និងប្រព័ន្ធធារាសាស្ត្រមួយចំនួននៅកម្ពុជា ដែលក្នុងរួមមានខេត្តចំនួនក្រុងចំនួន៤ដែលនឹងត្រូវសិក្សា។

លោកចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា នៅក្នុងការសិក្សាស្រាវជ្រាវពីសំណាក់បណ្តាស្ថាប័នធំៗ និងល្បីនៅលើសាកលលោកនេះ នឹងមានការចង់ក្រងជាឯកសារសំខាន់អំពីទិន្នន័យ ដោយប្រើប្រាស់ទិន្នន័យ ដែលថែរក្សាទុករយៈពេលយូររបស់ក្រសួងធនធានទឹក និងឧត្តុនិយម។

លោក ចាន់ ស៊ីណាត ដែលជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានប្រាប់ឱ្យដឹងថា ការធ្វើការត្រួតពិនិត្យ និងធ្វើការវាយតម្លៃ លើលទ្ធផលសិក្សាស្រាវ​ជ្រាវលើWater Accounting នៅក្នុងតំបន់អាងទន្លេទាំងអស់របស់ប្រទេសកម្ពុជា និង Water Productivity នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងខេត្តបាត់ដំបង នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងខេត្តកំពង់ចាម នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តប្រព័ន្ធប្រឡាយលេខ១៥ ក្នុងខេត្តតាកែវ និងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ក្នុងខេត្តកំពង់ធំ នាពេលកន្លងមករបស់បណ្តាស្ថាប័នទាំងអស់ខាងលើ ដែលបានសហប្រតិបត្តិការល្អជាមួយនឹង ក្រសួងធនធានទឹក និងឧតុនិយម MOWRAM និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF។

ជាមួយគ្នានេះ លោកក៏បានស្នើ និងណែនាំឱ្យ ADB និងបណ្តាស្ថាប័ន្ធស្រាវជ្រាវសំខាន់ៗក្នុងពិភពលោកខាងលើ ធ្វើការប្រមូលទិន្នន័យដើម Raw Data and Information ឲ្យបានគ្រប់គ្រាន់ មុននឹង Run Software Modelling, Computer Computing and Writing ត្រូវជៀសវាងប្រើតែការ Estimating Remote Sensing Settelize and Emerge ជាពិសេសត្រូវតែប្រើប្រាស់ទិន្នន័យដែលថែរក្សាទុករយៈពេលយូររបស់ក្រសួងធនធានទឹក និងឧតុនិយមជាកំហិត។

សម្រាប់អាងទន្លេ និងក្នុងបណ្តាប្រព័ន្ធធារាសាស្រ្ត ដែលនឹងត្រូវសិក្សាស្ថិតក្នុងខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងក្នុងខេត្តតាកែវ ក្នុងកម្រិត៣០ម៉ែត្រ Spatial Resolutions ក្នុងនោះនឹងត្រូវធ្វើឯកសារមួយចំនួន ទី១ធ្វើផែនទី Evapotranspiration ២- ធ្វើផែនទី Biomass Productions និង៣ ធ្វើផែនទី Crop Water Productivity៕

តើអ្នកទិញខុនដូគួរសម្លឹងមើលផ្នែកអ្វីខ្លះ ដើម្បីផ្តល់ឲ្យជីវិតរស់នៅមានភាព ងាយស្រួលនិងផាសុខភាព

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ការសម្រេចចិត្តជ្រើសរើសគំោរោងខុនដូណាមូយ ជារឿងប្រយ័ត្នប្រយែង ដើម្បីកុំឲ្យមានការស្តាយក្រោយ ហេតុនេះការទិញខុនដូ ដើម្បីវិនិយោគឬសំរាប់រស់នៅគួរសិក្សាលើចំណុចសំខាន់ៗជាច្រើន។

 

សិក្សាទៅលើសហគមន៍

សហគមន៍ជុំវិញមានសារៈសំខាន់ណាស់ មិនថារស់នៅតាមខុនដូ ឬបុរីនោះទេ ប៉ុន្តែវាផ្តល់ឲ្យការរស់នៅមានផាសុខភាព ស៊ីវិល័យ ដែលគំរោងមួយចំនួនផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងសំរាប់ការលំហែរ ពិសេសការធ្វើដំណើរទៅកាន់ទីតាំងគោលដៅសំខាន់ៗ ដូចជា ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗដទៃទៀត ដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ជាដើម។

ការមានផ្សារទំនើប មានគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្មកំសាន្តដ៏សម្បូរបែប ដែលផ្តល់ឲ្យអ្នករស់នៅក្នុងគំរោងនេះ ងាយស្រួលក្នុងការស្វែងរកសេវាកម្មរស់នៅ ប្រកបដោយភាពស៊ីវិល័យ។

សិក្សាលើសេវាកម្មគ្រប់គ្រងអាគារ

        ដោយសារខុនដូ ជាលំនៅដ្ឋានបែបសហកម្មសិទ្ឋ ហេតុនេះគំរោងនិមួយៗ តែងតែមានមនុស្សរស់នៅចម្រុះ ឬមានគ្រួសារច្រើន ហេតុនេះគំរោងខុនដូដែលមានសេវាកម្មគ្រប់គ្រងប្រកបដោយស្តង់ដា នឹងជួយសម្រួលដល់ការរស់នៅក្នុងជីវិតប្រចាំថ្ងៃ និងសេវាកម្មនៅក្នុងអាគារផងដែរ។

ការដែលគំរោងមិនមានអ្នកគ្រប់គ្រង ឬក្រុមហ៊ុនគ្រប់គ្រងប្រកបដោយស្តង់ដាទេ នឹងអាចធ្វើឲ្យការរស់នៅមានការលំបាក លើផ្នែកសេវាកម្មគ្រប់គ្រង ការថែរទាំអាគារជាដើម។

ចំណតយានយន្ត

        សភាពាណិជ្ជកម្មអឺរ៉ុប ធ្លាប់ផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មលើមាត្រាមួយចំនួនទាក់ទងនឹង “ច្បាប់សហកម្មសិទ្ឋ” ផងដែរ ដោយសារច្បាប់នេះមិនបានចែងច្បាស់ពីចំណតយានយន្ត ដែលគម្រោងនិមួយៗត្រូវមាន និងបំពេញឥ្យអតិថិជន។

ឧទាហរណ៍គំរោងខ្លះ មានផ្ទះចំនួន១០០០យូនីត ប៉ុន្តែមានចំណតរថយន្តតែ៥០០ឬតិចជាងនេះ វាអាចធ្វើឲ្យអ្នករស់នៅមានបញ្ហាប្រឈម ឬឈ្លោះគ្នាទាក់ទងនឹងចំណតយានយន្តនៅពេលអនាគត ប៉ុ​ន្តែបច្ចុប្បន្នមានម្ចាស់គម្រោងខ្លះបានលក់ចំណតយានយន្ត ដើម្បីឲ្យអ្នកទិញខុនដូលើគំរោងរបស់ខ្លួន មិនមានហានិភ័យលើចំណតយានយន្តនាពេលអនាគត។

ជណ្តើរយន្ត និងជណ្តើរសង្រ្គោះ

        បញ្ហាជណ្តើរយន្ត និងជណ្តើរសង្រ្គោះ ក៏ទាមទារឲ្យអ្នកទិញឬវិនិយោគខុនដូគិតគូផងដែរ ដោយសារខុនដូជាផ្នែកថ្មីមួយនៅកម្ពុជា ហេតុនេះអ្នកអភិវឌ្ឍន៍មួយចំនួន មិនបានគិតពីស្តង់ដានៅឡើយទេ ពួកគេគិតតែប្រាក់ចំណេញ។ ហេតុនេះជណ្តើរយន្ត ត្រូវប្រាកដថាមានគ្រប់គ្រាន់ សមស្របនឹងចំនួនយូនីតខុនដូដែលមាន។

ច្បាប់ និងបទដ្ឋានគតិយុត្តិនានា

        ចំណុចនេះកាន់តែសំខាន់ ដែលអ្នកទិញខុនដូត្រូវប្រាកដថា គំរោងដែលខ្លួនបានទិញមានច្បាប់សាងសង់ មានច្បាប់អនុញ្ញាត្តឲ្យលក់ មានធារារ៉ាប់រង ព្រោះច្បាប់ទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យការរស់នៅឬផ្ទះរបស់ខ្លួនមានភាពស្របច្បាប់ ពិសេ​សត្រូវប្រាកដថា គម្រោងដែលលោកអ្នកបានទិញ មិនជាប់គាំងកណ្តាលទី នៅពេលក្រុមហ៊ុនមិនមានទុនគ្រប់គ្រាន់ក្នុងការសាងសង់។

ហេតុនេះការសិក្សាពីប្រវត្តិក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនវិនិយោគជាចំណុចដែលមិនគួរមើលរំលងនោះទេ។

លើសពីនេះការទិញធានារ៉ាប់រងរបស់ម្ចាស់អាគារខុនដូ រឹតតែសំខាន់ ព្រោះនៅពេលមានឧបទ្ទវហេតុ ឬភ្លើងឆេះ ករណីរញ្ជូយដី ឬប្រធានស័ក្តិណាមួយកើតឡើង គឺផ្ទះដែលខ្លួនបានទិញមានការសងប្រាក់ ឬុមានការធានារ៉ាប់រងត្រឹមត្រូវ ប្រសិនជាអាគារដួលរលំ តើអ្នកណាត្រូវសាងសង់ឡើងវិញ ក្រុមហ៊ុនធានារ៉ាប់រង ឬម្ចាស់អាគារឬម្ចាស់យូនីតនិមួយៗ។

គេហទំព័រPropertyarea.asiaនឹងនាំចំណេះដឹងថ្មីៗបន្ថែមទៀត នៅពេលខាងមុខ ដល់លោក លោកស្រី មិត្តអ្នកអាន៕

រឿងត្រូវដឹង និងសិក្សា មុនសម្រេចចិត្តវិនិយោគតើអ្នកអភិវឌ្ឍន៍សម្លឹងមើលអ្វីមុនគេ?

ដោយ ណែត

ភ្នំពេញៈ មុននឹងសម្រេចចិត្តអភិវឌ្ឍន៍អចលនទ្រព្យអ្វីមួយ អ្នកវិនិយោគតែងតែគិតគូរម៉ត់ចត់ និងសម្លឹងទៅលើទីតាំងក្នុងតំបន់ដែលខ្លួននឹងអភិវឌ្ឍន៍ ដើម្បីទទួលបានជោគ​ជ័យ និងគាំទ្រពីអតិថិជន ទៅលើគម្រោងអភិវឌ្ឍន៍ដែលនឹងចាប់ផ្ដើមអភិវឌ្ឍន៍។

ដូច្នេះ មុនសម្រេចចិត្តអភិវឌ្ឍន៍គម្រោងអ្វីមួយ តើវិនិយោគគួរតែសម្លឹងលើអ្វីមុនគេ?។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងថា អ្នកវិនិយោគ គឺជាអ្នកដែលគិតគូបានច្បាស់លាស់ មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគអ្វីមួយ។ អ្វីដែលវិនិយោគិន តែងតែចង់ដាក់ទុនវិនិយោគនៅតំបន់ណាមួយនោះ គឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនថាផ្លូវទឹក ឬក៏ភ្លើង ។

លោកបន្តថា “ទាំងបីនេះគឺសំខាន់ណាស់ សម្រាប់ទាក់ទាញវិនិយោគិនទៅបណ្ដា​ក់ទុនវិនិយោគនៅតំបន់នោះ ជាក់ស្ដែងបច្ចុប្បន្ននេះ ទីណាដែលមានផ្លូវល្អ ផ្លូវស្រួលនិងច្រើនខ្សែ ទីនោះនឹងទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់”។ លោកបន្តថា ហេតុនេះហើយទើបរដ្ឋាភិបាល ខិតខំពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីទីក្រុងទៅកាន់ជាយៗក្រុង ដើម្បីឱ្យការធ្វើដំណើរពីទីក្រុងជាយក្រុងកាន់តែប្រើរយៈពេលខ្លី”។

លោកបន្តថា សម្រាប់ពេលនេះ នៅជុំវិញរាជធានីភ្នំពេញ តំបន់ណាក៏មានសក្ដានុពលក្នុងការវិនិយោគដែរ គ្រាន់តែមានតំបន់ខ្លះ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេប៉ុណ្ណោះ ក្នុងនោះតំបន់ដែលមានហេដ្ឋាសម្ព័ន្ធសំបូរបែប គឺទទួលបានការវិនិយោគច្រើនពីអ្នកវិនិយោគ និងមានគម្រោងធំៗចូលទៅវិនិយោគក្នុងតំបន់នោះ។

លោកសុខនីមបានបន្តថា “បើនិយាយពីសក្ដានុពលនៅជុំវិញរាជធានី គឺមានការសាយភាយស្ទើរតែគ្រប់ទិសទៅហើយ ហើយគំរោងនិមួយៗ ក៏មានការអភិវឌ្ឍប្លែកៗ ចម្រុះគ្នាផងដែរ អាស្រ័យលើគម្រោងប្លង់មេរបស់រាជរដ្ឋាភិបាល”។

បើតាមអ្នកជំនាញអចលនទ្រព្យដទៃទៀត ក៏បាននិយាយស្រដៀងគ្នាដែរថា កង្វះហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកត្តារារាំងដល់ការអភិវឌ្ឍនៅតំបន់នោះដែរ ដូច្នេះនៅមុនការចាប់ផ្ដើមអភិវឌ្ឍន៍អ្វីមួយនោះ វិនិយោគិនតែងតែសម្លឹងទៅលើគម្រោងប្លង់មេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ននៅតំបន់នោះជាមុន។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតភ្ជាប់តំបន់នៅជាយៗរាជធានី ដូចជាតំបន់ដែលនៅត្រើយម្ខាង តំបន់ដែលមានភាពខ្វះខាតខាងផ្លូវទឹកនិងភ្លើង ដើម្បីឱ្យវិនិយោគិនងាយស្រួល ក្នុងការដាក់ទុនវិនិយោគលើគម្រោងផ្សេងៗដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ៕

អូស្ត្រាលីនឹងប្ដឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោករឿងយកពន្ធខ្ពស់កប់ពពក លើស្រូវបាឡេរបស់ខ្លួន

ដោយៈសុខុម

កង់បេរ៉ា: ប្រទេសអូស្ត្រាលីបានប្រកាសគួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ធ្នូនេះថា ខ្លួននឹងប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យបើកការស៊ើបអង្កេតរឿងប្រទេ​សចិន យកពន្ធខ្ពស់កប់ពពកលើការនាំចូលស្រូវបាឡេ (Barley) ដែលបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។

លោក Simon Birmingham រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ជាអ្នកប្រកាសសេចក្ដីសម្រេចចិត្តនេះ ដោយលើកឡើងថា ការយកពន្ធ៨០% ដោយរដ្ឋាភិបាលក្រុងប៉េកាំង លើការនាំចូលស្រូវបាឡេពីប្រទេសអូស្ត្រាលី ជាចំណាត់ការ “ខ្វះមូលដ្ឋាន” ហើយ “គ្មានអង្គហេតុ និងភ័ស្តុតាង”។

លោកបានបន្ថែមថា “អូស្រ្តាលីអាចនឹងមានវិធានការស្រដៀងគ្នាដែរ នៅក្នុងវិស័យផ្សេងទៀត”។

ទំនាក់ទំនងរវាងប្រទេសអូស្រ្តាលី និងប្រទេសចិន បានធ្លាក់ដល់កម្រិតទាបបំផុត ចាប់តាំងពីមានព្រឹត្តិការណ៍បង្ក្រាប នៅទីលានធានអានមិន (Tiananmen Square) ក្នុងឆ្នាំ១៩៨៩ ដោយរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាបន្តបន្ទាប់មកលើផលិតផលរបស់អូស្ត្រាលី។

រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី បានគូសបញ្ជាក់ថា “យើងមានជំនឿចិត្តយ៉ាងមុតមាំដែលផ្អែកលើភ័ស្តុតាង ទិន្នន័យ និងការវិភាគ ដែលយើងបានប្រមូលចងក្រងថា ប្រទេសអូស្ត្រាលី ជាករណីដ៏ច្បាស់ក្រឡែតមួយដែលស្ទើរមិនគួរឱ្យជឿ”។

ការនាំចេញស្រូវបាឡេរបស់អូស្រ្តាលី ទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ប្រមា​ណ១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ មុនពេលជួបគ្រោះរាំងស្ងួតកាលពីពេលថ្មីៗនេះ ហើយភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីផលិតស្រាបៀរ។

ក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង បានពិចារណារឹតបន្តឹងការនាំចូលស្រូវបាឡេរបស់អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០១៨ ស្របពេលមានការព្រួយបារម្ភថា ប្រទេសចិន ពឹងផ្អែកលើការនាំចូលខ្លាំងពេក៕

កំពង់ផែក្រុងព្រះសីហនុនឹងប្រើប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកដែលអាចទទួលការចូលចតនាវាធំៗបាន

ដោយៈ រ៉ាណេត

ព្រះសីហនុៈ កំពង់ផែក្រុងព្រះសីហនុ គ្រោងនឹងប្រើប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកថ្មី (Port EDI) ដែលអាចជួយសម្រួលដល់នីតិវិធីចេញ ចូលរបស់នាវាធំៗផ្ទុកទំនិញធុនធ្ងន់រហូតដល់ប្រមាណ៦ម៉ឺនតោន ស្មើនឹងប្រមាណ៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន លោករស់ វណ្ណា បានមានប្រ សាសន៍ឲ្យដឹង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា Port EDI ក្នុងការជួយសម្រួលដល់នីតិវិធីចេញ- ចូលកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជាផងដែរ។

លោកបញ្ជាក់ថា “គម្រោងPort EDIដែលជួយឱ្យការធ្វើជំនួញ តាមផ្លូវទឹកមានប្រសិទ្ធភាព និងតម្លាភាពកាន់តែខ្ពស់នេះ គឺជាគម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ ក្រៅពីនេះ ក៏មានការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសផងដែរ”។

ជាមួយនឹងគម្រោងនៃការអនុវត្ត ការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកថ្មី (Port EDI)  កម្ពុជាក៏គ្រោងនឹងពង្រីកសមត្ថភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាដឹកកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោនឬស្មើនឹង៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលនឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមា ណកុងតឺន័រឆ្លងកាត់លើសពី១លានTEUsក្នុងមួយឆ្នាំ។

ដោយឡែកសម្រាប់តម្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជា នឹងកាន់តែចុះទាបប្រហា​ក់ប្រហែល នឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង ដោយកន្លែងចំណតកំពង់ផែ ជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕

រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវរថភ្លើងថ្មីតភ្ជាប់ពីព្រលានយន្ដហោះថ្មីនៅខេត្តកណ្តាល-មកកាន់រាជធានីភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបង្ហាញ ពីគម្រោងសាងសង់ផ្លូវដែកថ្មីចំនួនខ្សែទៀត សម្រាប់តភ្ជាប់ពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ចូលមកកាន់រាជធានីភ្នំពេញដើម្បីសម្រួលការដឹកជញ្ជូន បញ្ចៀសការកកស្ទះចរាចរណ៍។

ប្រធាននាយកដ្ឋានព័ត៌មាវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងសាងសង់ផ្លូវដែកតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនស៊ុន ចាន់ថុលកាលពីពេលកន្លងទៅ។

លោកបន្តថា “គម្រោងនេះ គឺជាទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំ ដើម្បីចូលរួមចំណែ​កកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍”។ លោកបន្តថា “មកទល់ពេលនេះគម្រោងនេះ មិនទាន់ត្រូវបានសិក្សាលម្អិតនៅឡើយនោះទេ។ ក្រសួងក៏ដូចរាជរដ្ឋាភិបាល កំពុងសម្លឹងរកដៃគូដើម្បីចូលរួមសិក្សាលម្អិត និងអនុវត្តគម្រោងនេះ”។

ពាក់ព័ន្ធទៅនឹងការលើកឡើង ពីគម្រោងនៃការសាងសង់ផ្លូវដែក តភ្ជាប់ពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ ដូចដែលបានលើកឡើងខាងលើនេះ សាធារណជនមួយចំនួនបានបង្ហាញពីក្ដីបារម្ភ និងលើកជាសំណូមពរថា ប្រសិនបើគម្រោងសាងសង់ផ្លូវដែកនេះ ត្រូវបានអនុវត្តគួរណាស់កុំប្រើផ្លូវដែកបែបបុរាណ ដែលអាចបង្កជាគ្រោះថ្នាក់ និងគ្មានសុវត្ថិភាព ផាសុកភាពនោះទេ ដែលជាបទពិសោធន៍ផ្លូវដែកតភ្ជាប់ពីព្រលានយន្តហោះពោធិ៍ចិនតុង មកកាន់រាជធានីភ្នំពេញ ដែលទើបត្រូវបានរុះរើចេញវិញកាលពីពេលកន្លងទៅថ្មីៗនេះ ដែលក្រៅពីមិនអាចសម្រួលការដឹកជញ្ជូន ការធ្វើដំណើរ ថែមទាំងខាតបង់ថវិការរបស់រដ្ឋថែមទៀត៕

សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបានក្រហមកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ

សារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពីសមាគមអចលទ្រព្យសកល

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់
នៅឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយមហាក្ខត្តប្ញក្ស ឧត្តុងឧត្តម នៃ ខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពជូន នូវសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ចូលមានដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពក្នុងការបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជនកម្ពុជា និងប្រទេសជាតិ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរដោយស្មោះអស់ពីដូងចិត្ត ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានលះបង់ថវិកា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគុណធម៌ និងមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមចំណែកដ៏មានតម្លៃថ្លៃថ្លាដោះស្រាយទុក្ខលំបាក និង ជួយសង្គ្រោះបានទាន់ពេលវេលា និងគ្រប់កាលៈទេសៈ ចំពោះចាស់ជរាគ្មានទីពឹង ទុរគតជន កុមារកំព្រា ជនគថ្លង់ យុទ្ធជនរបួស ជនពិការ និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា មានជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាវីរកុលធិតាខ្មែរមួយរូបដ៏ឆ្នើម និងជាស្ត្រីទីមួយដែលប្រវត្តិសាស្ត្រកម្ពុជាមិនអាចបំភ្លេចបាន ហើយកត់ត្រាទុកសម្រាប់ជាគំរូវីរភាពដ៏ថ្លៃថ្លាដល់កូនខ្មែរជំនាន់ក្រោយសម្រាប់រៀនសូត្រតាម។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តប្ញក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធ ទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា និង ជួយជ្រោមជ្រែងប្រោះព្រំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុងឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈជានិច្ចនិរន្តរ៍។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចគោរពដ៏ខ្ពង់ខ្ពស់និងគោរពសេចក្តីស្រឡាញ់ដ៏ជ្រាវជ្រៅបំផុតពីខ្ញុំទាំងអស់គ្នា។

ថ្ងៃ អង្គារ ១កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល

World Bank៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងរើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរងការប៉ះទង្គិចខ្លាំងពីការរាតត្បាតជំងឺជាសាកល

ដោយ៖ ប៊ី
ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។

សេដ្ឋកិច្ចត្រូវបានព្យាករថានឹងរួញទំហំប្រមាណដក ២ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថានឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។

ធនាគារពិភពលោកបានឱ្យដឹងដូច្នេះនៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។

នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។

អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់រដ្ឋាភិបាល បានជួយមួយផ្នែកក្នុងការទ្រទ្រង់ដល់ផ្នែកទទួលទានប្រើប្រាស់ឱ្យនៅស្ថិតស្ថេរ ហើយអតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។ យោងតាមរបាយការណ៍ខាងលើនេះ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរនិងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។

ទោះបីជាការនាំចេញសរុបនៃផលិតផលកមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី, និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែកក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍និងការធ្វើដំណើរ កម្រើកឡើងវិញ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា៖ «ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។

គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ។” លោកស្រីពោលបន្តទៀតថា៖ “ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុកនិងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។

លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ផងដែរ។”

ក្នុងគោលបំណងជួយកម្ពុជាឱ្យឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍ របាយការណ៍បានស្នើឱ្យបង្កើនការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ហើយទន្ទឹមគ្នានេះ លើកកម្ពស់វិស័យអតិពលកម្មនានាដើម្បីបង្កើតការងារក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័សនៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។

របាយការណ៍ក៏បានលើកឡើងដែរនូវឱកាសនានាសម្រាប់សម្រួលការពង្រីកការវិនិយោគក្នុងស្រុកនិងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

របាយការណ៍នេះបានចង្អុលបង្ហាញដែរអំពីសារៈសំខាន់ចាំបាច់បំផុតនៃការរៀបចំបង្កើនឱ្យមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំមួយសម្រាប់វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជាការតាមដានឱ្យបានដិតដល់ផងដែរនូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចដែលអាចបង្កដោយកំណើនអូសបន្លាយយូរពេករបស់វិស័យសំណង់ និងអចលនទ្រព្យ។

ការស្ទង់មតិតាមទូរស័ព្ទដែលធនាគារពិភពលោកបានធ្វើពីរដងក្នុងរយៈពេលកន្លងទៅ បានឱ្យដឹងថា ចំនួនអ្នកផ្តល់ចម្លើយដែលកំពុងធ្វើការក្នុងពេលស្ទង់មតិ មានការធ្លាក់ចុះពី៨២ភាគរយនៅពេលមានការផ្ទុះជំងឺកូវីដ១៩ដំបូង មកនៅត្រឹម៧១ភាគក្នុងខែឧសភា ឆ្នាំ២០២០ ហើយតួលេខនេះហាក់ដូចជានៅដដែលក្នុងខែសីហា ឆ្នាំ២០២០។

ការរាតត្បាតជំងឺនេះនៅតែបន្តជះផលអវិជ្ជមានទៅលើសកម្មភាពធុរកិច្ចដែលមិនមែនជាការដាំដុះ ប៉ុន្តែក្នុងសភាពមួយដែលមិនសូវធ្ងន់ធ្ងរណាស់ណាទេបើប្រៀបធៀបទៅនឹងពេលដែលវិបត្តិនេះបានផ្ទុះឡើងភ្លាមៗ។ ការបាត់បង់ចំណូលនៅតែមានទំហំធំធេងនៅឡើយ បើទោះជាការធ្លាក់ចុះចំណូលគ្រួសារថយល្បឿនបន្តិចវិញក្រោយពីរដ្ឋា
ភិបាលបានដាក់ចេញកម្មវិធីថ្មីមួយសម្រាប់ផ្ទេរសាច់ប្រាក់ទៅជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ។

ការស្ទង់មតិទាំងនោះបង្ហាញថា ជិត៩០ភាគរយនៃក្រុមគ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកក្រ បានរាយការណ៍ថាបានទទួលប្រាក់សង្គ្រោះនៅក្នុងខែសីហា និងកញ្ញា។

របាយការណ៍នេះមានជំពូកពិសេសមួយផ្តោតទៅលើ ការស្ទង់មតិលើសកម្មភាពធុរកិច្ចកម្ពុជា (Cambodia Business Pulse Surveys/BPS) ដែលត្រូវបានធ្វើឡើងសម្រាប់ស្វែងយល់អំពីផលប៉ះពាល់របស់កូវីដ១៩ ទៅលើធុរកិច្ច។

ការស្ទង់មតិលើសកម្មភាពធុរកិច្ចនេះត្រូវបានធ្វើជាមួយក្រុមហ៊ុនជាង ៥០០ក្រុមហ៊ុនពីខែមិថុនាដល់ខែកញ្ញា ហើយលទ្ធផលបង្ហាញថា អាជីវកម្មជាច្រើនបានបើកទ្វារឡើងវិញហើយតាំងពីខែមិថុនាមក។ យ៉ាងណាក្តី ការលក់នៅមានកម្រិតទាបខ្លាំង ពិសេសសម្រាប់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងសម្រាប់បណ្តាក្រុមហ៊ុនជាច្រើននៅខេត្តសៀមរាប។

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម៕

គេហទំព័រ Cambodiafinancialtimes.com នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​វីដេអូ​ព័ត៌មាននិង​ចំណេះដឹងថ្មីៗនៅ​ដើមឆ្នាំ២០២១

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ គេហទំព័រ Cambodiafinancialtimes.com និង​ហ្វេ​ក​ប៊ុ​ក​ផេ​ក​ផ្លូវការ Cambodia Financial Times នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​វីដេអូ ទាក់ទង​នឹង​ចំណេះដឹង និង​ព័ត៌មាន​ហិរញ្ញវត្ថុ អចលនទ្រព្យ​នៅ​ដើមឆ្នាំ២០១២១ខាងមុខនេះ។

ការផលិត​វីដេអូថ្មីៗ នឹង​ផ្តោតលើ​មាតិកាសំខាន់ៗរបស់គេ​ទំព័រ​នេះ រួមមាន​វិស័យ​ធនា​ការ មីក្រូហិរញ្ញវត្ថុ អចលនទ្រព្យ ធានារ៉ាប់រង ផ្សា​រមូល​ប​ត្រ និង​វិស័យ SMEs ជាដើម។

លោក​ស៊ុំ ម៉ា​ណេ​ត និ​ព​ន្ឋ​នាយក​គេហទំព័រ​នេះ ដែល​ធ្លាប់​បំពេញការងារ​នៅ​សារ​ព៌​ត​មាន Phnom Penh Post, Khmer Times ជាច្រើន​ឆ្នាំ​បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការផលិត​វីដេអូ​ថ្មី​របស់គេ​ទំព័រ Cambodiafinancialtimes.com គឺ​ដើម្បី​ចូល​ចំណែក​ផ្សព្វផ្សាយ​ព័ត៌មានថ្មីៗ ទាក់ទង​នឹង​ទិដ្ឋភាព​សេដ្ឋកិច្ច​ទូទៅ ពិសេស​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា អចលនទ្រព្យ និង​ចំណេះដឹងថ្មីៗទាក់ទង​នឹង​ហិរញ្ញវត្ថុ ដោយ​យើង​សង្ឃឹមថា ការចូលរួម​ទាំងនេះ​នឹង​ក្លាយជា ធាតុ​ចូល​សំខាន់ សម្រាប់​ប្រជាជន​កម្ពុជា​យក​ធ្វើ​មូលដ្ឋាន​នៃ​ការគិត​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

លោក​បន្តថា ហេតុនេះហើយ ក្រុមការងារ​គេហទំព័រ​យើងខ្ញុំ បានសម្រេច​ចិត្ត​រួមគ្នា ដើម្បី​ផលិត​វីដេអូ​ព័ត៌មាន និង​ចំណេះដឹងថ្មីៗ ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​សំរាប់​ប្រើប្រាស់​ជា​ចំណេះដឹង ដែល​អាច​យកទៅ​វិភាគ​ពិចារណា និង​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក៏ដូចជា​ប្រើប្រាស់​ជា​ព៌​ត​មាន ដែល​អាច​ទុកចិត្តបាន មុន​សម្រេចចិត្ត​លើ​ការវិនិយោគ​អ្វីមួយ។

គេហទំព័រ Cambodiafinancialtimes.com ទើបតែ​ចាប់ផ្តើម​បោះ​ជំ​ហ៊ាន ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា ប៉ុន្តែ​យើង​មាន​ធនធានមនុស្ស ដែលមាន​ចំណេះដឹង ជំនាញ បទពិសោធន៍​ខ្ពស់។

លោក​ស៊ុំ ម៉ា​ណេ​ត បាន​បន្តថា “យើង​ទៅមុខ​ជាមួយ​ចំណេះដឹង និង​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ជាការ​តបស្នង​ដល់​សង្គម។ យើង​ស្វាគមន៍​ការរួមបញ្ចូល​នូវ​មូលធន​បញ្ញា តាមរយៈ​ការរិះគន់​ប្រកបដោយ​ស្ថាបនា ហើយ​យើង​រីករាយ​ធ្វើការ​ជាមួយ​អ្នក​ធុរកិច្ច​នានា ដើម្បី​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ និង​សេវាកម្ម​របស់​ពួកគេ” ។

ជាមួយគ្នានេះ យើង​ឈរលើ​មូលដ្ឋាន​ជោគជ័យ និង​ឈ្នះ ឈ្នះ​ទាំងអស់គ្នា ជា​អ្វីដែល​យើង​ទន្ទឹងរង់ចាំ​ជាមួយ​សេវាកម្ម និង​ការគាំទ្រ​ពីស​ម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា​ទាំងអស់​ដោយ​ក្តី​រីករាយ៕