សហភាព​អឺរ៉ុប​កំពុង​ធ្វើ​ច្បាប់​សេវាកម្ម​ឌីជីថល​ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ

ដោយ​សុខុម

អន្តរជាតិ: សហភាព​អឺរ៉ុប គ្រោង​នឹង​បញ្ចេញ​សំណើ​ច្បាប់ថ្មីៗ ដែល​ខ្លួន​និយាយថា​នឹង “ពិនិត្យមើល​ឡើងវិញ” ចំពោះ​ទីផ្សារ​ឌីជីថល ដោយ​ក្នុងនោះ​រួមទាំង​របៀប​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗដំណើរការ​ផងដែរ។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្ងៃទី១៥ ធ្នូ។

សំណើ​ច្បាប់​ចំនួន២ គឺ​ច្បាប់​សេវាកម្ម​ឌីជីថល (Digital Services Act) និង​ច្បាប់​ទីផ្សារ​ឌីជីថល (Digital Markets Act) នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី១៥ ធ្នូ​កន្លងមកនេះ។ គេ​រំពឹងថា នេះ​ជា​កំណែទម្រង់​ច្បាប់​ធំ​បំផុត ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល២០ឆ្នាំ​មកនេះ ដោយ​ផ្តោតលើ​ការប្រកួតប្រជែង និង​ការធ្វើឱ្យ Platform អន​ឡាញ​មានការ​ទទួលខុសត្រូវ​ចំពោះ​ខ្លឹមសារ​ដែល​ខ្លួន​បាន​បង្ហោះ។

នៅក្នុង​សំណើ​ច្បាប់​ទាំងនេះ ក៏​ទំនងជា​មានចែង​អំពី​ការផាកពិន័យ​ធ្ងន់ធ្ងរ ចំពោះ​អ្នក​បំពាន​ផងដែរ។

សំណើ​ច្បាប់​ទាំងនេះ ត្រូវបាន​ដឹកនាំ​តាក់តែង ដោយ​លោកស្រី​ឧត្ដមស្នងការ​Margrethe Vestager ជនជាតិ​ដា​ណឺ​ម៉ាក និង​លោក​ឧត្ដមស្នងការ Thierry Breton ជនជាតិ​បារាំង ដែលមាន​ប្រវត្តិ​ធ្លាប់​បញ្ចេញ​វោហារសាស្ត្រធ្ងន់ៗ ប្រឆាំង​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗបំផុត។

កាសែត The Irish Times ដែល​ចុះផ្សាយ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ បាន​ដកស្រង់​សម្ដី​របស់​ឧត្ដមស្នងការ​ទាំងពីរ ដែល​បាន​ព្រលយ​ពាក្យ​ថា “ផលប្រយោជន៍​ពាណិជ្ជកម្ម និង​គោលនយោបាយ​របស់​ក្រុមហ៊ុន​មួយ​ក្ដាប់​តូច មិនគួរ​ជា​អ្នកកំណត់​អនាគត​របស់​យើង​ឡើយ” ។

តាម​ការរំពឹងទុក ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សំណើ​ច្បាប់​នេះ នឹង​ដោះស្រាយ​ការ​មាន​ឥទ្ធិពល​លុប​លើ​គេ ក្នុង​រូបភាព​មិន​ត្រឹមត្រូវ​របស់​ក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Google និង Facebook ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ជាដើម។

ជាពិសេស ឧត្ដមស្នងការ​សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់ថា ខ្លួន​ប្រឆាំងនឹង​ក្រុមហ៊ុនធំៗបែបនេះ ដែល​ប្រើប្រាស់​ទិន្នន័យ​ខ្លួន ប្រមូលបាន​ពី​សេវាកម្ម​មួយ “ដើម្បី​កែលម្អ ឬ​អភិវឌ្ឍ” ទៅជា​ទម្រង់​ថ្មី ដែល​ធ្វើឱ្យ​ក្រុមហ៊ុនផ្សេងៗ ពិបាក​នឹង​ប្រកួតប្រជែង​ជា​មូ​យ​ក្រុមហ៊ុនធំៗទាំងនោះ។

ឧត្ដមស្នងការ​សហភាព​អឺរ៉ុប និយាយថា ច្បាស់​ណាស់​ថា ក្រុមហ៊ុន​បែបនេះ “ជា​អ្នកកំណត់​ច្បាប់​លេង​ហ្គេម សម្រាប់​អ្នកប្រើប្រាស់ និង​គូប្រជែង​របស់ខ្លួន” ៕

រដ្ឋាភិបាល​កំពុងអភិវឌ្ឍន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ភូមិឋាន​តំបន់​អភិវឌ្ឍន៍ត្រីកោណ CLV

ដោយ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​បាន​នឹង​កំពុងអភិវឌ្ឍន៍ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម  (CLV DTA ) ឱ្យមាន​ការរីកចំរើន​បន្ថែមទៀត ស្របតាម​ចក្ខុវិស័យ​នៃ​ប្រទេស​ទាំង៣នេះ។

លោក​ផៃ ស៊ី​ផាន​អ្នកនាំពាក្យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា  រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍ ដូចជា រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូច​ផ្លូវថ្នល់  និង​ភូមិឋាន​របស់​ជា​ពលរដ្ឋ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើឱ្យ​តំបន់​នេះ​មានការ​រីកចំរើន ។

លោក​បន្តថា “រដ្ឋាភិបាល​មាន​ផែនការអភិវឌ្ឍន៍ នៅតាម​ព្រំដែន​ឱ្យ​ក្លាយជា​ព្រំដែន​សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ក្នុងន័យ​ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម វិនិយោគ និង​ដោះដូរ​ទំនិញ​រវាង​ប្រទេសជិតខាង​ឱ្យមាន​ភាពរលូន និង​កំណើនសេដ្ឋកិច្ច” ។

លោក​ផៃ ស៊ី​ផាន បន្ថែមថា ជាមួយនឹង​ការដាក់ចេញ​ផែនការ​អភិវឌ្ឍ កម្ពុជា​ក៏​អាច​រក្សាបាន​នូវ​កិច្ចការពារ​ព្រំដែន ឱ្យមាន​ភាពរឹងមាំ​បន្ថែមទៀត ព្រោះ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ខ្វាត់ខ្វែង  ប្រជាពលរដ្ឋ​រស់នៅ និង​ធ្វើ​អាជីវកម្ម​នៅតាម​ព្រំដែន នៃ​ប្រទេស​ទាំងបី​នេះ ស្រប​ផែនការ​ចក្ខុវិស័យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ។

លោក​បន្ថែមទៀតថា រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​ផែនការ ឱ្យមាន​ការអភិវឌ្ឍន៍​គម្រោង​កាស៊ីណូ នៅតាម​ព្រំដែន ដែល​អាច​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ពលរដ្ឋ ដែលជា​កម្មករ​ហើយ​ទទួលបាន​ចំណូល សម្រាប់​ទ្រង់​ទ្រ​ង​ជីវភាព​គ្រួសារ ហើយ​តំបន់​នេះ (CLV) បាន​នឹង​កំពុង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ផងដែរ ។

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV DTA) បានអនុម័ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) នៅក្នុង​កិច្ចប្រជុំ​លើក​ទី១១ តាមរយៈ​ប្រព័ន្ធ​វីដេអូ Conference កាលពីពេល​ថ្មី​នេះ។ វា​ជា​ឯកសារ​យុទ្ធសាស្ត្រ​តំបន់ ដែល​ភ្ជាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​ចំនួន១៣ ក្នុងប្រទេស​កម្ពុជា (ខេត្ត​ចំនួន ៤: ក្រចេះ ស្ទឹងត្រែង រតនគិរី:គី​រី និង​មណ្ឌល​គី​រី) ឡាវ (ខេត្ត​ចំនួន ៤) និង​វៀតណាម​ខេត្ត(ចំនួន៥) ក្នុង​ចក្ខុវិស័យ​ដើម្បី​ប្រែក្លាយ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ជា​តំបន់​សមាហរណកម្ម ក្នុងការ​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍ ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ លើកកម្ពស់​គុណភាព​សេវាកម្ម ក្នុង​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង និង​បេ​តិក​ភ័​ណ្ឌ ដែល​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ របស់​ប្រជាន​ក្នុងប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។

ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​តំបន់ CLV ក្រោម​គំនិត​ផ្តួចផ្តើម ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី កាលពី​ឆ្នាំ១៩៩៩ ។

តាមរយៈ​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​តំបន់ត្រីកោណ CLV គឺ​កម្ពុជា មាន​ខេត្ត រតនគីរី មណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា តាម​យៈ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​លំហូរ​ចូល​នៃ​ភ្ញៀវទេសចរ៕

ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ចំនួន៣ ធ្វើ​ឲ្យ​ប្រែប្រួល​តម្លៃ​សេដ្ឋកិច្ច​នៅ​ភូមិភាគធំៗចំនួន​ពីរ​នៅ​កម្ពុជា

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹង​ការដាក់ចេញ​ផែនការ​សមាហរណកម្ម​ប្រទេស និង​សមាហរណកម្ម​តំបន់​និមួយៗឲ្យ​កាន់តែ​ខិតជិត​គ្នា ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច រដ្ឋាភិបាល​បានដាក់​ទុន​យ៉ាងច្រើន​ដើម្បី​កសាង និង​ត​ភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។

ផ្លូវជាតិ​លេខ៥

ជាមួយនឹង​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ស្នូលសំខាន់ៗ សំរាប់​សេដ្ឋកិច្ចជាតិ រដ្ឋាភិបាល​មាន​គោលដៅ ប្រែក្លាយ​តំបន់​ជាប់​ផ្លូវជាតិ​លេខ៥ ជា​សួន​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ដើម្បី​ទទួលផល​ប្រយោជន៍៍​ពី​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ពី​ប្រទេស​ថៃ ត​ភ្ជាប់​ជាមួយ​កម្ពុជា និង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម។

បច្ចុប្បន្ននេះ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន ក្រុមហ៊ុន​ជប៉ុន​បាននិងកំពុង​ពង្រីក​ការសាងសង់ និង​ពង្រីក​ផ្លូវជាតិ​លេខ៥ជា​ពីរ​គន្លង​រថយន្ត ដើម្បី​សម្រួលការ​ដឹកទំនិញ។

ការពង្រីក​ផ្លូវ​នេះ នឹង​ផ្តល់​ផលប្រយោជន៍ ដល់​បណ្តា​ខេត្ត​នៅតាម​ផ្លូវ​នេះ ដូចជា​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ត​ភ្ជាប់​មកកាន់​កំពង់ឆ្នាំង រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្តស្វាយរៀង ព្រំប្រទល់​ប្រទេស​វៀតណាម ដែល​នេះ​ជា​យុ​ទ្ឋ​សាស្ត្រ​នៃ​ការអភិវឌ្ឍន៍​តាម​យុ​ទ្ឋ​សាស្ត្រ​ត្បូង ត្បូង​របស់​អាស៊ាន។

ខ្សែ​រថភ្លើង​ត​ភ្ជាប់​ពី​ប្រទេស​ថៃ មកកាន់​រាជធានី​ភ្នំពេញ

គំរោង​ត​ភ្ជាប់​ការដឹកជញ្ជូន តាម​ផ្លួ​វ​ដែក​ពី​ប្រទេស​ថៃ មកកាន់​ព្រំដែន​កម្ពុជា ប៉ោយប៉ែត​បាននិងកំពុង​ដំណើរការ​ផងដែរ ប៉ុន្តែ​សេវាកម្ម​នេះ​មិនទាន់​រលូន​នៅឡើយ ដោយសារ​បញ្ហា​និតិ​វិធី និង​បញ្ហា​បច្ចេកទេស ដោយសារ​រថភ្លើង​កម្ពុ​ជា​រត់​បាន​ល្បឿនយឺតៗ ដោយសារ​កង្វះ​ការវិនិយោគ​លើ​ផ្នែក​នេះ​ឲ្យ​បានជា​ដុំកំភួន។

ការតភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​យុ​ទ្ឋ​សាស្ត្រ​ត​ភ្ជាប់​អាស៊ាន​ឆ្នាំ២០២៥ខាងមុខ ប៉ុន្តែ​ការធ្វើសមាហរណកម្ម​នេះ ទទួលបាន​ផលប្រយោជន៍ និង​លឿន​កម្រិតណា វា​អាស្រ័យ​លើ​ធនធាន និង​ឆ​ន្ទះ​នយោបាយ​របស់​មេដឹកនាំ​កម្ពុជា ថៃ​ក៏ដូចជា​មេដឹកនាំ​អាស៊ាន។

ផ្លូវជាតិ​លេខ១០

ការស្ថាបនា​ផ្លូវជាតិ​លេខ១០ ដែលមាន​ប្រវែង​ជិត២០០គីឡូម៉ែត្រ បាននិងកំពុង​ធ្វើឡើង​យ៉ាងសកម្ម ដែល​នេះ​ជា​ផ្លួ​វ​ប្រវត្តិសាស្ត្រ​លើកដំបូង ដែលជា​ការធ្វើសមាហរណកម្ម​តំបន់​ដីគោក ទៅកាន់​តំបន់ឆ្នេរ ដ៏​មាន​សក្តានុពល​ទាំង​ធនធានធម្មជាតិ និង​ការដឹកជញ្ជូន។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា បាន​ថ្លែងថា ការកសាង​ផ្លូវ​នេះ​របស់​រដ្ឋាភិបាល មិន​ត្រឹមតែ​ជា​ការធ្វើសមាហរណកម្ម​ផ្ទៃក្នុង​កម្ពុជា​នោះទេ ប៉ុន្តែ​វា​ជាការ​លើក​កំពស់​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ចកម្ពុជា​ផងដែរ តាមរយៈ​ការកាត់បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង។

លោក​បន្តថា “តំបន់​ភូមិភាគ​ពាយ័ព្យ ជា​តំបន់​ពោរពេញ​ដោយ​កសិផល ដែល​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ទ​ទៅកាន់​ប្រទេស​ទី៣ ហេតុនេះ​ការកសាង​ផ្លូវជាតិ​លេខ១០ នឹង​ជួយ​សម្រួល ការដឹកជញ្ជូន​កសិផល​ចេញពី​តំបន់​នេះ ឆ្ពោះទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​ដែល​ជិត​បញ្ចប់​ការសាងសង់​នៅ​ខេត្តកោះកុង” ។ លោក​បន្តថា “កំពង់ផែ​នេះ នឹង​អាច​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​កសិផល​កម្ពុ​ជា​ទៅកាន់​ប្រទេស​ទី៣ ដោយ​កាត់បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង” ។

ផ្លូវជាតិ​លេខ១០ ត​ភ្ជាប់​ពី​ស្រុក​សំឡូត​ខេត្តបាត់ដំបង ឆ្ពោះ​មកកាន់​ខេត្តពោធិសាត់ និង​ឆ្ពោះ​ត្រង់​មកកាន់​ខេត្តកោះកុង ដែល​វា​ជា​ផ្លូវ​លើកដំបូង ដែល​ត​ភ្ជាប់​ពី​តំបន់​ភូមិភាគ​ពាយ័ព្យ​ទៅកាន់​តំបន់ឆ្នេរ ហើយ​អ្នក​នៅ​តំបន់​ពាយ័ព្យ​ចង់ទៅ​កាន់​តំបន់ឆ្នេរ មិនចាំបាច់​ចំណាយពេល​យូរ​ឡើយ៕

ក្រុមហ៊ុន Econpile ទទួលបាន​កិច្ចសន្យា​បុកគ្រឹះ​តម្លៃ​ជិត ១០០លាន​ដុល្លារ​លើ មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​នៅ​កម្ពុជា

ដោយៈ​សុខុម

ក្រុង​គូ​ឡា​ឡាំ​ពួ​រៈ​ក្រុមហ៊ុន Econpile Holdings Bhd ដែលមាន​ឯកទេស​ខាង​ខួង និង​បុកគ្រឹះ ទើបតែ​ទទួលបាន​កិច្ចព្រមព្រៀង​មួយ ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ ៨៥,៧ លាន​ដុល្លារ​អាមេរិក (៣៤៧,៦ លាន​រីង​ហ្គី​ត​ម៉ាឡេស៊ី) ។

ទឹកប្រាក់​នេះ នឹង​ទទួលបាន​ពី​ប្រតិបត្តិការ​សម្រាប់​ការងារ​ខួង និង​បុកគ្រឹះ​សម្រាប់​គម្រោង​សាងសង់ មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា(ទំនងជា​គំរោង Naga3)។ នេះ​បើ​យោងតាម​គេហទំព័រ TheEdgeMarkets ចុះផ្សាយ​កាលពី​ថ្ងៃទី១៥ ធ្នូ​កន្លងមកនេះ។

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​នេះ មិនបាន​បញ្ជាក់ថា គំរោង​មជ្ឈមណ្ឌល​កំសាន្ត​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ជាស​កម្ម​សិ​ទ្ឋ​របស់​ក្រុមហ៊ុន​ណា​នោះទេ។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ខ្លួន បាន​កាន់កាប់​ទាំងស្រុង Econpile (M) Sdn Bhd ទទួលបាន​កិច្ចសន្យា​នេះ​កាលពី​ថ្ងៃទី១៤ ធ្នូ ពី​ក្រុមហ៊ុន​ចិន MCC International Inc Ltd។

យោងតាម​កិច្ចសន្យា គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល៣០ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​ចាប់ផ្ដើម ហើយ​គេ​រំពឹងថា​វា​នឹង​រួមចំណែក​ជា​វិជ្ជមាន ដល់​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន សម្រាប់​ការបញ្ចប់​ឆ្នាំសារពើពន្ធ​នៅ​ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ (ឆ្នាំសារពើពន្ធ ២០២១) តទៅ។

ក្រុមហ៊ុន​នេះ​បាន​បន្ថែមថា “គ្មាន​ហានិភ័យ​អ្វី​ធំដុំ​នោះទេ ក្រៅពី​ហានិភ័យ​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង គម្រោង​អំឡុង​រយៈពេល​នៃ​កិច្ចសន្យា។ គណៈ​គ្រប់គ្រង​នឹងដាក់​ចេញ​វិធានការ​គ្រប់គ្រង និង​នីតិវិធី​ប្រតិបត្តិការ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ឬ​ហានិភ័យ​ដែល​អាច​កើតមាន​ព្រឹត្តិការណ៍​បែបនេះ” ។

យោងតាម​គេហទំព័រ​ដដែល​ឱ្យដឹងថា ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Econpile បាន​ហក់​ឡើង ០,៩១% នៅក្នុង​ការជួញដូរ​ពេលព្រឹក ធ្វើឱ្យ​វា​កើន​តម្លៃ​រហូតដល់ ៧៤២,៣១ លាន​រីង​ហ្គី​ត ហើយ​ជា​លទ្ធផល៦លាន​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ត្រូវបាន​ជួញដូរ៕

ការលក់​លំនៅឋាន​រប​ស់​ក្រុមហ៊ុន​ឯកជន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​សម្រេចបាន​កំនើន១៨,៩ភាគរយ

ដោយៈ​វុត្ថា

សឹង្ហ​បុរីៈ ការលក់​លំនៅឋាន​រប​ស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន នៅក្នុង​ប្រទេស​សឹង្ហ​បុរី​បាន​កើនឡើង​ប្រមាណ១៨,៩ ភាគរយ​កាលពី​ខែវិច្ឆិកា ដោយសារ​មាន​គម្រោង​ថ្មី​របស់​អ្នក​អភិវឌ្ឍន៍​បានចាប់ផ្តើម ខណៈ​បើ​ធៀប​ទៅនឹង​ខែតុលា នៃ​ឆ្នាំនេះ​មានការ​ថយចុះ ។

យោងតាម​របាយការណ៍​ពី​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង (URA) របស់​ប្រទេស​សឹង្ហ​បុរី បានបង្ហាញ​កាលពី១៥ ខែធ្នូ​កន្លងមកនេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​បាន​លក់បាន​លំនៅឋាន​បាន​ចំនួន៧៦៧ យូ​នី​ត​កាលពី​ខែវិច្ឆិកា ដោយ​មិន​រាប់បញ្ចូល​ខុន​ដូ(ECs) ដែល​ស្មើនឹង១៨,៩ភាគរយ ។

របាយការណ៍​ដដែល​ប​ន្ត​ថា  ផ្ទះ​ចំនួន៧៦៧យូ​នី​តនៃ​ការលក់​ចេញ​នេះ ខ្ពស់ជាង​ខែតុលា ដែលមាន​ចំនួន​ត្រឹមតែ៦៤៥យូ​នី​ត ប៉ុន្តែ​បើ​ធៀប​ជាមួយនឹង​ឆ្នាំ២០១៩ មានការ​ធ្លាក់ចុះ។

ភាគច្រើន​នៃ​ការលក់​កាលពី​ខែវិច្ឆិកា គឺ​ស្ថិតនៅក្នុង​តំបន់ Rest of Central Region មា​នំ​នួន ៤៤៧យូ​នី​ត ខណៈ​តំបន់ Outside Central Region  មាន​ចំនួន២៣៦យូ​នី​ត និង​តំបន់ Core Central Region មាន​ចំនួន៨៤យូ​នី​ត។

លោកស្រី Christine Sun ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន OrangeTee & Tie បានឱ្យដឹងថា បើទោះបី​មាន​បញ្ហា​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ ក៏​អ្នកស្វែងរក​ទីលំនៅ​ឋាន​នៅតែ​បន្ត​មាន ព្រោះ​ពួកគេ​រំពឹងថា សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​នឹងត្រូវ​ស្តារឡើងវិញ  និង​មាន​កំណើន​ខ្ពស់​នាពេលខាងមុខ​ដ៏​ខ្លី។

លោកស្រី​ថ្លែងថា“ អាជីវកម្ម និង​សកម្មភាព​សង្គម​ជាច្រើន ត្រូវបាន​គេ​រំពឹងថា​នឹង​ដំណើរការ​ឡើងវិញ” ។ លោកស្រី​បាន​បន្ថែមថា “កម្មវិធី​ចាក់​ថ្នាំ​បង្ការ​រោគ ត្រូវបាន​រៀបចំឡើង​នៅក្នុង​ប្រទេស​ជាច្រើន ក្នុងនោះ​មាន​ប្រទេស​សឹង្ហ​បូរី​ផងដែរ ដែល​បានប្រកាស​ពី​ផែនការ​នៃ​ការចាក់​ថ្នាំ​បង្ការ​រោគ ដល់​បុគ្គលិក​ថែទាំ​សុខភាព​ជួរមុខ និង​អ្នកជំងឺ​ដែល​ងាយ​រងគ្រោះ” ។

លោក  Lee Hsien Loong នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សឹង្ហ​បុរី កាលពី​ថ្ងៃ​ចន្ទ បាន​ថ្លែង​នៅក្នុង​សុន្ទរកថា តាម​ទូរទស្សន៍​មួយ​ថា ប្រទេស​សិង្ហ​បុរី​នឹង​ចូលដល់​ដំណាក់កាល​ទី ៣ នៃ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ជាថ្មី​នៅ​ថ្ងៃទី២៨ ខែធ្នូ​ខាងមុខនេះ។

លោក​បន្តថា “ប្រទេស​សឹង្ហ​បុរី​បាន​បញ្ជា​ទិញ ថ្នាំ​វាក់​សាំង​ពី​ក្រុមហ៊ុន Pfizer និង​ក្រុម​ហ៊ុ BioNTech ដែល​អាច​នឹង​ដឹក​មកដល់​នៅ​បំណាច់​ខែធ្នូ​នេះ” ៕

កម្ពុជាទទួលបានជំនួញពីសហរដ្ឋអាមេរិកជិត១៣០លានដុល្លារនៅក្នុងឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមរយៈប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថានៅក្នុងឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយហិរញ្ញប្បទានសរុបជិត១៣០លានសម្រាប់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹងនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ក្នុងនោះ ហិរញ្ញប្បទានចំនួន ៤៣,៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩២រហូតមកដល់ឆ្នាំ២០១៩ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៥ពាន់លានដុល្លារ សមមូលនឹង ៦,១០ភាគរយ នៃទំហំហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតរយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន័ជាតិឆ្នាំ២០១៩-២០២៣៕

ធនាគារវិនិយោគអឺរ៉ុបផ្តល់ហិរញ្ញប្បទាន៨០លានអឺរ៉ុសម្រាប់កែលម្អហេដ្ឋារចនា សម្ព័ន្ធទឹកនៅកម្ពុជា

ដោយៈណេត

ភ្នំពេញៈ ធនាគារវិនិយោគអឺរ៉ុប(EIB) ដែលជាធនាគាររបស់សហភាពអឺរ៉ុប នឹងវិនិយោគទឹកប្រាក់៨០លានអឺរ៉ូ នៅក្នុងគម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តកសិកម្ម ដើម្បីពង្រី​កបណ្តាញផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្រ្តនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសមួយរបស់សហភាពអឺរ៉ុប ទទួលបានពេលថ្មីៗនេះបាន ឱ្យដឹងថា គម្រោងនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជា បង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹក ដែលមានសារៈសំខាន់ណាស់ក្នុងរយៈពេលវែង សម្រាប់សមត្ថភាពរបស់ប្រទេស ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុទៅលើការផ្គត់ផ្គង់ទឹកនិងកសិកម្ម។

លោកChristian Kettel Thomsen អនុប្រធាន EIB ទទួលបន្ទុកប្រតិបត្តិការនៅកម្ពុជាបានមានប្រសាសន៍ថា ធនាគារអ៊ឺរ៉ុបកំពុងវិនិយោគ លើអនាគតរីកចម្រើនប្រកបដោ​យសុវត្ថិភាព និងនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជា។

លោកបានថ្លែងថា “ជាមួយដៃគូរបស់យើងមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអឺរ៉ុប កំពុងចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច តាមរយៈវិស័យកសិ​កម្ម និងបង្កើនអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយនៅក្នុងប្រទេស”។

ជាមួយគ្នានេះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ក្នុងនាមទូតអឺរ៉ុបនៅកម្ពុជា សូមស្វាគមន៍ចំពោះការបង្កើនគំនិតផ្ដួចផ្ដើម ចូលរួមរបស់EIB នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តល់ថវិកាដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំទីបី ក្នុងរយៈពេលតិចជាងពីរឆ្នាំ។

គម្រោងនេះនឹងជំរុញផលិតកម្មកសិកម្ម និងបង្កើនភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ហើយនឹងផ្តល់ឱ្យប្រទេសកម្ពុជា នូវការចូលរួមបច្ចេកទេសសំខាន់ៗនិងឧបករណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចទឹករបស់ខ្លួន។ ជាមួយនឹងគម្រោងថ្មីនេះ អឺរ៉ុបបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ១៩។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតអូន ព័ន្ធមុនី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ ចំពោះការវិនិយោគរបស់អឺរ៉ុបដែលជាជំហ៊ានដ៏សំខាន់ ឆ្ពោះទៅរកការកែលម្អជីវភាពរស់នៅ និងផលិតកម្មកសិកម្មនៅក្នុងប្រទេស។

លោកបានថ្លែងទៀតថា គម្រោងនេះក៏នឹងអនុញ្ញាតឱ្យប្រទេសកម្ពុជា សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកែលំអរវិធីដែលយើងគ្រប់គ្រងទឹករបស់យើងសម្រាប់គោលបំណងកសិកម្ម និងការអនុវត្តកសិកម្ម។ គម្រោងនេះ គឺជាគំរូដ៏ល្អមួយនៃរបៀប ដែលដៃគូផ្សេងៗគ្នាអាចបង្រួបបង្រួមគ្នា លើចក្ខុវិស័យតែមួយ និងធ្វើការឆ្ពោះទៅរកប្រទេសកម្ពុជា ដែលមានភាពធន់និងរីកចម្រើនជាងមុន៕

គម្រោងសាងសង់ព្រលានយន្ដហោះខេត្តបាត់ដំបងស្ថិតនៅក្នុងដំណាក់កាល សិក្សាពីផលប៉ះពាល់នៅឡើយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នគម្រោងសាងងសង់ព្រលានយន្ដហោះខេត្តបាត់ដំបង ត្រូវបានក្រុមហ៊ុនជំនាញបន្តការសិក្សា ពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍នៅឡើយ ខណៈដែលទីតាំង និងតំបន់ព្រំដីព្រលានត្រូវបានកំណត់ទំហំរួចរាល់ហើយនោះ។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងស្ថាបនាព្រលានយន្តហោះខេត្តបាត់ដំបង នៅពេលត្រូវបានមន្ត្រីជំនាញ និងក្រុមការងាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងតែយកចិត្តទុកដាក់ក្នុងការសិក្សា។

លោកបញ្ជាក់ឱ្យដឹងទៀតថា “មន្ត្រីជំនាញផ្នែកបច្ចេកទេសអាកាសចរស៊ីវិល រួមជាមួយក្រុមហ៊ុនជំនាញក្នុងស្រុក ពួកគាត់កំពុងតែសិក្សាលម្អិតពាក់ព័ន្ធ ទៅនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដែលពាក់ព័ន្ធទៅនឹងស្ដារ និងស្ថាបនាបន្ថែមទៅលើទីធ្លានៃព្រលានចាស់”។ លោកបន្តថា ការសិក្សានេះផ្តោតលើថាតើគួរតែរក្សាទំហំព្រលានចាស់ ឬត្រូវធ្វើថ្មីនិងពង្រីក ហើយការស្ដារឬស្ថាបនាឡើងវិញក្នុងទំហំប៉ុណ្ណានោះ គឺត្រូវសិក្សាឱ្យច្បាស់ពីតម្រូវការជាក់ស្ដែង និងពិតប្រាកដនៅក្នុងស្រុក”។

លោកបានបញ្ជាក់ថា គម្រោងស្ថាបនាមួយនេះជាគម្រោងថ្នាក់ជាតិ ដែលមិនមែនជាលទ្ធភាពរបស់ថ្នាក់ខេត្តនោះទេ ប៉ុន្តែតាមដែលខ្ញុំដឹង គឺក្រុមហ៊ុនជំនាញកំពុងសិក្សាយ៉ាងលម្អិតទៅលើទីធ្លា សម្រាប់ទីចំណតរបស់យន្តហោះក្នុងស្រុក ក៏ដូចជាទីសម្រាប់រថយន្តចូលចត សម្រាប់ដឹកអ្នកដំណើរ និងសម្រាប់ដឹកទំនិញផងដែរ។

លោកបន្តថា “ពាក់ព័ន្ធទៅនឹងពេលវេលា នៃការចាប់អនុវត្តគម្រោងជាក់លាក់នៅពេលណា ហើយចំណាយថវិកាអស់ប៉ុន្មាន ខ្ញុំមិនបានដឹងនោះទេ”។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានមានប្រសា​សន៍ប្រាប់តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះថា បច្ចុប្បន្នគម្រោងនៃការស្ថាបនាព្រលានយន្ដហោះខេត្តបាត់ដំបង គឺកំពុងបន្តអនុវត្ត និងស្ថិតនៅក្នុងដំណាក់កាលសិក្សាពីផលប៉ះពាល់ និងដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជាប់ពាក់ព័ន្ធទៅនឹងទីតាំងគម្រោង។

លោកបានបញ្ជាក់ថា “ឥឡូវហ្នឹងយើងបានដាំបង្គោលកំណត់ទំហំដី និងទីតាំងរួចរាល់ហើយ ហើយនៅបន្តដោះស្រាយផលប៉ះពាល់សិន។ ទាល់តែការដោះស្រាយផលប៉ះពាល់រួចរាល់ ទើបយើងស្វែងរកក្រុមហ៊ុនដៃគូមកសិក្សា ដើម្បីឈានដល់ការកំណត់ពេលចាប់ផ្តើមដំណើរការសាងសង់”។

លោកបន្តថា នៅក្នុងគម្រោងនេះ ជាជំហ៊ានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញ ដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត3C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព។ បន្ទាប់មកទៀត យើងពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្រប ទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី៕

តំបន់ជុំវិញភ្នំឧដុង្គចាប់ផ្តើមទាក់ទាញជាមួយគំរោងលំនៅដ្ឋាននិងរមណីយដ្ឋានទេសចរណ៍ថ្មីៗកាន់តែច្រើន

        ដោយរ៉ាណេត

កណ្តាលៈ តំបន់ឧដុង្គ ដែលមានកេរ្តិ៍ឈ្មោះល្បីថា ជាតំបន់រមណីយដ្ឋានប្រវត្តិ​សាស្រ្ត បច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងលឿន ជាមួយគំរោងលំនៅដ្ឋាន បុរី និងរមណីយដ្ឋានទេសចរណ៍ថ្មីៗ កំពុងលេចរូបរាងជាបណ្តើរៗ ដែលជំរុញឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងសក្តានុពល។

នាយកទីផ្សារ និងផ្នែកលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអចលនទ្រព្យ លោក អុិត វាសនា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ធ្នូនេះថា ស្ថិតតំបន់ជុំវិញឧដុង្គ ជាពិសេសនៅប៉ែកខាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើនគម្រោង ហើយគម្រោងទាំងអស់នេះ គឺកើតមានតាំងពីអំឡុងចុងឆ្នាំ២០១៩ ប៉ុន្តែដោយសារតែបញ្ហានៃជំងឺរាតត្បាត សកម្មភាពទិញលក់ និងអភិវឌ្ឍន៍គម្រោងនានាត្រូវបានផ្អាកមួយរយៈ។

លោកបន្តថា ដោយសារការអភិវឌ្ឍយ៉ាងលឿននេះ បានធ្វើឲ្យសកម្មភាពនៃការទិញលក់ចាប់ផ្តើមកម្រើកឡើងវិញ ហើយសកម្មភាពនៃការអភិវឌ្ឍន៍ ក៏ចាប់ផ្ដើមមានឡើងវិញ។ ជាក់ស្ដែងតំបន់ស្ថិតនៅប៉ែកខាងលិច ឈៀងខាងជើងភ្នំឧដុង្គ គឺមានសំណង់រោងចក្រ លំនៅដ្ឋានជាច្រើនកំពុងសាងសង់ជាបន្តបន្ទាប់ ហើយការពុះដីឡូតិ៍ក៏ឃើញមានច្រើនគម្រោងដែរ”។

លោក អុិត វាសនា បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំៗមួយចំនួនក៏បានទិញដី សម្រាប់គម្រោងលំនៅឋានតម្លៃសមរម្យរួចហើយដែរ (នៅប៉ែកខាងផ្លូវជាតិលេខ៥) ដូចជាគម្រោងរបស់លោកឧកញ៉ាលី ហួរ ជាដើម ហើយនៅប៉ែកខាងផ្លូវជាតិលេខ៥១ គឺមានគម្រោងខ្លះកំពុងតែមមាញឹកក្នុងការសាងសង ដូចជាគម្រោងបុរី អូរ៉ូរ៉ា និងគម្រោងបណ្តុំលំនៅដ្ឋានផ្សេងៗមួយចំនួនទៀត ហើយមិនយូរប៉ុន្មាន ការអភិវឌ្ឍទាំងអស់នេះនឹងធ្វើឱ្យតំបន់ជុំវិញភ្នំឧដុង្គ ក្លាយជាបណ្តុំលំនៅដ្ឋានមិនចាញ់ តំបន់ភ្នំបាសិតនោះទេ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម ពីការអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអច​លនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០៨៨ ៦៩៩ ៨៥៥ ៣/ ០៨៧ ៧៦០ ៥២៩ / ០៦១ ៨៩០ ៨០៨ ៕

ធនាគារហត្ថា ម.ក បរិច្ចាកថវិកា ២០០លានរៀលជូនសម្តេចតេជោហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារហត្ថា ម.កកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានបរិច្ចាគថវិកា ២០០លានរៀល ជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សម្តេចតេជោហ៊ុន សែន នៅល្ងាចថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហ៊ានដំបូងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ជាមួយគ្នានេះដែរ ក្នុងនាមជាថ្នាក់គ្រប់គ្រង បុគ្គលិកធនាគារហត្ថា និងប្រជាពលរដ្ឋកម្ពុជា សុំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយសម្តេច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩ នៅក្នុងប្រទេសកម្ពុជា។

ដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរបស់សម្តេច និងជួយសម្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងបរិច្ចាគថវិកា គាំទ្រដល់ការទិញវ៉ាក់សាំងនេះ ធនាគារហត្ថា ដែលមានបណ្តាញការិយាល័យ សាខាធំលំដាប់ទី២ក្នុងប្រទេសកម្ពុជា បានបង្កើតគណនីសប្បុរសធម៌កូវីដ១៩ សម្រាប់ផ្តល់ភាពងាយស្រួលដល់ អតិថិជនរបស់ធនាគារហត្ថា និងសប្បុរសជនទាំងអស់ ព្រមទាំងនិយោជិតរបស់ខ្លួន ធ្វើការបរិច្ចាគជូនរាជរដ្ឋាភិបាល។

សប្បុរសជនអាចធ្វើការបរិច្ចាគ ដោយផ្ទេរចូលគណនីHattha Bank Covid-19 Contribution Fund របស់ធនាគារហត្ថា ដែលមានលេខគណនី 168000033270 (សម្រាប់ប្រាក់រៀល) និង168000033305 (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគអាចធ្វើឡើង តាមរយៈសេវាធនាគារចល័ត ឬនៅបញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារហត្ថា ដោយមិនគិតថ្លៃ។

ធនាគារហត្ថា ទើបតែបានកម្លាយខ្លួនជាផ្លូវការ ទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា២៦ឆ្នាំ។

បច្ចុប្បន្ន ធនាគារ ហត្ថា មានការិយាល័យសាខាចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើ នសម្បូរបែបដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុថ្មីៗជាច្រើនបន្ថែមទៀត។

ធនាគារហត្ថា ជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ និងជាសមាជិករបស់សម្ព័ន្ធ ហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុ ដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕