ស្ថាបនាជិតរួចៈតម្លៃដីនៅតំបន់ផ្លូវជាតិលេខ៣ហក់ឡើងជិត៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ

ដោយៈ រ៉ាណេត

ភ្នំពេញៈ តំបន់ស្ថិតនៅលើផ្លូវជាតិលេខ៣ ដែលកំពុងពន្លឿនការស្ថាបនាផ្លូវឱ្យកាន់​តែធំទូលាយល្អប្រសើរងាយស្រួលធ្វើដំណើរ និងគ្រោងបញ្ចប់ក្នុងពេលខាងមុខនេះ បានធ្វើឲ្យតម្លៃដី បានកើនឡើងខ្ពស់រហូត ដល់ប្រមាន៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើពៅនេះក៏មានអាស្រ័យទៅតាមទីតាំង និងតំបន់ទីប្រជុំជន។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show up Real Estate លោកអ៊ិន ណាង ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងពុះលក់ដីឡូតិ៍នៅក្នុងតំបន់ផ្លូវជាតិលេខ៣ បានមានប្រសា​សន៍នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា សកម្មភាពនៃការទិញលក់ទាំងផ្នែកដីធ្លី និងលំនៅដ្ឋាន ស្ថិតនៅតំបនើផ្លូវជាតិលេខ៣ នៅពេលបច្ចុប្បន្ននេះមានការធ្លាក់ចុះបន្តិចបើធៀប ទៅនឹងកាលពីពាក់កណ្តាកឆ្នាំ២០២០ ជាពិសេសក្រោយមានការផ្ទុះឡើងនូវព្រឹត្តិការណ៍២៨វិច្ឆិកា កាលពីពេលថ្មីៗនេះ។

លោកបន្តថា “សកម្មភាពទិញលក់ គឺមានការធ្លាក់ចុះបន្តិច ទាំងដីឡូតិ៍ទាំងលំនៅដ្ឋានថ្មីៗ ដែលទើបសាងសង់ ប៉ុន្តែបើនិយាយពីតម្លៃដីវិញនៅតែខ្ពស់មិនធ្លាក់ចុះនោះទេ”។  រាប់ចាប់គិតពីចំណុចរង្វង់មូលចោមចៅ រហូតចំណុចគីឡូលេខ២០ គឺបើស្ថិតនៅជាប់ផ្លូវជាតិលេខ៣ គឺនៅតែថ្លៃ រហូតនៅទីតាំងខ្លះ ស្ថិតនៅក្នុងចន្លោះ៣៥០-៤០០ដុល្លារក្នុងមួយម៉ែត្រ ឬនៅទីប្រជុំជន ដែលមានការធ្វើអាជីវកម្ម ដោយកន្លែងមានតម្លៃលើសនេះក៏មានដែរ”។

លោកអ៊ិន ណាង បានបញ្ជាក់ទៀតថា ដោយសារតែតម្លៃដីនៅជាប់ផ្លូវជាតិលេខ៣មានកម្រិតខ្ពស់ ការពុះឡូតិ៍លក់ហាក់មិនសូវមាននោះទេ ហើយសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានភាគច្រើន បានលើមរំលងមិនចាប់ទិញ សម្រាប់សាងសង់លំនៅដ្ឋានលក់នោះទេ ព្រោះជាទូទៅដីដែលមានតម្លៃ ចាប់ពីជាង៣៥០ដុល្លារក្នុងមួយម៉ែត្រឡើងទៅ ពិបាកក្នុងការទិញ សម្រាប់សាងសង់លំនៅដ្ឋានលក់ ក្នុងតម្លៃត្រឹម១០ម៉ឺនដុល្លារក្នុងមួយខ្នងនោះណាស់។

ស្រដៀងទៅនឹងការលើកឡើងខាងលើនេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ថា “ទីតាំងដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ក្នុងរង្វង់គីឡូ២០ ឆ្ពោះមកកាន់រាជធានីភ្នំពេញ មិនសូវមានដីពុះឡូត៍នោះទេ ដោយភាគច្រើនទីតាំងដែលមានសកម្ម​ភាពពុះច្រើន គឺចុះពីផ្លូវជាតិចាប់ពី១០០ម៉ែត្រចូលទៅក្នុងភូមិ ដែលមានតម្លៃចាប់ពី៦៥០០ដុល្លារក្នុងមួយឡូតិ៍ឡើងទៅ ឬថ្លៃជាងនេះសម្រាប់ដីឡូតិ៍ដែលស្ថិតជួរមុខ ឬនៅលើទីតាំងល្អ។

លោកបានបញ្ជាក់ថា “ពេលនេះតម្លៃដីក្នុងតំបន់នេះហាក់នៅទ្រឹង ប៉ុន្តែប្រសិនបើនៅឆ្នាំក្រោយ បញ្ហាកូវីដ១៩ត្រូវបានទប់ស្កាត់បានជោគជ័យខ្ពស់ នោះតម្លៃដីនឹងអាចឡើងថ្លៃជាងនេះបន្តិច ខណៈពេលដែលគម្រោងនៃការអភិវឌ្ឍ និងវិនិយោគពីសំណាក់អ្នករកស៊ីទាំងក្នុង និងក្រៅស្រុកចាប់ផ្តើមមានសកម្មភាពឡើងវិញ”៕

ទីតាំងល្អ តម្លៃសមរម្យអាចប្រកបអាជីវកម្មបានផ្តល់ជូនពីបុរីJRP

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ដោយផ្តោតលើគុណភាព សោភ័ណភាព ជាមួយតម្លៃសមរម្យ និងទីតាំងអាចប្រកបអាជីវកម្មបាន បុរីJRPបាននិងកំពុងផ្តល់នូវវីឡាកូនកាត់ដ៏ស្រស់ស្អាត និងលក្ខខ័ណ្ឌបង់ប្រាក់ដ៏សមស្របសំរាប់អតិថិជន។

លោកស្រីដាលីនម្ចាស់បុរីJRP ស្ថិតនៅក្បែរផ្សារត្រាច និងមានរោងចក្រព័ទ្ឋជុំវិញបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា សំរាប់គំរោងថ្មីនេះ ក្រុមហ៊ុនបានសំរិតសំរាំងម៉ូតផ្ទះបែបវីឡាដ៏ស្រស់ស្អាត ជាមួយទំហំដី៨គុណនឹង២១ម៉ែត្រ និងផ្ទះមានទំហំ៦គុណនឹង១៤ម៉ែត្រ មានបន្ទប់គេងចំនួនពីរ និងបន្ទប់ទឹកមួយ ដែលផ្តល់នូវការរស់នៅប្រកប​ដោយផាសុខភាព និងតម្លៃសមរម្យបំផុត។

លោកស្រីបន្តថា “ផ្ទះនេះបានបើកលក់ហើយ ជាមួយតម្លៃត្រឹម២៣៥០០ដុល្លារប៉ុណ្ណោះសំរាប់ការបង់ផ្តាច់ ប៉ុន្តែបើអតិថិជនបង់រំលស់មានតម្លៃកើនឡើងដល់៣៣៥០០ដុល្លារអាមេរិក ប៉ុន្តែអតិថិជនក៏អាចបង់រំលស់បានត្រឹម២៩០ដុល្លារក្នុងមួយខែ ជាមួយអត្រាការប្រាក់១ភាគរយ”។

លោកស្រីបានបន្តថា អ្វីកាន់តែពិសេសនោះទីតាំងរបស់បុរីនេះ មានរោងចក្រ សហ​គ្រាសជាច្រើនព័ទ្ឋជុំវិញ ដែលមានកម្មករ និយោជិតរាប់ពាន់នាក់ធ្វើការ។ ហេតុនេះវា​មានភាពអំណោយផលបំផុត ដល់អ្នកទិញផ្ទះក្នុងគម្រោងរបស់យើង ដែលអាចរស់នៅផង​ និងប្រកបអាជីវកម្មប្រចាំថ្ងៃផង។លោកស្រីបន្ថែមថា ការសាងសង់វីឡាលក់ក្នុងតម្លៃ ដ៏សមរម្យនេះ ធ្វើឡើងក្នុងចំនួនមានកំណត់ ហេតុនេះអតិថិជនមិនគួររង់ចាំយូរនោះទេ ដោយសារផ្ទះជាច្រើនត្រូវបានកក់ជាបន្តបន្ទាប់។

គម្រោងបុរី ជេ អរ ភីនេះ ស្ថិតនៅជិតផ្សារត្រាច ចម្ងាយពីរគីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនស្រុកឧត្តុង។ បុរិនេះសាងសង់នៅជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិ លេខ៥២១ ហ៊ុមព័ទ្ធជុំវិញទៅដោយរោងចក្រ សហគ្រាសតូចធំច្រើនជាង២០ទីតាំង ដែលកំពុងមានដំណើរការស្រាប់ មានមន្ទីរពេទ្យ វត្តអារាម សាលារៀនរដ្ឋ និងឯកជន រួមជាមួយនឹងផ្ទះស្នាក់របស់កម្មករ-កម្មការិនី រោងចក្រផងដែរ។

លោកស្រីដាលីនបានបន្តថា គម្រោងនេះ ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវមានបណ្តាញ ទឹកស្អាត អគ្គិសនី បណ្តាញបង្ហូរទឹក មានសួនច្បារសម្រាប់ហាត់ប្រាណ សួនកុមារ និងការបង្កើតតំបន់បៃតង ដែលជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ។

អតិថិជនចាប់អារម្មណ៍សសូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨៥ ៦០០០ ៩១, 093 714 807, 087 7000 49 និងលេខ 077 7000 49៕

 

ដំណឹងល្អៈសម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យថ្នាក់ប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ជាប់មិនបាច់ប្រឡង

        ដោយរ៉ា ណេត

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ។

ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេចជ្រើសរើសមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសុំយោគយល់ពីសិស្សានុ​សិ​ស្ស ដែលមិនទាន់មានលទ្ធភាពអនុញ្ញាតឲ្យប្រឡង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ”។ សម្តេចបន្តថា “យើងត្រូវទទួលយកនូវអ្វីដែលវាបានកើត សម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោក, គុណភាពអប់រំធ្លាក់ចុះបន្ដិចហើយ ហើយខ្ញុំពិតជាឃើញការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះជាប់ អ្នកនេះធ្លាក់ ខ្ញុំឃើញការលំបាក។ ប្រសិនបើការលំបាកអញ្ចឹង ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅឆាប់ចប់ ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅ ហើយកុំឲ្យក្មេងៗភ័យ”។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ការសម្រេចបែបនេះ សម្ដេចមិនខ្វល់ពីការប្រមាថមើលងាយ របស់មនុស្សមួយចំនួនតូចនោះទេ ព្រោះសម្ដេចគ្មានជម្រើ​សណាផ្សេងល្អជាងនេះឡើយ។ សម្ដេចអះអាងថា សម្ដេចមិនទុកឲ្យមនុស្សផ្សេងទៀតឆ្លងជំងឺកូវីដ-១៩ ចេញពីការរៀបចំប្រឡងបាក់ឌុបនោះទេ ហើយនេះបង្ហាញពីការទទួលខុសត្រូវរបស់សម្ដេច ក្នុងនាមជានាយករដ្ឋមន្ដ្រី។

បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។

លោករស់ សុវាចា បានបញ្ជាក់ទៀតថា ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។ ដោយឡែក ចំនួនមណ្ឌលវិញ មាន២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣,២៣៣បន្ទប់៕ ប្រភពFreshnews៕

រដ្ឋាភិបាលចិនបន្តចាត់វិធានការរក្សាទប់តម្លៃលំនៅដ្ឋានបន្ទាប់ពីហក់ឡើង រយៈពេល៣៣ខែជាប់ៗគ្នា

ដោយៈវុទ្ធី

អន្តរជាតិៈ ទីផ្សារលំនៅដ្ឋាននៅប្រទេសចិន បានកើនឡើងក្នុងរយៈពេល៣៣ខែជាប់ៗគ្នាគិតត្រឹមខែវិច្ឆិកា ដែលជាកត្តាជំរុញឱ្យរដ្ឋាភិបាលចិន បន្តអនុវត្តន៍វិធានការ ដើ​  ម្បីទប់ស្កាត់ហានិភ័យ ដែលអាចនាំឱ្យមានវិបត្តិប្រាក់កម្ចី ដូចសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៨។

យោងតាមទិន្នន័យ របស់ការិយាល័យស្ថិតិជាតិបានឱ្យដឹងថា តម្លៃលំនៅដ្ឋានកម្រិ​តមធ្យមនៅខែវិច្ឆិកា នៅទូទាំងទីក្រុងចំនួន៧០ បានកើនឡើង៤ភាគរយ។តម្លៃលំនៅដ្ឋា​នបានកើនឡើង៤,៣ភាគរយ កាលពីខែតុលា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកSong Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់នៅទីភ្នាក់ងារ អចលនទ្រព្យBaonuo បានថ្លែងថា “មានសញ្ញាកើនឡើងនៃការទិញផ្ទះថ្មីៗនៅក្នុងក្រុងធំៗ ដូចជា សៀងហៃជាដើម។ អាជ្ញាធរក្នុងតំបន់នឹងអន្តរគមន៍ ដើម្បីរក្សាស្ថិរភាពទីផ្សារ ប្រសិនបើតម្លៃផ្ទះនៅតែឡើងថ្លៃ”។

វិស័យអចលនទ្រព្យ គឺជាកម្លាំងចលករដ៏សំខាន់មួយ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយបានបង្កើតការងាររាប់លាន បង្កើតចំណូលរាប់ពាន់លានយ័ន ពន្ធប្រថាប់ត្រា និងចំណូលលក់ដីធ្លី សម្រាប់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស។ ទោះយ៉ាងណា ក្នុងពេលដំណាលគ្នា លទ្ធភាពនៃការទិញលំនៅដ្ឋាន ជាពិសេសផ្ទះសម្រាប់អ្នកទិញផ្ទះដំបូង និងគូស្វាមីភរិយាវ័យក្មេង គឺជាបញ្ហាដ៏ក្តៅគគុកសម្រាប់គណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ដែលសន្យាជាមួយប្រជាជនថាមិនឱ្យតម្លៃផ្ទះកើនឡើងខ្ពស់។

អាជ្ញាធរមូលដ្ឋានកំពុងប្រើវិធានការរដ្ឋបាល ដើម្បីរក្សាតម្លៃលំនៅដ្ឋាន។ អ្នករស់នៅទីក្រុងសៀងហៃ មិនត្រូវបានអនុញ្ញាតឱ្យមានផ្ទះពីរនោះទេ សម្រាប់គ្រួសារនីមួយៗ ហើ​​យត្រូវតែមានយ៉ាងហោចណាស់៧០ភាគរយ នៃតម្លៃនៃទ្រព្យសម្បត្តិទី២របស់ពួកគេ។

យោងតាមទិន្នន័យចុងក្រោយ តម្លៃផ្ទះជាមធ្យមបានកើនឡើង០.១ភាគរយកាលពីខែវិច្ឆិកា បើប្រៀបធៀបទៅនឹងខែមុន ដែលជាការកើនឡើងយឺតបំផុតគិតចាប់ពីខែមីនា។

យោងតាមការសិក្សាដែលធ្វើឡើងរួមគ្នាដោយ អង្គការសហប្រជាជាតិ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន(CASS)ការដំឡើងថ្លៃផ្ទះនៅតាមទីក្រុងធំៗ នឹងគំរាមកំហែ​ងដល់ការប្រកួតប្រជែងរបស់ពួកគេ ពីព្រោះវាពិបាកសម្រាប់ពួកគេ ក្នុងការទាក់ទាញការវិនិយោគ៕

ទីតាំងសក្តានុពលៈ ខុនដូរំដួលស៊ីធីផ្តល់ការរស់នៅនិងផលចំណេញជាមួយ លក្ខខ័ណ្ឌបង់ប្រាក់ពិសេស

ដោយៈរ៉ាណេត

ភ្នំពេញៈ ជាមួយនឹងទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ក្បែរព្រលានយន្តហោះអន្តរជាតិ គម្រោងខុនដូរំដួលស៊ីធី ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Supreme Real Estate Group បាននិងកំពុងត្រៀមបង្ហាញខ្លួ​ន ជាមួយនឹងលក្ខខ័ណ្ឌនៃការរស់នៅ និងការបង់ប្រាក់យ៉ាងពិសេស។

គំរោងដែលអភិវឌ្ឍន៍ ដោយក្រុមហ៊ុនដ៏ល្បីល្បាញមកពីប្រទេសចិន បាននិងកំពុងគិតគូដល់ការរស់នៅបែបសហគមន៍ប្រកបដោយផាសុខភាព និងផ្តល់នូវជម្រើសក្នុងការ​រស់នៅតាមរយៈការបំពាក់សម្ភារៈបរិក្ខា និងសេវាកម្មចម្រុះ ដែលអ្នកវិនិយោគគំរោងនេះ ទទួលបានផលចំណេញ និងអាចរស់នៅជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ។

រំដួលស៊ីធីជាលំនៅដ្ឋានសហកម្មសិទ្ធិ ដែលរួមបញ្ចូលគ្នារវាងបែបបទ នៃជីវិតទាន់សម័យ និងភាពស្រស់បំព្រងនៃធម្មជាតិ និងត្រូវបានបំពាក់ដោយប្រព័ន្ធស្មាតហូម បន្ថែមពីលើការរចនាម៉ូដដ៏ទាក់ទាញ ស្អាតប្លែកក្នុងនាមជាសហគមន៍អេកូធម្មជាតិ ដ៏ធំមួយ ដែលជាបែបផែននៃរស់នៅថ្មីក្នុងរាជធានីភ្នំពេញ។

ទិដ្ឋភាពទូទៅនៃគម្រោង

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ ទំនើបរំដួលស៊ីធី មានចំនួន៤អគារ កម្ពស់សរុប២១ជាន់ និងមានចំនួនសរុប១១២៩យូនីត ហ៊ុមព័ទ្ធទៅដោយតំបន់សេវាកម្មសំខាន់ៗដ៏ច្រើនដូចជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអនសែនសុខ និងសាលារៀនជាអន្តរជាតិល្បីៗជាង២០ ព្រមទាំងស្ថាប័នអប់រំរបស់រដ្ឋ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត។

ការពិពណ៌នាពីប្រភេទបន្ទប់

រំដួលស៊ីធី ត្រូវបានរចនាម៉ូដយ៉ាងស្រស់ស្អាតទាន់សម័យ តាមបែបប្រទេសសិង្ហបុរី ដែលជាទីតាំងតែមួយគត់ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងសោភ័ណ្ឌភាពស្ថាបត្យកម្ម និងគុណតម្លៃនៃជីវិត ក្នុងការរស់នៅដោយយូនីតនីមួយៗ មានទំហំចាប់ពីជាង៤២-៨៧ម៉ែត្រការ៉េ ដែលត្រូវបានបែងចែកកម្រិតប្រណីតភាពផ្សេងគ្នា ដូចជាបន្ទប់គេង ផ្ទះបាយ និងរានហាលនៅខាងក្រៅ សម្រាប់លំហែរយកខ្យល់អាកាសផងដែរ។

ឱកាសចំណេញពីការទិញ

នៅក្នុងឱកាសនៃការបើលក់ ជាផ្លូវការនៃអគារទី១ ក្នុងចំនោមអគារទាំង៤ ដែលកំពុងសាងសង់ដល់ជាន់ទី២០ និងត្រៀមបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ប្រកាសលក់ក្នុងតម្លៃពិសេសទាបជាងទីផ្សារ ដែលជាការផ្តលឱកាសចំណេញយ៉ាងច្រើន ចំពោះអតិថិជនដែលទិញសម្រាប់ស្នាក់នៅផ្ទាល់ ឬទិញទុកសម្រាប់វិនិយោគបន្ត ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារផងដែរ ជាមួយនឹងតម្លៃត្រឹមជាង១៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ ឬជាង៧ម៉ឺនដុល្លារក្នុងមួយយូនីតតែប៉ុណ្ណោះ។

បន្ថែមពីលើកម្មវិធីបញ្ចុះតម្លៃយ៉ាងច្រើន នៅក្នុងអំឡុងចុងឆ្នាំ២០២០នេះ ក៏មានការផ្តល់ជូននូវការយ៉ាងសន្ធឹកសន្ធាប់ ដូចជា សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ស្រាប់ ជាពិសេសការផ្តល់ជូននូវ លក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួល និងនៅក្នុងរយៈពេលយូរផងដែរ។

សម្រាប់ព័ត៌មានលម្អិតពីគម្រោងសូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ០៧០ ៥០ ១៨ ១៨៕

សម្ដេចតេជោៈរដ្ឋាភិបាលត្រៀមថវិកាជំនួយចំនួន៥៣៨លានដុល្លាសម្រាប់ទិញវ៉ាក់សាំង និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងទុនបម្រុងរបស់រដ្ឋក្នុងរង្វង់ ប្រមាណជាង១០០-២០០លានដុល្លារ ដើម្បីដោះស្រាយលើបញ្ហាកូវីដ១៩  រដ្ឋាភិបាលកម្ពុជាក៏ទទួលបាននូវថវិកា ដែលអាចប្រើប្រាស់បាន ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាការស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ចំនួន៥៣៨លានដុល្លារក្រោមជំនួយពីស្ថាប័ន និងប្រទេសជាដៃគូ។

សម្ដេចបានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា “ប្រទេសយើង គឺជាសមាជិកនៃមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាផ្នែកមួយនៃការគាំទ្រ នៃដំណើរការរបស់អង្គការសុខភាពពិភពលោក និងមានការគាំទ្រដោយអង្គការសហប្រជាជាតិ។ មជ្ឈ​មណ្ឌលកូវ៉ាក់ នឹងផ្តល់ឱ្យយើងនូវវ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាជនសរុប ដោយក្នុងដំណាក់ដំបូងនៃការផ្តល់បានត្រឹម៣ភាគរយ”។

សម្ដេចបានបន្តថា “បើកូវ៉ាក់ផ្តល់ឱ្យយើង២០ភាគរយនៃចំនួនប្រជាជនសរុប ចឹងយើងនឹងបានវ៉ាក់សាំង សម្រាប់ប្រជាជនចំនួន៣,២លាននាក់។ ការផ្តល់តាមកូវ៉ាក់ តម្រូវឱ្យកម្ពុជាមានថវិកាបដិភាគ៥ភាគរយ។ ដូច្នេះបើប្រជាជន៣,២លាននាក់ គឺត្រូវការ៦,៤លានដូស ចឹងយើងត្រូវបដិភាគ៥ភាគរយនៃតម្លៃនោះ”។

នៅក្នុងចំណោមប្រជាជនកម្ពុជា សរុបប្រមាណ១៦លាននាក់ នឹងត្រូរទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូដ១៩ ចំនួន៨០ភាគរយនៃចំនួនសរុប។ មានន័យថាប្រជាជនក្នុងរង្វង់១៣លាននាក់ នឹងត្រូវចាក់វ៉ាក់សាំង។ លើកលែងតែកុមារ និងវ័យជំទង់អាយុក្រោម១៥ឆ្នាំតែប៉ុណ្ណោះ ដែលអាចនឹងត្រូវលើកលែង។

សម្ដេចបានមានប្រសាសន៍ថា ក្រៅពីទុនរបស់រដ្ឋដែលត្រៀមបម្រុងក្នុងរង្វង់១០០-២០០លានដុល្លារទៅលើបញ្ហាវ៉ាក់សាំង បូកជាមួយនឹងថវិកាសប្បុរសជនជាង៤៨លានដុល្លារនោះ រដ្ឋាភិបាលបានទទួលរួចមកហើយ នូវថវិកាដែលអាចប្រើប្រាស់បានក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជា ការស្ដារឡើងវិញនូវសេដ្ឋកិច្ច ថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន២៥០លានដុល្លារ ត្រូវបានដកសាច់ប្រាក់យកមករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។

បន្ថែមពីនេះ រដ្ឋាភិបាលនៅមានជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJica ចំនួន២៥ពាន់លានយ៉េន ស្មើនឹងប្រមាណ២៣៨លានដុល្លារ ដែលកំពុងរៀបចំបំពេញបែបបទដកមកតម្កល់រក្សាទុកនៅធនាគារជាតិកម្ពុជា ហើយជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈEDCSមានចំនួន៥០លានដុល្លារ បានដកសាច់ប្រាក់មករក្សាទុកនៅធនា​គារជាតិកម្ពុជារួចហើយ។ ដូច្នេះកម្ពុជាមានប្រាក់ក្នុងដៃសរុបជារួមចំនួន៥៣៨លានដុល្លារ ដោយមិនទាន់គិតពីប្រាក់សន្សំរបស់រដ្ឋាភិបាលនោះទេ៕

ត្រៀមស្វាគមន៍ឆ្នាំ២០២១ តើដីធ្លីនៅខេត្តណាខ្លះនឹងមានតម្រូវការទិញលក់ច្រើន

ដោយគង់ សូរិយា

        ភ្នំពេញៈ នៅសល់ថរយៈពេល១៦ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២១នឹងចូលមកដល់ ខណៈឆ្នាំ២០២០នេះ បានធ្វើឲ្យមនុស្សជាច្រើនឈឺចាប់ ក្រុមហ៊ុនដួលរលំ និងធ្វើឲ្យមនុស្សជាច្រើនបានធ្វើអត្តឃាត ក្នុងកលយុគដែលសេដ្ឋកិច្ចពិភពលោកបានដាំក្បាលចុះអាក្រក់បំផុត និងអាក្រក់ជាងវិបត្តិសេដ្ឋកិច្ចកំឡុងសង្រ្គាមលោកលើកទី២ ។

ដីធ្លីនៅតាមបណ្តាខេត្ត ដែលនឹងមានចរន្តទិញលក់សកម្មនៅឆ្នាំ២០២១ តើនឹងស្ថិតនៅខេត្តណាខ្លះ។

អ្នកវិភាគជាច្រើនបានលើកឡើងថា គ្រប់ទិសទាំងបួន នៃរាជធានីភ្នំពេញនៅតែមានសកម្មភាពទិញលក់ និងមានគំរោងអភិវឌ្ឍន៍ច្រើននឹងលេចឡើង ខណៈខេត្តដទៃទៀត ត្រូវបានគេសម្លឹងឃើញនៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរ ដូចជា

ខេត្តកំពត 

        ជាមួយនឹងសក្តានុពលនៃធនធានធម្មជាតិ កត្តាភូមិសាស្រ្ត និងភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ឋ នឹងធ្វើឲ្យខេត្តកំពតកាន់តែមានភាពរីកចម្រើន ពិសេសចរន្តនៃការទិញលក់ដីធ្លី និងតម្លៃដីធ្លីនឹងកើនឡើងនៅតាមតំបន់សំខាន់ៗជាច្រើន។

ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនថៃ ប៊ុនរ៉ុង នឹងធ្វើឲ្យទីក្រុងកំពតកាន់តែទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើននាពេលអនាគត។

ខេត្តកោះកុង

        ការបញ្ចប់ នូវការស្ថាបនាព្រលានយន្តហោះលំដាប់អន្តរជាតិ តារាសាគរ និងគំរោងដំណាក់កាលទី២របស់គំរោង ដែលវិនិយោគដោយក្រុមហ៊ុនUnion Development Group។ ខេត្តកោះកុង នៅមានគំរោងជាច្រើនទៀត ដែលបាននិងកំពុងវិនិយោគដោយ     រដ្ឋាភិបាល ដូចជាគំរោងផ្លូវជាតិលេខ៤៨ ដែលបាននិងកំពុងត្រៀមពង្រីកជាពីរគន្លងរថយន្តទៅមក កំពង់ផែទឹកជ្រៅ និងគំរោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះមកកាន់ខេត្តពោធិសាត់ និងតភ្ជាប់ទៅកាន់ខេត្តកោះកុង កំពុងសាងសង់យ៉ាងសកម្ម។

ជាមួយគ្នានេះ ខេត្តកោះកុងក៏មានធនធានធម្មជាតិ ដែលបំរើឲ្យវិស័យទេសចរណ៍ ដ៏សម្បើមផងដែរ ដែលកម្ពុជាមិនទាន់បានទាញយកមកប្រើប្រាស់ អស់សក្តានុពលនៅឡើយ។​ តំបន់ទាំងនោះមានដូចជា តាតៃ ត្រពាំងរូង ជីផាត និងតំបន់រមណីយដ្ឋានធម្មជាតិ ពិសេសតំបន់ឆ្នេរដែលមានខ្សាច់ និងទេសភាពស្រស់ស្អាតលំដាប់ពិភពលោក ជាច្រើនទៀត។

ខេត្តកណ្តាល

        កណ្តាល ជាខេត្តដែលមានភូមិសាស្រ្តអំណោយផលជាងគេ ដោយសារទឹកដីខេត្តនេះព័ទ្ឋជុំវិញរាជធានីភ្នំពេញ ដែលធ្វើឲ្យខេត្តនេះទទួលឥទ្ឋិពល ពីការររីកចម្រើនពីរាជធានីភ្នំពេញយ៉ាងលឿន។

ខេត្តកណ្តាលមានមនុស្សរស់នៅច្រើន ភូមិសាស្រ្តល្អ និងកំពុងទទួលបានគំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ជាដើម។

ខេត្តតាកែវ

        ពីមុនខេត្តនេះ ត្រូវបានគេមិនសូវនឹកនាដល់ ប៉ុន្តែខេត្តតាកែវមានសក្តានុពលមិនធម្មតាផងដែរ ដោយសារខេត្តនេះ មានផ្លូវតភ្ជាប់ជាមួយរាជធានីភ្នំពេញ និងស្ថិតក្នុងផែន​ការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានលើកឡើងពីសក្តានុពលរបស់ខេត្តតាកែវ កំពុងពេលសម្តេចអញ្ជើញបើកការដ្ឋានស្ថាបនា និងពង្រីកផ្លូវជាតិលេខ២កាលពីដើមឆ្នាំនេះ។

ខេត្តតាកែវទទួលបានគំរោងអភិវឌ្ឍន៍ច្រើនផងដែរ ដូចជាព្រលានយន្តហោះភ្នំពេ​ញថ្មី គំរោងរោងចក្រ សហគ្រាសថ្មីៗ និងគំរោងអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនទៀត នៅពេលផ្លូវជាតិលេខ២ស្ថាបនា និងពង្រីករួច។

ខេត្តកំពង់ស្ពឺ

        ខេត្តនេះក៏មានសក្តានុពលសម្បើមផងដែរ ដោយសាររដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មី ដោយរុញរោងចក្រ សហគ្រាសនានាចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តនេះ ពិសេសខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរបែប ដែលតភ្ជាប់ជាមួយ ខេត្តព្រះសីហនុ ដែលជាខេត្តមានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា។

ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ និងផ្លួវជាតិលេខ៤ជាដើម សុទ្ឋតែជាចរន្តសេដ្ឋកិច្ចជាតិ ដែលជំរុញកំនើនសេដ្ឋកិច្ចសង្គម។

កត្តាទាំងនេះហើយ នឹងធ្វើឲ្យខេត្តកំពង់ស្ពឺមានភាពលេចធ្លោ និងកំពុងទាក់ទាញការវិនិយោគ ហើយចរន្តនៃការទិញលក់ដីធ្លី បានកើតមានយ៉ាងសកម្មនៅក្នុងឆ្នាំនេះ ទោះ​បីកម្ពុជាបានរងវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ក្តី។

ខេត្តមណ្ឌលគិរី

        មណ្ឌលគិរី ស្ថិតនៅក្នុងចំណោមខេត្តចំនួន៤ នៃភូមិភាគឥសាន្តប្រទេស ដែលមានសកម្មភាពទិញលក់ដីធ្លីសកម្មជាងគេ ដោយសាររដ្ឋាភិបាលបាន និងកំពុងរៀបចំផែនការកសាងព្រលានយន្តហោះអន្តរជាតិ នៅក្នុងខេត្តនេះនាពេលឆាប់ៗខាងមុខ ដើម្បីប្រែក្លាយខេត្តនេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ពិសេសរៀបចំខេត្តនេះជាកន្លែងដាំផ្កា បន្លែ ដើម្បីផ្គត់ផ្គង់មកកាន់សេវាកម្មបដិសណ្ឋារកិច្ច នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដទៃទៀត។

ជាមួយនឹងតំបន់ខ្ពង់រាប បានធ្វើឲ្យខេត្តមណ្ឌលគិរី ជាខេត្តមានអាកាសធាតុត្រជា​ក់ជាងគេនៅកម្ពុជា មានទេសភាពវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែកជាងគេនៅកម្ពុជា ដែលស័ក្តិសមជាតំបន់ទេសចរណ៍លំហែរកាយដ៏ឆើតឆាយមួយ នៃទឹកដីភូមិភាគឥសាន្ត ពិសេសតំបន់នេះ ស្ថិតនៅក្នុប៉ូលសេដ្ឋកិច្ចធំទី៤ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ៕

សម្ដេចតេជោៈទឹកចិត្តបរិច្ចាករបស់សប្បុរជនគឺជាចលនាជាតិដ៏ធំមហាសាលនិងជាខឿនការពារសុខភាពប្រជាជនកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីក្ដីរំភើបជាមួយនឹងទឹកចិត្តមនុស្សធម៌ របស់បងប្អូនជនរួមជាតិ ក្នុងការចូលរួមបរិច្ចាកថវិកា ដែលជាធនធានផ្ទាល់ខ្លួន សម្រាប់ទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជន នៅទូទាំងប្រទេសដោយឥតគិតថ្លៃដោយសម្តេចបានចាត់ទុកថា “ជាចលនាជាតិដ៏ធំទូលាយមហាសាល និងជាខឿនការពារសុខភាពប្រជាជនយ៉ាងសំខាន់បំផុត”។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា សកម្មភាពនៃការចូលរួមយ៉ាងច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងទឹកចិត្តមនុស្សធម៌ទាំងនេះ គឺការបង្ហាញពីស្មារតីសាមគ្គីភាព ឯកភាពជាតិសាសន៍ ក្នុងចំនួនដ៏លើសលប់បំផុតដែលនឹកស្មានមិនដល់។

សម្ដេចតេជោបន្តថា “ជាមួយនឹងសកម្មភាពនៃស្មារតីសាមគ្គីភាព របស់ជនរួមជាតិទាំងអស់នេះ ក្នុងនាមរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយតាមរយៈសកម្មភាពទាំងនេះ បានបង្ហាញពីទឹកចិត្តស្នេហាជាតិ ស្រឡាញ់ប្រជាជាតិកម្ពុជាគួរជាទីមោទនក្រៃលែង”។

គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ថវិកាដែលទទួលបានពីការបរិច្ចាករបស់បងប្អូនជនរួមជាតិ និងការព្រះរាជទានរបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ សរុបមានចំនួនជាង៤៨លានដុល្លារ និងជាង៣៩០០លានរៀល សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលត្រៀមទិញវ៉ាក់សាំងចាក់ ជូនប្រជាជនកម្ពុជានៅដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

ក្នុងដំណាក់កាលដំបូងរដ្ឋាភិបាល ត្រៀមទិញវ៉ាក់សាំងចំនួន១លានដូស (មួយលានដូស) ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការ នៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ក្នុងចំណោមវ៉ាក់សាំង១លានដូស ចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងចំណោមប្រជាជនសរុបចំនួន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

ដំណាក់បន្ទាប់ រដ្ឋាភិបាលនឹងបន្តបញ្ជេញកញ្ចប់ថវិកា ក្នុងការទិញវ៉ាក់សាំងចាក់ជូនប្រជាជនទូទាំងប្រទេសជាបន្តបន្ទាប់ ៕

កម្ពុជានឹងទទួលបានកម្ចីជាង៣៦លានដុល្លារពីអាល្លឺម៉ង់សម្រាប់ពង្រឹងប្រសិទ្ធភាពផ្គត់ផ្គង់អគ្គិសនីនៅជនបទ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានបញ្ជាក់ពីការសន្យាផ្តល់នូវកម្ចីចំនួន៣០លានអឺរ៉ូ ស្មើនឹងប្រមាណជាង៣៦លានដុល្លារសម្រាប់ការពង្រឹងប្រសិទ្ធភាពនៃវិស័យថាមពលក្នុងការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្តាទីជនបទឱ្យបានគ្រប់គ្រាន់។

ជាមួយនឹងការបង្ហាញពីសន្យាលើការផ្តល់កម្ចីរបស់រដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះបានបញ្ជាក់ថា ការវិនិយោគទឹកប្រាក់ចំនួន ៣០លានអឺរ៉ូនោះ ឬជាង៣៦លានដុល្លារអាមេរិក គឺជាការធ្វើឱ្យប្រសើរឡើង និងពង្រីកបណ្តាញអគ្គិសនីនៅតាមជនបទនៃប្រទេសកម្ពុជា ជាការរួមចំណែកដល់គោលដៅធំរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយការភាយចេញឧស្ម័នផ្ទះកញ្ចក់ និងធ្វើទៅតាមការសន្យារបស់ខ្លួនថា នឹងទទួលបានថាមពលប្រើប្រាស់ជាសកលនៅឆ្នាំ២០៣០។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger បានមានប្រសាសន៍ថា នៅពេលបណ្តាញថាមពលមានភាពល្អប្រសើរជាងមុន គឺល្អសម្រាប់ប្រជាជន ល្អសម្រាប់សេដ្ឋកិច្ច និងល្អសម្រាប់ភពផែនដី។ គោលដៅនៃការវិនិយោគរបស់អាល្លឺម៉ង់ គឺការទទួលបានអគ្គិសនីប្រើប្រាស់ប្រសើរជាងមុន ថាមពលមានតម្លៃទាបជាងមុន ការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបានជាងមុន និងការភាយចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុន។

លោកបន្តថា ការវិនិយោគថ្មីនេះ ធ្វើឡើងបន្ទាប់ពីប្រាក់កម្ចីកាត់បន្ថយការប្រាក់ចំនួន ៣០លានអឺរ៉ូ ដែលបានសន្យាផ្តល់ក្នុងឆ្នាំ២០១៨។ ដូច្នេះការវិនិយោគរបស់អាល្លឺម៉ង់ទៅលើប្រសិទ្ធិភាពថាមពលនៅកម្ពុជា សរុបរហូតទៅដល់ ៦០លានអឺរ៉ូ។ លទ្ធផលពីការវិនិយោគនៅឆ្នាំ២០១៨ រួមមាន ការកាត់បន្ថយការភាយចេញឧស្ម័នកាបូនិក ២ម៉ឺនតោនក្នុងមួយឆ្នាំ ការបញ្ចូនថាមពលសុទ្ធកើនឡើង ២០ភាគរយ ជាមួយនឹងបណ្តាញអគ្គិសនីប្រសើរជាងមុន និងជួយឱ្យគ្រួសារចំនួន ១៥.០០០ថែមទៀត មានអគ្គិសនីប្រើប្រាស់៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងលោក ដែលផ្តួចផ្តើមដោយមហាយក្សចិននឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២១

ដោយ ៖ សុខុម

ប្រទេសចិន ៖ យោងតាមសារព័ត៌មាន CGTN ចុះផ្សាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា ប្រទេសចំនួន១៥ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership) ឬហៅកាត់ RCEP រួចទៅហើយ ហើយដំណាក់កាលបន្ទាប់គឺការផ្ដល់សច្ចាប័នដែលនឹងត្រូវការប្រទេសជាសមាជិកអាស៊ានយ៉ាងតិចចំនួន៦ និងប្រទេសមិនមែនជាសមាជិកអាស៊ានចំនួន៣។

ទោះជាយ៉ាងណា វានៅតែតម្រូវឱ្យប្រទេសទាំង១៥ ឯកភាពគ្នាជាឯកច្ឆ័ន្ទចុងក្រោយលើនីតិវិធីនេះ។ កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅខែកក្កដា ឆ្នាំ២០២១ បើឆាប់បំផុត មុនពេលមានប្រសិទ្ធភាពអនុវត្តន៍ត្រឹមដំណាច់ឆ្នាំ២០២១។ នេះជាការព្យាករបែបសុទិដ្ឋិនិយមរបស់លោក ចាង សាវកាង (Zhang Shaogang) អនុប្រធានក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (China Council for the Promotion of International Trade) ឬហៅកាត់ CCPIT ដែលជាស្ថាប័នលើកកម្ពស់ពាណិជ្ជកម្មធំបំផុតក្នុងប្រទេសចិន។

ស្ថាប័ននេះលើកកម្ពស់ពាណិជ្ជកម្មសេរីសម្រាប់អាជីវកម្មក្នុងស្រុក ហើយព្យាយាមបញ្ចុះបញ្ចូលឱ្យបណ្ដារដ្ឋាភិបាលបរទេសចូលរួមជាមួយខ្លួន។ ប៉ុន្តែស្ថាប័ននេះក៏ដើរតួនាទីជាអ្នកចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free Trade Area) ហៅកាត់ FTA សម្រាប់បម្រើផលប្រយោជន៍ទាំងសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មផងដែរ។

លោក ចាង គឺជាសមាសភាពមួយរូបក្នុងក្រុមតំណាងចិន ដែលបានចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (China-ASEAN FTA) ហើយពេលនេះកំពុងចរចាកិច្ចព្រមព្រៀង RCEP។ លោកបញ្ជាក់ថា លោកបានជួបជាមួយមិត្តៗអ្នកចរចាពាណិជ្ជកម្មមកពីបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកជាង១០ លើករួចមកហើយក្នុងរយៈពេលមួយឆ្នាំមកនេះ។

អ្នកនាង ធាន វួយ (Tian Wei) ពិធីការិនីប្រចាំបណ្ដាញស្ថានីយទូរទស្សន៍ (China Global Television Network) ហៅកាត់ CGTN បានជជីកសួរលោក ចាង ដើម្បីចង់ដឹងឱ្យកាន់តែច្បាស់ថា តើកិច្ចព្រមព្រៀង RCEP អាចជំរុញពាណិជ្ជកម្មសេរីទូទាំងសកលលោកដោយវិធីណា។

ជាការឆ្លើយតប លោក ចាង បានពន្យល់ថា កិច្ចព្រមព្រៀង RCEP ប្រសូត្រចេញពីការប្រឹងប្រែងបង្កើតកិច្ចព្រមព្រៀងតូចៗក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ លោកបន្តថា “តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ជាកិច្ចព្រមព្រៀងដំបូងបែបនេះសម្រាប់ប្រទេសចិន។ ការចរចាបានចាប់ផ្តើមក្នុងឆ្នាំ២០០២ ហើយទទួលបានជោគជ័យក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងឆ្នាំ២០១០”។

តំបន់ពាណិជ្ជកម្មសេរីនេះបានជំរុញឱ្យពាណិជ្ជកម្មផ្នែកមុខទំនិញរវាងប្រទេសចិន និងអាស៊ី
អាគ្នេយ៍កើនឡើង៤ដង ហើយពាណិជ្ជកម្មផ្នែកសេវាកម្មកើនឡើង១,៥ដង ចាប់តាំងពីមានប្រសិទ្ធភាពអនុវត្តន៍មក។ ទោះជាយ៉ាងណា តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន មិនមែនត្រឹមតែជាតំបន់ពាណិជ្ជកម្មសេរីដែលមាននៅក្នុងតំបន់ឡើយ ពោលគឺចិនថែមទាំងមានតំបន់ពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង និងនូវែសេឡង់ទៀតផង។ លោក ចាង គូសបញ្ជាក់ថា “កិច្ចព្រមព្រៀង RCEP នឹងនាំទម្លាក់ការយកពន្ធ ៩០% ឱ្យមកដល់ ០% នៅពេលកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពអនុវត្តន៍”៕