ដោយៈ ម៉ាណេត
ភ្នំពេញៈ វិនិយោគិនជប៉ុន បានបោះទុនវិនិយោគជាង ២៧៩២លានដុល្លារនៅកម្ពុជាក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយ គិតចាប់ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២០ ដោយបានចូលរួមចំណែកយ៉ាង ក្នុងការបង្កើតការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
យោងរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួន ១៣៧គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២.៤៨៦លានដុល្លារចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ ។
របាយការណ៍បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៩ ជប៉ុនវិនិយោគ ៦គម្រោង ដែលមានទឹកប្រាក់ចំនួន ២៩៩លានដុល្លារ ក្នុងនោះគម្រោងសាងសង់ផ្សារ AEON Mall 3 មានទុនវិនិយោគ រហូតដល់ ២៨៩,៦លានដុល្លារ ហើយក្នុងឆ្នាំ២០២០ មាន ១គម្រោង ដែលមានទឹកប្រាក់ចំនួន ៧,១៧លានដុល្លារ។ ការវិនិយោគរបស់ជប៉ុនភាគច្រើន ធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាវិត នាងកុក ប៉ោយប៉ែត និងក្នុង តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកសម្ពោធការតាំងបង្ហាញទំនិញជប៉ុន “Good Goods Japan 2021” កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុនកើតឡើងតាំងពីឆ្នាំ១៩៥៣ មកម្ល៉េះ រហូតមកដល់ ឆ្នាំ២០១៣ កន្លងទៅ កម្ពុជា និងជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយគ្នា។
លោកបានថ្លែងបន្តថា “ជប៉ុនបានជួយជ្រោមជ្រែង អភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការស្តាឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងវិនិយោគជាដើម” ។
លោកប៉ាន សូរស័ក្តិ បានបន្តថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងអាស៊ាន និង ជប៉ុន ជប៉ុន បានរៀបចំគម្រោងអភិវឌ្ឍសេដ្ឋកិច្ចចំនួន៨៧គម្រោង ក្នុងនោះ៥៨គម្រោង សម្រាប់ជួយដល់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម លើវិស័យកសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ធានាគុណភាពទំនិញ ជំរុញវិនិយោគ កសាងបរិយាកាស អាជីវកម្ម បរិស្ថាន កសាងសមត្ថភាពមន្ត្រីរាជការ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសក្រីក្រ។
ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ២.០១០លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ក្នុងនោះកម្ពុជានាំចេញទៅកាន់ជប៉ុន ក្នុងចំនួនទឹកប្រាក់ប្រមាណ១.១៣១លានដុល្លារ និងនាំចូលមកវិញក្នុងចំនួនទឹកប្រាក់ប្រមាណ ជាង ៨៧៩លានដុល្លារ។
ទំនិញដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជា ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ស្បែកនិងផលិតផលធ្វើអំពីស្បែក និងដែក ។ល។ ទំនិញដែលនាំចូលពីជប៉ុន រួមមាន គ្រឿងម៉ាស៊ីន រថយន្ត សាច់ គ្រឿងអេឡិចត្រូនិច សង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលផ្លាស្ទីក សម្ភារៈកីឡា និងគ្រឿងបន្ទាប់បន្សំជាដើម៕