ដោយៈ លក្ខិណា
ភ្នំពេញៈ ចំនួនប្រជាពលរដ្ឋកម្ពុជា ស្នាក់នៅក្នុងខុនដូ ចាប់ផ្ដើមមានកំណើនបន្តិចម្ដងៗ នាពេលបច្ចុប្បន្ន តែអ្នកអភិវឌ្ឍន៍ខុនដូភាគច្រើន គឺផ្ដោតលើជនបរទេសជាអ្នកទិញ ដោយសារតែតម្លៃខ្ពស់ និងការរៀបចំក៏សំដៅលើជនបរទេសដូចគ្នា។

ដោយៈ លក្ខិណា
ភ្នំពេញៈ ចំនួនប្រជាពលរដ្ឋកម្ពុជា ស្នាក់នៅក្នុងខុនដូ ចាប់ផ្ដើមមានកំណើនបន្តិចម្ដងៗ នាពេលបច្ចុប្បន្ន តែអ្នកអភិវឌ្ឍន៍ខុនដូភាគច្រើន គឺផ្ដោតលើជនបរទេសជាអ្នកទិញ ដោយសារតែតម្លៃខ្ពស់ និងការរៀបចំក៏សំដៅលើជនបរទេសដូចគ្នា។

អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា វាដល់ពេល ដែលវិនិយោគិនគួរវិនិយោគលើខុនដូ ដោយផ្ដោតទៅលើជនជាតិខ្មែរហើយ។
លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៣ កុម្ភៈម្សិលម៉ិញថា វិស័យខុនដូក្នុងឆ្នាំ២០២០ កន្លងទៅនេះ ភាគច្រើនគឺជនជាតិខ្មែរជាអ្នកទិញ ដោយសារតែអវត្តមានជនបរទេស ព្រោះតែការរឹតត្បិតការធ្វើដំណើរឆ្លងប្រទេស។ លោកបន្តថា ដូច្នេះវាដល់ពេល ដែលវិនិយោគិនចាប់ផ្ដើមវិនិយោគលើខុនដូសម្រាប់ទីផ្សារក្នុងវិញ ព្រោះថាទីក្រុងកាន់តែរីក ពលរដ្ឋដែលចង់បានលំនៅឋានផ្ទាល់ខ្លួន ត្រូវទៅទិញនៅឆ្ងាយពីជាយក្រុង និងឆ្ងាយពីកន្លែងធ្វើការ។
លោកបានថ្លែងថា “បើសិនជាមានខុនដូ មានតម្លៃសមរម្យសម្រាប់ពួកគាត់ និងត្រូវនឹងអ្វីដែលពួកគាត់ចង់បាន នោះពួកគាត់នឹងផ្លាស់ប្តូរមកនៅខុនដូវិញ” ។
លោកសំ សុខនឿន បានបន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគខុនដូ ភាគច្រើនជាជនបរទេស ហើយផ្គត់ផ្គង់ក៏សម្រាប់តែជនបរទេស តែជាបទពិសោធនៅឆ្នាំ២០២០ នៅពេលមានបញ្ហាកូវីដ៩១ ជនបរទេសមិនអាចចូលមកកម្ពុជា ធ្វើឱ្យការលក់ខុនដូ ត្រូវធ្លាក់ចុះ តែជំនួសមកវិញដោយជនជាតិខ្មែរ។ យ៉ាងណាក្ដី ក៏មិនមានជនជាតិខ្មែរច្រើនទេ ដែលមានលទ្ធភាពទិញខុនដូស្នាក់នៅ គឺមានចំនួនតិចតួច ព្រោះខុនដូបច្ចុប្បន្ននេះមានតម្លៃខ្ពស់ និងអភិវឌ្ឍន៍ឡើងសម្រាប់ជនបរទេស។

លោកបន្ថែមថា “សម្រាប់ទីផ្សារ និងតម្រូវការនៅកម្ពុជាវិស័យខុនដូ គឺនៅតែមានតម្រូវការដដែល ព្រោះថាបើធៀបនឹងប្រទេសជិតខាង ខុនដូនៅកម្ពុជាមានចំនួនតិចតួចនៅឡើយ តែឆ្នាំ ២០២០ដោយសារតែវិបត្តិ ទើបធ្វើឱ្យការលក់មានការថមចុះ” ។

ជាមួយគ្នានេះ លោករិន ច័ន្ទរឹទ្ធ ប្រធានក្រុមហ៊ុន DNZ Realty បាននិយាយថា ក្នុងឆ្នាំ២០២០ ស្ទើរតែ១០០ភាគរយហើយជាជនជាតិខ្មែរ មកមើលគំរូនៃខុនដូ ហើយក៏មានជនជាតិខ្មែរមួយចំនួនដែរ ទិញខុនដូសម្រាប់ស្នាក់នៅ និងខ្លះទៀតសម្រាប់ទុកជួលបន្តយកប្រាក់ចំណេញ។ ទោះជាយ៉ាងណា ខុនដូខ្លះនៅកម្ពុជាផ្ដោតលើជនបរទេស និងខ្លះទៀតផ្ដោតលើអតិថិជនចម្រុះ៕