ប្រធាន GRA អំពាវនាវ​ឱ្យ​អតិថិជន​ប្រើ​សេវាកម្ម​របស់​ភ្នាក់ងារ​អចលនវត្ថុ​អាជីពជៀសវាង​ជួប​ហានិភ័យ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) លោក សំ សុខ​នឿន បានធ្វើការ​អំពាវនាវ​ដល់​អតិថិជន ក៏ដូចជា​សាធារណៈជន​ទូទៅ​ដែលមាន​បំណង​ទិញ-លក់​អចលនវត្ថុ គួរតែ​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អាជីព​ស្របច្បាប់ ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ ជៀសវាង​ជួប​ហានិភ័យ ឬ​ខាតបង់​ដោយ​ប្រការ​ណាមួយ។

លោក​ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុមហ៊ុន Kw Sam Sn Realty បាន​លើកឡើងថា ដោយសារតែ​វិស័យ​អចលនទ្រព្យ​មាន​ភាព​ទូលាយ និង​មានឱកាស​ខ្ពស់ ក្នុងការ​ទទួលបាន​ចំណូល​បាន​ជំរុញ ឱ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​ចូលមក​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ ដែល​ក្នុងនោះ​មាន​ទាំង​អ្នកវិនិយោគ អ្នក​អភិវឌ្ឍន៍ ជាពិសេស​អ្នកបម្រើ​សេវាកម្ម​ក្នុងនាម​ជា​ភ្នាក់ងារ។

លោក​សំ សុខ​នឿន បាន​មានប្រសាសន៍ថា “នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មានការ​បង្កើតជា​ក្រុមហ៊ុន ជា​ក្រុមការងារ ក៏ដូចជា​នីតិបុគ្គល​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ក្នុង​ការទិញ-លក់ និង​ជួល ដើម្បី​ទទួលបាន​ចំណូល​តាមរយៈ​កម្រៃជើងសា​រ” ។ លោក​បន្តថា “ប៉ុន្តែ​អ្វីដែល​សំខាន់ នៅក្នុង​ចំណោម​អ្នក​ទាំងអស់នោះ មាន​អ្នកខ្លះ​អនុវត្ត​ស្របតាម​ក្រមសីលធម៌ មាន​វិជ្ជាជីវៈ និង​មាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់ ដោយ​ក្រសួង​ត្រឹមត្រូវ ហើយ​ក៏មាន​អ្នកខ្លះ​អនុវត្ត​ទីផ្សារ ទាំង​ដែល​មិន​អាជ្ញាប័ណ្ណ​ផងដែរ ដែល​អាចធ្វើឱ្យ​អតិថិជន​របស់ខ្លួន​ជួប​ហានិភ័យ ខាតបង់​ខ្ពស់បំផុត” ។

លោក​បាន​បន្តថា គុណសម្បត្តិ​នៃ​ការប្រើប្រាស់​សេវាកម្ម របស់​ក្រុមហ៊ុន​ភ្នាក់ងារ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ក្រោម​ការទទួលបាន​កិច្ច​បណ្តុះបណ្តាល​ចំណេះដឹង ជំនាញ​ទីផ្សារ​អចលនទ្រព្យ​ច្បាស់លាស់​គឺមាន ទី១ ទទួលបាន​សុវត្ថិភាព​ខ្ពស់ ទាំង​ការទិញ​លក់ និង​វិនិយោគ ទី២ ទទួលបាន​ការប្រឹក្សា​អំពី​ទីផ្សារ និង​ប្រភេទ​អចលនវត្ថុ​ច្បាស់លាស់ ទាំង​តម្លៃ និង​ភាពស្របច្បាប់។

ទី៣ រាល់​ការទិញ លក់ តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ​អាជីព ក៏​ជាការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ ព្រោះ​ក្រុមហ៊ុន​ស្របច្បាប់ មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ជាប់​ជាប្រចាំ ដូច្នេះ​សរុប​ជារួម ការប្រើ​សេវាកម្ម​ជាមួយ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ស្របច្បាប់​គឺមាន​គុណសម្បត្តិ​ច្រើនជាង​គុណវិបត្តិ៕

កម្ពុជា៖ រដ្ឋាភិបាល​បានធ្វើ​អ្វីខ្លះ​ដើម្បី​ទាក់ទាញ​លំហូរ FDI និង​កំនើន​វិនិយោគ​ក្នុងស្រុក

ដោយ ណែ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ច្បាប់ គោលនយោបាយ និង​ផែនការ​ចង្អុល​បង្ហាញផ្លូវ​ជាច្រើន ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នព ដើម្បី​ទាញ​លុយ​ពី​ហោប៉ៅ​អ្នកវិនិយោគ​ក្នុងស្រុក និង​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)។

ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​បាន​បណ្ដាក់​ទុនវិនិយោគ​ជា​បន្តបន្ទាប់ នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនោះ​វិស័យ​អចលនទ្រព្យ ក៏​ទទួលបាន​ការវិនិយោគ​ច្រើន ពី​សំណាក់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើឱ្យ​វិស័យនេះ រួមចំណែក​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ ។

តើ​កត្តា​អ្វីដែល​វិនិយោគិន​បរទេស ត្រូវ​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អ​ល​ចនទ្រ​ព្យ?។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា បានលើកឡើង​និង​ធ្វើការ​ប្រៀបធៀប​លក្ខ​ខ័​ណ្ឌ​វិនិយោគ​រវាង​ប្រទេស​កម្ពុ ជា​និង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ដែល​ភាគច្រើន​អះអាងថា ទីផ្សារ​កម្ពុជា​មាន​ភាព​ល្អប្រសើរ ហើយ​ផលចំណេញ​ពី​ការវិនិយោគ​នៅ​កម្ពុជា ខ្ពស់ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ។

អ្វីដែល​វិនិយោគិន​បរទេស តែងតែ​ចូលមក​បណ្ដាក់​ទុនវិនិយោគ ក្នុងប្រទេស​កម្ពុជា​គឺ​កម្ពុ​ជាមាន​លក្ខ​ខ័​ណ្ឌ​បើកចំហរ ចំពោះ​រាល់​វិនិយោគិន​មកពី​គ្រប់ទិសទី ព្រមទាំង​អាចដាក់​ទុនវិនិយោគ១០០ភាគរយ ដោយ​មិនចាំបាច់​មានការ​ចូល​ហ៊ុន ឬ​សហការ​ជាមួយ​វិនិយោគិន​ក្នុងស្រុក​ឡើយ ពិសេស​កត្តា​សុខសន្តិភាព និង​កំនើនសេដ្ឋកិច្ច ស្ថេរភាព​នយោបាយ​និង​សង្គម​ជា​ផ្នែក​ដ៏​សំខាន់ ដែល​អ្នកវិនិយោគ​អន្តរជាតិ​តែងតែ​សម្លឹង​ឃើញ។

លោក​ឧកញ៉ា​ចេង ខេង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ CPL បានឱ្យដឹង​កន្លងមក​ថា បើ​និយាយ​ពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា គឺមាន​ឱកាស​និង​សក្ដានុពល​ខ្លាំងណាស់ ដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស​ចង់​មក​កម្ពុជា ក្នុងនោះ​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​អាស៊ាន​ហើយ​ងាយស្រួល ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ប្រទេស ក្នុង​តំបន់ តាមផ្លូវ​គោក ផ្លូវអាកាស​និង​ផ្លូវទឹក ។

លោក​បន្តថា “កម្ពុជា​ប្រៀបដូចជា​កូនក្រមុំ​មួយរូប​មិនទាន់​តែងខ្លួន ហើយអ្នកណាៗក៏​តែងតែ​ចង់បាន” ។ លោក​បន្តថា “អ្វីដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស តែងតែ​ចង់​មក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​អចលនទ្រព្យ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង​វិញ​ឃើញថា តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា នៅមាន​តម្លៃ​ទាប​ជាងគេ ដូច្នេះ​ពួកគេ​អាច​ស្វែងរក​អចលនទ្រព្យ ដើម្បី​ដាក់ទុន​វិនិយោគ​លើ​គម្រោងផ្សេងៗដែល​បាន​គ្រោងទុក” ។

ជាមួយគ្នានេះ​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ក៏បាន​លើកឡើង​ផងដែរ​ថា កម្ពុជា​នៅមាន​ឱកាស​ខ្ពស់ ក្នុងការ​ដាក់ទុន​វិនិយោគ ហើយ​វិនិយោគ​បរទេស​នៅតែ​ចង់​មក​ដាក់ទុន​វិនិយោគ ក្នុងប្រទេស​យើង​ទៅតាម​ជំនាញ​របស់​ពួកគេ។

លោក​បន្តថា “អ្វីដែល​កម្ពុជា​ត្រូវធ្វើ​ត្រៀម ដើម្បី​ទទួល​វិនិយោគិន​ដែល​នឹង​មក​បន្តបន្ទាប់​ជាពិសេស​ក្រោយ​ចប់​កូ​វីដ១៩ គឺ​ធនធាន ហេដ្ឋារចនាសម្ព័ន្ធ​ជាពិសេស​នោះ គឺ​ភាពស្របច្បាប់​នៃ​អចលនទ្រព្យ” ។

ជាមួយគ្នានេះ លោក​បណ្ឌិត​អ៊ិន ចាន់នី​ប្រធាន​សមាគម​ធនាគារ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា អ្នកវិនិយោគ​អន្តរជាតិ មុនពេល​ពួកគេ​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​តែងតែ​សម្លឹង​លើក​ត្តា​ចំនួន​បី ដូចជា កំនើនសេដ្ឋកិច្ច ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​សង្គម។លោក​បន្តថា លើសពីនេះ ច្បាប់​វិនិយោគ​ច្បាប់​ព​ន្ឋ ក៏​ជា​ផ្នែក​សំខាន់​ដែល​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​សិក្សា​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ការបោះ​ទុនវិនិយោគរ​បស់​ពួកគេ​មិនមាន​ហានិភ័យ។

លោក​បន្តថា “ការ​ប្រែ​ក្លាយខ្លួនជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ក៏​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ​ផងដែរ ព្រោះ​អ្នកវិនិយោគ​ពួកគេ​តែង​ស្វែងរក​ប្រាក់ចំណេញ ហេតុនេះ​ពួកគេ​មិន​ទៅកាន់​ប្រទេស​ក្រីក្រ​នោះទេ” ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយ​រក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​ក៏បាន​មានប្រសាសន៍​កន្លងមក​ថា កម្ពុជា​ស្វាគមន៍​រាល់​វិនិយោគិន មកពី​គ្រប់ទិសទី​គ្រប់​ប្រទេស​លើ​ពិភពលោក ហើយ​កម្ពុជា​ក៏​ត្រៀម​មន្ត្រី ដើម្បី​រង់ចាំ​សម្រួល​រាល់​ការវិនិយោគ​ទាំងឡាយ​នៅក្នុង​ប្រទេស ដោយ​ផ្ដល់​លក្ខ​ខ័​ណ្ឌ​ងាយស្រួល​ដល់​បណ្ដា​ធុរជន​និង​វិនិយោគិន​ផងដែរ៕

ទីក្រុង​តៃប៉ិ​ជាប់​ចំណាត់ថ្នាក់​ទី១១ ក្នុងការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យនៅក្នុង​ឆ្នាំ២០២១

ដោយ ​វុត្ថា

តៃវ៉ាន់ៈ ទីក្រុង​តៃប៉ិ​នៃ​កោះ​តៃ​វាន់​ត្រូវបាន​ព្យាករ​ថា នឹង​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី ១១ ក្នុងការ​វិនិយោគ​អចលនទ្រព្យ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ឆ្នាំ២០២១ ។ នេះ​បើ​យោងតាម​ការស្ទង់មតិ​រួម​គ្នា​មួយ ដែល​ធ្វើឡើង​ដោយ PricewaterhouseCoopers (PwC) និង​វិទ្យាស្ថាន  Urban Land Institute ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

របាយការណ៍​ស្តីពី នៅក្នុង​ចំណាត់ថ្នាក់​កំពុង​លេចធ្លោ ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​អាស៊ី – ប៉ាស៊ីហ្វិក​ឆ្នាំ ២០២១ បញ្ជាក់ថា  ទីក្រុង​តៃប៉ិ​បាន​កើនឡើង៣ដង​ពីមួយ​ឆ្នាំមុន ដោយ​ឈាន​មកដល់​ចំណាត់ថ្នាក់​ទី១១ ក្នុងចំណោម​ទីក្រុង​ទាំង១២ ក្នុង​តំបន់ ដោយ​ផ្អែកលើ​កិច្ចប្រឹងប្រែង​របស់​កោះ​តៃវ៉ាន់ ក្នុងការ​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ជំងឺ​កូ​វីដ១៩ ។

របាយការណ៍​ដដែល​ប​ន្ត​ថា “បញ្ហា​នេះ​បានធ្វើឱ្យ​ទីក្រុង​អាស៊ី​មួយ​នេះ មាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ស្ថេរភាព  ស្រប​ពេលដែល​ជំងឺ​កូ​វីដ១៩ កំពុង​រាតត្បាត​ពាសពេញ​សកលលោក” ។

PwC បានឱ្យដឹង​ទៀតថា ទីក្រុង​តៃប៉ិ​ទទួលបាន​នូវ​លំហូរ​សាច់ប្រាក់ និង​ការវិនិយោគ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង ត្រូវបាន​ទទួលស្គាល់​ដោយ​វិនិយោគិន​ជាច្រើន។ PwC បន្តថា ប្រាកដ​ណាស់ នៅក្នុង​ទីក្រុង​អាស៊ី​ប៉ាស៊ីហ្វិក​មួយចំនួន​តូច ដែល​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩នាពេល​បច្ចុប្បន្ន បានធ្វើឱ្យ​តម្រូវការ​មាន​តិចតួច ប៉ុន្តែ​សម្រាប់​ទីក្រុង​តៃប៉ិ​វិញ ទីផ្សារ​អចលនទ្រព្យ​នៅតែ​រឹងមាំ។

បើទោះបី​ជាការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ បាន​បណ្តាលឱ្យ​ការធ្លាក់ចុះ នៃ​ទីផ្សារ​អចលនទ្រព្យ នៅក្នុង​ទីក្រុង​មួយចំនួន​នៅក្នុង​ប្រទេស​ចិន ឥណ្ឌា និង​អូស្ត្រាលី​ក៏ដោយ ក៏​កោះ​តៃវ៉ាន់ ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​មាន​ភាពប្រសើរ​ជាង។

បើ​យោងតាម PwC បាន​បញ្ជាក់ថា វា​ជា​ការស្ទង់មតិ​ប្រចាំឆ្នាំ​លើក​ទី១៥ នៃ​និន្នាការ​កំពុង​រីកចម្រើន នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ទីក្រុង​តៃប៉ិ​ស្ថិតនៅ​បាត​តារាង​ចំណាត់ថ្នាក់២២ ក្នុង​ឆ្នាំ ២០១៧ និង ២០១៨  និង​ជាប់​ចំណាត់ថ្នាក់​លេខ ២១នៅ​ឆ្នាំ២០១៩ មុននឹង​ដណ្តើមយក​ចំណាត់ថ្នាក់​ទី១៤ នៅ​ឆ្នាំ ២០២០ និង​លេខ ១១ នៅ​ឆ្នាំ២០២១នេះ ។

លោក Jason Liu ប្រធាន​ផ្នែក​សេវាកម្ម​អចលនទ្រព្យ​របស់ PwC Taiwan បានឱ្យដឹងថា វិនិយោគិន​តៃវ៉ាន់​កាន់តែច្រើន ជាមួយនឹង​ប្រតិ​ប​ត្ដិ​ការ​នៅក្រៅ​ប្រទេស បាន​ត្រឡប់​ទៅ​ទីក្រុង​ខ្លួន​វិញ បានធ្វើ​វិ​ស័​អចលនទ្រព្យ​នៅ​តៃវ៉ាន់​មានការ​រីកចំរើន។

លោក​បន្តថា “ការជំរុញ​របស់​រដ្ឋា​ភិ​បាល​តៃវ៉ាន់ ចំពោះ​ការកែលម្អ​ទីក្រុង​លំនៅដ្ឋាន និង​អចលនទ្រព្យ​ពាណិជ្ជកម្ម ក៏បាន​ធ្វើឱ្យ​វិស័យនេះ​មានការ​រីកចំរើន  ទាំំ​ង​នៅ​កណ្តាល​ទីក្រុង និង​ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់” ៕

គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ស្របច្បាប់​ក្នុងស្រុក​បន្ទាយស្រី លក់​ក្នុងតម្លៃ​ទាប​បំផុត​ត្រឹម ៣០០០ដុល្លារ រួម​នឹង​ការផ្តល់​នូវ​ប្រាក់ចំណេញ ៥០០ដុល្លារភ្លាមៗ

ដោយ ៖ រ៉ា​ណេ​ត

សៀមរាប ៖ គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ស្របច្បាប់​មានបណ្ណ​កម្មសិទ្ធិ​ត្រឹមទទួលស្គាល់​ដោយ​អជ្ញាធរ និង​មិនមាន​ពាក់ព័ន្ធ​តំបន់ហាមឃាត់​អប្សរា​ស្ថិតនៅ​ក្នុងភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ស្ថិតក្នុង​តំបន់​មាន​គម្រោង​អភិវឌ្ឍន៍​ត្រូវបាន​ដាក់លក់​នៅក្នុង​តម្លៃ​ទាប​បំផុត​បើ​ធៀប​ទៅនឹង​គម្រោង​ដទៃទៀត​ត្រឹម៣០០០ដុល្លារ រួម​ជាមួយនឹង​ការផ្តល់ជូន​នូវ​ប្រាក់ចំណេញ​ចំនួន ៥០០ដុល្លារភ្លាមៗសម្រាប់​អតិថិជន​បង់​ផ្តាច់។

តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​អចលនទ្រព្យ​បន្ទាយស្រី លោកស្រី ជិន លក្ខិណា បាន​មានប្រសាសន៍​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ​ថា បច្ចុប្បន្ននេះ នៅក្នុង​ស្រុក​បន្ទាយស្រី មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ជាពិសេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​កាន់តែ​ជំរុញ​វិស័យ​ដីធ្លី​នៅក្នុង​តំបន់​មាន​តម្រូវការ និង​កើន​តម្លៃ​ជា​បន្តបន្ទាប់ ខណៈ​ដែលមាន​អ្នកវិនិយោគ​មួយចំនួន​ចាប់ផ្តើម​ចុះ​ធ្វើ​សកម្មភាព​ទីផ្សារ​ទិញ​លក់​យកចំណេញ ដោយ​សម្រាប់​ការបង់​រំ​លោះ​ត្រឹម៦៦ដុល្លារ​ក្នុង​មួយខែ។

លោកស្រី​បាន​បន្តថា “សម្រាប់​គម្រោង​ដី​ឡូ​តិ៍​បន្ទាយស្រី​ដែល​ស្ថិត​លើ​ទីតាំង​មាន​សក្ដានុពល​ល្អ អំណោយផល​ដល់​ការរស់នៅ ក៏ដូចជា​ការធ្វើ​អាជីវកម្មផ្សេងៗនៅ​ថ្ងៃ​ខាងមុខនេះ​មានតម្លៃ​ត្រឹមតែ ៣០០០ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍​ឡើងទៅ​តែប៉ុណ្ណោះ ហើយ​សម្រាប់​អតិថិជន​ដែល​ទិញ​ដោយ​ការបង់​ផ្តាច់​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ ៥០០ដុល្លារភ្លាម។

ពិសេស​ជាង​នេះ សម្រាប់​អតិថិជន​ដែល​មក​ទិញ​ដោយ​ខ្លួនឯង​ផ្ទាល់​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​បន្ថែម​ពីលើ​ចំនួន ២០០ដុល្លារ​ទៀត ពោលគឺ​មួយ​ឡូ​តិ៍​នៅត្រឹម ២៣០០ដុល្លារ​តែប៉ុណ្ណោះ ខណៈដែល​នៅក្នុង​គម្រោង​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់ ដូចជា​បណ្តាញ​អគ្គិសនី បណ្តាញ​បង្ហូរទឹក ជាពិសេស​ផ្លូវ​គ្រប់​ខ្សែ​មាន​ទំហំ១០ម៉ែត្រ និង​ក្រាល​ថ្ម​មិច​រួចរាល់” ។

ទីតាំង​គម្រោង​មួយ​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​តប​ន់​អប្សរា និង​ប៉ះពាល់​តំបន់​អភិរក្ស​ធម្មជាតិ​នោះទេ ពោលគឺ​មានច្បាប់​ត្រឹមត្រូវ​នៅជាប់​ផ្លូវធំ​ហាយ​វេ ៦៦ និង​មាន​ផ្លូវរដ្ឋ​ទំហំ១៥ម៉ែត្រ នៅជាប់​ចំហៀង​ដី​គម្រោង​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ មាន​ចម្ងាយ​ត្រឹម៣គីឡូម៉ែត្រ​ពី​រង្វង់​មូល ដែល​បំបែក​ទៅកាន់​តំបន់​ទេសចរណ៍​កម្សាន្តផ្សេងៗ ដូចជា ភូមិ​ព្រះ​ដាក់ តំបន់​ប្រាសាទបន្ទាយស្រី ភ្នំ​គូ​លេន តំបន់​រមណីយដ្ឋាន​ក្បាលស្ពាន ដែលមាន​សួនសត្វ​ជា​ច្រេ​ី​ន​ប្រភេទ និង​មាន​ចម្ងាយ​ត្រឹម៧គីឡូម៉ែត្រ​ពី​ផ្លូវ​ឆ្ពោះទៅ​ព្រលានយន្តហោះ​ថ្មី ក៏ដូចជា​ចេញទៅ​តាម​បណ្តា​ខេត្ត​នានា​ផងដែរ។

ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ អចលនទ្រព្យ​បន្ទាយស្រី សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ៖ 016 999 995 / 017 812 345 / 097 8 123 456 ៕

ផ្សារ​ទំនើប៖ ការប្រកួតប្រជែង​កើនឡើង តើ​ដល់​ពេលដែល​ផ្សារតូចៗបង្កើតភាព​យូ​នី​ក​របស់ខ្លួន​ឬ​នៅ?

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ទាំង​ទំហំ​និង​ចំនួន​ផ្សារ​ទំនើប បាន​កើនឡើង​កាន់តែច្រើន​នៅ​កម្ពុជា ពិសេស​ក្រុងភ្នំពេញ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នេះ ប្រឈម​ការប្រកួតប្រជែង​កាន់តែខ្លាំង ហើយ​ទីផ្សារ​ល​កាន់តែ​មាន​ភាព​សម្បូរបែប។

ការមកដល់​របស់​ផ្សារ​ទំនើប​លំដាប់​ពិភពលោក EAON MALL1, EAON MALL2, និង​ផ្សារ​ទំនើប EAON MALL3 បាននិងកំពុង​សាងសង់​យ៉ាងសកម្ម នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ។ ការមកដល់​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​នេះ មិនមែនជា​រឿង​ចៃដន  ន្យ​នោះទេ ហើយ​ភាពជោគជ័យ​របស់​ពួកគេ ក៏​មិនមែនជា​រឿង​យល់សប្តិ​នោះដែរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​សិក្សា​ទាំង​សេដ្ឋកិច្ច សង្គម វប្ប​ធ៌​ម ចំណង់​ចំណូលចិត្ត និង​ចំណុច​ខ្វះ​ប្រហោង​នានា ដែល​ផ្សារ​ទំនើបតូចៗនៅ​កម្ពុ​ជាមាន។

ជាល​ទ្ឋ​ផល​ការបើក​ផ្សារ​ទំនើប​ទាំងពីរ បានធ្វើ​ឲ្យ​ផ្សារ​ទំនើប​ក្នុងស្រុក ដែល​មិនសូវមាន​ស្តង់ដា​ស្ទើរតែ​បិទទ្វារ និង​ផ្សារ​ខ្លះ​បិទទ្វារ។

អ្នកជំនាញ​អចលនទ្រព្យ​ជើងចាស់​មួយរូប បាន​និយាយ​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​ការប្រកួតប្រជែង​បែបនេះ កើតមានឡើង​ម្ចាស់​ឬ​អ្នក​អភិវឌ្ឍន៍​ផ្សារ​ទំនើបតូចៗ គួរតែ​ប្រែក្លាយ​ផ្សារ​របស់ខ្លួន​លក់ទំនិញ​បែប​យូ​នី​ក មានន័យថា ពួកគេ​អាច​លក់​ផលិតផល​តែមួយ​មុខ ដូចជា​សម្លៀកបំពាក់ ស្បែកជើង គ្រឿងសំអាង​តែមួយ​មុខ​គត់ នៅ​ផ្សារ​របស់ខ្លួន ជាជាង​ប្រកួតប្រជែង​ជាមួយ​ផ្សារ​ទំនើបធំៗ ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​រួចទៅហើយ។

លោក​បន្តថា “នៅ​ប្រទេស​ជឿនលឿន​មួយចំនួន គេ​បានរៀបចំ​បែបនេះ ដើម្បី​ទាក់ទាញ​អតិថិជន​ទៅតាម​សក្តានុពល និង​ផលិតផល​បែប​យូ​នី​ករ​បស់​ពួកគេ ហើយ​វា​ក៏​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​រក​ទិញ​ផលិតផល ដែល​ពួកគេ​ចង់បាន​ផងដែរ” ។ លោក​បន្តថា “ផ្សារ​ទំនើប​នៅ​កម្ពុជា​ភាគច្រើន​មិនសូវមាន​ស្តង់ដា​នោះទេ ទាំង​ផលិតផល និង​តម្លៃ​ដាក់លក់​ផលិតផល​ណាមួយ។ ហេតុនេះ​ការដាក់​តម្លៃ​ឲ្យ​បានជា​ក់លាក់ និង​បង្កើត​ភាព​យូ​នី​ក​សំរាប់​ផ្សារ​របស់ខ្លួន​ជា​រឿង​ល្អ ដើម្បី​ទាញយក​អតិថិជន​ដែល​ខ្លួន​ចង់បាន និង​ផ្តល់ ជម្រើស​កាន់តែច្រើន​ដល់​អតិថិជន​គោលដៅ” ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញថា ផ្សារ​ទំនើប​ប្រមាណ២០បាន​ត្រៀម​បើក​ដំណើរការ​នៅ​ឆ្នាំនេះ ប៉ុន្តែ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​បានធ្វើ ឲ្យ​គំរោង​មួយចំនួន ពន្យា​ពេល​បើក​ដំណើរការ​រហូតមកទល់​ពេលនេះ” ។

ជាក់ស្តែង​ផ្សារ​ទំនើប Phnom Penh Mega Mall ស្ថិតនៅលើ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ក្បែរ​ខ្លោងទ្វារ​ចូល​វត្ត​នាគ​វ័​ន្ត បាន​ពន្យា​ពេល​បើក​ដំណើរការ និង​ផ្សារ​ជាច្រើន​ទៀត​ក៏​មិន​ដំណើរការ បើ​ទោះ​ដំណើរការ​ក៏​ពួកគេ​មិន​ទទួលបាន​ជោគជ័យ​ដែរ។

ជាមួយគ្នានេះ លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍ថា ពិត​ហើយ​ទីផ្សារ​លក់រាយ នៅតាម​ផ្សារ​ទំនើប​បាន​ប្រកួតប្រជែង​ខ្លាំង ខណៈ​ទំហំ​ផ្សារ​បាន​កើនឡើង ហើយ​ផ្សារ​ជាច្រើន​បាន​ប្រឈមមុខ​នឹង​ផលវិបាក ដោយសារ​ការប្រកួតប្រជែង។

លោកស្រី​បន្តថា “ខ្ញុំ​ផ្តល់​ជា​យោបល់​ថា អ្នក​សាងសង់​ផ្សារ​ទំនើប មិនគួរ​ធ្វើ​ធំ​ពេក​ទេ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅពេល​អនាគត ដោយសារ​ចំនួន​ផ្សារ​ទំនើប និង​ផ្សារ​បែប​សហគមន៍​បាន​កើនឡើង​កាន់តែច្រើន” ។ លោកស្រី​បន្តថា “ការវិនិយោគ​ផ្សារ​ទទួលបាន​ផលចំណេញ​ពី​ការវិនិយោគ​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ផ្សារ​ឬ​អ្នក​អភិ​វ​ឌ្ឈ​ន៍​ត្រូវធ្វើ​ការកែលំអរ​ផ្សារ​រៀងរាល់៥ឆ្នាំ​ម្តង ដើម្បី​បង្កើន​ភាព​ទាក់ទាញ​អតិថិជន” ៕

រដ្ឋាភិបាល៖ កែលំអរ​ក្រុង​សៀមរាប​ជាមួយ​ប្លង់គោល​អភិវឌ្ឍន៍​ថ្មី ដើម្បី​សោភ័ណភាព​និង​ទាក់ទាញ​ការវិនិយោគ

ដោយ​វុត្ថា

ភ្នំពេញៈ ក្រសួង​រៀប​ច​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចាប់ផ្តើម​កែលម្អ​ប្លង់គោល​ប្រើប្រាស់​ដី​នៅក្នុង​ក្រុង​សៀមរាប បន្ទាប់​មាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន៣៨ខ្សែ  ដែល​ត្រូវបាន​បើក​រដ្ឋា​ន​កាលពីពេលថ្មីៗនេះ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

លោក​គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ឱ្យ​ដឹ​កាលពី​ថ្ងៃទី១៤ ខែធ្នូ​កន្លងមកនេះ​ថា  អន្តរក្រសួង​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ចំនួន៩ ក្រុម ដោយ​ក្នុងនោះ​មាន១ក្រុម មកពី​ក្រសួង​រៀបចំ​ដែន​នគរូបនីយកម្ម និង​សំណង់ ក្នុង​ការរៀបចំ​ពាក់ព័ន្ធ​នឹង​សូ​រិ​យោ​ដី​នៅក្នុង​ក្រុង និង​ការកែលម្អ​ប្លង់គោល។

លោក​បន្តថា “ក្រុម​មួយ​នេះ មាន​តួនាទី​ក្នុង​ការរៀបចំ​ប្លង់គោល ទីក្រុង​សៀមរាប​ទាំងមូល  ដែល​ដឹកនាំ​ដោយ​លោក​លី រស្មី ជា​អ្នកដឹកនាំ​ធ្វើ​កិច្ចការ​នេះ  ក្រៅពីនេះ៨ក្រុម​ទៀត ជា​តួនាទី​របស់​ក្រសួង​សាធារណការ ចុះ​ត្រួតពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​ទាំងអស់” ។លោក​ថ្លែងថា “ជាធម្មតា​ទេ នៅពេលដែល​មានការ​អភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ វា​មានការ​ប្រែប្រួល អ៊ីចឹង​ទេ ក្រសួង​ត្រូវតែ​ពិនិត្យមើល ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាពិសេស​ប្លង់គោល ក្រែងលោ​យើង​ធ្វើទៅ មាន​ផលប៉ះពាល់ យើង​ត្រូវតែ​ធ្វើ​អឺ​ង​ចឹ​ង ហើយ​ការ​រៀ​បំ​កែលម្អ​ក្រុង​ក្រសួង​មាន​តួនាទី​ជា​អ្នកចាត់ចែង” ។

គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន៣៨ ខ្សែ​នេះ មាន​ប្រវែង​សរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង១៤០លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង៩លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង។

គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង៣៨នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន១៣ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ៕

ចំណេះដឹង​ផ្នែក​ដីធ្លី! តើ​ការធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​មាន​ប៉ុន្មាន​ប្រភេទ?

ដោយ ​វុត្ថា   

ភ្នំពេញៈ ការធ្វើ​ចំណាត់ថ្នាក់​ដីរ​ឡើងវិញ មានន័យថា​ការប្តូរ​ឋានៈ​ដី​របស់​រដ្ឋ ក្រោយពី​ធ្វើការ​ចុះបញ្ជី និង​ការធ្វើ​ចំណាត់ថ្នាក់​លើកដំបូង។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី គោ​នយោបាយ​ស្តីពី ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យដឹងថា ការធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ មាន​បី​ប្រភេទ​ដូចជា ទី១ ការធ្វើ​ចំណាត់ថ្នាក់​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ ទី២ ការធ្វើ​ចំណាត់ថ្នាក់​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ពី​ការប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​មួយ ទៅជា​ប្រភេទ​បំរើ​ប្រយោជន៍​សាធារណៈ​មួយ​ផ្សេងទៀត និង​ទី៣ ការធ្វើ​ចំណាត់ថ្នាក់​ព្រ​ទ្យ​ឯកជន​របស់​រដ្ឋ ទៅជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ។

ឯកសារ​ដដែល​បន្តថា  ការធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ឡើងវិញ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សំណើរ​ជាលា​យ​ល័​ក្ខ​អក្សរ ពី​និតិ​បុគ្គល​សាធារណៈ​ណាមួយ ទៅ​គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង។

សំណើរ​នេះ​ត្រូវ​ប្រកាស ឬ​បរិយាយ​អំពី​ទីតាំង ដែល​ស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ ពាក្យស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ និង​ហេតុផល​នៃ​ការស្នើសុំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ។

គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ខេត្ត​ក្រុង នឹង​តំរូវឱ្យ​ស្ថាប័ន​បច្ចេកទេស​ជំនាញ (ចំរុះ​មន្ទីរ) ធ្វើការ​ពិនិត្យឡើងវិញ នូវ​សំណើ​ដែ​ស្នើឡើង​ក្នុង​រយៈពេល៤៥ថ្ងៃ។

ការពិនិត្យ​ឡើងវិញ​ជាលា​យ​ល័ក្ខណ៍​អក្សរ ត្រូវ​ពន្យល់​ពី​វិធីសាស្ត្រ ដែល​បាន​ប្រើប្រាស់​ក្នុងការ​ត្រួតពិនិត្យ ហើយ​ដែល​វិធីសាស្ត្រ​នេះ ត្រូវ​រាប់បញ្ចូល​ទាំង​ព័ត៌មាន​ដែល​បានទទួល​ពី​ភាគី​ស្នើសុំ ទាំង​លទ្ធផល​រកឃើញ​ក្នុងការ​ត្រួតពិនិត្យ និង​អនុសាសន៍​របស់​ស្ថាប័ន​បច្ចេកទេស​ជំនាញ​ពាក់ព័ន្ធ ទៅនឹង​សំណើសុំ​ធ្វើ​ចំណា​ច់​ថ្នាក់​ឡើងវិញ​នេះ។

ការពិនិត្យ​ឡើងវិញ​នេះ ត្រូវ​បញ្ចប់​ក្នុង​រយៈពេល៦០ថ្ងៃ គិតពី​ថ្ងៃ​ចាប់ផ្តើម​ត្រួត​ពិ​និ ត្យ លើកលែងតែ​មានការ​ស្នើ​សុំ​ពន្យា​ពេល​បន្ថែម​ពី​អ្នកត្រួតពិនិត្យ ដោយមាន​ហេតុផល​ជាក់លាក់។ បន្ទាប់មក​គណៈកម្មាធិកា​រ​ប្រើប្រាស់ និង​បែងចែក​ដី​ខេត្ត​ក្រុង នឹងធ្វើ​ការសំរេច​ជា​លាយលក្ខណ៍អក្សរ លើ​ការធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​នេះ (យល់ព្រម ឬ បដិសេធ ឬ កែសម្រួល) ក្នុង​រយៈពេល៦០ថ្ងៃ គិត​ចាប់​ថ្ងៃ​ទ​ទួ​បាន​លទ្ធផល​នៃ​ការត្រួតពិនិត្យ។

ការកំណត់​របស់​គណៈ​ក​ម្មា​ធិ​ការប្រើប្រាស់ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង នឹងត្រូវ​ស្នើសុំ​ការសំរេច​ជា​ផ្លូវការ ពី​ក្រុង​ប្រឹក្សា​គោលនយោបាយ​ដីធ្លី តាមរយៈ​អគ្គលេខាធិការដ្ឋា​ន​នៃ​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី។

ការធ្វើ​ចំណា​ច់​ថ្នាក់​ដី​រដ្ឋ​ឡើងវិញ​នេះ នឹងត្រូវ​បញ្ចូល​ទៅក្នុង​ផែនទី ឬ​ប្រព័ន្ធ​ទិន្ន័យ​ដី​រដ្ឋ ហើយ​សេចក្តីសម្រេច​ជា​លាយលក្ខណ៍អក្សរ​ត្រូវ​រក្សា​ទុកជា​ឯកសារ៕

ខុនដូៈការរស់នៅលអាគារសហកម្មសិទ្ឋ បញ្ហាប្រឈមនៃប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ត្រូវបានគិតដូចម្តេច?

ដោយៈ រ៉ាណេត

ភ្នំពេញៈ ប្រព័ន្ធសុវត្ថិភាព និងគុណភាពសំណង់អគារខ្ពស់ៗនានា ជាបញ្ហាសំខាន់បំផុត ដែលត្រូវបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងស្ថិតនៅក្រោមការឃ្លាំមើលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដោយឡែកសម្រាប់តែប្រព័ន្ធសុវត្ថិភាព ផ្នែកអគ្គីភ័យ ដែលអាចកើតមានជាយថា​ហេតុ ក៏ជាចំណុចសំខាន់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ផងដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់អចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គារ បានមានប្រសាសន៍តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា គ្រប់វត្តមាននៃសំណង់អគារខ្ពស់ៗ នៅពេលបច្ចុប្បន្នសុទ្ធតែមានការឃ្លាំមើល ពីសំណាក់មន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យប្រាកដថា អនុវត្តន៍លើការពង្រឹងគុណភាព ប្រព័ន្ធសុវត្ថិភាពដែលត្រូវបានកំណត់ដោយច្បាប់។

លោកបានបញ្ជាក់ថា “សម្រាប់អគារខ្ពស់ៗដូចជាអគារអាផាតម៉ិន ជាពិសេសសំ​ណ​ង់ខុនដូនៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានការយកចិត្តទុកដាក់ខ្ពស់ទាំងគុណភាព ទាំងប្រព័ន្ធសុវត្ថិភាព”។ លោកបន្តថា “ប្រព័ន្ធការពារសុវត្ថិភាព ពេលមានគ្រោះអគ្គីភ័យនៅក្នុងអគារ នៅកម្ពុជាអ្នកសាងសង់គឺមានគ្រប់គ្រងទៅតាមបច្ចេកទេស ព្រោះបើខុសពីបច្ចេកទេស ដែលត្រូវបានកំណត់ដោយច្បាប់ ក៏រដ្ឋាភិបាលមិនអនុញ្ញាតឱ្យសាងសង់នោះដែរ”។

លោកខន គង្គារ បានបញ្ជាក់ទៀតថា “ប្រព័ន្ធសុវត្ថិភាពចំពោះគ្រោះអគ្គីភ័យ គឺអ្នកបច្ចេកទេសមានការរៀបចំប្រព័ន្ធ ដូចជា នៅគ្រប់ជាន់ទាំងអស់សុទ្ធ តែមានដាក់បំពង់ពន្លត់អគ្គីភ័យក្នុងកម្រិតបឋម មានបំពាក់កាំមេរ៉ាសុវត្ថិភាពនៅតាមជាន់នីមួយ និងច្រកចេញចូលរួម ដែលត្រូវបានឃ្លាំមើលដោយសន្តិសុខ២៤ម៉ោង។

ជាមួយគ្នានេះ ក៏មានការរៀបចំជាប្រព័ន្ធទឹកបាញ់ពន្លត់ភ្លើង ដោយស្វ័យប្រវត្តិ មានឧបករណ៍បន្លឺសំឡេងអាសន្ន មានទីធ្លាសម្រាប់សង្គ្រោះ មានជណ្ដើរជើងពេលមានអាស​ន្ន ហើយក៏មានជណ្ដើរយន្តសុវត្ថិភាពបញ្ចៀសគ្រោះថ្នាក់ផងដែរ។ ដូច្នេះប្រព័ន្ធការពារសុវត្ថិភាពនៅតាមអគារខុនដូគឺមានខ្ពស់”។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា ច្រកសុវត្ថិភាពពេលមានគ្រោះអគ្គីភ័យ ក្រៅពីសំដៅលើប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ដែលត្រូវបានបំពាក់នៅក្នុងតួអគារ គឺគេត្រូវយកចិត្តទុកដាក់ទៅលើ២ចំណុចទៀត គឺច្រកជណ្ដើរថ្មើរជើងសុវត្ថិភាព និងច្រកជណ្ដើរយន្តសុវត្ថិភាព។

លោកបានបញ្ជាក់ថា “សម្រាប់ច្រកជណ្ដើរយន្តសុវត្ថិភាព គេធ្វើឡើងជាមួយប្រព័​ន្ធអគ្គិសនីពិសេស (ប្រភពថាមពលអគ្គិសនីទី២) ដើម្បីជំនួសប្រព័ន្ធអគ្គិសនីក្នុងតួអគារដែលត្រូវបានកាត់ផ្ដាច់ដោយស្វ័យប្រវត្តិ។

លោកបន្តទៀតថា “ធម្មតានៅពេលដែលមានបញ្ហាអគ្គីភ័យកើតឡើង ប្រព័ន្ធបញ្ជាអគ្គិសនី ក្នុងតួអគារទាំងមូល នឹងត្រូវបានកាត់ផ្តាច់ដោយស្វ័យប្រវត្តិភ្លាមៗ ហើយជំនួសដោយបណ្តាញអគ្គិសនីបម្រុងពិសេស ដែលស្ថិតនៅក្រៅតួអគារ ដើម្បីបន្តសកម្មភាពរបស់ជណ្ដើរយន្តសុវត្ថិភាពឱ្យដំណើរការ”។

លោកទួស សាភឿនបានបន្តទៀតថា  ភាគច្រើនប្រព័ន្ធបញ្ជាអគ្គិសនី ជំនួសបែបនេះ ហាក់មិនត្រូវបានប្រើនៅតាមអគារនានា ក្នុងប្រទេសកម្ពុជានោះទេ ដោយហេតុថា ប្រភពនៃបណ្តាញអគ្គិសនីហាក់នៅឆ្ងាយពីគ្នា ហើយផ្តល់ភាពស្មុគស្មាញច្រើនដល់អ្នកសាងសង់គម្រោង ប៉ុន្តែបើនៅតាមបណ្តាប្រទេសជិតខាង គឺគេមានប្រើគ្រប់គ្រាន់។

យ៉ាងណាក៏ដោយ លោកបានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃអនាគតខាងមុខនេះ គ្រប់វត្តមាននៃសំណង់អគារខ្ពស់ៗទាំងអស់នៅកម្ពុជា នឹងមានប្រើប្រាស់បច្ចេកទេសទាំងនេះ នៅពេលដែលថាមពលអគ្គិសនីកម្ពុជា មានការផ្គត់ផ្គង់គ្រប់គ្រាន់ ហើយការកំណត់ពីគុណភាពស្ដង់ដាសំណង់ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ក្រុមហ៊ុនជប៉ុនធំៗចាប់ផ្ដើមមានទំនុកចិត្តឡើងវិញក្រោយធ្លាក់ចុះដោយសារ វីរុសកូវីដ-១៩

សុខុម

តូក្យូ: ការស្ទាបស្ទង់ដ៏សំខាន់មួយ បានបង្ហាញកាលពីថ្ងៃច័ន្ទទី១៤ ធ្នូថា ពេលនេះក្រុមហ៊ុនជប៉ុនធំៗ បានចាប់ផ្ដើមមានទំនុកចិត្តឡើងវិញកាន់តែខ្លាំង បន្ទាប់ពីធ្លាក់ចុះដោ យសារ ការឆ្លងរាតត្បាតវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏កាចសាហាវកូវីដ-១៩ ដែលឈានដល់កម្រិតអាក្រក់បំផុត ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុសកលលោក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។

ការស្ទាបស្ទង់ពាណិជ្ជកម្មសម្រាប់ខែធ្នូ ដោយធនាគារជប៉ុន Bank of Japan ដែលបានស្ទង់មតិក្រុមហ៊ុនប្រមាណ១០.០០០ បានបង្ហាញពីរង្វាស់ដក១០ ក្នុងចំណោមរោងចក្រធំៗ ក្រោយការកត់ត្រារង្វាស់ដក២៧នៅក្នុងការស្ទាបស្ទង់លើកមុន និងរង្វាស់ដក ៣៤ នៅក្នុងការស្ទង់មតិខែមិថុនា។ តួលេខចុងក្រោយនេះបានប្រៀបធៀបជាមួយនឹងការស្ទង់មតិក្នុងទីផ្សារ ដែលមានរង្វាស់ដក ១៥។

តួលេខប្រចាំខែមិថុនា ជាតួលេខទាបបំផុតចាប់តាំងខែមិថុនា ឆ្នាំ២០០៩ ជាពេលដែលវិបត្តិហិរញ្ញវត្ថុពិភពលោក វាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចធំបំផុតទី៣ រប ស់ពិភពលោកមួយនេះ។

ការស្ទង់មតិពាណិជ្ជកម្មរយៈពេលខ្លីនេះ បង្ហាញពីភាពខុសគ្នារវាងភាគរយ នៃក្រុមហ៊ុន ដែលមានគំនិតវិជ្ជមាន និងក្រុមហ៊ុនដែលមើលឃើញស្ថានភាពថា មិនអំណោយផល។

លទ្ធផលរង្វាស់ស្ទង់មតិចុងក្រោយនេះទទួលបាន បន្ទាប់ពីរដ្ឋាភិបាលជប៉ុន កាលពីសប្តាហ៍មុនបានអនុម័តទម្លាក់កញ្ចប់ថវិកាថ្មី ដើម្បីស្ដារសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ជាង ៧០០ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់គម្រោងនានារាប់ចាប់ ពីវិធានការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ រហូតដល់ការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ហើយកញ្ចប់ថវិកាបែបនេះគឺជាកញ្ចប់ថវិកាធំបំផុតទី៣ របស់ជប៉ុនសម្រាប់ឆ្នាំសារពើពន្ធនេះ។

ប្រទេសជប៉ុន បានងើបចេញផុតពីឱនភាពសេដ្ឋកិច្ចជាផ្លូវការ កាលពីខែមុន បន្ទាប់ពីធ្លាក់ចុះ៣ត្រីមាសជាប់ៗគ្នា ប៉ុន្តែពេលនេះសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមួយនេះកំពុងតែប្រឈម នឹងការកើនឡើងយ៉ាងឆាប់រហ័ស នូវករណីឆ្លងវីរុសកូវីដ-១៩ ដោយករណីឆ្លងថ្មីៗកើនឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

ការបង្កើនកម្ពស់ពីជាន់មួយទៅជាន់មួយក្នុងគម្រោងខុនដូនឹងបន្ថែមភាព ទាក់ទាញដល់អ្នកទិញ

ដោយៈ ប៊ី

អាមេរិកៈ នៅក្នុងទីផ្សារខុនដូប្រណីត នៅទីក្រុងមានប្រជាជនច្រើន អ្នកអភិវឌ្ឍន៍ខុនដូ បានរឹះរកវិធីដើម្បីឆ្លើយតបនឹងការប្រកួតប្រជែង ដោយបន្ថែមកម្ពស់ពីជាន់មួយទៅមួយក្នុងគម្រោងរបស់ខ្លួន។

យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនRealtor.com ដែលមានមូលដ្ឋាននៅសហ​រដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្មីៗនេះថា កម្ពស់ស្តង់ដារពីជាន់មួយទៅជាន់មួយ៨ ហ្វីត(២.៤៣ម៉ែត្រ) អាចនឹងមិនមានការអភិវឌ្ឍទៀតទេនាពេលខាងមុខ ព្រោះអ្នកអភិ​វឌ្ឍន៍បាននិងកំពុងផ្លាស់ប្តូរ ទៅរកការសាងសង់គម្រោងខុនដូ ដែលមានកម្ពស់ជាន់មួយទៅជាន់មួយចាប់ពី១១,១២ (៣.៣៨ម៉ែត្រ) ទៅ ២០ហ្វីត (៦ម៉ែត្រ) ខណៈអ្នកទិញក៏មានបំណងចង់ខុនដូប្រភេទនេះផងដែរ។

នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ខុនដូមួយក្នុងចំណោមខុនដូ ដែលថ្លៃជាងគេបំផុតនៅក្នុងទីក្រុង គឺ Penthouse តម្លៃ១៥លានដុល្លារ ដែលកំពុងសាងសង់នៅតំបន់ Lumina នឹងមានកម្ពស់ពីជាន់មួយ ទៅជាន់មួយរហូតដល់១៨ហ្វីត (៥.៤៨ម៉ែត្រ)។

នៅក្នុងទីក្រុងបូស្តុន Penthouse មានទំហំ ១៣,០០០ ហ្វីតការ៉េ (៣.៩៦២ម៉ែត្រការ៉េ)ដែលមានកម្ពស់ដល់ទៅ១៤ ហ្វីត (៤.២៦ម៉ែត្រ) នៅឯអគារ Millennium Tower មានតម្លៃរហូតដល់៣០លានដុល្លារ។ នៅក្រុងម៉ៃអាមី Penthouse មានទំហំ ៦.៦៤៤ ហ្វីតការ៉េ (២០២៥ម៉ែត្រការ៉េ) កម្ពស់១៨ហ្វីត (៥.៤៨ម៉ែត្រ) បានដាក់លក់នៅឆ្នាំនេះក្នុងតម្លៃ២១,៥លានដុល្លារ។

ក្រុមហ៊ុនRealtor.com បានរកឃើញថា ការបង្កើនកម្ពស់ស្តង់ដារ ពីជាន់មួយទៅជាន់មួយពី៨-៩ហ្វីត ទៅ ១០-១១ ហ្វីត (៣-៣.៣៥ម៉ែត្រ) ធ្វើឱ្យតម្លៃខុនដូកើនឡើង៥០ភាគរយក្នុងការចុះបញ្ជី