ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគម្រោងនៃកិច្ចចរចាជាមួយរដ្ឋាភិបាលចិន ក្នុងការសម្រួលដល់ការធ្វើដំណើរ រវាងប្រទេសទាំង២ឱ្យកាន់តែទូលាយ ជាពិសេសពិភាក្សា ទៅលើការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កបន្ទាប់ពីអនុវត្តន៍ នូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីពង្រីកទំហំពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសន្និសិទសារព័ត៌មាននៃឱកាសទទួលវ៉ាក់សាំង ដែលជាជំនួយពីរដ្ឋាភិបាលចិននៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកថា សម្ដេចកំពុងតែពិចារណា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយដែលអាចជួយសម្របសម្រួល ក្នុងការធ្វើដំណើរទៅមកតាមបែបណាមួយនោះ ដែលធ្វើយ៉ាងណាបង្កភាពងាយស្រួលប្រកបដោយសុវត្ថិភាព និងអាចជួយដល់បណ្តាធុរកិច្ចក្នុងការធ្វើពាណិជ្ជកម្ម ដោយបញ្ហានេះតម្រូវឱ្យមានការពិភាក្សាដោយម៉ត់ចត់។
សម្ដេចតេជោបានបញ្ជាក់ថា “ឧទាហរណ៍ ពេលដែលអ្នកវិនិយោគកម្ពុជាធ្វើដំណើរទៅប្រទេសចិន តើត្រូវបន្តឱ្យធ្វើចត្តាលីស័ក្តិ រយៈពេល១៤ថ្ងៃតទៅទៀត ហើយជនជាតិចិនមកកម្ពុជា ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឬត្រូវកាត់បន្ថយ។សម្តេចបន្តថា “ចំណុចអស់ទាំងនេះ គឺក្លាយជាប្រធានបទដ៏រសើប និងត្រូវតែយកចិត្តទុកដាក់” ។
សម្តេចបានបន្តថា បទពិសោធន៍ ឥឡូវកម្ពុជាបានរងនូវសម្ពាធ ហើយតាមរយៈនៃការរងសម្ពាធនោះ គឺយើងបានឃើញនូវចំណុចមួយចំនួន ដែលមិនអាចលើកលែងបាន។ចំណុចខ្លះដែលមិនអាចលើកលែងបាន។ សម្ពាធដែលកម្ពុជាទទួលបាន ក្នុងរយៈពេលមួយខែចុងក្រោយនេះ ពីទិសខាងលិច (ប្រទេសថៃ) ការឆ្លងក្នុងសហគមន៍ ដ៏លឿននៅក្នុងប្រទេសថៃ ដែលមុនការឆ្លងក្នុងសហគមន៍នោះ ប្រទេសថៃមានមនុស្សឆ្លងប្រមាណជាង៦ទៅ ៧ពាន់នាក់តែប៉ុណ្ណោះ ប៉ុន្តែតួលេខថ្ងៃនេះបានកើនប្រមាណ ២៣០០០នាក់។
ឯផ្នែកខាងកើត (ប្រទេសវៀតណាម) គឺឆ្លងក្នុងល្បឿនមួយលឿន ហើយបើតាមព័ត៌មានមានការឆ្លងកូវីដក្លែងភេទទៀតផង ដែលបានរីករាលដាលរហូតមកដល់ខេត្តមួយជាប់នឹងខេត្តព្រំដែនកម្ពុជា គឺខេត្តមណ្ឌលគីរី។
សម្តេចតេជោហ៊ុន សែនបានពន្យល់ថា “ដូច្នេះហើយទើបខ្ញុំប្រកាសអាសន្ន កុំឱ្យមានការឆ្លងកាត់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ទោះជាយ៉ាងណា ពេលនេះស្ថានភាពនៃការរាលដាល ក្នុងប្រទេសទាំង២ត្រូវបានកាត់បន្ថយ និងធូរស្រាយវិញហើយ” ។
ពាក់ព័ន្ធទៅនឹងការទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលជាជំនួយពីសំណាក់មហាមិត្តចិនចំនួន ១លានដូស ដែលក្នុងជំហានដំបូងបានមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស និងបន្តមកពេលក្រោយទៀតចំនួន ៤០ម៉ឺនដូសទៀត គឺជាការបង្ហាញឱ្យឃើញពីគុណតម្លៃនៃកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការទេ្វភាគីយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជាតិនៃប្រទេសទាំង២ក្នុងនាមជាមហាមិត្តដែកថែប៕