កម្ពុជា និងប្រទេសចំនួន៣ពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងការវិនិយោគជាមួយច្បាប់វិនិយោគថ្មីនៅកម្ពុជា

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាបានជួបពិភាក្សាជាមួយមន្ត្រីតំណាងប្រទេសចំនួន៣រួមមានចក្រភពអង់គ្លេង វៀតណាម និងប្រទេសឡាវ ដើម្បីជជែកពីទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា អង់គ្លេស អាស៊ានក្រោយវិបត្តិកូវីដ រួមជាមួយនឹងកាលានុវត្តភាពនៃធុរកិច្ច និងការវិនិយោគក្រោមការអនុវត្តនូវច្បាប់វិនិយោគថ្មីនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាអាចពង្រីកទំហំពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចផងដែរ។


រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកសុខ ចិន្តាសោភាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានចូលធ្វើជាវាគ្មិននៅក្នុសិក្ខាសាលាស្ដីពី កាលានុវត្តភាពវិនិយោគប្រកបដោយចិរភាពនៅកម្ពុជាកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ានបានមានប្រសាសន៍ថា គោលដៅនៃការរៀបចំ និងបង្កើតអង្គសិក្ខាសាលាខាងលើនេះគឺដើម្បីពិភាក្សា និងផ្តោះប្ដូរយោបល់លើប្រធានបទមួយចំនួនដូចជាទស្សនវិស័យនៃសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១ កាលានុវត្តភាពធុរកិច្ច និងការវិនិយោគ រួមជាមួយនឹងបច្ចុប្បន្នភាពនៃច្បាប់ពាក់ព័ន្ធនឹងការវិនិយោគថ្មីនៅកម្ពុជា។

លោកសុខ ចិន្តាសោភា ក៏បានអត្ថាធិប្បាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាមួយនឹងការបញ្ជាក់ពីការរៀបចំតាក់តែងច្បាប់ថ្មីស្ដីពីការវិនិយោគថ្មី និងបទបញ្ញពាក់ព័ន្ធនឹងការវិនិយោគសំដៅបង្កើនការទាក់ទាញការវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនសម្រេចចិត្តបោះទុនវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។
កាលពីឆ្នាំ២០២០ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨,២ពាន់លានដុល្លារថយចុះប្រមាណ១២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ប៉ុន្តែការថយចុះនេះ ក៏ស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយបើធៀបទៅនឹងការព្យាករណ៍របស់សន្និសីទអង្គការសហប្រជាជាតិពាណិជ្ជកម្ម និងការអភិវឌ្ឍដែលព្យាករណ៍ថារំហូរវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោកត្រូវថយចុះប្រមាណ៤២ភាគរយនៅក្នុងឆ្នាំ២០២០។

ដោយឡែកសម្រាប់ក្នុងអំឡុងខែមករា ដើមឆ្នាំ២០២១កន្លងទៅនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោងដែលមានទុនវិនិយោគសរុបចំនួន៦២១លានដុល្លារ ពោលគឺមានការកើនឡើងបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលគម្រោងវិនិយោគមានចំនួន១៧ ហើយទុនវិនិយោគសរុបត្រឹម៩៣លានដុល្លារតែប៉ុណ្ណោះ។
លទ្ធផលនេះគឺជាផ្លែផ្កាដែលកើតចេញពីការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ឯកជន លើកទី១៨ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សំដៅកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជាមួយកម្រិតថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here