ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ និងទទួលបានភាពជោគជ័យនៅក្នុងវិស័យមួយនេះ បានលើកឡើងថា មិនថាជាការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ឬវិស័យដទៃទៀតនោះទេ អ្វីដែលជាចំណុចសំខាន់ និងចាំបាច់បំផុតត្រូវតែមានគឺចំណេះផ្នែកហិរញ្ញវត្ថុ ត្បិតចំណេះដឹងមួយនេះ អាចធ្វើមានឥទ្ធិពលទាំងល្អ និងអាក្រក់មកលើដំណើរការនៃមុខជំនួញបាន។

-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance លោកឡុង គីមសួគ៌ បានមានប្រសាសន៍ថា គ្រប់ការប្រកបមុខជំនួញណាមួយក៏ដោយ ក្រៅពីមានផែនការអាជីវកម្ម គោលដៅដែលត្រូវធ្វើដំណើរឆ្ពោះទៅ យុទ្ធសាស្ត្រទីផ្សារ រួមជាមួយនឹងថវិកាដែលជាដើមទុនដំបូងនោះ គឺចាំបាច់ត្រូវតែមាននូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺមានសារសំខាន់បំផុតនៅក្នុងការធ្វើអាជីវកម្មផ្សេងៗ បើគ្មានចំណេះដឹងហិរញ្ញវត្ថុនោះទេ មុខជំនួញអាចនឹងជួបហានិភ័យខ្ពស់ និងប្រឈមទៅនឹងការខាតបង់យ៉ាងប្រាកដ។
លោកឡុង គីមសួគ៌បានមានប្រសាសន៍ថា “នៅក្នុងការរកស៊ីក្នុងវិស័យអចលនទ្រព្យ មិនថាចំពោះការវិនិយោគ ឬជាការបណ្តាក់ទុនអភិវឌ្ឍន៍គម្រោងណាមួយនោះឡើយ គឺត្រូវតែមាននូវចំណេះដឹងហិរញ្ញវត្ថុឱ្យបានរឹងម៉ាំជាចាំបាច់ ដើម្បីជៀសវាងបង្កើតនូវហានិភ័យទៅថ្ងៃក្រោយ។ ការមាននូវចំណេះដឹងហិរញ្ញវត្ថុច្បាស់លាស់ គឺជាកត្តាមួយយ៉ាងសំខាន់សម្រាប់ធ្វើជាដើមទុនក្នុងរយៈពេលយូរអង្វែង ទៅលើការវិភាគ បែងចែកទៅលើចំណូលចំណាយនៃដំណើរប្រត្តិការ” ។
លោកបានលើកជាឧទារហ៍ថា ប្រសិនអ្នកទិញដីសម្រាប់វិនិយោគដោយរំពឹងថាអាចទទួលបានចំណេញត្រឡប់មកវិញក្រោយពេលលក់ចេញក្នុងរយៈពេលមួយ ទាំងដែលខ្លួនអ្នកមិនមានលុយគ្រប់គ្រាន់ ហើយប្រើប្រាក់កម្ចីពីធនាគារបង្គ្រប់ លុះពេលស្ថានការណ៍ប្រែប្រួល មិនអាចលក់ដីចេញវិញ ដែលក្រៅពីមិនបានទទួលប្រាក់ចំណេញដូចការគិត ថែមទាំងប្រឈមនឹងការខាតបង់ទៅលើការប្រាក់ធនាគារទៀត។ ទាំងនេះគឺបណ្តាលមកពីកង្វះខាតចំណេះដឹងហិរញ្ញវត្ថុ។
មួយវិញទៀត ឧទារហ៍ថា អ្នកទិញដីសម្រាប់អភិវឌ្ឍន៍ជាលំនៅដ្ឋានសម្រាប់លក់ ដោយរំពឹងថា នឹងទទួលបានចំណេញខ្ពស់ត្រឡប់មកវិញ ទាំងដែលខ្លួនមិនមានដើមទុនតម្កល់ទុកអភិវឌ្ឍន៍គ្រប់គ្រាន់ ហើយរំពឹងកម្ចីធនាគារសម្រាប់បន្តដំណើរការសាងសង់ ដោយសង្ឃឹមថាអាចនឹងយកចំណូលពីអតិថិជនដែលបានទិញគម្រោងបង់រំលោះប្រចាំខែសង់ត្រឡប់ទៅធនាគារវិញ ប៉ុន្តែចៃដន្យស្ថានការណ៍ទីផ្សារ ឬតម្រូវការទីផ្សារប្រែប្រួល ឬអតិថិជនដែលបានទិញគម្រោងជួបវិបត្តិហិរញ្ញណាមួយមិនមានលទ្ធភាពបង់ នោះអ្នកនឹងជួបហានិភ័យបន្តពីអតិថិជន ដែលទាំងអស់នេះក៏បណ្តាលមកពីកង្វះខាតនៃចំណេះដឹងហិរញ្ញវត្ថុ ខ្វះការពិចារណា ខ្វះការបែងចែងពីរចន្តសាច់ប្រាក់សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍គម្រោង។

និយាយជារួម គ្រប់ការប្រកបអាជីវកម្មទាំងអស់ រាប់ទាំងវិស័យអចលនទ្រព្យ មុនពេលសម្រេចចិត្តចូលប្រឡូក ចាំបាច់គឺត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុឱ្យបានរឹងម៉ាំបំផុត ដើម្បីគេចចេញពីហានិភ័យនៃអាជីវកម្ម៕